« ថ្ងៃទី ២៥–៣១ ខែ ឧសភា ។ ម៉ូសាយ ២៩–អាលម៉ា ៤ ៖ ‹ ពួកគេនៅតែមានចិត្តខ្ជាប់ខ្ជួន ហើយមុតមាំ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៥–៣១ ខែ ឧសភា ។ ម៉ូសាយ ២៩–អាលម៉ា ៤ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៥–៣១ ខែ ឧសភា
ម៉ូសាយ ២៩–អាលម៉ា ៤
« ពួកគេនៅតែមានចិត្តខ្ជាប់ខ្ជួន ហើយមុតមាំ »
នៅជំនាន់របស់អាលម៉ា គ្រូបង្រៀនដំណឹងល្អម្នាក់ពុំត្រូវបានចាត់ទុកថា « ខ្លួនខ្ពស់ជាងពួកអ្នកស្ដាប់ឡើយ ឯគ្រូបង្រៀនក៏មិនប្រសើរជាងអ្នករៀនដែរ ម្ល៉ោះហើយ ពួកគេស្មើគ្នាទាំងអស់ » ( អាលម៉ា ១:២៦ ) ។ នៅពេលអ្នករៀបចំបង្រៀន សូមពិចារណាពីរបៀបដែលគោលការណ៍នេះអនុវត្តចំពោះអ្នក និងសិស្សរបស់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សិស្សប្រហែលជាបានកត់សម្គាល់ការប្រៀបធៀបរវាងព្រឹត្តិការណ៍ដែលបានពិពណ៌នានៅក្នុង ម៉ូសាយ ២៩–អាលម៉ា ៤ និងរឿងដែលកំពុងកើតឡើងនៅក្នុងពិភពលោកនាសព្វថ្ងៃនេះ ឬក្នុងជីវិតរបស់ពួកគេផ្ទាល់ ។ សូមទុកពេលឲ្យសិស្សពីរបីនាទីដើម្បីរំឭកជំពូកទាំងនោះដើម្បីស្វែងរកគំរូមួយ ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញជាមួយនឹងសិស្សម្នាក់ទៀតដែលអង្គុយនៅក្បែរនោះ ។
បង្រៀនគោលលទ្ធិ
យើងអាចក្លាយជាឥទ្ធិពលវិជ្ជមានមួយនៅក្នុងសហគមន៍របស់យើង ។
-
ប្រសិនបើសិស្សទទួលបានអត្ថប្រយោជន៍មកពីការពិភាក្សានូវរបៀបជះឥទ្ធិពលល្អដល់សង្គម អ្នកអាចអញ្ជើញពួកគេឲ្យគិតពីបញ្ហាមួយចំនួនដែលសហគមន៍របស់អ្នកជួបប្រទះ ហើយសរសេរបញ្ហាមួយចំនួននៅលើក្ដារខៀន ( ចៀសវាងការពិភាក្សាលម្អិតអំពីបញ្ហាទាំងនេះ ) ។ សិស្សអាចរំឭក អាលម៉ា ២:១–៧ ដើម្បីស្វែងរកបញ្ហាអ្វីខ្លះដែលពួកសាសន៍នីហ្វៃបានជួបប្រទះ និងអ្វីដែលពួកគេបានធ្វើដើម្បីដោះស្រាយវា ។ តើអ្វីខ្លះអាចនឹងកើតឡើងប្រសិនបើ « មនុស្សទាំងអស់ក្នុងសាសនាចក្រ » ពុំបានបន្លឺសំឡេងរបស់ពួកគេឡើងទេនោះ ? តើយើងរៀនអ្វីខ្លះទៀតអំពីការធ្វើជាពលរដ្ឋល្អមកពីដំណើររឿងនេះ ចេញពី ម៉ូសាយ ២៩:២៦–២៧ និងចេញពីដំណើររឿងនៅក្នុង « ធនធានបន្ថែមទាំងឡាយ ? » សិស្សគួរគិតពីអ្វីមួយដែលពួកគេនឹងធ្វើដើម្បីជះឥទ្ធិពលល្អដល់សហគមន៍របស់ពួកគេទាក់ទងនឹងបញ្ហាមួយនៅលើក្ដារខៀន ។
យើងអាចស្គាល់ ហើយបដិសេធការបង្រៀនខុសឆ្គង ។
-
គំរូរបស់គេឌានដែលបានតតាំងនឹងនីហូរអាចបំផុសគំនិតដល់សិស្សរបស់អ្នក ។ ប្រហែលជាអ្នកអាចសុំឲ្យសិស្សម្នាក់ទុកជាមុនឲ្យរំឭកប្រវត្តិរបស់គេឌាន ហើយចែកចាយវាជាមួយនឹងសិស្សផ្សេងទៀត ( សូមមើល ម៉ូសាយ ១៩:១–៨, ២០:១៥–២២, ២២:១–៩ និង អាលម៉ា ១:២–៩ ) ។ ដោយផ្អែកលើការរំឭកនេះ សិស្សអាចសរសេរបុគ្គលិកលក្ខណៈដ៏បំផុសគំនិតមួយចំនួនរបស់គេឌាន ។ ឧទាហរណ៍ នៅពេលគេឌានបានស្ដាប់ឮការបង្រៀនខុសឆ្គងរបស់នីហូរ នោះគេឌានបានតតាំងនឹងនីហូរ« ដោយព្រះបន្ទូលទាំងឡាយនៃព្រះ » ( ខទី ៩ ) ។ នៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ សិស្សប្រហែលជារកឃើញបទគម្ពីរដែលបដិសេធការបង្រៀនរបស់នីហូរដែលមាននៅក្នុង អាលម៉ា ១:៣–៦ ។ សូមអញ្ជើញពួកគេឲ្យចែកចាយបទគម្ពីរដែលពួកគេបានរកឃើញ ។ បទគម្ពីរមួយចំនួនក៏បានណែនាំផងដែរនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ តើយើងអាចធ្វើកាន់តែដូចជាគេឌាននៅក្នុងការការពារសេចក្ដីពិតតាមរបៀបណា ?
-
ការបង្រៀនខុសឆ្គងរបស់នីហូរ ដែលបានពិពណ៌នានៅក្នុង អាលម៉ា ១:៣–៦ អាចជួយយើងឲ្យស្គាល់មធ្យោបាយដែលសាតាំងប្រើដើម្បីបោកបញ្ឆោតយើង ។ ឧទាហរណ៍ ជារឿយៗ វាលាក់ពាក្យកុហករបស់វានៅក្នុងសេចក្ដីពិត ។ សូមពិចារណាអញ្ជើញសិស្សឲ្យស្រាវជ្រាវ អាលម៉ា ១:៣–៤ ហើយស្គាល់ពាក្យកុហកដែលសាតាំងបានប្រាប់ និងសេចក្ដីពិតដែលវាបានប្រើដើម្បីធ្វើឲ្យសេចក្ដីពិតទាំងនោះមានភាពទាក់ទាញ ។ តើពាក្យកុហកមួយចំនួនណាខ្លះ ដែលបានច្រឡូកច្រឡំនឹងសេចក្ដីពិតដែលបោកបញ្ឆោតមនុស្សសព្វថ្ងៃនេះ ? តើយើងអាចជួយក្រុមគ្រួសាររបស់យើង និងមនុស្សដែលយើងស្រឡាញ់ឲ្យបែងចែកឲ្យដាច់រវាងសេចក្ដីពិត និងភាពខុសឆ្គងតាមរបៀបណា ?
-
សិស្សអាចច្រៀង ឬអានទំនុកតម្កើងមួយអំពីភាពរាបសា ដូចជា « ចូរបន្ទាបខ្លួន » ( ទំនុកតម្កើង ល.រ. ៧០ ) ហើយពិភាក្សាពីរបៀបដែលសារលិខិតរបស់វាខុសពីសារលិខិតរបស់នីហូរនៅក្នុង អាលម៉ា ១:២–៩ ។ ពួកគេក៏អាចឃើញភាពខុសគ្នានូវអ្វីដែលនីហូរបានបង្រៀនអំពីគ្រូបង្រៀនដំណឹងល្អ និងអ្វីដែលអាលម៉ា និងថ្នាក់ដឹកនាំផ្សេងទៀតរបស់សាសនាចក្របានបង្រៀន ហើយបានធ្វើជាគំរូ ( សូមមើល អាលម៉ា ១:២៦; ៤:១៥–២០ ) ។ តើអ្វីទៅជាការជម្រុញចិត្តរបស់នីហូរ ? តើវាខុសប្លែកពីការជំរុញទឹកចិត្តរបស់អាលម៉ាតាមរបៀបណា ? សូមលើកទឹកចិត្តសិស្សឲ្យពិចារណាពីការជំរុញចិត្តរបស់ពួកគេផ្ទាល់ចំពោះការបម្រើនៅក្នុងសាសនាចក្រ ។ តើ អាលម៉ា ១:២៦ ណែនាំអ្វីខ្លះអំពីការទទួលខុសត្រូវរបស់យើងក្នុងនាមជាអ្នករៀនសូត្រ ?
អំនួតអាចធ្វើឲ្យយើង « ចុះអន់ថយនូវការលូតលាស់ [ របស់យើង ] » ។
-
ការពិភាក្សាពី អាលម៉ា ១ និង អាលម៉ា ៤ អាចជួយសិស្សឲ្យយល់ពីរបៀបដែលអំនួតជះឥទ្ធិពលដល់បុគ្គលម្នាក់ៗ និងសាសនាចក្រផងដែរ ។ អ្នកអាចបំបែកសិស្សជាពីរក្រុម ហើយសុំឲ្យក្រុមមួយរៀនពីស្ថានភាពរបស់សាសនាចក្រដូចដែលបានពិពណ៌នានៅក្នុង អាលម៉ា ១:១៩–៣០ កាលក្រុមមួយទៀតរៀនពីស្ថានភាពរបស់សាសនាចក្រនៅពីរបីឆ្នាំក្រោយមកទៀត ដូចដែលបានពិពណ៌នានៅក្នុង អាលម៉ា ៤:៦–១៥ ។ សូមឲ្យក្រុមនីមួយៗចែកចាយថា តើសាសនាចក្រ និងសមាជិករបស់ខ្លួនមានស្ថានភាពបែបណា ស្របតាមខគម្ពីរដែលពួកគេបានអាន ។ ពួកគេអាចរៀបចំវិធីដ៏មានការច្នៃប្រឌិតមួយរួមគ្នាដើម្បីធ្វើកិច្ចការនេះ—ឧទាហរណ៍ ពួកគេអាចគូររូបភាពមួយ ឬរៀបចំជាការសម្ដែងខ្លីមួយ ។ បន្ទាប់ពីក្រុមទាំងពីរបានចែកចាយជាមួយគ្នារួចហើយ សូមឲ្យពួកគេពិភាក្សាពីអ្វីដែលពួកគេបានរៀនអំពីឥទ្ធិពលនៃអំនួតទៅលើសាសនាចក្រ និងសមាជិករបស់ខ្លួន ព្រមទាំងពរជ័យនៃភាពរាបសាផងដែរ ។ តើដំណើររឿងទាំងនេះបង្រៀនមេរៀនអ្វីខ្លះដល់យើងនៅសព្វថ្ងៃនេះ ?
« ព្រះបន្ទូលនៃព្រះនៃព្រះ » និង « ទីបន្ទាល់ដ៏បរិសុទ្ធ » អាចផ្លាស់ប្ដូរដួងចិត្ត ។
-
មនុស្សជាច្រើនអាចយល់ពីអារម្មណ៍របស់អាលម៉ា នៅពេលលោកមានចិត្ត « ព្រួយបារម្ភជាខ្លាំង » ( អាលម៉ា ៤:១៥ ) អំពីអំពើទុច្ចរិត និងទុក្ខវេទនារបស់ប្រជាជនលោក ។ ប្រហែលជាសិស្សអាចគិតពីមនុស្សជាទីស្រឡាញ់ម្នាក់ដែលពួកគេមានការព្រួយបារម្ភ ហើយគិតពីបុគ្គលនោះ នៅពេលពួកគេអាន អាលម៉ា ៤:១២–២០ ។ បន្ទាប់ពីសិស្សបានអានហើយ អ្នកអាចសួរសំណួរដូចសំណួរទាំងនេះ ដើម្បីបំផុសឲ្យមានការពិភាក្សាពីខគម្ពីរទាំងនេះ ៖ តើអ្វីទៅដែលនាំយកអំណរដល់មនុស្សនៅក្នុងកាលៈទេសៈដ៏ពិបាករបស់ពួកគេ ? តើឃ្លាថា « ព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់ពុំបានលះបង់ចោលលោកឡើយ » មានអត្ថន័យយ៉ាងណាចំពោះអ្នក ? ( អាលម៉ា ៤:១៥ ) ។ តើអាលម៉ាបានលះបង់អ្វីខ្លះដើម្បីជួយដល់ប្រជាជនរបស់លោក ហើយតើពេលខ្លះយើងត្រូវបានសុំឲ្យលះបង់អ្វីខ្លះ ? តើយើងធ្លាប់ឃើញគំរូអ្វីខ្លះអំពីអនុភាពនៃ « ទីបន្ទាល់ដ៏បរិសុទ្ធ » ? ( អាលម៉ា ៤:១៩ ) ។ តើយើងអាចចែកចាយទីបន្ទាល់របស់យើងដោយគ្មានការបង្រៀន ឬការកាត់សេចក្ដីតាមរបៀបណា ? អ្នកអាចទុកពេលឲ្យសិស្សសរសេរសារលិខិតមួយអំពីទីបន្ទាល់ទៅកាន់មនុស្សជាទីស្រឡាញ់របស់ពួកគេ ។
-
ប្រហែលជាសិស្សនឹងទទួលបានអត្ថប្រយោជន៍មកពីការពិភាក្សានូវអត្ថន័យនៃឃ្លា « ទីបន្ទាល់ដ៏បរិសុទ្ធ » ។ វីដេអូ « Apostle Testimony Montage » ( ChurchofJesusChrist.org ) មានឧទាហរណ៍ដ៏ល្អអស្ចារ្យមួយចំនួន ។ តើទីបន្ទាល់ទាំងនេះ ឬទីបន្ទាល់ផ្សេងទៀតដែលយើងស្ដាប់ឮ « ដាស់រំជួល [ យើង ] ឲ្យនឹកចាំដល់ភារកិច្ចរបស់ [ យើង ] » ដោយរបៀបណា ? ( អាលម៉ា ៤:១៩ ) ។ តើទីបន្ទាល់ទាំងនេះជួយពួកយើងឲ្យយកឈ្នះលើអំនួត និងការឈ្លោះប្រកែកគ្នាដោយរបៀបណា ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
អ្នកអាចពន្យល់ដល់សិស្សថា នៅក្នុង អាលម៉ា ៥–៧ ពួកគេនឹងអានពី « ទីបន្ទាល់ដ៏បរិសុទ្ធ » របស់អាលម៉ា ហើយសូមមើលពីឥទ្ធិពលរបស់វាទៅលើប្រជាជននោះ ( សូមមើល អាលម៉ា ៤:១៩ ) ។
ធនធានបន្ថែមទាំងឡាយ
« ធ្វើឲ្យឥទ្ធិពលរបស់អ្នកបានជ្រួតជ្រាប » ។
មិនយូរប៉ុន្មាន បន្ទាប់ពីស៊ិស្ទើរ ប៊េល អេស ស្ប៉ាហ្វ័ដ ត្រូវបានហៅជាប្រធានសមាគមសង្គ្រោះទូទៅនៅឆ្នាំ ១៩៤៥ ថ្នាក់ដឹកនាំសមាគមសង្គ្រោះទាំងឡាយត្រូវបានអញ្ជើញឲ្យចូលរួមការប្រជុំមួយនៃក្រុមប្រឹក្សាស្ត្រីថ្នាក់ជាតិដ៏ធំមួយ ។ ថ្នាក់ដឹកនាំសមាគមសង្គ្រោះទូទៅធ្លាប់ធ្វើជាសមាជិកនៃក្រុមប្រឹក្សានេះជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគាត់មានអារម្មណ៍ថា ថ្មីៗនេះ ក្រុមប្រឹក្សានេះពុំបានប្រព្រឹត្តល្អចំពោះពួកគាត់សោះ ។ បន្ទាប់ពីការពិភាក្សាជាមួយនឹងទីប្រឹក្សារបស់គាត់ ស៊ិស្ទើរ ស្ប៉ាហ្វ័ដបានជូនជាអនុសាសន៍ទៅប្រធាន ចច អ័លប៊ើត ស៊្មីធ ជាប្រធានសាសនាចក្រថា សមាគមសង្គ្រោះគួរដកហូតសមាជិកភាពរបស់ខ្លួនចេញពីក្រុមប្រឹក្សានេះ ។
នៅពេលពួកលោកបានពិភាក្សាពីអនុសាសន៍នោះ ស៊ិស្ទើរ ស្ប៉ាហ្វ័ដ បានមានប្រសាសន៍ថា « ប្រធាន ស្ម៊ីធ លោកជ្រាបហើយថា យើងពុំទទួលបានអ្វីទេពីក្រុមប្រឹក្សានេះ » ។
ក្រោយមកទៀត គាត់បានរៀបរាប់ថា
« ប្រធាន ស្ម៊ីធបានមើលមុខខ្ញុំទាំងភ្ញាក់ផ្អើល ។ លោកបានមានប្រសាសន៍ថា ‹ ស៊ិស្ទើរ ស្ប៉ាហ្វ័ដ តើអ្នកតែងគិតពីអ្វីដែលអ្នកនឹងទទួលបានមែនទេ ? តើអ្នកពុំបានគិតទេឬថាពេលខ្លះ វាគឺជារឿងល្អដើម្បីគិតពីអ្វីដែលអ្នកត្រូវផ្ដល់ឲ្យវិញ ? › លោកបានបន្តទៀតថា ខ្ញុំជឿថា ‹ ស្ត្រីពួកមរមនមានអ្វីមួយដែលត្រូវផ្ដល់ទៅឲ្យស្ត្រីទូទាំងពិភពលោក ហើយថាពួកគេក៏អាចរៀនមកពីស្ត្រីទាំងនោះដែរ ។ ជាជាងឲ្យអ្នកបញ្ចប់សមាជិកភាពរបស់អ្នក ខ្ញុំសូមណែនាំថា អ្នកគួរនាំសមាជិកក្រុមប្រឹក្សារបស់អ្នកមួយចំនួនដែលមានសមត្ថភាពមក ហើយត្រឡប់មកចូលរួមក្នុងការប្រជុំនេះវិញ › ។
« បន្ទាប់មក លោកបានមានប្រសាសន៍បញ្ជាក់ថា ‹ ធ្វើឲ្យឥទ្ធិពលរបស់អ្នកបានជ្រួតជ្រាប › » ( ប៊េល អេស ស្ប៉ាហ្វ័ដ A Woman’s Reach [ ឆ្នាំ ១៩៧៤ ] ទំព័រ ៩៦–៩៧ ) ។
ស៊ិស្ទើរ ស្ប៉ាហ្វ័ដបានគោរពតាមការប្រឹក្សានេះ ។ គាត់បានបម្រើជាច្រើនឆ្នាំនៅក្នុងក្រុមប្រឹក្សានេះ ហើយនៅទីបំផុត គាត់ត្រូវបានជ្រើសរើសជាថ្នាក់ដឹកនាំមួយរូបនៃក្រុមប្រឹក្សានេះ ។