« ថ្ងៃទី ១១–១៧ ខែ ឧសភា ។ ម៉ូសាយ ១៨–២៤ ៖ ‹ យើងបានចូលទៅក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១១–១៧ ខែ ឧសភា ។ ម៉ូសាយ ១៨–២៤ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១១–១៧ ខែ ឧសភា
ម៉ូសាយ ១៨–២៤
យើងបានចូលទៅក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់
នៅពេលអ្នកអាន ម៉ាថាយ ១៨–២៤ សូមគិតពីសិស្សរបស់អ្នក ។ តើអ្នកដឹងអ្វីខ្លះពីពួកគេ ? ព្រះវិញ្ញាណបរិសុទ្ធអាចបំផុសគំនិតរបស់អ្នក ហើយជួយអ្នកឲ្យស្គាល់សេចក្ដីពិតនៃដំណឹងល្អដែលទាក់ទងនឹងពួកគេបំផុត ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញសិស្សឲ្យណែនាំគោលការណ៍ ឬសេចក្ដីថ្លែងការណ៍នៃសេចក្ដីពិតមួយចំនួន ដែលពួកគេបានរកឃើញនៅក្នុងការសិក្សារបស់ពួកគេអំពី ម៉ូសាយ ១៨–២៤ ។ ( គោលការណ៍មួយចំនួនមាននៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយខគម្ពីរចេញពី ម៉ូសាយ ១៨–២៤ ដែលបង្រៀនគោលការណ៍ទាំងនេះ ។ តើពួកគេមានបទពិសោធន៍អ្វីខ្លះជាមួយសេចក្ដីពិតទាំងនេះ ?
បង្រៀនគោលលទ្ធិ
ពិធីបុណ្យជ្រមុជទឹករួមបញ្ចូលនូវសេចក្ដីសញ្ញាមួយដើម្បីបម្រើព្រះ ហើយឈរជាសាក្សីអំពីទ្រង់ ។
-
នៅពេលអ្នកអាន ម៉ូសាយ ១៨ ហើយរៀបចំខ្លួនបង្រៀន អ្នកអាចនឹងទទួលបានការបំផុសគំនិតដើម្បីជួយសិស្សរបស់អ្នកឲ្យរំឭក ហើយពិចារណាពីសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់ពួកគេ ។ នេះគឺជាវិធីមួយដែលអ្នកអាចធ្វើកិច្ចការនេះ ៖ សូមអញ្ជើញសិស្សឲ្យធ្វើការរួមគ្នា ដើម្បីសរសេរនៅលើក្ដារខៀននូវឃ្លាជាច្រើនតាមអ្វីដែលពួកគេអាចចងចាំបាន ដែលទាក់ទងនឹងការពិពណ៌នារបស់អាលម៉ាអំពីសេចក្ដីសញ្ញាបុណ្យជ្រមុជទឹក ។ នៅពេលពួកគេបញ្ចប់ សិស្សអាចអាន ម៉ូសាយ ១៨:៨–១០ ហើយបន្ថែមអ្វីមួយដែលខ្វះខាតទៅបញ្ជីនោះ ។ ( ពួកគេក៏អាចបន្ថែមឃ្លាមកពី គ.&ស. ២០:៣៧, ៧៧ និង ៧៩ ) ។ វាអាចមានប្រយោជន៍ដើម្បីសួរពួកគេអំពីអត្ថន័យនៃឃ្លានីមួយៗ និងអ្វីដែលពួកគេអាចធ្វើដើម្បីរក្សាផ្នែកនៃសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹកនោះ ។ តើព្រះអម្ចាស់ប្រទានពរយើងតាមរបៀបណា នៅពេលយើងខិតខំរក្សាផ្នែកនៃសេចក្ដីសញ្ញារបស់យើង ?
-
កាលពួកអ្នកដើរតាមអាលម៉ាបានរៀបចំខ្លួនទទួលបុណ្យជ្រមុជទឹក អាលម៉ាបានបង្រៀនពួកគេថា ការចូលមក « ក្នុងក្រោលនៃព្រះ » តម្រូវឲ្យមានការធ្វើសេចក្ដីសញ្ញាមួយដើម្បីដើរតាមព្រះ ហើយមើលថែបុត្រាបុត្រីរបស់ទ្រង់ ( សូមមើល ម៉ូសាយ ១៨:៨–៩ ) ។ ប្រហែលជាសិស្សអាចចែកចាយបទពិសោធន៍ នៅពេលពួកគេ ឬមនុស្សម្នាក់ដែលពួកគេស្គាល់ត្រូវបានពង្រឹងដោយមនុស្សម្នាក់ផ្សេងទៀតដែលបំពេញសេចក្ដីសញ្ញាបុណ្យជ្រមុជទឹកដែលបានពិពណ៌នានៅក្នុង ម៉ូសាយ ១៨:៨–១០ ។ ឧទាហរណ៍ តើមនុស្សម្នាក់ធ្លាប់លួងលោមចិត្តពួកគេ ឬបានជួយពួកគេឲ្យទ្របន្ទុករបស់ពួកគេនៅពេលណា ? តើបទពិសោធន៍ទាំងនេះបានបំផុសគំនិតដល់យើងឲ្យរក្សាសេចក្ដីសញ្ញារបស់យើងយ៉ាងដូចម្ដេច ? អ្នកក៏អាចរំឭកសិស្សអំពីរបៀបដែលអ័ប៊ីណាដៃបាន « ឈរជា[សាក្សី]ដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែង » ( ខទី ៩ ) ផងដែរ ។ តើយើងអាចរៀនអ្វីខ្លះមកពីគំរូរបស់លោក នៅពេលយើងខិតខំបំពេញផ្នែកនៃសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់យើងនេះ ?
រាស្ត្ររបស់ព្រះបានរួបរួមគ្នា ។
-
ម៉ូសាយ ១៨:១៧–៣១ ពិពណ៌នាអំពីបទបញ្ញត្តិដែលអាលម៉ាបានផ្ដល់ដល់ប្រជាជនរបស់លោក ដើម្បីជួយពួកគេឲ្យមានសាមគ្គីភាពក្នុងនាមជាសមាជិកសាសនាចក្ររបស់ព្រះគ្រីស្ទ ។ ដើម្បីជួយសិស្សគិតពីរបៀបដែលបទបញ្ញត្តិទាំងនេះអនុវត្តចំពោះពួកគេ អ្នកអាចសុំឲ្យពួកគេស្រាវជ្រាវខគម្ពីរទាំងនេះជាក្រុមតូចៗ ហើយធ្វើបញ្ជីមួយអំពីបទបញ្ញត្តិដែលពួកគេរកឃើញ ។ តើការធ្វើតាមបទបញ្ញត្តិទាំងនេះអាចជួយសមាជិកវួដឲ្យមានសាមគ្គីភាពកាន់តែខ្លាំងតាមរបៀបណា ? តើមានគោលដៅណាមួយដែលសិស្សរបស់អ្នកអាចធ្វើរៀងៗខ្លួន ឬជាក្រុមដើម្បីធ្វើតាមគំរូរបស់ប្រជាជនអាលម៉ាដែរឬទេ ?
-
មានមនុស្សមួយចំនួនងឿងឆ្ងល់ថា ហេតុអ្វីយើងចាំបាច់ត្រូវការព្រះវិហារ ? ដើម្បីជួយសិស្សឲ្យឆ្លើយសំណួរនេះ អ្នកអាចគូរគម្រោងនៃអគារសាសនាចក្រមួយនៅលើក្ដារខៀន ហើយសរសេរសំណួរនេះនៅពីក្រោមវា ។ បន្ទាប់មក សិស្សអាចស្រាវជ្រាវ ម៉ូសាយ ១៨:១៧–៣១ ហើយសរសេរចម្លើយដែលពួកគេរកឃើញនៅក្នុងខគម្ពីរទាំងនេះលើក្ដារខៀន ។ ពួកគេក៏អាចរកចម្លើយនៅក្នុងពាក្យដកស្រង់មកពីសុន្ទរកថារបស់អែលឌើរ គ្រីស្តូហ្វឺសិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ផងដែរ ។ ប្រហែលជាអ្នកអាចឲ្យសិស្សពីរបីនាក់សម្ដែងអំពីរបៀបដែលពួកគេនឹងឆ្លើយតបទៅកាន់មិត្តម្នាក់ ដែលពុំជឿពីភាពចាំបាច់នៃការរៀបចំព្រះវិហារមួយឡើង ។ ហេតុអ្វីយើងមានអំណរគុណក្នុងការធ្វើជាសមាជិកនៃសាសនាចក្រនេះ ?
-
កាលយើងគិតថា មនុស្សគ្រប់គ្នាមានអារម្មណ៍ទទួលស្វាគមន៍នៅឯព្រះវិហារនោះ ជាអកុសល គឺពុំមែនមនុស្សគ្រប់គ្នាមានអារម្មណ៍នោះទេ ។ តើយើងរៀនអ្វីខ្លះមកពីប្រជាជនអាលម៉ានៅក្នុង ម៉ូសាយ ១៨:១៧–៣១ ដែលអាចជួយយើងឲ្យបង្កើតកន្លែងមួយដែលមនុស្សគ្រប់គ្នាទទួលអារម្មណ៍ថា ពួកគេមានចំណែកមួយនៅទីនោះ ?
ព្រះអម្ចាស់អាចធ្វើឲ្យបន្ទុករបស់យើងបានស្រាល ។
-
បន្ទុកដែលសិស្សរបស់អ្នកមានគឺខុសគ្នាពីបន្ទុកដែលប្រជាជនលិមហៃ ឬប្រជាជនរបស់អាលម៉ាមាន កាលស្ថិតនៅក្នុងសេវកភាព ។ ប៉ុន្តែសារលិខិតនៃដំណើររឿងទាំងនេះអនុវត្តចំពោះមនុស្សគ្រប់គ្នាដែលមានការថប់បារម្ភ ដោយសារទុក្ខវេទនា ឬស្ថានភាពលំបាកផ្សេងៗ ។ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេរៀនមកពី ម៉ូសាយ ២១–២៤ អំពីរបៀបដែលព្រះអាចជួយយើងនៅក្នុងការសាកល្បងរបស់យើង ។ ( សម្រាប់ការសង្ខេបខ្លីមួយអំពីរឿងទាំងនេះ សូមមើលអិល ថម ភែរី « The Power of Deliverance » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៩៤–៩៧ ) ។ សិស្សក៏អាចចែកចាយអំពីគ្រាដែលពួកគេបានដកពិសោធន៍ការបំពេញនៃការសន្យារបស់ព្រះថា ទ្រង់នឹងសម្រាលបន្ទុករបស់ពួកគេ ហើយយាងមកជួបពួកគេនៅក្នុងការរងទុក្ខរបស់ពួកគេ ( សូមមើល ម៉ូសាយ ២៤:១៤ ) ។
-
វាអាចនឹងមានន័យណាស់ចំពោះសិស្សដើម្បីចំណាយពេលពីរបីនាទីសរសេរអំពីបញ្ហាប្រឈមផ្ទាល់ខ្លួនដែលពួកគេបានជួបប្រទះ និងការពិចារណាអំពីវិធីដែលព្រះអម្ចាស់ជួយពួកគេឲ្យទ្រាំទ្របន្ទុករបស់ពួកគេ ។ តើមានសារមកពី ម៉ូសាយ ២១–២៤ ដែលបំផុសគំនិតពួកគេឲ្យងាកទៅរកព្រះអម្ចាស់ក្នុងគ្រានៃទុក្ខវេទនាដែរឬទេ ? តើការសន្យារបស់ព្រះអម្ចាស់ដល់ប្រជាជនអាលម៉ានៅក្នុង ម៉ូសាយ ២៤:១៤ ទាក់ទងនឹងសេចក្ដីសញ្ញាដែលយើងធ្វើជាមួយនឹងព្រះអម្ចាស់នៅឯពិធីបុណ្យជ្រមុជទឹកតាមរបៀបណា ? ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីបំផុសគំនិតសិស្សឲ្យអាន ម៉ូសាយ ២៥–២៨ សូមឲ្យពួកគេគិតពីមនុស្សម្នាក់ដែលពួកគេស្គាល់ ដែលបានឃ្លាតឆ្ងាយពីដំណឹងល្អ ។ សូមប្រាប់ពួកគេថា នៅពេលពួកគេអានជំពូកទាំងនេះ ពួកគេអាចរកឃើញការយល់ដឹងស្ដីពីរបៀបជួយបុគ្គលនោះឲ្យត្រឡប់មកវិញ ។
ធនធានបន្ថែមទាំងឡាយ
ហេតុអ្វីយើងចាំបាច់ត្រូវមានសាសនាចក្រនេះ ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានមានប្រសាសន៍ថា « ខ្ញុំបានដឹងថា មានជនដែលគិតថា ខ្លួនឯងជាអ្នកជឿសាសនា ក៏ប៉ុន្តែបានបដិសេធមិនចូលរួមក្នុងព្រះវិហារ ឬមិនត្រូវការស្ថាប័នមួយបែបនេះទេ ។ ចំពោះពួកគេ ការអនុវត្តខាងសាសនាគឺជារឿងផ្ទាល់ខ្លួនសុទ្ធសាធ ។ ប៉ុន្តែសាសនាចក្រគឺជាការបង្កបង្កើតរបស់ទ្រង់ ដែលជីវភាពខាងវិញ្ញាណរបស់យើងផ្ដោតទៅលើ—គឺព្រះយេស៊ូវគ្រីស្ទ ។ វាមានតម្លៃដើម្បីឈប់មួយភ្លែតពិចារណាពីហេតុផលដែលទ្រង់ជ្រើសប្រើព្រះវិហារមួយ ជាសាសនាចក្ររបស់ទ្រង់គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ និងព្រះវរបិតាទ្រង់ » ។
បន្ទាប់មក អែលឌើរ គ្រីស្តូហ្វឺសិន បានចែកចាយអំពីហេតុផលដែលព្រះអម្ចាស់បានរៀចំសាសនាចក្រមួយឡើង ( សូមមើល « Why the Church » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៨–១១ ) ៖
-
« ការប្រកាសដំណឹងល្អនៃព្រះសិក្ខាបទនៃព្រះយេស៊ូវគ្រីស្ទ ហើយចាត់ចែងពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ—គឺមានន័យថា ដើម្បីនាំមនុស្សមករកព្រះគ្រីស្ទ » ។
-
« ដើម្បីបង្កើតសហគមន៍នៃពួកបរិសុទ្ធមួយដែលនឹងគាំទ្រគ្នាទៅវិញទៅមកនៅក្នុង ‹ ផ្លូវតូច ហើយចង្អៀតនោះដែលនាំទៅឯជីវិតដ៏នៅអស់កល្បជានិច្ច › [ នីហ្វៃទី ២ ៣១:១៨ ] ។ … ដោយចូលរួមក្នុងសេចក្ដីជំនឿ យើងបង្រៀន ហើយស្អាងគ្នា ហើយខិតខំឲ្យបានដល់រង្វាស់ពេញលេញនៃភាពជាសិស្ស » ។
-
ដើម្បី « មានការជួបជុំនៃការសម្រាក និងការរំឭកចាំរាល់សប្ដាហ៍ ជាពេលវេលា និងទីកន្លែងមួយដើម្បីទុកពិភពលោកមួយអន្លើរ—គឺជាថ្ងៃឈប់សម្រាក » ។
-
« ដើម្បីសម្រេចបាននូវរឿងដ៏ចាំបាច់ដែលពុំអាចសម្រេចបានដោយបុគ្គលម្នាក់ៗ ឬក្រុមតូចៗ [ រួមបញ្ចូលទាំង ] ការប្រឈមនឹងភាពក្រីក្រផងដែរ… នោះ [ ការនាំ ] យកដំណឹងល្អទៅកាន់ពិភពលោកទាំងមូល… [ ការសាងសង់ និងការដំណើរការ ] ព្រះវិហារបរិសុទ្ធ ជាដំណាក់នៃព្រះអម្ចាស់ ជាកន្លែងដែលពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាសំខាន់ៗអាចត្រូវបានធ្វើឡើង » ។
-
ដើម្បីធ្វើឲ្យកូនសោបព្វជិតភាពមានដល់មនុស្សដទៃទៀត ដែល « អ្នកដឹកនាំបព្វជិតភាពរបស់សាសនាចក្ររក្សាភាពបរិសុទ្ធនៃគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះ និងសេចក្ដីទៀងត្រង់នៃពិធីបរិសុទ្ធនៃការសង្គ្រោះរបស់ទ្រង់…ជួយរៀបចំខ្លួនជនដែលប្រាថ្នាចង់ទទួលវា កាត់សេចក្ដីពីគុណសម្បត្តិ និងភាពស័ក្ដិសមនៃជនដែលស្នើសុំ រួចហើយធ្វើវា…[ ហើយ ] ស្គាល់ទាំងសេចក្ដីពិត និងភាពខុសឆ្គង » ។