ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៧ ខែ មេសា–ថ្ងៃទី ៣ ខែ ឧសភា ។ ម៉ូសាយ ៧–១០ ៖ « នៅ​ក្នុង​កម្លាំង​នៃ​ព្រះអម្ចាស់ »


« ថ្ងៃទី ២៧ ខែ មេសា–ថ្ងៃទី ៣ ខែ ឧសភា ។ ម៉ូសាយ ៧–១០ ៖ ‹ ដោយ​កម្លាំង​នៃ​ព្រះអម្ចាស់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ​ ២០២០ )

« ថ្ងៃទី ២៧ ខែ មេសា–ថ្ងៃទី ៣ ខែ ឧសភា ។ ម៉ូសាយ ៧–១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

អាំម៉ូន​កំពុង​បង្រៀន​ស្ដេច​លិមហៃ

មីនេវ៉ា ថៃឆើត ( ឆ្នាំ ១៨៨៨-១៩៧៦ ) អាំម៉ូន​នៅ​ចំពោះ​មុខ​ស្ដេច​លិមហៃ ឆ្នាំ ១៩៤៩-១៩៥១ ប្រេង​នៅលើ​បន្ទះ​ឈើ ទំហំ ៣៥ ១៥/១៦ x ៤៨​ អ៊ិញ ។ សារមន្ទីរ​សិល្បៈ​របស់​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ឆ្នាំ​១៩៦៩

ថ្ងៃទី ២៧ ខែ មេសា–ថ្ងៃទី ៣ ខែ ឧសភា

ម៉ូសាយ ៧–១០

« ដោយ​កម្លាំង​នៃ​ព្រះអម្ចាស់ »

គម្រោង​មេរៀន​នេះ​អាច​ជា​ធនធាន​មួយ​ដ៏​មាន​តម្លៃ ប៉ុន្តែ​វា​គួរតែជា​សេចក្ដី​បន្ថែម​ប៉ុណ្ណោះ ពុំ​មែន​ជំនួស​នោះ​ទេ ចំពោះ​ការ​បំផុស​គំនិត​ដែល​បាន​ទទួល​នៅ​ពេល​សិក្សា ម៉ូសាយ ៧–១០ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ជាញឹក​ញាប់ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ពិភាក្សា​រួម​គ្នា​អំពី​ពរជ័យ​ដែល​សិស្ស​នឹង​ទទួល​បាន នៅពេល​ពួកគេ​ខិតខំ​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​ពួកគេ​ជា​មណ្ឌល​នៃ​ការ​រៀន​សូត្រ​របស់​ពួកគេ​អំពី​ដំណឹងល្អ ។ តើ​មានខគម្ពីរ​អ្វីខ្លះ​នៅ​ក្នុង ម៉ូសាយ ៧–១០ ដែល​សិស្ស​បាន​ពិចារណា ឬ ពិភាក្សា​នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ​អំឡុង​សប្ដាហ៍ ? តើ​ការណ៍​នេះ​ជះ​ឥទ្ធិពល​ទៅ​លើ​ជីវិត​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ូសាយ ៧:១៤–៣៣

ប្រសិន​បើ​យើង​ងាក​ទៅ​រក​ព្រះអម្ចាស់ ទុក​ចិត្ត​ទ្រង់ ហើយ​បម្រើ​ទ្រង់ នោះ​ទ្រង់​នឹងសង្គ្រោះ​យើង ។

  • នៅ​ពេលសិស្ស​បាន​សិក្សា ម៉ូសាយ ៧:១៤–៣៣ បទពិសោធន៍​របស់​ប្រជាជន​លិមហៃ​អាច​បំផុស​គំនិត​ពួកគេ​ឲ្យ​ប្រែចិត្ត ហើយ​ងាក​ទៅ​រក​ព្រះអម្ចាស់​ដើម្បី​បាន​ការដោះលែង ។ ដើម្បី​បំផុស​គំនិត​ឲ្យ​មាន​ការ​ពិភាក្សា​មួយ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​មក​ថ្នាក់​រៀន​ ដោយរៀបចំខ្លួនសង្ខេប​ពី​របៀប​ដែល​ប្រជាជន​លិមហៃធ្លាក់​ចូល​ទៅ​ក្នុង​ទាសភាព ។ សិស្ស​ពីរ​បី​នាក់​ទៀត​អាច​ចែកចាយ​អ្វី​ដែល​ពួកគេបាន​រៀន​មកពី​លិមហៃ​អំពី​ការ​មាន​សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម​លើ​ព្រះអង្គ​សង្គ្រោះ ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​មក​ពី​ការ​រំឭក​របស់​លិមហៃ​អំពី​របៀប​ដែល​ព្រះ​បាន​សង្គ្រោះ​រាស្ត្រ​របស់​​ទ្រង់ ? ( សូមមើល ខទី ១៩–២០ ) ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ចែកចាយ​ដំណើរ​រឿង​បទគម្ពីរ ឬ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​បាន​បំផុស​គំនិត​ពួកគេ​ឲ្យ​ទុក​ចិត្ត​លើ​ព្រះ ។

  • សិស្ស​របស់​អ្នក​មាន​ឱកាស​បំផុស​គំនិត​ដល់​មនុស្ស​ដទៃ​ទៀត​ឲ្យ​ងាក​ទៅ​រក​ព្រះ នៅ​ពេល​ពួកគេ​ស្ថិត​នៅ​ក្នុង​ទាសភាព​នៃ​អំពើ​បាប ឬ​ការ​រងទុក្ខ​ដោយមកពីការឈឺចាប់​ផ្សេងទៀត ។ ប្រហែលជា​វា​នឹង​ជួយ​ពួកគេ​ក្នុង​ការសិក្សា​ពី​របៀប​ដែល​លិមហៃ​បាន​បំផុស​គំនិត​រាស្ត្រ​របស់​ទ្រង់ ។ ដំបូង ពួកគេ​អាច​អាន​ការ​ពិពណ៌នា​នៅ​ក្នុង ម៉ូសាយ ៧:២០–២៥ អំពី​ទាសភាព​នៃ​ប្រជាជន​របស់​លិមហៃ ហើយ​គិត​ពី​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែល​កំពុង​ជួប​ប្រទះ​នឹង​ទាសភាព​នៃ​អំពើបាប ។ បន្ទាប់មក ពួកគេ​អាច​ស្គាល់សេចក្ដីពិត​ដែល​លិមហៃ​បាន​បង្រៀន​នៅ​ក្នុង ម៉ូសាយ ៧:១៨–២០, ៣៣ ដើម្បី​ជួយ​ដល់រាស្ត្រ​របស់​ទ្រង់ ។ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​លិមហៃបាន​តាម​របៀបណា នៅ​ពេល​យើង​លើក​ទឹក​ចិត្ត​មនុស្ស​ជាទីស្រឡាញ់​ឲ្យ​ទុក​ចិត្ត​លើ​ព្រះ ?

  • ដើម្បី​ជួយ​ឲ្យ​សិស្សយល់​កាន់​តែ​ប្រសើរ​ពី​ជំនួយ​ដែល​ព្រះបាន​ប្រទាន​ដល់​យើង​នៅ​ក្នុង​ទុក្ខវេទនា​របស់​យើង អ្នក​អាចច្រៀង​រួម​គ្នា ហើយ​ពិភាក្សា​ពី​ទំនុក​តម្កើង​ « ព្រះ​នៃអ៊ីស្រាអែល » ( ទំនុក​តម្កើងល.រ. ៦ ) ឬ​ចម្រៀង​មួយ​ទៀត​ដែល​ពិពណ៌នា​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​រំដោះ​យើង ។ តើ​ ម៉ូសាយ ៧:១៧–២០; អេធើរ ១២:២៧ និង កូរិនថូស​ទី ២ ១២:៧–១០ បន្ថែម​អ្វីខ្លះ​ដល់​ការ​យល់​ដឹង​របស់​យើង ? ប្រហែល​ជា​សិស្ស​អាច​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេត្រូវ​បានព្រះអម្ចាស់​រំដោះ​ឲ្យ​រួច ទោះ​ជា​តាម​វិធី​តូច​តាច​ក្ដី ដោយសារ​ពួកគេ​បាន​បង្ហាញ​សេចក្ដី​ជំនឿ​លើ​ទ្រង់ ។

ម៉ូសាយ ៧:២៦–២៧

មនុស្ស​ត្រូវបាន​បង្កើត​ឡើង​តាមរូប​របស់​ព្រះ ។

  • នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ លិមហៃ​បាន​ពន្យល់​ពី​សេចក្ដីពិត​មួយ​ចំនួន​ដែល​អ័ប៊ីណាដៃ​បាន​បង្រៀន​ ដែល​វា​ពិបាក​ឲ្យ​ប្រជាជន​នោះ​ទទួល​យក ។ តើ​សិស្សអាច​ស្គាល់សេចក្ដីពិត​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ? តើ​សេចក្ដីពិត​ទាំង​នេះ​ជះឥទ្ធិពល​ដល់​របៀប​ដែល​យើង​មើល​ឃើញ​ព្រះ និង​ខ្លួន​ឯង​តាម​របៀប​ណា ?

ម៉ូសាយ ៨:១២–១៩

ព្រះអម្ចាស់​បាន​ប្រទាន​ពួក​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ដើម្បី​ធ្វើ​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក ។

  • អាំម៉ូន​មាន​ឱកាស​មួយ​ពន្យល់​ទៅ​កាន់​លិមហៃ​អំពី​តួនាទី​របស់​អ្នក​មើល​ឆុត​ម្នាក់ ហើយ​ថ្លែង​ទីបន្ទាល់​ពី​សារៈសំខាន់​នៃ​ពួក​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ។ អ្នក​គួរ​បញ្ជាក់​ថា នៅ​ជំនាន់​របស់​យើង គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​ត្រូវ​បាន​គាំទ្រ​ជា​ពួក​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ។ តើ​យើង​អាច​និយាយ​យ៉ាង​ម៉ឺង​ម៉ាត់​ដូចជា​អាំម៉ូន អំពី​សេចក្ដី​ត្រូវ​ការ​ដើម្បី​មាន​ពួក​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ​តាម​របៀប​ណា ? ( សូម​មើល ម៉ូសាយ ៨:១៣–១៨ ) ។ ប្រហែល​ជា​សិស្ស​អាច​ដាក់​ផែនការ​ចុះផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមមួយ ដែល​នឹង​ជួយ​មនុស្ស​ដទៃ​ឲ្យ​យល់​ពី​តួនាទី​របស់​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ​នៅ​ក្នុង​ជំនាន់​រ​បស់​យើង ។ តើ​យើង​បាន​ឮ​អ្វីខ្លះ​នៅ​ក្នុង​សន្និសីទ​ថ្មី​ដែល​យើង​គួរ​ចែកចាយ​នឹង​មិត្តភក្ដិ សមាជិក​គ្រួសារ និង​អ្នក​ជិត​ខាង​របស់​យើង ដើម្បី​បង្រៀន​ពួកគេ​អំពី​ការត្រូវការ​​ពួក​ព្យាការី ?

  • ជាលទ្ធផល​នៃ​ការ​អាន ម៉ូសាយ ៨:១២–១៩ អ្នក ឬ​សិស្ស​ផ្សេង​ទៀត​គួរ​បង្ហាញ​ទីបន្ទាល់​របស់​អ្នក​អំពី​ពួក​ព្យាការី ដូចដែល​អាំម៉ូន​បាន​ធ្វើ ឬ​ការ​ដឹង​គុណ​រ​បស់​អ្នក​ចំពោះ​វិវរណៈ​តាម​រយៈ​ពួក​ព្យាការី ដូចដែល​លិមហៃ​បាន​ធ្វើ ​( សូម​មើល ម៉ូសាយ ៨:១៩ ) ។

  • ព្យាការី យ៉ូសែប ស៊្មីធ គឺជា​អ្នក​មើល​ឆុត​ដែល​ឈរ​នៅ​គ្រា​ចាប់ផ្ដើម​នៃ​គ្រា​កាន់​កាប់​ត្រួត​ត្រា​នេះ​ ( សូមមើល គ.&ស. ២១:១ ) ។ អ្នក​គួរ​សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​មក​ពី​ការ​ពិពណ៌នា​របស់​អាំម៉ូន​អំពី​អ្នក​មើល​ឆុត ( សូមមើល ម៉ូសាយ ៨:១៣–១៩ ) ។ បន្ទាប់​មក ពួកគេ​អាចពិភាក្សា​ពី​វិធី​ដែល​យ៉ូសែប ស្ម៊ីធ​ជា​អ្នក​មើល​ឆុត ។ ( គ.&ស. ១៣៥:៣ និង ម៉ូសេ ៦:៣៦ អាច​មាន​ប្រយោជន៍​នៅ​ក្នុង​ការ​ពិភាក្សា​នេះ ) ។

អាលម៉ា ៩:១៤–១៩; ១០:៦–១០

យើង​អាច​ប្រឈម​នឹង​ឧបសគ្គ​របស់​យើង « ដោយ​កម្លាំង​នៃ​ព្រះអម្ចាស់ » ។

  • ឃ្លា​ថា « ដោយ​កម្លាំង​នៃ​ព្រះអម្ចាស់ »​ បាន​លើក​ឡើង​ពីរ​ដង​នៅ​ក្នុង​កំណត់ត្រា​របស់​ស៊ីនិព្វអំពី​ប្រជាជន​របស់​លោក និង​ចម្បាំង​របស់​ពួកគេ​ជាមួយ​ពួក​សាសន៍​លេមិន—នៅក្នុង ម៉ូសាយ ៩:១៤–១៩ និង ១០:៦–១០ ។ ប្រហែល​ជា​សិស្ស​អាច​ស្រាវជ្រាវ​ខគម្ពីរ​ទាំង​នេះ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​ទទួល​អារម្មណ៍​អំពី​អត្ថន័យ​នៃឃ្លា​នេះ ។ តើ​យើង​ទទួល​បាន ​« កម្លាំង​នៃ​ព្រះអម្ចាស់ »​ តាម​របៀប​ណា ? សូម​លើក​ទឹក​ចិត្ត​សិស្ស​​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​បាន​ប្រឈម​នឹង​ឧបសគ្គ​របស់​ពួកគេ​ដោយ​ជោគជ័យ​ដោយសារ​​កម្លាំង​នៃ​ព្រះអម្ចាស់ ។

ម៉ូសាយ ១០:១១–១៧

ការ​ជ្រើស​រើស​រ​បស់​យើង​អាចជះឥទ្ធិពល​ដល់​ជំនាន់​នានា ។

  • អ្នក​អាច​អញ្ជើញ​​សិស្ស​ឲ្យ​អាន​ដោយ​ស្ងៀម​ស្ងាត់​ក្នុង ម៉ូសាយ ១០:១១–១៧ ហើយ​រក​មើល​វិធី​ដែល​ពួក​សាសន៍​លេមិនទទួល​ឥទ្ធិពល ​ដោយសារ​​ការ​ជ្រើសរើស និង​ជំនឿ​របស់​ពួក​ជីដូន​ជីតា​របស់​ពួកគេ ។ តើ​ការណ៍​នេះ​ផ្ដល់​យោបល់​អ្វីខ្លះ អំពី​ឥទ្ធិពល​ដែល​ការ​ជ្រើស​រើស​របស់​យើង​អាច​កើត​មានចំពោះ​មនុស្ស​ដទៃ​ទៀត ? តើ​យើង​ចង់​ឲ្យ​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​របស់​​យើង​ត្រូវ​បាន​ពិពណ៌នា​នៅ​ក្នុង​មួយ​ជំនាន់ ឬ​ពីរ​ជំនាន់​តាម​របៀប​ណា ? ប្រហែលជា​សិស្ស​អាច​សរសេរ​រឿង​មួយ​ចំនួន​ដែល​ពួកគេ​ចង់​ដាក់​បញ្ចូល​នៅ​ក្នុង​ការ​ពិពណ៌នា​មួយ​បែប​នេះ ។

  • ឧបករណ៍​សម្រាប់​​មេរៀន​ដ៏​សាមញ្ញ​មួយ—ដូចជា ដូមីណូ​មួយ​ជួរ—អាច​ជួយ​បង្ហាញ​អំពី​ឥទ្ធិពល​ដែល​ការ​ជ្រើស​របស់​មនុស្ស​អាច​មាន​ទៅ​លើ​ពូជពង្ស​របស់​ពួកគេ ។ បន្ទាប់មក អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន ម៉ូសាយ ១០:១១–១៧ ហើយ​ពិភាក្សា​ពី​របៀប​ដែល​ជំនឿ និង​ឥរិយាបថ​របស់​ពួក​សាសន៍​លេមិន​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​មកពី​ការ​ជ្រើសរើស​ដែល​ពួក​ជីដូន​ជីតា​របស់​ពួកគេ​បាន​ធ្វើ​កាល​ពី​ប៉ុន្មាន​សតវត្សរ៍​មុន ។ ដំណើរ​រឿង​របស់​​អែលឌើរ ដូណល អិល ហលស្ត្រម ដែល​មាន​នៅ​ក្នុង ​« ធនធាន​បន្ថែម​ទាំងឡាយ » ​គឺជា​គំរូ​មួយ​ទៀត​ដែល​អ្នក​អាច​ចែកចាយ ។ ប្រហែលជា​សិស្ស​អាច​គិត​ពី​ដំណើរ​រឿង​មក​ពី​ជីវិត​របស់​ពួកគេ ឬ​ប្រវត្តិ​គ្រួសារ​របស់​ពួកគេ​អំពី​បុគ្គល​សុចរិត​ម្នាក់​បាន​ជះឥទ្ធិពល​ល្អ​ដល់​ជំនាន់​នានា ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

នៅ​សប្ដាហ៍​នេះ សិស្ស​បាន​រៀន​អំពី​ឥទ្ធិពល​អវិជ្ជមាន​ដែល​ការ​ជ្រើស​រើស​របស់​ពួក​សាសន៍​លេមិន​បាន​កើត​មាន​ចំពោះ​កូនចៅ​របស់​ពួកគេ ។ ចូរ​ប្រាប់​សិស្ស​ថា នៅ​ក្នុង ម៉ូសាយ ១១–១៧ ពួកគេ​នឹង​អាន​អំពី​បុគ្គល​ម្នាក់​ ដែល​សេចក្ដី​សុចរិត​របស់​គាត់​បាន​ផ្លាស់​ប្ដូរ​ជីវិត​មនុស្ស​ជាច្រើន ។

រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការ​សម្រេចចិត្ត​របស់​យើង​អាច​ជះឥទ្ធិពល​ដល់​ជំនាន់​នានា ។

អែលឌើរ ដូណល អិល ហលស្ត្រម បាន​ចែកចាយ​ពី​របៀប​ដែល​សេចក្ដី​ស្មោះត្រង់​របស់​ជីដូន​ជីតា​របស់​លោក​បាន​ផ្ដល់​ពរ​ជ័យ​ដល់​ជំនាន់​នា​ពេល​អនាគត ៖

« លោកតា​លោកយាយ​ខាង​ឪពុក​របស់​ខ្ញុំ មាន​កូន​ពីរ​នាក់ កូនប្រុស​ជា ( ឪពុក​របស់​ខ្ញុំ ) ហើយ​និង​កូនស្រី​ម្នាក់ ។… [ កូនស្រី​របស់​ពួក​គាត់ ]​ បាន​រៀបការ​នៅ​ឆ្នាំ ១៩៤៦ ហើយ​បួន​ឆ្នាំ​ក្រោយ​មក គាត់​មាន​ទម្ងន់ ។ កាល​ដែល​ឪពុក​ម្ដាយ​រៀបចំ​ទុក​ដាក់​សម្រាប់​កូន​ស្រី​ម្នាក់ ​( នៅ​ក្នុង​ឧទាហរណ៍​នេះ ជា​កូន​ស្រី​តែ​ម្នាក់​គត់ ) បង្កើត​កូន​ជា​លើក​ដំបូង គឺមាន​អ្វី​មួយ​ដែល​ពិសេស​ខ្លាំងណាស់ ។ គ្មាន​នរណា​មា្នក់​បាន​ដឹង​ឡើយ​ថា គាត់​មាន​ទម្ងន់​ជា​កូន​ភ្លោះ​នោះ​ទេ ។ ជា​អកុសល គាត់ និង កូនភ្លោះ​នោះ​បាន​ស្លាប់​អំឡុង​ពេល​សម្រាល ។

លោកតា​លោកយាយ​របស់​ខ្ញុំ​ខូចចិត្ត​យ៉ាងខ្លាំង ។ ទោះ​ជា​យ៉ាងណា ទុក្ខព្រួយ​របស់​ពួកគាត់​បាន​បង្វែរ​ចិត្ត​ពួកគាត់​ឲ្យ​ទៅ​រក​ព្រះអម្ចាស់ និង ដង្វាយធួន​របស់​ទ្រង់​ភ្លាម ។ ដោយ​មិន​គិត​អំពី​មូលហេតុ​ដែល​ការណ៍​នេះ​កើត​ឡើង និង​អ្នក​ដែល​ត្រូវ​ស្តីបន្ទោស នោះ​ពួកគេ​បានផ្តោត​លើ​ការរស់នៅ​ដោយ​សុចរិត ។ លោក​តា​លោក​យាយ​របស់​ខ្ញុំ​ពុំ​ធ្លាប់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ឡើយ ពួកគាត់ពុំ​ធ្លាប់ចូល​ចំណោម​មនុស្ស​ថ្នាក់​ខ្ពស់​ក្នុង​​សង្គម​ទេ ពួកគាត់​ពុំ​ធ្លាប់​មាន​តួនាទី​ខ្ពស់​នៅ​ក្នុង​សាសនាចក្រ​ទេ—ពួកគាត់​គ្រាន់​តែជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយដ៏​សាមញ្ញ​ដែល​មានការ​លះបង់​ខ្ពស់​តែប៉ុណ្ណោះ ។ …

ភាពស្មោះត្រង់​របស់​​លោកតា​លោកយាយ​​បាន​មាន​ឥទ្ធិពល​មកលើ​កូនចៅ​ទាំង​បួន​ជំនាន់​ក្រោយ​ទៀត ជា​ពិសេស​នៅ​ពេល​ប្រឈម​មុខ​នឹង​ការលំបាក ។ និយាយ​ដោយ​ស្មោះ វា​បាន​មាន​ឥទ្ធិពល​មក​លើ​កូនប្រុស​របស់​ពួកគាត់ ( ជា​ឪពុក​របស់​ខ្ញុំ ) និង​ម្តាយ​របស់​ខ្ញុំ នៅ​ពេល​កូនស្រី​បង្កើត​របស់​ឪពុក​ម្តាយ​ខ្ញុំ ជា​កូនពៅ​របស់​ឪពុក​ម្តាយ​ខ្ញុំ​បានស្លាប់ ដោយសារ​ភាពស្មុគស្មាញ​ដែល​បណ្តាល​មកពី​ការ​សម្រាល​កូន ។ នៅ​វ័យ ៣៤ ឆ្នាំ គាត់​បាន​ស្លាប់​ បន្ទាប់​ពីកើត​កូន​បាន​ ១០ ថ្ងៃ​ក្រោយ​មក ដោយ​ទុក​ចោលកូន ៤ នាក់ អាយុ​ពី ១០ ថ្ងៃរហូត​ដល់​៨ ឆ្នាំ ។ ជាមួយ​នឹង​គំរូ​ដែល​ពួកគេ​ធ្លាប់​បាន​ឃើញ​ពី​ជំនាន់​មុនៗ ឪពុកម្ដាយ​របស់​ខ្ញុំ—ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ—បាន​ងាក​ទៅ​រក​ព្រះអម្ចាស់ដើម្បី​បាន​ភាព​ធូរ​ស្បើយ » ( « Turn to the Lord » EnsignLiahona ខែ ​ឧសភា ឆ្នាំ​ ២០១០ ទំព័រ ៧៨–៧៩ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ស្តាប់ ។ « ការ​ស្ដាប់​គឺ​ជា​ទង្វើ​នៃ​សេចក្ដី​ស្រឡាញ់ ។… សូម​ទូល​ទៅ​​ព្រះវរបិតា​សួគ៌​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​នូវអ្វី​ដែល​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក​និយាយ ។ នៅពេល​អ្នក​យកចិត្ត​ទុកដាក់​ចំពោះ​សារលិខិត​ដែល​បាននិយាយ ឬ​មិនបាន​និយាយ​របស់​ពួកគេ នោះអ្នក​នឹង​កាន់តែ​យល់​អំពី​តម្រូវការ​របស់​ពួកគេ កង្វល់​របស់​ពួកគេ និង​បំណង​ប្រាថ្នា​របស់​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣៤ ) ។