« ថ្ងៃទី ១៥–២១ ខែ មិថុនា ។ អាលម៉ា ១៣–១៦ ៖ ‹ ចូលទៅក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់ › »ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៥–២១ ខែ មិថុនា ។ អាលម៉ា ១៣–១៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៥–២១ ខែ មិថុនា
អាលម៉ា ១៣–១៦
« ចូលទៅក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់ »
ការប្រែចិត្តជឿជានិរន្តរតម្រូវឲ្យមានលើសពីមេរៀនដ៏បំផុសគំនិតមួយនៅសាលាថ្ងៃអាទិត្យមួយសប្ដាហ៍ម្ដងទៅទៀត ។ សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកបទពិសោធន៍ផ្ទាល់ខ្លួនខាងវិញ្ញាណពេញមួយសប្ដាហ៍នេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
តើអ្វីទៅដែលអាចនឹងបំផុសគំនិតសិស្សឲ្យចែកចាយជាមួយគ្នាអំពីបទពិសោធន៍របស់ពួកគេទាក់ទងនឹងការរៀនសូត្រ និងការរស់នៅតាមដំណឹងល្អ ? ប្រហែលជាអ្នកអាចអញ្ជើញពួកគេឲ្យចែកចាយការយល់ដឹងមួយដែលពួកគេបានរកឃើញនៅក្នុង អាលម៉ា ១៣–១៦ ដែលបានធ្វើឲ្យពួកគេភ្ញាក់ផ្អើល ឬដែលពួកគេពុំធ្លាប់បានគិតពីមុនមក ។ នៅពេលពួកគេចែកចាយ សូមសួរពីអារម្មណ៍របស់ពួកគេថាការយល់ដឹងថ្មីនេះនឹងធ្វើឲ្យមានភាពខុសប្លែកយ៉ាងណានៅក្នុងជីវិតរបស់ពួកគេ ។
បង្រៀនគោលលទ្ធិ
ពិធីបរិសុទ្ធទាំងឡាយនៃបព្វជិតភាពជួយបុត្រាបុត្រីរបស់ព្រះឲ្យទទួលបានការប្រោសលោះតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
-
សិស្សខ្លះប្រហែលជារកឃើញអ្វីមួយដែលធ្វើឲ្យពួកគេមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបព្វជិតភាព នៅពេលពួកគេសិក្សា អាលម៉ា ១៣ ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ អ្នកក៏អាចអាន ខទី ២ និងទី ១៦ រួមគ្នាផងដែរ ហើយសួរសំណួរមួយដូចជា « តើបព្វជិតភាព និងពិធីបរិសុទ្ធទាំងឡាយរបស់វាជួយអ្នកឲ្យ ‹ មើលឆ្ពោះទៅព្រះរាជបុត្រា [ របស់ព្រះ ] សម្រាប់ការប្រោសលោះតាមរបៀបណា › ? » ប្រសិនបើវាអាចជួយបាន បញ្ជីមួយអំពីពិធីបរិសុទ្ធទាំងឡាយអាចរកបាននៅក្នុង ពិតចំពោះសេចក្ដីជំនឿទំព័រ១៤៤–១៤៦ ។
-
ប្រជាជនជាច្រើននៅអាំម៉ូណៃហាគឺជាពួកអ្នកដើរតាមនីហូរ ដែលបានបង្រៀនគំនិតខុសឆ្គងអំពីតួនាទីរបស់ពួកសង្ឃ ។ ដើម្បីជួយសិស្សឲ្យរៀនអំពីលក្ខណៈពិតនៃបព្វជិតភាព អ្នកអាចសុំឲ្យពួកគេស្វែងរកភាពខុសគ្នារវាងទស្សនៈរបស់នីហូរ ស្ដីពីអ្វីដែលពួកសង្ឃគួរធ្វើ ( សូមមើល អាលម៉ា ១:៣–៦ ) ជាមួយនឹងអ្វីដែលអាលម៉ាបានបង្រៀន ( សូមមើលអាលម៉ា ១៣:១–១២ ) ។ តើនីហូរកំពុងបង្រៀនស្រដៀងគ្នាទៅនឹងទស្សនៈរបស់លោកិយស្ដីពីអំណាច និងភាពជាអ្នកដឹកនាំតាមរបៀបណា ? តើការបង្រៀនរបស់អាលម៉ាខុសប្លែកគ្នាយ៉ាងដូចម្ដេច ?
-
ការអាន អាលម៉ា ១៣:១–១៩ អាចដឹកនាំទៅរកការពិភាក្សាមួយអំពីការ « រៀបចំឡើងចាប់តាំងពីកំណើតលោកិយមកម្ល៉េះ » សម្រាប់ការទទួលខុសត្រូវរបស់យើងនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ តើ អាលម៉ា ១៣:៣ ណែនាំអ្វីខ្លះអំពីវិធីដែលយើងគួរមើល ឬចាប់ផ្ដើមការទទួលខុសត្រូវទាំងនេះ ? ( សូមមើលផងដែរ គ. និង ស. ១៣៨:៥៦ ) ។
ព្រះអម្ចាស់អញ្ជើញយើងឲ្យចូលទៅក្នុងសេចក្ដីសម្រាករបស់ទ្រង់ ។
-
អាលម៉ាបានបង្រៀនថា បព្វជិតភាពជួយយើងឲ្យ « ចូលទៅក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់ » ( អាលម៉ា ១៣:១៦ ) ។ ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីគំនិតនេះ អ្នកអាចសុំឲ្យសិស្សអាន អាលម៉ា ១៣:៦, ១២–១៣, ១៦ និង ២៩ ហើយចែកចាយអ្វីដែលខគម្ពីរទាំងនេះបង្រៀនអំពី « សេចក្ដីសម្រាកនៃព្រះអម្ចាស់ » ។ ពួកគេក៏អាចស្គាល់ពីចរិកលក្ខណៈរបស់មនុស្សដែល « ចូលទៅក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់ » ដែរ ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីដកពិសោធន៍សេចក្ដីសម្រាកនៃព្រះអម្ចាស់នៅក្នុងជីវិតរមែងស្លាប់របស់យើង ?
នៅគ្រានៃការសាកល្បង និងសោកនាដកម្ម យើងត្រូវតែទុកចិត្តលើព្រះ ។
-
អាលម៉ា ១៤ អាចជាឱកាសមួយដើម្បីពិភាក្សាអំពីរបៀបដែលយើងអាចឆ្លើយតបដោយស្មោះត្រង់ នៅពេលយើង ឬមនុស្សជាទីស្រឡាញ់របស់យើងជួបនឹងការបៀតបៀន ឬ ការសាកល្បងសូម្បីតែនៅពេលយើងកំពុងព្យាយាមធ្វើជាមនុស្សសុចរិតក្ដី ។ អ្នកអាចចាប់ផ្ដើមដោយអញ្ជើញសិស្សឲ្យនឹកស្រមៃថា ពួកគេគឺជាអ្នកសារព័ត៌មានកំពុងរាយការណ៍ពីព្រឹត្តិការណ៍មួយនៅក្នុង អាលម៉ា ១៤ ។ តើសំណួរប្រភេទណាខ្លះដែលពួកគេអាចសួរអាលម៉ា ឬអាមូលេកអំពីព្រឹត្តិការណ៍នោះ ? ឧទាហរណ៍ « ហេតុអ្វីព្រះអម្ចាស់បានអនុញ្ញាតឲ្យអ្នក និងមនុស្សសុចរិតផ្សេងទៀតរងទុក្ខ ? » ឬ « តើអ្នកមានការណែនាំអ្វីខ្លះសម្រាប់អ្នកដែលកំពុងជួបការសាកល្បងដ៏ពិបាកៗ ? » ដោយផ្អែកលើអ្វីដែលយើងដឹងមកពី អាលម៉ា ១៤ តើអាលម៉ា ឬអាមូលេកអាចឆ្លើយសំណួរទាំងនេះតាមរបៀបណា ?
-
យើងភាគច្រើនអាចមានអារម្មណ៍ដូចជាអាមូលេកដែរ នៅពេលគាត់បានឃើញពីការរងទុក្ខរបស់ប្រជាជនអាំម៉ូណៃហាដ៏សុចរិត ៖ យើង « [ មានការ ] ឈឺចាប់ » ( អាលម៉ា ១៤:១០ ) ហើយយើងប្រាថ្នាថា យើងអាចធ្វើអ្វីមួយចំពោះរឿងនោះ ។ តើយើងរៀនអ្វីខ្លះមកពីអ្វីដែលអាលម៉ាបានពោលនៅក្នុងស្ថានភាពនេះ ? ( សូមមើល អាលម៉ា ១៤:៨–១៣ ) ។ អ្នកអាចចែកចាយសេចក្ដីថ្លែងការណ៍មកពីប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ ប្រហែលជាសិស្សអាចសង្ខេបសារលិខិតចម្បងនៃសេចក្ដីថ្លែងការណ៍របស់ប្រធាន ឃឹមបឹល ជាពាក្យសម្ដីរបស់ពួកគេផ្ទាល់ ។
ភាពជាសិស្សតម្រូវឲ្យមានការលះបង់ ។
-
គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ណែនាំឲ្យសរសេរអ្វីដែលអាមូលេកបានលះបង់ និងអ្វីដែលលោកទទួលបាន នៅពេលលោកឱបក្រសោបយកដំណឹងល្អ ។ ប្រហែលជាសិស្សនឹងព្រមចែកចាយបញ្ជីដែលពួកគេបានបង្កើត ឬពួកគេអាចធ្វើបញ្ជីទាំងនេះនៅក្នុងថ្នាក់ ។ បទគម្ពីរទាំងនេះអាចជួយ ៖ អាលម៉ា ១០:៤–៥, ១៥:១៦, ១៨, ១៦:១៣–១៥ និង ៣៤:៨ ។ ហេតុអ្វីអាមូលេកព្រមធ្វើការលះបង់ទាំងនោះ ? ហេតុអ្វីយើងព្រមធ្វើរឿងដូចគ្នានេះ ? តើយើងអាចធ្វើតាមគំរូរបស់អាលម៉ា ដែល « ចម្រើនកម្លាំងដល់ [ អាមូលេក ] នៅក្នុងព្រះអម្ចាស់ » ដោយរបៀបណា ?
ប្រសាសន៍របស់ពួកព្យាការីនឹងត្រូវបានបំពេញ ។
-
អាលម៉ា ១៦ ផ្ដល់គំរូអំពីមនុស្សម្នាក់ដែលបានទុកចិត្តលើព្យាការីមួយរូប និងអំពីប្រជាជនដែលពុំបានជឿ ។ ដើម្បីជួយសិស្សឲ្យរៀនចេញពីគំរូទាំងនេះ អ្នកអាចសរសេរនៅលើក្ដារខៀននូវចំណងជើងពីរថា សូរាំ និង ប្រជាជននៅដែនដីអាំម៉ូណៃហា ។ សិស្សអាចអាន អាលម៉ា ១៦:១–១០ ហើយសរសេរនៅក្រោមចំណងជើងនីមួយៗនូវពាក្យ និងឃ្លាដែលពិពណ៌នាអំពីឥរិយាបថដែលប្រជាជនទាំងនេះមានចំពោះប្រសាសន៍របស់ព្យាការីអាលម៉ា ។ តើយើងកំពុងធ្វើអ្វីខ្លះដើម្បីបង្ហាញព្រះវរបិតាសួគ៌ថា យើងមានសេចក្ដីជំនឿលើប្រសាសន៍របស់ពួកព្យាការីនៅរស់ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមពិចារណាសួរសិស្សថា តើពួកគេធ្លាប់ប្រាថ្នាថា សូមឲ្យពួកគេអាចធ្វើការចែកចាយដំណឹងល្អឲ្យបានល្អប្រសើរដែរឬទេ ។ ការអាន អាលម៉ា ១៧–២២ អាចបំផុសគំនិតពួកគេនូវគំនិតដើម្បីជួយពួកគេឲ្យសម្រេចគោលដៅនេះ ។
ធនធានបន្ថែមទាំងឡាយ
ព្រះពុំរារាំងសោកនាដកម្មជានិច្ចនោះទេ ។
មានគ្រាមួយ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានផ្ដល់មតិស្ដីពីសោកនាដកម្មជាច្រើនដែលមិនអាចពន្យល់បាន ដែលបានកើតឡើងនៅក្នុងពិភពលោកថា
« តើព្រះអម្ចាស់អាចរារាំងសោកនាដកម្មទាំងនេះដែរឬទេ ? ចម្លើយគឺអាច ។ ព្រះអម្ចាស់មានគ្រប់ព្រះចេស្ដា ដោយមានអំណាចទាំងអស់ដើម្បីគ្រប់គ្រងជីវិតរបស់យើង សង្គ្រោះយើងពីការឈឺចាប់ រារាំងរាល់គ្រោះថ្នាក់ … សូម្បីតែ [ ការពារយើង ] ពីសេចក្ដីស្លាប់ក៏បាន ប្រសិនបើទ្រង់មានព្រះរាជបំណងចង់ធ្វើដូច្នោះ ។ ប៉ុន្តែទ្រង់នឹងពុំធ្វើឡើយ ។ …
ប្រសិនបើអ្នកឈឺគ្រប់រូបដែលយើងបានអធិស្ឋានឲ្យបានជាសះស្បើយ ប្រសិនបើមនុស្សសុចរិតទាំងអស់ត្រូវបានការពារ ហើយមនុស្សទុច្ចរិតទាំងអស់ត្រូវបំផ្លាញចោល នោះកម្មវិធីទាំងមូលរបស់ព្រះវរបិតានឹងត្រូវទុកជាមោឃៈ ហើយគោលការណ៍មូលដ្ឋាននៃដំណឹងល្អគឺសិទ្ធិជ្រើសរើសនឹងត្រូវបញ្ចប់ ។ គ្មានមនុស្សណាម្នាក់ចាំបាច់ត្រូវរស់ដោយសេចក្ដីជំនឿឡើយ …» ។
« …ប្រសិនបើយើងចង់បិទទ្វារនៅពេលមានភាពសោកសៅ និងទុក្ខព្រួយ យើងប្រហែលជាដកចេញនូវមិត្ត និងអ្នកឧបត្ថម្ភដ៏អស្ចារ្យបំផុតរបស់យើងហើយ ។ ការរងទុក្ខអាចធ្វើឲ្យមនុស្សក្លាយជាពួកបរិសុទ្ធ នៅពេលពួកគេរៀនពីការអត់ធ្មត់ ការស៊ូទ្រាំ និងការគ្រប់គ្រងលើខ្លួនឯង ។ …
« …ខ្ញុំមានអំណរគុណថា ទោះជាតាមរយៈបព្វជិតភាពក្ដី ក៏ខ្ញុំពុំអាចព្យាបាលអ្នកឈឺទាំងអស់ឲ្យជាបានដែរ ។ ខ្ញុំប្រហែលជាព្យាបាលមនុស្សដែលគួរស្លាប់ ។ ខ្ញុំប្រហែលជាសម្រាលទុក្ខដល់មនុស្សរងទុក្ខដែលគួររងទុក្ខ ។ ខ្ញុំខ្លាចថា ខ្ញុំនឹងបង្អាក់ដល់ព្រះរាជបំណងរបស់ព្រះ ។
« ប្រសិនបើខ្ញុំមានអំណាចដែលគ្មានដែនកំណត់ ប៉ុន្តែមានទស្សនវិស័យ និងការយល់ដឹងតិចតួច នោះខ្ញុំប្រហែលជាជួយសង្គ្រោះអ័ប៊ីណាដៃឲ្យចេញពីអណ្ដាតភ្លើង នៅពេលលោកត្រូវគេដុតត្រង់បង្គោលនោះ ហើយការធ្វើបែបនេះ ខ្ញុំប្រហែលជាធ្វើឲ្យលោកខូចខាតយ៉ាងធ្ងន់ធ្ងរ ។ លោកបានស្លាប់ជាទុក្ករបុគ្គលមួយរូប ហើយបានទៅទទួលរង្វាន់មួយនៃទុក្ករបុគ្គលគឺ—ភាពតម្កើងឡើង ។
« ដូចគ្នានេះដែរ ខ្ញុំនឹងការពារប៉ុលពីទុក្ខសោករបស់លោក ប្រសិនបើអំណាចរបស់ខ្ញុំគ្មានដែនកំណត់នោះ ។ ខ្ញុំប្រាកដជានឹងព្យាបាល ‹ បន្លា១ចាត់មកក្នុងសាច់ឈាម › លោក ។ [ កូរិនថូសទី ២ ១២:៧ ] ។ ហើយការធ្វើបែបនេះ ខ្ញុំប្រហែលជារារាំងដល់កម្មវិធីរបស់ព្រះអម្ចាស់ ។ …
« ខ្ញុំភ័យខ្លាចថា ប្រសិនបើខ្ញុំបាននៅក្នុងគុកកាតធេចនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ ខ្ញុំប្រហែលជាបំបែរគ្រាប់ដែលទម្លុះរូបកាយរបស់ព្យាការី [ យ៉ូសែប ស៊្មីធ ] និងលោកអយ្យកោ [ ហៃរុម ស៊្មីធ ] ឲ្យចេញឆ្ងាយ ។ ខ្ញុំប្រហែលជាជួយសង្គ្រោះពួកលោកពីការរងទុក្ខ និងការឈឺចាប់នោះ ប៉ុន្តែបែរជាបានប្រគល់ពួកលោកទៅឲ្យសេចក្ដីស្លាប់ និងរង្វាន់របស់ទុក្ករបុគ្គល ។ …
« ជាមួយនឹងអំណាចដែលពុំអាចគ្រប់គ្រងបាននេះ ខ្ញុំប្រាកដជានឹងចង់ការពារព្រះគ្រីស្ទពីការឈឺចាប់នៅក្នុងសួនគែតសាម៉ានី ការប្រមាថ ម្កុដបន្លា ការបំពានផ្លូវចិត្តនៅក្នុងតុលាការ របួសខាងរូបកាយ ។ ខ្ញុំនឹងមើលថែរបួសរបស់ទ្រង់ ហើយព្យាបាលទ្រង់ ដោយថ្វាយទ្រង់នូវទឹកត្រជាក់ជំនួសឲ្យទឹកខ្មេះ ។ ខ្ញុំប្រហែលជាសង្គ្រោះទ្រង់ពីការរងទុក្ខ និងសេចក្ដីស្លាប់ ប៉ុន្តែទ្រង់ត្រូវបានប្រគល់ទៅឲ្យលោកិយសម្រាប់ពលិកម្មធួនរបស់ទ្រង់ ។ …
« នៅគ្រានៃសោកនាដកម្ម យើងត្រូវតែដាក់ការទុកចិត្តរបស់យើងលើព្រះ ដោយដឹងថា ទោះជាការយល់ឃើញរបស់យើងមានកំណត់ក្ដី ក៏ព្រះរាជបំណងរបស់ទ្រង់នឹងពុំបរាជ័យឡើយ » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ ២០០៦ ] ទំព័រ ១៤–១៧, ២០ ) ។