ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២២–២៨ ខែ មិថុនា ។ អាលម៉ា ១៧–២២ ៖ « យើង​នឹង​យក​អ្នក​ធ្វើ​ជា​គ្រឿង​ឧបករណ៍​មួយ​ក្នុង​ដៃ​យើង »


« ថ្ងៃទី ២២–២៨ ខែ មិថុនា ។ អាលម៉ា ១៧–២២ ៖ ‹ យើង​នឹង​យក​អ្នក​ធ្វើ​ជា​គ្រឿង​ឧបករណ៍​មួយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ​ ២០២០ )

« ថ្ងៃទី ២២–២៨ ខែ មិថុនា ។ អាលម៉ា ១៧–២២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

អាំម៉ូន​និយាយ​ទៅ​កាន់​ស្តេច​ឡាម៉ូណៃ

អាំម៉ូន និងស្តេច​ឡាម៉ូណៃ ដោយ ស្កត់ អ៊ិម ស្នូ

ថ្ងៃទី ២២–២៨ ខែ មិថុនា​

អាលម៉ា ១៧–២២

« យើង​នឹង​យក​អ្នក​ធ្វើ​ជា​គ្រឿង​ឧបករណ៍​មួយ »

ពីមុន​អ្នក​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​រក​ឃើញ​សេចក្ដី​ពិត​នៅក្នុង​បទគម្ពីរ អ្នក​ចាំបាច់​ត្រូវ​រក​ឃើញ​សេចក្ដីពិត​ទាំងឡាយ​សម្រាប់​ខ្លួន​ឯង​សិន ។ សូម​អាន ​អាលម៉ា ១៧–២២​ ដោយ​គិត​ដល់​​សិស្ស​របស់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ផ្ដល់​ឱកាស​មួយ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​ផ្ទាល់ ឬ​ជា​គ្រួសារ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រើស​បុគ្គល​ម្នាក់​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង អាលម៉ា ១៧–២២​ ហើយ​បំពេញ​ប្រយោគ​មួយ​ដូច​តទៅ​នេះ ៖ « អ័ប៊ីស​បាន​បង្រៀន​ខ្ញុំ » ឬ​ « ឡាម៉ូណៃ​បាន​បង្រៀន​ខ្ញុំ » ។

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

អាលម៉ា ១៧:១–៤

សេចក្ដី​ជំនឿ​របស់​យើង​ត្រូវ​បាន​ពង្រឹង នៅ​ពេល​យើង​ព្យាយាម​ស្គាល់​សេចក្ដី​ពិត​ដោយ​ឧស្សាហ៍ ។

  • ប្រហែល​ជា​សិស្ស​បាន​ស្ដាប់​ឮ​ជាច្រើន​ដង​អំពី​សារៈសំខាន់​នៃ​ទម្លាប់​សាមញ្ញ​ក្នុង​ដំណឹងល្អ ។ អាលម៉ា ១៧:១–៤​ អាច​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​អំពី​ឥទ្ធិពល​ដ៏​មាន​អនុភាព​ដែល​ទម្លាប់​ទាំង​នេះ​អាច​មាន​ដល់​ជីវិត​របស់​យើង ។ អ្នក​អាច​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ស្រាវ​ជ្រាវ​ខគម្ពីរ​ទាំង​នេះ​រក​អ្វី​ដែល​បុត្រា​របស់​ម៉ូសាយ​បាន​ធ្វើ ហើយ​សិស្ស​ពាក់​កណ្ដាល​ទៀត​ស្រាវ​ជ្រាវ​រក​លទ្ធផល​នៃ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ។ តើ​លទ្ធផល​នៃ​ការ​ធ្វើ​រឿង​ទាំង​នេះ​នៅ​ក្នុង​ជីវិត​របស់​យើង​មាន​អ្វី​ខ្លះ ?

  • សម្រាប់​ការ​ពិភាក្សា​ស៊ី​ជម្រៅ​មួយ​ស្ដីពី​ទម្លាប់​មួយ​ចំនួន​ដែល​ពង្រឹង​ដល់​បុត្រា​របស់​ម៉ូសាយ អ្នក​អាច​សរសេរ​ឃ្លា​នេះ​លើ​ក្ដារ​ខៀន ការ​ស្រាវ​ជ្រាវ​បទគម្ពីរ ការ​អធិស្ឋាន និង ការ​តាម​អាហារ ។ បន្ទាប់​មក​សិស្ស​អាច​ស្រាវ​ជ្រាវ​រក​បទគម្ពីរ​ដែល​បង្រៀន​អំពី​ពរជ័យ​ដែល​កើត​ឡើង​មក​ពី​ការ​សិក្សា​ព្រះគម្ពីរ ការ​អធិស្ឋាន និង​ការ​តម​អាហារ ​( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ​ ប្រហែល​ជា​អាច​ជួយ​បាន ) ។ ពួកគេ​អាច​សរសេរ​នៅ​លើ​ក្ដារ​ខៀន​នូវ​អ្វី​ដែល​ពួកគេ​រក​ឃើញ ហើយ​ចែកចាយ​ជាមួយ​គ្នា​នូវ​គំនិត​អំពី​របៀប​កែលម្អ​ការ​សិក្សា​ព្រះគម្ពីរ ការ​អធិស្ឋាន និង​ការ​តមអាហារ​របស់​ពួកគេ​តាម​របៀប​មួយ​ដែល​នាំ​ពួកគេ​ខិត​ទៅ​ជិត​ព្រះ ។

អាលម៉ា ១៧–១៨

សេចក្ដី​ស្រឡាញ់​របស់​យើង​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​រៀបចំ​ទទួល​ដំណឹងល្អ ។

  • មាន​វិធី​ជាច្រើន​ដើម្បី​ចែកចាយ​ដំណឹងល្អ ហើយ​វា​កាន់​តែ​មាន​ប្រសិទ្ធភាព​នៅ​ពេល​មាន​សេចក្ដី​ស្រឡាញ់​ជា​កម្លាំង​ចិត្ត ។ ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាចរកឃើញខគម្ពីរ​នៅ​ក្នុង ​អាលម៉ា ១៧–១៨ ដែល​បង្ហាញ​របៀប​ដែល​អាំម៉ូន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ដើម្បី​ចែកចាយ​ដំណឹងល្អ ។ តើ​សេចក្ដី​ពិត​អ្វី​ផ្សេង​ទៀត​អំពី​ការ​ចែកចាយ​ដំណឹងល្អ​ដែល​​យើង​រៀន​មក​ពី​គំរូ​របស់​លោក ? សិស្ស​ប្រហែល​ជា​អាច​ចែកចាយ​បទពិសោធន៍​ដែល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះត្រង់​បាន​បន្ទន់​ចិត្ត​របស់​មនុស្ស​ម្នាក់ ហើយ​អនុញ្ញាត​ឲ្យ​គាត់​កាន់​តែ​មាន​ចិត្ត​ចង់​ទទួល​យក​សារ​លិខិត​ដំណឹងល្អ ។ សេចក្ដី​ថ្លែង​ការណ៍​មក​ពី​ប្រធាន ដាល្លិន អេក អូក នៅ​ក្នុង​ « ធនធាន​បន្ថែម​ទាំងឡាយ » ក៏​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​ខិតខំ​របស់​ពួកគេ​ត្រូវ​ចាក់​គ្រឹះ​លើ​សេចក្ដី​ស្រឡាញ់ ។

អាំម៉ូន​កំពុង​សង្គ្រោះ​ដល់​ចៀម​របស់​ស្ដេច

អាំម៉ូន​កំពុង​សង្គ្រោះ​ដល់​ចៀម​របស់​ស្ដេច ដោយ មីននេវ៉ា ខេ តៃចិត

អាលម៉ា ១៨–២២

ការ​បង្រៀន និង​ការ​រៀន​សូត្រ​អំពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ដោយ​មាន​ប្រសិទ្ធភាព​អាច​ដឹកនាំ​ទៅ​រក​ការ​ផ្លាស់​ប្ដូរ​នៃ​ដួង​ចិត្ត ។

  • នៅ​ពេល​អាំម៉ូន និង​អើរ៉ុន​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​ស្ដេច​ឡាម៉ូណៃ និង​បិតា​របស់​ទ្រង់ នោះ​ពួកគេ​អាច​ជួយ​ពួក​ទ្រង់​ឲ្យ​យល់​ពី​សេចក្ដី​ពិត​ដ៏​សំខាន់​នៃ​ដំណឹងល្អ ។ ប្រហែល​ជា​វា​គឺជា​រឿង​ដ៏​ល្អ ប្រសិន​បើ​សិស្ស​ធ្វើ​បញ្ជី​មួយ​អំពី​សេចក្ដី​ពិត​ដែល​អាំម៉ូន​បាន​បង្រៀន​ដល់​ឡាម៉ូណៃ​ ( សូម​មើល អាលម៉ា ១៨:២៤–៣៩ ) ហើយ​ប្រៀបធៀប​វា​ជាមួយ​នឹង​បញ្ជី​អំពី​សេចក្ដី​ពិត​ដែល​អើរ៉ុន​បាន​បង្រៀន​ដល់​បិតា​របស់​ឡាម៉ូណៃ​ ( សូម​មើល អាលម៉ា ២២:១–១៦ ) ។ សមាជិក​ក្នុង​ថ្នាក់​ពាក់​កណ្ដាល​អាច​ធ្វើ​បញ្ជី​មួយ ខណៈ​ដែល​សមាជិក​ក្នុង​ថ្នាក់​ផ្សេង​ទៀត​ធ្វើ​បញ្ជី​មួយ​ទៀត ។ ហេតុអ្វី​ការ​យល់ដឹង​អំពី​សេចក្ដី​ពិត​ទាំង​នេះ​អាច​ដឹកនាំ​ឡាម៉ូណៃ និង​បិតា​របស់​ទ្រង់​ឲ្យ​ជឿ ហើយ​ទុក​ចិត្ត​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ?

  • ដំណើរ​រឿង​របស់​អើរ៉ុន និង​អាំម៉ូន​បង្រៀន​ដល់​ស្ដេច​ឡាម៉ូណៃ និង​បិតា​របស់​ទ្រង់​ផ្ដល់​ឱកាស​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ពិភាក្សា​អំពី​ការ​បង្រៀន និង​ការ​រៀន​សូត្រ​អំពី​ដំណឹងល្អ​ដ៏​មាន​ប្រសិទ្ធភាព ។ តើ​គោលការណ៍​នៃ​ការ​បង្រៀន​អ្វីខ្លះ​ដែល​សិស្ស​កត់​សម្គាល់​ឃើញ ? ( ឧទាហរណ៍ សូមមើល អាលម៉ា ១៨:២៤–២៨ និង អាលម៉ា ២២:៧–១៣ ) ។ តើ​គោលការណ៍​នៃ​ការ​រៀនសូត្រ​អ្វីខ្លះ​ដែល​ពួកគេ​រក​ឃើញ​នៅ​ក្នុង​គំរូ​របស់​ស្ដេចឡាម៉ូណៃ និង​បិតា​របស់​ទ្រង់ ? ( ឧទាហរណ៍ សូមមើល អាលម៉ា ១៨:២៥–៣១, ២២:១៧–១៨ ) ។

  • ដើម្បី​រៀនពី​​របៀប​ដែល​គោលលទ្ធិ​នៃ​ដំណឹងល្អ​អាច​ជះឥទ្ធិពល​មក​លើ​ជីវិត​របស់​យើង សិស្ស​អាច​ស្រាវជ្រាវ ​អាលម៉ា ១៨:៤០–៤១; ២០:១–១៥ និង ​អាលម៉ា ២២:១៥–១៨, ២៥–២៧​ ដើម្បី​រកមើល​របៀប​ដែល​ស្ដេច​ឡាម៉ូណៃ និង​បិតា​របស់​ទ្រង់​បាន​ទទួល​អារម្មណ៍ ហើយ​បាន​ធ្វើ​សកម្មភាព បន្ទាប់​ពីពួក​ទ្រង់​បាន​យល់​អំពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ ហើយ​បាន​ប្រែ​ចិត្ត​ជឿ ។ តើ​សេចក្ដី​ពិត​ទាំង​នេះ​ជួយ​យើង​ឲ្យ​មក​រក​ព្រះគ្រីស្ទ​តាម​របៀប​ណា ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ខ្លួន​ឯង និង​មនុស្ស​ដែល​យើង​ស្រឡាញ់ឲ្យ​​យល់ ហើយ​រស់​នៅ​តាម​សេចក្ដី​ពិត​ទាំង​នេះ ?

អាលម៉ា ១៩–២២

ទីបន្ទាល់​របស់​យើង​អាច​មាន​ឥទ្ធិពល​មួយ​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​ដទៃ ។

  • អំឡុង​ពេល​ការ​សិក្សា​របស់​ពួកគេ​ផ្ទាល់​នៅ​ក្នុង​ អាលម៉ា ១៩–២២ សិស្ស​ប្រហែល​ជា​បាន​ពិចារណា​អំពី​ឥទ្ធិពល​ដ៏​ធំ​ដែល​ទីបន្ទាល់​របស់​បុគ្គល​ម្នាក់​អាច​មាន​ទៅ​លើ​មនុស្ស​ដទៃ​ទៀត ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ តើ​ដំណើរ​រឿង​នៅ​ក្នុង​ អាលម៉ា ១៩–២២​ ណែនាំ​អ្វី​ខ្លះ​អំពី​ការ​ខិតខំ​របស់​យើង​ផ្ទាល់​ដើម្បី​ចែកចាយ​ដំណឹងល្អ ? ដំណើរ​រឿង​របស់​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី​ នៅ​ក្នុង ​« ធនធាន​បន្ថែម​ទាំងឡាយ »​ អាច​ជួយ​គូស​បញ្ជាក់​អំពី​ចំណុច​នេះ ។

  • តើមាន​​ភាព​ស្រដៀងគ្នាដ៏ល្អ​មួយ​ចំនួន​ដែល​អ្នក​អាច​ចែក​ចាយ​ដើម្បី​បង្ហាញ​អំពី​អ្វី​ដែល​អាច​កើត​មាន នៅ​ពេល​យើង​ចែកចាយ​ទីបន្ទាល់​របស់​យើង​ជាមួយ​នឹង​មនុស្ស​ដទៃ មាន​អ្វីខ្លះ ? ឧទាហរណ៍​ដែល​អាច​មាន​គឺ​ដុំ​ក្រួស​មួយ​ដុំ​ធ្វើ​ឲ្យមាន​ផ្នត់​រលក​នៅ​ក្នុង​បឹង​មួយ ឬ​មេ​ដំបែ​ជួយ​ឲ្យ​ម្សៅ​ឡើង ។ បន្ទាប់​ពី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ឧទាហរណ៍​មួយ​ចំនួន​អំពី​មនុស្ស​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​នៅ​ក្នុង អាលម៉ា ១៩–២២ រួច​មក សិស្ស​អាច​ចែកចាយ​របៀប​ដែល​ពួកគេ​បាន​ទទួល​ឥទ្ធិពល​តាមរយៈ​ទីបន្ទាល់​របស់​មនុស្ស​ដទៃ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

អ្នក​អាច​សួរ​ដល់​សិស្ស​ថា ​បើ​ពួកគេ​ធ្លាប់​ងឿង​ឆ្ងល់​អំពី​របៀប​ធ្វើ​ឲ្យ​ការ​ប្រែ​ចិត្ត​ជឿ​របស់​ពួកគេ​រឹង​មាំ ហើយ​ស្ថិត​ស្ថេរ​ដែរ​ឬ​ទេ ។ នៅ​ក្នុង ​អាលម៉ា ២៣–២៩ ពួកគេ​នឹង​អាន​អំពី​ប្រជាជន​មួយ​ក្រុម​ដែល​បាន​ទទួល​យក​ដំណឹងល្អ ហើយ​ « ពុំបោះ​បង់ចោល​សាសនា​ឡើយ »​ ( អាលម៉ា ២៣:៦ ) ។

រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ចែកចាយ​ដំណឹង​ល្អ​ចេញ​ពី​សេចក្ដី​ស្រឡាញ់ ។

ប្រធាន ដាល្លិន អេក អូក បាន​ចែកចាយ​មេរៀន​មួយ​ដ៏​មាន​តម្លៃ​ដែល​លោក​បាន​រៀន​មក​ពី​បទពិសោធន៍​មួយ កាល​លោក​នៅ​ជា​យុវវ័យ ៖

« ខ្ញុំ​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​សួរ​សុខ​ទុក្ខ​សមាជិក​មិន​សូវ​សកម្ម​ម្នាក់ ដែល​គាត់​គឺជា​អ្នក​ដែល​មាន​អាជីព​ការ​ងារ​មួយ​ដ៏​ជោគជ័យ ហើយ​មាន​អាយុ​ច្រើន​ជាង​ខ្ញុំ ។ ដោយ​ក្រឡេក​ទៅ​ក្រោយវិញ​ពី​សកម្មភាព​របស់​ខ្ញុំ ខ្ញុំ​​យល់​ថា ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​តិច​តួច​ណាស់​ចំពោះ​បុរស​ដែល​ខ្ញុំ​បាន​ទៅ​សួរ​សុខ​ទុក្ខ​នោះ ។ ខ្ញុំ​បាន​ធ្វើ​តាម​កាតព្វកិច្ច ជាមួយ​នឹង​បំណង​ប្រាថ្នា​ចង់​រាយការណ៍​ថា​ខ្ញុំ​បាន​ធ្វើ​ការ​បង្រៀន​តាម​ផ្ទះ​បាន ១០០ ភាគរយ ។ មាន​ល្ងាច​មួយ ជិត​ដល់​ចុង​ខែ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​សួរ​គាត់​ថាតើ​ខ្ញុំ និង​ដៃ​គូ​របស់​ខ្ញុំ​អាច​ទៅ​សួរ​សុខ​ទុក្ខ​គាត់​បាន​ទេ ។ ការ​ឆ្លើយ​តបត្រង់ៗរបស់​គាត់​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​មួយ​ដែល​ពុំ​អាច​បំភ្លេច​បាន​ឡើយ ។

គាត់​បាន​ពោល​ថា « ‹ មិន​បាន​ទេ អ៊ំ​គិត​ថា​អ៊ំ​មិន​ចង់​ឲ្យ​ក្មួយ​មក​ល្ងាច​នេះ​ទេ ។ អ៊ំ​អស់​កម្លាំង​ណាស់ ។ អ៊ំ​បាន​ពាក់​ខោអាវ​ចូល​ដេក​ហើយ ។ អ៊ំ​កំពុង​អាន​សៀវភៅ ហើយ​អ៊ំ​មិន​ចង់​ឲ្យ​មាន​គេ​មក​រំខាន​ទេ ដូច្នេះ​ក្មួយ​អាច​រាយការណ៍​ថា ក្មួយ​បាន​ធ្វើ​ការ​បង្រៀន​តាម​ផ្ទះ​បាន ១០០ ភាគ​រយហើយ​នៅ​ខែ​នេះ › ។ ការ​ឆ្លើយ​តប​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ជានិច្ច ដោយសារ​ខ្ញុំ​បាន​ដឹង​ថា គាត់​បាន​ដឹង​ពី​កត្តា​ជំរុញ​ដ៏​អាត្មានិយម​របស់​ខ្ញុំ ។

ខ្ញុំ​សង្ឃឹម​ថា គ្មាន​បុគ្គល​ណា​ម្នាក់​ដែល​យើង​ចាប់ផ្ដើម​អញ្ជើញ​ឲ្យ​ស្ដាប់​សារ​លិខិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​ទទួល​អារម្មណ៍​ថា យើង​កំពុង​សម្ដែង​អំពី​ហេតុផល​នានា​ ជា​ជាង​សេចក្ដី​ស្រឡាញ់​ពិត​ចំពោះ​ពួកគេ និង​បំណង​ប្រាថ្នា​មិន​អាត្មានិយម​ដើម្បី​ចែកចាយ​អ្វី​មួយ​ដែល​យើង​ដឹង​ថា​ជា​រឿង​ដ៏​មាន​តម្លៃ​ឡើយ »​ ( « Sharing the Gospel » Ensign ខែ​ វិច្ឆិកា ឆ្នាំ​ ២០០១ ទំព័រ ៨ ) ។

ជារឿយៗ ឥទ្ធិពល​របស់​យើង​ពុំ​ត្រូវ​បាន​ដឹង​ឡើយ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​លើក​ឡើង​អំពី​ដំណើរ​រឿង​មួយ​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​បាន​រាយការណ៍​ទៅ​ប្រធាន​បេសកកម្ម​របស់​គាត់​នៅ​ចុង​បញ្ចប់​នៃ​បេសកកម្ម​របស់​គាត់ ។ អ្នក​ផ្សព្វ​ផ្សាយ​សាសនា​នោះ​បាន​ពោល​ថា

« ខ្ញុំ​ពុំ​បាន​ទទួល​លទ្ធផល​ណា​មួយ​មក​ពី​កិច្ចការ​របស់​ខ្ញុំ​ទេ ។ ខ្ញុំ​បាន​ចំណាយ​ពេល​វេលា​របស់​ខ្ញុំ និង​ប្រាក់​របស់​ឪពុក​ខ្ញុំ​ឥត​ប្រយោជន៍ ។ វា​គឺជា​ពេល​វេលា​មួយ​ដ៏​ឥត​ប្រយោជន៍ ។ … ខ្ញុំ​ជ្រមុជ​ទឹក​បាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដែល​ខ្ញុំ​បាន​នៅ​ទីនេះ ។ ម្នាក់​នោះ​គឺ​ក្មេង​ប្រុស​ម្នាក់​អាយុ​ដប់​ពីរ​ឆ្នាំ​នៅ​ក្រោយ​ចង្កេះ​ភ្នំ​នៃ​រដ្ឋ​ថេនណេសស៊ី » ។

ប្រធាន​បេសកកម្ម​រូបនោះ​បាន​សម្រេច​ចិត្ត​តាម​ដាន​ក្មេង​ប្រុស​ដែល​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​នេះ​បាន​ជ្រមុជ​ទឹក​ឲ្យ ។ គាត់​បាន​ធំ​ដឹង​ក្ដី​ឡើង បាន​រៀបការ ហើយ​បាន​ផ្លាស់​ទៅ​រដ្ឋ​អៃដាហូ ។ កូន​​របស់​គាត់​បាន​ចេញ​បេសកកម្ម ហើយ​​ចៅ​របស់​ពួកគេ​ក៏​បាន​ចេញ​ទៅ​បេសកកម្ម​ដែរ ។ ប្រធាន​បេសកកម្ម​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​អៃដាហូ ហើយ​បាន​សួរ​សមាជិក​នៃ​គ្រួសារ​នោះ​អំពី​បេសកកម្ម​របស់​ពួកគេ ។ ក្រោយ​មក​ទៀត​ គាត់​ប្រាប់​ថា « ខ្ញុំ​បាន​រក​ឃើញ​ថា ជាលទ្ធផល​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ក្មេង​ប្រុស​តូច​ម្នាក់​នោះ​នៅ​ក្រោយ​ចង្កេះ​ភ្នំ​នៃ​រដ្ឋ​ថេនណេសស៊ី​ដោយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដែល​បាន​គិត​ថា គាត់​មាន​ភាព​បរាជ័យ នោះ​មាន​មនុស្ស​ច្រើន​ជាង ១,១០០ នាក់​បាន​ចូល​មក​ក្នុង​សាសនាចក្រ »​ ( Teachings of Gordon B. Hinckley [ ឆ្នាំ ​១៩៩៧ ] ទំព័រ ៣៦០–៦១ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ទុក​ពេល​ឲ្យ​សិស្ស​បាន​ចែកចាយ ។ « នៅ​ពេល​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន នោះ​ពួកគេ​មិន​គ្រាន់តែ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​ពង្រឹង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​លើក​ទឹកចិត្ត​សិស្ស​ផ្សេង​ទៀត​ក្នុង​ថ្នាក់​ឲ្យ​រក​ឃើញ​សេចក្ដី​ពិត​សម្រាប់​ខ្លួន​ឯង​ផងដែរ ។… សូម​ទុក​ពេល​ឲ្យ​សិស្ស​ចែកចាយ​ក្នុង​គ្រប់​មេរៀន—ក្នុង​ករណី​ខ្លះ អ្នក​អាច​រកឃើញ​ថា ការ​ពិភាក្សា​ទាំងនេះ​ គឺជា មេរៀន » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣០ ) ។