« ថ្ងៃទី ២៩ ខែ មិថុនា–ថ្ងៃទី ៥ ខែ កក្កដា ។ « អាលម៉ា ២៣–២៩ ៖ពួកគេ ‹ ពុំបោះបង់ចោលសាសនាឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៩ ខែ មិថុនា–ថ្ងៃទី ៥ ខែ កក្កដា ។ អាលម៉ា ២៣–២៩ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៩ ខែ មិថុនា–ថ្ងៃទី ៥ ខែ កក្កដា
អាលម៉ា ២៣–២៩
ពួកគេ « ពុំបោះបង់សាសនាចោលឡើយ »
នៅពេលអ្នកអាន អាលម៉ា ២៣–២៩ សូមចងចាំថា ដើម្បីជួយមនុស្សដទៃ ទៀតរៀនពីសេចក្ដីពិតនៅក្នុងជំពូកទាំងនេះ អ្នកចាំបាច់ត្រូវមានបទពិសោធន៍ដ៏មានន័យជាមួយនឹងសេចក្ដីពិតនោះដោយខ្លួនឯងសិន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
អ្នកអាចអញ្ជើញសិស្សឲ្យសរសេរនៅលើក្ដារខៀននូវខគម្ពីរដែលសំខាន់ចំពោះពួកគេនៅអំឡុងការសិក្សារបស់ពួកគេផ្ទាល់ ឬជាគ្រួសារ ។ សូមចំណាយពេលពីរបីនាទីដោយអញ្ជើញមនុស្សមួយចំនួនដើម្បីពិភាក្សាពីសេចក្ដីពិតមួយដែលពួកគេបានរៀនមកពីខគម្ពីរដែលពួកគេបានសរសេរ ។
បង្រៀនគោលលទ្ធិ
ការប្រែចិត្តជឿរបស់យើងចំពោះព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ផ្លាស់ប្ដូរជីវិតរបស់យើង ។
-
ក្នុងនាមជាពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងគ្រប់គ្នាកំពុងព្យាយាមពង្រឹងការប្រែចិត្តជឿរបស់យើង ។ ប្រហែលជា ដំណើររឿងរបស់អាន់តៃ–នីហ្វៃ–លីហៃអាចលើកទឹកចិត្តសិស្សរបស់អ្នកនៅក្នុងការខិតខំរបស់ពួកគេដើម្បីធ្វើកិច្ចការនេះ ។ អ្នកអាចចាប់ផ្ដើមដោយសរសេរនៅលើក្ដារខៀននូវសំណួរមួយដូចតទៅនេះ ៖ តើការប្រែចិត្តជឿមានន័យដូចម្ដេច ? ឬ តើការផ្លាស់ប្ដូរប្រភេទណាខ្លះកើតឡើងនៅក្នុងជីវិតរបស់មនុស្ស នៅពេលពួកគេត្រូវបានប្រែចិត្តជឿ ? សិស្សអាចរកមើលចម្លើយនៅក្នុងវគ្គបទគម្ពីរទាំងនេះ ៖ អាលម៉ា ២៣:៦–៧, ១៧–១៨, ២៤:១៧–១៩, ២៥:១៥–១៦ និង ២៧:២៦–៣០ ។ ពួកគេអាចចែកចាយពីការយល់ដឹងមកពីខគម្ពីរផ្សេងទៀតដែលពួកគេបានអាននៅក្នុង អាលម៉ា ២៣–២៥ និង ២៧ ។ សិស្សក៏អាចរកឃើញចម្លើយដ៏មានប្រយោជន៍នានាចំពោះសំណួរទាំងនេះនៅក្នុងសារលិខិតរបស់អែលឌើរ ដាវីឌ អេ បែដណាផងដែរ « Converted unto the Lord » ( Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៦–១០៩ សូមមើលផងដែរ « ធនធានបន្ថែមទាំងឡាយ » ) ។ តើអាន់តៃ–នីហ្វៃ–លីហៃបានធ្វើការផ្លាស់ប្ដូរអ្វីខ្លះជាលទ្ធផលនៃការប្រែចិត្តជឿរបស់ពួកគេ ? តើគំរូរបស់ពួកគេបំផុសគំនិតយើងឲ្យពង្រឹងការប្រែចិត្តជឿរបស់យើងចំពោះព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់តាមរបៀបណា ?
-
តើអ្នកអាចបំផុសគំនិតសិស្សឲ្យបោះបង់ទំនៀមទម្លាប់ខុសឆ្គងណាមួយ ហើយកប់សស្ត្រាវុធនៃការបះបោររបស់ពួកគេចោល ដូចជាអាន់តៃ–នីហ្វៃ–លីហៃបានធ្វើរបៀបណា ? សូមពិចារណារំឭកឡើងវិញនូវ អាលម៉ា ២៣:៥–៧ រួមគ្នា ។ តើទម្លាប់ល្អៗមួយចំនួនដែលដំណឹងល្អជួយយើងឲ្យអភិវឌ្ឍមានអ្វីខ្លះ ? តើ « គ្រឿងសស្ត្រាវុធនៃការបះបោររបស់ » ពួកសាសន៍លេមិនអាចតំណាងឲ្យអ្វីខ្លះនៅក្នុងជំនាន់របស់យើង ? តើយើងអាច « កប់វត្ថុទាំងនោះយ៉ាងជ្រៅទៅក្នុងដី » តាមរបៀបណា ( អាលម៉ា ២៤:១៧ ) ។ សូមអញ្ជើញសិស្សឲ្យពិចារណាថាតើទំនៀខុសឆ្គង ឬគ្រឿងសស្ត្រាវុធនៃការបះបោរអ្វីខ្លះដែលពួកគេចាំបាច់ត្រូវទុកចោល ដើម្បីពួកគេអាចរស់នៅតាមដំណឹងល្អទាំងស្រុង ។
តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបានការអភ័យទោស នៅពេលយើងប្រែចិត្ត ។
-
ប្រសិនបើអ្នកមានការបំផុសគំនិតឲ្យមានការពិភាក្សាមួយក្នុងថ្នាក់អំពីការប្រែចិត្ត ដំណើររឿងរបស់អាន់តៃ–នីហ្វៃ–លីហៃនៅក្នុង អាលម៉ា ២៤ គឺជាគំរូដ៏បំផុសគំនិតមួយដើម្បីប្រើប្រាស់ ។ អ្នកអាចចាត់ខគម្ពីរនៅក្នុង អាលម៉ា ២៤:៧–១៦ ដល់សិស្សម្នាក់ៗដើម្បីអាន ហើយសូមឲ្យពួកគេសរសេរនៅលើក្ដារខៀននូវអ្វីមួយដែលពួកគេរៀនមកពីខគម្ពីររបស់ពួកគេអំពីការប្រែចិត្ត ។ បន្ទាប់មក ពួកគេអាចស្រាវជ្រាវបទគម្ពីរដូចតទៅនេះដើម្បីស្វែងរកការយល់ដឹងបន្ថែមទៀតអំពីការប្រែចិត្ត ៖ អេសាយ ៥៣:៥–៦, នីហ្វៃទី ២ ២:៦–៨ និង ម៉ូសាយ ៥:២ ។
ដំណឹងល្អនាំមកនូវអំណរ ។
-
នៅក្នុង អាលម៉ា ២៣–២៩ មានពាក្យ « អំណរ » ២៤ ដង ដោយធ្វើឲ្យជំពូកទាំងនេះគឺជាជំពូកដ៏ល្អដើម្បីរៀនពីរបៀបរស់នៅតាមដំណឹងល្អ—ហើយការចែកចាយវា—នាំមកនូវអំណរ ។ អ្នកអាចបំបែកសិស្សជាក្រុម ហើយសូមឲ្យក្រុមនីមួយៗរំឭកឡើងវិញនូវខគម្ពីរមួយចំនួនដូចតទៅនេះ ដោយរកមើលហេតុផលដែលអាំម៉ូន បុត្រាសេ្ដចម៉ូសាយ និងអាលម៉ាបានរីករាយ ៖ អាលម៉ា ២៤:១៣–១៥, ២៦:១២–២២ និង ២៩:១–១៧ ។ សិស្សអាចសរសេរអ្វីដែលពួកគេបានរកឃើញនៅលើក្ដារខៀន ។ តើយើងរៀនអ្វីខ្លះ មកពីខគម្ពីរទាំងនេះអំពីរបៀបដែលដំណឹងល្អនាំមកនូវអំណរដល់យើង ?
-
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « នៅពេលជីវិតរបស់យើងផ្តោតលើផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះ…ព្រមទាំងព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ នោះយើងអាចមានអំណរ មិនថាមានអ្វីកំពុងកើតឡើង—ឬ មិនកើតឡើង—នៅក្នុងជីវិតយើងនោះទេ ។ អំណរកើតមានឡើង ហើយដោយសារតែទ្រង់ ។ ទ្រង់គឺជាប្រភពនៃរាល់អំណរ » ( « Joy and Spiritual Survival » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ ) ។ ប្រហែលជាសិស្សអាចចែកចាយបទពិសោធន៍ដែលបានជួយពួកគេឲ្យយល់ពីសេចក្ដីពិតនៃប្រសាសន៍របស់ប្រធានណិលសុន ។
-
អាលម៉ា និងអាំម៉ូនបានរកឃើញអំណរនៅក្នុងការចែកចាយដំណឹងល្អ ។ អ្នកអាចអញ្ជើញសិស្សឲ្យរកឃើញខគម្ពីឬនៅក្នុង អាលម៉ា ២៦ និង ២៩ ដែលអាចបំផុសគំនិតយុវវ័យម្នាក់ឲ្យបម្រើបេសកកម្ម—ឬបំផុសគំនិតមនុស្សគ្រប់គ្នាឲ្យចែកចាយដំណឹងល្អជាមួយនឹងមនុស្សដទៃទៀត ។ សូមពិចារណាទុកពេលពីរបីនាទីដល់សិស្សឲ្យដាក់ផែនការធ្វើអ្វីមួយដើម្បីចែកចាយដំណឹងល្អ ។ សូមអញ្ជើញពួកគេឲ្យធ្វើតាមផែនការរបស់ពួកគេ ហើយនៅក្នុងថ្នាក់លើកក្រោយ អ្នកអាចលើកទឹកចិត្តពួកគេឲ្យនិយាយអំពីការខិតខំរបស់ពួកគេ ។
-
នៅពេលអាលម៉ាបានជួយមនុស្សដទៃឲ្យប្រែចិត្ត លោកបាននឹកចាំពីសេចក្ដីល្អរបស់ព្រះ ( សូមមើល អាលម៉ា ២៩:១០–១៣ ) ។ ប្រហែលជាអ្នកអាចទុកពេលឲ្យសិស្សសិក្សាខគម្ពីរទាំងនេះ ហើយសរសេរនូវអ្វីដែលអាលម៉ាបានចងចាំ ។ តើអ្វីទៅដែលធ្វើឲ្យចងចាំពីសេចក្ដីល្អរបស់ព្រះ ? តើយើងបានឃើញសេចក្ដីល្អរបស់ព្រះនៅក្នុងជីវិតរបស់យើងតាមរបៀបណា ?
យើងអាចក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ទ្រង់ ។
-
ដើម្បីជួយសិស្សឲ្យរុករកអត្ថន័យនៃការក្លាយជា « គ្រឿងឧបករណ៍នៅក្នុងព្រះហស្តនៃព្រះ » ( អាលម៉ា ២៦:៣ ) អ្នកអាចដាក់បង្ហាញប្រភេទឧបករណ៍ខុសៗគ្នា ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យយកឧបករណ៍មួយចំនួនដែលពួកគេប្រើប្រាស់ផងដែរ ។ តើឧបករណ៍ទាំងនេះមានប្រយោជន៍តាមរបៀបណា ? តើយើងប្រៀបបាននឹងឧបករណ៍នៅក្នុងកិច្ចការរបស់ព្រះតាមរបៀបណា ? អ្នកអាចអញ្ជើញសិស្សឲ្យរកឃើញពីវិធីដែលអាំម៉ូន និងដៃគូរបស់លោកគឺជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះ ( ឧទាហរណ៍ សូមមើល អាលម៉ា ២៦:១–៥, ១១–១២ ) ។ តើការយល់ដឹងអ្វីខ្លះដែលយើងទទួលបានមកពី គោលលទ្ធិ និង សេចក្តីសញ្ញា ៤ អំពីការធ្វើជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ទ្រង់ ? សិស្សក៏អាចចែកចាយបទពិសោធន៍ដែលពួកគេធ្លាប់មានអំពីអំណរដែលកើតចេញមកពីការធ្វើជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះផងដែរ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
គំនិតខុសឆ្គងដូចគ្នាជាច្រើនដែលដឹកនាំបុត្រាបុត្រីរបស់ព្រះវង្វេងផ្លូវនៅសព្វថ្ងៃនេះក៏កើតមានទូទៅនៅក្នុងជំនាន់របស់អាលម៉ាផងដែរ ។ សូមប្រាប់សិស្សថា នៅក្នុង អាលម៉ា ៣០–៣១ ពួកគេនឹងឃើញពីរបៀបដែលអាលម៉ា និងមនុស្សផ្សេងទៀតបានឆ្លើយតបនឹងការបង្រៀនខុសឆ្គងទាំងនេះ ។
ធនធានបន្ថែមទាំងឡាយ
បានប្រែចិត្តជឿចំពោះព្រះអម្ចាស់ ។
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនថា
« លក្ខណៈសំខាន់នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ តម្រូវឲ្យមានការផ្លាស់ប្ដូរជាមូលដ្ឋាន និងជាអចិន្ត្រៃក្នុងចរិតធម្មជាតិរបស់យើង ដែលការផ្លាស់ប្ដូរនេះអាចកើតឡើងតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ការប្រែចិត្តជឿពិតនាំឲ្យមានការផ្លាស់ប្ដូរនៅក្នុងការជឿ ក្នុងដួងចិត្ត និងក្នុងជីវិតមនុស្សម្នាក់ឲ្យទទួលយក និងគោរពតាមព្រះហឫទ័យរបស់ព្រះ ( សូមមើល កិច្ចការ ៣:១៩, នីហ្វៃទី ៣ ៩:២០ ) ហើយរួមទាំងមនសិការ ក្នុងការធ្វើជាសិស្សរបស់ព្រះគ្រីស្ទ » ។
បន្ទាប់ពីដកស្រង់ អាលម៉ា ២៣:៦–៨ អែលឌើរ បែដណា បានបន្តពន្យល់ទៀតថា
« ធាតុចម្បងពីរដែលបានពណ៌នាក្នុងខទាំងនេះគឺ ៖ (១) ការចេះដឹងអំពីសេចក្ដីពិត ដែលអាចត្រូវបានយល់ថា ជាទីបន្ទាល់មួយ និង (២) បានប្រែចិត្តជឿចំពោះព្រះអម្ចាស់ ដែលខ្ញុំយល់ថា ជាការប្រែចិត្តជឿចំពោះព្រះអង្គសង្គ្រោះ និង ដំណឹងល្អទ្រង់ ។ ហេតុនោះហើយ ការរួមផ្សំដ៏មានអនុភាពនេះគឺទាំងទីបន្ទាល់ និង ការប្រែចិត្តជឿដល់ព្រះអម្ចាស់បានបង្កើតនូវភាពរឹងប៉ឹង និង ភាពខ្ជាប់ខ្ជួន ហើយផ្ដល់នូវការការពារខាងវិញ្ញាណ ។
« ពួកគេមិនបានធ្លាក់ចេញឡើយ ហើយបានទម្លាក់ ‹ គ្រឿងសស្ត្រាវុធនៃការបះបោររបស់គេ ពួកគេមិនបានប្រឆាំងនឹងព្រះទៀតទេ › ។ ការទុកចោលនូវ ‹ គ្រឿងសស្ត្រាវុធនៃការបះបោរ › ជាទីស្រឡាញ់ ដូចជាភាពអាត្មានិយម ការឆ្មើងឆ្មៃ និង ការមិនគោរពប្រតិបត្តិ តម្រូវច្រើនជាងគ្រាន់តែការជឿ និង ការដឹង ។ ការជឿក៏ខ្លាំង ការបន្ទាបខ្លួន ការប្រែចិត្ត និង ការព្រមស្ដាប់តាម ត្រូវមកមុនការទម្លាក់គ្រឿងសស្ត្រាវុធនៃការបះបោររបស់យើងចោល ។ តើអ្នក និង រូបខ្ញុំនៅតែជាម្ចាស់នៃគ្រឿងសស្ត្រាវុធ ដែលរារាំងមិនឲ្យយើងបានប្រែចិត្តជឿដល់ព្រះអម្ចាស់ ដែលឬទេ ? បើដូច្នោះ នោះយើងត្រូវតែប្រែចិត្ត ឥឡូវនេះ ។
« ចូរកត់សម្គាល់ថា សាសន៍លេមិនមិនបានប្រែចិត្តជឿដល់ពួកអ្នកផ្សាយសាសនា ដែលបានបង្រៀនគេ ឬ ដល់កម្មវិធីដ៏អស្ចារ្យរបស់សាសនាចក្រនោះទេ ។ ពួកគេមិនបានប្រែចិត្តជឿដល់បុគ្គលិកលក្ខណៈនៃអ្នកដឹកនាំរបស់គេ ឬ ដល់ការរក្សាកេរដំណែលវប្បធម៌ ឬ ដល់សណ្ដាប់នៃពួកអយ្យកោរបស់គេឡើយ ។ ពួកគេបានប្រែចិត្តជឿដល់ព្រះអម្ចាស់—ដល់ទ្រង់ជាព្រះអង្គសង្គ្រោះ និង ដល់ទេវភាព និង គោលលិទ្ធិទ្រង់—ហើយពួកគេមិនដែលធ្លាក់ចេញឡើយ » ( « Converted unto the Lord » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៧–១០៩ ) ។