ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២០–២៦ ខែ កក្កដា ។ អាលម៉ា ៣៦–៣៨ ៖ « ​មើល​ទៅ​ព្រះ ហើយ​រស់នៅ »


« ថ្ងៃទី ២០–២៦ ខែ កក្កដា ។ អាលម៉ា ៣៦–៣៨ ៖ ‹ មើល​ទៅ​ព្រះ ហើយ​រស់នៅ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២០–២៦ ខែ កក្កដា ។ អាលម៉ា ៣៦–៣៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

បុរស​កំពុង​អធិស្ឋាន

រចនា​រូបភាព​ដោយ យ៉ូស្វេ ដេននីស

ថ្ងៃទី ២០–២៦ ខែ កក្កដា

អាលម៉ា ៣៦–៣៨

« មើល​ទៅ​ព្រះ ហើយ​រស់នៅ »

នៅពេល​អ្នក​រៀបចំ​ខ្លួន​បង្រៀន សូម​ចងចាំ​ថា សិស្សអាច​មាន​បទពិសោធន៍​ដ៏​មាន​ន័យ​ជាមួយ​នឹង​អាលម៉ា ៣៦–៣៨ ។ តើ​អ្នកអាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ស្ថាបនា​បទពិសោធន៍​ទាំង​នោះ ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

វិធី​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅ​ក្នុង​បទគម្ពីរ​គឺ​បំបែក​សិស្ស​ជា​បី​ក្រុម ហើយ​ចាត់​ក្រុម​នីមួយៗ​នូវ​ជំពូក​មួយ​មក​ពី អាលម៉ា ៣៦–៣៨ ។ សូម​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​ស្វែង​រក ហើយ​ចែកចាយ​ខគម្ពីរ​ដ៏​បំផុស​គំនិត​មួយ​មក​ពី​ជំពូក​របស់​ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

អាលម៉ា ៣៦

យើង​អាច​កើត​ចេញ​ពី​ព្រះ នៅពេល​យើង​មាន​ចិត្ត​រាបសា ហើយ​ប្រែ​ចិត្ត ។

  • សិស្ស​របស់​អ្នក​មួយ​ចំនួន​អាច​ងឿង​ឆ្ងល់​ពី​ហេតុផល​ដែល​ពួកគេពុំ​ធ្លាប់​មាន​បទពិសោធន៍​នៃ​ការ​ប្រែ​ចិត្ត​ជឿ​ដ៏​អស្ចារ្យ​មួយ​ដូចជា​បទពិសោធន៍​របស់​អាលម៉ាឡើយ ។ វា​អាច​ជួយ​ពួកគេ ប្រសិន​បើ​អ្នក​បាន​ចែកចាយ​អ្វី​ដែល​អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ថា « ចំពោះ​យើង​ភាគច្រើន ការ​ប្រែចិត្តជឿ​គឺជា​ដំណើរការ​ជា​បន្ត​បន្ទាប់​មួយ ហើយពុំ​មែន​ជា​ព្រឹត្តិការណ៍​តែ​ម្ដង​ដែល​កើត​ឡើង​ពីបទពិសោធន៍​ដ៏​មាន​អនុភាព ឬ​អស្ចារ្យនោះ​ឡើយ » ( « Converted unto the Lord » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៧–៨ ) ។ ទោះ​ជា​រឿង​មួយ​ចំនួន​អំពី​បទពិសោធន៍​ប្រែ​ចិត្ត​ជឿ​របស់​អាលម៉ា​ចម្លែកក្ដី ក៏​បទពិសោធន៍​របស់​គាត់​បង្រៀន​គោលការណ៍​ដែល​យើង​ទាំងអស់​ចាំបាច់​ត្រូវ​អនុវត្ត​ការ​ប្រែចិត្ត​ជា​បន្ត​បន្ទាប់​រ​បស់​យើង​ផ្ទាល់​ដែរ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវ​ជ្រាវ អាលម៉ា ៣៦ ដើម្បី​ស្វែង​រក​គោលការណ៍​ទាំង​នេះ ហើយ​សរសេរ​វា​នៅ​លើ​ក្ដារខៀន ។ តើមាន​អ្វីខ្លះ​​ទៀត​ដែល​បាន​ជួយ​យើង​ឲ្យមាន​ការ​ប្រែ​ចិត្ត​ជឿ​កាន់​តែ​ខ្លាំង​ចំពោះ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ?

  • អាលម៉ា​បាន​ប្រើ​ឃ្លា « កើត​ចេញ​ពី​ព្រះ »​ដើម្បីពិពណ៌នា​ពី​ការ​ប្រែ​ចិត្ត​របស់​លោក ។ ដើម្បី​ជួយសិស្ស​ឲ្យ​យល់​ពី​គំនិត​នេះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន​ខគម្ពីរ​ដូច​តទៅ​នេះរៀងៗ​ខ្លួន ឬ​ជា​គូ ដោយរក​មើល​ពី​អត្ថន័យ​នៃ​ការ​កើត​ពី​ព្រះ ៖ យ៉ូហានទី ១ ៤:៧, ម៉ូសាយ ៥:៧, ២៧:២៥–២៦ និង អាលម៉ា ៥:១៤, ២២:១៥ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ បន្ទាប់មក ពួកគេ​អាច​ស្រាវ​ជ្រាវ អាលម៉ា ៣៦ ដោយ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​នេះ ៖ តើ​មនុស្សមាន​អារម្មណ៍ និង​សកម្មភាព​បែបណា​នៅ​ពេល​ពួកគេ​កើត​ចេញ​ពី​ព្រះ ? ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​កំពុង​កើត​ចេញ​ពី​ព្រះ អ្នក​អាច​ចែកចាយ​សេចក្ដីថ្លែងការណ៍​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ដែល​មាន​នៅ​ក្នុង ​« ធនធាន​បន្ថែម​ទាំងឡាយ » ។

អាលម៉ា ៣៧

បទគម្ពីរ​ត្រូវ​បាន​រក្សាទុក​ « ប្រយោជន៍​ដ៏​វាងវៃ »​មួយ ។

  • ប្រហែលការ​សិក្សា​ពាក្យ​សម្ដី​របស់​អាលម៉ា នៅពេល​លោក​ផ្ដល់​កំណត់ត្រា​ពិសិដ្ឋ​ទៅ​កូន​ប្រុស​របស់​លោក ហេលេមិន​អាច​ជួយ​សិស្ស​ឲ្យ​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ​ពី​អនុភាព​នៃ​បទគម្ពីរ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​រំឭក អាលម៉ា ៣៧ ដើម្បី​ស្វែង​រក​សារលិខិត​ដែល​អាលម៉ា​បាន​ផ្ដល់​ដល់​ហេលេមិន​អំពី​បទគម្ពីរ ( ជាពិសេស​សូមមើល​ខទី ១–១៩ និង ៤៣–៤៧ ) ។ តើ​យើង​បង្ហាញ​ថា បទគម្ពីរ​មាន​ភាពពិសិដ្ឋ​ចំពោះ​យើង​តាម​របៀបណា ? តើ​យើង​ដូច​ជាអាលម៉ា​បង្រៀន​មនុស្ស​ដែល​យើង​ស្រឡាញ់ឲ្យ « រក្សា​វត្ថុ​អស់​ទាំង​នេះ​ឲ្យ​បាន​ពិសិដ្ឋ​ដូចម្តេច ? » ( អាលម៉ា ៣៧:២ ) ។ តើ​បទគម្ពី « ​បង្ហាញ​ព្រះ​ចេស្ដា​របស់ [ ព្រះ ] »​ចំពោះ​យើង​តាម​របៀបណា ? ( ​អាលម៉ា ៣៧:១៤ ) ។

  • វិធី​មួយ​ដើម្បី​រៀន​អំពី​ពរជ័យ​នៃ​ការ​មាន​បទគម្ពីរ​គឺ​ការ​សិក្សា​អ្វី​ដែល​អាលម៉ា​បាន​ថ្លែង​នៅ​ក្នុង អាលម៉ា ៣៧ អំពី​បញ្ជី​ពិសិដ្ឋ និង​វត្ថុ​ផ្សង​ទៀត​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ទៅ​ហេលេមិន ។ អ្នក​អាច​ធ្វើ​បញ្ជី​មួយ​នៅ​លើ​ក្ដារខៀន​អំពី​វត្ថុ​ពិសិដ្ឋ ដូចជា ៖ ផ្ទាំង​ចំណាររបស់​នីហ្វៃ និង​ផ្ទាំង​លង្ហិន​( អាលម៉ា ៣៧:២–២០ ) ផ្ទាំង​ចំណារ​ចំនួន​ម្ភៃ​បួន​សន្លឹក​របស់​អេធើរ និង​ប្រដាប់​បកប្រែ ( អាលម៉ា ៣៧:២១–៣៧ ) និង​លីអាហូណា ( អាលម៉ា ៣៧:៣៨–៤៧ ) ។ សិស្ស​អាច​អាន​ខគម្ពីរ​ទាំង​នេះ​ដើម្បី​រៀន​ពី​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​អំពី​វត្ថុ​ទាំង​នេះ ។ តើ​បទគម្ពីរ​អាច​ពង្រីក​ការ​ចងចាំ​របស់​យើង​យ៉ាង​ដូចម្ដេច ? ( សូមមើល អាលម៉ា ៣៧:៨ ) ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​មក​ពី​ពាក្យ​សម្ដី​របស់​អាលម៉ា​អំពី​ពរជ័យ​នៃ​ការ​មាន​បទគម្ពីរ​នៅ​ក្នុង​ជីវិត​របស់​យើង​សព្វ​ថ្ងៃ​នេះ ?

    ស្ត្រី​កំពុង​អាន​ព្រះគម្ពីរ

    បទគម្ពីរ​បង្រៀនយើងពីរបៀបធ្វើ​តាម​ព្រះ ។

អាលម៉ា ៣៧:៦–៧, ៤១–៤២

« តាមរយៈ​កិច្ចការ​តូចតាច និង​ងាយ​ទើប​នាំឲ្យ​កើត​កិច្ចការ​ដ៏​ធំៗ​បាន » ។

  • ដើម្បី​បង្រៀន​អំពី​សារៈសំខាន់​នៃ « កិច្ចការ​តូចតាច និង​ងាយ​ » នៅ​ក្នុង​កិច្ចការ​របស់​ព្រះ អាលម៉ា​បាន​ផ្ដល់​គំរូ​ពីរ ៖ បទគម្ពីរ និង​លីអាហូណា ( សូ​មមើល អាលម៉ា ៣៧:៦–៧, ៤១–៤២ សូម​មើល​ផង​ដែរ នីហ្វៃ​ទី ១ ១៧:៤១ ) ។ បន្ទាប់​ពី​រំឭក​គំរូ​ទាំង​នេះ ប្រហែល​ជា​សិស្ស​អាច​ចែកចាយ​គំរូ​មក​ពី​ជីវិត​របស់​ពួកគេ​ផ្ទាល់​អំពីកិច្ចការ​តូចតាច និង​ងាយ​នៅ​ក្នុង​កិច្ចការ​បស់​ព្រះ ។ អ្នក​គួរ​ទាក់​ទង​ទៅ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ជាមុន ហើយ​សុំ​ឲ្យ​ពួកគេ​យក​វត្ថុ​តូច​មួយ ហើយនាំ​មក​កិច្ចការ​ដ៏​ធំ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​មក​ថ្នាក់​រៀន ។ អ្នកក៏​អាច​ចែកចាយ​សេចក្ដី​ថ្លែង​ការណ៍​មក​ពី​ប្រធាន ដាល្លិន អេក អូក នៅ​ក្នុង ​« ធនធាន​បន្ថែម​ទាំងឡាយ » ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​គោលការណ៍​នេះ អ្នក​អាច​សួរ​សំណួរ​ដូច​តទៅ​នេះ ៖ ហេតុអ្វី​ពេលខ្លះ​យើង​ពិបាក​ធ្វើកិច្ចការ​តូច​តាច និង​ងាយ ? តើ​យើង​អាច​បំផុស​គំនិត​ខ្លួនឯង និង​ក្រុម​គ្រួសារ​របស់​យើង​ឲ្យ​យក​ឈ្នះ​និន្នាការ​នេះ​យ៉ាង​ដូចម្ដេច ?

អាលម៉ា ៣៧:៣៨–៤៧

បន្ទូល​របស់​ព្រះគ្រីស្ទ​អាច​ដឹកនាំ​យើង​ជា​ប្រចាំថ្ងៃ ។

  • ការ​ប្រៀបធៀប​បន្ទូល​របស់ព្រះ​ទៅ​នឹង​លីអាហូណា​អាច​បំផុស​គំនិត​សិស្ស​ឲ្យ​កាន់​តែ​មានភាព​ឧស្សាហ៍ព្យាយាម ហើយ​ខ្ជាប់​ខ្ជួន​ចំពោះ​ការ​អានព្រះគម្ពីរ ។ ដើម្បី​ដឹកនាំ​ការ​ពិភាក្សា​មួយ​អំពី​ការណ៍នេះ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន អាលម៉ា ៣៧:៣៨–៤៧ ជាមួយ​ដៃ​គូ ហើយ​រក​មើល​ភាព​ស្រដៀង​គ្នា​រវាង​លីអាហូណា និង​បន្ទូល​របស់​ព្រះ ។ អ្នក​អាច​សំណូម​ពរ​ឲ្យ​ពួកគេ​ស្វែង​រក​ភាព​ស្រដៀង​គ្នា​មួយ​នៅ​ក្នុង​ខគម្ពីរ​នីមួយៗ ។ បន្ទាប់មក អ្នក​អាច​សរសេរ​លេខ​ខគម្ពីរ​នីមួយៗ​នៅ​លើ​ក្ដារខៀន ហើយ​សុំ​ឲ្យ​សិស្ស​សរសេរ​ភាព​ស្រដៀង​គ្នា​ដែល​ពួកគេ​បាន​រក​ឃើញ​នៅ​ក្បែរ​នឹង​លេខ​ទាំង​នោះ ។ តើ​ការ​ប្រៀបធៀប​នេះ​ផ្ដល់​យោបល់​អ្វីខ្លះ​អំពី​របៀប​ដែល​យើង​គួរ​ចាប់ផ្ដើម​ការ​សិក្សា​ព្រះគម្ពីរ​របស់​យើង ?​

អាលម៉ា ៣៨

ការ​ចែកចាយ​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ​អាច​ពង្រឹង​ដល់​មនុស្ស​ដែល​យើង​ស្រឡាញ់ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

តើ​សិស្ស​ធ្លាប់​ងឿង​ឆ្ងល់​ពី​របៀប​ប្រឹក្សា​ដល់​មនុស្ស​ជាទីស្រឡាញ់​ម្នាក់​ដែល​បាន​ធ្វើ​កំហុស​ធ្ងន់​ធ្ងរ​ដែរ​ឬ​ទេ ? សូម​ពន្យល់​ថា ពួកគេ​នឹង​រកឃើញ​ការ​យល់ដឹង​ដ៏​មាន​ប្រយោជន៍​នៅ​ក្នុង អាលម៉ា ៣៩–៤២ ។

រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការ​ប្រែចិត្តជឿ​គឺ​ប្រៀប​បាន​នឹង​ការ​កើត​ជា​ថ្មី ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា « នៅពេល​យើង​ដក​ពិសោធន៍​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នេះ ដែល​បាន​កើត​ឡើង​តែ​តាម​រយៈ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណើរការ​នៃ​ព្រះវិញ្ញាណ​មក​លើ​យើង​ប៉ុណ្ណោះ នោះ​វាប្រៀបដូចជា​យើង​បាន​ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់ ។ ដូច្នេះហើយ ការ​ផ្លាស់ប្ដូរ​នោះ​គឺ​ប្រៀប​បាន​នឹង​ការ​កើត​ជាថ្មី ។ បងប្អូន​រាប់​ពាន់​នាក់​ធ្លាប់​ដកពិសោធន៍​ការ​ផ្លាស់ប្ដូរ​នេះ ។ បងប្អូន​បាន​បោះបង់​ជីវិត​នៃ​អំពើបាប​ចោល ពេល​ខ្លះ​ជា​អំពើបាប​ដ៏​ធ្ងន់​ធ្ងរ ហើយ​តាមរយៈ​ការ​អនុវត្ត​ព្រះលោហិត​នៃ​ព្រះគ្រីស្ទ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន នោះ​បងប្អូន​បានជ្រះ​ស្អាត ។ បងប្អូន​គ្មានបំណង​ចង់​ត្រឡប់​ទៅរក​ជីវិត​ចាស់​របស់​បងប្អូន​វិញ​ឡើយ ។ បងប្អូន​ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់ ។ នេះ​គឺជា​អ្វីដែល​មានន័យថា ការ​ផ្លាស់ប្ដូរ​ដួង​ចិត្ត​មួយ » ( « A Mighty Change of Heart » Ensign ខែ តុលា ឆ្នាំ ១៩៨៩ ទំព័រ ៤ ) ។

កិច្ចការ​តូចតាច និង​ងាយ

ប្រធាន ដាល្លិនអេក អូក បាន​បង្រៀនថា

« ខ្ញុំ​ត្រូវបាន​រំឭក​អំពី​អំណាច​នៃ​កិច្ចការ​តូចតាច និងងាយ ជា​ច្រើន​ដង​ដោយ​អ្វី​មួយ​ដែល​ខ្ញុំ​បាន​ឃើញ​កាល​ខ្ញុំ​ដើរ​នា​ព្រឹក​មួយ ។ … បេតុង​នៃ​ចិញ្ចើម​ផ្លូវដើរ​ដែល​ក្រាស់ និង​រឹងមាំ​នេះ [ បាន ] ប្រេះ​បែក ។ តើ​នេះ​គឺ​ជា​លទ្ធផល​នៃ​ទម្ងន់​ដ៏​ធ្ងន់ និង​ខ្លាំងក្លា​ឬ ? មិនមែន​ទេ ការប្រេះ​បែក​នេះ​គឺ​បណ្តាល​មក​ពី​ឬស​មួយ​នៃ​ដើម​ឈើ​នៅ​ក្បែរ​នោះ​ដែល​វា​ដុះ​រាលដាល​ដោយ​សន្សឹមៗ និង​បន្តិច​ម្តងៗ ។ …

« កិច្ចការ​តូចតាច និង​ងាយ​ដែល​យើង​ត្រូវបាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ និង​បង្រៀន​ដោយ​ពួកព្យាការី​ដែល​នៅរស់​ក៏មាន​ឥទ្ធិពល​ខ្លាំងក្លា​ដូច្នោះ​ផងដែរ ។ សូម​ពិចារណា​អំពី​ការសិក្សា​ព្រះគម្ពីរ​ដែល​យើង​ត្រូវបាន​បង្រៀន ដើម្បី​ទាញ​វា​ចូល​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង ។ ឬ​ពិចារណា​អំពី​ការអធិស្ឋាន​ផ្ទាល់​ខ្លួន និង​ការលុត​ជង្គង់​អធិស្ឋាន​ជា​គ្រួសារ​ថា ជា​ការអនុវត្ត​ទៀងទាត់​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​ស្មោះត្រង់ ។ … ទោះបី​ជា​ការអនុវត្ត​ទាំង​នេះ​ហាក់​បីដូច​ជា​តូចតាច និង​ងាយ​ក្តី ក៏​យូរៗ​ទៅ​វា​មាន​លទ្ធផល​ក្នុងការ​លើក​ស្ទួយ និង​រីកចម្រើន​ខាង​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​ដែរ ។ ការណ៍​នេះ​កើត​ឡើង ដោយសារ​កិច្ចការ​តូចតាច និង​ងាយ​ទាំង​នេះ ដែល​យាង​អញ្ជើញ​ភាព​ជា​គូកន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​អង្គ​ថ្លែង​ទីបន្ទាល់​ដែល​នឹង​បភ្លឺ​គំនិត​ដល់​យើង និង​ដឹកនាំ​យើង​ទៅរក​សេចក្តីពិត ( « Small and Simple Things » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩០ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

អញ្ជើញសិស្ស​ឲ្យ​បង្រៀន​គ្នា​ទៅវិញ​ទៅ​មក ។ នៅពេល​សិស្ស​ថ្លែង​ទីបន្ទាល់ ឬ​ចែកចាយ​ការ​យល់ដឹង នោះ​ពួកគេ​ប្រហែល​ជា​អាច​ជួយ ឬ​បំផុស​គំនិត​គ្នា​ទៅវិញ​ទៅ​មក​តាមរបៀប​ដែល​អ្នក​ពុំ​អាច​ធ្វើ​បាន ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ៣០ ) ។