« ថ្ងៃទី ២៧ ខែ កក្កដា–ថ្ងៃទី ២ ខែ សីហា ។ អាលម៉ា ៣៩–៤២ ៖ ‹ ផែនការនៃសុភមង្គលដ៏មហិមា › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៧ ខែ កក្កដា–ថ្ងៃទី ២ ខែ សីហា ។ អាលម៉ា ៣៩–៤២ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៧ ខែ កក្កដា–ថ្ងៃទី ២ ខែ សីហា ។
អាលម៉ា ៣៩–៤២
« ផែនការនៃសុភមង្គលដ៏មហិមា »
ការបង្រៀនរបស់អាលម៉ានៅក្នុង អាលម៉ា ៣៩–៤២ មានន័យយ៉ាងសំខាន់ផ្នែកគោលលទ្ធិ និងបង្ហាញពីសេចក្ដីពិតដ៏សំខាន់ ។ នៅពេលអ្នកសិក្សាជំពូកទាំងនេះ សូមពិចារណាពីសេចក្ដីពិតណាមួយដែលអាចមានន័យបំផុតសម្រាប់សិស្សរបស់អ្នក និងអ្វីដែលអ្នកអាចធ្វើដើម្បីជួយពួកគេរកឃើញសេចក្ដីពិតទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ដើម្បីផ្ដល់ឱកាសមួយឲ្យសិស្សចែកចាយគំនិត និងការយល់ដឹងរបស់ពួកគេអំពី អាលម៉ា ៣៩–៤២ អ្នកអាចអញ្ជើញពួកគេឲ្យរំឭកដោយសង្ខេបពីជំពូកទាំងនេះ ហើយស្វែងរកអ្វីមួយដែលអាលម៉ាបានថ្លែង ឬបានធ្វើដែលបានធ្វើឲ្យពួកគេចាប់អារម្មណ៍ ។
បង្រៀនគោលលទ្ធិ
អំពើបាបខាងផ្លូវភេទគឺជាអំពើដ៏គួរខ្ពើមឆ្អើមមួយនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ។
-
តើយើងអាចរៀនអ្វីខ្លះតាមរយៈដំណើររឿងនៃបទពិសោធន៍របស់កូរីអានតុន ជាមួយនឹងអំពើបាប និងការប្រែចិត្ត ? ប្រហែលជាសិស្សអាចអាន អាលម៉ា ៣៩:១–១៤ ពួកគេមួយចំនួនកំពុងស្រាវជ្រាវរកអ្វីដែលកូរីអានតុនបានធ្វើខុស ពួកផ្សេងទៀតកំពុងស្រាវជ្រាវរកអ្វីដែលប្រហែលជាដឹកនាំគាត់ទៅរកអំពើបាប ហើយសិស្សផ្សេងទៀតកំពុងស្រាវជ្រាវរកការប្រឹក្សាដែលអាលម៉ាបានផ្ដល់ឲ្យគាត់ ។ នៅពេលពួកគេចែកចាយអ្វីដែលពួកគេរកឃើញ ពួកគេអាចពិភាក្សាពីរបៀបដែលយើងអាចចៀសវាងពីការធ្វើកំហុសស្រដៀងគ្នានេះ ។
-
នៅពេលមនុស្សប្រព្រឹត្តអំពើបាបខាងផ្លូវភេទ ជារឿយៗពួកគេមានអារម្មណ៍បាក់ទឹកចិត្ត ឬអស់សង្ឃឹម ហើយអាចមានអារម្មណ៍ថា ពួកគេគ្មានតម្លៃ ។ តើគោលការណ៍អ្វីខ្លះនៅក្នុង អាលម៉ា ៣៩–៤២ ដែលបំផុសគំនិតសិស្សឲ្យមានសេចក្ដីសង្ឃឹមដែលដឹកនាំទៅរកការប្រែចិត្ត ? ការចែកចាយសេចក្ដីថ្លែងការណ៍មកពីស៊ិស្ទើរ ចយ ឌី ចូនស៍ នៅក្នុង « ធនធានបន្ថែមទាំងឡាយ »អាចជួយសិស្សឲ្យយល់ពីភាពខុសគ្នារវាងភាពស័ក្ដិសម និងតម្លៃរបស់យើងនៅក្នុងព្រះនេត្ររបស់ព្រះ ។ ( សូមមើលផងដែរ លីន ជី រ៉ូប៊ីន « Until Seventy Times Seven » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២១–២៣ ) ។
-
ជាផ្នែកមួយនៃការពិភាក្សារបស់អ្នក វាប្រហែលជាមានប្រយោជន៍សម្រាប់សិស្សដើម្បីពិភាក្សាពីបទដ្ឋានរបស់ព្រះអម្ចាស់ស្ដីពីព្រហ្មចារីយភាព ។ ការពិភាក្សារបស់អ្នកប្រហែលជាកាន់តែមានប្រយោជន៍ ប្រសិនបើវាផ្ដោតលើគោលការណ៍នានាជាជាងផ្ដោតលើបញ្ជីមួយនៃការធ្វើកិច្ចការដែលត្រូវធ្វើ និងពុំត្រូវធ្វើនោះ ។ ឧទាហរណ៍ អ្នកអាចអញ្ជើញសិស្សឲ្យរកឃើញនូវគោលការណ៍ដែលអាលម៉ាបានបង្រៀនកូរីអានតុននៅក្នុង អាលម៉ា ៣៩ ។ លើសពីនេះ ពួកគេអាចរំឭកឡើងវិញនូវ « បរិសុទ្ធភាពខាងផ្លូវភេទ » នៅក្នុង ដើម្បីកម្លាំងនៃយុវជន ដោយគិតពីសំណួរទាំងនេះ ៖ « ប្រសិនបើអ្នកត្រូវសង្ខេបការប្រឹក្សាទាំងអស់នេះទៅជាគោលការណ៍មួយ តើវានឹងជាអ្វីទៅ ? ឬ « តើអ្នករកឃើញគោលការណ៍អ្វីខ្លះនៅត្រង់ចំណុចនេះដែលជួយអ្នកឲ្យរស់នៅតាមច្បាប់ព្រហ្មចារីភាព ? » សិស្សក៏អាចរំឭកវគ្គនេះឡើងវិញនៅក្នុង ដើម្បីកម្លាំងនៃយុវជន ហើយរកមើលពរជ័យនៃការរស់នៅតាមច្បាប់ព្រហ្មចារីភាព និងលទ្ធផលនៃការបំពានច្បាប់នេះផងដែរ ។ តើគោលការណ៍ទាំងនេះមានភាពខុសប្លែកពីអ្វីដែលពិភពលោកនេះបង្រៀនយ៉ាងដូចម្ដេច ? តើគោលការណ៍ទាំងនេះជះឥទ្ធិពលដល់របៀបដែលយើងគិតពីច្បាប់ព្រហ្មចារីភាពយ៉ាងដូចម្ដេច ? សិស្សរបស់អ្នកអាចទទួលបានប្រយោជន៍តាមរយៈការអានសេចក្ដីថ្លែងការណ៍របស់ស៊ិស្ទើរ វីនឌី ណិលសុន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » កាលពួកគេឆ្លើយសំណួរទាំងនេះ ។
-
ពេលខ្លះវាងាយស្រួលដើម្បីជឿថា ការជ្រើសរើសរបស់យើងពុំជះឥទ្ធិពលដល់មនុស្សដទៃ—ថាអំពើបាបរបស់យើងគឺជារឿងឯកជន ។ តើអាលម៉ាបានបង្រៀនអ្វីខ្លះដល់កូរីអានតុននៅក្នុង អាលម៉ា ៣៩:១១–១២ អំពីឥទ្ធិពលនៃការជ្រើសរើសរបស់គាត់ ? សូមអញ្ជើញសិស្សឲ្យពិចារណាថាតើនរណាដែលអាចជះឥទ្ធិពលតាមរយៈការជ្រើសរើសដែលពួកគេធ្វើ ទាំងល្អ និងអាក្រក់ ។ ពួកគេក៏អាចចែកចាយពីរបៀបដែលសកម្មភាព និងគំរូរបស់មនុស្សដទៃធ្លាប់ជួយពួកគេឲ្យជ្រើសរើសផ្លូវត្រូវ ។
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទធ្វើឲ្យផែនការប្រោសលោះអាចកើតមានបាន ។
-
អាលម៉ាបានបង្រៀនកូរីអានតុនពីសេចក្ដីពិតដែលយើងទាំងអស់គ្នាចាំបាច់ត្រូវយល់ដឹង រួមទាំងសេចក្ដីពិតអំពីគោលបំណងនៃជីវិតនេះ ពិភពវិញ្ញាណ ការរស់ឡើងវិញ និងការកាត់សេចក្ដីផងដែរ ។ សូមពិចារណារើសយកការបង្រៀនមួយរបស់អាលម៉ា ហើយទុកពេលឲ្យសិស្សពីរនាទីដើម្បីស្រាវជ្រាវក្នុង អាលម៉ា ៤០–៤២ ( ដោយខ្លួនឯង ឬជាគូ ) ហើយសរសេរសេចក្ដីពិតឲ្យបានច្រើនតាមដែលពួកគេអាចធ្វើបានអំពីប្រធានបទនោះ ។ បន្ទាប់មក សិស្សអាចចែកចាយនឹងគ្នា ឬជាមួយនឹងសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានរកឃើញ ។ អ្នកអាចធ្វើបែបនេះម្ដងទៀតសម្រាប់ប្រធានបទផ្សេងទៀត ប្រសិនបើមានពេលគ្រប់គ្រាន់ ។ ហេតុអ្វីវាគឺជារឿងដ៏សំខាន់ដើម្បីឲ្យកូរីអានតុន កូនប្រុសរបស់អាលម៉ាយល់ពីសេចក្ដីពិតជាក់លាក់ទាំងនេះ ?
-
ការពិពណ៌នារបស់អាលម៉ាអំពីស្ថានភាពនៃព្រលឹង បន្ទាប់ពីជីវិតនេះអាចធ្វើឲ្យគំនិតរបស់សិស្សមានការចាប់អារម្មណ៍អំពីសារៈសំខាន់នៃការមករកព្រះអង្គសង្គ្រោះ និងការប្រែចិត្តពីអំពើបាបរបស់យើងនៅក្នុងជីវិតនេះ ។ អ្នកអាចសរសេរ មនុស្សសុចរិត ( ប្រែចិត្ត ) និង មនុស្សទុច្ចរិត ( ពុំបានប្រែចិត្ត ) នៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យស្រាវជ្រាវ អាលម៉ា ៤០:១១–២៦ ហើយសរសេរពាក្យ ឬឃ្លាដែលអាលម៉ាបានប្រើដើម្បីពិពណ៌នាអំពីស្ថានភាពនៃមនុស្សទាំងនេះមួយក្រុមៗបន្ទាប់ពីពួកគេស្លាប់នៅលើក្ដារខៀន ។ តើការបង្រៀនទាំងនេះអាចបំផុសយើងឲ្យប្រែចិត្តតាមរបៀបណា ? សម្រាប់ព័ត៌មានបន្ថែមទៀតអំពីអ្វីដែលកើតឡើងនៅក្នុងពិភពវិញ្ញាណ សូមមើល ពេត្រុសទី ១ ៣:១៨–២០, ៤:៦ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:២៩–៣៧ ។
-
តើសិស្សរបស់អ្នកគិតឃើញអ្វីខ្លះ នៅពេលពួកគេស្ដាប់ឮពាក្យ « បានស្ដារឡើងវិញ » ឬ « ការស្ដារឡើងវិញ » ? សូមអញ្ជើញពួកគេឲ្យស្រាវជ្រាវ អាលម៉ា ៤១ រករបៀបដែលអាលម៉ាបានប្រើពាក្យសម្ដីទាំងនេះ ។ តើលោកចង់មានន័យយ៉ាងណាដែរ ? តើអ្វីទៅដែលនឹងត្រូវបានស្ដារឡើងវិញចំពោះយើង ? ហេតុអ្វីវាអាចជារឿងមានប្រយោជន៍ដើម្បីមើលឃើញផែនការរបស់ព្រះវរបិតាសួគ៌ជា « ផែនការនៃការស្ដារឡើងវិញ ? » ( ខទី ២ ) ។
-
សិស្សរបស់អ្នកមួយចំនួនអាចចែកចាយនូវសំណួរដែលទំនងជាមាននៅក្នុងគំនិតរបស់កូរីអានតុន—តើវាមានភាពយុត្តិធម៌ដែរឬទេ ដែលព្រះជាទីស្រឡាញ់មួយអង្គនឹងដាក់ទណ្ឌកម្មដល់បុត្រាបុត្រីរបស់ទ្រង់នោះ ? ( សូមមើល អាលម៉ា ៤២:១ ) ។ ប្រហែលជាអ្នកអាចសុំសិស្សឲ្យពិចារណាពីរបៀបដែលពួកគេនឹងឆ្លើយតបទៅនឹងសំណួរនេះ ហើយស្រាវជ្រាវរកចម្លើយនៅក្នុង អាលម៉ា ៤២:៧–២៦ ។
-
ប្រសិនបើអ្នកគិតថាវាសមរម្យ សិស្សរបស់អ្នកអាចទទួលបានប្រយោជន៍ពីការស្វែងរកខគម្ពីរមួយនៅក្នុង អាលម៉ា ៤២ ដែលពួកគេអាចពិពណ៌នាដោយគំនូរ ឬនិមិត្តសញ្ញាដ៏សាមញ្ញមួយដែលពន្យល់ពីហេតុផលដែលយើងចាំបាច់ត្រូវការដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ សិស្សអាចចែកចាយអ្វីដែលពួកគេបានគូរ ហើយសិស្សផ្សេងទៀតអាចព្យាយាមស្វែងរកខគម្ពីរដែលតំណាងឲ្យវា ។ បន្ទាប់មក ពួកគេអាចពិភាក្សាពីអ្វីដែលពួកគេបានរៀនអំពីសារៈសំខាន់នៃពលិកម្មរបស់ព្រះអង្គសង្គ្រោះ ។
ធនធានបន្ថែមទាំងឡាយ
តម្លៃនៃព្រលឹងរបស់យើង គឺមហិមាណាស់ ។
ស៊ិស្ទើរ ចយ ឌី ចូនស៍ បានបង្រៀនថា
« ខ្ញុំសូមចង្អុលបង្ហាញពីតម្រូវការញែកពាក្យសំខាន់ពីរឲ្យដាច់ពីគ្នាគឺ ៖ តម្លៃ និង ភាពស័ក្ដិសម ។ ពាក្យទាំងពីរនេះពុំដូចគ្នាទេ ។ តម្លៃ ខាងវិញ្ញាណមានន័យថា តម្លៃខ្លួនយើង តាមរបៀបដែលព្រះវរបិតាសួគ៌ឲ្យតម្លៃយើង ពុំមែនលោកិយឲ្យតម្លៃយើងទេ ។ តម្លៃរបស់យើងត្រូវបានកំណត់ឲ្យពីមុនយើងមកកាន់ផែនដីនេះទៅទៀត ។ ‹ សេចក្ដីស្រឡាញ់របស់ព្រះគឺអានន្ត ហើយវានឹងនៅជារៀងរហូត › ។
« ម្យ៉ាងទៀត ភាពស័ក្ដិសម គឺទទួលបានតាមរយៈការគោរពប្រតិបត្តិ ។ ប្រសិនបើយើងមានអំពើបាប យើងពុំសូវស័ក្ដិសម ប៉ុន្តែយើងពុំមែនគ្មានតម្លៃនោះទេ ! យើងបន្ដប្រែចិត្ត ហើយព្យាយាមដើម្បីប្រែក្លាយដូចជាព្រះយេស៊ូវភ្ជាប់ជាមួយនឹងតម្លៃរបស់យើង ។ ដូចជាប្រធាន ព្រិកហាំ យ៉ង់ បានបង្រៀនថា ‹ វិញ្ញាណដែលតូចទាបបំផុតនៅលើផែនដីឥឡូវនេះ… គឺមានតម្លៃដូចពិភពជាច្រើន › ។ មិនថាយើងមានស្ថានភាពយ៉ាងណាទេ យើងតែងតែមានតម្លៃជានិច្ចនៅក្នុងព្រះនេត្រនៃព្រះវរបិតាសួគ៌របស់យើង » ( « Value beyond Measure » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៤ ) ។
ទស្សនៈរបស់ពិភពលោកនេះស្ដីពីភាពស្និទ្ធស្នាលពុំត្រូវតាមទស្សនៈរបស់ព្រះឡើយ ។
ស៊ិស្ទើរ វីនឌី ណិលសុន បានលើកឡើងនូវភាពខុសគ្នាពីរបៀបដែលពិភពលោកនេះមើលទៅទំនាក់ទំនងខាងផ្លូវភេទ—« កាមភេទខាងលោកិយ »—ជាមួយនឹងអ្វីដែលគាត់បានហៅថា « ភាពស្និទ្ធស្នាលនៃអាពាហ៍ពិពាហ៍ដែលបានតែងតាំងឡើងដោយព្រះ » ៖
កាមភេទខាងលោកិយត្រូវគេទទួលយកថាមិនអី ។ ជាមួយនឹងភាពស្និទ្ធស្នាលខាងអាពាហ៍ពិពាហ៍ ត្រូវមានការមើលថែដោយជ្រួតជ្រាបដើម្បីចៀសវាងពីអ្វីៗគ្រប់យ៉ាង—រាប់តាំងពីភាសា តន្ត្រី និងខ្សែភាពយន្ដនានា—ដែលជំទាស់នឹងព្រះវិញ្ញាណ ទាស់នឹងអារម្មណ៍ របស់ក្មួយៗ ឬប្ដីប្រពន្ធរបស់ក្មួយៗ ។
« ខណៈដែលកាមភេទខាងលោកិយ គឺជាតណ្ហាហើយសំឡាប់សេចក្ដីស្រឡាញ់ នោះភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍បង្កើតសេចក្ដីស្រឡាញ់កាន់តែច្រើន ។
« កាមភេទខាងលោកិយ ធ្វើឲ្យអាប់ឱនដល់បុរស និងស្ត្រី ព្រមទាំងរូបកាយរបស់ពួកគេ ចំណែកឯភាពស្និទ្ធស្នាលក្នុងអាពាហ៍ពិពាហ៍ផ្ដល់កិត្តិយសដល់បុរស និងស្ត្រី ព្រមទាំងលើកកម្ពស់ដល់រូបកាយថាជាតម្លៃដ៏មហិមាមួយនៃជីវិតរមែងស្លាប់នេះ ។
« ជាមួយនឹងកាមភេទខាងលោកិយ បុគ្គលម្នាក់ៗអាចមានអារម្មណ៍ថា ខ្លួនជាឈ្នួល ត្រូវគេបំពាន ហើយទីបំផុតកាន់តែឯកោ។ ជាមួយនឹងភាពស្និទ្ធស្នាលក្នុងអាពាហ៍ពិពាហ៍ ប្ដី ឬប្រពន្ធមានអារម្មណ៍កាន់តែមានសាមគ្គីភាព និងស្រឡាញ់គ្នា កាន់តែចិញ្ចឹមបីបាច់គ្នា ហើយយល់ចិត្តគ្នា ។
« កាមភេទខាងលោកិយ បង្កនូវបញ្ហាធ្ងន់ធ្ងរ ហើយទីបំផុតបំផ្លាញដល់ទំនាក់ទំនងទាំងឡាយ ។ ភាពស្និទ្ធស្នាលក្នុងអាពាហ៍ពិពាហ៍ជួយ ពង្រឹងដល់អាពាហ៍ពិពាហ៍ ។ វាគាំទ្រ ព្យាបាល និងប្រទានពរដល់ជីវិតប្ដី ឬប្រពន្ធ ព្រមទាំងដល់អាពាហ៍ពិពាហ៍របស់ពួកគេ ។ …
« កាមភេទខាងលោកិយក្លាយទៅជាការរំខានទាំងស្រុង ពីព្រោះវាពុំដែលបំពេញតាមការសន្យាវាទេ ។ ភាពស្និទ្ធស្នាលក្នុងអាពាហ៍ពិពាហ៍ដែលបានតែងតាំងដោយព្រះ គឺជាការរក្សាសេចក្ដីសញ្ញាដ៏រុងរឿង និងបន្ដរហូតដល់អស់កល្បរបស់ប្ដី និងប្រពន្ធទាំងឡាយ » ( « Love and Marriage » [ ការប្រជុំធម្មនិដ្ឋានទូទៅទាំងពិភពលោក ថ្ងៃទី ៨ ខែ មករា ឆ្នាំ២០១៧ ], broadcasts.ChurchofJesusChrist.org ) ។