« ថ្ងៃទី ១០–១៦ ខែ សីហា ។ អាលម៉ា ៥៣–៦៣ ៖ ‹ រក្សាដោយព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១០–១៦ ខែ សីហា ។ អាលម៉ា ៥៣–៦៣ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១០–១៦ ខែ សីហា
អាលម៉ា ៥៣–៦៣
« រក្សាដោយព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ »
នៅពេលអ្នកស្វែងរកគំនិតបង្រៀននៅក្នុងគម្រោងមេរៀននេះ សូមគិតពីអ្វីដែលនឹងស័ក្ដិសមនៅក្នុងថ្នាក់រៀនរបស់អ្នក ហើយសម្រប ឬកែសម្រួលសកម្មភាពនានាដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់សិស្ស ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ដើម្បីលើកទឹកចិត្តសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀនមកពី អាលម៉ា ៥៣–៦៣ អ្នកអាចសុំឲ្យពួកគេមើលត្រួសៗនូវជំពូកទាំងនេះ ហើយស្វែងរកខគម្ពីរមួយដែលពួកគេអាចចែកចាយជាមួយនឹងមនុស្សម្នាក់ដែលកំពុងជួបឧបសគ្គ ។ សូមអញ្ជើញពួកគេឲ្យចែកចាយខគម្ពីរទាំងនេះជាមួយនឹងមនុស្សម្នាក់ដែលពុំមែនជាសិស្សនៅក្នុងថ្នាក់ ។
បង្រៀនគោលលទ្ធិ
អាលម៉ា ៥៣:១៧–២១, ៥៦:៤៣–៤៨, ៥៥–៥៦, ៥៧:២០–២៧, ៥៨:៣៩–៤០
នៅពេលយើងអនុវត្តសេចក្ដីជំនឿ ហើយទុកចិត្តលើព្រះ នោះទ្រង់នឹងពង្រឹងយើង ។
-
អ្នកអាចធ្វើឲ្យការពិភាក្សាក្នុងថ្នាក់របស់អ្នកអំពីកងទ័ពរបស់ហេលេមិនកាន់តែមានភាពប្រសើរឡើង ដោយគូរនូវអ្វីដែលសិស្សបានរៀននៅឯគេហដ្ឋាន ។ វិធីមួយដើម្បីធ្វើកិច្ចការនេះបាន វាអាចជាការអញ្ជើញសិស្សឲ្យចែកចាយពីបុគ្គលិកលក្ខណៈនៃពួកកងទ័ពកម្លោះដែលធ្វើឲ្យពួកគេចាប់អារម្មណ៍ ( បុគ្គលិកលក្ខណៈទាំងនេះមួយចំនួនអាចមាននៅក្នុង អាលម៉ា ៥៣:១៧–២១, ៥៦:៤៥–៤៨, ៥៧:២០–២១, ២៦–២៧, ៥៨:៤០ ) ។ តើបុគ្គលិកលក្ខណៈទាំងនេះបានជួយពួកកងទ័ពកម្លោះនៅក្នុងចម្បាំងរបស់ពួកគេតាមរបៀបណា ? តើវាអាចជួយយើងអំឡុងចម្បាំងខាងវិញ្ញាណរបស់យើងតាមរបៀបណា ? សិស្សក៏អាចចែកចាយដំណើររឿងអំពី « ពួកកងទ័ពកម្លោះ » នៅសម័យទំនើបផងដែរ ។
-
ប្រហែលជាឪពុកម្ដាយនៅក្នុងថ្នាក់រៀនរបស់អ្នកសង្ឃឹមថា កូនចៅរបស់ពួកគេនឹងអភិវឌ្ឍសេចក្ដីជំនឿដូចជាកងទ័ពវ័យក្មេងរបស់ហេលេមិនដែរ ។ ដើម្បីជួយឪពុកម្ដាយ និងឪពុកម្ដាយនាពេលអនាគតនៅក្នុងថ្នាក់រៀនរបស់អ្នកឲ្យរៀនពីដំណើររឿងនេះ អ្នកអាចរៀបចំការពិភាក្សាមួយដែលមានសិស្សបីបួននាក់ចូលរួម ដែលពួកគេអាចចែកចាយគំនិតអំពីការស្ថាបនាសេចក្ដីជំនឿរបស់កុមារ ។ សូមឲ្យសិស្សដែលធ្វើការពិភាក្សាគ្នាអាននូវ អាលម៉ា ៥៦:៤៧–៤៨ និង ៥៧:២០–២៧ ទុកជាមុន ហើយរៀបចំខ្លួនដើម្បីចែកចាយការយល់ដឹងអំពីអ្វីដែលបានជួយពួកកងទ័ពកម្លោះអភិវឌ្ឍសេចក្ដីជំនឿ ។ សូមទុកពេលឲ្យសិស្សក្នុងថ្នាក់ចែកចាយការយល់ដឹងរបស់ពួកគេ នៅពេលសិស្សដែលធ្វើការពិភាក្សាគ្នាបញ្ចេញគំនិតរបស់ពួកគេ ។ ធនធានផ្សេងទៀតដែលអាចជួយដល់ការពិភាក្សានេះបានរួមមាន ប្រសាសន៍របស់ស៊ិស្ទើរ ចយ ឌី ចូនស៍ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » និងសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « A Plea to My Sisters » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៥–៩៧ ) ។ នៅចុងបញ្ចប់នៃការពិភាក្សានេះ អ្នកទុកពេលឲ្យសិស្សពីរបីនាទីដើម្បីពិចារណាពីសំណួរដូចតទៅនេះ ៖តើនរណាខ្លះអាចពឹងផ្អែកលើទីបន្ទាល់របស់អ្នក ? តើអ្នកអាចនិយាយ ហើយធ្វើអ្វីខ្លះដើម្បីពង្រឹងដល់ពួកគេ ?
យើងអាចជ្រើសរើសដើម្បីគិតពីចំណុចល្អបំផុតរបស់មនុស្សដទៃ ហើយពុំអាក់អន់ចិត្ត ។
-
ប្រតិកម្មរបស់ហេលេមិន នៅពេលទ័ពរបស់គាត់ពុំទទួលបានការគាំទ្រអាចជាគំរូមួយដ៏មានអនុភាពសម្រាប់យើង នៅពេលយើងមានអារម្មណ៍ថាមនុស្សដទៃធ្វើខុសចំពោះយើង ។ ដើម្បីលើកទឹកចិត្តឲ្យមានការពិភាក្សាមួយអំពីគំរូរបស់លោក អ្នកអាចអញ្ជើញសិស្សម្នាក់ឲ្យរៀបចំខ្លួនមកថ្នាក់រៀនដើម្បីសង្ខេបពីស្ថានភាពរបស់ហេលេមិន និងហេតុផលដែលការគ្រប់គ្រងនោះពុំបានឆ្លើយបតដល់សេចក្ដីត្រូវការរបស់លោក ( សូមមើល អាលម៉ា ៥៨:១–៩, ៣០–៣៧, ៦១:២–៨ ) ។ អ្នកអាចសរសេរនៅលើក្ដារខៀនថា ចម្លើយរបស់ហេលេមិន និង ចម្លើយផ្សេងទៀតដែលអាចមាន ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវនៅក្នុង អាលម៉ា ៥៨:១–១២ និង ៣០–៣៧ ហើយសរសេរនៅពីក្រោមចំណងជើងនីមួយៗនូវអ្វីដែលហេលេមិនបានគិត បាននិយាយ ហើយបានធ្វើដើម្បីឆ្លើយតបនឹងស្ថានភាពរបស់លោក ហើយផ្ទុយទៅវិញ តើអ្វីខ្លះដែលលោកគួរគិត និយាយ ឬធ្វើ ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើតាមគំរូរបស់ហេលេមិន នៅពេលយើងមានអារម្មណ៍ថា មានគេធ្វើខុសចំពោះយើង ឬស្ដីប្រមាថឲ្យ ?
-
នៅពេលមរ៉ូណៃបានរិះគន់ដល់ពេហូរ៉ាន នៅក្នុង អាលម៉ា ៦០ ពេហូរ៉ានអាចជ្រើសរើសយកការអាក់អន់ចិត្តបាន ។ ប៉ុន្តែផ្ទុយទៅវិញ លោកបានតបថា លោក « មិនខឹងទេ » ប៉ុន្តែ « [ អររីករាយ ] » នៅក្នុងចិត្តដ៏ខ្ពង់ខ្ពស់[ របស់មរ៉ូណៃ ] » ( អាលម៉ា ៦១:៩ ) ។ ដើម្បីជួយសិស្សរៀនពីគំរូរបស់ ពេហូរ៉ាន អ្នកអាចសុំឲ្យពួកគេនឹកស្រមៃថា ពួកគេត្រូវបានសុំឲ្យសរសេរអត្ថបទមួយឲ្យទស្សនាវដ្ដីមួយរបស់សាសនាចក្រ ដែលលើកឡើងពីគំរូរបស់ពេហូរ៉ាននៅក្នុងអាលម៉ា ៦១ ដើម្បីបង្រៀនពីរបៀបចៀសវាងនូវការអាក់អន់ចិត្តដោយសារមនុស្សដទៃ ។ បន្ទាប់មក អ្នកអាចបំបែកសិស្សជាពីរក្រុម ហើយសុំឲ្យពួកគេអាន អាលម៉ា ៦១:៣–១៤ ហើយសរសេរចំណុចមួយចំនួនដែលពួកគេអាចដាក់បញ្ចូលនៅក្នុងអត្ថបទរបស់ពួកគេ ។ ការប្រឹក្សារបស់អែលឌើរ ដាវីឌ អេ បែដណា នៅក្នុង« ធនធានបន្ថែមទាំងឡាយ » អាចជួយបាន ។
យើងមានការទទួលខុសត្រូវមួយដើម្បីលើកស្ទួយមនុស្សនៅជុំវិញខ្លួនយើង ។
-
មរ៉ូណៃបានសរសេរថា ព្រះនឹងធ្វើឲ្យពេហូរ៉ានទទួលខុសត្រូវ ប្រសិនបើលោកពុំខ្វល់ខ្វាយពីសេចក្ដីត្រូវការរបស់កងទ័ពសាសន៍នីហ្វៃដោយចេតនានោះ ។ សូមពិចារណាអញ្ជើញសិស្សឲ្យអាន អាលម៉ា ៦០:៧–១៤ រួមគ្នា រួចហើយសុំឲ្យពួកគេគិតអំពីមនុស្សម្នាក់ដែលពួកគេស្គាល់ ដែលអាចមានការខ្វះខាត ហើយកំពុងមានអារម្មណ៍ថា ត្រូវបានគេស្ដីប្រមាថ ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីដឹង ហើយបំពេញសេចក្ដីត្រូវការរបស់មនុស្សដទៃ ? តើមនុស្សដទៃ រួមទាំងបងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើបានបំពេញសេចក្ដីត្រូវការរបស់យើងតាមរបៀបណា ?
យើងគួរចងចាំព្រះអម្ចាស់នៅអំឡុងគ្រានៃទុក្ខវេទនា និងគ្រារុងរឿង ។
-
ប្រតិកម្មរបស់សាសន៍នីហ្វៃចំពោះគ្រាដ៏លំបាក និងគ្រាដ៏រុងរឿង ( សូមមើល អាលម៉ា ៦២:៣៩–៤១, ៤៨–៥១ ) បង្ហាញថា យើងអាចជ្រើសរើសដើម្បីមានចិត្តរាបសា មិនថាយើងកំពុងជួបនឹងទុក្ខវេទនា ឬភាពរុងរឿងអ្វីនោះទេ ។ អ្នកអាចអញ្ជើញសិស្សឲ្យអានខគម្ពីរទាំងនេះ ហើយចែកចាយអ្វីដែលធ្វើឲ្យពួកគេចាប់អារម្មណ៍ ។ អ្នកអាចអញ្ជើញពួកគេឲ្យពិភាក្សាជាគូពីគំនិតរបស់ពួកគេ ពីមុនសុំឲ្យសិស្សពីរបីនាក់ចែកចាយជាមួយនឹងសិស្សក្នុងថ្នាក់ទាំងមូល ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីបំផុសឲ្យមានចំណាប់អារម្មណ៍នៅក្នុង ហេលេមិន ១–៦ អ្នកអាចពន្យល់ដល់សិស្សថា នៅក្នុងជំពូកទាំងនេះពួកសាសន៍នីហ្វៃបានក្លាយជាពួកទុច្ចរិត ហើយពួកសាសន៍លេមិនបានក្លាយជាពួកសុចរិតវិញ ។ ការប្រែក្រឡាស់តួនាទីនេះមានមេរៀនសំខាន់ៗសម្រាប់យើងនៅក្នុងថ្ងៃចុងក្រោយដ៏គ្រោះថ្នាក់ទាំងនេះ ។
ធនធានបន្ថែមទាំងឡាយ
ការធ្វើឲ្យកូនៗរបស់យើងមានភាពធន់នឹងអំពើបាប ។
ស៊ិស្ទើរ ចយ ឌី ចូនស៍ ប្រធានអង្គការបឋមសិក្សាទូទៅ បានចែកចាយគន្លឹះដូចតទៅនេះដើម្បីចិញ្ចឹមបីបាច់ « ជំនាន់ទប់ទល់នឹងអំពើបាប » ៖
« ដើម្បីចាប់ផ្ដើម …យើងត្រូវតែជួយ [ កូនចៅរបស់យើង ] ឲ្យដឹងដោយគ្មានចម្ងល់ថាពួកគេជាបុត្រា និងបុត្រីរបស់ព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ហើយថាទ្រង់មានការរំពឹងទុកដ៏ទេវភាពពីពួកគេ ។
« ទីពីរ ការយល់ពីគោលលទ្ធិនៃការប្រែចិត្ត គឺសំខាន់ណាស់ដើម្បីធ្វើជាអ្នកទប់ទល់នឹងអំពើបាប ។ ការធ្វើជាអ្នកទប់ទល់នឹងអំពើបាប ពុំមានន័យថាត្រូវគ្មានអំពើបាបសោះនោះទេ ប៉ុន្តែវាបង្ហាញពីការប្រែចិត្ត ការយកចិត្តទុកដាក់ និងការមានភាពស័ក្ដិសមជាបន្ដបន្ទាប់ ។ ប្រហែលជាការធ្វើជាអ្នកទប់ទល់នឹងអំពើបាបកើតចេញជាពរជ័យមួយមកពីការទប់ទល់អំពើបាបដដែលៗ ។ …
« …ដូច្នេះគន្លឹះទីបីដើម្បីជួយកុមារតូចៗក្លាយជាអ្នកទប់ទល់នឹងអំពើបាប គឺត្រូវចាប់ផ្ដើមតាំងពីវ័យក្មេងឲ្យចេះស្រឡាញ់គោលលទ្ធិ និងគោលការណ៍គ្រឹះនៃដំណឹងល្អ—តាមរយៈព្រះគម្ពីរ មាត្រានៃសេចក្តីជំនឿ កូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ចម្រៀងកុមារ ទំនុកតម្កើង និងទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើង—ដែលនឹងដឹកនាំកុមារតូចៗទៅរកព្រះអង្គសង្គ្រោះ ។ …
« … ការជួយកុមារតូចៗឲ្យយល់ ធ្វើ និងរក្សាសេចក្ដីសញ្ញាពិសិដ្ឋ គឺជាគន្លឹះមួយទៀតនៅក្នុងការបង្កើតជំនាន់ទប់ទល់នឹងអំពើបាប ។… ការបង្រៀនកុមារតូចៗឲ្យរក្សាការសន្យាសាមញ្ញៗនៅពេលពួកគេនៅក្មេង នឹងអនុញ្ញាតឲ្យពួកគេរក្សាសេចក្ដីសញ្ញាបរិសុទ្ធក្នុងជីវិតនាពេលអនាគត » ( « A Sin–Resistant Generation » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៨៨–៨៩ ) ។
របៀបចៀសវាងពីការអាក់អន់ចិត្ត ។
នៅក្នុងសារលិខិតរបស់លោក « And Nothing Shall Offend Them » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨៩–៩២ ) អែលឌើរ ដាវីឌ អេ បែដណា ផ្ដល់ការប្រឹក្សាដូចតទៅនេះ ៖
-
សូមស្គាល់ថា ការអាក់អន់ចិត្តគឺជាការជ្រើសរើសមួយ ។ « ការជឿថា មនុស្សម្នាក់ ឬអ្វីមួយអាច ធ្វើ ឲ្យយើងអាក់អន់ចិត្ត ខឹង ឈឺចាប់ ឬល្វីងជូរចត់ នឹងបំផ្លាញសិទ្ធិសេរីភាពខាងសីលធម៌របស់យើង ហើយកែប្រែយើងទៅជាវត្ថុដែលរងអំពើទៅវិញ ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាភ្នាក់ងារអ្នកនិងខ្ញុំ មានអំណាចដើម្បីធ្វើសកម្មភាព និងជ្រើសរើសនូវរបៀបដែលយើងនឹងឆ្លើយតបចំពោះស្ថានភាពដែលអាក់អន់ចិត្ត ឬ ប្រកបដោយការឈឺចាប់នោះ » ។
-
ចូរមើលទៅព្រះអង្គសង្គ្រោះ ។ « ព្រះអង្គសង្គ្រោះគឺជាគំរូដ៏អស្ចារ្យបំផុតពីរបៀបដែលយើងគួរឆ្លើយតបទៅនឹងព្រឹត្តិការណ៍ ឬស្ថានភាពដែលធ្វើឲ្យអាក់អន់ចិត្ត » [ សូមមើល នីហ្វៃទី ១ ១៩:៩ ] ។
-
ចូរមានការយល់ដឹងពីភាពទន់ខ្សោយរបស់មនុស្សដទៃ ។ « អ្នកលះបង់ដ៏អស្ចារ្យម្នាក់នៃការធំធាត់ខាងវិញ្ញាណរបស់យើងផ្ទាល់ត្រូវបានបង្ហាញនៅក្នុងរបៀបដែលយើងតបតនឹងភាពទន់ខ្សោយ ការគ្មានបទពិសោធន៍ និងសកម្មភាពចោទប្រកាន់ដ៏ខ្លាំងពីអ្នកដទៃ » ។
-
ធ្វើការប្រាស្រ័យទាក់ទងដោយផ្ទាល់ ។ « ប្រសិនបើមនុស្សម្នាក់និយាយ ឬធ្វើអ្វីៗដែលយើងគិតថាអាក់អន់ចិត្តដល់យើង នោះកាតព្វកិច្ចដំបូងរបស់យើងគឺបដិសេធការអាក់អន់ចិត្តនោះ ហើយក្រោយមកនិយាយដោយសម្ងាត់ ស្មោះត្រង់ និង ដោយផ្ទាល់ជាមួយបុគ្គលនោះ ។ ការចាប់ផ្ដើមមួយបែបនេះយាងអញ្ជើញការបំផុសគំនិតមកពីព្រះវិញ្ញាណ ហើយអនុញ្ញាតឲ្យការយល់ខុសមានភាពជ្រះស្រឡះ ហើយយល់ពីចេតនាពិត » ។