« ថ្ងៃទី ៣–៩ ខែ សីហា ។ អាលម៉ា ៤៣–៥២ ៖ ‹ ឈរឲ្យខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៣–៩ ខែ សីហា ។ អាលម៉ា ៤៣–៥២ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ៣–៩ ខែ សីហា
អាលម៉ា ៤៣–៥២
« ឈរឲ្យខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ »
ក្រៅពីការរំឭកសកម្មភាពដែលបានណែនាំនៅត្រង់នេះ សូមស្វែងរកការបំផុសគំនិតរបស់អ្នកផ្ទាល់ នៅពេលអ្នកសិក្សា អាលម៉ា ៤៣–៥២ ប្រកបដោយការអធិស្ឋាន ហើយគិតពីរបៀបដើម្បីជួយសិស្សឲ្យរកឃើញគោលលទ្ធិដែលបានបង្រៀន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ដើម្បីជួយសិស្សឲ្យចែកចាយអ្វីដែលពួកគេកំពុងរៀននៅក្នុង អាលម៉ា ៤៣–៥២ អ្នកអាចសួរពួកគេពីរបៀបដែលពួកគេនឹងតបទៅមនុស្សម្នាក់ដែលនិយាយថា « ខ្ញុំមើលពុំឃើញថា សង្គ្រាមដែលបានរៀបរាប់នៅក្នុងព្រះគម្ពីរមរមនមានទំនាក់ទំនងនៅក្នុងជីវិតរបស់យើងយ៉ាងណានោះទេ » ។
បង្រៀនគោលលទ្ធិ
ចម្បាំងនៅក្នុងព្រះគម្ពីរមរមនបង្រៀនយើងអំពីចម្បាំងរបស់យើងជាមួយនឹងអំពើអាក្រក់ ។
-
នៅក្នុងការសិក្សារបស់ពួកគេផ្ទាល់ និងជាគ្រួសារនៅសប្ដាហ៍នេះ សិស្សប្រហែលជាបានពិចារណា ឬបានកត់ត្រាគំនិតរបស់ពួកគេអំពីរបៀបដែលពួកសាសន៍នីហ្វៃបានការពារខ្លួនឯងយ៉ាងជោគជ័យទាស់នឹងពួកសាសន៍លេមិន និងរបៀបដែលពួកសាសន៍លេមិនបានប្រហារពួកសាសន៍នីហ្វៃ ។ ប្រសិនបើសិស្សពុំបានធ្វើកិច្ចការនេះនៅឯគេហដ្ឋានទេ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ ឬអ្នកអាចទុកពេលឲ្យសិស្សស្វែងរកការយល់ដឹងទាំងនេះនៅក្នុងថ្នាក់ ដោយប្រើបទគម្ពីរដែលមាននៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ នៅពេលសិស្សចែកចាយអ្វីដែលពួកគេរកឃើញ សូមលើកទឹកចិត្តពួកគេឲ្យពិភាក្សាពីរបៀបដែលយើងអាចធ្វើតាមគំរូរបស់ពួកសាសន៍នីហ្វៃក្នុងការការពារខ្លួនឯងទាស់នឹងអំពើអាក្រក់ និងរបៀបដែលយើងអាចស្គាល់ពីការវាយប្រហាររបស់សាតាំងមកលើយើង ។
ប្រសិនបើយើងក្លាហាននៅក្នុងការការពារសេចក្ដីជំនឿរបស់យើង យើងអាចបំផុសគំនិតមនុស្សដទៃឲ្យមានភាពស្មោះត្រង់ ។
-
តើអ្នកអាចជួយសិស្សឲ្យធ្វើតាមគំរូរបស់មរ៉ូណៃដើម្បីការពារសេចក្ដីជំនឿរបស់ពួកគេដោយក្លាហាននៅក្នុងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ? សិស្សអាចអាន អាលម៉ា ៤៦:១១–២២ ហើយស្គាល់ពីអ្វីដែលមរ៉ូណៃបានធ្វើ និងអ្វីដែលលោកបានបង្រៀន ដែលវាបានបំផុសគំនិតប្រជាជនរបស់លោកឲ្យកាន់តែមានភាពស្មោះត្រង់ ។ អ្នកអាចសរសេរចំណុចទាំងនេះនៅលើក្ដារខៀននៅក្រោមចំណងជើងថា គំរូរបស់មរ៉ូណៃ ។ បន្ទាប់មក អ្នកអាចសុំឲ្យសិស្សពិចារណាចំពោះទង្វើរបស់មរ៉ូណៃ ហើយផ្ដល់យោបល់នូវអ្វីដែលយើងអាចធ្វើនាសព្វថ្ងៃនេះដើម្បីការពារជំនឿរបស់យើង ។ អ្នកអាចសរសេរការយល់ដឹងរបស់ពួកគេនៅក្រោមចំណងជើងថា ការការពារដំណឹងល្អនៅសព្វថ្ងៃនេះដោយក្លាហាន ។ តើសេចក្ដីពិត និងតម្លៃអ្វីខ្លះដែលព្យាការីរបស់យើងបានបង្រៀនយើងថ្មីៗនេះ ដែលយើងគួរបង្រៀន ហើយការពារ ?
-
តើអ្នកអាចជួយសិស្សឲ្យអនុវត្តអ្វីដែលមរ៉ូណៃបានធ្វើជាមួយនឹងទង់ឥស្សរភាពទៅនឹងជីវិតរបស់ពួកគេផ្ទាល់យ៉ាងដូចម្ដេច ? សូមអញ្ជើញពួកគេអាន អាលម៉ា ៤៦:១១–២២ ហើយស្គាល់ពីសេចក្ដីពិតដែលមរ៉ូណៃបានបង្រៀន ហើយបានសុំការគាំទ្រពីប្រជាជនរបស់លោក ។ តើសេចក្ដីពិត និងតម្លៃអ្វីខ្លះដែលថ្នាក់ដឹកនាំសាសនាចក្ររបស់យើងបានគូសបញ្ជាក់នៅសម័យរបស់យើង ? ( អ្នកអាចរំឭកវាមួយចំនួននៅក្នុង ដើម្បីកម្លាំងនៃយុវជន, « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ឬសារលិខិតសន្និសីទទូទៅថ្មីៗ ) ។ តើយើងមានឧបសគ្គអ្វីខ្លះនៅក្នុងការការពារជំនឿរបស់យើងនៅក្នុងពិភពលោកសព្វថ្ងៃនេះ ? តើយើងអាចរៀនអ្វីខ្លះមកពីគំរូរបស់មរ៉ូណៃ ? សូមទុកពេលឲ្យសិស្សបង្កើតទង់ឥស្សរភាពរបស់ពួកគេផ្ទាល់ដែលអាចរំឭកពួកគេឲ្យរស់នៅដោយក្លាហាន ហើយការពារជំនឿរបស់ពួកគេ ។
សាតាំងល្បួង ហើយបោកបញ្ឆោតយើងបន្តិចម្ដងៗ ។
-
សិស្សរបស់អ្នកទទួលបានអត្ថប្រយោជន៍មកពីការសិក្សា អាលម៉ា ៤៧ ដែលបង្ហាញពីរបៀបដែលការក្បត់របស់អាម៉ាលិកាយ ស្រដៀងទៅនឹងអ្វីដែលសាតាំងធ្វើដើម្បីបោកបញ្ឆោតយើង ។ អ្នកអាចចាប់ផ្ដើមដោយសុំឲ្យសិស្សម្នាក់សង្ខេបដំណើររឿងដែលមាននៅក្នុង អាលម៉ា ៤៧ ។ ដើម្បីឲ្យវាកាន់តែមានចំណាប់អារម្មណ៍ អ្នកអាចអញ្ជើញសិស្សពីរនាក់ឲ្យនឹកស្រមៃថា ពួកគេគឺជាអាម៉ាលិកាយ និងលីហុនតៃ ហើយប្រាប់ពីដំណើររឿងនោះ ។ តើអាម៉ាលិកាយបានធ្វើអ្វីខ្លះដែលវារំឭកយើងពីរឿងដែលសាតាំងធ្វើដើម្បីល្បួង ហើយបោកបញ្ឆោតយើង ? សូមលើកទឹកចិត្តសិស្សឲ្យយោងទៅខគម្ពីរជាក់លាក់ នៅពេលពួកគេពិភាក្សាពីសំណួរនេះ ។ សេចក្ដីដកស្រង់នៅក្នុង « ធនធានបន្ថែមទាំងឡាយ » មាននូវគំរូដ៏ល្អមួយទៀតអំពីរបៀបដែលសាតាំងបោកបញ្ឆោតយើង ។ តើពាក្យទូន្មានអ្វីខ្លះដែលយើងអាចឲ្យគ្នាទៅវិញទៅមក ដើម្បីជួយយើងឲ្យដឹងពីរបៀបដែលសាតាំងល្បួងយើងសព្វថ្ងៃនេះ ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីការពារខ្លួនយើង ?
នៅពេលយើងខិតខំធ្វើជាមនុស្សស្មោះត្រង់ដូចជា មរ៉ូណៃ យើងនឹងប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។
-
ការពិភាក្សាមួយអំពីឥរិយាបថរបស់មរ៉ូណៃអាចបំផុសគំនិតសិស្សឲ្យខិតខំធ្វើតាមគំរូរបស់លោក ។ អ្នកអាចចាប់ផ្ដើមដោយបង្ហាញរូបរបស់មរ៉ូណៃ ដូចជារូបភាពមួយនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យសិក្សា អាលម៉ា ៤៤:៣–៤ និង ៤៨:៧–១៣ ហើយសរសេរពាក្យ និងឃ្លានៅលើក្ដារខៀនដែលពិពណ៌នាអំពីមរ៉ូណៃ ។ បន្ទាប់មក អ្នកអាចអានអាលម៉ា ៤៨:១៧រួមគ្នា ហើយពិភាក្សាពីរបៀបដែលឥរិយាបថរបស់មរ៉ូណៃ ដូចជាអ្វីដែលបានសរសេរនៅលើក្ដារខៀន បានអនុញ្ញាតឲ្យលោកយកឈ្នះលើឥទ្ធិពលរបស់សាតាំង ហើយប្រែក្លាយជាដូចជាព្រះគ្រីស្ទ ។ តើយើងអាចក្លាយកាន់តែដូចជាមរ៉ូណៃយ៉ាងដូចម្តេច ?
យើងអាចការពារខ្លួនយើង និងក្រុមគ្រួសាររបស់យើងពីមារសត្រូវ ។
-
សិស្សរបស់អ្នកអាចទទួលបានអត្ថប្រយោជន៍មកពីការស្ដាប់ឮពីគ្នាទៅវិញទៅមក និយាយអំពីរបៀបដែលពួកគេអាចការពារខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេពីការបោកបញ្ឆោត និងការល្បួងរបស់សាតាំង ។ ដើម្បីបំផុសគំនិតឲ្យមានការពិភាក្សាមួយបែបនេះ អ្នកអាចអាន អាលម៉ា ៤៨:៧–៩, ៤៩:១–៩ និង ៥០:១–៦ រួមគ្នា ។ នៅពេលយើងគិតពីសេចក្ដីត្រូវការរបស់យើងសម្រាប់ការការពារខាងវិញ្ញាណពីអំពើបាប តើយើងអាចរៀនអ្វីខ្លះមកពីការខិតខំប្រឹងប្រែងរបស់ពួកសាសន៍នីហ្វៃដើម្បីការពារខ្លួនឯង ? តើយើងអាចបង្កើតការការពារខាងវិញ្ញាណដើម្បីការពារខ្លួនយើង និងក្រុមគ្រួសាររបស់យើងពីអំពើបាប និងឥទ្ធិពលអាក្រក់តាមរបៀបណា ? សូមលើកទឹកចិត្តសិស្សឲ្យចែកចាយគំនិតដែលបានជួយដល់ពួកគេ ។ ហេតុអ្វីវាមានសារៈសំខាន់ដើម្បី « ពុំបានឈប់ធ្វើការរៀបចំ » ខ្លួន ? ( អាលម៉ា ៥០:១ ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
វិធីមួយដើម្បីលើកទឹកចិត្តសិស្សឲ្យអាន អាលម៉ា ៥៣–៦៣ អាចជាការប្រាប់ពួកគេថា ដំណើររឿងនៅក្នុងជំពូកទាំងនេះអាចបំផុសគំនិតពួកគេ និងក្រុមគ្រួសាររបស់ពួកគេឲ្យកាន់តែមានការគោរពប្រតិបត្តិ ហើយអភិវឌ្ឍសេចក្ដីជំនឿកាន់តែខ្លាំង ។
ធនធានបន្ថែមទាំងឡាយ
លទ្ធផលនៃការចុះញ៉មនឹងការល្បួងតូចតាច ។
ដើម្បីបង្រៀនថា « អំពើបាបធ្ងន់ធ្ងរចូលមកក្នុងជីវិតរបស់យើង នៅពេលយើងងាកទៅរកការល្បួងតូចតាចជាមុនសិននោះ » ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានចែកចាយរឿងព្រេងនេះថា
« មានសត្វអូដ្ឋ [ មួយ ] ក្បាល និងម្ចាស់របស់វា … កំពុងធ្វើដំណើរកាត់វាលខ្សាច់ កាលខ្យល់ព្យុះមួយកំពុងបក់បោកមក ។ អ្នកធ្វើដំណើររូបនោះបានប្រញ៉ាប់ប្រញ៉ាល់បោះតង់របស់គាត់ ហើយចូលទៅសម្រាកនៅក្នុងតង់នោះ ដោយបិទតង់នោះជិតដើម្បីការពារពីខ្យល់ព្យុះដ៏ខ្លាំងនោះ ។ ប្រាកដណាស់ សត្វអូដ្ឋត្រូវបានទុកចោលឲ្យនៅខាងក្រៅ ហើយនៅពេលខ្យល់ដ៏ខ្លាំងនោះបានបក់បោកមក ខ្សាច់បានហើរមកប៉ះនឹងខ្លួនរបស់វា ព្រមទាំងចូលទៅក្នុងភ្នែក និងរន្ធច្រមុះរបស់វារហូតដល់វាពុំអាចទ្រាំទ្របាន ហើយទីបំផុតវាបានសូមអង្វរដើម្បីចូលទៅក្នុងតង់នោះដែរ ។
អ្នកធ្វើដំណើរបានតបថា « ‹ មានកន្លែងសម្រាប់យើងតែម្នាក់ប៉ុណ្ណោះ › ។
សត្វអូដ្ឋបានសួរថា « ‹ ប៉ុន្តែតើខ្ញុំគ្រាន់តែដាក់ច្រមុះរបស់ខ្ញុំចូលបានទេ ដើម្បីខ្ញុំអាចដកដង្ហើមបាន ដោយមិនឲ្យខ្សាច់ហុយចូល ? ›
អ្នកដំណើរនោះបានតបថា « ‹ ប្រហែលជាឯងអាចដាក់ច្រមុះឯងចូលបាន › រួចគាត់បានបើកមាត់តង់បន្តិច ឲ្យសត្វអូដ្ឋដាក់ច្រមុះវាចូលទៅក្នុង ។ ឥឡូវនេះសត្វអូដ្ឋនោះមានភាពស្រណុកចិត្តអ្វីម្ល៉េះទេ ! ប៉ុន្តែរំពេចក្រោយមក សត្វអូដ្ឋនោះមានការព្រួយបារម្ភខ្លាចខ្សាច់ហើរមកចូលភ្នែក និងត្រចៀករបស់វា … ៖
« ‹ ខ្សាច់ដែលរសាត់តាមខ្យល់ប្រៀបបាននឹងបន្លាមួយនៅលើក្បាលរបស់ខ្ញុំ ។ តើខ្ញុំអាចសុំដាក់ក្បាលខ្ញុំចូលបានទេ ? ›
« ជាថ្មីម្ដងទៀត អ្នកធ្វើដំណើរនោះបានគិតថា ការយល់ព្រមឲ្យសត្វអូដ្ឋដាក់ក្បាលវាចូលមកខាងក្នុងនឹងពុំធ្វើឲ្យគាត់ខូចខាតអ្វីឡើយ ដោយសារក្បាលវានៅផ្នែកខាងលើនៃតង់នោះ ហើយជាផ្នែកដែលគាត់ពុំបានប្រើប្រាស់ទេ ។ ដូច្នេះសត្វអូដ្ឋក៏បានដាក់ក្បាលវាចូលទៅក្នុងខាងក្នុង ហើយវាក៏មានចិត្តរីករាយជាថ្មីម្ដងទៀត—ប៉ុន្តែបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ។
វាបានអង្វរថា « ‹ តើខ្ញុំអាចដាក់ជើងខាងមុខរបស់ខ្ញុំចូលបានទេ › ហើយជាថ្មីម្ដងទៀត អ្នកដំណើរនោះបានយល់ព្រម ហើយរំពេចនោះសត្វអូដ្ឋបានឱនដាក់ស្មា និងជើងខាងមុខចូលទៅក្នុងតង់នោះ ។ នៅទីបំផុត តាមរបៀបដដែលៗនៃការទទួចអង្វរ នោះសត្វអូដ្ឋបានដាក់ខ្លួនវាទាំងមូលចូលទៅក្នុងតង់នោះ ។ ប៉ុន្តែឥឡូវនេះវាមានភាពចង្អៀតណាស់នៅក្នុងតង់នោះដោយមានអ្នកដំណើរនិងសត្វអូដ្ឋនោះ ហើយសត្វអូដ្ឋបានធាក់អ្នកធ្វើដំណើរចេញមកខាងក្រៅប៉ះនឹងខ្យល់ព្យុះដែលកំពុងបក់បោក » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ២០០៦ ] ទំព័រ១០៦–៧ ) ។