« ថ្ងៃទី ៣–៩ ខែ សីហា ។ អាលម៉ា ៤៣–៥២ ៖ ‹ ឈរឲ្យខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៣–៩ ខែ សីហា ។ អាលម៉ា ៤៣–៥២ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ៣–៩ ខែ សីហា
អាលម៉ា ៤៣–៥២
« ឈរឲ្យខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ »
វាហាក់ដូចជាព្រឹត្តិការណ៍ទាំងនេះពិពណ៌នានៅក្នុង អាលម៉ា ៤៣–៥២ គឺពុំទាក់ទងនឹងបងប្អូនសោះឡើយ ។ ប៉ុន្តែនៅក្នុងគ្រប់ខគម្ពីរទាំងអស់ ព្រះអម្ចាស់មានសារលិខិតមួយសម្រាប់បងប្អូន ។ សូមស្វែងរកវាប្រកបដោយការអធិស្ឋាន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅពេលយើងអានពាក្យសម្ដីទាំងនេះនៅដើមជំពូក អាលម៉ា ជំពូក ៤៣— « ហើយឥឡូវនេះ ខ្ញុំត្រឡប់មកនិយាយអំពីសង្គ្រាមទាំងឡាយរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនវិញ » —វាគឺជារឿងធម្មតាដែលយើងងឿងឆ្ងល់ថា ហេតុអ្វីមរមនបានដាក់បញ្ចូលដំណើររឿងអំពីសង្គ្រាមទាំងនេះក្នុងផ្ទាំងចំណារ កាលដែលលោកមានកន្លែងមានកំណត់នៅក្នុងផ្ទាំងចំណារនេះដូច្នេះ ( សូមមើល ពាក្យសម្ដីនៃមរមន ១:៥ ) ។ វាជាការពិតដែលយើងមានសង្គ្រាមដូចគ្នានៅក្នុងថ្ងៃចុងក្រោយរបស់យើង ប៉ុន្តែមានគុណតម្លៃនៅក្នុងពាក្យសម្ដីរបស់លោក ហួសពីការពិពណ៌នាអំពីយុទ្ធសាស្ត្រ និងសោកនាដកម្មនៃសង្គ្រាម ។ ពាក្យសម្ដីរបស់លោក ក៏បានរៀបចំយើងសម្រាប់សង្គ្រាមដែល « យើងទាំងអស់ជាទាហាន » ( ទំនុកតម្កើង លេខ ១៥៦ ) សង្គ្រាមដែលយើងកំពុងប្រយុទ្ធរាល់ថ្ងៃគឺប្រយុទ្ធទាស់នឹងកម្លាំងនៃសេចក្ដីអាក្រក់ ។ សង្គ្រាមនេះគឺមានពិត ហើយមានលទ្ធផលជះឥទ្ធិពលដល់ជីវិតអស់កល្បជានិច្ចរបស់យើង ។ ដូចជាពួកសាសន៍នីហ្វៃ យើង « ត្រូវបានលើកទឹកចិត្តដោយហេតុមួយដ៏ប្រសើរលើសលែងទៅទៀត » ដែលជា « ព្រះរបស់យើង សាសនា និងសេរីភាពរបស់យើង និងសេចក្ដីសុខសាន្ដរបស់យើង [ គ្រួសារ ] របស់យើង »។ មរ៉ូណៃបានហៅការណ៍នេះថា « ឧត្តមគតិនៃពួកគ្រីស្ទាន » ជាបុព្វហេតុដូចគ្នាដែលយើងកំពុងប្រយុទ្ធសព្វថ្ងៃនេះ ( អាលម៉ា ៤៣:៤៥; ៤៦:១២, ១៦ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ចម្បាំងនៅក្នុងគម្ពីរមរមនបង្រៀនយើងអំពីចម្បាំងរបស់យើងទាស់នឹងសេចក្ដីអាក្រក់ ។
ការអានអំពីសង្គ្រាមរវាងពួកសាសន៍នីហ្វៃ និងសាសន៍លេមិន អាចកាន់តែមានអត្ថន័យចំពោះបងប្អូន បើបងប្អូនរកមើលភាពស្របគ្នាទៅនឹងចម្បាំងខាងវិញ្ញាណរបស់បងប្អូនផ្ទាល់ ។ នៅពេលបងប្អូនអាន អាលម៉ា ៤៣–៥២ សូមកត់សម្គាល់អំពីអ្វីដែលសាសន៍នីហ្វៃបានធ្វើ ដែលនាំឲ្យពួកគេបានជោគជ័យ ( ឬមិនជោគជ័យ ) ។ បន្ទាប់មកពិចារណាអំពីរបៀបដែលបងប្អូនអាចប្រើអ្វីដែលបងប្អូនរៀន ដើម្បីជួយបងប្អូនឈ្នះចម្បាំងខាងវិញ្ញាណរបស់បងប្អូន ។ នៅពេលបងប្អូនសិក្សាខគម្ពីរដូចខាងក្រោម សូមសរសេរពីគំនិតរបស់បងប្អូនអំពីរបៀបដែលបងប្អូនអាចធ្វើតាមគំរូរបស់ពួកសាសន៍នីហ្វៃ ៖
-
អាលម៉ា ៤៣:១៩ ។ ពួកសាសន៍នីហ្វៃបានរៀបចំខ្លួនដោយពាក់គ្រឿងសឹក ។ ( ខ្ញុំអាចព្យាយាមរៀបចំខ្លួនខ្ញុំដោយពាក់គ្រឿងសឹកខាងវិញ្ញាណ ) ។
-
អាលម៉ា ៤៣:២៣–២៤ ។ ពួកគេបានស្វែងរកការណែនាំរបស់ព្យាការី ។
ក៏សូមកត់សម្គាល់អំពីរបៀបដែលពួកសាសន៍លេមិន និងសាសន៍នីហ្វៃដែលបានបំបែកខ្លួន បានព្យាយាមយកឈ្នះលើពួកសាសន៍នីហ្វៃ ។ រឿងទាំងនេះអាចព្រមានបងប្អូនអំពីរបៀបដែលពួកមារសត្រូវអាចនឹងព្យាយាមវាយប្រហារមកលើបងប្អូន ។ នៅពេលបងប្អូនសិក្សា សូមសរសេរអំពីរបៀបដែលសាតាំងអាចនឹងវាយប្រហារមកលើបងប្អូនតាមរបៀបស្រដៀងគ្នានេះ ៖
-
អាលម៉ា ៤៣:៨ ។ សារ៉ាហិមណា បានព្យាយាមធ្វើឲ្យប្រជាជនរបស់គាត់ខឹង ដើម្បីគាត់នឹងមានអំណាចលើពួកគេ ។ ( នៅពេលខ្ញុំខឹងនឹងអ្នកដទៃ ខ្ញុំឲ្យសាតាំងមានអំណាចមកលើខ្ញុំ ) ។
-
អាលម៉ា ៤៣:២៩ ។ ពួកសាសន៍លេមិន ចង់នាំពួកសាសន៍នីហ្វៃទៅក្នុងសេវកភាព ។
នៅពេលខ្ញុំព្យាយាមស្មោះត្រង់ដូចជាមរ៉ូណៃ ខ្ញុំនឹងក្លាយជាមនុស្សកាន់តែដូចជាព្រះអង្គសង្គ្រោះ ។
តើបងប្អូនចង់ក្លាយឲ្យកាន់តែដូចជាព្រះអង្គសង្គ្រោះ ហើយបន្ថយអំណាចរបស់មារសត្រូវមានមកក្នុងជីវិតរបស់បងប្អូនឬទេ ? មានវិធីមួយ គឺធ្វើតាមការដាស់តឿននៅក្នុង អាលម៉ា ៤៨:១៧ ដើម្បីប្រែក្លាយ « ដូចមរ៉ូណៃ » ។ សូមយកចិត្តទុកដាក់ទៅលើអាកប្បកិរិយា និងសកម្មភាពទាំងឡាយរបស់មរ៉ូណៃ ដែលត្រូវបានពិពណ៌នានៅក្នុង អាលម៉ា ៤៣–៥២ ប៉ុន្តែជាក់លាក់នៅក្នុង ៤៦:១១–២៨ និង ៤៨:៧–១៧ ។ តើមានអ្វីខ្លះដែលធ្វើឲ្យអ្នកចាប់អារម្មណ៍អំពី « បុរសដ៏ខ្លាំងក្លា » នេះ ? តើអាកប្បកិរិយា និងសកម្មភាពទាំងឡាយដូចជាលោក អាចធ្វើឲ្យអំណាចនៃសេចក្ដីអាក្រក់ទន់ខ្សោយនៅក្នុងជីវិតរបស់បងប្អូនយ៉ាងដូចម្ដេច ? សូមពិចារណាអំពីអ្វីដែលបងប្អូនទទួលអារម្មណ៍បំផុសឲ្យធ្វើដើម្បីធ្វើតាមគំរូរបស់មរ៉ូណៃ ហើយប្រែក្លាយដូចជាព្រះអង្គសង្គ្រោះ ។
សាតាំងល្បួង និងបញ្ឆោតយើងបន្ដិចម្ដងៗ ។
សាតាំងដឹងថាពួកយើងភាគច្រើននឹងមិនព្រមប្រព្រឹត្តអំពើបាបធំ ឬជឿទៅលើការកុហកខ្នាតធំទេ ។ ហេតុដូច្នេះ វាប្រើការកុហកដ៏ប៉ិនប្រសព្វ និងការល្បួងនានាដើម្បីដឹកនាំយើងចូលទៅក្នុងអំពើបាបដែលមើលទៅហាក់ដូចជាតូចតាចនោះ—ឲ្យបានច្រើនតាមដែលវាគិតថាយើងនឹងទទួលធ្វើតាម ។ វាបន្ដធ្វើនូវរឿងនេះរហូតដល់យើងបានធ្លាក់ចេញឆ្ងាយពីសុវត្ថិភាពនៃការរស់នៅក្នុងសេចក្ដីសុចរិត ។
បងប្អូនអាចរកឃើញគំរូនេះនៅក្នុងដំណើររឿងរបស់អាម៉ាលិកាយ ដែលបញ្ឆោតលីហុនតៃ ដែលមាននៅក្នុង អាលម៉ា ៤៧ ។ នៅពេលបងប្អូនសិក្សា សូមពិចារណាអំពីរបៀបដែលសាតាំងអាចនឹងព្យាយាមបញ្ឆោតបងប្អូន ដូចបានពិពណ៌នាដោយអែលឌើរ រ៉ូបឺត ឌី ហែលស៍ ៖
« អាម៉ាលិកាយដ៏មានឧបាយកលបានជម្រុញឲ្យលីហុនតៃ ‹ ចុះមក › ហើយជួបនឹងគាត់នៅជ្រលងភ្នំ ។ ប៉ុន្តែពេលលីហុនតៃបានចាកចេញពីទីខ្ពស់របស់គាត់ គាត់ត្រូវបានបំពុល ‹ ជាសន្សឹមៗ › រហូតដល់គាត់ស្លាប់ ហើយពួកពលទ័ពរបស់គាត់បានធ្លាក់ទៅក្នុងដៃរបស់អាម៉ាលិកាយ ( សូមមើល អាលម៉ា ៤៧ ) ។ ដោយការឈ្លោះ និងការចោទប្រកាន់ មនុស្សខ្លះទាក់ទាញយើងឲ្យចាកចេញពីទីទួលខ្ពស់ ។ ទីទួលខ្ពស់គឺជាកន្លែងដែលមានពន្លឺ ។… វាជាទីសុវត្ថិភាព » (Christian Courage: The Price of Discipleship » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧៤ ) ។
សូមមើលផងដែរ នីហ្វៃទី ២ ២៦:២២; ២៨:២១–២២ ។
សាមគ្គីភាពនាំមកនូវសុវត្ថិភាព ។
នៅក្នុងស្ថានភាពជាច្រើនដែលបានកត់ត្រានៅដើមជំពូក អាលម៉ា ៥០ វាហាក់ដូចជាពួកសាសន៍លេមិនគ្មានឱកាសទាស់ជាមួយនឹងពួកសាសន៍នីហ្វៃសោះ ។ គ្រឿងសឹក បន្ទាយការពារ និងកិច្ចខិតខំដោយសាមគ្គីរបស់ពួកសាសន៍នីហ្វៃបានធ្វើឲ្យពួកគេគ្មានគូប្រៀប ( សូមមើល អាលម៉ា ៤៩:២៨–៣០ និង ៥០:១៧–២០ ) ។ ប៉ុន្តែមិនយូរប៉ុន្មាន ពួកសាសន៍លេមិនបានយកទីក្រុងរបស់ពួកគេជាច្រើន—រួមទាំងទីក្រុងទាំងឡាយដែលមរ៉ូណៃបានការពារផងដែរ ( សូមមើល អាលម៉ា ៥១:២៦–២៧ ) ។ តើរឿងនោះបានកើតឡើងយ៉ាងដូចម្ដេច ? សូមរកមើលចម្លើយនៅពេលបងប្អូនអានជំពូកទាំងនេះ ( សូមមើលជាពិសេសនៅ អាលម៉ា ៥១:១–១២ ) ។ សូមពិចារណាអំពីការព្រមានដែលដំណើររឿងនេះ អាចមានដល់បងប្អូន និងគ្រួសាររបស់បងប្អូន ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
អាលម៉ា ៤៥:២–៨
សូមអានខគម្ពីរទាំងនេះជាមួយគ្នា ដែលអាចបំផុសគំនិតដល់គ្រួសាររបស់បងប្អូន ដើម្បីធ្វើការសន្ទនាអំពីដំណឹងល្អប្រទល់មុខគ្នា ដូចអាលម៉ាបានធ្វើជាមួយនឹងហេលេមិន ។
អាលម៉ា ៤៦:១២–២២
ទង់សេរីភាព បានបំផុសគំនិតដល់ពួកសាសន៍នីហ្វៃឲ្យរក្សាបទបញ្ញត្តិទាំងឡាយរបស់ព្រះ ហើយការពារសេចក្ដីជំនឿរបស់ពួកគេ ។ តើមានអ្វីខ្លះដែលបំផុសគំនិតយើងឲ្យដូចគ្នានេះ ? ប្រហែលជាគ្រួសាររបស់បងប្អូនអាចបង្កើតជាទង់សេរីភាពផ្ទាល់ខ្លួន—ទង់ជាតិ ឬបដាដែលមានពាក្យសម្ដី ឬរូបភាព ដើម្បីរំឭកបងប្អូនឲ្យរក្សាបទបញ្ញតិ្តរបស់ព្រះជារៀងរាល់ថ្ងៃ ។
អាលម៉ា ៤៨:៧–៩; ៤៩:១–៩; ៥០:១–៦
នៅពេលគ្រួសាររបស់បងប្អូនអានអំពីបន្ទាយរបស់ពួកសាសន៍នីហ្វៃ នោះបងប្អូនអាចពិភាក្សាអំពីរបៀបដែលបងប្អូនកំពុងការពារគេហដ្ឋានរបស់បងប្អូនទប់ទល់ពីពួកមារសត្រូវ ។ កុមារតូចៗទំនងនឹងរីករាយនឹងសង់ជាបន្ទាយ ដោយដាក់កៅអី និងភួយ ឬពួកគេអាចគូរូបអំពីអ្វីដែលពួកគេអាចនឹកស្រមៃឃើញអំពីរូបរាងនៃបន្ទាយរបស់ពួកសាសន៍នីហ្វៃ ។
អាលម៉ា ៥១:១–១២
តើខគម្ពីរទាំងនេះបង្រៀនអំពីអ្វីដែលអាចកើតមានឡើងនៅក្នុងគ្រួសាររបស់យើងនៅពេលយើងមានជម្លោះទាស់ទែង ? តើយើងអាចបង្កើនសាមគ្គីភាពរបស់យើងយ៉ាងដូចម្ដេច ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។