« ថ្ងៃទី ១០–១៦ ខែ សីហា ។ អាលម៉ា ៥៣–៦៣ ៖ ‹ ត្រូវបានរក្សាទុកឲ្យគង់វង្សដោយព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១០–១៦ ខែ សីហា ។ អាលម៉ា ៥៣–៦៣ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
កងទ័ពកម្លោះពីរពាន់នាក់ ដោយអាណុល ប្រីប៊រ
ថ្ងៃទី ១០–១៦ ខែ សីហា
អាលម៉ា ៥៣–៦៣
« ត្រូវបានរក្សាទុកឲ្យគង់វង្សដោយព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ »
ដំណើររឿងនៅក្នុង អាលម៉ា ៥៣–៦៣ អាចជួយបងប្អូនមើលឃើញលទ្ធផលនៃការរស់នៅតាម ឬការបដិសេធសេចក្ដីពិតដំណឹងល្អ ។ នៅពេលបងប្អូនអាន អាលម៉ា ៥៣–៦៣ សូមកត់ត្រាការបំផុសគំនិត ហើយពិចារណាអំពីវិធីនានាដែលបងប្អូនអាចរស់នៅតាមសេចក្ដីពិតដែលបងប្អូនរៀន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅពេលប្រៀបធៀបជាមួយនឹងកងទ័ពរបស់សាសន៍លេមិន នោះ « កងទ័ពតូច » របស់ហេលេមិន ( អាលម៉ា ៥៦:៣៣ ) ដែលជាសាសន៍នីហ្វៃវ័យក្មេង ២០០០ នាក់ មិនអាចនឹងយកឈ្នះបានទេ ។ ក្រៅពីមានចំនួនតិច កងទ័ពរបស់ហេលេមិន « ទាំងអស់គ្នានៅក្មេងណាស់ » ហើយ « មិនដែលធ្លាប់បានប្រយុទ្ធមកទេ » ( អាលម៉ា ៥៦:៤៦–៤៧ ) ។ តាមរបៀបមួយចំនួន ស្ថានភាពរបស់ពួកគេអាចនឹងស្រដៀងគ្នាទៅនឹងស្ថានភាពរបស់ពួកយើងដែលពេលខ្លះមានអារម្មណ៍ថា ចម្បាំងជាមួយនឹងសាតាំង និងកម្លាំងនៃសេចក្ដីអាក្រក់ក្នុងលោកិយគឺមានភាពលើសលប់ និងមានចំនួនច្រើនពេក ។
ប៉ុន្តែកងទ័ពហេលេមិន មានគុណប្រយោជន៍មួយចំនួនលើសពួកសាសន៍លេមិន ដែលវាពុំទាក់ទងនឹងចំនួន ឬជំនាញកងទ័ពនោះទេ ។ ពួកគេជ្រើសរើសហេលេមិន ជាព្យាការីម្នាក់ ឲ្យដឹកនាំពួកគេ ( អាលម៉ា ៥៣:១៩ ) « ពួកគេត្រូវបានបង្រៀនដោយម្ដាយគេថា បើសិនជាពួកគេពុំសង្ស័យទេ នោះព្រះទ្រង់នឹងដោះលែងពួកគេឲ្យរួច » ( អាលម៉ា ៥៦:៤៧ ) ហើយពួកគេបានមាន « សេចក្ដីជំនឿដ៏លើសលប់ទៅលើអ្វីដែលពួកគេត្រូវបានបង្រៀន » ។ ជាលទ្ធផល ពួកគេត្រូវបានការពារដោយ « ព្រះចេស្ដាដ៏អស្ចារ្យនៃព្រះ » ( អាលម៉ា ៥៧:២៦ ) ។ ទោះជាពួកគេត្រូវរងរបួសនៅក្នុងសមរភូមិក្ដី « ក៏គ្មានអ្នកណាម្នាក់នៅក្នុងចំណោមពួកគេត្រូវវិនាសឡើយ » ( អាលម៉ា ៥៧:២៥ ) ។ ដូច្នេះនៅពេលជីវិតរងទុក្ខដោយរបួសខាងវិញ្ញាណនៅក្នុងខ្លួនយើងម្នាក់ៗ នោះយើងអាចមានភាពក្លាហានឡើង— សារលិខិតរបស់កងទ័ពហេលេមិន គឺថា « មានព្រះដ៏យុត្តិធម៌មួយអង្គ ហើយអស់អ្នកណាដែលមិនសង្ស័យ អ្នកនោះនឹងត្រូវបានរក្សាទុកឲ្យគង់វង្សដោយព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ » ( អាលម៉ា ៥៧:២៦ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
អាលម៉ា ៥៣:១០–២២; ៥៦:៤៣–៤៨, ៥៥–៥៦; ៥៧:២០–២៧; ៥៨:៣៩–៤០
នៅពេលខ្ញុំអនុវត្តសេចក្ដីជំនឿទៅលើព្រះ ទ្រង់នឹងប្រទានពរខ្ញុំដោយព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ ។
ដំណើររឿងប្រកបដោយអព្ភូតហេតុជាច្រើនដូចជាជ័យជំនះរបស់កងទ័ពវ័យក្មេងរបស់ហេលេមិន អាចនឹងពិបាកធ្វើឲ្យទាក់ទងនឹងយើង ដោយសារតែវាហាក់ដូចជាមិនគួរឲ្យជឿសោះ ។ ប៉ុន្តែមូលហេតុមួយដែលមានដំណើររឿងដូច្នេះនៅក្នុងព្រះគម្ពីរ គឺដើម្បីបង្ហាញយើងថា នៅពេលយើងមានសេចក្ដីជំនឿ នោះព្រះអាចធ្វើអព្ភូហេតុនានានៅក្នុងជីវិតរបស់យើង ។ នៅពេលបងប្អូនអានអំពីកងទ័ពកម្លោះនៅក្នុងខគម្ពីរដូចខាងក្រោម សូមរកមើលតម្រុយអំពីរបៀបដែលពួកគេអនុវត្តសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះ និងអ្វីដែលបានធ្វើឲ្យសេចក្ដីជំនឿរបស់ពួកគេរឹងមាំខ្លាំង និងអ្វីដែលធ្វើឲ្យកើតមានអព្ភូតហេតុនានា ៖ អាលម៉ា ៥៣:១០–២២; ៥៦:៤៣–៤៨, ៥៥–៥៦; ៥៧:២០–២៧ និង ៥៨:៣៩–៤០ ។ តារាងនៅខាងក្រោមនេះផ្ដល់យោបល់អំពីរបៀបមួយដែលបងប្អូនអាចកត់ត្រានូវអ្វីដែលបងប្អូនរកឃើញ ។
លក្ខណៈសម្បត្តិរបស់កងទ័ពហេលេមិន ៖ | |
អ្វីដែលពួកគេត្រូវបានបង្រៀន ៖ | |
អ្វីដែលពួកគេបានធ្វើ ៖ | |
ពរជ័យដែលពួកគេបានទទួល ៖ |
បន្ទាប់ពីសិក្សាខគម្ពីរទាំងនេះ តើបងប្អូនទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដើម្បីអនុវត្តសេចក្ដីជំនឿរបស់បងប្អូន ?
ហេលេមិនបានប្រាប់អំពីតួនាទីរបស់ម្ដាយក្នុងការពង្រឹងដល់សេចក្ដីជំនឿរបស់កងទ័ពកម្លោះ ( សូមមើល អាលម៉ា ៥៦:៤៧–៤៨; ៥៧:២០–២៧ ) ។ តើសមាជិកគ្រួសារ និងអ្នកដទៃទៀតមានតួនាទីអ្វីខ្លះ ក្នុងការស្ថាបនាសេចក្ដីជំនឿរបស់បងប្អូន ? តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីពង្រឹងដល់សេចក្ដីជំនឿនៃគ្រួសារ និងមិត្តភក្ដិរបស់បងប្អូន ?
ពួកគេពុំសង្ស័យឡើយ ដោយ យ៉ូសែប ប្រ៊ីកឃី
ខ្ញុំអាចជ្រើសរើសដើម្បីគិតរឿងល្អបំផុតអំពីអ្នកដទៃ ហើយមិនអាក់អន់ចិត្ត ។
ទាំងហេលេមិន និងពេហូរ៉ាន មានមូលហេតុល្អដើម្បីនឹងអាក់អន់ចិត្ត ។ ហេលេមិនពុំទទួលបានជំនួយគ្រប់គ្រាន់សម្រាប់កងទ័ពរបស់គាត់ ហើយពេហូរ៉ាន ត្រូវបានមរ៉ូណៃចោទប្រកាន់ដោយខុសឆ្គងថាមិនផ្ដល់ជំនួយ ( សូមមើល អាលម៉ា ៥៨:៤–៩, ៣១–៣២; ៦០ ) ។ តើមានអ្វីខ្លះដែលធ្វើឲ្យបងប្អូនមានចំណាប់អារម្មណ៍អំពីប្រតិកម្មរបស់ពួកគេនៅក្នុង អាលម៉ា ៥៨:១–១២, ៣១–៣៧ និង អាលម៉ា ៦១? តើបងប្អូនអាចធ្វើតាមគំរូរបស់ពួកគេនៅក្នុងស្ថានភាពស្រដៀងគ្នានេះដោយរបៀបណា ?
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនថា ៖ « មិនថាដោយរបៀបណា ឬពេលណាទេ នឹងមានមនុស្សម្នាក់នៅក្នុងសាសនាចក្រនេះនឹងធ្វើ ឬនិយាយអ្វីមួយដែលអាចនឹងគិតថាជារឿងគួរឲ្យអាក់អន់ចិត្ត ។ ព្រឹត្តិការណ៍ដូច្នេះ នឹងប្រាកដជាកើតមានឡើងចំពោះពួកយើងម្នាក់ៗ ឬពួកយើងណាម្នាក់—ហើយវានឹងកើតឡើងច្រើនជាងម្ដងជាប្រាកដ ។… បងប្អូន និងខ្ញុំ ពុំអាចគ្រប់គ្រងចេតនា ឬឥរិយាបទរបស់មនុស្សដទៃបានទេ ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចកំណត់លើរបៀបដែលយើងនឹងធ្វើសកម្មភាព ។ សូមចងចាំថា បងប្អូន និងខ្ញុំ គឺជាភ្នាក់ងារដែលទទួលបាននូវសិទ្ធិសេរីភាពខាងសីលធម៌ ហើយយើងអាចជ្រើសរើសមិនមានការអាក់អន់ចិត្តបាន » ( « And Nothing Shall Offend Them », Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៩១ ) ។
សូមមើលផងដែរ សុភាសិត ១៦:៣២, មរ៉ូណៃ ៧:៤៥, ដេវីឌ អេ បែដណា « Meek and Lowly of Heart » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣០–៣៣។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
អាលម៉ា ៥៣:១០–១៧
អាន់តៃ-នីហ្វៃ-លីហៃ បានចុះសេចក្ដីសញ្ញាថាមិនបង្ហូរឈាមទៀតឡើយ ។ តើយើងបានធ្វើសេចក្ដីសញ្ញាអ្វីខ្លះជាមួយនឹងព្រះ ? តើមានអ្វីខ្លះនៅក្នុង អាលម៉ា ៥៣:១០–១៧ ដែលយើងបានអាន ដែលបានបំផុសគំនិតយើងឲ្យកាន់តែស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់យើង ?
អាលម៉ា ៥៣:២០–២១
តើយើងអាចធ្វើអ្វីខ្លះឲ្យកាន់តែដូចជាយុវជនរបស់ហេលេមិន ? វាអាចនឹងជាប្រយោជន៍ដើម្បីពិភាក្សាអំពីអត្ថន័យនៃឃ្លាមួយចំនួននៅក្នុងខគម្ពីរទាំងនេះ ឧទាហរណ៍ តើការ « មានចិត្តក្លាហាន…ហើយមានកម្លាំង និងសកម្មភាព » មានន័យយ៉ាងណា ? តើវាមានន័យយ៉ាងក្នុង « ការដើរដោយស្មោះត្រង់នៅចំពោះ [ ព្រះ ] » ?
អាលម៉ា ៥៨:៩–១១, ៣៣, ៣៧
ក្នុងគ្រាដែលចាំបាច់បំផុត តើយើងងាកទៅរកព្រះវរបិតាសួគ៌ ដូចជាពួកកងទ័ពនីហ្វៃបានធ្វើដែរឬទេ ? តើទ្រង់ឆ្លើយនឹងការអធិស្ឋានរបស់ពួកគេយ៉ាងដូចម្ដេច ? តើទ្រង់បានឆ្លើយនឹងការអធិស្ឋានរបស់យើងយ៉ាងដូចម្ដេច ?
អាលម៉ា ៦១:២, ៩, ១៩
តើយើងរៀនបានអ្វីខ្លះពីពេហូរ៉ានអំពីរបៀបឆ្លើយតប នៅពេលយើងត្រូវបានគេចោទប្រកាន់ដោយខុសឆ្គង ?
អាលម៉ា ៦២:៣៩–៤១
នេះគឺជាគម្រោងមេរៀនមួយដែលអាចជួយដល់គ្រួសាររបស់បងប្អូនយល់ថា យើងអាចជ្រើសរើសដើម្បីមាន « ចិត្តរឹងរូស » ឬ « ទន់ភ្លន់ » នៅក្នុងការសាកល្បងរបស់យើង ៖ ដាក់ដំឡូងមួយដុំ និងពងមាន់ឆៅមួយដុំដាក់ក្នុងទឹកដាំពុះ ។ ដំឡូង និងស៊ុតជាតំណងឲ្យយើង ហើយទឹកគឺជាតំណាងឲ្យឧបសគ្គដែលយើងជួបប្រទះ ។ កាលដែលដំឡូង និងស៊ុតស្ងោរពុះ បងប្អូនអាចពិភាក្សាអំពីឧបសគ្គមួយចំនួន ដែលក្រុមគ្រួសាររបស់បងប្អូនជួបប្រទះ ។ តើមានរបៀបខុសគ្នាមួយចំនួនអ្វីខ្លះ ដើម្បីប្រតិកម្មចំពោះឧបសគ្គទាំងនេះ ? ស្របតាម អាលម៉ា ៦២:៤១ តើប្រតិកម្មរបស់យើងចំពោះឧបសគ្គទាំងឡាយជះឥទ្ធិពលមកលើយើងយ៉ាងដូចម្ដេច ? បន្ទាប់ពីដំឡូង និងស៊ុត បានស្ងោរឆ្អិនហើយ សូមកាត់ដំបូង ហើយគោះបកស៊ុត ដើម្បីបង្ហាញថា « ឧបសគ្គ » មួយចំនួន បានធ្វើឲ្យដំឡូងទន់ ហើយស៊ុតរឹង ។ តើគ្រួសាររបស់យើងអាចធ្វើអ្វីខ្លះ ដើម្បីប្រាកដថា ឧបសគ្គរបស់យើង នឹងធ្វើឲ្យយើងរាបសារ ហើយនាំយើងទៅកាន់តែជិតនឹងព្រះ ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ការកែលម្អការបង្រៀនរបស់យើង
ចូរឲ្យកូនៗបានបង្ហាញអំពីភាពច្នៃប្រឌិតរបស់ពួកគេ ។ « នៅពេលបងប្អូនអញ្ជើញកុមារកូនៗ [ របស់បងប្អូន ] ឲ្យច្នៃប្រឌិតអ្វីមួយដែលទាក់ទងនឹងគោលការណ៍ដំណឹងល្អមួយ នោះបងប្អូនជួយពួកគេឲ្យយល់គោលការណ៍កាន់តែច្បាស់ ហើយបងប្អូនផ្ដល់នូវការរំឭកបែបរូបីអំពីអ្វីដែលពួកគេបានរៀន ។ … សូមអនុញ្ញាតឲ្យពួកគេសង់ គូររូប ផាត់ពណ៌ សរសេរ និងបង្កើតវា » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ២៥ ) ។
វាជាការពិត លោកម្ចាស់ ដែលថាមនុស្សទាំងអស់មានវត្តមាន ហើយមានទំនួលខុសត្រូវ ដោយក្លាក ខេលី ប្រាយ