« ថ្ងៃទី ១០–១៦ ខែ សីហា អាលម៉ា ៥៣–៦៣ ៖ ‹ ត្រូវបានរក្សាទុកឲ្យគង់វង្សដោយព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១០–១៦ ខែ សីហា អាលម៉ា ៥៣–៦៣ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ១០–១៦ ខែ សីហា
អាលម៉ា ៥៣–៦៣
« ត្រូវបានរក្សាទុកឲ្យគង់វង្សដោយព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ »
ពេលអ្នកអាន អាលម៉ា ៥៣–៦៣ សូមគិតអំពីរបៀបដែលអ្នកអាចនាំរឿងនានានៅក្នុងជំពូកទាំងនេះ ឲ្យមានភាពរស់រវើកឡើងសម្រាប់កុមារ ហើយជួយពួកគេឲ្យរៀនគោលការណ៍ដំណឹងល្អ ដែលរឿងទាំងនោះបង្រៀន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ដើម្បីរៀបចំកុមារឲ្យរៀនពី អាលម៉ា ៥៣–៦៣ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេចងចាំអំពីពួកសាសន៍ អាន់តៃ នីហ្វៃ លីហៃ ( សូមមើល អាលម៉ា ២៣–២៤ ) ។ ដើម្បីជួយ ឬរំឭកពួកគេអំពីសកម្មភាពដែលពួកគេបានធ្វើនៅក្នុងថ្នាក់ សូមបង្ហាញរូបភាពដែលអ្នកបានប្រើដើម្បីបង្រៀនរឿងនោះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំអាចនៅស្មោះត្រង់ចំពោះព្រះ ដូចកងពលពីរពាន់នាក់ដែរ ។
កងពលកម្លោះ ( មានន័យថា « ក្មេង » ) ពីរពាន់នាក់របស់ហេលេមិន អាចក្លាយជាគំរូដ៏អស្ចារ្យដល់កុមារនៅក្នុងថ្នាក់របស់អ្នក ។ សូមលើកទឹកចិត្តកុមារឲ្យព្យាយាមក្លាយដូចជាពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារម្នាក់ឲ្យលើករូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ពេលអ្នកសង្ខេបរឿងរបស់កងពលពីរពាន់នាក់របស់ហេលេមិន ។ អ្នកក៏អាចប្រើ « ជំពូកទី ៣៤ ៖ ហេលេមិន និងកងពលកម្លោះ ២០០០ នាក់ » ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៩៣–៩៤ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។ សូមឲ្យកុមារចែកចាយនូវអ្វីដែលពួកគេដឹង និងចូលចិត្តអំពីរឿងកងពលកម្លោះ ២០០០ នាក់ ។
-
សូមអញ្ជើញកុមារីម្នាក់ និងកុមារាម្នាក់ឲ្យតំណាងជាម្តាយ និងឪពុករបស់កងពលកម្លោះ ។ នៅពេលអ្នកអាន អាលម៉ា ៥៦:២៧ និង ៤៧–៤៨ សូមផ្តល់វត្ថុនានាទៅឲ្យកុមារទាំងនេះកាន់ដែលតំណាងពីរបៀបដែលពួកម្តាយ និងឪពុកបានជួយកងពលនោះ ដូចជាអាហារមួយថង់ ដើម្បីតំណាងឲ្យ « ស្បៀងអាហារ » ដែលពួកឪពុកបានផ្ញើទៅ និងព្រះគម្ពីរដើម្បីតំណាងឲ្យការបង្រៀនរបស់ពួកម្តាយ ។ សូមឲ្យកុមារចែកចាយអ្វីៗដែលឪពុកម្តាយរបស់ពួកគេផ្តល់ដល់ពួកគេ ឬបង្រៀនពួកគេ ។
-
សូមអាន អាលម៉ា ៥៣:២០–២១ ហើយជួយកុមារឲ្យយល់អត្ថន័យនៃពាក្យដូចជា ក្លាហាន អង់អាច មានកម្លាំង និង ស្មោះត្រង់ ។ សូមពិពណ៌នាអំពីរបៀបដែលពួកកងពលកម្លោះបានបង្ហាញពីគុណសម្បត្តិទាំងនេះ ។ សូមធ្វើស្លាកឈ្មោះសាមញ្ញៗសម្រាប់កុមារដែលសរសេរថា « ពេលខ្ញុំ ខ្ញុំដូចជាពួកកងពលកម្លោះ ! » សូមជួយកុមារឲ្យបំពេញចន្លោះជាមួយនឹងគុណសម្បត្តិមួយដែលពួកគេជ្រើសរើសពី អាលម៉ា ៥៣:២០–២១ ។
-
សូមជួយកុមារឲ្យបំពេញទំព័រសកម្មភាពនាសប្ដាហ៍នេះ ។ សូមជួយពួកគេឲ្យគិតអំពីរបៀបនានា ដែលពួកគេអាចក្លាយដូចជាកងទ័ពហេលេមិន ។ សូមច្រៀងបទ « យើងនឹងនាំការពិតទ្រង់ដល់លោកិយ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩២–៩៣ ) ជាមួយគ្នា ។
ពេលខ្ញុំមានក្តីបារម្ភ ខ្ញុំអាចទុកចិត្តលើព្រះបាន ។
ពេលលោក និងកងទ័ពរបស់លោកប្រឈមមុខនឹងគ្រាលំបាក នោះហេលេមិន បានទុកចិត្តលើព្រះអម្ចាស់ ។ តើកុមារដែលអ្នកបង្រៀនអាចរៀនអ្វីខ្លះពីគំរូនេះ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមគូររូបមុខមនុស្សក្រញ៉ូវមួយនៅលើក្តារខៀន ហើយនិយាយអំពីក្តីបារម្ភរបស់ហេលេមិន ដោយសារកងទ័ពរបស់លោកគ្មានអាហារគ្រប់គ្រាន់ ឬមនុស្សគ្រប់គ្រាន់ ដើម្បីបន្តច្បាំង ( សូមមើល អាលម៉ា ៥៨:៣២–៤១ ) ។ សូមឲ្យកុមារចែកចាយពីគ្រានានាដែលពួកគេមានក្តីបារម្ភ ។ សូមអាន អាលម៉ា ៥៨:៣៧ ( ឬជួយកុមារអានខគម្ពីរនេះ ) ហើយជួយកុមារឲ្យប្តូរមុខមនុស្សនៅលើក្តារខៀន ទៅជាមុខញញឹមវិញ ដើម្បីបង្ហាញអារម្មណ៍របស់ហេលេមិន ដោយសារលោកបានទុកចិត្តលើព្រះ ។ តើយើងអាចធ្វើអ្វីខ្លះ នៅពេលយើងមានក្តីបារម្ភ ? សូមច្រៀងបទ « ញញឹម » ( សៀវភៅចម្រៀងកុមារ ទំព័រ ១២៨ ) ជាមួយគ្នា ។
-
សូមសរសេរពីក្តីបារម្ភមួយចំនួនរបស់កុមារលើបន្ទះក្រដាសមួយចំនួន ។ សូមឲ្យកុមារឆ្លាស់វេនគ្នាជ្រើសរើសក្រដាសមួយឲ្យអ្នកអាន ហើយអញ្ជើញកុមារឲ្យចែកចាយពីរបៀបដែលព្រះអាចជួយពួកគេឲ្យដោះស្រាយក្តីបារម្ភនីមួយៗទាំងនេះ ។ សូមចែកចាយបទពិសោធន៍មួយ ដែលព្រះបានជួយអ្នក ពេលអ្នកមានក្តីបារម្ភ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
អាលម៉ា ៥៦:៤៥–៤៨; ៥៧:២១, ២៥–២៧; ៥៨:៣៩–៤០
ខ្ញុំអាចនៅស្មោះត្រង់ចំពោះព្រះ ដូចកងពលពីរពាន់នាក់ដែរ ។
តើសេចក្តីពិតអ្វីខ្លះមកពីរឿងរបស់កងពលកម្លោះ ( មានន័យថា « ក្មេង » ) របស់ហេលេមិន អាចជួយកុមារដោះស្រាយឧបសគ្គដែលពួកគេកំពុងជួបប្រទះ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារចែកចាយអ្វីដែលពួកគេដឹងអំពីកងពលកម្លោះនេះ ។ អ្នកក៏អាចប្រើ « ជំពូកទី ៣៤ ៖ ហេលេមិន និងកងពលកម្លោះ ២០០០ នាក់ » ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៩៣–៩៤ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។ សូមឲ្យកុមារចែកចាយអ្វីដែលពួកគេចូលចិត្តពីពួកកងទ័ពនេះ ។
-
សូមអាន អាលម៉ា ៥៦:៤៥–៤៨; ៥៧:២១, ២៥–២៧ និង ៥៨:៣៩–៤០ ជាមួយគ្នា ។ សូមឲ្យកុមាររកមើលពាក្យ និងឃ្លានានាមកពីខគម្ពីរទាំងនេះ ដែលពិពណ៌នាអំពីកងពលកម្លោះនេះ ។ តើពាក្យ និងឃ្លាទាំងនេះមានន័យដូចម្តេច ? តើយើងអាចក្លាយដូចជាកងពលកម្លោះដោយរបៀបណា ?
-
សូមអាន អាលម៉ា ៥៦:៤៦–៤៨ ឲ្យកុមារស្តាប់ ហើយសូមឲ្យពួកគេស្តាប់រកមើលអ្វី ដែលម្តាយរបស់កងពលកម្លោះនេះ បានបង្រៀនកូនៗរបស់ពួកគាត់អំពីសេចក្តីជំនឿ ។ តើឪពុកម្តាយបច្ចុប្បន្ននេះជួយកូនៗរបស់ពួកគាត់ឲ្យមានសេចក្ដីជំនឿដូចម្តេច ? តើហេតុអ្វីវាសំខាន់ដែលកុមារធ្វើតាមការបង្រៀនសុចរិតរបស់ឪពុកម្តាយ និងថ្នាក់ដឹកនាំសាសនាចក្ររបស់ពួកគេដោយ « ត្រូវឥតល្អៀង » ? ( អាលម៉ា ៥៧:២១ ) ។
ខ្ញុំអាចរក្សាសេចក្តីសញ្ញារបស់ខ្ញុំបាន ។
កងពលកម្លោះ និងឪពុកម្តាយរបស់ពួកគេបានចុះសេចក្តីសញ្ញាថា ពួកគេនឹងបំពេញដោយស្មោះត្រង់ ។ អ្នកអាចប្រើដំណើររឿងនេះ ដើម្បីបង្រៀនកុមារអំពីសារៈសំខាន់នៃសេចក្តីសញ្ញា ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកកុមារជាបីក្រុម ៖ មួយក្រុមតំណាងឲ្យហេលេមិន មួយក្រុមទៀតតំណាងឲ្យប្រជាជនអាំម៉ូន និងក្រុមទីបីតំណាងឲ្យពួកកូនប្រុសរបស់ប្រជាជនអាំម៉ូន ។ សូមអាន អាលម៉ា ៥៣:១០–១៧ ជាមួយគ្នា ហើយសូមឲ្យក្រុមទាំងនោះចែកចាយអំពីរបៀប ដែលមនុស្សដែលពួកគេតំណាងចុះ និងរក្សាសេចក្តីសញ្ញា ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា ព្រះវរបិតាសួគ៌ប្រទានពរដល់យើង ពេលយើងរក្សាសេចក្តីសញ្ញារបស់យើង ។
-
សូមសរសេរឃ្លានានាមកពី ម៉ូសាយ ១៨:៨–១០ ឬ គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧ ដែលពិពណ៌នាអំពីអ្វីដែលយើងចុះសេចក្តីសញ្ញាដើម្បីធ្វើ ពេលយើងជ្រមុជទឹក ។ សូមសរសេរឃ្លាផ្សេងទៀតដែលមិនទាក់នឹងនឹងសេចក្តីសញ្ញាផងដែរ ។ សូមឲ្យកុមារគូររង្វង់លើអ្វីដែលយើងចុះសេចក្តីសញ្ញាដើម្បីធ្វើ ( សូមឲ្យពួកគេប្រើខគម្ពីរប្រសិនបើចាំបាច់ ) ។ តើយើងមានពរដូចម្តេច ពេលយើងរក្សាសេចក្តីសញ្ញារបស់យើង ? សូមលើកទឹកចិត្តកុមារឲ្យកត់ត្រាអ្វីដែលពួកគេបានចុះសេចក្តីសញ្ញាជាមួយព្រះដើម្បីធ្វើ ហើយដាក់តាំងបញ្ជីរបស់ពួកគេនៅកន្លែងដែលពួកគេអាចមើលឃើញវាញឹកញាប់ ។
-
សូមឲ្យកុមារម្នាក់អាន អាលម៉ា ៥៦:២៧ ។ តើពួកឪពុកបានជួយពួកកូនប្រុសរបស់គាត់ដោយពុំបំពានសេចក្តីសញ្ញារបស់ពួកគាត់ក្នុងការមិនច្បាំងតាមរបៀបណា ? តើនរណាគាំទ្រយើងនៅក្នុងការរក្សាសេចក្ដីសញ្ញារបស់យើង ?
យើងអាចជ្រើសរើសមិនខឹងបាន ។
មរ៉ូណៃបានចោទប្រកាន់ខុសនឹងពេហូរ៉ាន ប៉ុន្តែជំនួសឲ្យការខឹង ពេហូរ៉ានបាននិយាយថា « ខ្ញុំ…អររីករាយនឹងចិត្តខ្ពង់ខ្ពស់របស់អ្នក » ( អាលម៉ា ៦១:៩ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យគិតអំពីគ្រាមួយ ពួកគេត្រូវបានគេចោទប្រកាន់ថាបានធ្វើរឿងអ្វីមួយដែលពួកគេពុំបានធ្វើ ។ សូមប្រាប់ពួកគេអំពីរបៀបដែលរឿងនេះបានកើតឡើងចំពោះពេហូរ៉ាន ( សូមមើល អាលម៉ា ៦០–៦១ ) ។ អ្នកអាចប្រើ « ជំពូកទី ៣៥ ៖ មេទ័ពមរ៉ូណៃ និងពេហូរ៉ាន » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៩៥–៩៧ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។ ដើម្បីរៀនពីប្រតិកម្មរបស់ពេហូរ៉ាន សូមឆ្លាស់វេនគ្នាអានខគម្ពីរមកពី អាលម៉ា ៦១:៣–១៤ ។ តើពេហូរ៉ានបានធ្វើអ្វីខ្លះ ពេលមរ៉ូណៃបានចោទប្រកាន់លោក ? តើយើងរៀនអ្វីខ្លះអំពីការអភ័យទោសពីគំរូរបស់ពេហូរ៉ាន ? តើយើងអាចក្លាយដូចលោកតាមរបៀបណា ?
-
សូមសរសេរនៅលើក្ដារខៀន តើខ្ញុំគួរធ្វើអ្វីខ្លះ ពេលនរណាម្នាក់ខឹងនឹងខ្ញុំនោះ ? សូមឲ្យឆ្លាស់វេនគ្នាសរសេរចម្លើយមួយចំនួននៅលើក្តារខៀន ។ តើពេហូរ៉ានអាចឆ្លើយសំណួរនេះយ៉ាងដូចម្ដេច ? សូមឲ្យកុមារសរសេរចម្លើយទាំងនេះនៅក្នុងសំបុត្រផ្ញើទៅពួកគេផ្ទាល់ ដែលពួកគេអាចអានវា ពេលនរណាម្នាក់ខឹងនឹងពួកគេ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមលើកទឹកចិត្តកុមារឲ្យចែកចាយជាមួយគ្រួសារពួកគេនូវរបៀបមួយ ដែលពួកគេចង់ក្លាយដូចជាកងពលកម្លោះ ។ ពួកគេក៏អាចថ្លែងអំណរគុណឪពុកម្តាយពួកគេសម្រាប់ការបង្រៀនពួកគេ ដូចពួកម្តាយរបស់កងពលកម្លោះបានធ្វើដែរ ។