ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៧ ខែ កក្កដា–ថ្ងៃ​ទី ២ ខែ សីហា អាលម៉ា ៣៩–៤២ ៖ « ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា »


« ថ្ងៃទី ២៧ ខែ កក្កដា–ថ្ងៃ​ទី ២ ខែ សីហា អាលម៉ា ៣៩–៤២ ៖ ‹ ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៧ ខែ កក្កដា–ថ្ងៃ​ទី ២ ខែ សីហា អាលម៉ា ៣៩–៤២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

ព្រះ​យេស៊ូវ និង​ម៉ារា

នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ ? ដោយ ម៉ាក អរ ផាហ្វ

ថ្ងៃទី ២៧ ខែ កក្កដា–ថ្ងៃ​ទី ២ ខែ សីហា

អាលម៉ា ៣៩–៤២

« ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា »

បន្ទាប់​ពី​សិក្សា អាលម៉ា ៣៩–៤២ ប្រកប​ដោយ​ការអធិស្ឋាន​មក សូម​ដាក់​ផែនការ​សកម្មភាព​ជួយ​កុមារ​ដែល​អ្នក​បង្រៀន ។ អ្នក​អាច​រកឃើញ​គំនិត​នានា​ក្នុង​ចំណោម​​សកម្មភាព​ខាង​ក្រោម​នេះ ដែល​អាច​កែសម្រួល​ឲ្យស្រប​នឹង​ក្រុម​អាយុ​ណា​មួយ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ឲ្យ​កុមារ​ម្នាក់ៗ​ក្រោក​ឈរ ហើយ​ចែកចាយ​អ្វី​មួយ​អំពី​ដំណឹងល្អ ដែល​គាត់​បាន​រៀន​ថ្មីៗ​នេះ​នៅ​ផ្ទះ ឬ​នៅព្រះវិហារ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

អាលម៉ា ៣៩:១, ១០–១១

ខ្ញុំ​អាច​ធ្វើ​ជា​គំរូ​ល្អបាន ។

អាលម៉ា​បាន​លើក​ទឹកចិត្ត​កូរីអានតុន​ឲ្យ​រៀន​ពី​គំរូ​ល្អ​របស់​បងៗ​គាត់ ហើយ​​លោកបាន​ព្រមាន​​កូរីអានតុន​ មិន​ឲ្យ​ធ្វើជា​គំរូ​អវិជ្ជាមាន​ដល់​មនុស្ស​ដទៃ​ឡើយ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ពន្យល់​ថា ស៊ិបឡុន និង កូរីអានតុន​គឺជា​បងប្អូន​នឹង​គ្នា ហើយ​ស៊ិបឡុន​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូរីអានតុន ។ សូម​អញ្ជើញ​កុមារ​ឲ្យ​និយាយ​សំណួរ​នេះ​តាម​អ្នក ៖ « តើ​បង​របស់​កូន​ពុំ​មែន​ជា​គំរូ​មួយ​សម្រាប់​កូន​ទេ​ឬ​អី ? » ( អាលម៉ា ៣៩:១ ) ។ សូម​ឲ្យ​កុមារ​ប្រាប់​អំពី​​នរណា​​ដែល​ជា​គំរូ​ល្អ​ដល់​ពួកគេ ។

  • សូម​លេង​ល្បែង​កម្សាន្ត ឬ​ច្រៀង​ចម្រៀង​ជាមួយ​កុមារ​ដែល​ធ្វើ​​​តាម ឬ​ធ្វើ​ត្រាប់​តាម​​ ដូចជា​បទ « ​ធ្វើ​តាម​ដូច​ខ្ញុំ​ធ្វើ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៤៨ ) ។ សូម​ទុក​ឲ្យ​កុមារ​ម្នាក់ៗ​មាន​ឱកាស​ធ្វើ​ជា​អ្នក​ដឹកនាំ ឬ​គំរូ​គេ ។ សូម​សួរ​កុមារ​ពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​ជា​គំរូ​​ល្អ​ដល់​​នរណា​ម្នាក់ ។

  • សូម​បង្ហាញ​រូបភាព​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​កិច្ចការ​ល្អ ហើយ​ពន្យល់​ថា ទ្រង់​គឺជា​គំរូ​ឥតខ្ចោះ​របស់​យើង ។ សូម​ពន្យល់​ថា យើង​អាច​ធ្វើ​ជា​គំរូ​ល្អ ដូ​ច​ព្រះយេស៊ូវ​បាន​ធ្វើ​ផងដែរ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ខ្លួន​​ឯង​ដែល​ធ្វើ​ជា​គំរូ​ល្អ ។

អាលម៉ា ៣៩:៩, ១៣

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​​ឲ្យ​កែ​កំហុស​​របស់ខ្ញុំ ។

ទោះបីជា​កុមារ​តូចៗ​ពុំ​ត្រូវការ​ប្រែចិត្ត​ក្តី ក៏​ការប្រាប់​ពួកគេ​​អំពី​កូរីអានតុន​អាច​ជួយ​ពួកគេ​ ​ឲ្យ​ចាប់ផ្តើម​យល់​អំពី​អត្ថន័យ​នៃ​ការប្រែចិត្ត​បាន​ដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ដោយ​ពុំ​ពន្យល់​លម្អិត​អំពី​លក្ខណៈ​នៃ​អំពើ​បាប​របស់​គាត់ សូម​ពន្យល់​ថា កូរីអានតុន​បាន​ជ្រើសរើស​ធ្វើ​ខុស ។ តើ​យើង​អាច​និយាយ​អ្វី​ខ្លះ​ដើម្បី​ជួយ​​គាត់ ? សូម​អាន​ឲ្យ​កុមារ​ស្តាប់​នូវ​អ្វី​ដែល​អាលម៉ា​ជា​ឪពុក​របស់​កូរីអានតុន បាន​និយាយ​ទៅ​កាន់​គាត់ ៖ « កូន​ត្រូវ​ប្រែ​ចិត្ត ហើយ​បោះបង់​ចោល​អំពើ​បាប​ទាំង​ឡាយ​របស់​កូន » ( អាលម៉ា ៣៩:៩ ) ។ សូម​ប្រាប់​ពួកគេ​ថា « ប្រែចិត្ត » មាន​ន័យ​ថា យើង​ទូល​សូម​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​អត់​ទោស​យើង ហើយ​ជួយ​យើង​ឲ្យ​កែ​កំហុស​របស់យើង ហើយ​បន្ទាប់​មក​យើង​អាច​ក្លាយ​ដូច​ជា​ពួកទ្រង់ ។

  • សូម​ឲ្យ​អ្វី​មួយ​ដែល​ធ្ងន់​ទៅ​កុមារ​ម្នាក់​កាន់ ខណៈ​អ្នក​ប្រាប់​រឿង​មួយ​អំពី​បុគ្គល​ម្នាក់​បាន​ធ្វើ​ខុស ហើយ​មាន​អារម្មណ៍​មិន​ល្អ ។ សូម​ប្រាប់​កុមារ​ថា វត្ថុ​នោះ​គឺ​ដូចជា​អារម្មណ៍​មិន​ល្អ នោះ ដែល​យើង​មាន​ពេល​យើង​ធ្វើខុស ។ សូម​យក​វត្ថុ​ធ្ងន់​នោះ​ពី​កុមារ​មក​វិញ​នៅ​ពេល​អ្នក​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ អាច​យក​ទម្ងន់​នៃ​អារម្មណ៍​មិន​ល្អ​នោះ​ចេញ​បាន ហើយ​ជួយ​យើង​កែ​កំហុស​យើង​ពេល​យើង​ប្រែចិត្ត ។ សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការប្រែចិត្ត ដូចជា​បទ « Repentance » ( Children’s Songbook ទំព័រ ៩៨ ) ។

អាលម៉ា ៤០:២៣

ខ្ញុំ​នឹង​​រស់​ឡើង​វិញ ។

សូម​ជួយ​កុមារ​ឲ្យ​​ទន្ទឹង​ចាំ​ថ្ងៃ​ដែល​ពួកគេ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​នឹង​រស់ឡើង​វិញ​ម្ដងទៀត ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ខណៈ​អ្នក​អាន អាលម៉ា ៤០:២៣ ឭៗ សូម​ឲ្យ​កុមារ​ប្រើ​ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ដើម្បី​ជួយ​ពួកគេឲ្យ​​ស្រមៃ​​ពី​អ្វី​ដែល​ខគម្ពីរ​នេះ​បង្រៀន ។ សូមអញ្ជើញ​កុមារ​ម្នាក់ៗ​ប្រើ​ទំព័រ​សកម្មភាព ដើម្បី​បង្រៀន​កុមារ​ផ្សេង​ទៀត​អំពី​ការរស់​ឡើង​វិញ ។

  • សូម​បង្ហាញ​រូបភាព​​ព្រះអង្គសង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​បង្រៀន​កុមារ​នូវ​ចម្រៀង​មួយ​បទ​អំពី​ការមាន​ព្រះជន្មរស់​ឡើង​វិញ​ ដូចជា « តើ​ព្រះយេស៊ូវ​រស់​ឡើង​វិញ​ឬ ? » ឬ « ទ្រង់​រស់​ឡើង​វិញ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៥, ទំនុក​តម្កើង លេខ ១២១ ) ។ សូម​ឈប់​​ម្តងម្កាល​​ដើម្បី​ពន្យល់​ពី​អត្ថន័យ និង​ពាក្យ និង​ឃ្លា​សំខាន់ៗ ។

  • សូម​សួរ​កុមារ ប្រសិនបើ​មាន​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​​បាន​ស្លាប់ ។ សូមថ្លែង​ទីបន្ទាល់​របស់​អ្នក​ថា បុគ្គល​នោះ និង​មនុស្ស​​ផ្សេង​ទៀត​នឹង​រស់​ឡើង​វិញ ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិនបើ​ចាំបាច់ សូម​ប្រើ​ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ដើម្បី​ពន្យល់​ពី​អត្ថន័យ​នៃ​ការរស់ឡើ​ង​វិញ ។

    ម៉ារា និង​ព្រះយេស៊ូវ

    ម៉ារា និង​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដោយ​ ហារី អាន់ឌើរសិន

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

អាលម៉ា ៣៩:១, ១០–១១

ខ្ញុំ​អាច​ធ្វើ​ជា​គំរូ​ល្អ​បាន ។

ការទូន្មាន​របស់​អាលម៉ាដល់​កូរីអានតុន​អាច​ជួយ​កុមារ យល់​ពី​សារៈសំខាន់​នៃ​ការធ្វើ​តាម និង​ធ្វើ​ជាគំរូ​ល្អ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ពន្យល់​ថា កូរីអានតុន​កូនប្រុស​របស់​អាលម៉ា​បាន​​ប្រព្រឹត្តិ​អំពើ​បាប​ធ្ងន់ធ្ងរ ខណៈ​គាត់​គួរតែ​ប្រកាស​ដំណឹងល្អ ។ សូម​អាន អាលម៉ា ៣៩:១១ តែ​ពាក់កណ្តាល​ចុងក្រោយ​ជាមួយ​កុមារ ហើយ​សូម​ឲ្យ​ពួកគេ​ស្តាប់​រក​អំពើ​បាប​របស់​កូរីអានតុន​បាន​ជះឥទ្ធិពល​ដល់​ពួកសាសន៍​សូរាំ ។ សូម​ជួយ​កុមារឲ្យ​​គិត​អំពី​មនុស្ស​ដែល​អាច​ទទួលរង​ឥទ្ធិពល​ពី​ទង្វើ​របស់​ពួកគេ ។ តើ​ពួកគេ​អាច​ធ្វើ​ជាគំរូ​ល្អ​ដល់​មនុស្ស​ទាំង​នេះ​តាម​របៀប​ណា ?

  • សូម​អាន អាលម៉ា ៣៩:១ ជាមួយ​គ្នា ។ តើ​ស៊ិបឡុន​​ដែល​ជា​បងប្រុស​របស់​កូរីអានតុន​បាន​ធ្វើ​​​ជា​គំរូ​ល្អ​ដូចម្តេច ? សូម​ឲ្យ​កុមារ​រកមើល​ចម្លើយ​បន្ថែម​ចំពោះ​សំណួរ​នេះ​នៅក្នុង អាលម៉ា ៣៨:២–៤ ។ សូម​ប្រាប់​អំពី​គំរូ​ល្អ​មួយ​ចំនួន​នៅក្នុង​ជីវិត​អ្នក ហើយ​អញ្ជើញ​កុមារ​ឲ្យ​ប្រាប់​ពី​រឿង​នោះ​ផងដែរ ។ សូម​បង្ហាញ​វីដេអូ « Lessons I Learned as a Boy » ( ChurchofJesusChrist.org ) រួច​សួរ​កុមារ​ថា តើ​​កុមារ​ច្បង​គឺ​ជាគំរូ​ល្អ​ដូចម្តេច ?

  • សូម​យក​ពិល ឬ​រូបភាព​​ព្រះអាទិត្យ​មួយ​មក ហើយ​ប្រៀបធៀប​ពន្លឺ​វា​ទៅ​នឹង​ឥទ្ធិពល​នៃ​គំរូ​សុចរិត ។ ដូចជា​ពន្លឺ​ពិល ឬ​ពន្លឺ​ព្រះអាទិត្យ​អាច​ជួយ​យើង​មើល​ឃើញ​ផ្លូវ​ដែល​យើង​ត្រូវ​ដើរ​តាម​ដែរ នោះ​គំរូ​សុចរិត​បង្ហាញ​យើង​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ ដើម្បី​ដើរ​តាម​ព្រះវរបិតាសួគ៌ ។ សូម​ចែកចាយ​បទពិសោធន៍​មួយ ពេល​គំរូ​ល្អ​របស់​នរណា​ម្នាក់​បាន​ជួយ​ដល់​អ្នក ។ តើ​កុមារ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​​ធ្វើជា​គំរូ​ល្អ​ដល់​មនុស្ស​ដទៃ ? សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​គំរូ​ដ៏​ឥតខ្ចោះ​របស់​យើង ។

អាលម៉ា ៣៩:៩–១៣

ខ្ញុំ​អាច​​ប្រែចិត្ត​បាន ពេល​ខ្ញុំ​ធ្វើ​ខុស ។

ដូច​ជា​យើង​ទាំងអស់​គ្នា​ដែរ កុមារ​ដែល​អ្នក​បង្រៀន​មាន​បាប និង​ធ្វើ​ខុស ។ តើ​អ្នក​អាច​បំផុស​គំនិត​​​ពួកគេ​ឲ្យ​ « បោះបង់​ចោល​អំពើ​បាប [ របស់​ពួកគេ ] ហើយ​ប្រែចិត្ត ដោយ​របៀប​ណា ? ( អាលម៉ា ៣៩:៩ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ចែកចាយ​​បទពិសោធន៍​មួយ ពេល​ពួកគេ​មាន​របួស ។ តើ​ពួកគេបាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​​ជួយ​​ឲ្យ​របួស​របស់​ពួកគេ​បាន​ជា ? សូម​ពន្យល់​ថា អំពើ​បាប​ធ្វើ​ឲ្យ​វិញ្ញាណ​យើង​រង​របួស ប៉ុន្តែ​ព្រះអង្គសង្គ្រោះ​អាច​ជួយ​ព្យាបាល​យើង ពេល​យើង​ប្រែចិត្ត ។

  • សូម​ឲ្យ​កុមារ​ស្វែងរក​ឃ្លា « ប្រែចិត្ត ហើយ​បោះបង់​ចោល​អំពើ​បាប​​ទាំងឡាយ​របស់​កូន » នៅក្នុង អាលម៉ា ៣៩:៩ ហើយ​ជួយ​ពួកគេ​ឲ្យ​យល់​ពី​អត្ថន័យ​នៃពាក្យ « ប្រែចិត្ត » និង « បោះបង់​ចោល » ។ សូម​ថ្លែង​ទីបន្ទាល់​ថា ការប្រែចិត្ត​អាច​ធ្វើ​ទៅបាន​តាមរយៈ​​​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ។ សូម​អាន អាលម៉ា ៣៩:១០–១៤ ជាមួយ​គ្នា​ដើម្បី​ស្វែងរក​អ្វី​ផ្សេង​ទៀត​ដែល​យើង​អាច​ធ្វើ ដែល​នឹង​ជួយ​យើង​ឲ្យ​ប្រែចិត្ត និង​ចៀសវាង​ពី​អំពើ​បាប ។

អាលម៉ា ៤០:៦–៧, ១១–១៤, ២១–២៣

បន្ទាប់ពី​ស្លាប់ វិញ្ញាណ​យើង​ទៅ​ភព​វិញ្ញាណ​រហូត​ដល់​ការរស់​ឡើង​វិញ និង​ការជំនុំជម្រះ ។

វា​ជា​រឿង​ធម្មតា​ដើម្បី​ឆ្ងល់​ថា តើ​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​យើង​ស្លាប់ ។ ពាក្យ​របស់​អាលម៉ា​អាច​ជួយ​កុមារ​ឲ្យ​ស្វែងរក​ចម្លើយ​បំផុសគំនិត ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ សេចក្តីស្លាប់, ភពវិញ្ញាណ, ការរស់​ឡើង​វិញ និង ការជំនុំជម្រះ នៅលើ​ក្រដាស​ផ្សេងៗ​គ្នា ហើយ​ដាក់​​វានៅលើ​ក្តារខៀន​​ក្នុង​លំដាប់​មិន​រៀបរយ ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំង​នេះ ។ សូម​អាន អាលម៉ា ៤០:៦–៧, ១១–១៤ និង ២១–២៣ ជាមួយ​កុមារ ហើយសូម​ឲ្យ​ពួកគេ​ដាក់​ពាក្យ​នៅលើ​ក្តារ​ខៀន​នោះ​តាម​លំដាប់លំដោយ​ដែល​វា​កើត​ឡើង ។

  • សូម​សរសេរ​បញ្ជីរ​សំណួរ​ដែល អាលម៉ា ៤០:៦–៧, ១១–១៤ និង ២១–២៣ អាច​ឆ្លើយ​បាន​នៅលើ​ក្តារ​ខៀន ហើយ​អញ្ជើញ​កុមារ​ឲ្យ​ផ្គូផ្គង​សំណួរ​នីមួយៗ ជាមួយ​នឹង​ខគម្ពីរ​ដែល​ឆ្លើយ​សំណួរ​នោះ ។ ឧទាហរណ៍ « តើ​រូបកាយ​របស់​ខ្ញុំ​នឹង​មាន​សភាព​បែប​ណា​ពេល​ខ្ញុំ​រស់​ឡើង​វិញ ? » ដែល​មាន​ចម្លើយ​នៅក្នុង អាលម៉ា ៤០:២៣ ។ ប្រសិនបើ​ចាំបាច់ សូម​ពន្យល់​ពាក្យ​ពិបាកៗ​ដល់​កុមារ​ពេល​ពួកគេ​អាន​ ។ សូម​លើក​ទឹកចិត្ត​កុមារឲ្យ​ចែកចាយ​​ពី​មូលហេតុ​ដែលពួកគេ​មាន​អំណរគុណ​ចំពោះផែនការ​របស់​ព្រះវរបិតាសួគ៌ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​ថ្លែង​អំណរគុណ​សមាជិក​គ្រួសារ​ដែល​ធ្វើ​ជា​គំរូ​ល្អ​ដល់​ពួកគេ ហើយ​គិត​អំពី​របៀប​មួយ​ដែល​ពួកគេ​អាច​ធ្វើ​ជា​គំរូ​ល្អ​​ក្នុង​សប្តាហ៍​នេះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ដាក់​បញ្ចូល​ញាណ​ទាំងឡាយ ។ « កុមារ​ភាគច្រើន ( និង​មនុស្ស​ពេញវ័យ ) រៀនសូត្រ​ឆាប់​ចេះ នៅ​ពេល​មាន​ការដាក់​បញ្ចូល​ញាណ​ទាំងឡាយ ។ សូម​ស្វែងរក​របៀប​ដើម្បី​ជួយ​កុមារ​តូចៗ​ឲ្យ​ប្រើ​ចក្ខុ​វិញ្ញាណ សោត​វិញ្ញាណ និង​កាយ​វិញ្ញាណ​របស់​ពួកគេ​នៅពេល​ពួកគេ​រៀន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥ ) ។