ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៣–៩ ខែ សីហា អាលម៉ា ៤៣–៥២ ៖ « ឈរ​ឲ្យ​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ »


« ថ្ងៃទី ៣–៩ ខែ សីហា អាលម៉ា ៤៣–៥២ ៖ ‹ ឈរ​ឲ្យ​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៣–៩ ខែ សីហា អាលម៉ា ៤៣–៥២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

មរ៉ូណៃ និង​ទង់​ឥស្សរភាព

សម្រាប់​ពរជ័យ​នៃ​ឥស្សរភាព ដោយ ស្កត អិម ស្នូ

ថ្ងៃទី ៣–៩ ខែ សីហា

អាលម៉ា ៤៣–៥២

« ឈរ​ឲ្យ​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ »

ពេល​អ្នក​ដាក់ផែនការ​សម្មភាព អ្នក​អាច​រកឃើញ​គំនិត​នានា​នៅ​ក្នុង​យោបល់​សម្រាប់​ការបង្រៀន​នេះ​ទាំង​សម្រាប់​កុមារ​តូចៗ និង​កុមារ​ធំ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​ចាំ​ពី​មនុស្ស និង​រឿង​មួយ​ចំនួន​នៅក្នុង អាលម៉ា ៤៣–៥២ ដូចជា មេទ័ព​មរ៉ូណៃ ឬ​ទង់​ឥស្សរភាព​ជាដើម ។ ដើម្បី​ជួយ​ពួកគេឲ្យ​​ចាំ សូម​បង្ហាញ​រូបភាព​មក​ពី ដំណើរ​រឿង​ព្រះគម្ពីរ​មរមន , សៀវភៅ​រូបភាព​ដំណឹងល្អចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

អាលម៉ា ៤៣:១៧–២១; ៤៨:៧–៨; ៤៩:១–៥; ៥០:១–៦

ខ្ញុំ​អាច​រកឃើញ​ការការពារ​ខាង​វិញ្ញាណ​នៅក្នុង​ដំណឹងល្អ ។

ដើម្បី​ការពារ​ពួកសាសន៍​នីហ្វៃ​ទាស់​នឹង​ពួកសាសន៍​លេមិន នោះ​មរ៉ូណៃ​បាន​រៀបចំ​ប្រជាជន​របស់​លោក​ឲ្យ​ពាក់​​​អាវ​ក្រោះ និង​​​រៀបចំ​បន្ទាយ​ការ​ពារ​ទាំង​ឡាយ ។ កិច្ចខិតខំ​របស់​លោក​បង្រៀន​យើង​អំពី​របៀប​ដែល​យើងអាច​​រកឃើញ​សុវត្ថិភាព​ខាង​វិញ្ញាណ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រាប់​កុមារ​បន្តិច​អំពី​សង្គ្រាម​រវាង​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន ( សូមមើល អាលម៉ា ៤៣ ) ដោយ​គូស​បញ្ជាក់​ថា ពួកសាសន៍​នីហ្វៃ​ពាក់​អាវ​ក្រោះ​ការពារ​ខ្លួន ។ អ្នក​អាច​ប្រើ « ជំពូក​ទី ៣១ ៖ មេទ័ព​មរ៉ូណៃ​ប្រយុទ្ធ​ឈ្នះ​សេរ៉ាហិមណា » ( ដំណើរ​រឿង​ព្រះគម្ពីរ​មរមនទំព័រ ៨៥–៨៨ ឬ​មើល​វីដេអូ​ដូច​គ្នា​នេះ​នៅ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​អាន អាលម៉ា ៤៣:១៩ ហើយ​សូម​ឲ្យ​កុមារ​ចង្អុល​ទៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​របស់​ពួកគេ កាល​ពួកគេ​ឮ​ឈ្មោះ​ផ្នែក​ណាមួយ​នៅក្នុង​ព្រះគម្ពីរ ។

  • សូម​ពន្យល់​ថា ដូចពួកសាសន៍នីហ្វៃ​នៅក្នុង​សង្គ្រាម​ដែរ នោះ​យើង​នៅក្នុង​សង្គ្រាម​ខាង​វិញ្ញាណ​ទាស់​នឹង​សាតាំង ជា​អ្នក​ដែលពុំ​ចង់​ឲ្យ​យើង​រក្សា​បទបញ្ញត្តិ​ព្រះទេ ។ សូម​គូរ​រូប​កុមារ​ម្នាក់​នៅលើ​ក្តារ​ខៀន ហើយ​ជួយ​កុមារ​ឲ្យ​គិត​ពី​អ្វី​ដែល​ការពារ​ពួកគេ​ខាង​វិញ្ញាណ ដូច​​ជា​អាវ​ក្រោះ​ការពារ​រាងកាយ​យើង ( ឧទាហរណ៍ ការអធិស្ឋាន ការអាន​ព្រះគម្ពីរ ឬ​ការគោរព​បទបញ្ញត្តិ ) ។ គ្រប់ពេល​អ្វី​មួយ​ត្រូវបាន​ថ្លែង​ឡើង សូម​គូរ​ផ្នែក​មួយ​នៃ​អាវ​ក្រោះ​នៅលើ​រូប​កុមារ​នៅ​លើ​ក្ដារខៀន ។

ពួកសាសន៍​នីហ្វៃ​ប្រយុទ្ធ​នឹង​ពួក​សាសន៍​លេមិន

របង​នៃ​ទីក្រុង​នីហ្វៃ ដោយ មីនើរវ៉ា ខេ ធៀឆើត

អាលម៉ា ៤៦:១១–១៦; ៤៨:១១–១៣, ១៦–១៧

ខ្ញុំ​អាច​មាន​ភាព​ស្មោះត្រង់​ដូច​ជា​មេទ័ព​មរ៉ូណៃ ។

មរ៉ូណៃ​គឺជា​គំរូ​ដ៏​អស្ចារ្យ​មួយ​អំពី​​សេចក្តីជំនឿ ភាព​ក្លាហាន និង​ការបម្រើ ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​បំផុសគំនិត​កុមារ​ឲ្យ​ធ្វើ​តាមគំរូ​របស់​លោក ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​មរ៉ូណៃ​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ សូម​ប្រាប់​កុមារ​អំពី​ទង់​ឥស្សរភាព និង​អ្វី​ដែល​បាន​សរសេរ​នៅលើ​ទង់​នោះ ដោយ​ប្រើ​ឃ្លា​មក​ពី អាលម៉ា ៤៦:១១–១៦ ។ អ្នក​អាច​មើល « ជំពូក​ទី ៣២ ៖ មេទ័ព​មរ៉ូណៃ និង​ទង់​ឥស្សរភាព » ( ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ៨៩–៩០ ឬ​មើល​វីដេអូ​ដូច​គ្នា​នេះ​នៅ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ឲ្យ​កុមារ​​ជួយ​ប្រាប់​រឿង​នោះ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ។ សូម​ចង្អុល​បង្ហាញ​ថា មរ៉ូណៃ​បាន​ប្រើ​ទង់​ឥស្សរភាព ដើម្បី​ជួយ​ពួកសាសន៍​នីហ្វៃ​ឲ្យ​ចាំ​ពី​អ្វី​ដែល​សំខាន់​ចំពោះ​ពួកគេ ។

  • សូម​ជួយ​កុមារ​ឲ្យ​បង្កើត​ទង់​ឥស្សរភាព​សម្រាប់​ពួកគេ ឬ​សម្រាប់​ថ្នាក់​របស់​ពួកគេ ។ សូម​ចាប់ផ្តើម​ដោយ​ការជួយ​ពួកគេ​ឲ្យ​គិត​អំពី​អ្វីៗ​ដែល​ពួកគេ​ជឿ ឬ​អ្វី​ដែល​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​ចងចាំ ។ សូម​ឲ្យ​ពួកគេ​គូរ​រូបភាព​នៃ​អ្វីៗ​ទាំង​នោះ នៅលើ​ក្រដាស​ធំ​មួយ​សន្លឹក ឬ​អ្នក​អាច​យក​រូបភាព​ឲ្យ​ពួកគេ​ដើម្បី​ភ្ជាប់​ទៅ​នឹង​ក្រដាស​នោះ ។

  • សូម​ឲ្យ​កុមារ​ប្រាប់​អ្នក​អំពី​មនុស្ស​មួយ​ចំនួន ដែល​ពួកគេ​ចង់​ក្លាយ​ដូច និង​មូលហេតុ​ដែល​ពួកគេ​ចង់​ក្លាយ​ដូច​ពួកគេ ។ បន្ទាប់​មក សូម​ចែកចាយ​ពាក្យ​មួយ​ចំនួន​មក​ពី អាលម៉ា ៤៨:១១–១៣ ដែល​ពិពណ៌នា​អំពី​មរ៉ូណៃ ហើយ​អញ្ជើ​ញ​ពួកគេ​ឲ្យ​ទាយ​ថា តើ​ពាក្យ​ទាំងនេះ​ពិពណ៌នា​ពី​នរណា ។ សូម​បង្ហាញ​រូបភាព​របស់មរ៉ូណៃ ហើយ​​និយាយ​ពី​របៀប​ដែល​យើង​អាច​ក្លាយ​ដូច​ជា​លោក ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

អាលម៉ា ៤៣:១៧–២១; ៤៨:៧–៨; ៤៩:១–៥; ៥០:១–៦

ខ្ញុំ​អាច​រកឃើញ​ការការពារ​ខាង​វិញ្ញាណ​នៅក្នុង​ដំណឹងល្អ ។

ពិភពលោក​​មាន​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ច្រើន ប៉ុន្តែ​មាន​អ្វី​ជា​ច្រើន​ដែល​កុមារ​អាច​រៀន​ពី​ពួកសាសន៍​នីហ្វៃ អំពី​របៀប​ការពារ​ខ្លួន​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​អាន​ខគម្ពីរ​មួយ​ខាង​ក្រោម​នេះ​ស្ងាត់ៗ ដែល​វា​ពិពណ៌នា​អំពី​របៀប​ដែល​ពួកសាសន៍​នីហ្វៃ​ត្រៀម​ខ្លួន​ច្បាំង​នឹង​ពួកសាសន៍​លេមិន ៖ អាលម៉ា ៤៣:១៩; ៤៨:៨; ៤៩:១–៥ និង ៥០:២–៤ ។ សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ( សូម​ផ្តល់​ជំនួយ​ប្រសិនបើ​ចាំបាច់ ) ។ សូម​ពន្យល់​ថា យើង​នៅក្នុង​សង្គ្រាម​ខាង​វិញ្ញាណ​ទាស់​នឹង​សាតាំង ហើយ​យើង​ត្រូវ​ការពារ​ខ្លួន​យើង​ខាង​វិញ្ញាណ ដូចជា​ពួកសាសន៍​នីហ្វៃ​បាន​ការពារ​ខ្លួន​ពួកគេ​ពីពួក​សាសន៍​លេមិន​ដែរ ។ តើ​អាវ​ក្រោះ និង​បន្ទាយ​ការពារ​ខាង​វិញ្ញាណ​ប្រភេទ​ណា ដែល​យើង​អាច​សាងសង់​ឡើង ដើម្បី​ការពារ​ខ្លួន​នៅក្នុង​ចម្បាំង​ខាង​វិញ្ញាណ​របស់យើង ?

  • សូម​ជួយ​កុមារ​ឲ្យ​ធ្វើ​ខែល​​មួយ​ពី​ក្រដាស​ធំ​មួយ​សន្លឹក ឬ​ក្រដាស​រឹង ហើយ​សូម​ឲ្យ​ពួកគេ​សរសេរ​លើ​វា​នូវ​អ្វី​ដែល​ការពារ​ពួកយើង​ខាង​វិញ្ញាណ ។ សូម​ឲ្យ​ក្រដាស​មួយ​សន្លឹក​ដល់​កុមារ​គ្រប់​គ្នា ហើយ​អញ្ជើញ​​កុមារ​​ឲ្យ​សរសេរ​អ្វី​ដែល​អាក្រក់ ដែល​សាតាំង​អាច​ល្បួង​យើង​ឲ្យធ្វើ​បាន ( ដូចជា និយាយ​កុហក លួច ឬ​មាន​ចិត្ត​កំណាញ់ ) ។ សូម​ឲ្យ​ពួកគេឆ្មូល​ក្រដាស​របស់​ពួកគេ​ឲ្យ​ទៅ​ជារាង​បាល់ ហើយ​គប់​​វា​ទៅ​​នឹង​ខែល ដើម្បី​បង្ហាញ​ពី​របៀប​ដែល​ដំណឹងល្អ​អាច​ការពារ​យើង​ឲ្យ​មាន​សុវត្ថិភាព​ពី​សាតាំង​ ( សូមមើល​ផងដែរ អេភេសូរ ៦:១៦ ) ។

អាលម៉ា ៤៦:១១–១៦; ៤៨:១១–១៣, ១៦–១៧

ខ្ញុំ​អាច​មាន​ភាព​ស្មោះត្រង់​ដូច​ជា​មេទ័ព​មរ៉ូណៃ ។

មរ៉ូណៃ​គឺ​ជាសិស្ស​ស្មោះត្រង់ និង​រឹងប៉ឹង​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​បំផុសគំនិត​ដល់​ពួក​សាសន៍​នីហ្វៃ​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ ( សូមមើល អាលម៉ា ៤៨:១៧ ) ។ តើ​កុមារ​នៅក្នុង​ថ្នាក់​របស់​អ្នក​អាច​រៀន​អ្វី​​ពី​គំរូ​របស់​លោក ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន អាលម៉ា ៤៦:១១–១៦ ​ជាមួយ​គ្នា ។ តើ​មរ៉ូណៃ​ចង់​ឲ្យ​ពួក​សាសន៍​នីហ្វៃ​ចងចាំ​ពី​អ្វី ? ( សូមមើល ខ​ទី ១២ ) ។ តើលោក​បានជួយ​ពួកគេ​​ចងចាំ​រឿង​ទាំង​នោះយ៉ាង​ដូចម្ដេច ? សូម​ឲ្យ​កុមារធ្វើ​បញ្ជី​មួយ​អំពី​អ្វី​ដែល​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​ពួកគេ​ចងចាំ ។ សូម​​ឲ្យ​កុមារ​ច្នៃ​ប្រឌិត « ទង់​ឥស្សរភាព » ផ្ទាល់​របស់​ពួកគេ​ជាមួយ​ឃ្លា ឬ​រូបភាព​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ចាំ​ពី​រឿង​ទាំង​នេះ ។

  • សូម​ឲ្យ​កុមារ​ម្នាក់​អាន អាលម៉ា ៤៨:១៧ ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ពី​មូលហេតុ​ដែល​យើង​ត្រូវបាន​អញ្ជើញឲ្យ​ក្លាយ​ដូចជា​មរ៉ូណៃ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា អាលម៉ា ៤៨:១១–១៣, ១៦ ។ សូម​ឲ្យ​ពួកគេ​ស្វែងរក​ពាក្យ ឬ​ឃ្លា​ដែល​​ជួយ​ពួកយើង​ឲ្យ​យល់​ពី​មូលហេតុ ដែល​មរ៉ូណៃ​គឺជា​សិស្ស​ដ៏​អស្ចារ្យបែប​នេះ​​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅ​ពេល​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​គិត​អំពី​​កិច្ចការ​ជាក់លាក់​នានា ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ក្លាយ​ដូចជា​មរ៉ូណៃ ។

អាលម៉ា ៤៧:៤–១៩

សាតាំង​ល្បួង និង​បោក​បញ្ឆោត​យើង​បន្តិច​ម្តងៗ ។

កុមារ​ត្រូវ​តែ​ដឹង​ថា សាតាំង​នឹង​ព្យាយាម​ល្បួង​ពួកយើង​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​តូចតាច ដើម្បី​វា​អាច​នាំ​យើង​ឲ្យ​មាន​អំពើ​បាប​ធំៗ​បាន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន​ខគម្ពីរ​ដែល​បាន​ជ្រើសរើស​មក​ពី អាលម៉ា ៤៧:៤–១៩ ជាមួយ​គ្នា ហើយ​ពន្យល់​កុមារ​អំពី​របៀប​ដែល​អាម៉ាលិកាយ​ទទួលបាន​ការគ្រប់គ្រង​លើ​កងទ័ពរបស់​លីហុនតៃ ទោះបីជា​សមាជិក​របស់​កងទ័ព​នោះ « តាំង​ក្នុង​ចិត្ត​របស់​ពួកគេ » ថា ពួកគេ​នឹង​ពុំ​ត្រូវបង្ខំ​ឲ្យ​ប្រយុទ្ធ​នឹង​ពួកសាសន៍​នីហ្វៃ​ក្ដី ។ តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិនបើ​អាម៉ាលិកាយ​បាន​ប្រាប់​លីហុនតៃ នូវ​អ្វី​ដែល​គាត់​បាន​គ្រោង​ធ្វើ​ចាប់​តាំង​ពី​ដំបូង​មក​នោះ ? តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​របៀប​​ដែល​សាតាំង​បោក​បញ្ឆោត​យើង ?

  • សូម​បង្ហាញ​រូបភាព​ផ្ទះ​មួយ​ដែល​មាន​ការថែទាំ​បាន​ល្អ និង​ផ្ទះ​មួយ​ដែល​ត្រូវបាន​គេ​ទុកចោល ឬ​បង្ហាញរូបភាព​មួយ​នៃ​សួនច្បារ​ដ៏​ស្រស់​ស្អាត និង​សួនច្បារ​មួយ​ដែល​មាន​សុទ្ធ​តែ​ស្មៅ ។ សូម​ឲ្យ​កុមារ​​និយាយអំពី​អ្វី​ដែល​ពួកគេ​ឃើញ​នៅក្នុង​រូបភាព និង​របៀប​ដែល​ការផ្លាស់ប្តូរ​ទាំង​នេះ​អាច​កើត​ឡើង​នៅពេល​យូរៗទៅ ។ តើ​ម្ចាស់​ផ្ទះ ឬ​ម្ចាស់សួន​ច្បារ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ការពារ​កុំ​ឲ្យ​រឿង​នេះ​កើត​ឡើង ? សូម​ពន្យល់​ថា មនុស្ស​អាច​ប្រែ​ជា​មាន​អំពើ​បាប​បន្តិច​ម្តងៗ ប្រសិនបើ​ពួកគេ​ពុំ​បដិសេធ​នឹង​ការល្បួង​របស់​សាតាំង​ឲ្យ​​ប្រព្រឹត្ត​អំពើ​បាប​តូចតាច ( ដូចជា​ការពុំទៀងត្រង់ ឬ​មើល​ការណ៍​អាសគ្រាម ) ហើយ​ក្រោយ​មកនាំ​ឲ្យប្រព្រឹត្ត​អំពើ​បាប​ធំ​ជាង​មុន ។ តើ​រឿង​មិន​ល្អ​អ្វីខ្លះ​ដែល​យើង​ត្រូវ​បដិសេធ​មិន​ធ្វើ​នៅ​ក្នុង​ជីវិត​យើង ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​កុមារ​ម្នាក់​​ដាក់​ឈ្មោះអ្វី​មួយ​ដែល​គាត់​បាន​ឮ ឬ​បាន​ទទួលអារម្មណ៍​នៅ​ថ្ងៃ​នេះ ហើយ​ចង់​ចែកចាយ​ជាមួយ​សមាជិក​គ្រួសារ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើតាម​គម្រោង​របស់​ពួកគេ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ជួយ​​កុមារ​ឲ្យ​​សាង​ទំនុកចិត្ត ។ កុមារមួយ​ចំនួន​ពុំ​មាន​​អារម្មណ៍ថា មាន​សមត្ថភាព​រៀន​ដំណឹងល្អ​ដោយ​ខ្លួនឯង​នោះទេ ។ របៀប​មួយ​ដើម្បី​សាង​ទំនុកចិត្ត​របស់​ពួកគេ​គឺ សរសើរ​ពួកគេ​​ពេលពួកគេចូលរួម​ក្នុង​ថ្នាក់ ។