« ថ្ងៃទី ២៤–៣០ ខែ សីហា ហេលេមិន ៧–១២ ៖ « នឹកឃើញដល់ព្រះអម្ចាស់ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៤–៣០ ខែ សីហា ហេលេមិន ៧–១២ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៤–៣០ ខែ សីហា
ហេលេមិន ៧–១២
« នឹកឃើញដល់ព្រះអម្ចាស់ »
ពេលអ្នកអាន ហេលេមិន ៧–១២ សូមពិចារណាពីរបៀបដែលរឿង និងគោលការណ៍ទាំងនេះនៅក្នុងជំពូកទាំងនេះ អាចផ្តល់ពរដល់កុមារដែលអ្នកបង្រៀន ។ គំនិតយោបល់នៅក្នុងគម្រោងមេរៀននេះអាចជាការបន្ថែមទៅលើការបំផុសគំនិតដែលអ្នកទទួលបាន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមសួរកុមារពីអ្វីដែលពួកគេដឹងអំពីព្យាការីនីហ្វៃ ដែលជាកូនប្រុសរបស់ហេលេមិន ( សូមមើល ហេលេមិន ៧–១២ ) ។ ប្រសិនបើចាំបាច់ សូមពន្យល់ពីភាពខុសគ្នារវាងព្យាការីនីហ្វៃនេះ និងព្យាការីនីហ្វៃនៅដើមព្រះគម្ពីរមរមន ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំនឹកឃើញដល់ទ្រង់ ។
នីហ្វៃឆ្ងល់ពីរបៀបដែលប្រជាជនបានងាកចេញពីព្រះ ហើយបំភ្លេចទ្រង់ ។ តើអ្នកអាចជួយកុមារឲ្យរៀនពីរបៀបនានាដែលពួកគេអាចនឹកឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយជាមួយកុមារអំពីបទពិសោធន៍មួយ ពេលអ្នកភ្លេចរឿងអ្វីមួយដែលសំខាន់ ។ សូមសួរពួកគេ ប្រសិនបើពួកគេធ្លាប់ភ្លេចអ្វីមួយ ។ សូមអាន ហេលេមិន ៧:២០ ឲ្យពួកគេស្តាប់ ហើយពន្យល់ថា ពួកសាសន៍នីហ្វៃបានជ្រើសរើសដើម្បីបំភ្លេចព្រះ ។ ព្យាការីនីហ្វៃចង់ឲ្យពួកគេនឹកឃើញព្រះ ។ សូមយករូបភាពក្នុងកាបូបមួយដែលតំណាងឲ្យរបៀបនានាដែលកុមារអាចនឹកឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ ។ សូមឲ្យកុមារឆ្លាស់វេនគ្នាជ្រើសយករូបភាពមួយ ហើយចែកចាយរបៀបដែលយើងអាចនឹកឃើញព្រះរៀងរាល់ថ្ងៃ ។
-
សូមជួយឲ្យកុមារបំពេញសកម្មភាពនៅលើទំព័រសកម្មភាពនាសប្ដាហ៍នេះ ។
ពួកព្យាការីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
នីហ្វៃបានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមក ហើយលោកបានអញ្ជើញឲ្យប្រជាជនលោកប្រែចិត្ត និងធ្វើតាមទ្រង់ ។ សូមប្រើជំពូកទាំងនេះ ដើម្បីបង្រៀនកុមារថា ពួកព្យាការីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពព្រះយេស៊ូវគ្រីស្ទ ហើយប្រាប់កុមារថា ពួកព្យាការីគឺដូចជានីហ្វៃដែរ ពួកលោកអញ្ជើញពួកយើងឲ្យធ្វើតាមព្រះយេស៊ូវ ។ សូមអានពាក្យខាងក្រោមនេះអំពីពួកព្យាការីមកពី ហេលេមិន ៨:២២ ៖ « ពួកគេបានធ្វើបន្ទាល់ អំពីការយាងមកនៃព្រះគ្រីស្ទ ហើយបានទន្ទឹងចាំ ហើយបានអររីករាយដល់ថ្ងៃរបស់ទ្រង់ » ។ សូមចែកចាយជាមួយកុមារនូវអ្វីដែលព្យាការីនៅរស់បានថ្លែងអំពីព្រះអង្គសង្គ្រោះ ។
-
សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីព្យាការី ដូចជាបទ « ធ្វើតាមព្យាការី » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៨ ) ។ សូមជ្រើសរើសឃ្លាគន្លឹះពីចម្រៀងនេះ ហើយសរសេរពាក្យមួយមកពីឃ្លានេះនៅលើក្រដាសរាងជាបាតជើងបីបួន ។ សូមដាក់ក្រដាសរាងជាបាតជើងនេះនៅលើកម្រាលឥដ្ឋនាំទៅរករូបភាពរបស់ព្រះអង្គសង្គ្រោះ ។ សូមអញ្ជើញកុមារឲ្យដើរតាមដាននៃបាតជើងនោះ ហើយជួយពួកគេអានពាក្យទាំងនោះ ។
ខ្ញុំនឹងគោរពតាមព្រះវរបិតាសួគ៌ ។
គំរូរបស់នីហ្វៃស្តីពីការគោរពប្រតិបត្តិអាចបំផុសគំនិតកុមារដែលអ្នកបង្រៀនឲ្យគោរពតាមព្រះអម្ចាស់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន ហេលេមិន ១០:២, ១១–១២ ហើយសូមជួយកុមារឲ្យយល់ថា នីហ្វៃបានគោរពតាមព្រះ ។ សូមអញ្ជើញកុមារឲ្យសម្តែងតាមអ្វីដែលនីហ្វៃបានធ្វើ ។ ឧទាហរណ៍ សូមឲ្យពួកគេដើរទៅជ្រុងម្ខាងទៀតនៃបន្ទប់ ( ធ្វើដូចជា ពួកគេកំពុងតែដើរទៅផ្ទះ ) ឈប់ ងាកក្រោយ និងដើរទៅជ្រុងម្ខាងទៀតនៃបន្ទប់ ( ធ្វើដូចជាពួកគេកំពុងតែត្រឡប់ទៅបង្រៀនប្រជាជន ) ។ សូមជួយពួកគេឲ្យយល់ថា នីហ្វៃចង់គោរពតាមព្រះអម្ចាស់ ទោះបីលោកត្រូវធ្វើកិច្ចការលំបាកក្តី ។
-
សូមជួយកុមារយល់ថា ជួនកាលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងធ្វើអ្វីផ្សេងពីអ្វីដែលយើងចង់ធ្វើ ប៉ុន្តែយើងអាចគោរពតាមទ្រង់ដូចនីហ្វៃបានធ្វើ ។ សូមចែកចាយសេចក្តីថ្លែងការណ៍ដូចជា « ជួនកាល ខ្ញុំចង់ខឹង ប៉ុន្តែព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំ…ហើយទុកឲ្យកុមារបញ្ចប់សេចក្តីថ្លែងការណ៍នោះ ។ សូមលើកទឹកចិត្តកុមារឲ្យនឹកឃើញដើម្បីឈប់ ហើយគិតអំពីអ្វីដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យពួកគេធ្វើ ហើយបន្ទាប់មកធ្វើវា ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំនឹងមានសុវត្ថិភាពខាងវិញ្ញាណ ពេលខ្ញុំធ្វើតាមព្យាការី ។
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត បានបង្រៀនថា ៖ « សុវត្ថិភាពយើងស្ថិតនៅក្នុងការផ្ទៀងស្តាប់នូវអ្វីដែល [ ប្រធានសាសនាចក្រ ] នេះថ្លែង ហើយធ្វើតាមការទូន្មានរបស់លោក » ( « Continuous Revelation » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ១០ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារសរសេរបញ្ជីមួយនៅលើក្ដារខៀននូវអ្វីដែលព្យាការីធ្វើ ( សូមមើល « ព្យាការី » សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ scriptures.ChurchofJesusChrist.org ) ។ សូមជួយពួកគេស្រាវជ្រាវ ហេលេមិន ៧:១–២, ២៧–២៩; ៨:២២–២៣ និង ១០:៣–៤, ៦–៧ ដើម្បីឃើញពីរបៀបដែលនីហ្វៃបានធ្វើកិច្ចការមួយចំនួននៅក្នុងបញ្ជីរបស់ពួកគេ ។ តើយើងបានឃើញព្យាការីបច្ចុប្បន្នរបស់យើងធ្វើកិច្ចការទាំងនេះពេលណា ? សូមថ្លែងទីបន្ទាល់របស់អ្នកអំពីព្យាការីនៅរស់ ។ ដើម្បីបង្ហាញពីសារៈសំខាន់នៃពួកព្យាការី សូមបង្ហាញនាទីដំបូងនៃវីដេអូ « Watchman on the Tower » ( ChurchofJesusChrist.org ) ។
-
សូមអាន ហេលេមិន ១១:៣–៧ ( ឬរំឭក « ជំពូកទី ៣៩ ៖ នីហ្វៃទទួលអំណាចដ៏អស្ចារ្យ » ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ១០៨–១១០ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។ សូមឲ្យកុមារស្ដាប់រកអ្វីដែលបានកើតឡើងដល់ប្រជាជន ដែលពុំស្តាប់តាមព្យាការី ។ តើអ្វីអាចកើតមានឡើង ពេលយើងពុំស្តាប់តាមព្យាការី ? តើយើងមានពរយ៉ាងណា នៅពេលយើងគោរពតាមលោក ? សូមចែកចាយអ្វីដែលព្យាការីយើងបានបង្រៀន ហើយលើកទឹកចិត្តកុមារឲ្យធ្វើតាមការបង្រៀនរបស់លោក ។
ព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំនឹកឃើញដល់ទ្រង់ ។
កុមារដែលអ្នកបង្រៀននឹងប្រឈមមុខនឹងការបង្វែរអារម្មណ៍ដែលអាចបណ្តាលឲ្យពួកគេភ្លេចព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកអាចបំផុសគំនិតដល់កុមារឲ្យបូជាពេលវេលាសម្រាប់កិច្ចការខាងវិញ្ញាណដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន ហេលេមិន ៧:២០–២១ ជាមួយគ្នា ហើយសួរកុមារថា តើពួកគេគិតថា ការបំភ្លេចព្រះមានន័យដូចម្តេច ? សូមពន្យល់ថា ពាក្យ ភ្លេច ក៏អាចមានន័យថា « ព្រងើយកន្តើយ »ឬ « ធ្វើមិនដឹង » ។ សូមដាក់តាំងរូបភាពនៃព្រះអង្គសង្គ្រោះ ហើយអញ្ជើញកុមារឲ្យគូរអ្វីដែលពួកគេអាចចំណាយពេលច្រើនពេកដើម្បីធ្វើកិច្ចការនោះ ដែលអាចបណ្តាលឲ្យពួកគេភ្លេចព្រះអម្ចាស់ ។ សូមដាក់រូបគំនូររបស់ពួកគេដាក់បាំងលើរូបភាពព្រះយេស៊ូវ ។ សូមឲ្យកុមារគិតពីអ្វីៗ ដែលពួកគេអាចធ្វើរៀងរាល់ថ្ងៃ ដើម្បីនឹកឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ ។ នៅពេលពួកគេចែកចាយគំនិតរបស់ពួកគេ សូមយកគំនូរចេញមួយម្តងៗ រហូតដល់រូបភាពព្រះអង្គសង្គ្រោះត្រូវបានបើកឲ្យឃើញ ។
-
សូមជួយកុមារឲ្យបំពេញសកម្មភាពនៅលើទំព័រសកម្មភាពនាសប្ដាហ៍នេះ ។
ពេលខ្ញុំសញ្ជឹងគិតអំពីបន្ទូលរបស់ព្រះ ខ្ញុំអាចទទួលវិវរណៈបាន ។
តើកុមារដែលអ្នកបង្រៀន ស្គាល់អត្ថន័យនៃពាក្យសញ្ជឹងគិតដែរឬទេ ? សូមជួយពួកគេឲ្យយល់ថា នីហ្វៃបានទទួលនូវវិវរណៈ ពេលលោកបានសញ្ជឹងគិតពីអ្វីៗដែលព្រះអម្ចាស់បានបង្ហាញលោក ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យយល់អំពីអត្ថន័យនៃពាក្យសញ្ជឹងគិត ( សូមមើល « សញ្ជឹងគិត » សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ scriptures.ChurchofJesusChrist.org ) ។ សូមឲ្យពួកគេគិតអំពីពាក្យផ្សេងទៀតដែលពិពណ៌នាអំពីអត្ថន័យនៃពាក្យ សញ្ជឹងគិត ។ បន្ទាប់មក សូមឲ្យពួកគេអាន ហេលេមិន ១០:១–៣ ហើយជំនួសពាក្យ សញ្ជឹងគិត ជាមួយនឹងពាក្យដែលពួកគេបានគិត ។ តើមានអ្វីបានកើតឡើង ពេលនីហ្វៃបានសញ្ជឹងគិតអំពីព្រះគម្ពីរ ? ( សូមមើល ហេលេមិន ១០:៣–៧ ) ។ សូមចែកចាយពីគ្រាមួយ ពេលអ្នកបានទទួលវិវរណៈ បន្ទាប់ពីការសញ្ជឹងគិតនូវខគម្ពីរមួយ ឬវិវរណៈសម័យទំនើបមួយ ឬបទពិសោធន៍ខាងវិញ្ញាណមួយ ។
-
សូមទុកពេលឲ្យកុមារអាន ហេលេមិន ១០ ឬអានវាជាមួយគ្នា ហើយលើកទឹកចិត្តពួកគេឲ្យស្វែងរកខគម្ពីរមួយដែលពួកគេចង់សញ្ជឹងគិត អំឡុងពេលសប្តាហ៍បន្ទាប់ ។ សូមអញ្ជើញពួកគេឲ្យសរសេរខគម្ពីរមួយដែលពួកគេបានជ្រើសរើសនៅលើក្រដាស ឬប័ណ្ណមួយ ហើយដាក់វានៅកន្លែងមួយ ដើម្បីរំឭកពួកគេឲ្យសញ្ជឹងគិតពីខគម្ពីរនោះ អំឡុងពេលសប្តាហ៍បន្ទាប់ ។ នៅម៉ោងរៀននាពេលខាងមុខ សូមទុកពេលឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរៀននៅពេលពួកគេសញ្ជឹងគិតពីខគម្ពីរនោះ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមលើកទឹកចិត្តកុមារឲ្យចែកចាយជាមួយគ្រួសាររបស់ពួកគេអំពីអ្វីដែលពួកគេគ្រោងធ្វើ ដើម្បីនឹកឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទរៀងរាល់ថ្ងៃ ។ ពួកគេក៏អាចអញ្ជើញគ្រួសារពួកគេឲ្យចូលរួមក្នុងគោលដៅពួកគេផងដែរ ។