ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៧–២៣ ខែ សីហា ហេលេមិន ១–៦ ៖ « សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង »


« ថ្ងៃទី ១៧–២៣ ខែ សីហា ហេលេមិន ១–៦ ៖ ‹ សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៧–២៣ ខែ សីហា ហេលេមិន ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

ទឹករលក​​បោកបក់​លើ​ថ្ម

ថ្ងៃទី ១៧–២៣ ខែ សីហា

ហេលេមិន ១–៦

« សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង »

សកម្មភាព​នានានៅក្នុង​គម្រោង​មេរៀន​នេះ​មាន​បំណង​ដើម្បី​ជំរុញ​គំនិត និង​បំផុសគំនិត​ក្នុង​ចិត្ត និង​គំនិត​របស់​អ្នក ។ ជាទូទៅ យោបល់​ល្អ​បំផុតតែងតែ​កើត​មាន ពេល​អ្នក​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​នូវ​បទគម្ពីរ និង​តម្រូវការ​របស់​កុមារ​ដែល​អ្នក​បង្រៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ជួយ​ជ្រោមជ្រែង​កុមារ​នៅក្នុង​ការរៀន​ដំណឹងល្អ​របស់​ពួកគេ​នៅ​ផ្ទះ សូម​អញ្ជើញ​ពួកគេ​មួយ​ចំនួន​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​សប្តាហ៍​នេះ ។ សូមពិពណ៌នា​អំពី​របៀប​ដែល​អ្នក​សិក្សា​ដំណឹងល្អ​នៅ​ផ្ទះ និង​និយាយ​អំពី​វិធី​នានា ដែល​កុមារ​អាច​ជួយ​គ្រួសារ​ពួកគេ​ឲ្យ​​រៀន​ពី​ព្រះគម្ពីរមរមន ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ហេលេមិន ៥:១២

ខ្ញុំ​អាច​សង់​គ្រឹះ​របស់​ខ្ញុំ​នៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​​បាន ។

ហេលេមិន​បាន​បង្រៀន​ពួកកូន​ប្រុស​របស់​លោក​គឺ នីហ្វៃ និង​លីហៃ​ឲ្យ​សង់​ជីវិត​របស់​ពួកគេ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​នឹង​បង្រៀន​រឿង​ដូចគ្នា​នេះ ដល់​កុមារ​ដែល​អ្នក​បង្រៀន​ដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ ឬ​អគារ​​ផ្សេង​មួយ​ទៀត ហើយ​ពន្យល់​ថា អគារ​នានា​ត្រូវការ​គ្រឹះ​រឹងមាំ ដើម្បី​វា​មិន​រលំ​ចុះ​ពេល​មាន​ខ្យល់​បក់ និង​ខ្យល់​ព្យុះ ។ ដើម្បី​បង្ហាញ​ពី​រឿង​នេះ​ សូម​អញ្ជើញ​កុមារ​ឲ្យ​​សាកល្បង​រំកិល​ថ្ម​មួយ​ដោយ​ផ្លុំ​ដុំ​ថ្ម​នោះ ។ សូមអាន​ពីរបីជួរ​ដំបូង​នៃ ហេលេមិន ៥:១២ ហើយ​សូមឲ្យ​កុមារ​លើកដៃ​របស់​ពួកគេ នៅពេល​ពួកគេ​ឮ​ពាក្យ « សិលា » គួរតែ​ជា​គ្រឹះ​របស់​យើង ។

  • សូម​អញ្ជើញ​កុមារ​ឲ្យធ្វើ​សកម្មភាព​ នៅពេល​អ្នកអាន ហេលេមិន ៥:១២ ។ ឧទាហរណ៍ ពួកគេ​អាច​គ្រវីដៃ ពេល​អ្នក​អាន​អំពី​ « ព្យុះ​កំណាច » របស់​អារក្ស ហើយ​ឈរ​នៅ​មួយ​កន្លែង ពេល​អ្នក​អានអំពី « សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង » ។

  • សូម​ឲ្យ​កុមារ​​ជួយ​អ្នក​សាងសង់​សំណង់​មួយ​ដោយ​ប្រើ​ឥដ្ឋ ឬ​សម្ភារ​ផ្សេង​ទៀត ។ សូម​ចាប់ផ្តើម​ដោយ​បង្កើត « គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន » ហើយ​និយាយ​ទៅ​កាន់​ពួកគេ​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​គួរតែ​ជា​គ្រឹះ​នៃ​ជីវិត​របស់យើង ។ សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​​ពួកគេ​អាច​ធ្វើ​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទុក​ឲ្យ​ពួកគេ​បន្ថែមឥដ្ឋ​ទៅលើ​គ្រឹះ​នៃ​សំណង់​នោះ​សម្រាប់ រាល់​អ្វី​ដែលពួកគេ​ចែកចាយ ។

  • សូមអញ្ជើញ​កុមារ​ឲ្យ​ផាត់ពណ៌​រូបភាព​នៅ​ទំព័រ​សកម្មភាព ហើយ​ជួយ​ពួកគេ​កាត់​រូបភាព​នោះ​ចេញ ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្ថាបនា​ជីវិត​របស់​យើង​នៅ​លើ​​គ្រឹះ​របស់​ព្រះយេស៊ូវគ្រីស្ទ ? សូម​ចែកចាយ​របៀប​មួយ​ចំនួន​ដែល​អ្នក​បាន​ស្ថាបនា​ជីវិតរបស់​អ្នក​លើ​ព្រះអង្គសង្គ្រោះ និង​​​របៀប​ដែល​ការធ្វើ​បែបនេះ​បាន​ផ្តល់ពរ​​ដល់​ជីវិត​របស់​អ្នក ។

ហេលេមិន ៥:២១–៥២

ព្រះវិញ្ញាណ​បរិសុទ្ធ​ខ្សឹប​ប្រាប់​ដោយ​សំឡេង​តូច​រហៀង ។

ការពិពណ៌នា​នៅក្នុង ហេលេមិន ៥:២៩–៣០, ៤៥–៤៧ អំពី​សំឡេង​ដែល​ពួកសាសន៍​លេមិន​បាន​ឮ​គឺ​ស្រដៀង​ទៅ​នឹង​របៀប​ដែល​យើង​​ពិពណ៌នា​ជារឿយៗ អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល ។ អ្នក​អាច​​ប្រើ​ខគម្ពីរ​ទាំង​នេះ ដើម្បី​ជួយ​កុមារ​​ស្គាល់សំឡេង​​ព្រះវិញ្ញាណ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ចែកចាយ​ដំណើរ​រឿង​របស់​នីហ្វៃ និង​លីហៃ​នៅ​ក្នុង​គុក ។ អ្នក​អាច​ប្រើ « ជំពូក​ទី ៣៧ ៖ នីហ្វៃ និង​លីហៃ​នៅ​ក្នុង​គុក » ( ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ៩៩–១០២ ឬ​មើល​វីដេអូ​ដូច​គ្នា​នេះ​នៅ​គេហទំព័រ ChurchofJesusChrist.org ) ។ ពេល​អ្នក​និយាយ​អំពី​សំឡេង​ដែល​ពួក​សាសន៍​លេមិន​ឮ សូម​និយាយ​ដោយ​សំឡេង​ស្រទន់ ។ សូម​តំណាល​រឿង​នេះ​ពីរបី​ដង ហើយ​អញ្ជើញ​កុមារ​ឲ្យ​​ខ្សឹប​​ដាក់​អ្នក ។ សូម​ប្រាប់​កុមារពី​គ្រា​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ខ្សឹប​ប្រាប់​អ្នក ហើយ​បាន​ពង្រឹង​ទីបន្ទាល់​របស់​អ្នក ។

  • សូម​អាន ហេលេមិន ៥:៣០ ហើយ​ច្រៀង​ជាមួយ​កុមារ​នូវ​បទចម្រៀង​អំពី​ព្រះវិញ្ញាណបរិសុទ្ធ ដូចជា​បទ « The Still Small Voice » Children’s Songbookទំព័រ ១០៦–១០៧ ) ។ សូម​ចង្អុល​បង្ហាញ​ពាក្យ​នៅក្នុង​ខគម្ពីរ និង​ចម្រៀង​ដែល​ពិពណ៌នា​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​មក​កាន់​យើង ( សូមមើល​ផងដែរ ហេលេមិន ៥:៤៥–៤៧ ) ។ សូម​ប្រើ ហេលេមិន ៥:២៩ និង​បទពិសោធន៍​ផ្ទាល់​របស់​អ្នក ដើម្បី​ចែកចាយ​ជាមួយ​កុមារ​នូវ​ឧទាហរណ៍​មួយពីរបី​ អំពី​រឿងៗ​ល្អៗ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បំផុសគំនិត​ឲ្យ​យើង​ធ្វើ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ហេលេមិន ១–៦

ពេល​ខ្ញុំ​បន្ទាប​ខ្លួន នោះ​ព្រះវរបិតាសួគ៌​នឹង​ប្រទាន​ពរ​ដល់​ខ្ញុំ ។

ព្រះគម្ពីរ​មរមន​មាន​នូវ​ឧទាហរណ៍​ជាច្រើន​អំពី​គ្រោះថ្នាក់​នៃ​ភាពឆ្មើងឆ្មៃ និង​ពរជ័យ​នៃ​ភាពរាបសា និង​ឧទាហរណ៍​​មួយ​ចំនួន​នេះ​មាន​នៅក្នុង ហេលេមិន ១–៦ ។ នៅ​ពេល​អ្នក​សិក្សា​ជំពូក​ទាំង​នេះ សូមពិចារណា​អំពី​របៀបដែល​អ្នក​ប្រើ​ឧទាហរណ៍​ទាំងនេះ ដើម្បី​បង្រៀន​កុមារ​នៅ​ក្នុង​ថ្នាក់​របស់​អ្នក ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ជួយ​អ្នកគូរ​ដ្យាក្រាម​ខាង​ក្រោម​អំពី « វដ្ត​នៃ​ភាពឆ្មើងឆ្មៃ » ខាង​ក្រោម​នៅលើ​ក្តារ​ខៀន ។ សូម​អាន ហេលេមិន ៣:២៤, ៣៣–៣៤ និង ៤:១១–១៥ ហើយ​អញ្ជើញ​ឲ្យ​កុមារ​ចង្អុ​ល​ទៅផ្នែក​នានា​នៃ​វដ្តដែល​ខគម្ពីរ​​​ទាំង​នេះ​ពិពណ៌នា ។

  • សូមសរសេរ​ពាក្យ រាបសា និង ឆ្មើងឆ្មៃ នៅលើ​ក្តារ​ខៀន ។ សូម​សរសេរ​ឧទាហរណ៍​ពីរបី​អំពីទង្វើ​នៃ​​​ភាព​រាបសា ឬ​ភាព​ឆ្មើងឆ្មៃ​នៅលើ​បន្ទះ​ក្រដាស ហើយ​សូម​អញ្ជើញ​កុមារ​ឆ្លាស់​វេន​គ្នា​ជ្រើសរើស​ក្រដាស​មួយ និង​ដាក់​វា​នៅ​ជាប់​នឹង​ពាក្យ​នៅលើ​ក្តារ​ខៀន ដែល​ពិពណ៌នា​អំពី​ទង្វើ​នោះ ។ តើ​មាន​របៀប​ណា​ខ្លះ​ដែល​យើង​អាច​ជ្រើសរើស​ដើម្បី​មាន​ភាព​រាបសា ?

វដ្ត​នៃ​ភាពឆ្មើងឆ្មៃ

« វដ្ត​នៃ​ភាពឆ្មើងឆ្មៃ » ។

ហេលេមិន ៥:៥–១៤

ខ្ញុំ​នឹង​ស្ថាបនា​គ្រឹះ​របស់​ខ្ញុំ​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ហេលេមិន ៥:១២ មាន​​រូបភាព​ដ៏​មាន​ឥទ្ធិពល​មួយ​នៃ​ការស្ថាបនា​​គ្រឹះ​របស់​យើង​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ តើ​អ្នក​អាច​ប្រើ​រូបភាព​នេះ​ដើម្បី​បង្ហាញ​កុមារ​អំពី​គោលការណ៍​នេះ​យ៉ាង​ដូចម្ដេច ? ការ​ធ្វើ​ដូច្នោះ​នឹង​ជួយ​ត្រៀម​ខ្លួន​កុមារ​សម្រាប់​ការល្បួង និង​ការសាកល្បង​ដែល​ពួកគេ​នឹង​ប្រឈម​មុខ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​យក​សម្ភារ​មួយ​ចំនួន​​មកកាន់​​ថ្នាក់​រៀន ដែល​អាច​តំណាង​ឲ្យ​គ្រឹះ​ខ្សោយ ឬ​គ្រឹះរឹង​មាំ ( ដូចជា​សំឡីដុំ ឬ​ថ្ម​សំប៉ែត ឬ​ឥដ្ឋ​ការ៉ូ ) ។ សូម​ឲ្យ​កុមារ​​​សាងសង់ប៉ម​មួយ​ដោយ​ប្រើ​ឥដ្ឋ ឬ​សម្ភារ​ផ្សេង​ទៀត​នៅលើ​​ប្រភេទ​ផ្សេងៗ​នៃ​គ្រឹះ ។ តើ​មានអ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​​គ្រឹះ​មួយ​ចំនួន​រឹងមាំ​ជាង​គ្រឹះ​ផ្សេង​ទៀត ? សូម​អាន ហេលេមិន ៥:១២ ជាមួយ​គ្នា ហើយ​សួរ​កុមារ​ពី​មូលហេតុ​ដែល​ពួកគេ​គិត​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា « គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន » សម្រាប់​ជីវិត​របស់យើង ។ តើ​យើង​អាច​សង់ជីវិតរបស់​យើង​​លើ​ទ្រង់​យ៉ាង​ដូចម្ដេច ? សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្រាវជ្រាវ ហេលេមិន ៣:២៧–២៩, ៣៥ និង មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៤ ដើម្បី​ស្វែងរក​គំនិត​នានា ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​អាន ហេលេមិន ៥:៥–១៤ ត្រួសៗ ហើយ​រាប់​ពាក្យ « ចងចាំ » ចំនួន​ប៉ុន្មាន​ដង​ដែលមាន​នៅ​ក្នុង​នោះ ។​ តើ​ហេលេមិន​បង្រៀន​អ្វីខ្លះ​ដល់​ពួកកូនប្រុស​របស់​លោក​ ដែល​ពួកគេ​គួរ​តែ​ចងចាំ ? តើ​ការ​ចងចាំ​អំពី​រឿង​ទាំងនេះ​ជួយ​យើង ធ្វើ​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ​ជា​គ្រឹះ​នៃ​ជីវិត​យើង​យ៉ាង​ដូចម្ដេច ?

ហេលេមិន ៥:២០–៥២

ការប្រែចិត្ត​ជំនួស​ភាព​ងងឹត​ខាង​វិញ្ញាណ​ដោយពន្លឺ ។

សាសន៍​លេមិន​ដែល​បាន​ចូល​ទៅក្នុង​គុក​ដើម្បី​សម្លាប់​​នីហ្វៃ និង លីហៃ ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ភាពងងឹត​ទាំងស្រុង ។ នៅពេល​យើង​ធ្វើ​អំពី​បាប យើង​ស្ថិត​នៅក្នុង​ភាពងងឹត​ខាង​វិញ្ញាណ ។ ហេលេមិន ៥:២០–៥២ បង្រៀន​យើង​ពី​របៀប​ដែល « ពពក​នៃ​សេចក្ដី​ងងឹត » ខាង​វិញ្ញាណ អាច​ត្រូវបាន​បក់​ចេញទៅ ( ខ​ទី ៤១ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ធ្វើ​ឲ្យ​បន្ទប់​រៀន​មាន​ភាព​ងងឹត​តាម​ដែល​អាច​ធ្វើ​បាន បន្ទាប់​មក​អាន ឬ​សង្ខេប​ដំណើរ​រឿង​នៅក្នុង ហេលេមិន ៥:២០–៤០ ដោយ​ប្រើ​ពិល​តូច​មួយ ។ តើ​ពួកសាសន៍​លេមិន​អាច​ទទួល​អារម្មណ៍​បែប​ណា​អំឡុងពេលងងឹត​នោះ ? សូម​ឲ្យ​កុមារ​ស្តាប់​រក​អ្វី​ដែល​​អ័មីណាដាប់​បាន​បង្រៀន​ប្រជាជន​ឲ្យ​ធ្វើ ដើម្បី​ឲ្យ​ភាព​ងងឹត​នោះ​បក់​ចេញ​ទៅ បន្ទាប់​មក​សូម​អាន ខ​ទី ៤១ ។ បន្ទាប់​មក សូម​បើក​ភ្លើង​វិញ ហើយ​អាន ខ​ទី ៤២–៤៨ ជាមួយ​គ្នា ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​​ពរជ័យ​ដែល​ការប្រែចិត្ត​​នាំ​ឲ្យ​កើត​មាន​ក្នុង​ជីវិត​យើង ?

  • សូម​ឲ្យ​កុមារ​ស្រមៃ​ថា ពួកគេ​កំពុង​បង្រៀន​កុមារតូច​ជាង​ពួកគេ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​ពួកគេ​អាច​ប្រើ ហេលេមិន ៥:២៩–៣៣, ៤៤–៤៧ ដើម្បី​បង្រៀន​​ថា តើ​សំឡេង​នៃ​ព្រះវិញ្ញាណ​មាន​សភាព​បែប​ណា ហើយតើ​ព្រះវិញ្ញាណ​ប្រាប់​យើង​នូវ​រឿង​អ្វី​ខ្លះ ? តើ​ព្រះវិញ្ញាណបរិសុទ្ធ​បំផុសគំនិត​ឲ្យ​អ្នក​ប្រែចិត្ត​ដូចម្ដេច ? សូម​ឲ្យ​កុមារ​ចែកចាយ​បទពិសោធន៍ ពេល​ពួកគេ​ទទួលអារម្មណ៍​សុខសាន្ត និង​ការលួងលោម​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​កុមារ​សួរ​សមាជិក​គ្រួសារ​របស់​ពួកគេ អំពី​របៀប​ដែល​ពួកគេ​បាន​ស្ថាបនា​ជីវិត​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ឬ​ពួកគេ​អាច​ចែកចាយ​ជាមួយ​សមាជិក​គ្រួសារ​ពួកគេ អំពី​របៀប​ដែល​ពួកគេ​គ្រោង​ស្ថាបនា​ជីវិត​របស់​ពួកគេ​ផ្ទាល់​លើ​ទ្រង់ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​មាន​ឱកាស​ដ៏​ពិសិដ្ឋ​ដើម្បី​ជួយ​ពង្រឹង​ទីបន្ទាល់​​កុមារ​នៅ​ក្នុង​ថ្នាក់​របស់​អ្នក​ឲ្យ​រីកចម្រើន ។ សូម​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះយេស៊ូវ​ចំពោះ​ពួកគេ ហើយ​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​ទ្រង់​ជារឿយៗ ។