« ថ្ងៃទី ៣១ ខែ សីហា–ថ្ងៃទី ៦ ខែ កញ្ញា ហេលេមិន ១៣–១៦ ៖ ‹ ដំណឹងល្អពីសេចក្ដីអំណរយ៉ាងអស្ចារ្យ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៣១ ខែ សីហា–ថ្ងៃទី ៦ ខែ កញ្ញា » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ៣១ ខែ សីហា–ថ្ងៃទី ៦ ខែ កញ្ញា
ហេលេមិន ១៣–១៦
« ដំណឹងល្អពីសេចក្ដីអំណរយ៉ាងអស្ចារ្យ »
សូមរៀបចំដើម្បីបង្រៀនដោយអាន ហេលេមិន ១៣–១៦ ហើយពិចារណាអំពីសកម្មភាពនានា ដែលជួយកុមារបានល្អបំផុតឲ្យរៀនពីសេចក្តីពិតនៅក្នុងជំពូកទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពមួយរបស់សាំយូអែលជាសាសន៍លេមិន ហើយអញ្ជើញកុមារឲ្យចែកចាយអ្វីដែលពួកគេដឹងអំពីលោក ។ ឧទាហរណ៍ តើពួកគេអាចនិយាយពីរឿងនៃការបង្រៀនរបស់សាំយូអែលនៅលើកំផែង ឬទីសម្គាល់ដែលលោកបានថ្លែងថាកើតឡើង ពេលព្រះយេស៊ូវប្រសូតបានដែរឬទេ ?
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះវិញ្ញាណអាចមានបន្ទូលមកកាន់ចិត្តរបស់យើង ។
ពេលសាំយូអែលជាសាសន៍លេមិនត្រូវបានត្រាស់បង្គាប់ឲ្យប្រកាសដល់ពួកសាសន៍នីហ្វៃ នោះព្រះវរបិតាសួគ៌បានជួយលោកដឹងនៅក្នុងចិត្តរបស់លោកអំពីអ្វីដែលលោកគួរថ្លែង ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្រៀនកុមារថា អំឡុងពេលយើងនិយាយគ្នាដោយប្រើពាក្យទាំងនេះ នោះព្រះវិញ្ញាណបរិសុទ្ធអាចទាក់ទងតាមអារម្មណ៍មកក្នុងចិត្តយើង ។ សូមអញ្ជើញពួកគេឲ្យដាក់ដៃរបស់ពួកគេលើបេះដូងរបស់ពួកគេ រាល់ពេលដែលអ្នកអានពាក្យ « ចិត្ត » នៅក្នុង ហេលេមិន ១៣:២–៥ ។ សូមជួយពួកគេតុបតែងក្រដាសដែលមានរាងបេះដូងដែលមានឃ្លាថា « ព្រះវិញ្ញាណមានបន្ទូលមកកាន់ខ្ញុំតាមរយៈចិត្តខ្ញុំ » ។
-
សូមប្រាប់កុមារថា ពេលពួកគេជ្រមុជទឹក ហើយទទួលពិធីបញ្ជាក់ នោះពួកគេនឹងមានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយពួកគេឲ្យដឹងអ្វីដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យពួកគេធ្វើ និងនិយាយ ។ សូមជួយពួកគេឲ្យគិតពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធអាចមានបន្ទូលមកកាន់ពួកគេ ហើយអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេអាចធ្វើ ដើម្បីធ្វើតាមការបំផុសគំនិតរបស់ទ្រង់ ។
ពួកព្យាការីបង្រៀនពីព្រះយេស៊ូវគ្រីស្ទ ។
ដំណើររឿងរបស់សាំយូអែលជាសាសន៍លេមិនគឺជាឱកាសដ៏អស្ចារ្យមួយ ដើម្បីបង្រៀនកុមារថា ពួកព្យាការីទាំងអស់បង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពសាំយូអែលជាសាសន៍លេមិននៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ហើយសូមប្រាប់កុមារដោយពាក្យសាមញ្ញអំពីបទពិសោធន៍របស់លោកនៅក្នុង ហេលេមិន ១៣–១៦ ។ អ្នកក៏អាចប្រើ « ជំពូកទី ៤០ ៖ សាំយូអែលជាសាសន៍លេមិនប្រាប់អំពីព្រះយេស៊ូវគ្រីស្ទ » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ១១១–១១៣ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។ សូមឲ្យកុមារចែកចាយអ្វីដែលពួកគេដឹងអំពីសាំយូអែលជាសាសន៍លេមិន ។
-
សូមច្រៀងបទ « Samuel Tells of the Baby Jesus » ឬវគ្គទីប្រាំពីរនៃបទ « រឿងនិទានក្នុងគម្ពីរមរមន » ( Children’s Songbook ទំព័រ ៣៦ និង សៀវភៅចម្រៀងកុមារ ទំព័រ ៦២–៦៣ ) ។ សូមចែកចាយអ្វីដែលអ្នកកោតសរសើរសាំយូអែល ហើយឲ្យកុមារចែកចាយអ្វីដែលពួកគេចូលចិត្តអំពីរឿងរបស់លោក ។
-
សូមលាក់រូបភាពនៅជុំវិញបន្ទប់ ដែលតំណាងឲ្យទីសម្គាល់នានាដែលសាំយូអែលបានព្យាករនៅក្នុង ហេលេមិន ១៤:២–៧ និង ២០–២៥ ។ សូមអានឃ្លាមួយដែលពិពណ៌នាអំពីទីសម្គាល់មួយ ហើយសូមកុមារឲ្យស្វែងរករូបភាពនៃទីសម្គាល់នោះ ។ សូមពន្យល់ថា ទីសម្គាល់ទាំងនេះបានជួយពួកសាសន៍នីហ្វៃឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ ។ ដូចជាសាំយូអែលដែរ សូមថ្លែងទីបន្ទាល់ថា ពួកព្យាការីទាំងអស់ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំមានពរ ពេលខ្ញុំធ្វើតាមព្យាការី ។
ព្រះវរបិតាសួគ៌បានប្រទានព្យាការីម្នាក់ដល់យើង ដើម្បីជួយយើងឲ្យស្គាល់ព្រះទ័យទ្រង់ និងធ្វើតាមផែនការរបស់ទ្រង់ ។ យើងមានពរ នៅពេលយើងស្តាប់ប្រសាសន៍របស់ព្យាការី និងធ្វើតាមពួកលោក ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យសង់សំណង់កំផែងមួយដោយប្រើដុំឥដ្ឋ ឬសៀវភៅ ។ ដោយប្រើប្រដាប់ប្រដាលេង ឬរូបកូនក្រមុំតូចមួយតំណាងឲ្យសាំយូអែល សូមឲ្យកុមារឆ្លាស់វេនគ្នាជួយ « សាំយូអែល » ឲ្យឡើងលើកំផែងនោះ ដើម្បីបង្រៀនប្រជាជនអំពីព្រះយេស៊ូវគ្រីស្ទ ។ ( សូមទំព័រសកម្មភាពនាសប្ដាហ៍នេះផងដែរ ) ។ សូមចែកចាយឃ្លាមកពី ហេលេមិន ១៦:១ និង ៥ ដើម្បីពន្យល់ថា មនុស្សមួយចំនួនបានជឿ សាំយូអែល ហើយបានទទួលបុណ្យជ្រមុជទឹក ។ សូមប្រើឃ្លាមកពី ហេលេមិន ១៦:២ និង ៦ ដើម្បីបង្ហាញថា មនុស្សផ្សេងទៀតពុំបានជឿ ហើយខឹងសម្បារនឹងសាំយូអែល ។ សូមថ្លែងទីបន្ទាល់ថា មនុស្សដែលធ្វើតាមព្យាការីបានទទួលពរ ។
-
សូមបង្ហាញរូបភាពរបស់ព្រះអង្គសង្គ្រោះ ហើយសូមឲ្យកុមារម្នាក់តំណាងជាព្យាការី ហើយដឹកនាំកុមារផ្សេងទៀតឲ្យដើរជុំវិញបន្ទប់ ខណៈដែលពួកគេច្រៀងបទ « ធ្វើតាមព្យាការី » ពីរបីវគ្គ ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៨–៥៩ ) ឬចម្រៀងមួយផ្សេងទៀតអំពីពួកព្យាការី ។ បន្ទាប់មក សូមឲ្យកុមារដែលតំណាងឲ្យព្យាការី នាំកុមារទៅរករូបភាពរបស់ព្រះអង្គសង្គ្រោះ ។ សូមថ្លែងទីបន្ទាល់ថា ប្រសិនបើយើងធ្វើតាមព្យាការី នោះលោកនឹងដឹកនាំយើងទៅរកព្រះយេស៊ូវគ្រីស្ទ ។ សូមចែកចាយរឿងមួយចំនួនដែលព្យាការីយើងបានបង្រៀនអំពីព្រះយេស៊ូវនៅពេលថ្មីៗនេះ ។ តើយើងអាចធ្វើតាមការទូន្មានរបស់លោកយ៉ាងដូចម្ដេច ?
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះវិញ្ញាណអាចមានបន្ទូលមកកាន់ចិត្តរបស់យើង ។
នៅថ្ងៃណាមួយ កុមារដែលអ្នកបង្រៀនត្រូវដឹងពីរបៀបដែលសាំយូអែលបានធ្វើ ៖ ចែកចាយសារលិខិតដែលព្រះអម្ចាស់បានដាក់នៅក្នុងដួងចិត្តរបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពសាំយូអែលជាសាសន៍លេមិន ( ដូចជារូបមួយនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ហើយសូមសួរកុមារពីរបៀបដែលសាំយូអែលដឹងពីអ្វីដែលត្រូវនិយាយ ពេលលោកកំពុងប្រកាសពីលើកំផែងទីក្រុង ។ សូមអញ្ជើញពួកគេឲ្យស្រាវជ្រាវ ហេលេមិន ១៣:២–៤ សម្រាប់ចម្លើយ ។ សូមប្រាប់ពីគ្រាមួយ ពេលព្រះវិញ្ញាណបរិសុទ្ធបានជួយអ្នកឲ្យដឹងក្នុងចិត្តអ្នក នូវអ្វីដែលព្រះសព្វព្រះទ័យឲ្យអ្នកធ្វើ ឬនិយាយ ។ សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍ស្រដៀងគ្នានេះដែលពួកគេធ្លាប់បានមាន ។
-
សូមបង្ហាញរូបភាពព្យាការីនៅរស់និយាយនៅក្នុងសន្និសីទទូទៅ ។ សូមប្រាប់កុមារថា ព្រះមានបន្ទូលប្រាប់ព្យាការីនូវអ្វីដែលត្រូវមានបន្ទូលមកកាន់យើង ដូចទ្រង់បានមានបន្ទូលប្រាប់សាំយូអែលពីអ្វីដែលត្រូវនិយាយទៅកាន់ពួកសាសន៍នីហ្វៃដែរ ។ សូមពិភាក្សាគ្នាអំពីអ្វីៗដែលព្យាការីបានថ្លែង ដែលបានបំផុសគំនិតដល់អ្នក ឬដល់កុមារ ។
ពួកព្យាការីបង្រៀនពីព្រះយេស៊ូវគ្រីស្ទ ។
គោលបំណងនៃសារលិខិតរបស់សាំយូអែលគឺ ដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយអញ្ជើញមនុស្សឲ្យប្រែចិត្ត ហើយមកកាន់ទ្រង់ ។ សព្វថ្ងៃនេះ ពួកព្យាការីរបស់យើងក៏មានតួនាទីដូចគ្នាផងដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់អាន ហេលេមិន ១៤:២–៦ ហើយគូររូបភាពអំពីទីសម្គាល់នៃការប្រសូតរបស់ព្រះយេស៊ូវ ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់ទៀតអាន ហេលេមិន ១៤:២០–២៨ ហើយគូររូបភាពអំពីទីសម្គាល់នៃការសុគតរបស់ព្រះយេស៊ូវ ។ បន្ទាប់មក សូមឲ្យក្រុមនីមួយៗចែកចាយអ្វីដែលពួកគេបានគូរ ។ សូមអាន ហេលេមិន ១៤:១១–១២ ជាមួយគ្នា ហើយសូមឲ្យកុមារស្តាប់រកមូលហេតុដែលសាំយូអែលបានព្យាករអំពីទីសម្គាល់ទាំងនេះ ។ តើសព្វថ្ងៃនេះយើងរៀនអំពីព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ?
-
សូមពន្យល់ថា ដូចជាសាំយូអែលជាសាសន៍លេមិនដែលបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទដែរ នោះពួកព្យាការីនៅរស់ក៏បង្រៀនអំពីព្រះយេស៊ូវគ្រីស្ទនៅសព្វថ្ងៃនេះផងដែរ ។ សូមចែកចាយសេចក្តីថ្លែងការណ៍មួយពីសារលិខិតសន្និសីទថ្មីៗ ដែលព្យាការីនៅរស់បានថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ។ សូមឲ្យកុមារចែកចាយអ្វីដែលព្យាការីបានបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំមានពរ ពេលខ្ញុំធ្វើតាមព្យាការី ។
ព្រះវរបិតាសួគ៌បានប្រទានព្យាការីម្នាក់ដល់យើង ដើម្បីជួយយើងឲ្យស្គាល់ព្រះទ័យទ្រង់ និងធ្វើតាមផែនការរបស់ទ្រង់ ។ យើងមានពរ នៅពេលយើងស្តាប់ប្រសាសន៍ និងធ្វើតាមព្យាការី ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន ហេលេមិន ១៦:១ និង ៥ ឮៗ ហើយសូមឲ្យកុមារក្រោកឈរ ពេលពួកគេឮអ្វីដែលប្រជាជនបានធ្វើ ពេលពួកគេបានជឿពាក្យរបស់សាំយូអែល ។ បន្ទាប់មក សូមអាន ខទី ២ និង ៦ ហើយសូមឲ្យកុមារអង្គុយចុះ ពេលពួកគេឮអ្វីដែលប្រជាជនបានធ្វើ ពេលពួកគេពុំបានជឿ ។ តើយើងអាចបង្ហាញថា យើងជឿលើពាក្យសម្ដីរបស់ព្យាការីនៅរស់តាមរបៀបណា ?
-
សូមបង្ហាញរូបភាពមួយរបស់ព្យាការីនៅរស់ ហើយឲ្យកុមារចែកចាយអ្វីដែលពួកគេស្គាល់អំពីលោក ។ សូមចែកចាយរបៀបដែលអ្នកធ្វើតាមការបង្រៀនរបស់លោក និងការធ្វើបែបនេះបានផ្តល់ពរដល់អ្នក ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមឲ្យកុមាររៀនពីអ្វីដែលព្យាការីបានមានប្រសាសន៍ ហើយចែកចាយវាជាមួយសិស្សក្នុងថ្នាក់នៅសប្តាហ៍បន្ទាប់ ។