ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២១–២៧ ខែ កញ្ញា នីហ្វៃទី៣ ១២–១៦ ៖ « យើង​ជា​ក្រឹត្យវិន័យ ហើយ​ជា​ពន្លឺ »


« ថ្ងៃទី ២១–២៧ ខែ កញ្ញា នីហ្វៃទី៣ ១២–១៦ ៖ ‹ យើង​ជា​ក្រឹត្យវិន័យ ហើយ​ជា​ពន្លឺ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២១–២៧ ខែ កញ្ញា នីហ្វៃទី៣ ១២–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

ព្រះយេស៊ូវ​បង្ហាញ​ពួក​សាវក​ដប់​ពីរ​នាក់

នីហ្វៃ​ទីបី ៖ ពួកដប់ពីរ​នាក់​ទាំងនេះ​ដែល​យើង​បាន​ជ្រើសរើស ដោយ ហ្គែរី អិល ខាប

ថ្ងៃទី ២១–២៧ ខែ កញ្ញា

នីហ្វៃទី៣ ១២–១៦

« យើង​ជា​ក្រឹត្យវិន័យ ហើយ​ជា​ពន្លឺ »

នៅពេល​អ្នក​សិក្សា នីហ្វៃទី៣ ១២–១៦ សូម​រកមើល​សេចក្តី​ពិត​ដែល​នឹង​មាន​ន័យ​ចំពោះ​កុមារ​ដែល​អ្នក​បង្រៀន ។ គម្រោង​មេរៀ​ននេះ​ផ្តល់​នូវ​សេចក្តីពិត​មួយ​ចំនួន ប៉ុន្តែ​ព្រះវិញ្ញាណ​អាច​ចង្អុល​បង្ហាញ​អ្នក​នូវ​សេចក្តីពិត​ផ្សេង​ទៀត ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ហុចរូបភាព​របស់​ព្រះយេស៊ូវ​​មួយ​តៗ​គ្នា​ជុំវិញ​ថ្នាក់ ។ សូម​ឲ្យ​កុមារ​ប្ដូរ​វេន​គ្នា​កាន់​រូបភាព​នោះ ហើយ​ចែកចាយ​អ្វី​មួយ​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន ដូចជា​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ផ្ទះ​នា​សប្តាហ៍​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

នីហ្វៃ​ទី៣ ១២:១៤–១៦

ខ្ញុំ​អាច​ធ្វើ​ជា​គំរូ​ល្អ​ដល់​មនុស្ស​ដទៃ ។

ជួនកាល កុមារ​អាច​ពុំ​ដឹង​​ច្រើន​ពី​របៀប​ដែល​គំរូ​របស់​ពួកគេ​អាច​ផ្តល់​ពរ​ដល់​មនុស្ស​ដទៃ​ឡើយ ។ សូម​ប្រើ​ខគម្ពីរ​ទាំង​នេះ ដើម្បីលើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បញ្ចាំង​ពន្លឺ​របស់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រាប់​កុមារ​ថា នីហ្វៃ​ទី៣ ១២:១៤–១៦ គឺ​សំដៅ​ទៅ​លើ​ពួកគេ ហើយ​ក្រោយ​មក​សូម​អាន​ខគម្ពីរ​នេះ​ឲ្យ​ឮៗ ។ ពេលណា​ដែល​អ្នក​អាន​ពាក្យ « អ្នក » ឬ « របស់​អ្នក » សូម​ចង្អុល​ទៅ​កុមារ ហើយ​សូម​ឲ្យ​ពួកគេ​ចង្អុល​ទៅ​ខ្លួន​ពួកគេ ។

  • សូម​បង្ហាញ​ពិល​មួយ​ទៅ​កុមារ ហើយ​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​បើក​ពិលនោះ ។ សូម​ពន្យល់​ថា ពេលយើង​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ វា​ដូចជា​ការបើក​ពន្លឺ​មួយ​ដែល​អាច​ជួយ​មនុស្ស​ដទៃ​ធ្វើ​តាម​ទ្រង់​ផងដែរ ។ បន្ទាប់​មក​ សូម​គ្រប ឬ​លាក់​ពន្លឺ​នោះ ហើយ​សូម​ឲ្យ​កុមារ​ប្រាប់​នូវ​រឿង​ពីរ​បី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ធ្វើ​ជា​គំរូ​ល្អ​ដល់​មនុស្សដទៃ ។ ​រាល់​ពេល​ដែល​ពួកគេ​ធ្វើ សូម​ឲ្យ​ពួកគេ​បើក​ពន្លឺ​នោះ ( សូមមើល​ទំព័រ​សកម្មភាព​នា​សប្ដាហ៍​នេះ​ផងដែរ ) ។

  • សូម​ច្រៀង​ចម្រៀង​មួយ​ជាមួយគ្នាដែល​លើក​ទឹកចិត្ត​កុមារ​ឲ្យ​ចាំងចែង​ដូចជា​ពន្លឺ​មួយ ដូចជា​បទ « រះឡើង » ឬ​បទ « ខ្ញុំ​ជាដួងតារា » ( សៀវភៅ​ចម្រៀង​កុមារ លេខ ៩៦, ៨៤ ) ។ សូម​ប្រាប់​កុមារ​អំពី​ពន្លឺ​ដែល​អ្នក​ឃើញ​នៅក្នុង​ពួកគេ ពេល​​ពួកគេ​ធ្វើ « កិច្ចការ​ល្អ » ហើយ​ពន្យល់​អំពី​របៀប​ដែល​ពន្លឺ និង​គំរូ​របស់​ពួកគេ​ជួយ​មនុស្ស​ដទៃ និង​បំផុសគំនិត​អ្នក​ឲ្យ​ធ្វើ​កិច្ចការ​ល្អ​ផងដែរ ។

នីហ្វៃទី៣ ១៤:៧

ព្រះវរបិតាសួគ៌​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ ។

ខគម្ពីរ​​នេះ​អាច​ជួយ​កុមារ​ឲ្យ​យល់​ថា ព្រះ​នឹង​ព្រះសណ្តាប់ និង​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ពេល​អ្នក​អាន នីហ្វៃ​ទី៣ ១៤:៧ សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​សកម្មភាព​ដែល​តំណាង​ឲ្យ​ការអញ្ជើញ​នីមួយៗ​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ខគម្ពី​រ​នេះ ។ ឧទាហរណ៍ ពួកគេ​អាច​លើក​ដៃ​របស់​ពួកគេ ( ចូរសូម ), ធ្វើ​ដៃដូចជា​មើល​កែវយឹត ( ចូររក ), ឬ​ធ្វើ​ជា​គោះ ( ចូរគោះ ) ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​​អ្វីៗ​ដែល​ពួកគេ​អាច​និយាយ និង​សូម​នៅក្នុង​ការអធិស្ឋាន​របស់​ពួកគេ ។ សូម​ពន្យល់​ថា យើង​អាច​ទូល​ទៅ​ព្រះវរបិតាសួគ៌​នូវ​អ្វី​គ្រប់​យ៉ាង ហើយ​ទ្រង់​នឹង​ព្រះសណ្តាប់ ដោយ​សារ​ទ្រង់​ស្រឡាញ់​ពួកយើង ។

  • សូម​ឲ្យ​កុមារ​បង្ហាញ​នូវ​អ្វី​ដែល​ពួកគេ​​ធ្វើ​ជាមួយ​ដៃ ភ្នែក និង​ក្បាល​របស់​ពួកគេ​ពេល​ពួកគេ​អធិស្ឋាន ។ សូម​ច្រៀង​ចម្រៀង​មួយ​បទ​ដូចជា​បទ « យើង​បន្ទន់​កេសា » ដើម្បី​ជួយ ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៨ ) ។ យើង​កំពុង​និយាយ​ជាមួយ​នរណា​ពេលយើង​អធិស្ឋាន ? សូម​​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ថា ព្រះវរបិតាសួគ៌ព្រះសណ្តាប់​ការអធិស្ឋាន​របស់យើង ។

នីហ្វៃ​ទី៣ ១៤:២៤–២៧

ព្រះអង្គសង្គ្រោះ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​​ស្តាប់ ហើយ​ធ្វើ​អ្វី​ដែល​ទ្រង់​បង្រៀន ។

ការគ្រាន់តែ​ស្តាប់​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ពុំ​គ្រប់គ្រាន់​ឡើយ ។ មាន​តែ​អស់​អ្នក​ដែល​រស់នៅតាម​ការបង្រៀន​របស់​ទ្រង់​ប៉ុណ្ណោះ ដែល​អាច​ទប់ទល់​នឹង​ព្យុះ​នៃ​ជីវិត​បាន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ច្រៀង​បទ « មនុស្ស​ប្រាជ្ញា និង មនុស្ស​ល្ងង់ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៣២ ) ជាមួយ​គ្នា ឬ​អាន នីហ្វៃទី៣ ១៤:២៤–២៧ ។ សូម​​ជួយកុមារឲ្យ​​ដាក់​ជំនួស​ឈ្មោះ​របស់​ពួកគេ​លើ​ពាក្យ « មនុស្ស​ប្រាជ្ញា » ពេល​ពួកគេ​ច្រៀង ។ ហេតុអ្វី​​ផ្ទះ​របស់​មនុស្ស​មាន​ប្រាជ្ញា​បន្ត​នៅ​រឹងមាំអំឡុងពេល​ខ្យល់​ព្យុះ ? សូម​រំឭក ខ​ទី ២៤ ដើម្បី​សង្កត់​ធ្ងន់​ថា គាត់​បាន​ស្តាប់​តាម និង​ធ្វើ​តាម​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល ។

  • សូម​បង្ហាញ​កុមារ​នូវ​​ដុំ​ថ្ម​មួយ និង​ដីខ្សាច់​មួយ​ចំនួន ។ សូម​ឲ្យ​ពួកគេ​ចង្អុល​ទៅ​ថ្ម ពេល​ពួកគេ​ពិពណ៌​នា​អំពី​ជម្រើ​ស​មួយ ដើម្បី​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ ហើយ​ចង្អុល​ទៅ​ដីខ្សាច់ ពេល​ពួកគេ​ពិពណ៌នា​អំពី​ជម្រើស​មួយ​ដែល​ពុំ​ធ្វើ​តាម​ទ្រង់ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​យើង​ធ្វើ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​មាន​បន្ទូល នោះ​យើង​រឹងមាំ​ដូចជា​ផ្ទះ​ដែល​សង់​នៅលើ​ថ្ម ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

នីហ្វៃទី៣ ១២:៦

ខ្ញុំ​គួរតែ​ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត ។

មនុស្ស​គ្រប់​គ្នា​អាច​មាន​ភាព​ស្រេកឃ្លាន ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​អំពី​អារម្មណ៍​ទាំង​នេះ ដើម្បី​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​គួរតែ​មាន​អារម្មណ៍​អំពី​ការស្វែងរក​សេចក្តីសុចរិត ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ដោយ​ពុំ​ឲ្យ​កុមារ​ផ្សេង​ទៀត​ស្តាប់​ឮ សូម​ឲ្យ​កុមារ​ម្នាក់​ធ្វើ​ជា​បរិភោគ ឬ​ផឹក​ ហើយ​ឲ្យកុមារផ្សេង​ទៀត​ទាយ​ថា តើ​គាត់​កំពុង​ធ្វើ​អ្វី ។ តើ​​ការ​បរិភោគ​អាហារ​ឆ្ងាញ់ ឬ​ផឹក​ទឹក​ស្អាត​វា​មាន​អារម្មណ៍​បែប​ណា ? តើ​យើង​ចិញ្ចឹម​បីបាច់វិញ្ញាណ​របស់​យើង​យ៉ាង​ដូចម្ដេច ? សូម​អញ្ជើញ​កុមារ​ឲ្យ​អាន នីហ្វៃ​ទី៣ ១២:៦ ដើម្បី​ស្វែងយល់​ពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​សព្វ​ព្រះទ័យ​ឲ្យយើង « ស្រេក​ឃ្លាន​នូវ » ។ តើ​យើង​អាច​បង្ហាញ​ថា យើង​ចង់​បាន​សេចក្តីសុចរិត​​ច្រើន​ដូច​យើង​ចង់​បរិភោគ​អាហារ និង​ផឹកទឹក​យ៉ាង​ដូចម្ដេច ?

  • សូម​យក​រូបភាព​អាហារ និង​ភេស្ជជៈ ហើយ​ដាក់​​សេចក្តីយោង​បទគម្ពីរទាំង​នេះ​​លើ​អាហារ និង​ភេស្ជជៈ​​ដូចជា សុភាសិត ១១៩:១០៣; យ៉ូហាន ៦:៣៥; នីហ្វៃ​ទី២ ៣២:៣; អេណុស ១:៤;ឬ នីហ្វៃ​ទី៣ ២០:៨ ។ សូម​​កុមារ​ឲ្យ​អាន​វគ្គបទគម្ពីរ​នេះ ហើយ​ពិពណ៌​នា​អំពី​អ្វី​ដែល​ខគម្ពីរ​នេះ​បង្រៀន​​​ពី​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​បង្ហាញ​ថា យើង​ស្រេក​ឃ្លាន​នូវ​សេចក្តីសុចរិត ។ សូម​ចែកចាយ​បទពិសោធន៍​​ដែល​អ្នក​មាន​អារម្មណ៍ « ពោរពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ » ហើយ​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ផងដែរ ។

នីហ្វៃ​ទី៣ ១៣:១–៨, ១៦–១៨

ខ្ញុំ​គួរ​ធ្វើ​រឿង​ល្អៗ​សម្រាប់​ហេតុផល​ត្រឹមត្រូវ ។

ខគម្ពីរ​ទាំង​នេះ​បង្ហាញ​ថា កិច្ចការ​ល្អៗ​ពុំ​គ្រប់គ្រាន់​ទេ—​កិច្ចការ​របស់​យើង​ត្រូវតែ​បាន​បំផុសគំនិត​ដោយ​សេចក្តីស្រឡាញ់​ចំពោះ​ព្រះ និង​បំណង​ប្រាថ្នា​ដើម្បីបម្រើ​ទ្រង់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ស្រាវជ្រាវ នីហ្វៃ​ទី៣ ១៣:១–៤, ៥–៨, ឬ ១៦–១៨ ហើយ​រកមើល​កិច្ចការ​ល្អៗ​ដែល​បាន​ថ្លែង​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ( សូម​ពន្យល់​ថា ការធ្វើ « ទាន » មានន័យ​ថា ការផ្តល់​ដល់​អ្នក​ក្រ ) ។ ហេតុអ្វី​ព្រះអង្គសង្គ្រោះ​បាន​មានបន្ទូល​ថា កុំ​ឲ្យ​ធ្វើ​ដូចមនុស្ស​មួយ​ចំនួន​​ដែល​ធ្វើ​កិច្ចការ​ទាំង​នេះ ?

  • សូម​ឲ្យ​បន្ទះ​ក្រដាស​មួយ​សន្លឹក​ទៅ​កុមារ​ម្នាក់ៗ ដែល​មា​ន​សរសេរ​សកម្មភាព​សុចរិត​នៅលើ​វា ( ឬ​ឲ្យ​ពួកគេ​គិត​​អំពី​ឧទាហរណ៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ ) ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​​ហេតុផលល្អ និង​ហេតុផល​អាក្រក់​ចំពោះ​ការធ្វើ​កិច្ចការ​ទាំង​នោះ ។ សូមលើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​រឿង​ល្អ​សម្រាប់​ហេតុផល​ត្រឹមត្រូវ​ជានិច្ច ។

នីហ្វៃទី៣ ១៤:២១–២៧; ១៥:១

សុវត្ថិភាព​ខាង​វិញ្ញាណ​កើត​ឡើង​ពី​ការស្តាប់ និង​ការធ្វើ​តាម​អ្វី​​ដែល​ព្រះអង្គសង្គ្រោះ​បង្រៀន ។

« ភ្លៀង » និង « ទឹក​ជន់ » កើត​ឡើង​មក​លើ​យើង​ទាំងអស់​គ្នា​នៅក្នុង​ជីវិត​នេះ ប៉ុន្តែ​យើង​អាច​ទប់ទល់នឹង​ការសាកល្បង ប្រសិនបើ​យើង​ស្តាប់ និង​ធ្វើ​តាម​អ្វី​ដែល​ព្រះយេស៊ូវ​បង្រៀន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន នីហ្វៃ​ទី៣ ១៤:២១–២៧ និង ១៥:១ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ក្រោក​ឈរ គ្រប់ពេល​ដែលពួកគេ​អាន​ពាក្យ « ធ្វើ » ។ ហេតុអ្វី​ព្រះអង្គសង្គ្រោះ​សង្កត់ធ្ងន់​ទៅលើ​ការធ្វើ​នៅក្នុង​ការថ្លែង​របស់​ទ្រង់ ហើយ​ពុំមែន​លើ​​ការស្តាប់​ឮ ឬ​ការចងចាំ ?​ សូម​ឲ្យ​កុមារ​គូរ​រូបភាព​មួយ​នៃ ខ​ទី ២៤–២៥ ហើយ​សរសេរ​ពាក្យ « ព្រះយេស៊ូវ » និង​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ឲ្យ​យើង​ធ្វើ​នៅលើ​ថ្ម ។ សូម​ច្រៀង​បទ « មនុស្ស​ប្រាជ្ញា និង មនុស្ស​ល្ងង់ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៣២ ) ជាមួយ​​គ្នា ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ក្រោក​ឈរ ហើយ​សូម​ឲ្យ​ពួកគេ​ស្រមៃ​ថា ជើង​ម្ខាង​របស់​ពួកគេ​តំណាង​ឲ្យ​ការស្តាប់​ឮ​បន្ទូល​របស់​ព្រះអង្គសង្គ្រោះ ហើយ​ជើង​ម្ខាង​ទៀត​តំណាង​ឲ្យ​ការធ្វើ​តាម​បន្ទូល​នោះ ។ សូម​ឲ្យ​ពួកគេ​លើក​ជើង​ដែល​តំណាង​ឲ្យ « ការធ្វើ » ហើយ​ឲ្យ​ជើង « ស្តាប់ » ឲ្យ​ស្មើគ្នា ។ តើ​មាន​​អ្វី​នឹង​កើត​ឡើង ប្រសិនបើ​មាន​ខ្យល់​ដ៏​ខ្លាំង​មួយ​បាន​បោកបក់​កាត់​តាម​បន្ទប់ ? សូម​ប្រើ​ឧទាហរណ៍​នេះ ដើម្បី​បង្ហាញ​មូលហេតុ​ដែល​វា​មាន​សុវត្ថិភាព​ជាង​ដើម្បី ធ្វើ អ្វី​ដែល​ព្រះអង្គសង្គ្រោះ​មាន​បន្ទូល ហើយ​ពុំមែន​គ្រាន់តែ​ស្តាប់ឮ​បន្ទូល​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​កុមារ​​រើស​យក​អ្វី​មួយ​ដែលពួកគេ​បាន​រៀន​អំពី​ការបង្រៀន​របស់​ព្រះយេស៊ូវ​នា​ថ្ងៃ​នេះ ហើយ​សម្រេច​ចិត្ត​ពី​របៀប​ដែល​ពួកគេ​នឹង​អនុវត្ត​តាមការបង្រៀន​នោះ ។ តើ​សកម្ម​ភាព​របស់​ពួកគេ​នឹង​ជួយ​ពួកគេ​​ក្លាយ​ជា​ពន្លឺ​មួយ​សម្រាប់គ្រួសារ និង​មិត្តភក្តិ​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កែសម្រួល​សកម្មភាព​ឲ្យ​ស្រប​ទៅ​នឹង​តម្រូវការ ។ សូម​កុំ​ចាត់ទុក​គម្រោង​មេរៀន​ទាំងនេះ​ថា ជា​ការណែនាំ​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​តាម ។ ប៉ុន្ដែ សូម​ប្រើ​វា​ជា​ប្រភព​នៃ​គំនិត​បន្ថែម​ដើម្បី​បណ្ដុះ​ការបំផុស​គំនិត​ផ្ទាល់ខ្លួន​របស់​អ្នក កាល​អ្នក​សញ្ជឹងគិត​អំពី​តម្រូវការ​របស់​កុមារ​ដែល​អ្នក​បង្រៀន ។ នៅក្នុង​ករណី​មួយ​ចំនួន អ្នក​អាច​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​កែសម្រួល​សកម្មភាព​សម្រាប់​កុមារ​តូចៗ ដើម្បី​បង្រៀន​កុមារ​ធំៗ ឬកែសម្រួល​សកម្មភាព​សម្រាប់​កុមារ​ធំៗ ដើម្បី​បង្រៀន​កុមារ​តូចៗ​វិញ ។