« ថ្ងៃទី ១៤–២០ ខែ កញ្ញា នីហ្វៃទី៣ ៨–១១ ៖ ‹ ចូរក្រោកឡើង ហើយមករកយើងចុះ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៤–២០ ខែ កញ្ញា នីហ្វៃទី៣ ៨–១១ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៤–២០ ខែ កញ្ញា
នីហ្វៃទី៣ ៨–១១
« ចូរក្រោកឡើង ហើយមករកយើងចុះ »
សូមអាន នីហ្វៃទី៣ ៨–១១ ដោយគិតដល់កុមារដែលអ្នកបង្រៀន ។ គំនិតយោបល់នៅក្នុងគម្រោងមេរៀននេះអាចជួយដឹកនាំការរៀបចំរបស់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទបង្ហាញព្រះកាយនៅក្នុងទ្វីបអាមេរិក ដូចជារូបភាពមួយនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ សូមឲ្យកុមារចង្អុលបង្ហាញព័ត៌មានលម្អិត ហើយចែកចាយអ្វីដែលពួកគេដឹងអំពីរឿងដែលបានពិពណ៌នា ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះយេស៊ូវគ្រីស្ទអញ្ជើញខ្ញុំឲ្យមករកទ្រង់ ។
អ្នកប្រហែលពុំអាចចែកចាយជាមួយកុមារនូវរឿងលម្អិតអំពីការបង្ហាញព្រះកាយរបស់ព្រះអង្គសង្គ្រោះដល់ប្រជាជននីហ្វៃបានទេ ប៉ុន្តែអ្នកអាចជួយពួកគេឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ ដែលទ្រង់បានបង្ហាញដល់ប្រជាជននេះនៅក្នុង នីហ្វៃទី៣ ៨–១១ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារអំពីព្យុះ និងភាពងងឹតដែលបានពិពណ៌នានៅក្នុង នីហ្វៃទី៣ ៨ ដោយប្រុងប្រយ័ត្នដើម្បីកុំឲ្យពួកគេខ្លាច ឬមិនសប្បាយចិត្ត ។ អ្នកអាចប្រើ « ជំពូកទី ៤២ ៖ ទីសម្គាល់នៃការឆ្កាងរបស់ព្រះគ្រីស្ទ » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ១១៧–១១៩ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។ សូមសួរកុមារថា តើពួកគេអាចមានអារម្មណ៍បែបណា ប្រសិនបើពួកគេស្ថិតនៅក្នុងព្យុះ និងភាពងងឹតនោះ ។ សូមពន្យល់ថា ព្យុះ និងភាពងងឹតគឺជាទីសម្គាល់ថា ព្រះយេស៊ូវបានសុគត ហើយសូមបង្ហាញរូបភាពនៃការឆ្កាង ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ៥៧ ) ។ បន្ទាប់មក សូមអាន នីហ្វៃទី៣ ៩:១៣ ។ តើព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់នឹងធ្វើអ្វីខ្លះចំពោះអ្នកទាំងឡាយណាដែលបានប្រែចិត្ត ? សូមជួយកុមារឲ្យយល់ថា ពាក្យ « ប្រោសឲ្យជា » នៅក្នុងខគម្ពីរនេះមានន័យថា ព្រះយេស៊ូវនឹងអភ័យទោសពួកគេ ។
-
សូមបង្ហាញរូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ពេលអ្នកពិពណ៌នាជាពាក្យសម្តីផ្ទាល់របស់អ្នកអំពីការបង្ហាញព្រះកាយរបស់ព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញដល់ពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ។ សូមអានវគ្គបទគម្ពីរខ្លីមកពី នីហ្វៃទី៣ ១១ ដែលនឹងជួយពួកគេឲ្យទទួលអារម្មណ៍នៃភាពពិសិដ្ឋនៃព្រឹត្តិការណ៍នេះ ។ សូមអញ្ជើញពួកគេឲ្យបិទភ្នែករបស់ពួកគេ ហើយស្រមៃពីអារម្មណ៍ដែលពួកគេមាន ប្រសិនបើពួកគេបានឃើញព្រះយេស៊ូវ ។ ឬបង្ហាញនាទីដំបូងនៃវីដេអូ « My Joy Is Full » ( ChurchofJesusChrist.org ) ។ សូមប្រាប់កុមារអំពីអារម្មណ៍ដែលអ្នកមាន ពេលអ្នកអាន និងពិចារណាអំពីព្រឹត្តិការណ៍ទាំងនេះ ។ សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងទាំងអស់មករកទ្រង់ ហើយទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ ។ សូមបំពេញទំព័រសកម្មភាពជាមួយនឹងកុមារ ។
ព្រះយេស៊ូវការពាររាស្ត្រទ្រង់ ដូចជាមេមាន់ការពារកូនរបស់វា ។
រូបភាពមេមាន់ប្រមូលកូនវាអាចបង្រៀនកុមារអំពីការលួងលោម និងការការពារដែលព្រះអង្គសង្គ្រោះប្រទានឲ្យយើង ប្រសិនបើយើងនឹងមករកទ្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពមេមាន់មើលថែកូនរបស់វា ។ សូមអាន នីហ្វៃទី៣ ១០:៦ ហើយប្រាប់កុមារអំពីរបៀបដែលមេមាន់ហៅកូនរបស់វា និងការពារវានៅក្រោមស្លាបរបស់វា ពេលមានគ្រោះថ្នាក់ ។ សូមពិភាក្សាអំពីរបៀបដែលព្រះយេស៊ូវដូចជាមេមាន់ ហើយយើងដូចជាកូនមាន់ ។ តើយើងទៅរកទ្រង់ដើម្បីស្វែងរកសុវត្ថិភាពដោយរបៀបណា ?
-
សូមព្យួររូបភាពរបស់ព្រះយេស៊ូវគ្រីស្ទមួយនៅលើជញ្ជាំង ។ សូមអញ្ជើញកុមារឲ្យដើរជុំវិញថ្នាក់រៀន ពេលអ្នកអាន នីហ្វៃទី៣ ១០:៤ ឮៗ ។ សូមប្រាប់ពួកគេឲ្យខិតទៅជិតរូបភាពព្រះយេស៊ូវ ពេលពួកគេឮពាក្យ « បានប្រមូល » ឬ « ប្រមូល » ។ សូមធ្វើសកម្មភាពនេះឡើងវិញ ពេលអ្នកអាន ខទី ៥ និងទី៦ ។ សូមចែកចាយជាមួយកុមារនូវរបៀបដែលអ្នកបានមករកព្រះអង្គសង្គ្រោះសម្រាប់សុវត្ថិភាព ហើយថ្លែងទីបន្ទាល់ថា ទ្រង់នឹងការពារយើងពីគ្រោះថ្នាក់ខាងវិញ្ញាណ ពេលយើងរក្សាបទបញ្ញត្តិរបស់ទ្រង់ ។
ព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹក ។
កុមារដែលអ្នកបង្រៀន កំពុងតែរៀបចំខ្លួនទទួលពិធីបុណ្យជ្រមុជទឹក ។ ការបង្រៀនរបស់ព្រះគ្រីស្ទនៅក្នុងវគ្គបគម្ពីរទាំងនេះអាចជួយពួកគេឲ្យដឹងពីមូលហេតុដ៏សំខាន់នៃបុណ្យជ្រមុជទឹក ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន នីហ្វៃទី៣ ១១:២១–២៦ ហើយអញ្ជើញកុមារឲ្យក្រោកឈរ គ្រប់ពេលដែលពួកគេអានពាក្យ « ជ្រមុជទឹក » ។ សូមពន្យល់ថា ព្រះយេស៊ូវបានបង្រៀនរបៀបត្រឹមត្រូវដើម្បីធ្វើបុណ្យជ្រមុជទឹក ។ សូមបង្ហាញរូបភាពកុមារម្នាក់ទទួលពិធីបុណ្យជ្រមុជទឹក ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ១០៤ ) ។ ប្រសិនបើកុមារបានឃើញបុណ្យជ្រមុជទឹកពីមុន សូមឲ្យពួកគេពិពណ៌នាពីអ្វីដែលពួកគេបានឃើញ ។ តើនរណាធ្វើបុណ្យជ្រមុជទឹក ហើយតើគាត់ធ្វើវាដោយរបៀបណា ?
-
សូមអញ្ជើញឪពុករបស់កុមារណាម្នាក់ជាមុន ឲ្យចូលរួមថ្នាក់របស់អ្នក ហើយចែកចាយជាមួយកុមារនូវមូលហេតុដែលវាសំខាន់ថា យើងជ្រមុជទឹក ដោយការពន្លិចខ្លួនដោយនរណាម្នាក់ដែលកាន់បព្វជិតភាព ។ គាត់ក៏អាចពន្យល់កុមារដែរនូវអ្វីដែលនឹងកើតឡើង ពេលពួកគេជ្រមុជទឹក និងពរជ័យដែលពួកគេនឹងទទួលបាន ។ សូមលើកទឹកចិត្តគាត់ឲ្យប្រើ នីហ្វៃទី៣ ១១:២៣–២៦ នៅក្នុងការពន្យល់របស់គាត់ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ពេលខ្ញុំស្ថិតនៅក្នុងភាពងងឹត នោះព្រះយេស៊ូវគ្រីស្ទអាចធ្វើជាពន្លឺរបស់ខ្ញុំ ។
សារលិខិតដ៏មានឥទ្ធិពលមួយនៃជំពូកទាំងនេះគឺថា ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺនៃពិភពលោក ហើយទ្រង់អាចធ្វើជាពន្លឺនៃជីវិតយើងបាន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន នីហ្វៃទី៣ ៨:៥–៧, ១១–២៣ និង ១០:៩–១៣ ជាមួយគ្នា ( ប្រសិនបើអាច សូមធ្វើឲ្យបន្ទប់ងងឹតពេលអ្នកអាន ) ។ សូមឈប់ម្ដងម្កាល ហើយសួរកុមារអំពីអារម្មណ៍របស់ពួកគេ ប្រសិនបើបានជួបព្រឹត្តិការណ៍ទាំងនេះ ។ សូមអានជាមួយកុមារនូវពាក្យមួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទដែលបានមានបន្ទូលទៅកាន់ប្រជាជន អំឡុងពេលពួកគេនៅក្នុងភាពងងឹត ( សូមមើល នីហ្វៃទី៣ ៩:១៣–១៤, ១៨ ) ។ ហេតុអ្វីព្រះយេស៊ូវគ្រីស្ទហៅព្រះអង្គទ្រង់ថា ជាពន្លឺនៃពិភពលោក ? តើព្រះយេស៊ូវបានអញ្ជើញប្រជាជន និងពួកយើងឲ្យធ្វើអ្វីខ្លះ ដើម្បីទ្រង់អាចធ្វើជាពន្លឺរបស់យើង ? ( សូមមើល នីហ្វៃទី៣ ៩:២០–២២ ) ។
-
សូមបង្ហាញកុមារនូវផែនទីពិភពលោកមួយ ហើយជួយពួកគេស្វែងរកទីក្រុងយេរូសាឡិម និងទ្វីបអាមេរិក ។ សូមពន្យល់ថា ការបំផ្លិចបំផ្លាញដែលបានពិពណ៌នានៅក្នុង នីហ្វៃទី៣ ៨ គឺជាទីសម្គាល់មួយដល់ប្រជាជននៅទ្វីបអាមេរិកថា ព្រះយេស៊ូវគ្រីស្ទត្រូវបានគេឆ្កាងនៅក្រុងយេរូសាឡិម ។ សូមអាន នីហ្វៃទី៣ ១១:១–១៥ ជាមួយគ្នា ហើយសូមឲ្យកុមារប្រាប់អ្នក ពេលពួកគេរកឃើញអ្វីមួយនៅក្នុងខគម្ពីរទាំងនេះដែលជួយពួកគេឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ ។ សូមចែកចាយ ខទី ៣៧ ហើយថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះស្រឡាញ់កុមារទាំងអស់ ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិតដែលអ្នកកំពុងអាន ។
ខ្ញុំអាចរៀនទទួលស្គាល់សំឡេងរបស់ព្រះនៅក្នុងជីវិតរបស់ខ្ញុំ ។
នៅពេលដំបូងប្រជាជនពុំយល់សំឡេងដែលពួកគេបានស្តាប់ឮពីលើមេឃឡើយ ។ តើកុមារអាចរៀនអ្វីខ្លះមកពីដំណើររឿងនេះ អំពីការទទួលវិវរណៈ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន នីហ្វៃទី៣ ១១:១–៤ ជាមួយកុមារ សូមឈប់សិនដើម្បីសួរសំណួរដូចជា « ហេតុអ្វីប្អូនគិតថា ប្រជាជនពុំយល់សំឡេងនោះ ? » បន្ទាប់មកសូមឲ្យពួកគេអាន ខទី ៥–៧ ដើម្បីដឹងពីអ្វីដែលប្រជាជនបានធ្វើ ដែលបានជួយពួកគេឲ្យយល់សំឡេងនោះនៅក្នុងចិត្តពួកគេ ។ តើយើងអាចព្យាយាមស្តាប់ព្រះ ពេលទ្រង់មានបន្ទូលមកក្នុងចិត្តយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធតាមរបៀបណា ?
-
សូមចាក់ទំនុកតម្កើងដែលបានថតទុក ឬចាក់ចម្រៀងកុមារតិចៗ ដើម្បីឲ្យវាពិបាកស្តាប់ឮ ។ សូមសួរកុមារ ប្រសិនបើពួកគេយល់ទំនុកបទចម្រៀងនោះ ។ បន្ទាប់មក សូមជួយកុមារស្រាវជ្រាវ នីហ្វៃទី៣ ១១:៣ សម្រាប់ការពិពណ៌នាអំពីសំឡេងពីលើមេឃនោះ ។ ហេតុអ្វីព្រះពុំមានបន្ទូលមកកាន់យើងជាសំឡេង « ឮៗ » ឬ « ខ្លាំងៗ » ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីឮទ្រង់បានកាន់តែល្អប្រសើរ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យប្រាប់នរណាម្នាក់អំពីការយាងទៅទ្វីបអាមេរិករបស់ព្រះយេស៊ូវ—ប្រសិនបើអាច គឺជាបុគ្គលម្នាក់ដែលពុំធ្លាប់ដឹងអំពីរឿងនេះ ។