« ថ្ងៃទី ១៤–២០ ខែ មករា ។ នីហ្វៃទី១ ៨–១១ ៖ ‹ ចូរក្រោកឡើង ហើយមករកយើងចុះ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៤–២០ ខែ មករា ។ នីហ្វៃទី៣ ៨–១១ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៤–២០ ខែ កញ្ញា
នីហ្វៃទី ៣ ៨–១១
« ចូរក្រោកឡើង ហើយមករកយើងចុះ »
នៅក្នុង នីហ្វៃទី ៣ ៨–១១ ប្រជាជនបានស្ដាប់ឮសំឡេងរបស់ព្រះកំពុងមានបន្ទូលទៅកាន់ពួកគេ ។ នៅពេលបងប្អូនអានជំពូកទាំងនេះ សូមយកចិត្តទុកដាក់ចំពោះសំឡេងអ្វីខ្លះដែលទ្រង់មានបន្ទូលមកកាន់បងប្អូន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
« មើលចុះ យើងគឺព្រះយេស៊ូវគ្រីស្ទ ដែលពួកព្យាការីបានធ្វើបន្ទាល់ថា នឹងយាងមកឯលោកិយ » ( នីហ្វៃទី ៣ ១១:១០ ) ។ ជាមួយនឹងសម្ដីទាំងនេះ ព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញបានណែនាំព្រះអង្គទ្រង់ ដែលបានសម្រេចនូវពាក្យព្យាករក្នុងព្រះគម្ពីរមរមន ជាង ៦០០ ឆ្នាំកន្លងទៅមកនោះ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានសរសេរថា « ការបង្ហាញព្រះអង្គទ្រង់នោះ និង ការប្រកាសនោះ បានបង្កើតជាចំណុចប្រសព្វគ្នា ជាពេលវេលាដ៏ឧត្ដុង្គឧត្ដមបំផុត នៅក្នុងប្រវត្តិសាស្ត្រព្រះគម្ពីរមរមនទាំងមូល ។ វាគឺជាការបើកសម្ដែង និងក្រិតក្រមដែលបានជូនដំណឹង ហើយបំផុសគំនិតដល់ព្យាការីសាសន៍នីហ្វៃគ្រប់រូប ។… គ្រប់គ្នាបាននិយាយពីទ្រង់ ច្រៀងពីទ្រង់ សុបិន្តពីទ្រង់ និង អធិស្ឋានសម្រាប់ការបង្ហាញអង្គទ្រង់—ប៉ុន្តែពេលនេះ ទ្រង់ពិតជានៅទីនេះពិតមែន ។ ជាថ្ងៃមួយអស្ចារ្យបំផុតជាងថ្ងៃនានាទាំងអស់ ! ព្រះដែលជាអង្គដែលបង្វែររាល់រាត្រីដ៏ងងឹតទៅជាពន្លឺនាពេលព្រឹក បានយាងមកហើយ » ( Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៥០–៥១ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺនៃពិភពលោក ។
បងប្អូនអាចកត់សម្គាល់ឃើញថា បាវចនាទាំងឡាយដែលទាក់ទងនឹងភាពងងឹត និងពន្លឺ— ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ— គឺមានលើកឡើងដដែលៗនៅពេញ នីហ្វៃទី ៣ ៨–១១ ។ តើបងប្អូនរៀនអ្វីខ្លះមកពីជំពូកទាំងនេះអំពីភាពងងឹត និងពន្លឺខាងវិញ្ញាណ ? តើអ្វីខ្លះដែលនាំភាពងងឹតចូលមកក្នុងជីវិតរបស់បងប្អូន ? តើអ្វីខ្លះដែលនាំពន្លឺមក ? ហេតុអ្វីក៏បងប្អូនគិតថា ព្រះអង្គសង្គ្រោះ បានជ្រើសរើសណែនាំ ព្រះអង្គទ្រង់ថាជា « ជាពន្លឺ និង ជាជីវិតនៃលោកិយ » ? ( នីហ្វៃទី ៣ ៩:១៨; ១១:១១ ) ។ តើព្រះយេស៊ូវគ្រីស្ទជាពន្លឺនៅក្នុងជីវិតរបស់បងប្អូនតាមរបៀបណា ?
បើសិនជាខ្ញុំប្រែចិត្ត នោះព្រះអង្គសង្គ្រោះនឹងប្រមូល ការពារ និងព្យបាលខ្ញុំ ។
តើបងប្អូននឹកស្រមៃទៅមើលថាតើប្រជាជនមានអារម្មណ៍យ៉ាងណា បន្ទាប់ពីជួបនឹងការបំផ្លិចបំផ្លាញ និងភាពងងឹត ដែលបានពិពណ៌នានៅក្នុង នីហ្វៃទី ៣ ៨ ? តើបងប្អូនគិតថាពួកគេមានអារម្មណ៍យ៉ាងណា នៅពេលពួកគេបានស្ដាប់ឮសំឡេងរបស់ព្រះអង្គសង្គ្រោះថ្លែងអំពីពន្លឺ សេចក្ដីមេត្តាករុណា និងការប្រោសលោះនៅក្នុង ជំពូក ៩ និង ១០ ?
ទោះជាព្រះអង្គសង្គ្រោះបានប្រកាសថា ការបំផ្លិចបំផ្លាញដ៏អាក្រក់ គឺជាលទ្ធផលនៃអំពើបាបរបស់ប្រជាជនក្ដី ក៏ទ្រង់បានសន្យាថា ទ្រង់នឹងព្យាបាលដល់អស់អ្នកណាដែលនឹងត្រឡប់មករកទ្រង់ ហើយប្រែចិត្ត ( សូមមើល នីហ្វៃទី ៣ ៩:២, ១៣) ។ អែលឌើរ នែល អិល អាន់ឌើរសិន បានថ្លែងថា ៖ « ខ្ញុំមានភាពអស្ចារ្យណាស់ចំពោះព្រះហស្តឱបក្រសោប ដោយក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ និងក្ដីស្រឡាញ់របស់ទ្រង់ចំពោះជនដែលប្រែចិត្ត មិនថាអំពើបាបដែលត្រូវបានលះបង់ចោលនោះមានភាពអត្មានិយមប៉ុណ្ណាទេ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះអាច ហើយចង់អភ័យទោសបាបរបស់យើង » ( « Repent … That I May Heal You » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤០ ) ។
សូមស្រាវជ្រាវ នីហ្វៃទី ៣ ៩–១០ សម្រាប់ភស្ដុតាងនៃសេចក្ដីមេត្តារបស់ព្រះគ្រីស្ទ និងភាពអន្ទះសាររបស់ទ្រង់ក្នុងការអភ័យទោសឲ្យ ។ ឧទាហរណ៍ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុង នីហ្វៃទី ៣ ៩:១៣–២២ និង ១០:១–៦ ដែលជួយបងប្អូនទទួលអារម្មណ៍សេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តារបស់ព្រះអង្គសង្គ្រោះ ? សូមពិចារណាអំពីបទពិសោធន៍នានា នៅពេលដែលបងប្អូនទទួលអារម្មណ៍ពី « ការប្រមូល » និង « ការបីបាច់ » របស់ទ្រង់ដល់បងប្អូន ( សូមមើល នីហ្វៃទី ៣ ១០:៤ ) ។ សូមពិចារណាធ្វើការកត់ត្រាអំពីបទពិសោធន៍ទាំងនេះនៅក្នុងកំណត់ត្រា ឬចែកចាយវាជាមួយនឹងមនុស្សជាទីស្រឡាញ់របស់អ្នក ។
ខ្ញុំអាចរៀនស្ដាប់ និងយល់សំឡេងរបស់ព្រះ ។
តើបងប្អូនធ្លាប់មានអារម្មណ៍ថា បងប្អូនមានបញ្ហាលំបាកក្នុងការស្ដាប់សារលិខិតមួយដែលព្រះកំពុងទំនាក់ទំនងមកកាន់បងប្អូនដែរឬទេ ? ប្រហែលជាបទពិសោធន៍របស់ប្រជាជននៅក្នុង នីហ្វៃទី ៣ ១១:១–៨ អាចជួយបងប្អូនយល់គោលការណ៍មួយចំនួននៃការស្ដាប់ និងការយល់សំឡេងរបស់ព្រះ ។ បងប្អូនអាចកត់ចំណាំអំពីលក្ខណៈនៃសំឡេងរបស់ព្រះ ដែលមនុស្សបានស្ដាប់ឮ និងអ្វីដែលពួកគេបានយល់ដឹងកាន់តែល្អប្រសើរអំពីសំឡេងទ្រង់ ។ តើដំណើររឿងនេះ អាចអនុវត្តមកក្នុងការខិតខំរបស់បងប្អូនដើម្បីស្ដាប់ និងស្គាល់សំឡេងរបស់ព្រះនៅក្នុងជីវិតបងប្អូនតាមរយៈវិវរណៈផ្ទាល់ខ្លួនយ៉ាងដូចម្ដេច ?
ព្រះយេស៊ូវគ្រីស្ទអញ្ជើញខ្ញុំឲ្យទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនអំពីទ្រង់ ។
មានមនុស្សប្រហែលជា ២៥០០ នាក់ប្រមូលផ្ដុំគ្នានៅបោនទីហ្វុល នៅពេលព្រះយេស៊ូវបានបង្ហាញព្រះកាយ ( សូមមើល នីហ្វៃទី ៣ ១៧:២៥) ។ ក្រៅពីចំនួនដ៏ច្រើន ព្រះអង្គសង្គ្រោះបានអញ្ជើញពួកគេម្នាក់ៗ « ម្ដងម្នាក់ៗ » ឲ្យពាល់ស្នាមដែកគោលនៅលើព្រះហស្ដ និងព្រះបាទាទ្រង់ ( នីហ្វៃទី ៣ ១១:១៤–១៥ ) ។ តើរឿងនេះផ្ដល់យោបល់អ្វីខ្លះដល់បងប្អូនអំពីសារៈសំខាន់នៃការមានបទពិសោធន៍ផ្ទាល់ខ្លួន ដែលស្ថាបនាសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ? តើព្រះអង្គសង្គ្រោះអញ្ជើញបងប្អូនឲ្យ « ក្រោកឡើង » ហើយ « មករក » ទ្រង់ តាមវិធីណា ?? ( នីហ្វៃទី ១១:១៤ ) ។ តើមានបទពិសោធន៍អ្វីខ្លះដែលបានជួយបងប្អូនឲ្យទទួលបានសាក្សីមួយថា ទ្រង់គឺជាព្រះអង្គសង្គ្រោះរបស់បងប្អូននោះ ? បងប្អូនក៏អាចពិចារណាអំពីរបៀបដែលគំរូរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះអាចបំផុសដល់កិច្ចខិតខំរបស់បងប្អូនក្នុងការផ្ដល់ការងារបម្រើដល់អ្នកដទៃ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
នីហ្វៃទី៣ ៨–៩
ដើម្បីជួយគ្រួសាររបស់បងប្អូនភ្ជាប់ទៅនឹងបទពិសោធន៍ទាំងឡាយដែលបានពិពណ៌នានៅក្នុង នីហ្វៃទី ៣ ៨–៩ បងប្អូនអាចប្រាប់ឡើងវិញ ឬស្ដាប់ការថតចម្លងនៃផ្នែកនានាក្នុងជំពូកទាំងនេះនៅក្នុងបន្ទប់ងងឹតមួយ ។ សូមពិភាក្សាថាតើវាយ៉ាងណាដែរដែលនៅក្នុងបន្ទប់ងងឹតអស់រយៈពេលបីថ្ងៃ ។ បន្ទាប់មកបងប្អូនអាចពិភាក្សាអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ គឺជា « ពន្លឺនៃពិភពលោក… » ( នីហ្វៃទី ៣ ៩:១៨ ) ។
នីហ្វៃទី ៣ ១០:១–៦
រូបភាពអំពីមេមាន់ប្រមូលកូនមាន់ដាក់នៅក្រោមស្លាប អាចជាឧបករណ៍បង្រៀនដ៏មានអានុភាពដើម្បីជួយកុមារតូច យល់អំពីឥរិយាបទ និងបេសកកម្មរបស់ព្រះអង្គសង្គ្រោះ ។ បងប្អូនអាចអានខគម្ពីរទាំងនេះខណៈដែលគ្រួសាររបស់បងប្អូនមើលទៅរូបភាព មេមាន់ និងកូនមាន់ ។ ហេតុអ្វីមេមាន់ចាំបាច់ត្រូវប្រមូលកូនៗវាមកក្រោមស្លាប ? តើហេតុអ្វីក៏ព្រះអង្គសង្គ្រោះចង់ប្រមូលយើងមកជិតនឹងទ្រង់ ? តើមានអ្វីកើតឡើង បើកូនមាន់មួយក្បាលមិនជ្រើសរើសមកក្នុងការប្រមូលផ្ដុំ នៅពេលដែលមេមាន់ហៅមកនោះ ?
នីហ្វៃទី ៣ ១១:១–៧
ប្រហែលជាបងប្អូនអាចអានខគម្ពីរមួយចំនួននៅក្នុង « សំឡេងតូច » ទន់ភ្លន់ ( នីហ្វៃទី ៣ ១១:៣ ) ។ តើប្រជាជនបានធ្វើអ្វីខ្លះដើម្បីយល់សំឡេងមកពីស្ថានសួគ៌ ? តើយើងរៀនអ្វីខ្លះមកពីបទពិសោធន៍របស់ពួកគេ ?
នីហ្វៃទី ៣ ១១:២១–៣៨
តើមាននរណាម្នាក់ក្នុងគ្រួសាររបស់បងប្អូនកំពុងរៀបចំទទួលបុណ្យជ្រមុជទឹកឬទេ ? ការអាន នីហ្វៃទី ៣ ១១:២១–៣៨ អាចជួយពួកគេរៀបចំខ្លួន ។ តើការពិចារណាអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះ អាចជួយសមាជិកគ្រួសារដែលបានទទួលបុណ្យជ្រមុជទឹករួចហើយយ៉ាងដូចម្ដេច ?
នីហ្វៃទី ៣ ១១:២៩–៣០
តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីការឈ្លោះទាស់ទែង ? តើយើងអាច « ចៀសវាង » ពីការឈ្លោះទាស់ទែងនៅក្នុងគេហដ្ឋានរបស់យើងយ៉ាងដូចម្ដេច ?? ( នីហ្វៃទី ១១:៣០ ) ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។