ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ៣១ ខែ សីហា–ថ្ងៃទី ៦ ខែ កញ្ញា ៖ « ដំណឹង​ដ៏​រីករាយ​អំពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ »


« ថ្ងៃ​ទី ៣១ ខែ សីហា–ថ្ងៃទី ៦ ខែ កញ្ញា ។ ហេលេមិន ១៣–១៦ ៖ ‹ ដំណឹង​ដ៏​រីករាយ​មួយ​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ៣១ ខែ សីហា–ថ្ងៃទី ៦ ខែ កញ្ញា » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

សាំយូអែល​ជា​សាសន៍​លេមិន​កំពុង​បង្រៀន​​នៅលើ​កំផែង

សាំយូអែល​ជា​សាសន៍​លេមិន​កំពុង​បង្រៀន​​នៅលើ​កំផែង ដោយ អាណុល ហ្វ្រ៊ីប៊ើហ្គ

ថ្ងៃ​ទី ៣១ ខែ សីហា–ថ្ងៃទី ៦ ខែ កញ្ញា

ហេលេមិន ១៣–១៦

« ដំណឹង​ដ៏​រីករាយ​អំពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ »

នៅពេល​បងប្អូន​កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន​នៅសប្ដាហ៍​នេះ សូមគិត​អំពី​របៀប​ដែល​គោលការណ៍​ទាំងឡាយ​នៅក្នុង ហេលេមិន ១៣–១៦ ជួយ​ស្ថាបនា និង​ផ្ដល់​ការ​គាំទ្រ​រឿង​ដទៃទៀត​ដែល​បងប្អូន​បាន​រៀន​នៅ​ក្នុង​បទគម្ពីរ​ទាំងឡាយ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅ​គ្រា​ដំបូង​ដែល​សាំយូអែល​ជា​សាសន៍​លេមិន​បាន​ព្យាយាម​ចែកចាយ « ដំណឹង​ដ៏​រីករាយ » នៅ​ទីក្រុង​សារ៉ាហិមឡា ( ហេលេមិន ១៣:៧ ) លោក​ត្រូវ​បាន​ពួក​សាសន៍នីហ្វៃ​ដែល​មាន​ចិត្ត​រឹងរូស​​បដិសេធ ហើយ​បណ្ដេញ​ចេញ​ ។ បងប្អូន​ក៏​អាច​និយាយ​បាន​ថា​វា​ដូចជា​ពួកគេ​សង់​ជញ្ជាំង​ដ៏​ក្រាស់​មួយ​ហ៊ុំព័ទ្ធ​ដួងចិត្ត​របស់​ពួកគេ ដែល​រារាំង​ពួកគេ​មិន​ឲ្យ​ទទួល​យក​សារលិខិត​របស់​សាំយូអែល ។ សាំយូអែល​យល់​អំពីសារៈសំខាន់​នៃ​សារលិខិត​ដែល​លោក​បាន​ថ្លែង ហើយ​បាន​បង្ហាញ​សេចក្ដីជំនឿ​ដោយ​ការ​ធ្វើតាម​បទបញ្ញត្តិ​របស់​ព្រះ « ថា​លោក​ត្រូវ​ត្រឡប់​ទៅវិញ ហើយ​ព្យាករ » ( ហេលេមិន ១៣:៣ ) ។ ដូចជា​សាំយូអែល​បាន​ធ្វើដែរ យើង​ទាំងអស់​គ្នា​ប្រទះ​នឹង​ជញ្ជាំង នៅពេល​យើង « រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអម្ចាស់ » ( ហេលេមិន ១៤:៩ ) ហើយ​ព្យាយាម​ធ្វើតាម​ពួក​ព្យាការី​របស់​ទ្រង់ ។ ហើយ​​យើង​ក៏​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ​ដូចជា​សាំយូអែលផង​ដែរថា « វាពិត​ជា​នឹង​កើត​ឡើង » ហើយ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ « ជឿ​ដល់​ព្រះនាម​ទ្រង់ » ( ហេលេមិន ១៣:៦; ១៤:១៣ ) ។ ពុំ​មែនមនុស្ស​គ្រប់រូប​នឹង​ស្ដាប់​នោះទេ ហើយ​មនុស្ស​មួយចំនួន​អាច​នឹង​ជំទាស់​នឹង​យើង​ដោយ​ខ្លាំង​ក្លា​ផងដែរ ។ ប៉ុន្តែ​​អស់​អ្នក​ដែល​ជឿ​ទៅលើ​សារលិខិត​នេះ​ដោយ​មានជំនឿ​ទៅលើ​ព្រះគ្រីស្ទ បាន​រកឃើញ​ថា វា​ពិតជា « ដំណឹង​ដ៏​រីករាយ​អំពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ » ( ហេលេមិន ១៦:១៤ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ហេលេមិន ១៣

ព្រះអម្ចាស់​ប្រទានការព្រមាន​តាម​រយៈ​ពួកព្យាការី​របស់ទ្រង់ ។

នៅ​ក្នុង​បទគម្ពីរ ពួកព្យាការី​ពេល​ខ្លះ​ត្រូវ​បាន​ប្រៀបធៀប​ដូចជា​អ្នកចាំយាម​នៅលើ​កំផែង ឬ​ប៉ម ដែល​ព្រមាន​អំពីគ្រោះថ្នាក់ ( សូមមើល អេសាយ ៦២:៦; អេសេគាល ៣៣:១–៧ ) ។

ប្រធាន អិម. រ័សុល បាឡឺដ បាន​បង្រៀន​ថា ៖ « អស់​ជា​ច្រើន​សតវត្សរ៍ ព្យាការី​បាន​បំពេញ​កាតព្វកិច្ច​របស់​ពួកលោក ពេល​ពួកលោក​ព្រមាន​មនុស្ស​ពី​គ្រោះថ្នាក់​ទាំងឡាយ​មុន​វា​កើត​ឡើង ។ ពួកសាវក​របស់​ព្រះអម្ចាស់ មាន​កាតព្វកិច្ច​ដើម្បី​មើលថែ ព្រមាន និង​ឈោង​ជួយ​ដល់​អស់អ្នក​ដែល​កំពុង​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ជីវិត » ( « God Is at the Helm » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ២៥ ) ។

នៅពេល​បងប្អូន​សិក្សា ហើយពិចារណា​អំពី ហេលេមិន ១៣ នោះ​បងប្អូន​អាច​គូស​ចំណាំ​ការ​ព្រមាន​ជា​ច្រើន​ដែល​សាំយូអែល​បាន​ផ្ដល់​ឲ្យ ។ ឧទាហរណ៍ តើ​លោក​បាន​បង្រៀន​អ្វីខ្លះ​អំពី​ការ​ប្រែចិត្ត ? អំពី​ភាព​រាបសារ និង​ទ្រព្យសម្បត្តិ ? តើ​ការព្រមាន​​ទាំង​នេះ​អាច​អនុវត្ត​ចំពោះ​បងប្អូន​​យ៉ាង​ដូចម្ដេច ? តើ​ការ​ព្រមាន​ដែល​ពួក​ព្យាការី​បច្ចុប្បន្ន​បាន​ប្រទាន​ឲ្យ​ថ្មីៗ​នេះ​មានអ្វីខ្លះ ហើយ​តើ​បងប្អូន​មានអារម្មណ៍​ថា បងប្អូន​គួរ​ធ្វើ​អ្វីខ្លះ​អំពី​ការ​ព្រមាន​ទាំងនេះ ?

ប្រធាន រ័សុល អិម ណិលសុន

ព្យាការី​នាំយើង​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ ។

ហេលេមិន ១៣–១៥

ព្រះអម្ចាស់​គឺមាន​សេចក្ដីមេត្តាករុណា​ដល់​​អ្នកទាំងឡាយណា​ដែល​ប្រែចិត្ត ។

ពី​ដើម​ឡើយ សាំយូអែល ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​កាន់​សាសន៍​នីហ្វៃ​ដើម្បី​ចែកចាយ​ដំណឹង​ប្រកប​ដោយ​អំណរ​អំពី​ការ​យាង​មក​របស់​ព្រះអង្គសង្គ្រោះ ( សូមមើល ហេលេមិន ១៣:៧ ) ។ ដោយសារ​តែ​ពួកគេ​បាន​បដិសេធ​លោក នោះ​លោក​បានត្រឡប់​ទៅ​ព្រមាន​យ៉ាង​ខ្លាំង​អំពី​ការ​ជំនុំជម្រះ​របស់​ព្រះ ។ ប៉ុន្តែ​ការ​ព្រមាន​ទាំងនេះ ក៏​មាន​ដាក់បញ្ចូល​នូវការ​អញ្ជើញ​ឲ្យ​ប្រែចិត្ត​ប្រកប​ដោយ​ក្ដីមេត្តាករុណា​ជានិច្ច​ផងដែរ សូម​រកមើល​ការ​អញ្ជើញ​ទាំងនោះ​នៅ​ក្នុង ហេលេមិន ១៣–១៥ ( សូមមើល​ជាពិសេស ហេលេមិន ១៣:៦, ១១; ១៤:១៥–១៩; ១៥:៧–៨) ។ តើ​ការអញ្ជើញ​​​​ទាំង​នេះ​​អនុវត្ត​ចំពោះ​បងប្អូន​​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​​រៀន​អ្វីខ្លះ​ចេញ​មក​ពីខគម្ពីរ​ទាំងនេះ​អំពី​ការប្រែចិត្ត ? តើនៅពេល​ណា​ដែល​បងប្អូន​មាន​បទពិសោធន៍​អំពី​សេចក្ដីមេត្តាករុណា​របស់​ព្រះ​កើតមាន​មក​ពី​ការ​ប្រែចិត្ត ?

ហេលេមិន ១៤; ១៦:១៣–២៣

ទីសម្គាល់ និង​សញ្ញា​ទាំងឡាយ អាច​ពង្រឹង​ដល់​សេចក្ដីជំនឿ​នៃ​អស់​អ្នក​ដែល​ពុំ​ធ្វើ​ចិត្ត​ពួកគេ​រឹងរូស ។

នៅក្នុង ហេលេមិន ១៤ សាំយូអែល បាន​ពន្យល់​អំពីមូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ផ្ដល់​ទីសម្គាល់​អំពី​ការប្រសូត​ និងការ​សុគត​របស់​ព្រះអង្គសង្គ្រោះ ៖ « ក្នុង​គោលបំណង​ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច​ជឿ​ដល់​ព្រះនាម​ទ្រង់ » ( ហេលេមិន ១៤:១២ ) ។ នៅពេល​បងប្អូន​សិក្សា ហេលេមិន ១៤ សូម​កត់ចំណាំ​ទីសម្គាល់​អំពី​ការ​ប្រសូត​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង ខទី ១–៨ និង​ទីសម្គាល់​អំពី​ការ​សុគត​របស់ទ្រង់​នៅក្នុង ខទី ២០–២៨ ។ ហេតុអ្វី​ក៏​បងប្អូន​គិត​ថា ទីសម្គាល់​ទាំងនេះ​នឹង​ជា​របៀប​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​បង្ហាញ​ពី​ការ​ប្រសូត និង​ការ​សុគត​របស់​ព្រះយេស៊ូវគ្រីស្ទ​ដូច្នេះ ?

តើ​បងប្អូន​គិត​ថា​មាន​ទីសម្គាល់​អ្វី​ផ្សេងទៀត ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ដើម្បី​ជួយ​បងប្អូន​ជឿ​ទៅលើ​ទ្រង់ឬទេ ? ឧទាហរណ៍ ពួក​ព្យាការី​បាន​ព្យាករ​អំពី​ទីសម្គាល់​ដែល​នឹង​កើត​មាន​​ពី​មុន​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ( សូមមើល « ទី​សម្គាល់​អំពី​ពេល​វេលា » ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ, scriptures.ChurchofJesusChrist.org ) ។ តើ​ទីសម្គាល់​ទាំងនេះ​ត្រូវ​បាន​បំពេញ​នៅ​ក្នុង​សម័យ​របស់​យើង​ឬទេ ? ទីសម្គាល់​ដទៃទៀត​ដែល​ដឹកនាំ​ឲ្យ​មាន​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ អាច​នឹង​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន ហើយ​មិន​សូវ​រំភើប​ខ្លាំង ។ សូម​ចំណាយ​ពេល​មួយ​សន្ទុះ​ដើម្បីពិចារណា​អំពី​របៀប​ដែល​បងប្អូន​មាន​សាក្សី​អំពី​ព្រះហស្ត​របស់​ទ្រង់នៅ​ក្នុង​ជីវិត​របស់​បងប្អូន ។

តើ​មាន​ការ​ព្រមាន​ឲ្យ​ប្រុងប្រយ័ត្ន​អ្វីខ្លះ​អំពី​ទីសម្គាល់​នៅ​ក្នុង ​ហេលេមិន ១៦:១៣–២៣ ? តើ​បងប្អូន​អាច​ចៀសវាង​ពី​អាកប្បកិរិយា​របស់​មនុស្ស​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ដោយ​របៀប​ណា ?

សូមមើល​ផងដែរ អាលម៉ា ៣០:៤៣–៥២, រ៉ូណលអេ រ៉ាសបាន « By Divine Design » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៥៥–៥៧ ។

ហេលេមិន ១៦

ការ​ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​ព្យាការី​នាំ​ឲ្យ​ខ្ញុំ​ខិត​ទៅ​កាន់តែ​ជិត​ព្រះអម្ចាស់ ។

អែលឌើរ នែល អិល អាន់ឌើរសិន បាន​បង្រៀន​ថា ៖ « នៅក្នុង​ជីវិត​ខ្ញុំ​ផ្ទាល់ ខ្ញុំ​បាន​ឃើញ​ថា នៅពេល​ខ្ញុំ​សិក្សា​ប្រសាសន៍​របស់​ព្យាការី​នៃ​ព្រះ​ប្រកប​ដោយ​ការអធិស្ឋាន និង​ដោយ​យក​ចិត្ត​ទុកដាក់ ដោយ​តម្រង់​ឆន្ទៈ​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ទៅ​នឹង​ការបង្រៀន​ដ៏​បំផុស​គំនិត​របស់​លោក​ដោយ​អត់ធ្មត់ នោះ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​កើន​ឡើង​ជានិច្ច ។ បើ​យើង​ជ្រើសរើស​ដើម្បី​ដាក់​ដំបូន្មាន​របស់​ពួក​លោក​នៅ​មួយ​អន្លើរ ហើយ​កំណត់ថា​ខ្លួន​យើង​ដឹង​ល្អ​ប្រសើរ​ជាង នោះជំនឿ​របស់​យើង និង​ទស្សនវិស័យ​ដ៏​អស់កល្បជានិច្ច​របស់​យើង គឺ​ត្រូវ​បាន​គ្របបាំង​ហើយ » ( « The Prophet of God » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៦–២៧ ) ។ តើ​ពាក្យ​សម្ដី និង​សកម្មភាព​របស់​ពួក​សាសន៍​នីហ្វៃ​នៅក្នុង ហេលេមិន ១៦ បញ្ជាក់​អំពី​អ្វី​ដែល​អែលឌើរ អាន់ឌើរសិន​បង្រៀន​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​មានអារម្មណ៍​ថា​បងប្អូន​នឹង​ត្រូវ​ធ្វើការតាំង​ចិត្ត​ផ្ទាល់ខ្លួន​អ្វីខ្លះ ទាក់ទង​នឹង​ពួក​ព្យាការី​របស់​ព្រះអម្ចាស់ និង​សារលិខិត​របស់​ពួកលោក ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

ហេលេមិន ១៣:៣–៤

តើ​មានអ្វីខ្លះ​ដែល​បំផុសគំនិត​គ្រួសារ​របស់​បងប្អូន​អំពី​ការ​ឆ្លើយ​តប​របស់​សាំយូអែល​ចំពោះ​ការ​ត្រាស់បង្គាប់​របស់​ព្រះអម្ចាស់​នៅ​ក្នុង ហេលេមិន ១៣:៣–៤ ? អំឡុង​ការ​សិក្សា​ជា​គ្រួសារ​របស់​បងប្អូន​នា​សប្ដាហ៍​នេះ បងប្អូន​​អាច​នឹង​លើក​ទឹកចិត្ត​គ្រួសារ​ឲ្យ​ចែកចាយ​ចំណាប់អារម្មណ៍​ដែល « កើត​មាននៅក្នុង​ដួងចិត្ត [ របស់​ពួកគាត់ ] » ។

ហេលេមិន ១៣:៣៨

គំនិតយោបល់​ដែល​ថា​សុភមង្គល​អាចរកបាន « ដោយ​​ធ្វើ​អំពើ​ទុច្ចរិត » គឺ​ជា​រឿងធម្មតា​នៅ​ក្នុង​សម័យ​បច្ចុប្បន្ន ។ តើ​ការ​រស់នៅ​តាម​ដំណឹងល្អ​នាំ​ឲ្យ​យើង​រក​បាន​សុភមង្គល​ពិត​តាម​របៀបណា ?

ហេលេមិន ១៥:៣

តើ​ការកែតម្រូវ​របស់​ព្រះ បង្ហាញ​ពីសេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​យ៉ាង​ដូចម្ដេច ? សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ទូលសូម​ដោយរាបសារ​សួរ​ព្រះអម្ចាស់​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​កែលម្អ ។

ហេលេមិន ១៥:៥–៨

តើ​យើង​រៀន​អ្វីខ្លះ​អំពីការ​ផ្លាស់ប្រែ​ចិត្តជឿ​មកពី​​ពួក​សាសន៍​លេមិន ដែលបានពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ? តើ​យើងអាច​ធ្វើតាម​គំរូ​របស់ពួកគាត់​ដោយ​របៀប​ណា?

ហេលេមិន ១៦:១–៣

តើ​គ្រួសារ​របស់​បងប្អូន​ចូលចិត្ត​សម្ដែង​រឿង​សាំយូអែល​ជា​សាសន៍លេមិន​ឬទេ ? បន្ទាប់ពី​អាន​ដំណើរ​រឿង​នោះ សមាជិក​គ្រួសារ​អាច​នឹង​ផ្លាស់វេណ​គ្នា​ឈ​រ​នៅលើ​កៅអី​មួយ ហើយអាន​អំពី​ការ​ព្យាករណ៍​របស់​សាំយូអែល​មួយចំនួន ខណៈ​ដែល​សមាជិក​គ្រួសារ​ដទៃទៀត​ធ្វើ​ពុត​ជា​បាញ់​ព្រួញ ឬ​ចោល​ដុំ​ថ្ម​ទៅលើ​សាំយូអែល ។ រឿង​នេះ​អាច​នឹង​ជួយ​គ្រួសារ​របស់​បងប្អូន​យល់​ថា​សាំយូអែល និង​ពួកសាសន៍​នីហ្វៃ​មានអារម្មណ៍​យ៉ាងណា ។ កូនៗ​របស់​បងប្អូន​ក៏​អាច​ចូលចិត្ត​ក្នុងការ​គូររូប​អំពី​រឿង​នោះ​ផងដែរ ។ តើ​យើង​អាច​ធ្វើ​ដូចជា​សាំយូអែល ហើយ​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​អ្នកដទៃ ទោះ​ជា​យើង​ភ័យ​ខ្លាចក្ដី​តាមរបៀបណា ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

សូម​រក​មើល​លំនាំ ។ លំនាំ គឺ​ជា​ផែនការ ឬ​គំរូ​មួយ ដែលអាច​ប្រើ​ជា​ការណែនាំ​សម្រាប់​សម្រេច​ការងារ​មួយ ។ នៅក្នុង​បទគម្ពីរ​ទាំងឡាយ យើង​រកឃើញ​លំនាំ​ដែល​បង្ហាញ​អំពី​របៀប​ដែល​ព្រះអម្ចាស់​សម្រេច​កិច្ចការ​របស់ទ្រង់ ដូចជា​ការ​បញ្ជូន​ពួក​អ្នក​បម្រើ​របស់​ទ្រង់ឲ្យ​ទៅ​ព្រមាន​ប្រជាជន​ ។

សាំយូអែល​ជា​សាសន៍​លេមិនកំពុង​បង្រៀន

© The Book of Mormon for Young Readers, សាំយូអែល​ជា​សាសន៍​លេមិន ដោយ​ប្រ៊ីអាណា សូក្រូហ្វ