« ថ្ងៃទី ៧–១៣ ខែ កញ្ញា ។ នីហ្វៃទី៣ ១–៧ ៖ ‹ ចូរងើបឡើង ហើយមានសេចក្ដីសង្ឃឹមចុះ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៧–១៣ ខែ កញ្ញា ។ នីហ្វៃទី៣ ១–៧ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ៧–១៣ ខែ កញ្ញា
នីហ្វៃទី ៣ ១–៧
« ចូរងើបឡើង ហើយមានសេចក្ដីសង្ឃឹមចុះ »
ពួកសាសន៍នីហ្វៃបានធ្វើជាសាក្សីទីសម្គាល់ដ៏អព្ភូតហេតុ ប៉ុន្តែមិនយូរក្រោយមក ពួកគេបានភ្លេចនូវអ្វីដែលពួកគេបានទទួលបទពិសោធន៍ ( សូមមើល នីហ្វៃទី ៣ ២:១ ) ។ ការកត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន នឹងជួយបងប្អូនចងចាំបទពិសោធន៍ខាងវិញ្ញាណរបស់បងប្អូននៅពេលកំពុងសិក្សា នីហ្វៃទី ៣ ១–៧ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
តាមរបៀបមួយចំនួន វាគឺជាពេលដ៏រំភើបក្នុងនាមជាអ្នកជឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ ការព្យាករណ៍ទាំងឡាយត្រូវបានបំពេញ— មានទីសម្គាល់ និងអព្ភូតហេតុអស្ចារ្យជាច្រើនកើតមាននៅក្នុងចំណោមប្រជាជនដែលបង្ហាញថា ព្រះអង្គសង្គ្រោះនឹងប្រសូតមកក្នុងពេលឆាប់ៗ ។ ម្យ៉ាងទៀត វាក៏ជាពេលដ៏រំភើបអន្ទះសាផងដែរសម្រាប់ពួកអ្នកជឿ ដោយសារពួកអ្នកមិនជឿទទូចថា « ពេលវេលាបានកន្លងហួសហើយ » សម្រាប់ព្រះអង្គសង្គ្រោះប្រសូតមកនោះ ថ្វីបើមានអព្ភូតហេតុទាំងអស់ក្ដី ( នីហ្វៃទី ៣ ១:៥ ) ។ ប្រជាជនទាំងនេះ បានបណ្ដាលឲ្យមាន « ចលាចលយ៉ាងធំមួយទូទាំងដែនដី » ( នីហ្វៃទី ៣ ១:៧ ) ហើយថែមទាំងបានកំណត់ថ្ងៃមួយដើម្បីសំឡាប់ពួកអ្នកជឿទាំងអស់ បើសិនជាទីសម្គាល់ដែលបានព្យាករដោយសាំយូអែលជាសាសន៍លេមិន—ថានៅពេលយប់គ្មានភាពងងឹត—ពុំកើតមានឡើងនោះ ។
នៅក្នុងស្ថានភាពសាកល្បងទាំងនេះ ព្យាការីនីហ្វៃ « បានអំពាវនាវយ៉ាងខ្លាំងដល់ព្រះរបស់លោក ជំនួសប្រជាជនរបស់លោក » ( នីហ្វៃទី ៣ ១:១១ ) ។ ចម្លើយរបស់ព្រះអម្ចាស់កំពុងតែបំផុសគំនិតចំពោះមនុស្សគ្រប់រូបដែលប្រឈមនឹងការបៀតបៀន ឬការសង្ស័យ ហើយចាំបាច់ត្រូវដឹងថា ពន្លឺនឹងយកឈ្នះភាពងងឹត ៖ « ចូរងើបឡើង ហើយមានសេចក្ដីសង្ឃឹមចុះ…យើងនឹងបំពេញនូវអ្វីៗទាំងអស់ ដែលយើងបានបណ្ដាលឲ្យនិយាយដោយមាត់នៃពួកព្យាការីបរិសុទ្ធរបស់យើង » ( នីហ្វៃទី ៣ ១:១៣ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះអម្ចាស់នឹងបំពេញគ្រប់ព្រះបន្ទូលរបស់ទ្រង់ ។
តើបងប្អូននឹកស្រមៃទៅមើលថាបងប្អូននឹងមានអារម្មណ៍យ៉ាងណា បើបងប្អូនជាអ្នកជឿម្នាក់នៅក្នុងចំណោមអ្នកជឿទាំងនោះ នៅអំឡុងពេលដែលបានពិពណ៌នានៅក្នុង នីហ្វៃទី ៣ ១–៧ នោះ ? ឧទាហរណ៍ តើនឹងមានអារម្មណ៍យ៉ាងណា ដើម្បីរង់ចាំពេលយប់ដែលគ្មានភាពងងឹត ដែលនឹងប្រកាសអំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ ដោយដឹងថាបងប្អូននឹងត្រូវគេសំឡាប់ បើវាពុំបានកើតឡើងនោះ ? នៅពេលបងប្អូនអាន នីហ្វៃទី ៣ ១:៤–២១ និង ៥:១–៣ សូមស្វែងរកមើលអ្វីដែលនីហ្វៃ និងពួកអ្នកជឿដទៃទៀតបានធ្វើ ដើម្បីរក្សាសេចក្ដីជំនឿរបស់ពួកគេនៅអំឡុងគ្រាដ៏លំបាកទាំងនេះ ។ តើព្រះអម្ចាស់ប្រទានពរដល់ពួកគេយ៉ាងដូចម្ដេច ? តើបងប្អូនរៀនបានអ្វីខ្លះ ដែលអាចជួយបងប្អូននៅពេលបងប្អូនឃើញថាខ្លួនបងប្អូនកំពុងរង់ចាំពរជ័យដែលបានសន្យាមកពីព្រះអម្ចាស់នោះ ?
ការភ្លេចបទពិសោធន៍ខាងវិញ្ញាណ ធ្វើឲ្យខ្ញុំឈឺចាប់នៅក្នុងការល្បួងរបស់សាតាំង ។
បងប្អូនអាចនឹងគិតថា ការធ្វើជាសាក្សីអំពីអ្វីមួយដែលជាអព្ភូតហេតុយ៉ាងខ្លាំង ដូចជាពេលយប់គ្មានភាពងងឹត នឹងដិតជាប់នៅនឹងបងប្អូនយ៉ាងយូរ ហើយជាយុថ្កាចំពោះទីបន្ទាល់របស់បងប្អូន ។ ប៉ុន្តែការចងចាំពីទីសម្គាល់ និងការណ៍អស្ចារ្យដែលពួកសាសន៍នីហ្វៃបានធ្វើជាសាក្សីហាក់បី ដូចជារសាយបាត់ក្នុងរយៈកន្លងទៅ ។ តើអ្វីដែលបណ្ដាលឲ្យពួកគេភ្លេច ហើយតើអ្វីជាលទ្ធផលនៃការភ្លេច ? ( សូមមើល នីហ្វៃទី ៣ ១:២២; ២:១–៣ ) ។
តើបងប្អូនកំពុងធ្វើអ្វីខ្លះដើម្បីចងចាំ ហើយរំឭកអំពីសាក្សីនៃសេចក្ដីពិតខាងវិញ្ញាណរបស់បងប្អូន ? ឧទាហរណ៍ សូមពិចារណាថា តើការកត់ត្រាបទពិសោធន៍ខាងវិញ្ញាណរបស់បងប្អូនអាចជួយបងប្អូនយ៉ាងដូចម្ដេច ។ តើបងប្អូននឹងចែកចាយសាក្សីរបស់បងប្អូនជាមួយនឹងមនុស្សជិតស្និតបំផុតដើម្បីបងប្អូនជួយពួកគេឲ្យជឿដោយរបៀបណា?
សូមមើលផងដែរ អាលម៉ា ៥:៦ ហែនរី ប៊ី អាវរិង « O Remember, Remember » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៦៦–៦៩, នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ៦៥–៦៨ ។
នីហ្វៃទី ៣ ២:១១–១២; ៣:១–២៦; ៥:២៤–២៦
ព្រះអម្ចាស់ពង្រឹងដល់ពួកបរិសុទ្ធរបស់ទ្រង់ឲ្យទប់ទល់នឹងគ្រោះថ្នាក់ខាងវិញ្ញាណ ។
នៅក្នុងជំនាន់របស់យើង ជាធម្មតា យើងពុំជួបនឹងក្រុមចោរប្លន់ដែលបង្ខំយើងឲ្យចាកចេញពីផ្ទះសម្បែង ហើយទៅជួបជុំគ្នានៅកន្លែងតែមួយនោះទេ ។ ប៉ុន្តែយើងប្រឈមមុខនឹងគ្រោះថ្នាក់ខាងវិញ្ញាណ ហើយបទពិសោធន៍របស់ពួកសាសន៍នីហ្វៃអាចមាននូវមេរៀនជាច្រើនដែលអាចជួយយើង ។ សូមរកមើលមេរៀនទាំងនេះនៅពេលបងប្អូនអាន នីហ្វៃទី ៣ ២:១១–១២ និង ៣:១–២៦ ។
នៅក្នុង នីហ្វៃទី ៣ ៥:២៤–២៦ យើងអានអំពីការប្រមូលផ្ដុំនៃរាស្ត្ររបស់ព្រះអម្ចាស់នៅក្នុងថ្ងៃចុងក្រោយ ។ តើខទាំងនេះបង្រៀនអ្វីខ្លះ អំពីរបៀបដែលព្រះអម្ចាស់កំពុងប្រមូលផ្ដុំរាស្ត្ររបស់ទ្រង់សព្វថ្ងៃនេះ ?
សូមមើលផងដែរ « ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ៖ សារលិខិតមកពីប្រធាន រ័សុល អិម ណិលសុន និង ស៊ីស្ទើរ វិនឌី ដបុលយូ ណិលសុន » ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨, ChurchofJesusChrist.org; « អ៊ីស្រាអែល—ការប្រមូលផ្ដុំនៃវង្សអ៊ីស្រាអែល » សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ, scriptures.ChurchofJesusChrist.org ។
ខ្ញុំគឺជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
តើបងប្អូនគិតថា ការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទមានន័យយ៉ាងណា ? ( សូមមើល គ. និង ស. ៤១:៥ ) ។ នៅក្នុង នីហ្វៃទី ៣ ៥:១២–២៦ មរមនបានផ្អាកការសង្ខេបកំណត់ត្រានីហ្វៃរបស់គាត់ ហើយបានប្រកាសថា គាត់គឺជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក នៅក្នុង នីហ្វៃទី ៣ ៧:១៥–២៦ គាត់បានពិពណ៌នាអំពីការងារបម្រើរបស់ពួកសិស្សម្នាក់ទៀត —ជាព្យាការីនីហ្វៃ តើបងប្អូនរកឃើញអ្វីនៅក្នុងវគ្គបទគម្ពីរទាំងពីរនេះ ដែលជួយដល់បងប្អូនយល់អំពីអត្ថន័យដើម្បីធ្វើជាសិស្សរបស់ព្រះគ្រីស្ទ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
នីហ្វៃទី ៣ ៣:១៣–១៤, ២៥–២៦
តើពួកសាសន៍នីហ្វៃធ្វើអ្វីខ្លះដើម្បីការពារខ្លួនពួកគេពីមារសត្រូវដែលពួកគេប្រឈមមុខនោះ ? តើយើងកំពុងធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យគេហដ្ឋានរបស់យើងជាកន្លែងសុវត្ថិភាព និងការការពារពីសេចក្ដីអាក្រក់នៅក្នុងលោកិយ ?
នីហ្វៃទី ៣ ២:១–៣; ៦:១៥–១៧
ដើម្បីជួយគ្រួសាររបស់បងប្អូនរៀនអំពីរបៀបដែលសាតាំងអាចបោកបញ្ឆោតយើង សូមគូររូបតួខ្លួនមួយ ហើយនៅពេលគ្រួសាររបស់បងប្អូនអាន នីហ្វៃទី ៣ ២:១–៣ និង ៦:១៥–១៧ សូមគូសចំណាំផ្នែកផ្សេងៗនៃតួខ្លួនដែលបានលើកឡើងនោះ ។ យោងទៅតាមខគម្ពីរទាំងនេះ តើរបៀបមួយចំនួនដែលសាតាំងល្បួងយើងឲ្យភ្លេចព្រះ ហើយងាកទៅរកអំពើបាបមានអ្វីខ្លះ ?
នីហ្វៃទី ៣ ៤:៧–១២, ៣០–៣៣
តើពួកសាសន៍នីហ្វៃបានធ្វើអ្វីខ្លះ នៅពេលពួកគេមើលឃើញពួកចោរកាឌីអាន់តុនមកដល់នោះ ? តើគ្រួសាររបស់បងប្អូនអាចរៀនអ្វីខ្លះមកពីពួកសាសន៍នីហ្វៃ នៅពេលយើងប្រឈមមុខនឹងស្ថានភាពលំបាក ? តើយើងអាចរៀនអ្វីខ្លះមកពីពាក្យសម្ដីរបស់ពួកសាសន៍នីហ្វៃ បន្ទាប់ពីព្រះអម្ចាស់បានជួយពួកគេនៅក្នុងគ្រាលំបាករបស់ពួកគេនោះ ?
នីហ្វៃទី ៣ ៥:១៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៥
សូមអាន នីហ្វៃទី ៣ ៥:១៣ និង គោលលទ្ធិ និងសេចក្តីសញ្ញា ៤១:៥ ហើយពិភាក្សាអំពីអត្ថន័យដើម្បីធ្វើជាសិស្សម្នាក់របស់ព្រះគ្រីស្ទ ។ ប្រហែលជាសមាជិកគ្រួសារអាចពិភាក្សាអំពីគ្រា ដែលពួកគេកត់សម្គាល់ឃើញគ្នាទៅវិញទៅមកធ្វើជាសិស្ស ។ បើសិនជាបងប្អូនមានកូនតូចៗ បងប្អូនអាចធ្វើជាស្លាកមួយដែលនិយាយថា « ខ្ញុំគឺជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ » ហើយឲ្យពួកគេពាក់ស្លាកនោះ នៅពេលបងប្អូនកត់សម្គាល់ឃើញថាពួកគេកំពុងធ្វើតាមព្រះអង្គសង្គ្រោះ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។