« ថ្ងៃទី ២៤–៣០ ខែ សីហា ។ ហេលេមិន ៧–១២ ៖ ‹ នឹកឃើញដល់ព្រះអម្ចាស់ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៤–៣០ ខែ សីហា ។ ហេលេមិន ៧–១២ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៤–៣០ ខែ សីហា
ហេលេមិន ៧–១២
« នឹកឃើញដល់ព្រះអម្ចាស់ »
នីហ្វៃ, លីហៃ និងអ្នកផ្សេងទៀត មាន « វិវរណៈជាច្រើនរាល់ៗថ្ងៃ » ( ហេលេមិន ១១:២៣ ) ។ វិវរណៈដែលមានជាញឹកញាប់ពុំគ្រាន់តែមានសម្រាប់ពួកព្យាការីប៉ុណ្ណោះទេ— វិវរណៈក៏មានសម្រាប់បងប្អូនផងដែរ ។ ការកត់ត្រាចំណាប់អារម្មណ៍របស់បងប្អូនអាចជួយបងប្អូនទទួលបានវិវរណៈកាន់តែខ្ជាប់ខ្ជួន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ឪពុករបស់នីហ្វៃ ហេលេមិន បានជម្រុញឲ្យកូនប្រុសទាំងឡាយរបស់គាត់ឲ្យ « សូមចងចាំ សូមចងចាំ » ៖ គាត់ចង់ឲ្យពួកគេចងចាំអំពីជីដូនជីតារបស់ពួគេ ចងចាំពាក្យសម្ដីរបស់ពួកព្យាការី និងពិសេសហួសនេះទៅទៀតចងចាំ « ព្រះអង្គប្រោសលោះរបស់យើង គឺព្រះគ្រីស្ទ » ( សូមមើល ហេលេមិន ៥:៥–១៤ ) ។ វាបង្ហាញយ៉ាងច្បាស់ថា នីហ្វៃបានចងចាំ ដោយសារតែនេះគឺជាសារលិខិតដូចគ្នា ដែលគាត់បានប្រកាសជាច្រើនឆ្នាំក្រោយមក « ដោយគ្មាននឿយហត់ » ( ហេលេមិន ១០:៤ ) ទៅកាន់ប្រជាជន ។ គាត់បានសួរថា « តើបងប្អូនអាចភ្លេចព្រះរបស់បងប្អូនដោយរបៀបណា ?» ( ហេលេមិន ៧:២០ ) ។ ការខិតខំទាំងអស់របស់នីហ្វៃ—ក្នុងការផ្សាយ ការអធិស្ឋាន ការធ្វើអព្ភូតហេតុ និងការទូលសូមព្រះឲ្យមានគ្រោះរាំងស្ងួត —គឺជាការប៉ុនប៉ងដើម្បីជួយឲ្យប្រជាជនងាកបែរមករកព្រះ ហើយនឹកឃើញទ្រង់ ។ មានរបៀបជាច្រើន ដែលការភ្លេចព្រះ គឺជាបញ្ហាកាន់តែធំ ជាងការមិនស្គាល់ទ្រង់ ហើយវាងាយនឹងភ្លេចទ្រង់ នៅពេលគំនិតរបស់យើង ត្រូវបានរំខានដោយ « វត្ថុទាំងឡាយដែលឥតប្រយោជន៍នៃលោកិយនេះ » ហើយគ្របបាំងដោយពពកនៃអំពើបាប ( ហេលេមិន ៧:២១ សូមមើលផងដែរ ហេលេមិន ១២:២ ) ។ ប៉ុន្តែដូចការងារបម្រើរបស់នីហ្វៃបានបង្ហាញ វាពុំយឺតពេលទេដើម្បីនឹកឃើញ ហើយ « ត្រឡប់មករកព្រះអម្ចាស់ ជាព្រះរបស់អ្នកចុះ » នោះ ( ហេលេមិន ៧:១៧ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ពួកព្យាការីបើកសម្ដែងព្រះហឫទ័យរបស់ព្រះ ។
មានពួកព្យាការីជាច្រើនបានពិពណ៌នាពាសពេញក្នុងព្រះគម្ពីរមរមន ប៉ុន្តែ ហេលេមិន ៧–១១ គឺជាជំពូកល្អជាពិសេសដើម្បីរៀនថាព្យាការីជាអ្វី តើគាត់ធ្វើអ្វីខ្លះ ហើយតើយើងគួរទទួលយកពាក្យសម្ដីរបស់គាត់ដោយរបៀបណា ។ នៅពេលបងប្អូនអានជំពូកទាំងនេះ សូមយកចិត្តទុកដាក់ទៅលើសកម្មភាព គំនិត និងការប្រាស្រ័យទាក់ទងរបស់នីហ្វៃជាមួយព្រះអម្ចាស់ ។ តើការងារបម្រើរបស់នីហ្វៃ អាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីតួនាទីរបស់ពួកព្យាការីនៅក្នុងសម័យរបស់យើងយ៉ាងដូចម្ដេច ? នេះគឺជាឧទាហរណ៍មួយចំនួន ។ តើបងប្អូនរកឃើញអ្វីផ្សេងទៀត ?
-
ហេលេមិន ៧:១៧–២២ ៖ពួកព្យាការីប្រកាសអំពីការប្រែចិត្ត និងការព្រមានអំពីលទ្ធផលនៃអំពើបាប ។
-
ហេលេមិន ៧:២៩; ៩:២១–៣៦ ៖ពួកព្យាការីដឹងតាមរយៈវិវរណៈមកពីព្រះអំពីអ្វីដែលប្រជាជនចាំបាច់ត្រូវស្ដាប់ឮ ។
-
ហេលេមិន ១០:៧ ៖ពួកព្យាការីត្រូវបានប្រគល់ឲ្យនូវអំណាចដើម្បីផ្សារភ្ជាប់នៅលើផែនដី និងនៅលើស្ថានសួគ៌ ( សូមមើលផងដែរ ម៉ាថាយ ១៦:១៩; គ. និងស. ១៣២:៤៦ ) ។
តើខគម្ពីរទាំងនេះជះឥទ្ធិពលយ៉ាងណាទៅលើរបៀបដែលបងប្អូនមានអារម្មណ៍អំពីព្យាការីនៅរស់របស់យើង ? តើគាត់បានបង្រៀនអ្វីខ្លះថ្មីៗនេះ ? តើបងប្អូននឹងស្ដាប់ ហើយធ្វើតាមការដឹកនាំរបស់គាត់ឬទេ ?
ទីសម្គាល់ និងអព្ភូតហេតុទាំងឡាយ គឺមានប្រយោជន៍ ប៉ុន្តែពុំល្មមគ្រប់គ្រាន់ដើម្បីស្ថាបនាជំនឿយូរអង្វែងទេ ។
បើទីសម្គាល់ ឬអព្ភូតហេតុ គឺល្មមគ្រប់គ្រាន់ដើម្បីផ្លាស់ប្ដូរដួងចិត្តមនុស្សម្នាក់មែន នោះពួកសាសន៍នីហ្វៃទាំងអស់ ច្បាស់ជានឹងត្រូវបានផ្លាស់ប្រែចិត្តជឿរួចទៅហើយ តាមរយៈទីសម្គាល់ដ៏អស្ចារ្យដែលនីហ្វៃបានឲ្យនៅក្នុង ហេលេមិន ៩ នោះ ។ តែផ្ទុយទៅវិញ « មានការបែកបាក់មួយនៅក្នុងចំណោមប្រជាជន » ( ហេលេមិន ១០:១ ) បានផុសចេញមក ដោយសារតែពួកគេជាច្រើន « នៅតែធ្វើចិត្តរឹងរូស » ( ហេលេមិន ១០:១៥ ) ។ តើមនុស្សទុច្ចរិត ជាញឹកញាប់មានប្រតិកម្មចំពោះទីសម្គាល់ និងអព្ភូតហេតុយ៉ាងដូចម្ដេច ? ( សូមមើល ហេលេមិន ១០:១២–១៥, សូមមើលផងដែរ នីហ្វៃទី ៣ ២:១–២ ) ។ តើមានគ្រោះថ្នាក់អ្វីខ្លះ ពេលយកទីសម្គាល់ធ្វើជាគ្រឹះនៃទីបន្ទាល់នោះ ? ( សូមមើល « ទីសម្គាល់ » ប្រធានបទដំណឹងល្អ topics.ChurchofJesusChrist.org ) ។
ការសញ្ជឹងគិតអញ្ជើញឲ្យមានវិវរណៈ ។
ប្រសិនបើបងប្អូនធ្លាប់មានអារម្មណ៍ត្រូវគេជិះជាន់ រសាប់រសល់ ឬច្របូកច្របល់ បងប្អូនអាចនឹងរៀនមេរៀនសំខាន់មួយមកពីគំរូរបស់នីហ្វៃនៅក្នុង ហេលេមិន ១០:២–៤ ។ តើគាត់ធ្វើអ្វីខ្លះ នៅពេលគាត់មានអារម្មណ៍ « ទន់ខ្សោយជាខ្លាំង » ? ( ខទី ៣ ) ។
ប្រធាន ហិនរី ប៊ី អាវរិង បានបង្រៀនថា « នៅពេលយើងសញ្ជឹងគិត យើងអញ្ជើញឲ្យមានវិវរណៈតាមរយៈព្រះវិញ្ញាណ ។ ចំពោះខ្ញុំ ការសញ្ជឹងគិតគឺជាការគិត និង ជាការអធិស្ឋាន ដែលខ្ញុំធ្វើបន្ទាប់ពីការអាន និង ការសិក្សានៅក្នុងព្រះគម្ពីរដោយប្រុងប្រយ័ត្ន » (Serve with the Spirit » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៦០ ) ។ តើបងប្អូនអាចនឹងបង្កើតទម្លាប់នៃការសញ្ជឹងគិតយ៉ាងដូចម្ដេច ? ដើម្បីអានអំពីរបៀបមួយដើម្បីសញ្ជឹងគិតជាទៀងទាត់ នូវព្រះបន្ទូលរបស់ព្រះ សូមមើលសារលិខិតរបស់ បងប្រុស ដេវិន ជី ឌើរ៉ាន់ « My Heart Pondereth Them Continually » ( Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១២–១៥ ) ។
សូមមើលផងដែរ សុភាសិត ៤:២៦; លូកា ២:១៩; នីហ្វៃទី ១ ១១:១; នីហ្វៃទី ២ ៤:១៥–១៦; នីហ្វៃទី ៣ ១៧:៣; មរ៉ូណៃ ១០:៣; គ. និង ស. ៨៨:៦២ ។
ព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំនឹកឃើញពីទ្រង់ ។
នៅក្នុង លេហេមិន ១២ មរមន ដែលកំពុងសង្ខេបកំណត់ត្រា បានសង្ខេបមេរៀនខ្លះៗដែលយើងអាចរៀនមកពីដំណើររឿងរបស់នីហ្វៃនៅក្នុងជំពូកមុនៗ ។ សូមពិចារណាអំពីការប្រើប្រាស់សេចក្ដីសង្ខេបរបស់គាត់ ជាឱកាសមួយដើម្បីត្រួតពិនិត្យមើលដួងចិត្តរបស់បងប្អូនផ្ទាល់ ។ បងប្អូនអាចធ្វើជាបញ្ជីមួយអំពីអ្វីដែលមរមនបានថ្លែងអំពីបុព្វហេតុដែលបណ្ដាលឲ្យប្រជាជនភ្លេចព្រះអម្ចាស់ ។ តើមានអ្វីខ្លះដែលជួយបងប្អូនឲ្យនឹកឃើញទ្រង់ ? តើមានការផ្លាស់ប្ដូរអ្វីខ្លះ ដែលបងប្អូនទទួលការបំផុសគំនិតឲ្យធ្វើ ផ្អែកទៅលើអ្វីដែលបងប្អូនបានរៀន ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍ណាខ្លះដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
ហេលេមិន ៧–៩
តើយើងមើលឃើញភាពស្រដៀងគ្នាអ្វីខ្លះកើតមានរវាងអ្វីដែលនីហ្វៃបានធ្វើ និងអ្វីដែលពួកព្យាការីបានធ្វើនៅសព្វថ្ងៃនេះ ? តើព្យាការីរបស់យើងកំពុងបង្រៀនអ្វីខ្លះនៅសព្វថ្ងៃនេះ ? ប្រហែលជាបងប្អូន អាចជ្រើសរើសការប្រឹក្សាមួយចំនួនថ្មីៗនេះមកពីព្យាការី ហើយពិភាក្សាជាគ្រួសារអំពីរបៀបដែលបងប្អូនអាចធ្វើតាមកាន់តែល្អប្រសើរ ។
ហេលេមិន ១០:៤–៥, ១១–១២
តើនីហ្វៃបង្ហាញថាគាត់បានព្យាយាមធ្វើតាមព្រះទ័យរបស់ព្រះអម្ចាស់ជាជាងធ្វើតាមគំនិតខ្លួនឯងយ៉ាងដូចម្ដេច ? តើយើងអាចធ្វើតាមគំរូរបស់លោកយ៉ាងដូចម្ដេច ? តើមានវិធីមួយចំនួនអ្វីខ្លះដែលគ្រួសាររបស់យើងអាចធ្វើ ដើម្បីអាចព្យាយាមធ្វើតាមព្រះទ័យរបស់ព្រះអម្ចាស់បានកាន់តែល្អប្រសើរ ?
ហេលេមិន ១១:១–១៦
តើនីហ្វៃមានបំណងប្រាថ្នាអ្វី ហើយតើគាត់បានធ្វើយ៉ាងណា ? តើយើងអាចរៀនអ្វីខ្លះ អំពីការអធិស្ឋានចេញមកពីគំរូរបស់នីហ្វៃ ?
ហេលេមិន ១១:១៧–២៣
តើយើងរៀនអ្វីខ្លះអំពីបងប្រុសរបស់នីហ្វៃ លីហៃនៅក្នុង ហេលេមិន ១១:១៧–២៣ ? តើយើងដឹងពីនរណាម្នាក់បានរស់នៅក្នុងជីវិតសុចរិតដោយពុំមានគេទទួលស្គាល់ច្រើនឬទេ ?
ហេលេមិន ១២:១–៦
តើបងប្អូនអាចគិតអំពីវត្ថុបង្រៀនមួយ ដែលបងប្អូនអាចប្រើដើម្បីជួយគ្រួសារបងប្អូនឲ្យយល់អំពីអត្ថន័យនៃពាក្យ « គ្មានភាពនឹងន » ឬទេ ? ឧទាហរណ៍ បងប្អូនអាចអញ្ជើញសមាជិកគ្រួសារម្នាក់ឲ្យមកព្យាយាមទូលអ្វីមួយឲ្យមានលំនឹង ។ បន្ទាប់មក បងប្អូនអាចអញ្ជើញសមាជិកគ្រួសារឲ្យមើលនៅក្នុង ហេលេមិន ១២:១–៦ សម្រាប់ហេតុផលដែលមនុស្សអាចនឹងគ្មានភាពនឹងននៅក្នុងការធ្វើតាមព្រះអម្ចាស់ ។ តើយើងអាចបន្ដឲ្យមានភាពនឹងនខាងវិញ្ញាណយ៉ាងដូចម្ដេច ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។