ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៧–២៣ ខែ សីហា ។ ហេលេមិន ១–៦ ៖ « សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង »


« ថ្ងៃទី ១៧–២៣ ខែ សីហា ។ ហេលេមិន ១–៦ ៖ ‹ សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៧–២៣ ខែ សីហា ។ ហេលេមិន ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

រលក​បោកទៅលើ​ថ្ម

ថ្ងៃទី ១៧–២៣ ខែ សីហា

ហេលេមិន ១–៦

« សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង »

គោលការណ៍​នៅ​ក្នុង​គម្រោង​នេះ​អាច​ជួយ​ដឹកនាំការ​សិក្សា​របស់​បងប្អូន​នៅក្នុង ហេលេមិន ១–៦ ប៉ុន្តែ​សូម​កុំ​ឲ្យ​វា​ដាក់​កម្រិត​លើ​បងប្អូន ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​បងប្អូន​ទៅ​រក​សេចក្ដីពិត ដែល​បងប្អូន​ចាំបាច់ត្រូវ​រៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ព្រះគម្ពីរហេលេមិន​កត់ត្រា​ទាំង​ភាព​ជោគជ័យ និង​សោកនាដកម្ម​នៅក្នុង​ចំណោម​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន ។ វា​ចាប់​ផ្ដើម​ដោយ « មាន​ការ​ពិបាក​យ៉ាង​ធ្ងន់ធ្ងរ​មួយ​នៅក្នុង​ចំណោម​ប្រជាជន​នៃ​ពួក​សាសន៍​នីហ្វៃ » ( ហេលេមិន ១:១ ) ហើយ​ភាព​ពិបាក​បាន​បន្ដ​មាន​ពេញ​នៅក្នុង​កំណត់ត្រា ។ នៅទីនេះ​យើង​អាន​អំពី​ការ​រំជើបរំជួល​ខាង​នយោបាយ ក្រុម​ចោរប្លន់ ការ​បដិសេធ​ពួកព្យាការី និង​ភាព​ឆ្មើង​ឆ្មៃ និង​ការ​មិនជឿ​មាន​នៅទូទាំង​ដែនដី ។ ប៉ុន្តែ​យើង​ក៏​រកឃើញ​មាន​គំរូ​ដូចជា​នីហ្វៃ និង​លីហៃ និង « ប្រជាជន​ដែល​សុភាព​រាបសារ » ដែល​ពុំ​គ្រាន់តែ​នៅ​រស់រាន​មានជីវិតប៉ុណ្ណោះទេ ថែមទាំង​បាន​រីកចម្រើន​ខាង​វិញ្ញាណ​ផងដែរ ( ហេលេមិន ៣:៣៤ ) ។ តើពួកគេធ្វើបានតាមរបៀបណា ? តើ​ពួកគេ​នៅ​រឹងមាំ​ខណៈ​ដែល​អរិយធម៌​របស់​ពួកគេ​ចាប់​ផ្ដើម​ចុះអន់ថយ ឬធ្លាក់ចុះ​បានយ៉ាង​ដូចម្ដេច ? វា​ដូចគ្នា​សម្រាប់​ពួក​យើងផងដែរ ពួកយើង​បន្ដ​នៅ​រឹងមាំ​នៅក្នុង « ខ្យល់​ព្យុះ​កំណាច » ដែល​ពួក​អារក្ស​បាន​បញ្ជូន​មក​ឲ្យ « បោកបក់​មក​លើ​ [ យើង ] »—ដោយការ​ស្ថាបនា​ជីវិត​របស់​យើង​ « នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះនៃ​យើង គឺ​ព្រះគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ …ជាគ្រឹះ​មួយ​បើសិនណា​មនុស្ស​សង់នៅលើ​នោះ នោះ​ពួកគេ​មិនអាច​រលំបាន​ឡើយ » ( ហេលេមិន ៥:១២ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ហេលេមិន ១–៦

ភាព​ឆ្មើង​ឆ្មៃ​បំបែក​យើង​ចេញ​ពី​ព្រះវិញ្ញាណ និង​កម្លាំង​នៃ​ព្រះអម្ចាស់ ។

នៅពេល​បងប្អូន​អាន ហេលេមិន ១–៦—និង​ពាសពេញ​មួយ​ព្រះគម្ពីរ​មរមន— បងប្អូន​អាច​កត់សម្គាល់​ឃើញ​គំរូ​មួយ​នៅ​ក្នុង​ឥរិយាបទ​របស់​ពួកសាសន៍​នីហ្វៃ ៖ នៅពេល​ពួក​សាសន៍​នីហ្វៃ សុចរិត ព្រះ​ប្រទានពរ​ដល់ពួកគេ ហើយ​ពួកគេ​រីកចម្រើន ។ បន្ទាប់ពី​មួយ​រយៈ​ទៅ ពួកគេ​មាន​សេចក្ដីឆ្មើងឆ្មៃ និង​ទុច្ចរិត ធ្វើការ​សម្រេច​ចិត្ត​ដែល​នាំ​ទៅ​រក​ការ​បំផ្លិចបំផ្លាញ និង​ការ​រងទុក្ខ ។ បន្ទាប់មក​ពួកគេ​បន្ទាបខ្លួន ហើយបំផុសគំនិត​ឲ្យ​ប្រែចិត្ត ហើយព្រះប្រទានពរ​ដល់ពួកគេ​ជា​ថ្មី​ម្ដងទៀត ។ លំនាំ​នោះ​វា​មានដដែលៗ ដែល​ជាញឹកញាប់​មនុស្ស​មួយចំនួន​ហៅ​វា​ថា « វដ្ត​នៃ​ភាព​ឆ្មើងឆ្មៃ » ។

វដ្ត​នៃ​ភាព​ឆ្មើងឆ្មៃ

« វដ្ត​នៃ​ភាព​ឆ្មើងឆ្មៃ » ។

សូម​រក​មើល​ឧទាហរណ៍​អំពី​វដ្ដ​នេះ​នៅពេល​បងប្អូនអាន ។ បងប្អូន​អាច​នឹង​ចង់​គូសចំណាំ​ឧទាហរណ៍​ពេល​ដែល​បងប្អូន​រកឃើញ ។ នេះ​គឺ​ជា​សំណួរ​មួយចំនួន​ដើម្បី​ជួយ​បងប្អូន​យល់​អំពីលំនាំ​នេះ ហើយ​មើល​ឃើញ​ថា​វា​អាច​អនុវត្ត​ចំពោះបងប្អូន​តាមរបៀបណា ៖

  • តើ​ភស្ដុតាង​នៃ​ភាព​ឆ្មើងឆ្មៃ​អ្វីខ្លះ​ដែល​បងប្អូន​មើលឃើញ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ? ( សូមមើល ឧទាហរណ៍ ហេលេមិន ៣:៣៣–៣៤; ៤:១១–១៣ ) ។ តើ​បងប្អូន​មើលឃើញ​គំរូ​នៃ​ភាព​ឆ្មើងឆ្មៃ​ស្រដៀងគ្នានេះ​មាន​នៅ​ក្នុង​ខ្លួន​បងប្អូន​ឬទេ ?

  • តើ​លទ្ធផល​នៃ​ភាព​ឆ្មើងឆ្មៃ និង​អំពើទុច្ចរិត​មានអ្វីខ្លះ ? ( សូមមើល ហេលេមិន ៤:២៣–២៦ ) ។ តើលទ្ធផលនៃ​ភាព​រាបសារ និង​ការ​ប្រែចិត្ត​មាន​អ្វីខ្លះ ? ( សូមមើល ហេលេមិន ៣:២៧–៣០, ៣៥; ៤:១៤–១៦ ) ។

  • តើ​ហេលេមិន​ចង់​ឲ្យ​កូនប្រុស​របស់លោក​ចងចាំ​អំពី​អ្វីខ្លះ ? ( សូមមើល ហេលេមិន ៥:៤–១២ ) ។ តើ​ការ​ចងចាំ​អំពី​សេចក្ដីពិត​ទាំងនេះ​អាច​ជួយ​បងប្អូន​ឲ្យ​ចៀសវាង​ពី​ការ​មានភាព​ឆ្មើងឆ្មៃ​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ ឌៀថើរ អេស្វ អុជដូហ្វ « Pride and the Priesthood » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៥៥–៥៨ ។

ហេលេមិន ៣:២៤–៣៥

ខ្ញុំ​អាច​ត្រូវបាន​ញែកជា​បរិសុទ្ធ​​នៅពេល​ខ្ញុំ​ដាក់ដួងចិត្ត​របស់​ខ្ញុំ​ថ្វាយ​ព្រះ ។

នៅក្នុង ហេលេមិន ៣ មរមន​បាន​ពិពណ៌នា​អំពី​គ្រា​មួយ​ពេល​ដែល​សាសនាចក្រ​បាន​រីកចម្រើន​ និង​ទទួលបានពរជ័យ​យ៉ាង​ខ្លាំង​ ថែមទាំង​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​មាន​ការភ្ញាក់ផ្អើល ( សូមមើល ខ​ទី ២៤–៣២ ) ។ នៅទីបំផុត មនុស្សមួយចំនួន​បាន​ឆ្មើងឆ្មៃ ខណៈដែល​អ្នកដទៃទៀត​រីកចម្រើន « បាន​មុតមាំ​ខ្លាំងឡើងៗ​នៅក្នុង​ភាព​រាបសារ​របស់គេ…រហូត​ដល់​ធ្វើ​ឲ្យ​ចិត្ត​គេ​បរិសុទ្ធ ហើយ​ញែក​ចិត្ត​ចេញ​ជា​បរិសុទ្ធ » ( ហេលេមិន ៣:៣៥ ) ។ សូមកត់សម្គាល់​នៅក្នុង ខ ៣៤–៣៥ អំពី​អ្វី​ដែល​មនុស្ស​រាបសារ​ខ្លាំង​បានធ្វើ​ដើម្បី​បាន​ញែកជាបរិសុទ្ធ ។ តើ​អ្វីៗ​ទាំងនេះ​ជួយ​ញែក​បងប្អូន​ឲ្យ​កាន់តែ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ? វា​អាច​នឹង​ជាជំនួយ​ដើម្បី​ដឹងថា សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ឲ្យ​និយមន័យ ការញែកចេញ​ជា​បរិសុទ្ធ គឺជា « ដំណើរការ​នៃ​ការ​មានសេរីភាព​ពី​អំពើបាប បរិសុទ្ធ ស្អាតស្អំ ហើយ​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។ តើ​បងប្អូន​​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ​ដើម្បីធ្វើតាម​គំរូ​របស់​ពួក​សាវក​ទាំងនេះ ? តើបងប្អូនកំពុងធ្វើ​អ្វីខ្លះ​ដើម្បីថ្វាយ​ដួងចិត្ត​របស់បងប្អូនចំពោះ​ព្រះ ?

ហេលេមិន ៥:១៤–៥២

ជំនឿ​របស់​ខ្ញុំ​ត្រូវ​បាន​ពង្រឹង​តាមរយៈ « ភាព​មហិមា​នៃ​ភស្ដុតាង​ទាំងឡាយ​ដែល [​ ខ្ញុំ ] ​បាន​ទទួល » ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន មាន​ម្ដង​នោះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​មានបញ្ហា​នៅ​ក្នុង​សេចក្ដីជំនឿ​របស់​ពួកគេ​ថា ៖ « បងប្អូន​មាន​ជំនឿ​ច្រើនជាង​ដែល​បងប្អូន​គិត​ថា​ខ្លួន​ឯង​មាន ដោយសារ​តែ​អ្វី​ដែល​ព្រះគម្ពីរមរមន​ហៅ​ថា ‹ ភាព​មហិមា​នៃ​ភស្ដុតាង​ទាំងឡាយ › [ ហេលេមិន ៥:៥០ ] ។… ផល​ផ្លែ​នៃ​ការ​រស់នៅ​តាម​ដំណឹងល្អ គឺ​មាន​ជាភស្ដុតាង​​នៅក្នុង​ជីវិត​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​គ្រប់ទីកន្លែង » ( «Lord, I Believe » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ ) ។ នៅពេល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ ចូរគិត​អំពី​ភស្ដុតាង​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​បងប្អូន ។ ឧទាហរណ៍ ប្រហែលជា​បងប្អូន​ពុំ​បាន​ស្ដាប់​ឮ​ព្រះបន្ទូល​ទ្រង់​ដោយ​ផ្ទាល់ទេ ប៉ុន្តែ​បងប្អូ​ន​មាន​អារម្មណ៍​ដឹង « ការ​ខ្សឹប​មួយ » មក​ពី​ព្រះវិញ្ញាណបរិសុទ្ធ​ដែល​ « វា​ចាក់​ទម្លុះ​ទៅ​ដល់​ទាំង​ព្រលឹង »? ( ហេលេមិន ៥:៣០ សូមមើល​ផងដែរ គ និង ស ៨៨:៦៦ ) ។ ប្រហែលជា​បងប្អូន​ធ្លាប់​នៅ​ក្នុង​ភាព​ងងឹត ទួញ​យំ​ស្រែក​ទៅ​រក​ព្រះសូម​ឲ្យ​មាន​សេចក្ដីជំនឿ​កាន់តែ​ខ្លាំង ហើយ « បាន​ពោរពេញ​ទៅ​ដោយអំណរ ដែល​មិនអាច​និយាយ​បាន » ( ហេលេមិន ៥:៤០–៤៧ ) ។ តើ​មាន​បទពិសោធន៍​ផ្សេងទៀត​អ្វីខ្លះ​ដែល​បាន​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​បងប្អូន​ទៅ​លើ​ព្រះគ្រីស្ទ និ​ង​ដំណឹងល្អ​របស់​ទ្រង់ ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ដឹងថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

ហេលេមិន ៣:២៧–៣០

នៅពេល​ព្យាការី​មរមន​សង្ខេប​កំណត់ត្រា​ពិសិដ្ឋ លោក​បាន​ប្រើ​ឃ្លា « ម្ល៉ោះ​ហើយ យើង​អាច​ឃើញ​ថា » ដើម្បី​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​សេចក្ដីពិត ។ តើលោក​ចង់​ឲ្យ​យើង​មើលឃើញ​អ្វីខ្លះ​នៅក្នុង ហេលេមិន ៣:២៧–៣០ ? នៅ​ក្នុង​ការ​សិក្សា​របស់​បងប្អូន​នា​សប្ដាហ៍នេះ បងប្អូន​អាច​ផ្អាក​ម្ដងម្ដាល​ដើម្បី​សួរ​ដល់​សមាជិក​គ្រួសារ អំពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​ឃ្លា « ម្ល៉ោះ​ហើយ​ យើង​អាច​ឃើញ​ថា » ទាក់ទង​នឹងអ្វី​ដែល​ពួកគេ​បាន​អាន ។ តើ​ពួកគេ​ចង់​គូស​បញ្ជាក់សេចក្ដីពិត​អ្វីខ្លះ​ ?

ហេលេមិន ៥:៦–៧

ជីតាទួត​របស់​ប្រធាន ចច អាល់ប៊ើត ស្ម៊ីធ ដែល​បាន​ទទួល​មរណភាព​ទៅ ឈ្មោះ ចច អេ ស្ម៊ីធ បាន​លេច​មក​ជួប​នឹង​លោក​នៅក្នុង​សុបិន ហើយសួរ​ថា « តា​ទួត​ចង់ដឹង​ថា​ចៅ​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ​ជាមួយ​នឹង​ឈ្មោះ​របស់​តាទួត » ។ ប្រធាន​ស្ម៊ីធ​បាន​តបថា « ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ជាមួយ​នឹង​ឈ្មោះ​របស់​តាទួតទេ តាទួត​កុំ​បាច់​មាន​ការ​ខ្មាស់អៀនអ្វីឡើយ » ( នៅក្នុង Teachings of Presidents of the Church: George Albert Smith [ ឆ្នាំ ២០១១ ] xxvi ) ។ បន្ទាប់ពី​ការ​អាន ហេលេមិន ៥:៦–៧ ប្រហែលជា​បងប្អូន​អាច​និយាយ​ជាមួយ​នឹង​សមាជិក​គ្រួសារ​អំពី​ការចងចាំ និង​ការ​គោរព​ឈ្មោះ ដែល​យើង​កាន់ រួមទាំង​ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ ។

ហេលេមិន ៥:១២

ដើម្បី​ជួយ​គ្រួសារ​របស់​បងប្អូន​មើល​ឃើញ​ពី​អត្ថន័យ​ដើម្បីមាន « គ្រឹះដ៏មាំ » ប្រហែលជា​បង​ប្អូន​​អាច​សង់​ជា​សំណង់​តូច​មួយ​ជាមួយ​គ្នា ហើយ​ដាក់​វា​នៅ​លើ​គ្រឹះ​ផ្សេងៗ​គ្នា ។ បន្ទាប់​មក​បងប្អូន​អាច​បង្កើត​ជា « ព្យុះ​ដ៏​ធំ » មួយ​ដោយការ​ចាប់​ទឹក​ទៅលើ​វា ឬ​ប្រើ​កង្ហារ ឬ​ម៉ាស៊ីន​ផ្លុំ​សក់​ដើម្បីបង្កើត​ខ្យល់ ។ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​សំណង់​នោះ​ នៅពេល​វា​សង់​នៅ​លើ​គ្រឹះ​ផ្សេងៗ​គ្នា ? តើ​ព្រះយេស៊ូវគ្រីស្ទ​គឺជា « គ្រឹះ​ដ៏​មាំ » នៅ​ក្នុង​ជីវិត​របស់​យើង​តាម​របៀប​ណា ?

ហេលេមិន ៥:២៩–៣៣

តើយើង​ធ្លាប់​មាន​បទពិសោធន៍​អ្វីខ្លះ​ក្នុងការ​ទទួល​ស្គាល់​សំឡេង​របស់​ព្រះនៅ​ក្នុង​ជីវិត​របស់​យើង ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ចូរ​អត់ធ្មត់​ចំពោះ​ខ្លួនឯង ។ គ្រឹះ​នៃ​សេចក្ដី​ជំនឿ​ត្រូវ​ស្ថាបនា​ឡើង​មួយ​បំណែក​ម្ដងៗ ។ បើ​បងប្អូន​រកឃើញ​ថា​គោលលទ្ធិ​មួយ​ចំនួន​ពិបាក​យល់​ក្នុង​ពេល​ឥឡូវ​នេះ សូម​មានភាព​អត់ធ្មត់ ។ សូម​ទុកចិត្ត​ថា ការ​យល់ដឹង​នឹង​កើត​មាន​នៅពេល​បងប្អូន​ស្ថាបនា​គ្រឹះ​របស់​បងប្អូន​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ការ​អនុវត្ត​សេចក្ដីជំនឿ និង​ការ​សិក្សា​ដោយ​ឧស្សា​ព្យាយាម ។

នីហ្វៃ និង​លីហៃ ​នៅ​ក្នុង​គុក

© ព្រះគម្ពីរ​មរមនសម្រាប់​អ្នក​អាន​វ័យ​ក្មេង, នីហ្វៃ និង​លីហៃ ត្រូវ​បាន​ហ៊ុំ​ទ័ព្ធ​ទៅ​ដោយ​សសរភ្លើង, ដោយ ប្រ៊ីណា សក្រូហ្វត៍ ហាម​ថត​ចម្លង