« ថ្ងៃទី ១៧–២៣ ខែ សីហា ។ ហេលេមិន ១–៦ ៖ ‹ « សិលានៃព្រះប្រោសលោះរបស់យើង › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៧–២៣ ខែ សីហា ។ ហេលេមិន ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៧–២៣ ខែ សីហា
ហេលេមិន ១–៦
« សិលានៃព្រះប្រោសលោះរបស់យើង »
តើអ្នកពិតជា ស្គាល់ សិស្សរបស់អ្នកដែរឬទេ ? សូមព្យាយាមស្គាល់សិស្សរបស់អ្នកឲ្យកាន់តែប្រសើររៀងរាល់សប្ដាហ៍ ។ នៅពេលអ្នកធ្វើដូច្នេះ អ្នកអាចគិតពីសេចក្ដីត្រូវការរបស់ពួកគេកាន់តែប្រសើរ កាលអ្នករៀបចំខ្លួនបង្រៀន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមពិចារណាអញ្ជើញសិស្សឲ្យមកថ្នាក់រៀនដោយរៀបចំខ្លួនចែកចាយពីវត្ថុមួយដែលពួកគេអាចប្រើដើម្បីបង្រៀនពីគោលការណ៍មួយដែលពួកគេបានរៀននៅក្នុងជំពូកទាំងនេះ ។ តើវិធីផ្សេងទៀតដែលយើងអាចបង្រៀនគោលការណ៍ទាំងនេះដល់មនុស្សដទៃមានអ្វីខ្លះ ?
បង្រៀនគោលលទ្ធិ
ភាពឆ្មើងឆ្មៃបំបែកយើងចេញពីព្រះវិញ្ញាណ និងកម្លាំងរបស់ព្រះអម្ចាស់ ។
-
គម្រោងមេរៀននាសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ពិពណ៌នាពី « វដ្ដនៃភាពឆ្មើងឆ្មៃ » មួយដែលបានញាំញីដល់ពួកសាសន៍នីហ្វៃ ។ ប្រហែលជាឲ្យសិស្សម្នាក់អាចគូសឌីយ៉ាក្រាមពីវដ្ដនេះនៅលើក្ដារខៀន ។ បន្ទាប់មក សិស្សអាចស្វែងរកខគម្ពីរនៅក្នុង ហេលេមិន ១–៦ ដែលពួកគេមានអារម្មណ៍ថា វាបង្ហាញពីផ្នែកខុសគ្នានៃវដ្ដនោះ ហើយសរសេរវានៅក្បែរនឹងផ្នែកដែលទាក់ទងនៅលើឌីយ៉ាក្រាមនោះ ។ ( ប្រសិនបើសិស្សត្រូវការជំនួយ អ្នកអាចណែនាំឲ្យពួកគេមើលនៅក្នុង ហេលេមិន ៣:២៤–៣៦, ៤:១១–២៦ ) ។ តើយើងពេលខ្លះដូចជាពួកសាសន៍នីហ្វៃដោយរបៀបណា ? តើយើងអាចចៀសវាងពីនិន្នាការរបស់ពួកគេឆ្ពោះទៅរកភាពឆ្មើងឆ្មៃតាមរបៀបណា ? អ្នកក៏អាចចែកចាយចំណែកនៃ « Chapter 18: Beware of Pride » (Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ], ឆ្នាំ ២២៩–៤០) ។
-
អ្នកអាចអញ្ជើញសិស្សឲ្យអាន ហេលេមិន ៤:១៣ និង ២៤–២៦ ហើយស្វែងរកទំនុកតម្កើងមួយដែលបង្រៀនអំពីការពឹងផ្អែករបស់យើងទៅលើព្រះ ដូចជា « ខ្ញុំត្រូវការទ្រង់ជានិច្ច » ( ទំនុកតម្កើង ល.រ. ៤៧ ) ។ ហេតុអ្វីភាពឆ្មើងឆ្មៃបំបែកយើងចេញពីព្រះ ? តើយើងអាចស្គាល់ការពឹងផ្អែកទៅលើព្រះតាមរបៀបណា ? សិស្សអាចចែកចាយពីរបៀបដែលពួកគេទទួលបានការពង្រឹងតាមរយៈព្រះវិញ្ញាណ និងព្រះចេស្ដារបស់ព្រះអម្ចាស់ ដោយសារពួកគេមានចិត្តរាបសា ។
-
សមាជិកសាសនាចក្រដែលបានពិពណ៌នានៅក្នុង ហេលេមិន ៣:៣៣–៣៤ កំពុងបៀតបៀនដល់សមាជិកផ្សេងទៀតក្នុងសាសនាចក្រ ។ ដោយសារភាពឆ្មើងឆ្មៃរបស់ពួកគេ ពួកគេបានជិះជាន់ជនក្រីក្រ ហើយបានប្រព្រឹត្តនូវអំពើបាបផ្សេងទៀតគ្រប់ប្រភេទ ( សូមមើល ហេលេមិន ៤:១១–១៣ ) ។ សូមពិចារណាអាន ហេលេមិន ៣:៣៣–៣៤ និង ៤:១១–១៣ រួមគ្នា ហើយសូមឲ្យសិស្សពិភាក្សាគ្នាពីវិធីដែលយើងអាចបង្ហាញសេចក្ដីសប្បុរស និងការគោរពកាន់តែច្រើនចំពោះគ្នាទៅវិញទៅមក រួមទាំងសមាជិករបស់យើងផ្សេងទៀតក្នុងសាសនាចក្រ ដែលមានស្ថានភាពខុសប្លែកពីយើងផងដែរ ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យគិតពីមនុស្សម្នាក់ដែលពួកគេស្គាល់ ដែលអាចមានការរងទុក្ខដោយសារតែទង្វើមិនល្អរបស់មនុស្សដទៃ ហើយត្រិះរិះពីរបៀបដែលពួកគេអាចជួយពង្រឹង ហើយលើកទឹកចិត្តដល់បុគ្គលនោះ ។
ការញែកជាបរិសុទ្ធកើតចេញពីការបន្ទន់ចិត្តរបស់យើងទៅរកព្រះ ។
-
ហេលេមិន ៣:៣៣–៣៥ អាចផ្ដល់ការលួងលោមចិត្តយ៉ាងខ្លាំងដល់សិស្សរបស់អ្នកដែលអាចដកពិសោធន៍នូវ « ការបៀតបៀន … [ ឬ ] សេចក្ដីទុក្ខវេទនាជាច្រើន » ( ខទី ៣៤ ) ។ ប្រហែលជាអ្នកអញ្ជើញសិស្សឲ្យស្រាវជ្រាវខគម្ពីរទាំងនេះដើម្បីស្វែងរកដំបូន្មានដែលពួកគេអាចផ្ដល់ឲ្យមនុស្សម្នាក់ដែលត្រូវបានគេបៀតបៀន ។ ឬប្រហែលជាសិស្សអាចចែកចាយពីរបៀបដែលពួកគេបានរកឃើញ « សេចក្ដីអំណរ និងការលួងលោមចិត្ត » នៅក្នុងគ្រារងទុក្ខតាមរយៈការធ្វើកិច្ចការដែលបានពិពណ៌នានៅក្នុង ខទី ៣៥ ។
-
សូមពិចារណាអញ្ចើញសិស្សឲ្យសិក្សា ហេលេមិន ៣:៣៣–៣៥ ព្រមទាំងសេចក្ដីថ្លែងការណ៍ និងសេចក្ដីយោងអំពីការញែកចេញជាបរិសុទ្ធនៅក្នុង« ធនធានបន្ថែមទាំងឡាយ » ។ តើខគម្ពីរនិងសេចក្ដីថ្លែងការណ៍ទាំងនេះបង្រៀនយើងអ្វីខ្លះអំពីការញែកចេញជាបរិសុទ្ធ ? តើការតមអាហារ និងការអធិស្ឋាននាំមកនូវពរជ័យដែលបានរៀបរាប់នៅក្នុង ហេលេមិន ៣:៣៥ តាមរបៀបណា ? តើយើងបន្ទន់ចិត្តរបស់យើងទៅរកព្រះតាមរបៀបណា ? ( សូមមើល ហេលេមិន ៣:៣៥ ) ។ តើការណ៍នេះជួយញែកយើងចេញជាបរិសុទ្ធយ៉ាងដូចម្ដេច ? អ្នកក៏អាចរៀបចំខ្លួន ហើយចែកក្រដាសដែលមាននូវសេចក្ដីថ្លែងការណ៍ ឬសេចក្ដីយោងមួយមកពី « ធនធានបន្ថែមទាំងឡាយ » ដែលបានបោះពុម្ពនៅលើនោះ ហើយអញ្ជើញសិស្សឲ្យរើសយកក្រដាស់មួយដើម្បីសិក្សា ។ បន្ទាប់មក ពួកគេអាចចែកចាយជាមួយគ្នាអំពីអ្វីដែលពួកគេបានរៀនអំពីការញែកចេញជាបរិសុទ្ធ ។
ប្រសិនបើយើងចាត់ទុកព្រះយេស៊ូវគ្រីស្ទជាគ្រឹះរបស់យើង យើងពុំអាចដួលរលំឡើយ ។
-
សាតាំងបានចាត់ « ខ្យល់ដ៏ខ្លាំងក្លារបស់វាមក »ក្នុងជីវិតរបស់យើងគ្រប់គ្នា ។ សិស្សជាច្រើនរបស់អ្នកធ្លាប់ដកពិសោធន៍ការណ៍នេះរួចហើយ ហើយទំនងជាមានខ្យល់ព្យុះច្រើនទៀតនៅពេលអនាគត ។ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយសិស្សរបស់អ្នករៀបចំខ្លួនត្រៀមសម្រាប់ខ្យល់ព្យុះទាំងនេះដោយស្ថាបនាជីវិតរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ ?
អ្នកអាចចាប់ផ្ដើមការពិភាក្សាមួយដោយបង្ហាញរូបភាពព្រះវិហារបរិសុទ្ធ ឬអគារផ្សេងទៀត ហើយប្រៀបធៀបជីវិតរបស់យើងទៅនឹងអគារមួយ ។ តើការជ្រើសរើសអ្វីខ្លះដែលអ្នកសាងសង់ម្នាក់ត្រូវធ្វើ ? តើយើងធ្វើការជ្រើសរើសអ្វីខ្លះដែលជះឥទ្ធិពលដល់របៀបនៃការស្ថាបនាជីវិតរបស់យើង ? បន្ទាប់មក អ្នកអាចអាន ហេលេមិន ៥:១២ រួមគ្នា ហើយពិភាក្សាពីអត្ថន័យនៃការស្ថាបនាជីវិតរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ ។ តើការមានទ្រង់ជាគ្រឹះរបស់យើងជះឥទ្ធិពលដល់ការជ្រើសរើសដែលយើងធ្វើតាមរបៀបណា កាលយើងស្ថាបនាជីវិតរបស់យើង ?
សិស្សអាចចែកចាយរបៀបនៃការមានព្រះអង្គសង្គ្រោះជាគ្រឹះរបស់យើងបានជួយពួកគេស៊ូទ្រាំនឹងព្យុះភ្លៀងនៃជីវិតនេះ ។ សូមទុកពេលឲ្យសិស្សពិចារណាពីប្រភេទនៃជីវិតដែលពួកគេកំពុងស្ថាបនា និងរបៀបដែលពួកគេអាចប្រាកដថា ពួកគេបានដាក់គ្រឹះយ៉ាងរឹងមាំលើព្រះគ្រីស្ទ ។ ដំណើររឿងអំពីព្រះវិហារបរិសុទ្ធសលត៍ លេកនៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចជួយនៅក្នុងការពិភាក្សារបស់អ្នកបាន ។
សេចក្ដីជំនឿរបស់យើងត្រូវបានពង្រឹងដោយ « ភាពមហិមានៃភស្តុតាងទាំងឡាយ ដែល [ យើង ] បានទទួល » ។
-
ពរជ័យមួយនៃការប្រមូលផ្ដុំនៅក្នុងសាលាថ្ងៃអាទិត្យគឺជាឱកាសដើម្បីពង្រឹងសេចក្ដីជំនឿគ្នាទៅវិញទៅមក—ដូចជាពួកសាសន៍លេមិនបានធ្វើនៅក្នុង ហេលេមិន ៥:៥០ ។ ប្រហែលជា អ្នកអាចអាន ហេលេមិន ៥:៥០ រួមគ្នា ហើយឲ្យសិស្សរកឲ្យឃើញនូវ « គ្រប់ការណ៍ទាំងអស់ដែល [ ពួកសាសន៍លេមិន ] បានឃើញ ហើយបានឮ » នៅក្នុង ខទី ២០–៤៩ ។ បន្ទាប់មក សិស្សអាចចែកចាយនឹងគ្នានូវបទពិសោធន៍មួយចំនួនខាងវិញ្ញាណដែលបានធ្វើឲ្យពួកគេជឿថា ដំណឹងល្អគឺជាការពិត—ទោះជាពួកគេពុំធ្លាប់បានឃើញពួកទេវតា ឬបង្គោលភ្លើងក្ដី ។ តើភស្ដុតាងដែលគួរឲ្យជឿអ្វីខ្លះទៅដែលពួកគេធ្លាប់បានឃើញអំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ហេលេមិន ៧–១២ ពិពណ៌នាពីរបៀបដែលនីហ្វៃបានទទួលការទុកព្រះទ័យពីព្រះអម្ចាស់ ហើយត្រូវបានប្រទានឲ្យនូវអំណាចដ៏អស្ចារ្យ ។ អ្នកអាចណែនាំសិស្សរបស់អ្នកថា តាមរយៈការអានជំពូកទាំងនេះ ពួកគេអាចរៀនពីរបៀបទទួលការទុកព្រះទ័យយ៉ាងច្រើនពីព្រះនៅក្នុងជីវិតរបស់ពួកគេ ។
ធនធានបន្ថែមទាំងឡាយ
ការប្រែក្លាយជាបរិសុទ្ធតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
-
ការញែកជាបរិសុទ្ធគឺជា « ដំណើរឲ្យបានផុតពីអំពើបាប ឲ្យបានសុទ្ធសាធ ស្អាតបាត និងបរិសុទ្ធ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ការញែកជាបរិសុទ្ធ » scriptures.ChurchofJesusChrist.org ) ។
-
« នៅពេលយើងពិតជាបានប្រែចិត្តនោះ ព្រះគ្រីស្ទនឹងដកចេញនូវបន្ទុកនៃទោសដែលជាបាបទាំងឡាយរបស់យើង ។ យើងអាចដឹងដោយខ្លួនឯងថា យើងត្រូវបានអត់ឱនឲ្យ ហើយបានធ្វើឲ្យស្អាត ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបញ្ជាក់ពីការណ៍នេះដល់យើង ។ ទ្រង់គឺជាអ្នកញែកឲ្យបរិសុទ្ធ ។ គ្មានទីបន្ទាល់ណាផ្សេងទៀតនៃការអភ័យទោសអាចមានភាពអស្ចារ្យជាងនេះទៀតឡើយ » ( ឌៀថើរ អេស្វ អុជដូហ្វ « Point of Safe Return » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០១ ) ។
-
« ដើម្បីញែកចេញជាបរិសុទ្ធតាមរយៈព្រះលោហិតនៃព្រះគ្រីស្ទ គឺត្រូវបានក្លាយជាស្អាតស្អំ បរិសុទ្ធ និងពិសិដ្ឋ ។ បើការរាប់ជាសុចរិត ដករាល់ទណ្ឌកម្មសម្រាប់អំពើបាបកាលពីមុន នោះការញែកចេញជាបរិសុទ្ធ ដកចេញនូវស្នាមប្រឡាក់ ឬឥទ្ធិពលនៃអំពើបាប » ( ឌី ថត គ្រីស្តូហ្វឺសិន « Justification and Sanctification » Ensign ខែ មិថុនា ឆ្នាំ ២០០១ ទំព័រ ២២ ) ។
-
« នៅពេលឆន្ទៈ សេចក្ដីត្រេកត្រអាល និងអារម្មណ៍របស់បុគ្គលម្នាក់បានចុះចូលយ៉ាងល្អឥតខ្ចោះចំពោះព្រះ និងតម្រូវការរបស់ទ្រង់ បុគ្គលនោះត្រូវបានញែកជាបរិសុទ្ធ » ( ព្រិកហាំ យ៉ង់ « Discourse » Deseret News ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ១៨៥៤ ទំព័រ ១ ) ។
-
យើងត្រូវបានញែកជាបរិសុទ្ធតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដោយសារដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេព្រើរ ១៣:១២, អាលម៉ា ១៣:១០–១២, នីហ្វៃទី ៣ ២៧:១៩–២០, មរ៉ូណៃ ១០:៣២–៣៣, គ. និង ស. ៧៦:៤០–៤២ ) ។
-
សូម្បីបន្ទាប់ពីយើងត្រូវបានញែកជាបរិសុទ្ធហើយក្ដី ក៏យើងនៅតែអាចធ្លាក់ចេញពីព្រះគុណរបស់ព្រះដែរ ( សូមមើល គ. និង ស. ២០:៣០–៣៤ ) ។
គ្រឹះដ៏មាំមួន ។
នៅអំឡុងការសាងសង់ព្រះវិហារបរិសុទ្ធសលត៍ លេក មានស្នាមប្រេះធំៗជាច្រើនត្រូវបានគេរកឃើញនៅលើសិលាគ្រឹះ ។ ទោះជាវាបានចំណាយពេលជិតប្រាំបួនឆ្នាំដើម្បីសាងសង់មកដល់ចំណុចនេះក្ដី ក៏ប្រធាន ព្រិកហាំ យ៉ង់ បានណែនាំថា សិលាគ្រឹះដែលមានស្នាមប្រេះទាំងនោះត្រូវដកចេញ ហើយប្ដូរដាក់សិលាថ្មីដែលមានគុណភាពល្អជាងដែរ ។ វាត្រូវចំណាយពេលប្រាំឆ្នាំទៀតដើម្បីដកយកសិលាគ្រឹះខូចទាំងនោះចេញ ហើយសង់វាជាថ្មីឡើងវិញ ។ ប្រធាន យ៉ង់ បានមានប្រសាសន៍ថា « ខ្ញុំចង់ឃើញព្រះវិហារបរិសុទ្ធនោះបានសង់ឡើងតាមរបៀបដែលវានឹងគង់វង្សនៅរហូតដល់សហសវត្សរ៍ » ( « Remarks » Deseret News ថ្ងៃទី ១៤ ខែតុលា ឆ្នាំ១៨៦៣ ទំព័រ ៩៧ ) ។