« ថ្ងៃទី ២៤–៣០ ខែ សីហា ៖ ‹ នឹកឃើញដល់ព្រះអម្ចាស់ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៤–៣០ ខែ សីហា ។ ហេលេមិន ៧–១២ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៤–៣០ ខែ សីហា
ហេលេមិន ៧–១២
« នឹកឃើញដល់ព្រះអម្ចាស់ »
នីហ្វៃបានលើកទឹកចិត្តប្រជាជនរបស់លោកឲ្យចងចាំព្រះអម្ចាស់ ។ អ្នកអាចធ្វើរឿងដូចគ្នានេះសម្រាប់សិស្សរបស់អ្នក ។ នៅពេលអ្នកអាន ហេលេមិន ៧–១២ សូមកត់ត្រាចំណាប់អារម្មណ៍ពីរបៀបដែលអ្នកអាចជួយសិស្សឲ្យចងចាំព្រះអម្ចាស់ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញសិស្សឲ្យសរសេរនៅលើក្ដារខៀននូវគោលការណ៍មួយចំនួននៃដំណឹងល្អដែលពួកគេបានរកឃើញនៅក្នុង ហេលេមិន ៧–១២ ជាមួយនឹងសេចក្ដីយោងទៅកាន់កន្លែងដែលគោលការណ៍ទាំងនេះត្រូវបានរកឃើញ ។ បន្ទាប់មក អ្នកអាចកំណត់រួមគ្នាថាតើគោលការណ៍ និងខគម្ពីរមួយណាដែលអ្នកនឹងពិភាក្សា ។
បង្រៀនគោលលទ្ធិ
ពួកព្យាការីបើកសម្ដែងព្រះឆន្ទៈរបស់ព្រះដល់មនុស្សទូទៅ ។
-
ដើម្បីជួយសិស្សរបស់អ្នកឲ្យរៀនពី ហេលេមិន ៧–១១ អំពីតួនាទី និងការទទួលខុសត្រូវរបស់ពួកព្យាការី អ្នកអាចចាប់ផ្ដើមដោយអានរួមគ្នានូវប្រធានបទអំពី « ព្យាការី » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ។ សិស្សអាចរកឃើញពីតួនាទីរបស់ពួកព្យាការីដែលបានលើកឡើង ហើយសរសេរវានៅលើក្ដារខៀន ។ បន្ទាប់មក អ្នកអាចសូមឲ្យសិស្សម្នាក់ៗរៀនឡើងវិញនូវជំពូកនៅក្នុង ហេលេមិន ៧–១១ ។ សូមឲ្យពួកគេស្វែងរករបៀបដែលនីហ្វៃបានបំពេញតួនាទីដែលបានសរសេរនៅក្ដារខៀន ។ តើពួកព្យាការី និងពួកសាវកនៅរស់របស់យើងបំពេញតួនាទីទាំងនេះតាមរបៀបណា ? តើយើងអាចគាំទ្រពួកលោកនៅក្នុងការទទួលខុសត្រូវរបស់ពួកលោកតាមរបៀបណា ?
-
ហេតុអ្វីពេលខ្លះពួកព្យាការីត្រូវនិយាយយ៉ាងម៉ឺងម៉ាត់ដូចជានីហ្វៃបានធ្វើ ? សូមពិចារណាអញ្ជើញសិស្សឲ្យអាន ហេលេមិន ៧:១១–២៩ ហើយរកមើលការព្រមានដែលនីហ្វៃបានផ្ដល់ឲ្យ និងហេតុផលដែលលោកត្រូវម៉ឺងម៉ាត់នៅក្នុងការផ្ដល់ការព្រមានទាំងនោះ ។ តើការព្រមានអ្វីខ្លះរបស់ព្យាការីដែលបានបំផុសគំនិតយើងឲ្យប្រែចិត្ត ហើយមករកព្រះអម្ចាស់ ? នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អ្នកនឹងរកឃើញនូវពាក្យប្រៀបធៀបមួយដែលអែលឌើរ នែល អិល អាន់ឌើរសិន បានប្រើដើម្បីជួយយើងឲ្យយល់ពីគ្រោះថ្នាក់នៃការបដិសេធការព្រមានរបស់ព្យាការី ។
សេចក្ដីជំនឿត្រូវតែស្ថាបនាលើសពីសញ្ញា និងអព្ភូតហេតុទៅទៀត ។
-
វិធីមួយដើម្បីពិភាក្សាខគម្ពីរទាំងនេះគឺបំបែកសិស្សជាពីរក្រុម ហើយអញ្ជើញក្រុមនីមួយៗឲ្យអាន ហេលេមិន ៩:១–២០ ហើយនឹកស្រមៃថាពួកគេនៅក្នុងកន្លែងដែលមានមនុស្សប្រាំនាក់ ឬមេចៅក្រម ។ តើមនុស្សទាំងនេះអាចមានអារម្មណ៍បែបណា ? តើអ្វីទៅដែលអាចនឹងមានឥទ្ធិពលដល់ក្រុមនីមួយៗឲ្យឆ្លើយខុសៗគ្នាទៅនឹងការព្យាករណ៍ដូចគ្នាដែលប្រកបដោយអព្ភូតហេតុនោះ ? តើយើងប្រាកដថា អព្ភូតហេតុអាចស្ថាបនាទីបន្ទាល់របស់យើង ប៉ុន្តែវាពុំក្លាយជាគ្រឹះតែមួយសម្រាប់ទីបន្ទាល់របស់ពួកគេតាមរបៀបណា ? តើយើងអាចកំណត់ថាតើប្រសាសន៍របស់ព្យាការីនៅជំនាន់របស់យើងគឺជាពាក្យពិតតាមរបៀបណា ?
ព្រះអម្ចាស់ប្រទានអំណាចដល់អស់អ្នកដែលស្វែងរកព្រះឆន្ទៈរបស់ទ្រង់ ហើយគោរពបទបញ្ញត្តិរបស់ទ្រង់ ។
-
ដំណើររឿងស្ដីពីព្រះអម្ចាស់កំពុងប្រសិទ្ធពរឲ្យនីហ្វៃនៅក្នុង ហេលេមិន ១០ អាចបំផុសគំនិតសិស្សរបស់អ្នកឲ្យកាន់តែឧស្សាហ៍ព្យាយាមនៅក្នុងការស្វែងរក និងការធ្វើតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់ ។ សិស្សអាចអាន ខទី ១–១២ ហើយរកមើលអ្វីដែលនីហ្វៃបានធ្វើដើម្បីទទួលបានការទុកព្រះទ័យរបស់ព្រះអម្ចាស់ និងរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់លោក ។ បន្ទាប់មក ពួកគេអាចចែកចាយគំរូផ្សេងទៀតរបស់មនុស្សដែលបានស្វែងរក ហើយធ្វើតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់ « ដោយគ្មាននឿយហត់ » ( ហេលេមិន ១០:៤ ) មិនថាមកពីបទគម្ពីរ ឬជីវិតរបស់ពួកគេផ្ទាល់នោះទេ ។ តើព្រះអម្ចាស់បានប្រទានពរដល់មនុស្សទាំងនេះជាមួយនឹងអំណាចដើម្បី « បន្ទាប » ( ហេលេមិន ១០:៩ ) ភ្នំនៅក្នុងជីវិតរបស់ពួកគេតាមរបៀបណា ? សូមទុកពេលឲ្យសិស្សពិចារណាអំពីវិធីដែលពួកគេអាចស្វែងរកព្រះឆន្ទៈរបស់ព្រះអម្ចាស់ ហើយគោរពបទបញ្ញត្តិរបស់ទ្រង់កាន់តែប្រសើរឡើង ។
ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងចងចាំទ្រង់ ។
-
សិស្សរបស់អ្នកភាគច្រើនបានចុះសេចក្ដីសញ្ញាដើម្បីចងចាំព្រះយេស៊ូវគ្រីស្ទជានិច្ច ។ ប្រហែលជាពួកគេអាចចែកចាយជាមួយគ្នានូវរឿងមួយចំនួនផ្សេងទៀតដែលជួយពួកគេ « ឲ្យចងចាំទ្រង់ជានិច្ច » ( មរ៉ូណៃ ៤:៣, គ. និង ស. ២០:៧៧ ) ទាំងនៅគ្រាចម្រុងចម្រើន និងគ្រាលំបាក ។ បន្ទាប់មក សិស្សអាចស្រាវជ្រាវ ហេលេមិន ១២ រកហេតុផលដែលមនុស្សទូទៅតែងតែចង់បំភ្លេចព្រះអម្ចាស់ ។ តើយើងអាចយកឈ្នះទំនោរដែលបានរៀបរាប់នៅក្នុងជំពូកនេះតាមរបៀបណា ? តើទុក្ខវេទនាបានជួយយើងឲ្យចងចាំព្រះតាមរបៀបណា ? ( សូមមើល ហេលេមិន ១១:៤–៧ ) ។
-
ដើម្បីបង្ហាញពីការខិតខំដែលតម្រូវឲ្យមានដើម្បីចងចាំអ្វីមួយ អ្នកអាចទុកពេលឲ្យសិស្សពីរបីនាទីដើម្បីមើលក្នុង ហេលេមិន ១២ ។ បន្ទាប់មក អ្នកអាចសួរពួកគេអំពីជំពូកនេះដើម្បីដឹងថាតើពួកគេចងចាំបានអ្វីខ្លះ ។ ប្រហែលជាពួកគេអាចចែកចាយអ្វីដែលពួកគេធ្វើដើម្បីចងចាំព័ត៌មានសម្រាប់ការប្រឡងមួយ ។ តើការណ៍នេះស្រដៀងគ្នាទៅនឹងការខិតខំដែលតម្រូវឲ្យមានដើម្បី « នឹកឃើញដល់ព្រះអម្ចាស់ » តាមរបៀបណា ?( ហេលេមិន ១២:៥ ) ។ តើវាខុសប្លែកគ្នាយ៉ាងដូចម្ដេច ? សូមអញ្ជើញសិស្សឲ្យស្វែងរកខគម្ពីរ ឬឃ្លាមួយមកពីហេលេមិន ១២ ដែលពួកគេអាចដាក់បង្ហាញនៅក្នុងផ្ទះរបស់ពួកគេ ឬទន្ទេញឲ្យចាំដើម្បីរំឭកពួកគេឲ្យនឹកឃើញពីសេចក្ដីល្អ និងព្រះចេស្ដារបស់ព្រះ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីលើកទឹកចិត្តសិស្សឲ្យអាន ហេលេមិន ១៣–១៦ អ្នកអាចចង្អុលបង្ហាញថា ការព្យាកររបស់សាំយ៉ូអែលជាសាសន៍លេមិនអំពីព្រឹត្តិការណ៍ដែលទាក់ទងនឹងការប្រសូត និងការឆ្កាងរបស់ព្រះអង្គសង្គ្រោះអាចប្រៀបធៀបទៅនឹងព្រឹត្តិការណ៍នៅក្នុងជំនាន់របស់យើងដែលនឹងកើតឡើងពីមុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
ធនធានបន្ថែមទាំងឡាយ
សូមស្ដាប់សេចក្ដីណែនាំរបស់ពួកព្យាការី ។
អែលឌើរ នែល អិល អាន់ឌើរសិន បានចែកចាយបទពិសោធន៍ដូចតទៅនេះ ៖
« អស់អ្នកដែលជ្រើសរើសបម្រើព្រះអម្ចាស់នឹងស្ដាប់តាមព្យាការីដោយយកចិត្តទុកដាក់និងដោយជាក់លាក់ជានិច្ច ។ …
« …សូមឲ្យខ្ញុំបង្ហាញបទពិសោធន៍មួយ ។ គ្រួសាររបស់យើងបានរស់នៅជាច្រើនឆ្នាំនៅរដ្ឋផ្ល័ររីដា ។ ដោយសាររដ្ឋផ្ល័ររីដាមានកំហាប់ខ្សាច់ខ្ពស់ យើងហៅវាលស្មៅដ៏ធំមួយថា សេន អ័ហ្គាស្ទីន ។ បញ្ហាមួយដែលគួរឲ្យខ្លាចសម្រាប់វាលស្មៅនៅផ្ល័ររីដាគឺសត្វល្អិតតូចសម្បុរពណ៌ត្នោត ដែលហៅថាសត្វខ្មុល ។
« មានល្ងាចមួយ កាលអ្នកជិតខាងរបស់ខ្ញុំ និងខ្ញុំបានឈរនៅជណ្ដើរខាងមុខ គាត់បានឃើញសត្វតូចមួយវារកាត់ផ្លូវដើររបស់ខ្ញុំ ។ គាត់ត្រូវបានព្រមានថា ‹ លោកគួរបាញ់ថ្នាំវាលស្មៅរបស់លោកទៅ › ។ ‹ នោះហ្ន៎ សត្វខ្មុល › ។ ខ្ញុំបានបាញ់វាលស្មៅនេះជាមួយនឹងថ្នាំសម្លាប់សត្វល្អិតកាលពីប៉ុន្មានសប្ដាហ៍មុន ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានពេលវេលា ឬ ប្រាក់ដើម្បីបាញ់វាម្ដងទៀតក្នុងពេលឆាប់ៗបានឡើយ ។
« លុះស្អែកឡើង ខ្ញុំបានពិនិត្យមើលវាលស្មៅនោះយ៉ាងដិតដល់ ។ វាមានពណ៌ខៀវស្រងាត់ ។ ខ្ញុំខំមើលទៅក្នុងស្មៅដើម្បីចង់ដឹងថាមានសត្វល្អិតទៀតដែរឬអត់ ។ ខ្ញុំពុំឃើញមានអ្វីសោះ ។ ខ្ញុំនៅចាំថា ខ្ញុំបានគិតថា ‹ ប្រហែលជាសត្វខ្មុលតូចនោះគ្រាន់តែវារកាត់វាលស្មៅរបស់ខ្ញុំឆ្លងទៅវាលស្មៅរបស់អ្នកជិតខាងខ្ញុំប៉ុណ្ណោះ › ។ …
« ប៉ុន្តែដំណើររឿងនេះមានចុងបញ្ចប់ដ៏សោកសៅមួយ ។ នៅព្រឹកមួយប្រហែលជា ១០ថ្ងៃក្រោយពីការសន្ទនាជាមួយនឹងអ្នកជិតខាងរបស់ខ្ញុំ ខ្ញុំបានចេញមកតាមទ្វារមុខ ។ ដោយភាពភ្ញាក់ផ្អើល មានពំនូកអាចម៍ដីជាច្រើននៅលើវាលស្មៅរបស់ខ្ញុំ ។ ខ្ញុំបានទៅហាងលក់គ្រឿងថែរក្សាសួនច្បារ ទិញថ្នាំសម្លាប់សត្វល្អិត ហើយបាញ់វាលស្មៅនោះភ្លាម ប៉ុន្តែវាយឺតពេលទៅហើយ ។ វាលស្មៅនោះមានការខូចខាតយ៉ាងខ្លាំង ហើយដើម្បីធ្វើឲ្យវាដូចដើមវិញតម្រូវឲ្យដាក់ស្មៅថ្មី ចំណាយពេលធ្វើការច្រើនម៉ោង និងចំណាយយ៉ាងច្រើន ។
« ការព្រមានរបស់អ្នកជិតខាងរបស់ខ្ញុំមានសារៈសំខាន់ចំពោះសុខុមាលភាពនៃវាល់ស្មៅរបស់ខ្ញុំ ។ គាត់បានឃើញរឿងដែលខ្ញុំពុំអាចមើលឃើញ ។ គាត់បានដឹងអ្វីមួយដែលខ្ញុំពុំដឹង ។ គាត់បានដឹងថា សត្វខ្មុលទាំងឡាយរស់នៅក្រោមដី ហើយធ្វើសកម្មភាពតែពេលយប់ប៉ុណ្ណោះ ដោយធ្វើឲ្យការពិនិត្យរបស់ខ្ញុំនៅពេលថ្ងៃគ្មានប្រសិទ្ធភាព ។ គាត់បានដឹងថា សត្វខ្មុលមិនស៊ីស្មៅទេ ប៉ុន្តែវាស៊ីឫសវិញ ។ គាត់បានដឹងថា សត្វល្អិតទាំងនេះអាចស៊ីឫសយ៉ាងច្រើនពីមុនខ្ញុំអាចមើលឃើញពីឥទ្ធិពលនៅពីលើដីទៅទៀត ។ ខ្ញុំបានបង់ថ្លៃយ៉ាងច្រើនចំពោះការពឹងផ្អែកលើចំណេះដឹងរបស់ខ្ញុំផ្ទាល់ ។
« … មានសត្វខ្មុលខាងវិញ្ញាណដែលធ្វើរូងនៅក្រោមជញ្ជាំងការពាររបស់យើង ហើយទន្ទ្រានឫសដ៏មាំមួនរបស់យើង ។ ភាគច្រើន សត្វល្អិតនៃសេចក្ដីទុច្ចរិតទាំងនេះមានរូបរាងតូច ពេលខ្លះស្ទើរមើលពុំឃើញផង ។
« ចូរយើងកុំធ្វើតាមគំរូដែលខ្ញុំបង្ហាញស្ដីពីបញ្ហាជាមួយនឹងសត្វខ្មុលនៅរដ្ឋហ្វ្លរីដា ។ ចូរយើងកុំបដិសេធការព្រមាននានា ។ ចូរយើងកុំពឹងផ្អែកលើចំណេះដឹងរបស់យើងផ្ទាល់ ។ ចូរយើងស្ដាប់ ហើយរៀនជានិច្ចដោយរាបសា និងដោយសេចក្ដីជំនឿ ត្រូវប្រែចិត្ត ប្រសិនបើវាចាំបាច់ » ( « Prophets and Spiritual Mole Crickets » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ១៦–១៨ ) ។