« ថ្ងៃទី ៣១ ខែ សីហា–ថ្ងៃទី ៦ ខែ កញ្ញា ។ ហេលេមិន ១៣–១៦ ៖ ‹ ដំណឹងដ៏រីករាយអំពីសេចក្ដីអំណរយ៉ាងអស្ចារ្យ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៣១ ខែ សីហា–ថ្ងៃទី ៦ ខែ កញ្ញា ។ ហេលេមិន ១៣–១៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ៣១ ខែ សីហា–ថ្ងៃទី ៦ ខែ កញ្ញា
ហេលេមិន ១៣–១៦
« ដំណឹងដ៏រីករាយអំពីសេចក្ដីអំណរយ៉ាងអស្ចារ្យ »
តើការបង្រៀន និងការព្យាករណាមួយរបស់សាំយូអែលជាសាសន៍លេមិនដែលអ្នកមានអារម្មណ៍ថានឹងមានប្រយោជន៍បំផុតដល់សិស្សរបស់អ្នក ? នៅពេលអ្នកសិក្សា ហេលេមិន ១៣–១៦ សូមពិចារណាពីរបៀបដែលអ្នកអាចជួយពួកគេស្វែងរកអត្ថន័យនៅក្នុងជំពូកទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញសិស្សឲ្យចែកចាយជាមួយនឹងដៃគូម្នាក់ពីអ្វីមួយដែលពួកគេបានរៀន ពីអ្វីមួយដែលពួកគេយល់បានប្រសើរជាង ឬពីអ្វីមួយដែលពួកគេបានអនុវត្ត កាលពួកគេបានអានដំណើររឿងអំពីសាំយូអែលជាសាសន៍លេមិននៅក្នុង ហេលេមិន ១៣–១៦ នៅសប្ដាហ៍នេះ ។ បន្ទាប់មក ចូរឲ្យពួកគេពីរបីនាក់ចែកចាយជាមួយនឹងសិស្សផ្សេងទៀត ។
បង្រៀនគោលលទ្ធិ
ពួកអ្នកបម្រើរបស់ព្រះអម្ចាស់និយាយ ហើយធ្វើសកម្មភាពស្របតាមការដឹកនាំរបស់ព្រះ ។
-
ព្រះអម្ចាស់បានសុំឲ្យសាំយូអែលជាសាសន៍លេមិនឲ្យធ្វើអ្វីមួយដែលអាចទំនងជារឿងដ៏ពិបាក ៖ គឺការប្រកាសដល់ប្រជាជនដែលបានបណ្ដេញលោកចេញពីទីក្រុងរបស់ពួកគេកាលពីលើកមុន ។ ការអាន ហេលេមិន ១៣:២–៥ អាចរំឭកសិស្សពីរឿងពិបាកដែលព្រះអម្ចាស់បានសុំឲ្យពួកគេធ្វើ ។ សូមអញ្ជើញពួកគេឲ្យចែកចាយពីបទពិសោធន៍របស់ពួកគេ ។ តើព្រះអម្ចាស់បានជួយពួកគេដោយរបៀបណា ? ឧទាហរណ៍ ប្រហែលជាសិស្សអាចចែកចាយបទពិសោធន៍នៅពេលព្រះអម្ចាស់ដាក់អ្វីមួយនៅក្នុងដួងចិត្តរបស់ពួកគេដែលទ្រង់ចង់ឲ្យពួកគេនិយាយទៅកាន់នរណាម្នាក់ ( សូមមើល ខទី ៤ ) ។ តើសិស្សបានឃើញពរជ័យអ្វីខ្លះ នៅពេលពួកគេបានធ្វើតាមការដឹកនាំរបស់ព្រះអម្ចាស់ ?
-
ទោះជាការព្រមានរបស់សាំយូអែលត្រូវបានលើកឡើងទៅកាន់ពួកសាសន៍នីហ្វៃដែលមានចិត្តរឹងរូសក្ដី ក៏ ហេលេមិន ១៣ មាននូវមេរៀនមួយចំនួនសម្រាប់យើងទាំងអស់គ្នាដែរ ។ ដើម្បីជួយសិស្សស្វែងរកអត្ថន័យផ្ទាល់ខ្លួននៅក្នុងពាក្យសម្ដីរបស់លោក អ្នកអាចអញ្ជើញពួកគេឲ្យស្រាវជ្រាវ ហេលេមិន ១៣ រកសារលិខិតមួយដែលទំនងជាទាក់ទងនឹងជំនាន់របស់យើង ។ ( ប្រសិនបើពួកគេត្រូវការជំនួយ អ្នកអាចសរសេរខដូចតទៅនេះនៅលើក្ដារខៀន ៖ ៨, ២១–២២, ២៦–២៩, ៣១ និង ៣៨ ) ។ បន្ទាប់មក ពួកគេអាចចែកចាយអ្វីដែលពួកគេរកឃើញជាមួយដៃគូ ក្នុងក្រុមតូចៗ ឬជាមួយនឹងថ្នាក់ទាំងមូល ។ តើសារលិខិត ស្រដៀងគ្នាអ្វីខ្លះដែលពួកព្យាការីបានផ្ដល់ឲ្យយើងនៅសព្វថ្ងៃនេះ ?
ទីសម្គាល់ និង ការអស្ចារ្យទាំងឡាយអាចពង្រឹងសេចក្ដីជំនឿនៃអស់អ្នកដែលពុំបានធ្វើឲ្យដួងចិត្តរបស់ពួកគេរឹងរូស ។
-
គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ណែនាំឲ្យរកមើលទីសម្គាល់ដែលព្រះអម្ចាស់បានប្រទានដល់យើង « ដើម្បីឲ្យ [ យើង ] អាចជឿដល់ព្រះនាមទ្រង់ » ( ហេលេមិន ១៤:១២ ) ។ ប្រហែលជាសិស្សអាចចែកចាយអ្វីដែលពួកគេបានស្វែងរក នៅពេលពួកគេ ពិចារណាពីគំនិតនេះ ។ សូមឲ្យប្រាកដដើម្បីចង្អុលបង្ហាញថា ទីសម្គាល់នៅក្នុងជីវិតរបស់យើងអាចរឿងពុំសូវអស្ចារ្យ ហើយមានលក្ខណៈផ្ទាល់ខ្លួនជាងទីសម្គាល់ដែលសាំយូអែលបានទស្សន៍ទាយ ។ តើគោលបំណងផ្សេងទៀតសម្រាប់ទីសម្គាល់ដែលបានណែនាំនៅក្នុង ហេលេមិន ១៤:២៨–៣០ គឺជាអ្វី ? សិស្សក៏អាចចែកចាយរឿងផ្សេងទៀតដែលព្រះអម្ចាស់បានធ្វើដើម្បីជួយពួកគេអភិវឌ្ឍសេចក្ដីជំនឿលើទ្រង់ ផងដែរ ។
-
ការអានអំពីរបៀបដែលការព្យាកររបស់សាំយូអែលត្រូវបានបំពេញអាចស្ថាបនាសេចក្ដីជំនឿរបស់សិស្សទៅលើព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មរបស់ទ្រង់ ។ ប្រហែលជាសិស្សអាចប្រើ ហេលេមិន ១៤ ដើម្បីបង្កើតតារាងមួយដែលមាននូវការព្យាកររបស់សាំយូអែលអំពីការប្រសូត និងការសុគតរបស់ព្រះគ្រីស្ទនៅម្ខាង និងសេចក្ដីយោងបទគម្ពីរដែលការព្យាករទាំងនេះត្រូវបានបំពេញនៅម្ខាងទៀត ។ សេចក្ដីយោងទាំងនេះមួយចំនួនអាចរួមបញ្ចូលទាំងខគម្ពីរមកពី នីហ្វៃទី ៣ ១:១៥–២១ និងនីហ្វៃទី ៣ ៨:៥–២៥ ។ ហេតុអ្វីវាមានសារៈសំខាន់ចំពោះយើង ដើម្បីដឹងអំពីការព្យាករទាំងនេះ និងការបំពេញរបស់វា ?
-
សិស្សអាចនឹងសម្គាល់ឃើញថា—នៅក្នុង ហេលេមិន ១៦ និងនៅកន្លែងផ្សេងទៀតក្នុងបទគម្ពីរ—ការឃើញទីសម្គាល់ និងការអស្ចារ្យទាំងឡាយពុំបានធ្វើឲ្យមនុស្សម្នាក់ជឿលើព្រះគ្រីស្ទឡើយ ។ សូមអញ្ជើញពួកគេឲ្យចែកចាយគំរូមួយចំនួននៅក្នុងបទគម្ពីរស្ដីពីបុគ្គលដែលបានឃើញទីសម្គាល់ ប៉ុន្តែពុំបានជឿ ។ យោងតាម ហេលេមិន ១៦:១៣–២៣ ហេតុអ្វីមនុស្សជាច្រើននៅក្នុងជំនាន់សាំយូអែលជាសាសន៍លេមិនពុំជឿលើទីសម្គាល់ និងការព្យាករទាំងឡាយ ? តើសាតាំង អូសទាញមនុស្សឲ្យ « ពឹងផ្អែកទៅលើកម្លាំងផ្ទាល់ខ្លួនរបស់គេ និង …លើប្រាជ្ញាផ្ទាល់ខ្លួនរបស់គេ » នៅសព្វថ្ងៃនេះតាមរបៀបណា ?( ហេលេមិន ១៦:១៥ ) ។ តើយើងរៀនអ្វីខ្លះមកពីដំណើររឿងនេះ ដែលវាអាចជួយយើងឲ្យចៀសវាងពីកំហុសស្រដៀងគ្នានេះ ?
ព្រះអម្ចាស់ទ្រង់វាយផ្ចាលអ្នកទាំងឡាយដែលទ្រង់ស្រឡាញ់ ។
-
ពាក្យសម្ដីសាំយូអែលមាននូវការវាយផ្ចាលដ៏ធ្ងន់ ប៉ុន្តែ ហេលេមិន ១៥:៣ ផ្ដល់នូវទស្សនវិស័យដ៏វិសេសវិសាលមួយស្ដីពីការវាយផ្ចាលមកពីព្រះអម្ចាស់ ។ វិធីមួយដើម្បីជួយសិស្សឲ្យយល់ពីទស្សនវិស័យនេះគឺអានខគម្ពីរនេះរួមគ្នា ហើយអញ្ជើញពួកគេឲ្យចែកចាយភស្ដុតាងដែលពួកគេមើលឃើញពីសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តារបស់ព្រះនៅក្នុងការព្យាករ និងការព្រមានរបស់សាំយូអែល ។ តើការវាយផ្ចាលមកពីព្រះអម្ចាស់អាចជាទីសម្គាល់មួយស្ដីពីសេចក្ដីស្រឡាញ់របស់ទ្រង់តាមរបៀបណា ?
-
ដើម្បីជួយសិស្សឲ្យយល់កាន់តែប្រសើរពីសារលិខិតនៅក្នុង ហេលេមិន ១៥:៣ អ្នកអាចចែកចាយគោលបំណងទាំងបីសម្រាប់ការវាយផ្ចាលមកពីព្រះ ដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ( សូមមើល « ធនធានបន្ថែមទាំងឡាយ » ) ។ សូមបំបែកសិស្សក្នុងថ្នាក់ជាបីក្រុម ហើយសុំឲ្យក្រុមនីមួយៗពិភាក្សាអំពីគោលបំណងមួយ ( បទគម្ពីរ និងវីដេអូដែលបានណែនាំនៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចជួយបាន ) ។ បន្ទាប់មកក្រុមនីមួយៗអាចចែកចាយជាមួយសិស្សក្នុងថ្នាក់នូវការយល់ដឹងនានាតាមរយៈការពិភាក្សារបស់ពួកគេ ដែលវាបានជួយពួកគេឲ្យយល់ដឹងកាន់តែប្រសើរថា ព្រះអម្ចាស់ទ្រង់វាយផ្ចាលអ្នកទាំងឡាយដែលទ្រង់ស្រឡាញ់ ។
ព្យាការីចង្អុលបង្ហាញយើងទៅរកព្រះអម្ចាស់ ។
-
នៅក្នុង ហេលេមិន ១៦ តើយើងរៀនអ្វីខ្លះមកពីអស់អ្នកដែលបានទទួលយកការបង្រៀនរបស់សាំយូអែល ? តើយើងរៀនអ្វីខ្លះមកពីអស់អ្នកដែលបានបដិសេធលោក ? វាអាចជាការបំផុសគំនិតដើម្បីស្ដាប់ឮសិស្សចែកចាយពីរបៀបដែលពួកគេទទួលបានទីបន្ទាល់របស់ពួកគេអំពីសារៈសំខាន់នៃការធ្វើតាមពួកព្យាការីនៅរស់ ។ ពួកគេក៏អាចចែកចាយរបៀបដែលពួកគេនឹងប្រើហេលេមិន ១៦ ឬ ប្រសាសន៍របស់អែលឌើរ អាន់ឌើរសិននៅក្នុង « ធនធានបន្ថែមទាំងឡាយ »ដើម្បីពន្យល់ដល់មនុស្សម្នាក់ពីហេតុផលដែលពួកគេជ្រើសរើសធ្វើតាមព្យាការី ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីលើកទឹកចិត្តសិស្សឲ្យអាន នីហ្វៃទី៣ ១–៧ នៅសប្ដាហ៍ក្រោយ អ្នកអាចប្រាប់ពួកគេថា ការព្យាករជាច្រើនដែលពួកគេបានអាននៅសប្ដាហ៍នេះនឹងត្រូវបានបំពេញនៅក្នុងជំពូកទាំងនេះ ។
ធនធានបន្ថែមទាំងឡាយ
គោលបំណងនៃការវាយផ្ចាលពីស្ថានសួគ៌ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានចែកចាយគោលបំណងបីយ៉ាងនៃការវាយផ្ចាលពីស្ថានសួគ៌ ( សូមមើល « As Many as I Love, I Rebuke and Chasten » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៧–១០០ )៖
-
« ដើម្បីបញ្ចុះបញ្ចូលយើងឲ្យប្រែចិត្ត » សូមមើល អេធើរ ២:១៤–១៥, គោលលទ្ធិ និង សេចក្ដីសញ្ញា ១:២៧, ៩៣:៤១–៥០, ១០៥:៦ ។
-
« ដើម្បីបន្សុទ្ធ ហើយញែកយើងចេញឲ្យបរិសុទ្ធ » ។ សូមមើល ម៉ូសាយ ២៣:២១–២២, គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១–៥, ១៣៦:៣១ ។
-
« តម្រង់ផ្លូវយើងជាថ្មីនៅក្នុងជីវិតឲ្យត្រូវតាមអ្វីដែលព្រះដឹងថាជាផ្លូវដ៏ប្រសើរមួយ » ។ សូមមើលដំណើររឿងរបស់ប្រធាន ហាហ្វ ប៊ី ប្រោន និងគម្ពោតឈើនៅក្នុងសុន្ទរកថារបស់អែលឌើរ គ្រីស្តូហ្វឺសិន ( ទំព័រ ៩៨–៩៩ ) “The Will of God” (video, ChurchofJesusChrist.org) ។
យើងរីករាយដើម្បីមានព្យាការីមួយរូប ។
អែលឌើរ នែល អិល អាន់ឌើរសិន បានបង្រៀនថា
« ព្យាការីពុំឈរនៅចន្លោះរវាងអ្នក និងព្រះអង្គសង្គ្រោះទេ ។ ផ្ទុយទៅវិញ លោកឈរនៅក្បែរអ្នក ហើយចង្អុលបង្ហាញផ្លូវឆ្ពោះទៅរកព្រះអង្គសង្គ្រោះ ។ ការទទួលខុសត្រូវដ៏ធំមហិមា និងអំណោយទានដ៏មានតម្លៃបំផុតរបស់ព្យាការីចំពោះយើងគឺ សាក្សីដ៏រឹងមាំរបស់លោក ចំណេះដឹងពិតប្រាកដរបស់លោក ដែលថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ ដូចជាពេត្រុសពីជំនាន់បុរាណដែល ព្យាការីរបស់យើងប្រកាសថា ‹ [ ទ្រង់ជា ] ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ › [ ម៉ាថាយ ១៦:១៦ សូមមើលផងដែរ យ៉ូហាន ៦:៦៩ ] ។
« នៅថ្ងៃខាងមុខ ពេលយើងក្រឡេកមើលទៅជីវិតរមែងស្លាប់របស់យើង នោះយើងនឹងរីករាយ ដែលយើងបានដើរនៅលើផែនដីនេះ នៅគ្រានៃព្យាការីដែលកំពុងនៅរស់ ។ នៅថ្ងៃនោះ ខ្ញុំអធិស្ឋានថា យើងនឹងអាចនិយាយដូច្នេះ ៖
« យើងបានស្តាប់លោក ។ យើងបានជឿលើលោក ។ យើងបានសិក្សាប្រសាសន៍របស់លោកដោយការអត់ធ្មត់ និងសេចក្តីជំនឿ ។ យើងបានអធិស្ឋានសម្រាប់លោក ។ យើងបានឈរនៅក្បែរលោក ។ យើងបន្ទាបខ្លួនសមល្មមដើម្បីធ្វើតាមលោក ។ យើងស្រឡាញ់លោក » ( « The Prophet of God » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៧ ) ។