« ថ្ងៃទី ១៤–២០ ខែ កញ្ញា ។ នីហ្វៃទី ៣ ៨–១១ ៖ ‹ ចូរក្រោកឡើង ហើយមករកយើងចុះ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ (ឆ្នាំ ២០២០ )
« ថ្ងៃទី ១៤–២០ ខែ កញ្ញា ។ នីហ្វៃទី ៣ ៨–១១ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៤–២០ ខែ កញ្ញា
នីហ្វៃទី ៣ ៨–១១
« ចូរក្រោកឡើង ហើយមករកយើងចុះ »
ដោយនឹកគិតឡើងវិញពីការបំផុសគំនិតដែលអ្នកបានកត់ត្រានៅអំឡុងការសិក្សាផ្ទាល់ខ្លួនរបស់អ្នកនៅក្នុង នីហ្វៃទី ៣ ៨–១១ វាអាចនឹងបំផុសគំនិតសម្រាប់ការបង្រៀន ។ សេចក្ដីណែនាំខាងក្រោមអាចផ្ដល់គំនិតបន្ថែមទៀតដល់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ពេលខ្លះមនុស្សទំនងជាចង់ចែកចាយ ប្រសិនបើអ្នកសួររឿងជាក់លាក់មួយ ។ ឧទាហរណ៍ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយអ្វីមួយមកពី នីហ្វៃទី ៣ ៨–១១ ដែលបានបង្រៀនពួកគេអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចធ្វើការអញ្ជើញនេះពីរបីថ្ងៃមុន ដើម្បីពួកគេអាចមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយជាស្រេច ។
បង្រៀនគោលលទ្ធិ
ប្រសិនបើយើងប្រែចិត្ត ព្រះអង្គសង្គ្រោះនឹងប្រមូលផ្ដុំ ការពារ ហើយព្យាបាលយើង ។
-
ជំពូកទាំងនេះមាននូវដំណើររឿងនៃការបំផ្លិចបំផ្លាញ និងការបង្ហិនបង្ហោច ប៉ុន្តែវាក៏បង្រៀនពីមេរៀនខាងវិញ្ញាណដែលអាចជួយយើងឲ្យមកកាន់ខិតជិតព្រះយេស៊ូវគ្រីស្ទផងដែរ ។ ប្រហែលជាអ្នកអាចបំបែកសិស្សជាបីក្រុម ហើយចាត់ក្រុមនីមួយៗឲ្យស្រាវជ្រាវជំពូកមួយនៅក្នុង នីហ្វៃទី ៣ ៨–១០ ដោយរកមើលពាក្យ ឬឃ្លាដែលពិពណ៌នាពីអ្វីដែលប្រជាជននេះបានរៀន ឬបានដកពិសោធន៍ ។ បន្ទាប់មក សិស្សម្នាក់មកពីក្រុមនីមួយៗអាចចែកចាយជាមួយនឹងសិស្សក្នុងថ្នាក់នូវអ្វីដែលក្រុមរបស់ពួកគេបានរកឃើញ ។ សូមលើកទឹកចិត្តសិស្សឲ្យពិភាក្សាពីរបៀបដែលមេរៀនខាងវិញ្ញាណទាំងនេះអាចជួយយើងឲ្យមកកាន់តែជិតនឹងព្រះអង្គសង្គ្រោះ ។
-
សារលិខិតមួយដ៏មានតម្លៃនៅក្នុងជំពូកទាំងនេះគឺថា ព្រះអង្គសង្គ្រោះឈោងទៅជួយយើងដោយសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណា សូម្បីតែអំឡុងការសាកល្បងដ៏លំបាកបំផុតរបស់យើងក្ដី ។ អ្នកអាចអញ្ជើញសិស្សឲ្យគិតអំពីមនុស្សម្នាក់ដែលពួកគេស្គាល់ ដែលកំពុងឆ្លងកាត់គ្រាដ៏លំបាកមួយ រួចហើយស្រាវជ្រាវបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី ៣ ៩:១៣–២២ និង ១០:១–១០ ដើម្បីស្វែងរកឃ្លាដែលអាចជួយបុគ្គលនោះ ។ ប្រហែលជាសិស្សក៏អាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន នៅពេលពួកគេបានទទួលអារម្មណ៍ថា ព្រះអង្គសង្គ្រោះឈោងជួយពួកគេផងដែរ ។
ព្រះអម្ចាស់តម្រូវឲ្យមាន « ចិត្តសង្រេង និងវិញ្ញាណទន់ទាប » ។
-
ពីមុនព្រះអង្គសង្គ្រោះយាងមក ជនស្មោះត្រង់នៅក្នុងដែនដីសន្យាបានគោរពតាមក្រឹត្យវិន័យរបស់ម៉ូសេ ដែលរួមបញ្ចូលទាំងការបូជាសត្វផងដែរ ។ ដើម្បីជួយសិស្សឲ្យយល់កាន់តែប្រសើរពីក្រឹត្យវិន័យនេះ អ្នកអាចរំឭកដោយសង្ខេប ម៉ូសេ ៥:៥–៨ ។ ហេតុអ្វីរាស្ត្ររបស់ព្រះត្រូវបានបង្គាប់ឲ្យបូជាសត្វកាលពីបុរាណ ? តើបទបញ្ញត្តិថ្មីអ្វីទៅដែលព្រះអង្គសង្គ្រោះបានប្រទានឲ្យនៅក្នុង នីហ្វៃទី ៣ ៩:២០ ហើយតើវាចង្អុលបង្ហាញយើងទៅរកទ្រង់ និងពលិកម្មរបស់ទ្រង់តាមរបៀបណា ? ពាក្យដកស្រង់អំពីក្រឹត្យវិន័យនៃយញ្ញបូជានៅក្នុង« ធនធានបន្ថែមទាំងឡាយ » អាចជួយបាន ។
-
តើអ្នកអាចជួយសិស្សឲ្យយល់ពីអត្ថន័យនៃការមានចិត្តសង្រេង និង វិញ្ញាណទន់ទាបតាមរបៀបណា ? ប្រហែលជាអ្នកអាចចាប់ផ្ដើមដោយសរសេរនៅលើក្ដារខៀននូវពាក្យថា សង្រេង ទន់ទាប និង ពលិកម្ម ។ បន្ទាប់មកអ្នកអាចសុំឲ្យសិស្សគូររូបដែលតំណាងឲ្យអត្ថន័យនៃពាក្យទាំងនេះចំពោះពួកគេ ឬសរសេរពាក្យ ឬឃ្លាដែលពួកគេមានទំនាក់ទំនងនឹងពាក្យទាំងនេះ ។ កាលសិស្សចែកចាយរូបភាព ពាក្យ ឬឃ្លារបស់ពួកគេ នោះពួកគេអាចពិភាក្សាពីរបៀបដែលពាក្យទាំងនេះទាក់ទងទៅនឹងអ្វីដែលព្រះអង្គសង្គ្រោះសុំឲ្យយើងធ្វើនៅក្នុង នីហ្វៃទី ៣ ៩:១៩–២២ ។ ពាក្យដកស្រង់ដោយអែលឌើរ ឌីថត គ្រីស្តូហ្វឺសិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចជួយបាន ។
ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺនៃពិភពលោក ។
-
ព្រឹត្តិការណ៍ដែលបានពិពណ៌នានៅក្នុង នីហ្វៃទី ៣ ១១:១–១៧ ស្ថិតនៅក្នុងចំណោមព្រឹត្តិការណ៍ដ៏ពិសិដ្ឋបំផុតនៅក្នុងគម្ពីរមរមន ។ សូមពិចារណាទុកពេលឲ្យសិស្សពីរបីនាទីដើម្បីអានខគម្ពីរទាំងនេះដោយស្ងៀមស្ងាត់ ។ ប្រហែលជាអ្នកអាចសរសេរសំណួរមួយចំនួននៅលើក្ដារខៀនឲ្យពួកគេពិចារណា កាលពួកគេអាន ដូចជាសំណួរទាំងនេះ ៖ តើអ្នកមានអារម្មណ៍បែបណា ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមមនុស្សទាំងនេះ ? តើអ្វីទៅដែលបំផុសគំនិតរបស់អ្នកអំពីព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះ ? តើអ្នករៀនអ្វីខ្លះមកពីគំរូរបស់ព្រះយេស៊ូវ ? ឬ តើបទពិសោធន៍អ្វីទៅដែលបានផ្ដល់ឲ្យអ្នកនូវសាក្សីមួយអំពីព្រះយេស៊ូវគ្រីស្ទថាជាព្រះអង្គសង្គ្រោះរបស់អ្នក ? អ្នកអាចអនុញ្ញាតឲ្យសិស្សចែកចាយគំនិត ឬចំណាប់អារម្មណ៍មួយចំនួនរបស់ពួកគេ ។
ព្រះយេស៊ូវគ្រីស្ទបានបង្កើតគោលលទ្ធិ និងសាសនាចក្ររបស់ទ្រង់ ។
-
វាអាចជាមេរៀនដើម្បីកត់សម្គាល់នូវរឿងដំបូងដែលព្រះអង្គសង្រ្គោះបានជ្រើសរើស ដើម្បីមានបន្ទូល ហើយធ្វើនៅពេលទ្រង់បានបង្ហាញព្រះកាយនៅលើដែនដីបរិបូរណ៌ ។ ប្រហែលជាសិស្សអាចគូសចំណាំ ឬសរសេរនូវសេចក្ដីពិតដែលពួកគេរកឃើញមកពីបន្ទូល និងសកម្មភាពរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី៣ ១១:១០–៤១ ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ តើយើងរៀនអ្វីខ្លះ អំពីព្រះអង្គសង្គ្រោះមកពីខគម្ពីរទាំងនេះ ? តើយើងអាចរៀនអ្វីខ្លះអំពីសាសនាចក្ររបស់ទ្រង់ ?
-
ដើម្បីបញ្ចប់ការខ្វែងគំនិតគ្នានៅក្នុងចំណោមប្រជាជនទាក់ទងនឹងពិធីបុណ្យជ្រមុជទឹក នោះព្រះអង្គសង្គ្រោះបានបើកសម្ដែងពីសេចក្ដីពិតដ៏សំខាន់អំពីពិធីបរិសុទ្ធនេះនៅក្នុង នីហ្វៃទី៣ ១១ ។ ដើម្បីជួយសិស្សរកឃើញសេចក្ដីពិតទាំងនេះ អ្នកអាចសរសេរលេខខគម្ពីរដូចតទៅនេះនៅលើក្ដារខៀន ៖ ២១–២៥, ២៦–២៧, ៣៣–៣៤ ។ សូមអញ្ជើញសិស្សម្នាក់ៗឲ្យរើសខមួយ ឬពីរ ហើយចែកចាយសេចក្ដីពិតមួយដែលបង្រៀនអំពីពិធីបុណ្យជ្រមុជទឹក ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សិស្សរបស់អ្នកប្រហែលជាចាប់អារម្មណ៍ចង់ដឹងថា ការយាងទៅជួបពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនរបស់ព្រះអង្គសង្គ្រោះបានជះឥទ្ធិពលដល់ពួកគេយ៉ាងខ្លាំងរហូតដល់ប្រជាជនទាំងនេះដែលមានភាពចម្រូងចម្រាសកាលពីមុនបានរស់នៅក្នុងសេចក្ដីសុខសាន្តអស់រយៈពេល២០០ ឆ្នាំក្រោយមក ( សូមមើល នីហ្វៃទី ៤ ១ ) ។ ការណ៍នេះអាចបំផុសគំនិតសិស្សឲ្យសិក្សា នីហ្វៃទី ៣ ១២–១៦ ដើម្បីរៀនពីអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនប្រជាជននោះរហូតវាបានដឹកនាំទៅរកការផ្លាស់ប្ដូរដ៏ធំបែបនេះ ។
ធនធានបន្ថែមទាំងឡាយ
ក្រឹត្យវិន័យនៃការថ្វាយ ។
ប្រធាន អិម រ័សុល បាឡឺដ បានពន្យល់ពីរបៀបមួយដែលយើងរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយនៅសព្វថ្ងៃនេះ ៖
« បន្ទាប់ពីពលិកម្មដ៏ធំរបស់ព្រះអង្គសង្គ្រោះ មានការកែតម្រូវចំនួនពីរត្រូវបានធ្វើឡើងនៅក្នុងការអនុវត្ត [ ក្រឹត្យវិន័យនៃការថ្វាយ ] ។ ទីមួយ ពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់បានជំនួសឲ្យពិធីបរិសុទ្ធនៃការថ្វាយ ហើយទីពីរ ការផ្លាស់ប្ដូរនេះបានរំកិលការផ្ដោតពីការថ្វាយសត្វរបស់បុគ្គលម្នាក់ទៅជាយញ្ញបូជាឆ្ពោះទៅរកបុគ្គលនោះផ្ទាល់ ។ មានន័យថា កាថ្វាយយញ្ញបូជានោះបានប្ដូរពី ការថ្វាយ ទៅរក អ្នកថ្វាយ ។ …
« …ជំនួសឲ្យព្រះអម្ចាស់តម្រូវឲ្យយើងថ្វាយសត្វ ឬគ្រាប់ធញ្ញជាតិ ឥឡូវនេះទ្រង់សព្វព្រះទ័យឲ្យយើងលះបង់រាល់អ្វីដែលអាក្រក់ ។…
« …នៅពេលយើងយកឈ្នះលើចិត្តអាត្មានិយមរបស់យើងផ្ទាល់ ហើយដាក់ព្រះមុនគេបង្អស់នៅក្នុងជីវិតរបស់យើង ហើយចុះសេចក្ដីសញ្ញាដើម្បីបម្រើទ្រង់គ្រប់កាលៈទេសៈ នោះយើងកំពុងរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ » ( « The Law of Sacrifice » Ensign ខែ តុលា ឆ្នាំ ១៩៩៨ ទំព័រ ១០ ) ។
អែលឌើរ ណែល អេ ម៉ាកស្វែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា « ការបូជាពិតប្រាកដ ពុំមែនជាការដាក់សត្វនៅលើអាសនាទេ ។ ផ្ទុយទៅវិញ វាគឺជាឆន្ទៈមួយ ដើម្បីដាក់សត្វដែលនៅក្នុងខ្លួនយើង នៅលើអាសនា ហើយទុកឲ្យវាដុតឆេះអស់ ! »( « Deny Yourselves of All Ungodliness » Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៦៨ ) ។
ចិត្តសង្រេង និង វិញ្ញាណទន់ទាប
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានពិពណ៌នាពីអត្ថន័យនៃការមានចិត្តសង្រេង និង វិញ្ញាណទន់ទាប ៖
« អ្នកអាចថ្វាយចំពោះព្រះអម្ចាស់នូវអំណោយនៃចិត្តសង្រេង ឬប្រែចិត្តរបស់អ្នក និងវិញ្ញាណទប់ទាប ឬគោរពប្រត្តិបត្តិរបស់អ្នក ។ ភាពពិត វាគឺជាអំណោយនៃខ្លួនអ្នកផ្ទាល់—អ្វីអំពីខ្លួនអ្នក និង អ្វីដែលអ្នកនឹងប្រែក្លាយ ។
« តើមានអ្វីមួយនៅក្នុងអ្នក ឬ នៅក្នុងជីវិតអ្នក ដែលមិនបរិសុទ្ធ ឬ មិនស័ក្ដិសមទេ ? ពេលអ្នកលះបង់វាចោល នោះហើយជាអំណោយថ្វាយជូនព្រះអង្គសង្គ្រោះ ។ តើមានទម្លាប់ល្អ ឬ គុណសម្បត្តិណាមួយ ដែលអ្នកខ្វះខាតនៅក្នុងជីវិតអ្នកទេ ? ពេលអ្នកទទួលយកវា ហើយធ្វើឲ្យវាជាផ្នែកនៃចរិតលក្ខណៈរបស់អ្នក នោះអ្នកកំពុងថ្វាយអំណោយមួយចំពោះព្រះអម្ចាស់ហើយ » ( « When Thou Art Converted » Ensign ឬ Liahona ខែឧសភា ឆ្នាំ ២០០៤ ទំព័រ ១២ ) ។