ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៣–១៩ ខែ កក្កដា ។ អាលម៉ា ៣២–៣៥ ៖ « បណ្ដុះ​ពាក្យ​នេះ នៅ​ក្នុង​ចិត្ត​អ្នក »


« ថ្ងៃទី ១៣–១៩ ខែ កក្កដា ។ អាលម៉ា ៣២–៣៥ ៖ ‹ បណ្ដុះ​ពាក្យ​នេះ នៅ​ក្នុង​ចិត្ត​អ្នក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ​ ២០២០ )

« ថ្ងៃទី ១៣–១៩ ខែ កក្កដា ។ អាលម៉ា ៣២–៣៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

គ្រាប់​ពូជ​នៅក្នុង​ដៃ​កុមារ

ថ្ងៃទី ១៣–១៩ ខែ កក្កដា

អាលម៉ា ៣២–៣៥

« បណ្ដុះ​ពាក្យ​នេះ នៅ​ក្នុង​ចិត្ត​អ្នក »

មិន​ថា​អ្នក​បាន​អាន អាលម៉ា ៣២–៣៥ ប៉ុន្មាន​ដង​នោះ​ទេ សូម​អាន​វា​ម្ដង​ទៀត នៅពេល​អ្នក​រៀបចំ​ខ្លួន​ដើម្បីបង្រៀន ។ សូម​ទទួល​យក​ការ​យល់ដឹង​ថ្មីៗ​មក​ពី​ព្រះវិញ្ញាណ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ជួយ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​មក​ពី​ការអាន អាលម៉ា ៣២–៣៥ នៅ​ឯ​គេហដ្ឋាន អ្នក​អាច​ទុក​ពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​រៀន​ពី​ជំពូក​ទាំង​នេះ​ឡើង​វិញ ហើយ​សរសេរ​នៅ​លើ​ក្ដារខៀន​នូវ​ប្រធាន​បទនានា​ដែល​ពួកគេ​បាន​សម្គាល់​ឃើញ ។ សូម​ពិភាក្សារួមគ្នា​ពី​ហេតុផល​ដែល​ប្រធាន​បទ​ទាំង​នេះមានន័យ​ដ៏​សំខាន់ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

អាលម៉ា ៣២:១–១៦

យើងអាច​ជ្រើសរើស​ដើម្បី​មាន​ចិត្ត​រាបសា ។

  • ដើម្បី​ដឹកនាំ​ការ​ពិភាក្សា​មួយ​អំពី​ការ​មាន​ចិត្ត​រាបសា​ដូច​ដែល​បាន​បង្រៀន​នៅ​ក្នុង អាលម៉ា ៣២:១–១៦ អ្នក​អាចចាប់ផ្ដើម​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​បទពិសោធន៍ដែល​អាច​ធ្វើ​ឲ្យ​បុគ្គលម្នាក់មាន​ចិត្ត​រាបសា ( អាលម៉ា ៣២:២–៥ ផ្ដល់​ជា​ឧទាហរណ៍​មួយ ) ។ សិស្ស​មួយ​ចំនួន​ប្រហែល​ជា​យល់ព្រម​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់​ជាមួយ​នឹង​ការរៀន​អំពី​ការ​មាន​ចិត្ត​រាបសា ។ តើការ « នាំ​ឲ្យ​មាន​ចិត្ត​ទាប​រាបសា » ( អាលម៉ា ៣២:១២ ) អាច​ក្លាយ​ជា​ពរ​ជ័យ​មួយ​តាម​របៀបណា ? សេចក្ដីថ្លែង​ការណ៍​អំពី​ចិត្ត​រាបសា​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាចជួយ​ពង្រឹងដល់​ការ​ពិភាក្សា​មួយ ។ អ្នក​ក៏​អាច​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២:១០ ឬ​ច្រៀងទំនុក​តម្កើង​មួយអំពី​ចិត្ត​រាបសា ដូចជា « ចូរ​បន្ទាប​ខ្លួន » ​( ទំនុកតម្កើង ល.រ. ១៣០ ) រួម​គ្នា ។

អាលម៉ា ៣២:១៧–៤៣, ៣៣

យើង​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ដាំដុះ ហើយ​បីបាច់​បន្ទូល​របស់​ទ្រង់​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ។

  • ពេលខ្លះ យើង​គិត​ពី​ការថ្វាយ​បង្គំ​ថាជា​រឿង​ដែល​យើង​ធ្វើ​នៅក្នុង​មជ្ឈដ្ឋាន​ជា​ផ្លូវការ​តែ​ប៉ុណ្ណោះ ដូចជាអគារ​សាសនាចក្រ​ប៉ុណ្ណោះ ( សូ​មមើល​អាលម៉ា ៣២:៥, ៩, ១១ ) ប៉ុន្តែ​និយមន័យ​របស់​អាលម៉ា​អំពី​ការ​ថ្វាយ​បង្គំ​គឺ​មាន​ន័យ​ទំលំទូលាយ​ជាង​នេះ ។ ឧទាហរណ៍ លោក​បាន​បង្រៀន​ថា ការ​អភិវឌ្ឍ និង​ការ​អនុវត្ត​សេចក្ដីជំនឿ​លើព្រះយេស៊ូវគ្រីស្ទ​គឺជា​ទម្រង់​ដ៏​សំខាន់​មួយ​នៃ​ការ​ថ្វាយ​បង្គំ​ដែល​អាច​កើត​មាន​នៅ​ខាង​ក្រៅ​នៃ​មជ្ឈដ្ឋាន​ជា​ផ្លូវការ​មួយ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​នេះ អ្នក​អាច​គូរ​រូប​គ្រាប់​ពូជ និង​ដើម​ឈើ​មួយ​ដើម​នៅ​លើ​ក្ដារខៀន ហើយ​ពិភាក្សា​សំណួរ​ដូច​តទៅ​នេះ ៖ តើ​គ្រាប់​ពូជ​តំណាង​ឲ្យ​អ្វី ? ( សូម​មើល អាលម៉ា ៣២:២៨, ៣៣:២២–២៣ ) ។ តើ​យើង​អាច​បណ្ដុះ​គ្រាប់​ពូជ​នោះ—ឬ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់—នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ហើយ​ចិញ្ចឹមបីបាច់​វា​តាម​រ​បៀបណា ? ( សូម​មើល អាលម៉ា ៣២:៣៦–៤៣៣៣ ) ។ តើ​យើងអាច​ចែកចាយ​បទពិសោធន៍​អ្វីខ្លះ​ដែល​ការ​ខិតខំ​របស់​យើង​ដើម្បី​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​បាន​ផ្ដល់​ផល​ផ្លែ​ដ៏​មាន​តម្លៃ ? តើ​ការ​បង្រៀន​របស់​អាលម៉ា​ជះឥទ្ធិពល​ដល់​វិធី​ដែល​យើង​ថ្វាយ​បង្គំ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀបណា ?

  • ការ « ​ធ្វើ​ការ​ពិសោធន៍ » ដែល​អាលម៉ា​បាន​ពិពណ៌នា​ដើម្បី​ជួយ​ពួក​សូរាំឲ្យ​អភិវឌ្ឍ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ក៏​អាច​ជួយ​យើង​រៀនផង​ដែរ ថាតើ​គោលការណ៍​ផ្សេង​ទៀត​នៃ​ដំណឹងល្អពិត ឬ​ក៏​អត់ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ការ​ធ្វើ​ការ​ពិសោធន៍​របស់​អាលម៉ា អ្នក​អាច​និយាយ​ពី​អត្ថន័យ​នៃ​ការ​ធ្វើ​ពិសោធន៍​មួយ ។ ប្រហែល​ជា​មាន​សិស្ស​ម្នាក់​នៅ​ក្នុង​ថ្នាក់​ដែល​ធ្លាប់​ធ្វើ​ការ​ពិសោធន៍​មួយ​ពី​មុន ហើយ​អាច​ជួយធ្វើ​ការ​ពន្យល់​បាន ។ តើ​គោលបំណង​នៃ​ការ​ធ្វើ​ការ​ពិសោធន៍​គឺជា​អ្វី ? តើ​ការ​ធ្វើ​ការ​ពិសោធន៍​មួយ​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​អាលម៉ា​បាន​អញ្ជើញ​ប្រជាជន​នោះ​ឲ្យ​ធ្វើ​នៅ​ក្នុង អាលម៉ា ៣២:២៦–៣៦ តាម​របៀបណា ? ប្រហែល​ជា​សិស្ស​អាច​ចែកចាយ​វិធី​ផ្សេងៗ​គ្នា​ដែល​ពួកគេធ្លាប់ « ដក​ពិសោធន៍ » ពី​បន្ទូល​រ​បស់​ព្រះ ។ តើ​ពួកគេ​បាន​ស្គាល់​ថា « ព្រះ​បន្ទូល​[នៃ​ព្រះ]​នោះ​ល្អ »​តាម​របៀប​ណា ? ( អាលម៉ា ៣២:២៨ ) ។

  • តើ​អាលម៉ា​អាច​និយាយ​អ្វីខ្លះ​ទៅ​កាន់​បុគ្គល​ម្នាក់​ដែល​ចង់​ទទួលបាន ឬពង្រឹង​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ? ដើម្បី​ស្វែង​រក​ចម្លើយ​សម្រាប់​សំណួរ​នេះ អ្នក​អាច​បំបែក​សិស្ស​ជា​ពីរ​ក្រុម ។ ក្រុម​មួយ​អាច​អាន អាលម៉ា ៣២:២៦–៣៦ ដើម្បី​កំណត់​ពី​អ្វី​ដែល​អាលម៉ា​អាច​និយាយ​ទៅកាន់​មនុស្ស​ម្នាក់ដែល​កំពុង​ព្យាយាម​ទទួល​បាន​ទីបន្ទាល់​មួយ ហើយ​ក្រុម​មួយ​ទៀត​អាច​អាន អាលម៉ា ៣២:៣៦–៤៣ ដើម្បី​កំណត់​នូវអ្វី​ដែល​លោក​អាច​និយាយ​ទៅ​កាន់​មនុស្ស​ម្នាក់ដែល​មាន​ទីបន្ទាល់ទន់​ខ្សោយ ។ បន្ទាប់មក សិស្ស​ម្នាក់​មក​ពី​ក្រុម​នីមួយៗ​អាចប្ដូរ​វេន​គ្នា​សម្ដែង​ជា​អាលម៉ា ហើយ​សម្ដែង​ពី​របៀប​ជួយ​មនុស្សម្នាក់​ឲ្យ​ទទួល ឬ​ពង្រឹង​ទីបន្ទាល់ខ្លួន ។

អាលម៉ា ៣១:១៣–២៣, ៣៣:២–១១, ៣៤:១៧–២៩

យើង​អាច​ថ្វាយ​បង្គំ​ព្រះ​នៅ​ក្នុង​ការអធិស្ឋាន នៅគ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង ។

  • អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ញែក​នូវ​ភាព​ខុស​គ្នា​រវាង​ការបង្រៀន​របស់អាលម៉ា និង អាមូលេក​អំពី​ការអធិស្ឋាន និង​ការថ្វាយ​បង្គំជាមួយ​នឹងគំនិត​ខុស​ឆ្គង​របស់​ពួក​សូរាំ ។ សិស្ស​អាន​រំឭក​ឡើង​វិញ​នូវ ​អាលម៉ា ៣១:១៣–២៣ ហើយ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​អ្វី​ដែល​ពួក​សូរាំ​បាន​ជឿ​អំពី​ការអធិស្ឋាន និង​ការ​ថ្វាយ​បង្គំ ។ បន្ទាប់មក ពួកគេ​អាច​រក​មើលសេចក្ដីពិត​នៅ​ក្នុង អាលម៉ា ៣៣:២–១១ និង អាលម៉ា ៣៤:១៧​–២៩ ដែល​ផ្ទុយ​ពី​ជំនឿ​ទាំង​នេះ ។ តើ​ខគម្ពីរ​ទាំង​នេះ​បង្រៀន​យើងអ្វីខ្លះ​អំពី​របៀប​ដែល​យើង​អាច​កែលម្អ​ការ​អធិស្ឋាន​ និង​ការថ្វាយ​បង្គំ​របស់​យើង ?

  • អ្នកអាច​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​អំពី​ការ​អធិស្ឋាន​ដោយ​សរសេរ​ពាក្យ​ដូចជា នរណា ? អ្វីទៅ ? ពេលណា ? កន្លែង​ណា ? ហេតុអ្វី ? និង របៀបណា ? នៅ​លើ​ក្ដារខៀន ។ សិស្ស​អាច​ស្រាវ​ជ្រាវ​ក្នុង អាលម៉ា ៣៣:២–១១ ហើយ អាលម៉ា ៣៤:១៧​–២៩ រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះអំពី​ការ​អធិស្ឋាន ។ ឧទាហរណ៍ ពួកគេ​អាច​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​យើង​អាច​អធិស្ឋាន​នៅ​ពេល​ណា ? តើ​យើង​អាច​អធិស្ឋាន​សម្រាប់​អ្វីខ្លះ ? ពួកគេ​ក៏​អាច​រក​ចម្លើយ​នៅ​ក្នុង​ទំនុក​បទ​នៃ​ទំនុក​តម្កើង​មួយ​អំពី​ការអធិស្ឋាន​ដូចជា « តើ​បាន​អធិស្ឋាន​ទេ ? » ឬ « ពេល​អធិស្ឋាន​ជា​ពេល​ត្រេកអរ » ( ទំនុក​តម្កើង ល.រ. ៧៩, ៨១ ) ។ តើ​យើង​អាច​កែលម្អ​ការអធិស្ឋាន​របស់​យើង​តាម​របៀបណា ?

អាលម៉ា ៣៤:៩–១៧

ពលិកម្មធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ « និរន្ដរ៍ និង​អស់កល្ប​ជានិច្ច » ។

  • អាមូលេក​បាន​ប្រើ​ពាក្យ​ « និរន្ដរ៍ » និង « អស់កល្ប​ជានិច្ច » ជាច្រើន​ដង​ដើម្បី​ពិពណ៌នា​ពី​ពលិកម្ម​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ដើម្បី​ធួនអំពើបាប​របស់​យើង ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្វែង​រក​ពាក្យ​ទាំង​នេះ​នៅ​ក្នុង អាលម៉ា ៣៤:៩–១៤ ហើយ​រកមើល​ពាក្យ​ទាំង​នេះ​នៅ​ក្នុង​វចនានុក្រម ។ តើ​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ភាព​និរន្តរ៍ និង​អស់កល្ប​ជានិច្ច​តាម​របៀប​ណា ? ( សូមមើល ហេព្រើរ ១០:១០, នីហ្វៃទី ២ ៩:២១, ម៉ូសាយ ៣:១៣ ) ។ យោង​តាម អាលម៉ា ៣៤:១៥–១៧ តើ​យើង​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ពលិកម្ម​របស់​ព្រះអង្គសង្គ្រោះ ? តើ​ការ « អនុវត្ត​ស្ដេច​ក្ដី​ជំនឿ​ចំពោះ​ការ​ប្រែ​ចិត្ត »​មាន​ន័យ​ដូចម្ដេច ? ( អាលម៉ា ៣៤:១៧ ) ។

អាលម៉ា ៣៤:៣២–៣៥

« កុំពន្យារ​ពេល​នៃ​ការប្រែចិត្ត​របស់​អ្នក​ឡើយ » ។

  • រឿង​ប្រៀបប្រដូច​មួយខាងក្រោម​អាច​ជួយ​សិស្ស​ឲ្យ​ពិចារណា​ពី​គ្រោះថ្នាក់​នៃ​ការ​ពន្យារពេល​នៃ​ការ​ប្រែចិត្ត​របស់​យើង ៖ សូម​អញ្ជើញ​ពួកគេ​ឲ្យ​នឹកស្រមៃ​ថា ពួកគេ​ធ្លាប់​ទទួល​បាន​ការ​អញ្ជើញ​មួយ​ឲ្យ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​តម្រូវឲ្យ​មាន​ការ​បំពាក់​បំប៉ន និង​ការ​រៀបចំខ្លួន​ជាច្រើន​ឆ្នាំ ដូចជា ការប្រកួត​កីឡា​អូឡាំពិក ឬ​ការសម្ដែង​តន្ត្រី ( សូម​ជ្រើស​រើស​អ្វី​មួយ​ដែល​មាន​ន័យ​ចំពោះ​សិស្ស​របស់​អ្នក ) ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ស្អែក ។ សូម​ពិភាក្សា​ជាមួយ​នឹង​សិស្ស​ពី​ហេតុផលដែល​ពួកគេ​ប្រហែល​ជា​នឹង​ពុំ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះទេ ទោះជា​ពួកគេ​បាន​ចំណាយ​ពេលរៀបចំខ្លួន​ពេញ​មួយ​ថ្ងៃ​ក្ដី ។ តើ​ឧទាហរណ៍​នេះ​ទាក់​ទង​នឹង​ការព្រមាន​របស់​អាមូលេក​នៅ​ក្នុង អាលម៉ា ៣៤:៣២–៣៥ ដោយ​របៀបណា ? ហេតុអ្វី​វា​អាច​ជារឿង​ដ៏​គ្រោះថ្នាក់​ដើម្បី​ពន្យារពេល​ការ​ខិតខំ​របស់​យើង​ដើម្បី​ប្រែ​ចិត្ត ហើយផ្លាស់ប្ដូរ ? សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី « ​ប្រុងប្រៀប​ខ្លួន​សម្រាប់​ដល់​ភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( ខទី ៣៣ ) ហើយ​ដាក់​ផែនការ​ធ្វើ​វាដោយ​ពុំ​ពន្យារពេល ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​បំផុស​គំនិត​សិស្ស​ឲ្យ​អាន អាលម៉ា ៣៦–៣៨ នៅ​សប្ដាហ៍​ក្រោយ អ្នក​អាច​ចង្អុល​បង្ហាញ​ថា អាលម៉ាបាន « កើតទុក្ខ​ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ប្រជាជន​លោក » ដូច្នេះ​លោក​បាន​ប្រមូល​ផ្ដុំ​ពួក​កូន​ប្រុស​របស់​លោក ហើយ​បង្រៀន​ពួកគេ « អំពី​ការណ៍​ទាំង​ឡាយ​ដែល​ទាក់​ទង​ទៅ​នឹង​សេចក្ដី​សុចរិត » ( អាលម៉ា ៣៥:១៥–១៦ ) ។ ប៉ុន្មាន​ជំពូក​បន្ទាប់​ទៀត​នៅ​ក្នុង​អាលម៉ា​ផ្ដល់​នូវ​ដំណើរ​រឿង​មួយ​អំពី​អ្វីដែល​អាលម៉ា​បាន​បំផុស​គំនិត​ឲ្យ​បង្រៀន​ដល់​ពួក​កូន​ប្រុស​របស់​លោក ។

រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

តើ​ការ​បន្ទាបខ្លួន​មានន័យ​ដូចម្តេច ?

« ភាពរាបសា​គឺ​ជា​ការទទួលស្គាល់​ដោយ​ដឹងគុណ​ចំពោះ​ការពឹងផ្អែក​របស់​អ្នក​លើ​ព្រះអម្ចាស់—ជា​ការយល់​ថា អ្នក​ត្រូវការ​ការជួយ​ជ្រោមជ្រែង​ពី​ទ្រង់​ជានិច្ច ។… ភាពរាបសា​ពុំ​មែន​ជា​ទីសម្គាល់​នៃ​ភាពទន់ខ្សោយ ភាពខ្មាសអៀន ឬ​ការភ័យខ្លាច​នោះ​ទេ វា​ជា​ការចង្អុល​បង្ហាញ​ថា អ្នក​ដឹង​ថា​ភាពខ្លាំង​របស់​អ្នក​បាន​មក​ពី​ណា » ( ពិត​ចំពោះ​សេចក្ដី​ជំនឿ [ ឆ្នាំ ​២០០៤ ] ទំព័រ ៨៦ ) ។

អែលឌើរ ឃ្វីនធិន អិល ឃុក បាន​ពន្យល់​ថា « ​ពេល​យើង​ពិត​ជា​សញ្ជឹង​គិត​អំពី​ព្រះ​ជា​ព្រះវរ​បិតា និង​ព្រះគ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា អំពី​អត្តសញ្ញាណ​របស់​ទ្រង់ និង​អ្វី​ដែល​ទ្រង់​សម្រេច​បាន​សម្រាប់​យើង វា​ធ្វើ​ឲ្យ​យើង​មាន​គារវភាព ការ​សរសើរ អំណរគុណ និង​ចិត្ត​រាបសា ។… ចិត្ត​រាបសា​ក៏​រួម​បញ្ចូល​ទាំង​ការ​មាន​អំណរ​គុណ​សម្រាប់​ពរជ័យ​ជា​ច្រើន​របស់​យើង និង​ជំនួយ​ពី​ព្រះ​ដែរ ។ ចិត្ត​រាបសា​ពុំ​មែន​ជា​ការ​សម្រេច​បាន​ដ៏​ធំ ឬ​ជា​ការ​យក​ឈ្នះ​ឧបសគ្គ​ដ៏​ធំ​មួយ​ចំនួន​នោះ​ទេ ។ វា​គឺ​ជា​សញ្ញា​មួយ​នៃ​កម្លាំង​ខាង​វិញ្ញាណ ។ វា​គឺជា​ការ​មាន​ទំនុក​ចិត្ត​ដ៏​ស្ងប់ស្ងាត់​ថា គ្រប់​ពេល​វេលា​យើង​អាច​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់ បម្រើ​ទ្រង់ ហើយ​សម្រេច​ព្រះរាជ​បំណង​របស់​ទ្រង់ » ( « The Eternal Everyday » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៥២, ៥៤ ) ។

បទគម្ពីរ​អំពី​សេចក្តី​ជំនឿ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ផ្ដោត​ទៅលើ​បទគម្ពីរ ។ ខណៈដែល​មាន​ធនធាន​បន្ថែម​ជាច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ការពិភាក្សា​មួយ​កាន់​តែ​ប្រសើរ​ឡើង សូម​ចងចាំ​ថា បទគម្ពីរ​គឺជា​ប្រភព​នៃ​គោលលទ្ធិ ។ សូម​ជួយ​សិស្ស​ឲ្យ​រក​ឃើញ​សេចក្ដីពិត​នៅ​ក្នុង​បទគម្ពីរ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ២១ ) ។