« ថ្ងៃទី ១៩–២៥ ខែ តុលា ។ នីហ្វៃទី ៣ ២៧–នីហ្វៃ ៤ ៖ ‹ គ្មានប្រជាជនណាដែលរីករាយសប្បាយជាងនេះឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៩–២៥ ខែ តុលា ។ នីហ្វៃទី ៣ ២៧–នីហ្វៃ ៤ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៩–២៥ ខែ តុលា
នីហ្វៃទី ៣ ២៧–នីហ្វៃទី ៤
« គ្មានប្រជាជនណាដែលរីករាយសប្បាយជាងនេះឡើយ »
ការសិក្សាផ្ទាល់ខ្លួនអំពី នីហ្វៃទី ៣ ២៧–នីហ្វៃទី ៤ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីរៀបចំខ្លួនបង្រៀន ។ គោលលទ្ធិ និងគំនិតនៅក្នុងគម្រោងមេរៀននេះប្រហែលជាជួយអ្នកឲ្យឆ្លើយតបទៅនឹងការបំផុសគំនិតខាងវិញ្ញាណដែលពួកគេទទួលបាន នៅពេលអ្នកសិក្សា ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
វិធីមួយលើកទឹកចិត្តសិស្សឲ្យចែកចាយការយល់ដឹងចេញពីការសិក្សារបស់ពួកគេផ្ទាល់គឺការអញ្ជើញពួកគេឲ្យស្វែងរកទំនុកតម្កើងមួយដែលទាក់ទងនឹងសេចក្ដីពិតដែលពួកគេបានរៀននៅក្នុង នីហ្វៃទី ៣ ២៧–នីហ្វៃទី ៤ ។ បន្ទាប់មក ពួកគេចែកចាយទំនុកតម្កើងដែលពួកគេបានរកឃើញ និងរបៀបដែលទំនុកតម្កើងទាំងនេះទាក់ទងនឹងសេចក្ដីពិតក្នុងបទគម្ពីរ ។
បង្រៀនគោលលទ្ធិ
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវហៅតាមព្រះនាមរបស់ទ្រង់ ហើយត្រូវបានស្ថាបនាឡើងនៅលើដំណឹងល្អរបស់ទ្រង់ ។
-
ការពិភាក្សាអំពីឈ្មោះនៃសាសនាចក្រអាចធ្វើឲ្យអំណរគុណនៃសិស្សរបស់អ្នកចំពោះសមាជិកភាពរបស់ពួកគេនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយកាន់តែមានន័យ ។ សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរឈ្មោះនៃអង្គការខុសៗគ្នា ហើយរៀបរាប់ពីអ្វីដែលឈ្មោះទាំងនោះប្រាប់យើងអំពីអង្គការទាំងនោះ ។ បន្ទាប់មក សិស្សអាចអាន នីហ្វៃទី ៣ ២៧:១–២២ ហើយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីឈ្មោះនៃសាសនាចក្ររបស់ទ្រង់ ។ ពួកគេក៏អាចចែកចាយថាតើការធ្វើជាសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទមានន័យយ៉ាងណាចំពោះពួកគេ ។ តើការយកព្រះនាមរបស់ទ្រង់មកដាក់លើខ្លួនយើងមានន័យយ៉ាងដូចម្ដេច ?
-
នេះគឺជាវិធីមួយដើម្បីពិភាក្សាពីសារៈសំខាន់នៃឈ្មោះនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។ បន្ទាប់ពីការពិភាក្សាមួយអំពីសេចក្ដីពិតដែលបានរកឃើញនៅក្នុង នីហ្វៃទី ៣ ២៧:១–២២ អ្នកអាចសរសេរឈ្មោះពេញរបស់សាសនាចក្រនៅលើក្ដារខៀន ។ បន្ទាប់មក សិស្សអាចជ្រើសយកពាក្យនៅក្នុងឈ្មោះនោះ ហើយប្រាប់ថាតើពាក្យនីមួយៗជួយយើងឲ្យស្គាល់ពីខ្លួនឯង ឬអ្វីដែលយើងជឿតាមរបៀបណា ។ សេចក្ដីថ្លែងការណ៍របស់ប្រធាន អិម រ័សុល បាឡឺដ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចជួយបាន ។ ហេតុអ្វីវាមានសារៈសំខាន់ដើម្បីប្រើឈ្មោះរបស់សាសនាចក្រ នៅពេលយើងចែកចាយជំនឿរបស់យើងដល់មនុស្សដទៃទៀត ?
-
បន្ទាប់ពីពន្យល់ថា សាសនាចក្ររបស់ទ្រង់ត្រូវតែ« សង់លើដំណឹងល្អរបស់ [ ទ្រង់ ] » ( នីហ្វៃទី ៣ ២៧:១០ ) ព្រះអង្គសង្គ្រោះបានពិពណ៌នាថាតើដំណឹងល្អរបស់ទ្រង់គឺជាអ្វី ។ ប្រហែលជាអ្នកអាចអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលពួកគេអាចពន្យល់ដល់មិត្តម្នាក់ថាតើដំណឹងល្អគឺជាអ្វី ។ បន្ទាប់មកអ្នកអាចអញ្ជើញពួកគេឲ្យស្រាវជ្រាវ នីហ្វៃទី ៣ ២៧:១៣–២២ ហើយរកមើលរបៀបដែលព្រះអង្គសង្គ្រោះបានកំណត់និយមន័យឲ្យដំណឹងល្អរបស់ទ្រង់ ។ តើយើងនឹងសង្ខេបនូវអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូលតាមរបៀបណា ? នៅពេលយើងសិក្សានិយមន័យនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ តើយើងទទួលបានការយល់ដឹងអ្វីខ្លះអំពីរបៀបរស់នៅតាមដំណឹងល្អនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ?
ព្រះគម្ពីរមរមនគឺជាសញ្ញាមួយថា កិច្ចការនៅថ្ងៃចុងក្រោយរបស់ព្រះនឹងត្រូវបានបំពេញ ។
-
ប្រហែលជាអ្នកអាចចាប់ផ្តើមការពិភាក្សាមួយអំពី នីហ្វៃទី ៣ ២៩–៣០ ដោយពិភាក្សាពីនិមិត្តសញ្ញានានា ។ ឧទាហរណ៍ សិស្សអាចឲ្យឈ្មោះនិមិត្តសញ្ញាដែលអនុញ្ញាតឲ្យយើងដឹងថា ខ្យល់ព្យុះមួយនឹងមកដល់ ឬថារដូវកាលនឹងផ្លាស់ប្ដូរ ។ បន្ទាប់មក ពួកគេអាចអាន នីហ្វៃទី ៣ ២៩:១–៣ ដើម្បីរៀនពីអ្វីដែលបានប្រាប់ជាសញ្ញាតាមរយៈការមកដល់នៃព្រះគម្ពីរមរមនដែលមរមនហៅថា « ពាក្យទាំងឡាយនេះ » ( សូមមើលផងដែរ នីហ្វៃទី ៣ ២១:១–៧ ) ។ តើព្រះអម្ចាស់បានប្រទានសារលិខិតអ្វីខ្លះនៅក្នុង នីហ្វៃទី ៣ ២៩:៤–៩ ដល់អស់អ្នកដែលនឹង« មើលងាយ » ឬ « មិនព្រមទទួលស្គាល់ » កិច្ចការរបស់ព្រះនៅថ្ងៃចុងក្រោយ ? តើការអានព្រះគម្ពីរមរមនប្រចាំថ្ងៃពង្រឹងសេចក្ដីជំនឿរបស់យើងលើរឿងទាំងនោះដែលមនុស្សដទៃ « មើលងាយ » ឬ « មិនព្រមទទួលស្គាល់ » នៅក្នុងជំនាន់របស់យើងរបៀបណា ? អ្នកគួរអញ្ជើញសិស្សឲ្យអានការអញ្ជើញរបស់ព្រះអម្ចាស់នៅក្នុង នីហ្វៃទី ៣ ៣០ ហើយចែកចាយរបៀបដែលព្រះគម្ពីរមរមនបានជួយពួកគេឲ្យទទួលយកការអញ្ជើញនេះ ។
ការប្រែចិត្តជឿចំពោះព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ដឹកនាំទៅរកសាមគ្គីភាព និងសុភមង្គល ។
-
ដំណើររឿងនៅក្នុង នីហ្វៃទី ៤ បង្ហាញពីអំណរដែលអាចកើតមាននៅក្នុងជីវិតរបស់យើង—ជាលក្ខណៈបុគ្គល ជាគ្រួសារ ជាវួដ និងស្តេក—នៅពេលយើងខិតខំដើម្បីមានការប្រែចិត្តជឿដ៏ពេញលេញចំពោះព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាសុំឲ្យសិស្សស្រាវជ្រាវ នីហ្វៃទី ៤ ១:១–១៨ ហើយសរសេរនៅលើក្ដារខៀនពីពរជ័យដែលបានកើតមានដល់ប្រជាជននោះ នៅពេលពួកគេបានប្រែចិត្តជឿចំពោះព្រះអម្ចាស់ ។ តើការប្រែចិត្តជឿរបស់ពួកគេបានជះឥទ្ធិពលដល់របៀបដែលពួកគេប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកតាមរបៀបណា ? ប្រហែលជាសិស្សអាចចែកចាយពីរបៀបដែលដំណឹងល្អបាននាំយកពរជ័យស្រដៀងគ្នានេះដល់ក្រុមគ្រួសាររបស់ពួកគេ ឬវួដរបស់ពួកគេ ។ ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលយើងម្នាក់ៗអាចរស់នៅឲ្យកាន់តែដូចជាប្រជាជននៅក្នុង នីហ្វៃទី ៤ និងរបៀបដែលយើងអាចលើកទឹកចិត្តឲ្យមានសាមគ្គីភាព និងសុភមង្គលដ៏ធំក្នុងចំណោមមនុស្សជុំវិញខ្លួន យើង អ្នកអាចអានសេចក្ដីថ្លែងការណ៍របស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុង« ធនធានបន្ថែមទាំងឡាយ » ។ សិស្សអាចវាយតម្លៃដល់ការខិតខំរបស់ពួកគេផ្ទាល់នៅក្នុងផ្នែកទាំងបីដែលអែលឌើរ គ្រីស្តូហ្វឺសិនបានរៀបរាប់ ។
-
ប្រជាជននៅក្នុងព្រះគម្ពីរមរមនបានបំបែកខ្លួនឯងជាសាសន៍នីហ្វៃ និងសាសន៍លេមិន—« សាសន៍ » ជាច្រើនទៀត—អស់រយៈពេលជាច្រើនទសវត្សរ៍ ប៉ុន្តែបន្ទាប់ពីការងាររបស់ព្រះអង្គសង្គ្រោះនៅក្នុងចំណោមពួកគេមក ការបែងចែកទាំងនេះបានរលាយបាត់ ។ បន្ទាប់ពីអាន នីហ្វៃទី ៤ ១:១៧ រួមគ្នាមក ប្រហែលជាសិស្សអាចចែកចាយគំនិតរបស់ពួកគេអំពី « សាសន៍ » ឬក្រុមប្រភេទណាដែលមាននៅក្នុងសង្គមយើងសព្វថ្ងៃនេះ ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីយកឈ្នះការបែងចែកបែបនេះ ហើយក្លាយជា « រូបមួយ គឺជាកូនចៅនៃព្រះគ្រីស្ទ ? » ( ខទី ១៧ ) ។
-
តើសិស្សអាចរៀនអ្វីខ្លះមកពីការធ្លាក់ចុះនៃសង្គមស៊ីយ៉ូនដែលបានរៀបរាប់នៅក្នុង នីហ្វៃទី ៤ ? អ្នកអាចអញ្ជើញពួកគេឲ្យស្រាវជ្រាវ នីហ្វៃទី ៤ ១:១៩–៣៤ ហើយរកអ្វីដែលបានបញ្ចប់សុភមង្គល និងសាមគ្គីភាពដែលប្រជាជននោះបានដកពិសោធន៍ជិត ២០០ ឆ្នាំបន្ទាប់ពីការយាងមករបស់ព្រះអង្គសង្គ្រោះ ។ តើសេចក្ដីពិតនៅក្នុងខគម្ពីរទាំងនេះអាចជួយយើងឲ្យស្គាល់ពីឥរិយាបថ និងអាកប្បកិរិយាអ្វីខ្លះដែលចាំបាច់ត្រូវផ្លាស់ប្ដូរនៅក្នុងជីវិត និងក្នុងសង្គមរបស់យើង ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
មរមន ១–៦ ពិពណ៌នាពីព្រឹត្តិការណ៍ដ៏អាក្រក់ដែលបានដឹកនាំទៅរកការបំផ្លិចបំផ្លាញប្រជាជននីហ្វៃ ។ ដើម្បីលើកទឹកចិត្តសិស្សឲ្យអានជំពូកទាំងនេះ សូមអញ្ជើញពួកគេឲ្យរកមើលចំណុចនានាដែលពួកគេបានកត់សម្គាល់ឃើញអំពីពួកសាសន៍នីហ្វៃដែលយើងឃើញកំពុងកើតឡើងនៅជំនាន់របស់យើង ។
ធនធានបន្ថែមទាំងឡាយ
ឈ្មោះនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ។
ប្រធាន អិម រ័សុល បាឡឺដ បានមានប្រសាសន៍ថា
« ខ្ញុំបានគិតជាច្រើនអំពីមូលហេតុដែលព្រះអម្ចាស់បានប្រទានឈ្មោះដែលមានប្រាំបួនពាក្យដល់សាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ វាហាក់ដូចជាវែង ប៉ុន្តែបើយើងគិតពីវាជាទិដ្ឋិភាពពិពណ៌នាទូទៅពីសាសនាចក្រ នោះវាខ្លី ត្រង់ និងច្បាស់ចំៗ ។ តើមានការរៀបរាប់ណាទៀតដែលចំ និងច្បាស់ ប៉ុន្តែបញ្ជាក់ន័យតែត្រឹមពាក្យបីបួនម៉ាត់ដូចពាក្យទាំងនេះ ?
« ពាក្យនីមួយៗច្បាស់ ហើយសំខាន់ ។ ពាក្យ សាសនាចក្រ បញ្ជាក់ពីគោលជំហរតែមួយរបស់សាសនាចក្រដែលបានស្ដារឡើងវិញ នៅក្នុងចំណោមសាសនាជាច្រើននៅលើពិភពលោក ។
« ពាក្យ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ប្រកាសថា វាជាសាសនាចក្ររបស់ទ្រង់ [ សូមមើល នីហ្វៃទី ៣ ២៧:៨ ] ។…
នៃថ្ងៃចុងក្រោយ ពន្យល់ថា វាជាសាសនាចក្រតែមួយនឹងសាសនាចក្រដែលព្រះយេស៊ូវគ្រីស្ទបានបង្កើតឡើងក្នុងពេល នៃការគ្រប់គ្រងខាងសាច់ឈាមរបស់ទ្រង់ ហើយត្រូវបានស្ដារឡើងវិញនៅថ្ងៃចុងក្រោយនេះ ។ យើងដឹងថាមានការធ្លាក់ចេញ ឬការក្បត់សាសនាមួយ ដែលតម្រូវឲ្យមានការស្ដារឡើងវិញនៃសាសនាចក្រពិតពេញលេញរបស់ទ្រង់នៅជំនាន់របស់យើង ។
« ពួកបរិសុទ្ធ មានន័យថា សមាជិកសាសនាចក្រធ្វើតាមទ្រង់ ហើយព្យាយាមធ្វើតាមព្រះទ័យទ្រង់ រក្សាព្រះបញ្ញត្តិទ្រង់ ហើយរៀបចំខ្លួនម្ដងទៀត ដើម្បីរស់នៅជាមួយទ្រង់ និងព្រះវរបិតាសួគ៌យើងនៅពេលអនាគត ។ ពួកបរិសុទ្ធ សំដៅយ៉ាងសាមញ្ញលើអស់អ្នកណាដែលព្យាយាមធ្វើឲ្យជីវិតរបស់ខ្លួនបរិសុទ្ធដោយចុះសេចក្តីសញ្ញាធ្វើតាមព្រះគ្រីស្ទ » ( « The Importance of a Name » Ensign ឬ Liahonaខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨០ ) ។
តើវាតម្រូវឲ្យមានអ្វីខ្លះដើម្បីស្ថាបនាក្រុងស៊ីយ៉ូន ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនថា « ស៊ីយ៉ូន គឺជាស៊ីយ៉ូនមួយ ដោយសារតែចរិត លក្ខណៈ និងភាពស្មោះត្រង់របស់ពលរដ្ឋនៃស៊ីយ៉ូន [ សូមមើល ម៉ូសេ ៧:១៨ ] ។ … ប្រសិនបើយើងនឹងស្ថាបនាស៊ីយ៉ូននៅក្នុងគេហដ្ឋានសាខា វួដ និង ស្ដេករបស់យើង នោះយើងត្រូវតែចាប់យកបទដ្ឋាននេះ ។ វានឹងចាំបាច់ (១) ដើម្បីមានសាមគ្គីភាពក្នុងដួងចិត្ត ហើយគំនិតតែមួយ (២) ដើម្បីប្រែក្លាយជារាស្ត្រដ៏បរិសុទ្ធទាំងជាបុគ្គល និង ជារួមព្រមទាំង (៣) ដើម្បីមើលថែដល់អ្នកទ័លក្រ និង ទុគ៌តជន ដោយមានប្រសិទ្ធភាពដូច្នេះ ដើម្បីយើងលុបបំបាត់ភាពក្រីក្រនៅក្នុងចំណោមពួកយើង ។ យើងពុំអាចរង់ចាំរហូតដល់ស៊ីយ៉ូនមកដល់ ទើបហេតុការណ៍ទាំងនេះកើតឡើងនោះទេ––ស៊ីយ៉ូន នឹងមកដល់តែពេលដែលការណ៏ទាំងនេះកើតឡើងហើយប៉ុណ្ណោះ » ( « Come to Zion » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៣៨ ) ។