« ថ្ងៃទី ២៦ ខែ តុលា–ថ្ងៃទី ១ ខែ វិច្ឆិកា ។ មរមន ១–៦ ៖ ‹ ខ្ញុំសង្ឃឹមថា ខ្ញុំអាចបញ្ចុះបញ្ចូលអស់អ្នករាល់គ្នា … ឲ្យប្រែចិត្ត › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
ថ្ងៃទី ២៦ ខែ តុលា–ថ្ងៃទី១ ខែ វិច្ឆិកា ។ មរមន ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៦ ខែ តុលា–ថ្ងៃទី ១ ខែ វិច្ឆិកា
មរមន ១–៦
« ខ្ញុំសង្ឃឹមថា ខ្ញុំអាចបញ្ចុះបញ្ចូលអស់អ្នករាល់គ្នា … ឲ្យប្រែចិត្ត »
នៅពេលអ្នកអាន មរមន ១–៦ ហើយរកមើលសេចក្ដីពិតដែលអាចជួយសិស្សរបស់អ្នកឲ្យបន្តស្មោះត្រង់នៅក្នុងគ្រាទុច្ចរិត ដូចជាមរមន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ពេលខ្លះ សិស្សមានការស្ទាក់ស្ទើរដើម្បីចែកចាយការយល់ដឹងរបស់ពួកគេ ដោយសារពួកគេពុំមានពេលដើម្បីរៀបចំគំនិតរបស់ពួកគេ ។ ដើម្បីជួយពួកគេធ្វើកិច្ចការនេះ សូមទុកពេលឲ្យពួកគេពីរបីនាទីដើម្បីសរសេរការយល់ដឹងដែលពួកគេទទួលបានមកពីការសិក្សា មរមន ១–៦ នៅឯគេហដ្ឋាន បន្ទាប់មកសុំពួកគេឲ្យចែកចាយ ។
បង្រៀនគោលលទ្ធិ
យើងអាចរស់នៅដោយសុចរិត ទោះជាមានអំពើទុច្ចរិតនៅជុំវិញខ្លួនយើងក្ដី ។
-
សិស្សរបស់អ្នកភាគច្រើនអាចយល់ពីបទពិសោធន៍របស់មរមនដែលខិតខំដើម្បីរស់នៅដោយសុចរិតនៅក្នុងពិភពលោកមួយដ៏ទុច្ចរិត ។ ប្រហែលជាពួកគេអាចចែកចាយអ្វីដែលពួកគេរៀនមកពីគំរូរបស់មរមន ។ ដើម្បីជួយសម្រួលការពិភាក្សានេះ អ្នកអាចអញ្ជើញសិស្សឲ្យស្វែងរកខគម្ពីរដែលបង្ហាញពីគុណសម្បត្តិរបស់មរមន ហើយធ្វើបញ្ជីមួយនៃគុណសម្បត្តិទាំងនេះនៅលើក្ដារខៀន ( ឧទាហរណ៍ សូមមើល មរមន ១:២–៣, ១៥–១៦, ២:១, ២៣–២៤, ៣:១–៣, ១២, ១៧–២២ ) ។ តើគុណសម្បត្តិទាំងនេះនឹងជួយមរមនឲ្យបន្តរឹងមាំខាងវិញ្ញាណតាមរបៀបណា ? តើពួកគេអាចជួយយើងឲ្យកាន់តែដូចជាមរមនតាមរបៀបណា ?
-
ជាញឹកញាប់ មរមនសរសេរសំដៅទៅលើមនុស្សក្នុងជំនាន់របស់យើង ។ តើយើងអាចរៀនអ្វីខ្លះមកពីពាក្យសម្ដីរបស់លោកមកកាន់យើងនៅក្នុង មរមន ៣:១៧–២២ និង ៥:១០–២៤ ? សូមឲ្យក្រដាសមួយសន្លឹកដែលមានសរសេរឃ្លានៅផ្នែកខាងលើថា « ការប្រឹក្សារបស់មរមនចំពោះយើង » ដល់សិស្សម្នាក់ៗ ហើយលើកទឹកចិត្តពួកគេឲ្យស្វែងរកសារលិខិតនៅក្នុងគម្ពីរទាំងនេះដែលទាក់ទងនឹងជំនាន់របស់យើង ។ តើយើងអាចអនុវត្តការប្រឹក្សារបស់មរមនដើម្បីជួយយើងឲ្យបន្តរឹងមាំខាងវិញ្ញាណនៅក្នុងពិភពលោកសព្វថ្ងៃតាមរបៀបណា ?
-
ប្រសិនបើអ្នកបង្រៀនយុវវ័យ អ្នកអាចប្រើគំរូរបស់មរមនដើម្បីជួយពួកគេឲ្យយល់ថា ពួកគេអាចក្លាយជាពួកអ្នកដឹកនាំសុចរិត កាលពួកគេនៅក្មេង ។ ប្រសិនបើអ្នកបង្រៀនមជ្ឈិមវ័យ អ្នកអាចប្រើគំរូរបស់លោកដើម្បីបំផុសឲ្យមានការពិភាក្សាមួយអំពីឱកាសដើម្បីជួយយុវវ័យឲ្យក្លាយជាពួកអ្នកដឹកនាំដ៏ល្អ ។ ដើម្បីចាប់ផ្ដើមការពិភាក្សា អ្នកអាចសុំឲ្យសិស្សខ្លះរំឭកឡើងវិញនូវ មរមន ១ ហើយសិស្សផ្សេងទៀតរំឭក មរមន ២ ដោយក់តសម្គាល់ពីឱកាសដែលមរមនត្រូវបានផ្ដល់ឲ្យដើម្បីដឹកនាំកាលពីលោកនៅក្មេង ។ តើលោកមានគុណសម្បត្តិអ្វីខ្លះដែលធ្វើឲ្យលោកក្លាយជាអ្នកដឹកនាំមួយរូបដ៏អស្ចារ្យ ? សិស្សអាចចែកចាយពីគំរូដែលពួកគេធ្លាប់ឃើញអំពីឥទ្ធិពលដ៏មានអនុភាពនៃកុមារ និងយុវវ័យដ៏សុចរិត ។ ពួកគេក៏អាចពិភាក្សាអំពីឱកាសដែលពួកគេ—ឬយុវវ័យដែលពួកគេស្គាល់—មានដើម្បីធ្វើជាពួកអ្នកដឹកនាំដែលមានគុណសម្បត្តិដូចជាមរមន ។
ការប្រែចិត្តតម្រូវឲ្យមានចិត្តសង្រេង និងវិញ្ញាណទន់ទាប ។
-
ដើម្បីរៀនអំពីភាពខុសគ្នារវាងសេចក្ដីទុក្ខសោកដែលដឹកនាំទៅរកការប្រែចិត្ត និងសេចក្ដីទុក្ខសោកដែលពុំនាំទៅរកការណ៍នោះ សូមពិចារណាអាន មរមន ២:១០–១៥ រួមគ្នា ហើយពិភាក្សាពីសំណួរដូចតទៅនេះ ៖ តើតួនាទីនៃ« សេចក្ដីទុក្ខសោក » នៅក្នុងការប្រែចិត្តគឺជាអ្វី ? តើភាពខុសគ្នារវាង « សេចក្ដីទុក្ខសោក… នាំទៅរកការប្រែចិត្ត » និង « សេចក្ដីទុក្ខព្រួយរបស់អ្នកជាប់ទោស » មានអ្វីខ្លះ ? តើឥវិយាបថ និងអាកប្បករិយាអ្វីខ្លះដែលអាចជួយយើងឲ្យមាន « ចិត្តសង្រេង និងវិញ្ញាណទន់ទាប » ?
យើងអាចស្រឡាញ់មនុស្សដទៃ ទោះជាយើងពុំយល់ស្របនឹងការជ្រើសរើសរបស់ពួកគេក្ដី ។
-
ដូចជាមរមនដែរ សិស្សរបស់អ្នកជាច្រើនសេពគប់នឹងមនុស្សដែលពុំមានជំនឿដូចជាពួកគេឡើយ ។ តើអ្នកអាចប្រើគំរូរបស់មរមនដើម្បីបង្រៀនសិស្សអំពីការស្រឡាញ់មនុស្សដទៃ ទោះជាពួកគេមានភាពខុសគ្នាក្ដីតាមរបៀបណា ? សូមពិចារណាអាន មរមន ៣:១២ រួមគ្នា ហើយពិភាក្សាពីគ្រាដែលមរមនបានបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សដែលបានបដិសេធសារលិខិតរបស់លោក ហើយបានបះបោរយ៉ាងកម្រោលទាស់នឹងព្រះ ( ឧទាហរណ៍ សូមមើល មរមន ១:១៦–១៧, ២:១២ ) ។ តើសិស្សអាចចែកចាយបទពិសោធន៍អ្វីខ្លះមកពីជីវិតរបស់ពួកគេផ្ទាល់អំពីការស្រឡាញ់មនុស្សដែលពុំមានជំនឿ ឬតម្លៃដូចជាពួកគេ ? សេចក្ដីថ្លែងការណ៍របស់ប្រធាន ដាល្លិនអេក អូក នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ផ្ដល់ការប្រឹក្សាបន្ថែមទៀត ។
ព្រះយេស៊ូវគ្រីស្ទឈរលាតព្រះពាហុទទួលយើង ។
-
ចំពោះអស់អ្នកដែលគ្មានសង្ឃឹមថា ពួកគេនឹងទទួលបានការអភ័យទោសពីអំពើបាបរបស់ពួកគេនោះទេ ការពិពណ៌នារបស់មរមនអំពីព្រះអង្គសង្គ្រោះឈរ « លាតព្រះពាហុចាំទទួលអ្នក » អាចផ្ដល់ឲ្យនូវការអះអាងបាន ។ សូមពិចារណា មរមន ៦:១៧ រួមគ្នា ហើយបង្ហាញរូបភាពព្រះយេស៊ូវគ្រីស្ទដែលលាតព្រះពាហុ ( ដូចជា រូបភាពដំណឹងល្អ ល.រ. ៦៦ ) ។ តើខគម្ពីរនេះបង្រៀនអ្វីខ្លះអំពីការខិតខំរបស់ព្រះអង្គសង្គ្រោះដើម្បីជួយយើង ? អ្នកក៏អាចពិចារណាច្រៀងទំនុកតម្កើងមួយរួមគ្នាដែលបង្រៀនពីសារលិខិតមួយស្រដៀងគ្នា ដូចជា « មកឯព្រះយេស៊ូវ » ( ទំនុកតម្កើង ល.រ. ៦៤ ) ។ អ្នកក៏អាចចែកចាយបទពិសោធន៍របស់ប្រធាន រ័សុល អិម ណិលសុន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ហើយសុំឲ្យសិស្សពិភាក្សាគ្នាអំពីរបៀបដែលយើងអាចជួយមនុស្សដទៃឲ្យដឹងថា ការប្រែចិត្តអាចធ្វើទៅបានផងដែរ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
អ្នកអាចសុំឲ្យសិស្សគិតពីអ្វីដែលពួកគេនឹងសរសេរនៅក្នុងសំបុត្រមួយទៅកាន់មនុស្សនាពេលអនាគត ។ នៅក្នុង មរមន ៧–៩ យើងអានពីអ្វីដែលមរមន និងមរ៉ូណៃបានសរសេរជាច្រើនសតវត្សរ៍មុនទៅកាន់មនុស្សនៅជំនាន់របស់យើង ។
ធនធានបន្ថែមទាំងឡាយ
ការស្រឡាញ់មនុស្សដទៃដែលជឿផ្សេងពីយើង ។
ប្រធាន ដាល្លិន អេក អូក បានពន្យល់ថា
« យើងទាំងអស់គ្នាគួរតែធ្វើតាមការបង្រៀនដំណឹងល្អឲ្យស្រឡាញ់អ្នកជិតខាងខ្លួន និងចៀសវាងពីការទាស់ទែងគ្នា ។ អ្នកដើរតាមព្រះគ្រីស្ទ គួរតែធ្វើជាគំរូមានឥរិយាបទថ្លៃថ្នូរ ។ យើងត្រូវស្រឡាញ់មនុស្សទាំងអស់ ក្លាយជាអ្នកស្ដាប់ដ៏ល្អ និងបង្ហាញកង្វល់ចំពោះជំនឿដ៏ស្មោះសរបស់ពួកគេ ។ ទោះបីជាយើងអាចមិនយល់ស្របក្តី តែយើងក៏មិនគួរបដិសេធនោះដែរ ។ ជំហរ និងទំនាក់ទំនងរបស់យើងអំពីប្រធានបទដ៏បដិវាទនេះ មិនគួរជាបុព្វហេតុសម្រាប់ជំលោះនោះទេ ។ យើងត្រូវតែមានភាពវាងវៃក្នុងការពន្យល់ និងការតោងជាប់នូវឋានៈរបស់យើង និងអនុវត្តឥទ្ធិពលរបស់យើង ។ ការធ្វើដូច្នោះ យើងជួយអ្នកដទៃមិនឲ្យមានការអាក់អន់ចិត្តនឹងជំនឿដ៏ស្មោះសរ និងសេរីភាពនៃការជ្រើសរើសសាសនារបស់យើង ។ យើងសូមលើកទឹកចិត្តឲ្យមនុស្សគ្រប់រូប អនុវត្តតាម ច្បាប់មាសរបស់ព្រះអង្គសង្រ្គោះថា ៖ ‹ ដូច្នេះ អស់ទាំងការអ្វីដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ › ( ម៉ាថាយ ៧:១២ ) ។
« នៅពេលជំហររបស់យើងមិនបានជ័យជំនះ នោះយើងគួរតែទទួលយកនូវលទ្ធផលដែលមិនគាប់ចិត្តនោះដោយសទ្ធាទន់ភ្លន់ និងអនុវត្តការគួរសមជាមួយនឹងសត្រូវរបស់យើង » ( « Loving Others and Living with Differences » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៧ ) ។
ការប្រែចិត្តអាចធ្វើទៅបាន ។
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយបទពិសោធន៍ដូចតទៅនេះថា ៖
« នៅឆ្នាំមុន កាលអែលឌើរ ដេវីឌ អេស បាស្ទើរ និងខ្ញុំកំពុងបើកឡានទៅកាន់សន្និសីទស្តេកមួយ យើងបានឈប់នៅភោជនីយដ្ឋានមួយ ។ ក្រោយមកទៀត នៅពេលត្រឡប់មកឡានវិញ យើងបានដើរសំដៅទៅស្ត្រីម្នាក់ដែលបានស្រែកហៅយើង ។ … គាត់បានសួរថាតើយើងគឺជាពួកអែលឌើរនៅក្នុងសាសនាចក្រមែនទេ ។ យើងបានតបថា មែនហើយ ។ ភ្លាមនោះ គាត់បានប្រាប់ពីដំណើររឿងនៃជីវិតដ៏ជូរចត់របស់គាត់ ដែលពោរពេញដោយអំពើបាប ។ ឥឡូវនេះ ត្រឹមតែវ័យ ២៨ ឆ្នាំប៉ុណ្ណោះ គាត់មានទុក្ខវេទនាជាខ្លាំង ។ គាត់មានអារម្មណ៍ថា ខ្លួនឯងគ្មានតម្លៃដើម្បីរស់នៅបន្តទៀតឡើយ ។ កាលគាត់បាននិយាយ នោះភាពផ្អែមល្ហែមនៃព្រលឹងរបស់គាត់បានចាប់ផ្ដើមលេចឡើង ។ ដោយអង្វរទាំងទឹកភ្នែក នោះគាត់បានសួរថាតើគាត់នៅមានសង្ឃឹមដែរទេ មានផ្លូវណាមួយដែលជួយគាត់ឲ្យរួចពីភាពអស់សង្ឃឹមរបស់គាត់ដែទេ ។
« ‹ យើងបានតបថា ‹ ពិតណាស់ សេចក្ដីសង្ឃឹមនៅតែមាន ។ សេចក្ដីសង្ឃឹមត្រូវបានតភ្ជាប់ទៅនឹងការប្រែចិត្ត ។ អ្នកអាចផ្លាស់ប្ដូរបាន ។ អ្នកអាច « មករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » [ មរ៉ូណៃ ១០:៣២ ] ។ យើងបានលើកទឹកចិត្តគាត់កុំឲ្យពន្យារពេល [ សូមមើល អាលម៉ា ១៣:២៧, ៣៤:៣៣ ] ។ គាត់បានបន្ទាបខ្លួន ហើយបានអរគុណយើងដោយស្មោះ ។
« កាលអែលឌើរ បាស្ទើរ និងខ្ញុំបន្តដំណើររបស់យើងទៅមុខទៀត យើងបានពិចារណាពីបទពិសោធន៍នោះ ។ យើងនឹកចាំពីការប្រឹក្សាដែលអើរ៉ុនបានផ្ដល់ឲ្យដល់ព្រលឹងមួយដ៏អស់សង្ឃឹម ដែលបាននិយាយថា ‹ បើសិនជាទ្រង់មានបំណងចង់បានការណ៍នេះ បើសិនជាទ្រង់ក្រាបចំពោះព្រះ មែនហើយ បើសិនជាទ្រង់ប្រែចិត្តពីអំពើបាបទាំងអស់របស់ទ្រង់ ហើយក្រាបចំពោះព្រះ ហើយអំពាវនាវដល់ព្រះនាមទ្រង់ដោយនូវសេចក្ដីជំនឿ ដោយជឿថា ទ្រង់នឹងទទួល ពេលនោះទ្រង់នឹងទទួលនូវសេចក្ដីសង្ឃឹមដែលទ្រង់ប៉ងប្រាថ្នា › [ អាលម៉ា ២២:១៦ ] ។ …
« …ចំពោះស្ត្រីអាយុ ២៨ ឆ្នាំដែលបានផុងនៅក្នុងអំពើបាប និងចំពោះយើងម្នាក់ៗ ខ្ញុំសូមប្រកាសថា ពរជ័យដ៏ផ្អែមល្ហែមនៃការប្រែចិត្តអាចកើតឡើងបាន ។ វាកើតឡើងតាមរយៈការប្រែចិត្តជឿដ៏ពេញលេញចំពោះព្រះអម្ចាស់ និងកិច្ចការដ៏បរិសុទ្ធរបស់ទ្រង់ » ។
លើសពីនេះទៀត ប្រធាន ណិលសុន បានសង្កេតឃើញថា « យើងក៏ចងចាំពីមនុស្សដែលមានបាបនៅក្រោមការមើលថែនៃថ្នាក់ដឹកនាំពួកគេដែលមានការខ្វល់ខ្វាយផងដែរ នោះមរមនបានសរសរថា ‹ ខ្ញុំគ្មានសង្ឃឹមឡើយ ដ្បិតខ្ញុំបានដឹងថា សេចក្ដីជំនុំជម្រះទាំងឡាយនៃព្រះអម្ចាស់នឹងធ្លាក់មកលើពួកគេ ដ្បិតពួកគេពុំប្រែចិត្តចេញពីអំពើទុច្ចរិតទាំងឡាយរបស់គេទេ ប៉ុន្តែបានតស៊ូដើម្បីជីវិតរបស់គេ ដោយពុំអំពាវនាវដល់តួអង្គ ដែលបានបង្កើតពួកគេឡើយ › ( មរមន ៥:២ ) » ( « Repentance and Conversion » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០២, ១០៤ ) ។