« ថ្ងៃទី ១៦–២២ ខែ វិច្ឆិកា ។ អេធើរ ៦–១១ ៖ ‹ ដើម្បីឲ្យអំពើអាក្រក់ត្រូវបាត់អស់ទៅ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៦–២២ ខែ វិច្ឆិកា ។ អេធើរ ៦–១១ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៦–២២ ខែ វិច្ឆិកា
អេធើរ ៦–១១
« ដើម្បីឲ្យអំពើអាក្រក់ត្រូវបាត់អស់ទៅ »
សូមចងចាំថា កំណត់ត្រាដែលមាននៅក្នុងព្រះគម្ពីរមរមនត្រូវបានសរសេរឡើងសម្រាប់ជំនាន់របស់យើង ។ នៅពេលអ្នករៀបចំខ្លួនបង្រៀន សូមមើលដំណើររឿងបទគម្ពីរទាំងនេះដើម្បីស្វែងរកគោលការណ៍ដែលអាចផ្ដល់កម្លាំងដល់សិស្សដើម្បីប្រឈមមុខនឹងឧបសគ្គនៅក្នុងជីវិតរបស់ពួកគេ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ដើម្បីជួយសិស្សឲ្យចែកចាយអ្វីមួយដែលពួកគេគិតថាមានន័យនៅក្នុង អេធើរ ៦–១១ អ្នកអាចអញ្ជើញពួកគេឲ្យនឹកស្រមៃថា ជំពូកទាំងនេះត្រូវបានរៀបចំចងក្រងជាខ្សែភាពយន្តមួយ តើឃ្លាអ្វីទៅនៅក្នុង អេធើរ ៦–១១ ដែលពួកគេនឹងផ្តល់យោបល់ឲ្យប្រើជាចំណងជើងនោះ ? សូមទុកពេលឲ្យពួកគេគិតអំពីរឿងនេះ ហើយអញ្ជើញពួកគេឲ្យចែកចាយចំណងជើងរបស់ពួកគេ ហើយពន្យល់ពីហេតុផលដែលពួកគេជ្រើសរើសចំណងជើងនោះ ។
បង្រៀនគោលលទ្ធិ
ព្រះអម្ចាស់នឹងដឹកនាំយើងឲ្យឆ្លងកាត់ដំណើរក្នុងជីវិតរមែងស្លាប់របស់យើង ។
-
គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារណែនាំពីការប្រៀបធៀបដំណើរឆ្លងកាត់សមុទ្ររបស់ពួកសាសន៍យ៉ារេឌទៅនឹងដំណើររបស់យើងឆ្លងកាត់ជីវិតរមែងស្លាប់ ។ សូមឲ្យសិស្សដែលបានសាកល្បងធ្វើសកម្មភាពនេះនៅឯគេហដ្ឋានចែកចាយការយល់ដឹងដែលពួកគេទទួលបានមកពីរឿងប្រៀបប្រដូចនេះ ។ ដើម្បីជួយសិស្សឲ្យធ្វើការប្រៀបធៀបបន្ថែមទៀតនៅក្នុងថ្នាក់ សូមអញ្ជើញពួកគេឲ្យរកមើលនៅក្នុងអេធើរ ៦:១–១២នូវព័ត៌មានលម្អិតអំពីការធ្វើដំណើរដែលអាចមានអត្ថន័យជានិមិត្តរូប ( ដូចជា ក្រួសដែលភ្លឺចែងចាំង ភេត្រា និងខ្យល់ព្យុះ ) ហើយសរសេរវានៅលើក្ដារខៀន ។ បន្ទាប់មកសិស្សអាចចំណាយពេលបីបួននាទីធ្វើការជាគូ ឬជាក្រុមតូចៗដើម្បីសិក្សាខគម្ពីរទាំងឡាយ ហើយពិភាក្សាពីអ្វីដែលនិមិត្តរូបទាំងនេះអាចតំណាងឲ្យនៅក្នុងជីវិតរបស់យើង ។ ឧទាហរណ៍ តើ « ដែនដីសន្យា » របស់យើងគឺជាអ្វី ? ( ទី ៨ ) ។ តើព្រះដឹកនាំយើងនៅក្នុងដំណើររឿងយើងតាមរបៀបណា ?
-
អ្នកអាចប្រើ អេធើរ ៦:១–១២ ដើម្បីបំផុសគំនិតឲ្យមានការពិភាក្សាមួយអំពីរបៀបងាកទៅរកព្រះជួយយើងឆ្លងកាត់ការសាកល្បងរបស់យើង ។ ឧទាហរណ៍ ពាក្យដកស្រង់នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចជួយសិស្សប្រៀបធៀប « ខ្យល់ដ៏ខ្លាំង » ដែលបានលើកឡើងនៅក្នុង ខទី ៥–៨ជាមួយនឹងទុក្ខវេទនានៃជីវិត ។ តើពួកសាសន៍យ៉ារេឌបានធ្វើអ្វីខ្លះ នៅពេលពួកគេ « ត្រូវហ៊ុមព័ទ្ធជុំវិញដោយទឹកជាច្រើន » ? ( ខទី ៧ ) ។ សិស្សអាចចែកចាយបទពិសោធន៍ដែលរងទុក្ខវេទនារបស់ពួកគេបានជួយជំរុញពួកគេឲ្យឆ្ពោះទៅមុខ ។ តើរបៀបដែលពួកគេឆ្លើយតបចំពោះការសាកល្បងរបស់ពួកគេបានជួយពួកគេឲ្យរីកចម្រើនឆ្ពោះទៅរក« ដែនដីសន្យា » របស់ពួកគេតាមរបៀបណា ? តើព្រះអម្ចាស់បានជួយពួកគេឆ្លងកាត់ឧបសគ្គរបស់ពួកគេដោយរបៀបណា ? សូមលើកទឹកចិត្តពួកគេឲ្យមើលពាក្យ និងឃ្លានៅក្នុង អេធើរ ៦ នៅពេលពួកគេចែកចាយបទពិសោធន៍ និងគំនិតរបស់ពួកគេ ។
អេធើរ ៦:៧–១៨, ៣០, ៩:២៨–៣៥, ១០:១–២
ព្រះអម្ចាស់ប្រទានពរជ័យដល់យើងនៅពេលយើងបន្ទាបខ្លួន ។
-
ទោះជាភាគច្រើននៃដំណើររឿងរបស់ពួកសាសន៍យ៉ារេឌបង្ហាញពីលទ្ធផលអវិជ្ជមាននៃអំនួត និងអំពើទុច្ចរិតក្ដី ក៏វារួមមាននូវគ្រានៃការបន្ទាបខ្លួន និងការរីកចម្រើនដែលយើងអាចរៀនផងដែរ ។ ដើម្បីជួយសិស្សឲ្យរៀនពីគំរូវិជ្ជមានទាំងនេះ អ្នកអាចបំបែកសិស្សជាពីរក្រុម ហើយចាត់ក្រុមមួយឲ្យអាន អេធើរ ៦:៧–១៨ និង ៣០ កាលក្រុមមួយទៀតអាន អេធើរ ៩:២៨–៣៥ និង ១០:១–២ ។ សូមឲ្យពួកគេរកមើលភស្ដុតាងនៅក្នុងខគម្ពីរទាំងនេះថា ពួកសាសន៍យ៉ារេឌបានបន្ទាបខ្លួន—ឬបានបន្ទាបខ្លួនតាមរយៈស្ថានភាពរបស់ពួកគេ—និងរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់ពួកគេ ។ នៅពេលសិស្សមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីក្រុមនីមួយៗឲ្យចែកចាយអ្វីដែលពួកគេបានរៀន ។ តើការបន្ទាបខ្លួនជួយយើងឲ្យខិតទៅជិតព្រះតាមរបៀបណា ? ការច្រៀង ឬការស្ដាប់ទំនុកតម្កើងមួយអំពីការបន្ទាបខ្លួន ដូចជាបទ « ខ្ញុំត្រូវការទ្រង់ជានិច្ច »( ទំនុកតម្កើង ល.រ. ៤៧ ) អាចបន្ថែមដល់សកម្មភាពនេះ ។
ថ្នាក់ដឹកនាំសុចរិតដឹកនាំប្រជាជនទៅរកព្រះ ។
-
សូម្បីតែអស់អ្នកដែលពុំធ្លាប់កាន់តួនាទីជាថ្នាក់ដឹកនាំជាផ្លូវការក្ដីអាចរៀនមកពីគំរូនៃស្ដេចដ៏សុចរិត និងទុច្ចរិតសាសន៍យ៉ារេឌ ដំណើររឿងទាំងនេះអាចជួយយើងឲ្យក្លាយជាថ្នាក់ដឹកនាំដ៏ប្រសើរនៅក្នុងគេហដ្ឋានរបស់យើង ក្នុងសហគមន៍របស់យើង និងនៅឯព្រះវិហារ ។ ប្រហែលជាអ្នកអាចចាប់ផ្ដើមការពិភាក្សាមួយអំពីប្រធានបទនេះ ដោយសូមឲ្យសិស្សគិតអំពីមនុស្សម្នាក់ដែលពួកគេគិតថាជាថ្នាក់ដឹកនាំដ៏ល្អម្នាក់ ។ សូមអញ្ជើញពួកគេឲ្យចែកចាយដោយសង្ខេបពីគុណសម្បត្តិមួយចំនួនរបស់បុគ្គលនោះ ហើយធ្វើបញ្ជីមួយនៅលើក្ដារខៀន ។ បន្ទាប់មក អ្នកអាចចាត់សិស្សម្នាក់ៗឲ្យរៀនអំពីស្ដេចសាសន៍យ៉ារេឌមួយអង្គនៅក្នុង អេធើរ ៧–១១ ។ ( បញ្ជីមួយអំពីស្ដេច ដោយមានសេចក្ដីយោងទៅនឹងបទគម្ពីរដែលពិពណ៌នាពីរជ្ជកាលរបស់ពួកគេ មាននៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ សិស្សអាចចែកចាយពីអ្វីដែលពួកគេរៀនមកពីស្ដេចទាំងនេះអំពីភាពជាអ្នកដឹកនាំ ដោយបន្ថែមគុណសម្បត្តិផ្សេងទៀតដែលពួកគេរកឃើញទៅក្នុងបញ្ជីនៅលើក្ដារខៀន ។ គុណសម្បត្តិភាពជាអ្នកដឹកនាំវិជ្ជមានផ្សេងទៀតមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ តើយើងអាចអភិវឌ្ឍគុណសម្បត្តិទាំងនេះ និងក្លាយជាថ្នាក់ដឹកនាំតាមរបៀបណា ទោះជាយើងពុំមានការចាត់តាំងជាអ្នកដឹកនាំជាក់លាក់ក្ដី ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីធ្វើឲ្យមានចំណាប់អារម្មណ៍នៅក្នុងការអាន អេធើរ ១២–១៥ អ្នកអាចលើកឡើងថា នៅក្នុងជំពូកទាំងនេះ មរ៉ូណៃបានបង្ហាញចំពោះព្រះអម្ចាស់នូវផលអាក្រក់មួយចំនួនរបស់លោកអំពីកំណត់ត្រាដែលលោកកំពុងរក្សាទុក ។ ចម្លើយរបស់ព្រះអម្ចាស់អាចជួយយើង នៅពេលយើងមានអារម្មណ៍ស្រដៀងគ្នាអំពីការខ្វះសមត្ថភាព ។
ធនធានបន្ថែមទាំងឡាយ
ការសាកល្បងរបស់យើងរៀបចំយើងឲ្យទទួលជីវិតដ៏នៅអស់កល្បជានិច្ច ។
ដោយថ្លែងនៅក្នុងសន្និសីទទូទៅអំឡុងគ្រាដ៏លំបាកនៃសង្គ្រាមលោកលើកទីពីរ អែលឌើរ ឆាលស៍ អេ ខាលីស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងថា « យើងត្រូវបានប្រាប់ថា នៅពេលពួកសាសន៍យ៉ារេឌនៅក្នុងភេត្រារបស់ពួកគេធ្វើដំណើរទៅកាន់ដែនដីសន្យា នោះមានព្យុះដ៏កាចសាហាវបានបក់បោកមក ។ ខ្យល់បានបក់បោកមក ហើយពួកគេបានជួបគ្រោះថ្នាក់ភ្លាមៗ កាលធ្វើដំណើរឆ្លងកាត់គ្រោះថ្នាក់នោះ ។ ព្រះបានជួយពួកគេ ។ ហើយយើងអានថា ទោះជាខ្យល់ព្យុះសង្ឃរាទាំងនេះបក់បោកយ៉ាងខ្លាំង ដោយធ្វើឲ្យមានការបំផ្លិចបំផ្លាញក្ដី ក៏ខ្យល់នោះកំពុងរុញច្រានពួកគេជាបន្តបន្ទាប់ឆ្ពោះទៅកាន់ដែនដីសន្យាដែរ ។ ហើយទុក្ខវេទនាទាំងនេះដែលយើងកំពុងឆ្លងកាត់ សង្គ្រាមដ៏គួរឲ្យភ័យខ្លាចទាំងនេះ និងគ្រប់រឿងដ៏អាក្រក់ៗដែលកំពុងកើតមាន គឺស្ថិតនៅក្នុងព្រះចេស្ដារបស់ព្រះ ។ ទ្រង់អាចបញ្ឈប់វានៅពេលទ្រង់ជ្រើសរើសធ្វើដូច្នោះ នៅពេលព្រះរាជបំណងរបស់ទ្រង់ត្រូវបានបំពេញ ។ ប៉ុន្តែចូរយើងកុំភ្លេចថា តាមរយៈសមុទ្រនៃឧបសគ្គនេះ ទុក្ខវេទនារបស់យើងបទពិសោធន៍ដែលយើងបានឆ្លងកាត់ ហើយដែលព្រះនឹងធ្វើសម្រាប់សេចក្ដីល្អរបស់យើង ប្រសិនបើយើងគោរពតាមទ្រង់—រឿងទាំងអស់នេះនឹងបោកបក់យើងឆ្ពោះទៅកាន់ទីសម្រាក ទៅកាន់អនាគតដ៏រុងរឿង ទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច » ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៤៣ ទំព័រ ៦២ ) ។
គុណសម្បត្តិនៃថ្នាក់ដឹកនាំសុចរិត ។
« នៅក្នុងនគររបស់ព្រះ ភាពធំមហិមា និងភាពជាអ្នកដឹកនាំមានន័យថា យល់ពីអ្នកដទៃតាមធាតុពិតរបស់ពួកគេ—ដូចជាព្រះទតមើលពួកគេ—ហើយបន្ទាប់មកឈោងទៅជួយ និងបម្រើដល់ពួកគេ ។ វាមានន័យថា រីករាយនឹងអ្នកដែលអរសប្បាយ យំនឹងអ្នកទាំងឡាយដែលមានទុក្ខ លើកស្ទួយអ្នកទាំងឡាយដែលមានទុក្ខព្រួយ ហើយស្រឡាញ់អ្នកជិតខាងរបស់យើង ដូចជាព្រះគ្រីស្ទស្រឡាញ់យើង ។ …
« … ភាពជាថ្នាក់ដឹកនាំក្នុងសាសនាចក្រពុំផ្ដោតច្រើនលើការដឹកនាំអ្នកដទៃឡើយ ប៉ុន្តែវាគឺជាការមានឆន្ទៈឲ្យព្រះដឹកនាំយើងវិញ » (Dieter F. Uchtdorf « The Greatest among You » Ensign ឬ Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៧៩–៨០ ) ។
« មានតែមនុស្សបរិសុទ្ធប៉ុណ្ណោះដែលមានលទ្ធភាពដើម្បីលើកស្ទួយ ហើយលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យធ្វើការបម្រើដ៏អស្ចារ្យជាង ឲ្យមានជោគជ័យដែលធំជាង ឲ្យមានកម្លាំងកាន់តែអស្ចារ្យជាង » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ២៤៤ ) ។
« លោកិយបង្រៀនថា អ្នកដឹកនាំត្រូវតែមានអំណាច ព្រះអម្ចាស់បង្រៀនថា ពួកគេត្រូវតែរាបសា ។ អ្នកដឹកនាំលោកិយទទួលអំណាច និង ឥទ្ធិពលតាមរយៈទេពកោសល្យ ជំនាញ និង ទ្រព្យសម្បត្តិរបស់ខ្លួន ។ អ្នកដឹកនាំដូចជាព្រះគ្រីស្ទទទួលអំណាច និង ឥទ្ធិពល ‹ ដោយការលួងលោម ដោយការអត់ធ្មត់ ដោយការទន់ភ្លន់ និងការស្លូតបូត និងដោយការស្រឡាញ់ស្មោះត្រង់ប៉ុណ្ណោះ › [ គ. និង ស. ១២១:៤១ ] » ( ស្ទេផាន ដ័បុលយូ អូវិន « The Greatest Leaders Are the Greatest Followers » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៧៥ ) ។