« ថ្ងៃទី ១៦–២២ ខែ វិច្ឆិកា ។ អេធើរ ៦–១១ ៖ ‹ អំពើអាក្រក់ត្រូវបាត់អស់ទៅ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៦–២២ ខែ វិច្ឆិកា ។ អេធើរ ៦–១១ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៦–២២ ខែ វិច្ឆិកា
អេធើរ ៦–១១
« អំពើអាក្រក់ត្រូវបាត់អស់ទៅ »
ថ្លែងពីកំណត់ត្រាពួកសាសន៍យ៉ារេឌ មរមនបានអធិប្បាយថា « ជាការចាំបាច់ដែលមនុស្សទាំងអស់ត្រូវដឹងនូវរឿងទាំងឡាយ ដែលបានសរសេរនៅក្នុងដំណើររឿងនេះ » ( ម៉ូសាយ ២៨:១៩ ) ។ សូមចងចាំការណ៍នេះក្នុងចិត្តនៅពេលបងប្អូនអាន អេធើរ ៦–១១ ។ ហេតុអ្វីរឿងទាំងនេះចាំបាច់— ឬមានអត្ថប្រយោជន៍—ចំពោះបងប្អូន និងមនុស្សជាទី ស្រឡាញ់របស់បងប្អូន ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អស់រយៈពេលរាប់រយឆ្នាំបន្ទាប់ពីសាសន៍យ៉ារេឌត្រូវបានបំផ្លាញ ពួកសាសន៍នីហ្វៃបានរកឃើញភាពខ្ទេចខ្ទីនៃអរិយធម៌ពីបុរាណរបស់ពួកគេ ។ នៅក្នុងភាពខ្ទេចខ្ទីទាំងនេះ គឺជាកំណត់ត្រាដ៏ចម្លែកមួយ—ផ្ទាំង « មាសសុទ្ធ » ដែល « ពេញដោយឆ្លាក់ត្រា » ( ម៉ូសាយ ៨:៩ ) ។ លិមហៃជាស្ដេចសាសន៍នីហ្វៃអាចយល់បានថា កំណត់ត្រានេះគឺសំខាន់ ទ្រង់បានថ្លែងថា ៖ « ពិតជាមានការអាថ៌កំបាំងដ៏ធំមួយនៅលើផ្ទាំងទាំងនេះ » ( ម៉ូសាយ ៨:១៩ ) ។ សព្វថ្ងៃនេះ បងប្អូនមានសេចក្ដីសង្ខេបនៃកំណត់ត្រានេះ បានបកប្រែជាភាសារបស់បងប្អូន ហើយវាត្រូវបានហៅថា គម្ពីរអេធើរ ។ វាចេញមកពីកំណត់ត្រាដដែលដែលពួកសាសន៍នីហ្វៃ « ចង់ដឹងហួសប្រមាណ » ដើម្បីអាន ហើយនៅពេលពួកគេបានអាន « ពួកគេបានពោរពេញទៅដោយការសោកសៅ ទោះជាយ៉ាងណាក៏ដោយ គង់តែដំណើររឿងនេះបានផ្ដល់ដល់គេនូវការចេះដឹងជាច្រើន ម្ល៉ោះហើយ ទើបគេបានអររីករាយ » ( ម៉ូសាយ ២៨:១២, ១៨ ) ។ នៅពេលបងប្អូនអានអំពីការងើបឡើង និងការធ្លាក់ដ៏សោកនាដកម្មរបស់ពួកសាសន៍យ៉ារេឌ បងប្អូននឹងរកឃើញថាមានគ្រាដ៏សោកសៅជាច្រើន ។ ប៉ុន្តែសូមកុំភ្លេចអំពីសេចក្តីអំណរក្នុងមេរៀនដែលកំពុងរៀនមកពីប្រវត្តិសាស្ត្រនេះ ។ បន្ទាប់មក ដូចជាមរ៉ូណៃបានសរសេរ « គឺជាប្រាជ្ញានៅក្នុងព្រះ ដែលការណ៍ទាំងនេះត្រូវបានបង្ហាញដល់អ្នក » ( អេធើរ ៨:២៣ ) ដ្បិតបើយើងអាចរៀនមកពីការបរាជ័យ និងជោគជ័យរបស់ពួកសាសន៍យ៉ារេឌ « អំពើអាក្រក់ត្រូវបាត់អស់ទៅ ហើយថាពេលវេលានឹងមកដល់ ដែលអារក្សសាតាំងពុំអាចមានអំណាចទៅលើដួងចិត្តនៃកូនចៅមនុស្សបានទេ …» ( អេធើរ ៨:២៦ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះអម្ចាស់នឹងដឹកនាំខ្ញុំទៅកាន់ដែនដីសន្យារបស់ខ្ញុំ ។
បងប្អូនអាចនឹងរកឃើញគំនិតយោបល់ខាងវិញ្ញាណ បើបងប្អូនប្រៀបធៀបការធ្វើដំណើររបស់សាសន៍យ៉ារេឌឆ្លងកាត់មហាសមុទ្រ ទៅនឹងការធ្វើដំណើររបស់បងប្អូនឆ្លងកាត់ជីវិតរមែងស្លាប់ ។ ឧទាហរណ៍ តើព្រះអម្ចាស់បានប្រទានពន្លឺអ្វីខ្លះ ដែលបំភ្លឺផ្លូវរបស់បងប្អូនដូចជាថ្មនៅក្នុងភេត្រារបស់ពួកសាសន៍យ៉ារេឌ ? តើភេត្រាអាចជាតំណាងឲ្យអ្វី ឬខ្យល់ដែល « បក់មិនឈប់ឈរឆ្ពោះទៅកាន់ដែនដីសន្យា » ជាតំណាងឲ្យអ្វី ? ( អេធើរ ៦:៨ ) ។ តើបងប្អូនរៀនអ្វីខ្លះមកពីសកម្មភាពរបស់ពួកសាសន៍យ៉ារេឌកាលពីមុន អំឡុងពេល និងបន្ទាប់ពីការធ្វើដំណើរ ? តើព្រះអម្ចាស់កំពុងដឹកនាំបងប្អូនឆ្ពោះទៅកាន់ដែនដីសន្យារបស់បងប្អូនយ៉ាងដូចម្ដេច ?
អេធើរ ៦:៥–១៨, ៣០; ៩:២៨–៣៥; ១០:១–២
ព្រះអម្ចាស់ប្រទានពរខ្ញុំនៅពេលខ្ញុំបន្ទាបខ្លួន ។
ថ្វីបើអំនួត និងភាពទុច្ជរិតមើលទៅហាក់ដូចជាមានគ្របដណ្ដប់ទៅលើប្រវត្តិសាស្ត្ររបស់ពួកសាសន៍យ៉ារេឌក្ដី ក៏មានគំរូនៃការបន្ទាបខ្លួននៅក្នុងជំពូកទាំងនេះផងដែរ—ជាពិសេសនៅក្នុង អេធើរ ៦:៥–១៨, ៣០; ៩:២៨–៣៥ និង ១០:១–២ ។ សូមពិចារណាសំណួរដូចខាងក្រោម ដែលអាចជួយបងប្អូនរៀនមកពីគំរូទាំងនេះ ៖ ហេតុអ្វីបានជាពួកសាសន៍យ៉ារេឌទាំងនេះបន្ទាបខ្លួននៅក្នុងស្ថានភាពទាំងនេះ ? តើពួកគេធ្វើអ្វីខ្លះដើម្បីបង្ហាញនូវការបន្ទាបខ្លួនរបស់ពួកគេ ? ជាលទ្ធផល តើពួកគេត្រូវបានប្រទានពរតាមរបៀបណា ? សូមកត់សម្គាល់ថា នៅក្នុងករណីមួយចំនួន មនុស្សត្រូវបានបង្ខំដោយស្ថានភាពរបស់ពួកគេឲ្យបន្ទាបខ្លួន ។ សូមពិចារណាអំពីអ្វីដែលបងប្អូនអាចធ្វើដោយឆន្ទៈដើម្បី « ដើរយ៉ាងរាបទាបនៅចំពោះព្រះអម្ចាស់ » ( អេធើរ ៦:១៧ ) ជាជាងត្រូវបានបង្ខំឲ្យរាបសារ ( សូមមើល ម៉ូសាយ ៤:១១–១២; អាលម៉ា ៣២:១៤–១៨ ) ។
សូមមើលផងដែរ « Humility » Gospel Topics topics.ChurchofJesusChrist.org ។
ថ្នាក់ដឹកនាំសុចរិតប្រទានពរដល់មនុស្សដែលពួកគេដឹកនាំ ។
ជំពូក ៧–១១ នៃគម្ពីរអេធើរមានថ្លែងយ៉ាងហោចណាស់ ២៨ ជំនាន់ ។ ទោះបីជាវាពុំមានព័ត៌មានលម្អិតច្រើនក្ដី ក៏វាអាចផ្ដល់នូវកន្លែងបន្ដិចបន្ដួច ជាលំនាំមួយផុសឡើងភ្លាមៗថា ៖ ថ្នាក់ដឹកនាំសុចរិត ដឹកនាំទៅរកពរជ័យ និងភាពចម្រុងចម្រើន ខណៈដែលថ្នាក់ដឹកនាំទុច្ចរិតដឹកនាំទៅរកសេវកភាព និងការបំផ្លិចបំផ្លាញ ។
នៅខាងក្រោមនេះ មានស្ដេចតែមួយចំនួនតូចប៉ុណ្ណោះត្រូវបានថ្លែងនៅក្នុងជំពូកទាំងនេះ ។ សូមអានខគម្ពីរដែលជាប់ទាក់ទង ហើយមើលនូវអ្វីដែលបងប្អូនអាចរៀនមកពីគំរូរបស់ពួកគេ—វិជ្ជមាន និងអវិជ្ជមាន— អំពីថ្នាក់ដឹកនាំ ។ នៅពេលបងប្អូនធ្វើដូច្នោះ សូមគិតអំពីឱកាសដែលបងប្អូនអាចមានដើម្បីដឹកនាំ ឬមានឥទ្ធិពលទៅលើអ្នកដទៃនៅក្នុងគេហដ្ឋានរបស់បងប្អូន សហគមន៍របស់បងប្អូន ការហៅបម្រើក្នុងសាសនាចក្ររបស់បងប្អូនជាដើម ។
-
អូរៃហា—អេធើរ ៦:៣០–៧:១
-
ស៊ូល—អេធើរ ៧:២៣–២៧
-
យ៉ារេឌ—អេធើរ ៨:១–៧, ១១–១៥
-
អេមើរ និងកូរីអានទុម—អេធើរ ៩:២១–២៣
-
ហេត—អេធើរ ៩:២៦–៣០
-
សែស— អេធើរ ១០:១–២
-
រីពឡាគិស—អេធើរ ១០:៥–៨
-
ម៉ូរីអានតុន—អេធើរ ១០:១០–១១
-
លិប—អេធើរ ១០:១៩–២៨
-
អេថិម— ( អេធើរ ១១:១១–១៣
តើបក្សព័ន្ធសម្ងាត់គឺជាអ្វី ?
នៅពេលមនុស្សពីរនាក់ ឬច្រើននាក់រួមគំនិតដើម្បីរក្សាទុកអំពើអាក្រក់របស់ពួកគេជាអាថ៌កំបាំង នោះពួកគេចូលរួមនៅក្នុងបក្សព័ន្ធសម្ងាត់ហើយ ។ ជាញឹកញាប់ ពួកគេត្រូវបានទាក់ទាញទឹកចិត្តដោយបំណងប្រាថ្នាដើម្បីមានអំណាច ឬទ្រព្យសម្បត្តិ ។ បន្ថែមពីលើបក្សព័ន្ធសម្ងាត់ដែលបានពិពណ៌នានៅក្នុង អេធើរ ៨:៧–១៨ ឧទាហរណ៍ផ្សេងទៀតអាចរកបាននៅក្នុង ហេលេមិន ១:៩–១២; ២:២–១១; ៦:១៦–៣០ និង ម៉ូសេ ៥:២៩–៣៣ ។ នៅក្នុង អេធើរ ៨:១៨–២៦ មរ៉ូណៃពិពណ៌នាលទ្ធផលនៃបក្សព័ន្ធសម្ងាត់ ( សូមមើល អេធើរ ៩:៤–១២ ) ហើយព្រមានយើងកុំឲ្យគាំទ្រពួកគេ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យដឹងថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
អេធើរ ៦:២–១២
តើគ្រួសាររបស់បងប្អូននឹងរីករាយដើរតួសម្ដែងធ្វើជាការធ្វើដំណើររបស់ពួកសាសន៍យ៉ារេឌទៅកាន់ដែនដីសន្យាឬទេ ? ប្រហែលជាបងប្អូនអាចប្រើបន្ទប់ងងឹតមួយធ្វើជាភេត្រា ហើយភ្លើងពិលធ្វើជាតំណាងឲ្យថ្មបំភ្លឺ ។ បងប្អូនអាចនិយាយអំពីរបៀបដែលពួកសាសន៍យ៉ារេឌបង្ហាញជំនឿរបស់ពួកគេទៅលើព្រះអម្ចាស់តាមរយៈការចូលទៅក្នុងភេត្រា ទាំងដឹងថាពួកគេនឹងត្រូវ « ត្រូវបានកប់នៅក្នុងជម្រៅសមុទ្រ » ( អេធើរ ៦:៦ ) ។ បន្ទាប់ពីការអាន ខទី ៩ សមាជិកគ្រួសារអាចចែកចាយទំនុកតម្កើងដែលគេពេញចិត្ត ហើយច្រៀងជាមួយគ្នា ។ តើគេហដ្ឋានរបស់យើងអាចប្រៀបទៅនឹងភេត្រារបស់ពួកសាសន៍យ៉ារេឌយ៉ាងដូចម្ដេច ? តើដែនដីសន្យាដែលព្រះអម្ចាស់កំពុងនាំគ្រួសារយើងឆ្ពោះទៅកាន់ នោះគឺជាអ្វី ?
អេធើរ ៦:២២–២៣
នៅពេញមួយសប្ដាហ៍នេះ គ្រួសាររបស់បងប្អូនអាចនឹងរកមើលពីរបៀបដែលការព្យាករណ៍របស់បងប្រុសយ៉ារេឌ ដែលព្រមានអំពីសេវកភាពត្រូវបានបំពេញតាមរបៀបណា ។ តើថ្នាក់ដឹកនាំសាសនាចក្ររបស់យើងបានផ្ដល់ការព្រមានអ្វីខ្លះដល់យើង ? តើការមិនស្ដាប់តាមពាក្យទូន្មានរបស់ពួកគាត់នាំទៅរកសេវកភាពតាមរបៀបណា ?
អេធើរ ៨:២៣–២៦
យោងទៅតាមខគម្ពីរទាំងនេះ ហេតុអ្វីមរ៉ូណៃត្រូវបានបញ្ជាឲ្យសរសេរ « ការណ៍ទាំងនេះ » អំពីបក្សព័ន្ធសម្ងាត់ដូច្នេះ ? ( អេធើរ ៨:២៣ ) ។ តើយើងរៀនអ្វីខ្លះមកពីគម្ពីរអេធើរ ដែលអាចជួយយើងទទួលបានពរជ័យដែលបានពិពណ៌នានៅក្នុង ខទី ២៦ ?
អេធើរ ៩:១១
តើបំណងប្រាថ្នារបស់យើងជះឥទ្ធិពលទៅលើជម្រើសរបស់យើងយ៉ាងដូចម្ដេច ? តើយើងអាចធ្វើអ្វីខ្លះជាគ្រួសារដើម្បីប្រាកដថា យើងប្រាថ្នានូវការណ៍ទាំងឡាយនៃព្រះ ?
អេធើរ ១១:៨
ដើម្បីរៀនបន្ថែមអំពីសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ទៅកាន់អស់អ្នកដែលប្រែចិត្ត បងប្អូនអាចអាន ម៉ូសាយ ២៦:២៩–៣០; ២៩:១៨–២០; អាលម៉ា ៣៤:១៤–១៦ ឬ មរ៉ូណៃ ៦:៨ ។ ប្រហែលជាសមាជិកគ្រួសារអាចចែកចាយគំរូនៃសេចក្ដីមេត្តាករុណារបស់ព្រះមកពីបទគម្ពីរ ឬមកពីជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។