« ថ្ងៃទី ១៦–២២ ខែ វិច្ឆិកា អេធើរ ៦–១១ ៖ ‹ អំពើអាក្រក់ត្រូវបាត់អស់ទៅ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៦–២២ ខែ វិច្ឆិកា អេធើរ ៦–១១ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៦–២២ ខែ វិច្ឆិកា
អេធើរ ៦–១១
« អំពើអាក្រក់ត្រូវបាត់អស់ទៅ »
គំនិតយោបល់នៅក្នុងគម្រោងមេរៀននេះ ពុំមែនជាសេចក្តីណែនាំដែលអ្នកត្រូវតែធ្វើតាមនោះទេ ។ វាមានបំណងដើម្បីបំផុសឲ្យអ្នកមានការច្នៃប្រឌិត ហើយអញ្ជើញឲ្យមានការបំផុសគំនិត ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមប្រើរូបភាពមកពី គម្រោងមេរៀនសប្តាហ៍នេះ និង សប្តាហ៍មុន នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ដើម្បីជួយកុមារ រំឭកពីអ្វីដែលពួកគេបានរៀនអំពីពួកសាសន៍យ៉ារេឌឆ្លងសមុទ្រ ។ សូមឲ្យពួកគេឆ្លាស់វេនគ្នាចែកចាយអ្វីដែលពួកគេដឹង ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះវរបិតាសួគ៌អាចលួងលោមខ្ញុំ ពេលខ្ញុំភ័យខ្លាច ។
ពួកសាសន៍យ៉ារេឌបានមានការភ័យខ្លាច ដែលត្រូវបាន « បក់បោកដោយខ្យល់នៅលើរលកសមុទ្រ » ( អេធើរ ៦:៥ ) ។ ប៉ុន្តែព្រះអម្ចាស់បានរក្សាពួកគេឲ្យមានសុវត្ថិភាព និងបានស្រោចស្រង់ពួកគេ ។ តើអ្នកអាចជួយកុមារឲ្យងាកបែរមករកព្រះអម្ចាស់ ពេលពួកគេមានអារម្មណ៍ភ័យខ្លាចដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
ដោយប្រើពាក្យ និងឃ្លាមកពី អេធើរ ៦:២–១២ សូមពិពណ៌នាអំពីការធ្វើដំណើរឆ្លងសមុទ្ររបស់ពួកសាសន៍យ៉ារេឌឲ្យកុមារស្តាប់ ។ សូមអញ្ជើញកុមារឲ្យធ្វើជាឡើងជិះភេត្រា ហើយធ្វើជាភេត្រារបស់ពួកគេរំកិល និងមានរលកទឹកគ្របពីលើ ។ តើវាមានអារម្មណ៍បែបណា ពេលនៅក្នុងភេត្រាពិតប្រាកដនៅលើទឹកដែលមានរលកនោះ ? តើយើងអាចធ្វើអ្វីខ្លះ ពេលយើងភ័យខ្លាច ? សូមអាន ខទី ៧ និងទី ៩ ជាមួយគ្នា ដើម្បីឃើញពីអ្វីដែលពួកសាសន៍យ៉ារេឌបានធ្វើ ពេលពួកគេភ័យខ្លាច ។
-
សូមប្រាប់អំពីគ្រាមួយ ពេលអ្នកមានអារម្មណ៍ភ័យខ្លាច ហើយព្រះវរបិតាសួគ៌បានលួងលោមអ្នក ។ សូមចែកចាយទំនុកតម្កើង ឬចម្រៀងដែលជួយអ្នក « ថ្លែងអំណរគុណ ហើយសរសើរតម្កើងដល់ព្រះអម្ចាស់ » ( អេធើរ ៦:៩ ) សម្រាប់ជំនួយទ្រង់ ជាមួយកុមារ ។ សូមឲ្យកុមារចែកចាយចម្រៀងថ្នាក់អង្គការបឋមសិក្សារបស់ពួកគេ ហើយច្រៀងចម្រៀងមួយចំនួនជាមួយគ្នា ។
-
សូមប្រើទំព័រសកម្មភាពសប្ដាហ៍នេះ ដើម្បីជួយកុមារឲ្យធ្វើភេត្រាក្រដាស ។ សូមពន្យល់ថា ភេត្រាបានជួយពួកសាសន៍យ៉ារេឌបន្តមានសុវត្ថិភាព ទោះពីពួកគេត្រូវបានទឹកហ៊ុមព័ទ្ធក្តី ( សូមមើល អេធើរ ៦:៧, ១០ ) ។ តើព្រះវរបិតាសួគ៌បានប្រទានដល់យើងនូវអ្វីខ្លះ ដើម្បីរក្សាយើងឲ្យមានសុវត្ថិភាពនៅលើដំណើររបស់យើងត្រឡប់ទៅកាន់ទ្រង់វិញ ?
ខ្ញុំអាចមានអំណរគុណ ។
បន្ទាប់ទៅដល់ដែនដីសន្យាដោយសុវត្ថិភាព ពួកសាសន៍យ៉ារេឌបានមានអំណរគុណយ៉ាងខ្លាំងរហូតដល់ពួកគេ « បានស្រក់ទឹកភ្នែកដោយសេចក្ដីអំណរ » ( អេធើរ ៦:១២ ) ។ តើអ្នកអាចជំរុញឲ្យមានវិញ្ញាណនៃអំណរគុណនៅក្នុងកុមារដែលអ្នកបង្រៀនដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានឃ្លានានាមកពី អេធើរ ៦:៩ និង ១២ ដើម្បីបង្រៀនកុមារអំពីរបៀបដែលពួកសាសន៍យ៉ារេឌ បានបង្ហាញអំណរគុណរបស់ពួកគេចំពោះព្រះអម្ចាស់ សម្រាប់ការជួយពួកគេឲ្យទៅដល់ដែនដីសន្យា ។ សូមឲ្យកុមារប្រាប់ពីអ្វីដែលពួកគេមានអំណរគុណ ។ សូមច្រៀងចម្រៀង ដូចជាពួកសាសន៍យ៉ារេឌបានច្រៀង ជាចម្រៀងដែលបង្ហាញអំណរគុណ ដូចជាបទ « ខ្ញុំអរគុណព្រះវរបិតា » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩ ) ។
-
សូមអាន អេធើរ ១០:២ ឲ្យកុមារស្តាប់ ដើម្បីបង្ហាញថា ជាច្រើនឆ្នាំក្រោយមក ពួកសាសន៍យ៉ារេឌបានចងចាំពីរបៀបដែលព្រះអម្ចាស់បានជួយជីដូនជីតារបស់ពួកគេឲ្យធ្វើដំណើរឆ្លងមហាសមុទ្រ ។ សូមជួយកុមារឲ្យគិតអំពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់ពួកគេ ។ បន្ទាប់មក សូមឲ្យកុមារគូររូបភាពនានា ដើម្បីរំឭកពួកគេអំពីពរជ័យទាំងនេះ ( ឬជួយពួកគេឲ្យជ្រើសរើសរូបភាពមួយចំនួនដែលអ្នកយកមក ប្រហែលជាយកពីទស្សនាវដ្តីសាសនាចក្រ ) ។
ខ្ញុំមានពរ ពេលខ្ញុំធ្វើតាមព្យាការី ។
គម្ពីរអេធើរបង្ហាញយ៉ាងច្បាស់ថា ពេលពួកសាសន៍យ៉ារេឌបានធ្វើតាមពួកព្យាការី នោះពួកគេបានទទួលពរ ហើយពេលពួកគេបដិសេធពួកព្យាការី នោះជីវិតរបស់ពួកគេមានការលំបាកខ្លាំងឡើង ។ សូមគិតអំពីរបៀបដែលអ្នកអាចជួយកុមារឲ្យយល់ថា រឿងនោះក៏ដូចគ្នាចំពោះពួកយើងផងដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពព្យាការីនៅរស់ ហើយសូមសួរកុមារថា តើពួកគេដឹងអ្វីខ្លះអំពីលោក ។ តើព្យាការីធ្វើអ្វីខ្លះ ? សូមពន្យល់ថា ពួកសាសន៍យ៉ារេឌមានពួកព្យាការីផងដែរ ហើយពេលណាពួកគេធ្វើតាមព្យាការី នោះពួកគេបានទទួលពរ និងរីករាយ ( សូមមើល អេធើរ ៧:២៤–២៧ ) ។ តើយើងអាចធ្វើតាមព្យាការីតាមរបៀបណា ?
-
សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីព្យាការី ដូចជាបទ « ធ្វើតាមព្យាការី » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៨–៥៩ សូមមើលផងដែរ សៀវភៅរូបភាពដំណឹងល្អ លេខ ៤–២៧, ៦៧–៨៧ ) ។ សូមនិយាយជាមួយកុមារអំពីអ្វីដែលពួកព្យាការីបានបង្រៀនយើងឲ្យធ្វើ ( ឧទាហរណ៍ អានព្រះគម្ពីររបស់យើងប្រចាំថ្ងៃ រក្សាថ្ងៃឈប់សំរាកឲ្យបានបរិសុទ្ធ ឬការបម្រើមនុស្សដទៃ ) ហើយអញ្ជើញពួកគេឲ្យសម្តែងការគោរពតាមការទូន្មាននោះ ពេលអ្នកនិយាយថា « ធ្វើតាមព្យាការី ! »
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំអាចទុកចិត្តលើព្រះវរបិតាសួគ៌ឲ្យដឹកនាំខ្ញុំទៅកាន់ជីវិតអស់កល្បជានិច្ចបាន ។
ដំណើររឿងនៃការធ្វើដំណើររបស់ពួកសាសន៍យ៉ារេឌឆ្លងកាត់សមុទ្រអាចប្រៀបធៀបទៅនឹងដំណើររបស់អ្នកឆ្លងកាត់ជីវិតរមែងស្លាប់នេះដែរ ។ ជួនកាល ដំណើរទាំងពីរនេះមានគ្រោះថ្នាក់ ហើយតម្រូវឲ្យមានសេចក្តីជំនឿថា ព្រះអម្ចាស់នឹងដឹកនាំ ហើយការពារយើង ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន អេធើរ ៦:២–១២ ជាមួយគ្នា ហើយឈប់ជារឿយៗ ដើម្បីឲ្យកុមារអាចគូររូបភាពនៃអ្វីដែលពួកគេកំពុងអាន ។ តើការធ្វើដំណើររបស់ពួកសាសន៍យ៉ារេឌដូចនឹងជីវិតរបស់យើងយ៉ាងដូចម្ដេច ? សូមជួយកុមារឲ្យរកមើល និងដាក់ឈ្មោះនូវផ្នែកផ្សេងៗគ្នានៃរូបគំនូររបស់ពួកគេដែលអាចតំណាងនៅក្នុងជីវិតរបស់យើង ។ ឧទាហរណ៍ ពួកសាសន៍យ៉ារេឌអាចតំណាងឲ្យយើង ។ ភេត្រាអាចតំណាងឲ្យផ្ទះរបស់យើង សាសនាចក្រ ឬដំណឹងល្អ ។ តើខ្យល់ ទឹក និងក្រួសបញ្ចាំងពន្លឺ និងដែនដីសន្យាអាចតំណាងឲ្យអ្វី ?
-
សូមជួយកុមារឲ្យរកឃើញពាក្យ ឬឃ្លានានានៅក្នុង អេធើរ ៦:២–១២ ដែលបង្ហាញអំពីរបៀបដែលពួកសាសន៍យ៉ារេឌបានទុកចិត្តលើព្រះ ។ សូមចែកចាយឧទាហរណ៍អំពីរបៀបដែលការទុកចិត្តលើព្រះ បានជួយអ្នកអំឡុងគ្រាលំបាកនៅក្នុងជីវិតអ្នក ។ សូមលើកទឹកចិត្តកុមារឲ្យចែកចាយបទពិសោធន៍ស្រដៀងនេះដែលពួកគេមាន ។
ការចងចាំពីអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់ខ្ញុំ នាំមកនូវភាពសុខសាន្ត ។
អ្វីមួយដែលញែកពួកស្តេចសុចរិតរបស់ពួកសាសន៍យ៉ារេឌពីពួកស្តេចទុច្ចរិតនោះគឺថា ពួកស្តេចសុចរិត « បាននឹកចាំដល់ការណ៍ដ៏ធំទាំងឡាយដែលព្រះអម្ចាស់ទ្រង់បានធ្វើ » សម្រាប់ពួកទ្រង់ ( អេធើរ ៧:២៧ ) ។ តើអ្នកអាចបំផុសគំនិតកុមារឲ្យចងចាំពីអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់ពួកគេដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារអាន អេធើរ ៦:៣០; ៧:២៧ និង ១០:២ រៀងៗខ្លួន ឬជាក្រុមតូចមួយៗ ហើយរកមើលអ្វីដែលខគម្ពីរទាំងនេះមានជារួម ។ សូមចែកចាយអារម្មណ៍របស់អ្នកអំពីអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់អ្នក ហើយអញ្ជើញកុមារឲ្យចែកចាយផងដែរ ។
-
សូមចែកចាយជាមួយកុមារអំពីរបៀបដែលអ្នកព្យាយាមនឹកចាំ របៀបដែលព្រះអម្ចាស់បានប្រទានពរដល់អ្នក និងគ្រួសារអ្នក ។ សូមជួយកុមារឲ្យគិតអំពីរបៀបដែលពួកគេអាចរំឭកខ្លួនពួកគេនូវអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់ពួកគេ ។ សូមឲ្យក្រដាសមួយសន្លឹកដល់ពួកគេម្នាក់ៗ ហើយអញ្ជើញពួកគេឲ្យពិចារណា និងកត់ត្រាអ្វីដែលទ្រង់បានធ្វើសម្រាប់ពួកគេថ្មីៗនេះ ។ សូមផ្តល់យោបល់ថា ពួកគេអាចធ្វើឲ្យមានទម្លាប់កត់ត្រាជាប្រចាំនូវពរជ័យដែលពួកគេកត់សម្គាល់ពីព្រះអម្ចាស់ ( សូមមើល « O Remember, Remember » [ វីដេអូ ChurchofJesusChrist.org ] ) ។
ព្រះអម្ចាស់មានសេចក្តីមេត្តាករុណា ពេលខ្ញុំប្រែចិត្ត ។
ជារឿយៗ ទោះបីពួកសាសន៍យ៉ារេឌបានបដិសេធពួកព្យាការី ហើយប្រែជាទុច្ចរិតក្តី ក៏ព្រះអម្ចាស់បានអភ័យទោសឲ្យពួកគេជានិច្ច ពេលពួកគេបន្ទាបខ្លួន ហើយប្រែចិត្ត ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន អេធើរ ៩:២៨–៣៥ ជាមួយគ្នា ហើយជួយកុមារឲ្យគិតអំពីប្រយោគខ្លីៗបី ឬបួនប្រយោគ ដែលសង្ខេបពីអ្វីដែលបានកើតឡើងនៅក្នុងខគម្ពីរទាំងនេះ ។ បន្ទាប់មក សូមអាន អេធើរ ១១:៥–៨ ហើយជួយកុមារឲ្យរកមើលភាពស្រដៀងគ្នារវាងដំណើររឿងទាំងពីរនេះ ។ តើយើងរៀនអ្វីខ្លះមកពីរឿងទាំងនេះ ?
-
សូមឲ្យកុមារគិតអំពីមនុស្សនៅក្នុងព្រះគម្ពីរមរមនដែលបានបន្ទាបខ្លួន ហើយត្រូវបានអភ័យទោស ។ សូមប្រើរូបភាពមកពី សៀវភៅរូបភាពដំណឹងល្អ ឬ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ដើម្បីជួយពួកគេឲ្យចងចាំ ។ សូមថ្លែងទីបន្ទាល់របស់អ្នកថា ព្រះអម្ចាស់អភ័យទោសយើង ពេលយើងប្រែចិត្តដោយស្មោះសរ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយជាមួយក្រុមគ្រួសាររបស់ពួកគេ នូវអ្វីដែលព្រះវរបិតាសួគ៌បានធ្វើសម្រាប់ពួកគេ ដែលពួកគេមានអំណរគុណ ។