ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២៣–២៩ ខែ វិច្ឆិកា អេធើរ ១២–១៥ ៖ « ដោយ​សារ​សេចក្ដី​ជំនឿ នោះ​ការណ៍​ទាំង​អស់​ត្រូវ​បាន​បំពេញ »


« ថ្ងៃ​ទី ២៣–២៩ ខែ វិច្ឆិកា អេធើរ ១២–១៥ ៖ ‹ ដោយ​សារ​សេចក្ដី​ជំនឿ នោះ​ការណ៍​ទាំង​អស់​ត្រូវ​បាន​បំពេញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ២៣–២៩ ខែ វិច្ឆិកា អេធើរ ១២–១៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ៖ ឆ្នាំ ២០២០

អេធើរ​ចូលទៅ​ក្នុង​រូង​ភ្នំ

អេធើរ​លាក់​ខ្លួន​នៅក្នុង​រូង​ភ្នំ ដោយ ហ្គែរី អ៊ីណេស ស្ម៊ីធ

ថ្ងៃ​ទី ២៣–២៩ ខែ វិច្ឆិកា

អេធើរ ១២–១៥

« ដោយ​សារ​សេចក្ដី​ជំនឿ នោះ​ការណ៍​ទាំង​អស់​ត្រូវ​បាន​បំពេញ »

ពេល​អ្នក​អាន អេធើរ ១២–១៥ សូម​គិត​អំពី​កុមារ​ដែល​អ្នក​បង្រៀន ។ យោបល់​សម្រាប់​សកម្មភាព​នានា​នៅក្នុង​គម្រោង​មេរៀន​នេះ​អាច​បំផុសគំនិត​អ្នក​ឲ្យ​មាន​គំនិត​ផ្សេង​ទៀត​ ដែល​នឹង​ជួយ​បំពេញ​តាម​តម្រូវការ​របស់​កុមារ​នៅក្នុង​ថ្នាក់​របស់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ជួយ​ឲ្យ​កុមារ​​ឲ្យ​គិត​ពី​ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ​អំពី​មនុស្ស​ដែល​បាន​បង្ហាញ​សេចក្តីជំនឿ​ដ៏​អស្ចារ្យ ។ គំរូ​មួយ​ចំនួន​អាចរកឃើញ​នៅក្នុង អេធើរ ១២:១១–២២ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

អេធើរ ១២:៦–២២

សេចក្តីជំនឿ​គឺជា​ការជឿ​ទៅលើ​អ្វី​ដែល​យើង​មើល​មិន​ឃើញ ។

មរ៉ូណៃ​បាន​ចែកចាយ​គំរូ​មួយ​ចំនួន​អំពី​មនុស្ស​ដែល​​​សម្រេច​បាន​កិច្ចការ​ដ៏អស្ចារ្យ ដោយសារ​តែ​សេចក្ដីជំនឿ​របស់​ពួកគេ ។ សូមពិចារណា​អំពី​របៀបដែល​អ្នក​អាច​ប្រើ​គំរូ​ទាំងនេះ ដើម្បី​បង្រៀន​កុមារ​​អំពី​សេចក្តីជំនឿ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន « សេចក្ដី​ជំនឿ​គឺជា​អ្វី​ដែល​សង្ឃឹម​ចង់​បាន ហើយ​មើល​មិន​ឃើញ » មកពី អេធើរ ១២:៦ ឲ្យ​កុមារ​ស្តាប់ ហើយ​សូម​ឲ្យ​ពួកគេ​ថា​ឃ្លា​នោះ​ឡើង​វិញ​ជាមួយ​អ្នក ។ សូម​ប្រាប់​កុមារ​អំពី​អ្វី​ដែល​អ្នក​ជឿ ទោះបី​អ្នក​ពុំ​អាច​មើល​វា​ឃើញ​ក្តី ហើយ​ជួយ​កុមារ​ឲ្យ​គិត​ពី​​ឧទាហរណ៍​បន្ថែម ។ ចម្រៀង « ជំនឿ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥០–៥១ ) ឬ​ចម្រៀង​ផ្សេង​ទៀត​អំពី​សេចក្តីជំនឿ​អាច​ជួយ​បាន ។

  • សូម​បង្ហាញ​រូបភាព​ដែល​បង្ហាញ​ពី​គំរូ​នៃ​សេចក្តី​ជំនឿ​នៅក្នុង អេធើរ ១២:១៣–១៥, ២០–២១ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ៧៨៨៥ និង​ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ) ។ សូម​ឲ្យ​កុមារ​ប្រាប់​អ្នក​ពី​អ្វី​ដែល​ពួកគេ​ឃើញ​នៅក្នុង​រូបភាព និង​​អ្វី​ដែល​ពួកគេ​ដឹង​អំពី​រឿង​ទាំង​នោះ ។ សូម​និយាយ​ជាមួយ​កុមារ​អំពី​របៀប​ដែល​បុគ្គល​ទាំង​នេះ​បាន​បង្ហាញ​សេចក្តីជំនឿ និង​អ្វី​ដែល​បាន​កើត​ឡើង​ដោយសារ​តែ​សេចក្តីជំនឿ​របស់​ពួកគេ ។

  • សូម​​លេង​ល្បែង​ទស្សន៍ទាយ​មួយ​ជាមួយ​​កុមារ ។ សូម​ផ្តល់​តម្រុយ​ឲ្យ​ពួកគេ​អំពី​មនុស្ស​ស្មោះត្រង់​ដែល​បាន​ពិពណ៌នា​នៅក្នុង អេធើរ ១២:១៣–១៥, ១៩–២០ រហូត​ដល់​កុមារ​អាច​ទាយ​ថា តើ​ពួកគេ​ជា​នរណា ។ បន្ទាប់​មក សូម​ឲ្យ​កុមារ​លេង​ល្បែង​កម្សាន្ត​នេះ​ម្តង​ទៀត ដោយ​ឆ្លាស់វេន​គ្នា​ផ្តល់​តម្រុយ​អំពី​មនុស្ស​ដដែល​នោះ ( ឬ​មនុស្ស​ស្មោះត្រង់​ផ្សេង​ទៀត ) ដោយ​ទុក​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ទាំងអស់ទាយ ។ សូម​ចែកចាយ​អ្វី​ដែល​អ្នក​កោតសរសើរ​អំពី​សេចក្តីជំនឿ​របស់​មនុស្ស​ទាំង​នេះ ។

អេធើរ ១២:២៣–២៧

ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​​ខ្ញុំ​ឲ្យ​រឹងមាំ ។

ជួនកាល​កុមារ​ប្រឈមមុខ​នឹង​ស្ថានភាព​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ទន់ខ្សោយ​គឺ​ដូចជា​មរ៉ូណៃ​បាន​ជួប​ដែរ ។ សូម​ជួយ​ពួកគេ​ឲ្យ​រៀន​ពី​អ្វី​ដែល​មរ៉ូណៃ​បាន​រៀន—ថា ព្រះអង្គ​សង្គ្រោះ​អាច « ធ្វើ​ឲ្យ​អ្វី​ដែល​ទន់​ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ » បាន ( អេធើរ ១២:២៧ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ពិពណ៌នា​​ឲ្យ​កុមារ​ស្តាប់​នូវ​កិច្ចការ​មួយ​ដែល​តម្រូវ​ឲ្យ​ប្រើ​កម្លាំង​កាយ​ខ្លាំង​ដើម្បី​សម្រេច​កិច្ចការ​នោះ ។ សូម​ឲ្យ​ពួកគេ​​ចែកចាយ​ឧទាហរណ៍​នានា​អំពី​កិច្ចការ​ដែល​ពួកគេ​ពុំ​រឹងមាំ​ល្មម​ដើម្បី​ធ្វើ​វា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។ តើ​យើង​អាច​ប្រែ​ជា​មាន​ភាព​រឹងមាំ​ល្មម​ដើម្បី​សម្រេច​កិច្ចការ​ទាំង​នោះ​តាម​របៀប​ណា ? សូម​ពន្យល់​ថា យើង​ក៏​មាន​កិច្ចការ​ខាង​វិញ្ញាណ​ត្រូវ​ធ្វើ​ផងដែរ ប៉ុន្តែ​ជួនកាល​យើង​មាន​អារម្មណ៍​ទន់​ខ្សោយ​ខាង​វិញ្ញាណ ។ មរ៉ូណៃ​បាន​ទទួល​អារម្មណ៍​នេះ​អំពី​ការសរសេរ​របស់​លោក​នៅលើ​​ផ្ទាំង​ចំណារ ។ សូម​អាន អេធើរ ១២:២៧ ឲ្យ​កុមារ​ស្ដាប់ ។ តើ​ព្រះអម្ចាស់​បានសន្យាអ្វីខ្លះ​ចំពោះអស់​អ្នកដែល​មាន​អារម្មណ៍​ទន់ខ្សោយ ?

  • សូម​ចែកចាយ​បទពិសោធន៍​មួយ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ឲ្យ​ធ្វើ​កិច្ចការ​លំបាកៗ​បាន ។ សូម​ថ្លែង​ទីបន្ទាល់​ដល់​កុមារ​ថា ប្រសិនបើ​ពួកគេ​ស្វែងរក​ជំនួយ​ពី​ទ្រង់ នោះ​ព្រះយេស៊ូវ​អាច​ជួយ​ពួកគេ​ឲ្យ​រឹងមាំ​បាន ទោះបី​ពួកគេ​មាន​អារម្មណ៍​ថា​ទន់ខ្សោយ​ក្តី ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

អេធើរ ១២:៥–៦

សេចក្តីជំនឿ​គឺជា​ការជឿ​ទៅលើ​អ្វី​ដែល​យើង​មើល​មិន​ឃើញ ។

កុមារ​ដែល​អ្នក​បង្រៀន​កំពុង​ស្ថាបនា​គ្រឹះ​នៃ​ទីបន្ទាល់​របស់ពួកគេ ។ ការទូន្មាន​របស់​មរ៉ូណៃ​អំពី​សេចក្តីជំនឿ មាន​នៅក្នុង អេធើរ ១២:៦ អាច​ជួយ​ពួកគេ​បាន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ពន្យល់​ថា ព្យាការី​អេធើរ​បាន​ព្យាយាម​បង្រៀន​ពួកសាសន៍​យ៉ារេឌ អំពី​« ការណ៍​ដ៏​ធំ ហើយ​អស្ចារ្យ » ប៉ុន្តែ​ពួកគេ​ពុំ​ជឿ​លើ​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​ឡើយ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​អាន អេធើរ ១២:៥ ដើម្បី​រកមើល​ពី​មូលហេតុ​ដែល​ពួកគេ​ពុំ​ជឿ ។ តើ​មាន​អ្វី​ខ្លះ​ដែល​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​ជឿ ទោះបី​យើង​មើល​វា​ពុំឃើញ​​ក្តី ? សូម​អាន អេធើរ ១២:៦ ជាមួយ​គ្នា ។ តើ​មរ៉ូណៃ​បាន​បង្រៀន​អ្វី​ខ្លះ​ដល់​ប្រជាជន ដែល​ពុំ​ជឿ​លើ​សេចក្តីពិត​ខាង​វិញ្ញាណ ដោយសារ​ពួកគេ​ពុំ​អាច​មើល​ឃើញ​​សេចក្តីពិត​ទាំង​នោះ ?

  • សូម​បង្ហាញ​រូបភាព​មួយ​ដល់​កុមារ​ម្នាក់​ដោយ​ពុំអនុញ្ញាត​ឲ្យ​កុមារ​ផ្សេង​ទៀត​​មើល ហើយ​សូម​ឲ្យកុមារ​ពិពណ៌នា​ពី​រូបភាព​នោះ​ប្រាប់​ទៅ​សិស្ស​​ទាំងអស់​នៅក្នុង​ថ្នាក់ ។ ប្រសិនបើ​មាន​ពេល សូម​ឲ្យ​កុមារ​ផ្សេង​ទៀត​ឆ្លាស់វេន​គ្នា​ធ្វើ​កិច្ចការ​ដូចគ្នា​នោះ​ជាមួយ​នឹង​រូបភាព​ផ្សេង ។ បន្ទាប់​មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន អេធើរ ១២:៦ ហើយ​រកមើល​ឃ្លា​នេះ ៖ « សេចក្ដី​ជំនឿ​គឺជា​អ្វី​ដែល​សង្ឃឹម​ចង់​បាន ហើយ​មើល​មិន​ឃើញ » ។ តើយើង​បង្ហាញ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ពេល​យើង​មើល​មិន​ឃើញ​ទ្រង់​ដោយ​របៀប​ណា ?

  • សូម​ឲ្យ​កុមារ​អាន​ឃ្លា​នេះ​នៅក្នុង អេធើរ ១២:៦ ៖ « អ្នក​រាល់​គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការ​សាក​ល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​សិន » ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា នៅពេល​យើង​​គោរព​បទបញ្ញត្តិ នោះ​យើង​អាច​ដឹង​ថា វា​ជា​ការពិត ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​គោលការណ៍​ដំណឹងល្អ ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​ទីបន្ទាល់​អំពី​វា ដូចជា​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​បរិសុទ្ធ ឬ​ការរស់នៅ​តាម​​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ ។ បន្ទាប់​មក​ សូម​សរសេរ ដើម្បី​​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី ខ្ញុំ​ត្រូវ នៅលើ​ក្តារខៀន ។ សូម​ចែកចាយ​ពី​របៀប​ដែល​អ្នក​អនុវត្ត​សេចក្ដី​ជំនឿ​ ដើម្បី​ទទួល​បាន​ទីបន្ទាល់​របស់​អ្នក​អំពី​រឿង​ទាំង​នេះ និង​សេចក្ដីពិត​ផ្សេង​ទៀត​នៃ​ដំណឹងល្អ ។

អេធើរ ១២:៤, ៣២

សេចក្ដី​សង្ឃឹម​គឺ​ដូចជា​យុថ្កា​ដល់​ព្រលឹង​របស់​ខ្ញុំ ។

សូម​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​យល់​ថា យើង​អាច « សង្ឃឹម​ថា​នឹង​បាន​ពិភពលោក​មួយ​ដ៏​ប្រសើរ​លើសលែង​ទៅ​ទៀត » ដោយសារ​សេចក្តីជំនឿ​របស់យើង​លើ​ព្រះគ្រីស្ទ ( អេធើរ ១២:៤ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ចែកចាយ​ជាមួយ​កុមារ​នូវ​និយមន័យ​នៃ​ពាក្យ​សង្ឃឹម​ដែល​មាន​នៅក្នុង « សង្ឃឹម » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ scriptures.ChurchofJesusChrist.org ) ។ យោង​តាម​និយម​ន័យ​នេះ និង អេធើរ ១២:៤, ៣២ តើ​យើង​សង្ឃឹម​ចង់​បាន​អ្វី ? ( សូមមើល​ផងដែរ មរ៉ូណៃ ៧:៤០–៤២ ) ។ សូម​ជួយ​កុមារ​ឲ្យ​គិត​ពី​ពាក្យ​ផ្សេង​ទៀត​នៃ​ពាក្យ សង្ឃឹម ជាមួយ​នឹង​ពាក្យ​ដែល​ផ្ទុយ​នឹង​ពាក្យ សង្ឃឹម ។ សូម​ចែកចាយ​សេចក្តីពិត​នៃ​ដំណឹងល្អ​មួយ​ចំនួន​ជាមួយ​ពួកគេ ដែល​ផ្តល់​សេចក្តីសង្ឃឹម​ដល់​អ្នក ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ដូច្នោះ​ផងដែរ ។

  • សូម​បង្ហាញ ( ឬ​គូរ​រូប​នៅលើ​ក្តារខៀន ) នូវ​រូបភាព​មួយ​អំពី​ទូក និង​យុថ្កា​មួយ ។ ហេតុអ្វី​ទូក​ត្រូវ​ការ​យុថ្កា ? តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​​ទូក​គ្មាន​យុថ្កា ? សូម​អាន​ អេធើរ ១២:៤ ហើយ​​សួរ​កុមារ​ថា តើ​សេចក្តីសង្ឃឹម​ដូច​​យុថ្កា​​តាម​របៀប​ណា ។ សូម​ឲ្យ​កុមារ​គូរ​រូបភាព​​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់​អំពី​ទូក និង​យុថ្កា ដើម្បី​ពួកគេ​អាច​បង្រៀន​គ្រួសារ​ពួកគេ​អំពី​សេចក្តីសង្ឃឹម ។

អេធើរ ១២:២៣–២៩

ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​​ខ្ញុំ​ឲ្យ​រឹងមាំ ។

នៅ​ពេល​កុមារ​ចម្រើន​វ័យ​ឡើង ពួកគេ​កាន់តែ​​ដឹង​ពី​ភាពទន់ខ្សោយ​របស់​ពួកគេ ។ សូម​ប្រើ​ខគម្ពីរ​ទាំង​នេះ​ដើម្បី​បង្រៀន​ពួកគេ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច « ធ្វើ​ឲ្យ​អ្វី​ដែល​ទន់​ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ » បាន ( អេធើរ ១២:២៧ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​អាន អេធើរ ១២:២៣–២៥ ដើម្បី​រកមើល​​មូលហេតុ​ដែល​​មរ៉ូណៃ​​ខ្វល់​ចិត្ត ។ សូម​សួរ​ពួកគេ ប្រសិនបើ​ពួកគេ​ធ្លាប់​​មាន​អារម្មណ៍​ស្រដៀង​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន ខ​ទី ២៦–២៧ ដើម្បី​រកមើល​​របៀប​ដែល​ព្រះអម្ចាស់​បាន​លើក​ទឹកចិត្ត​មរ៉ូណៃ ។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ព្រះអម្ចាស់​​អាច​ជួយ​យើង​ឲ្យ​រឹងមាំ ពេលយើង​មាន​អារម្មណ៍​ទន់ខ្សោយ​នោះ ? សូម​ចែកចាយ​បទពិសោធន៍​មួយ ពេល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​អ្នកឲ្យ​រឹងមាំ​ល្មម ដើម្បី​ធ្វើ​​កិច្ចការ​ដែល​លំបាកៗ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​អ្វី​ដែល​ទន់ខ្សោយ និង​អ្វី​ដែល​រឹងមាំ ។​ បន្ទាប់​មក​ សូម​ឲ្យ​ពួកគេ​បន្ថែម​ពាក្យ​ និង​ឃ្លា​មួយ​ចំនួន​​មកពី អេធើរ ១២:២៣–២៩ ទៅលើ​រូបគំនូរ​របស់​ពួកគេ ដែល​បង្រៀន​ពួកគេ​អំពី របៀប​ដែល​ព្រះអង្គសង្គ្រោះ​អាច​ជួយយើង​ឲ្យ​បង្វែរ​ភាព​ទន់ខ្សោយ​របស់​យើង​ឲ្យ​ទៅ​ជា​ខ្លាំង​ពូកែ​វិញ ។ សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​គិត​ពី​​ភាព​ទន់ខ្សោយ​មួយ​ដែល​ពួកគេ​អាច​មាន បន្ទាប់​មក​ស្វែងរក​ជំនួយ​ពី​ព្រះអង្គសង្គ្រោះ​ដើម្បី​ប្រែវា​ឲ្យ​ខ្លាំង​ពូកែ​វិញ ។។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូមអញ្ជើញ​កុមារ​ឲ្យ​កត់ត្រា​សេចក្តីពិត​មួយ ដែល​ពួកគេ​ចង់​ទទួល​បាន​ទីបន្ទាល់​អំពី​វា ។ សូម​ជួយពួកគេ​ដាក់​គោលដៅ​ដើម្បី​អនុវត្ត​សេចក្តីជំនឿ ដើម្បី​ពួកគេ​អាច​ទទួល​បាន​ទីបន្ទាល់​អំពី​សេចក្តីពិត​នោះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ព្យាយាម​យល់​ពី​កុមារ​ដែល​អ្នក​បង្រៀន ។ « សូម​​រកមើល​របៀប​នានា​ដើម្បី​យល់​ពី​ប្រវត្តិ ចំណាប់​អារម្មណ៍ ទេពកោសល្យ និង​តម្រូវការ​របស់ [ កុមារ ] ដែល​អ្នក​បង្រៀន ។ សូម​សួរ​សំណួរ សូម​ស្ដាប់​ដោយ​យកចិត្ត​ទុកដាក់ ហើយ​សង្កេត​មើល​នូវ​អ្វី​ដែល​សិស្ស​និយាយ និង​ធ្វើ​នៅ​ក្នុង​ស្ថានភាព​ផ្សេងៗ ។… សូម​សួរ​ឪពុក​ម្តាយ​របស់​ពួកគេ​សម្រាប់​ការយល់​ដឹង ។ លើស​ពី​អ្វី​ទាំងអស់ សូម​អធិស្ឋាន​សម្រាប់ការយល់​ដឹង​ថា មាន​តែ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ឲ្យ​យើង​បាន » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះទំព័រ ៧ ) ។