ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២៦ ខែ តុលា–ថ្ងៃទី ១ ខែ វិច្ឆិកា មរមន ១–៦ ៖ « ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​បញ្ចុះ​បញ្ចូល​អស់​អ្នក​រាល់​គ្នា​…ឲ្យ​ប្រែចិត្ត »


« ថ្ងៃ​ទី ២៦ ខែ តុលា–ថ្ងៃទី ១ ខែ វិច្ឆិកា មរមន ១–៦ ៖ ‹ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​បញ្ចុះ​បញ្ចូល​អស់​អ្នក​រាល់​គ្នា​…ឲ្យ​ប្រែចិត្ត › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ២៦ ខែ តុលា–ថ្ងៃទី ១ ខែ វិច្ឆិកា មរមន ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

មរមន​សរសេរ​នៅ​លើ​ផ្ទាំង​ចំណារ​មាស

មរមន​សង្ខេប​ផ្ទាំង​ចំណារ​ទាំងឡាយ ដោយ ថម ឡូវែល

ថ្ងៃ​ទី ២៦ ខែ តុលា–ថ្ងៃទី ១ ខែ វិច្ឆិកា

មរមន ១–៦

« ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​បញ្ចុះ​បញ្ចូល​អស់​អ្នក​រាល់​គ្នា​…ឲ្យ​ប្រែចិត្ត »

កុមារ​អាច​ពិបាក​យល់​ពី​ព្រឹត្តិការណ៍​ដែល​បាន​ពិពណ៌នា​នៅក្នុង មរមន ១–៦ ទាំងស្រុង‏ ប៉ុន្តែ​ពួកគេ​​នៅតែ​អាច​រៀន​មេរៀន​មក​ពី​ដំណើរ​រឿង​នៃ​ការរស់នៅ​ដ៏​សុចរិត​របស់​មរមន​នៅក្នុង​ពិភពលោក​ដ៏​ទុច្ចរិត​នេះ​បាន ។ តើ​អ្នក​អាច​ប្រើ​បទពិសោធន៍​​នេះ​ដើម្បី​បង្រៀន​កុមារ​អំពី​​របៀប​បន្ត​ស្មោះត្រង់​ចំពោះ​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

តើ​កុមារ​ដឹង​អ្វី​ខ្លះ​អំពី​មរមន ? សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង ឬ​បាន​រៀន​ជាមួយ​ក្រុមគ្រួសារ​ពួកគេ ។ សូម​បង្ហាញ​រូបភាព​​មរមន ដូច​ជា​រូបភាព​មួយ​នៅក្នុង គម្រោងមេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ អាច​ជួយ​បាន ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

មរមន ១:១–៣

ខ្ញុំ​អាច​​សុចរិត​ដូចជា​មរមន ។

ទោះបី​កុមារ​ដែល​អ្នក​បង្រៀន​នៅក្មេង​ក្តី ពួកគេ​ក៏​អាច​​អភិវឌ្ឍ​គុណសម្បត្តិ​ខាង​វិញ្ញាណ ហើយ​រស់នៅ​ដោយ​សុចរិត​បាន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន មរមន ១:១–៣ ឲ្យ​កុមារ​ស្តាប់ ឬ​ប្រើ « ជំពូក​ទី ៤៩ ៖ មរមន និង​ការបង្រៀន​របស់​លោក » ( ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ១៣៨–១៤២ ឬ​មើល​វីដេអូ​ដូច​គ្នា​នេះ​នៅ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្តាប់​​រក​មើល​អាយុ​មរមន ពេល​អាំម៉ារ៉ុន​បាន​ប្រគល់​បេសកកម្ម​ពិសេស​មួយ​ដល់​លោក ។ បន្ទាប់​មក សូម​ឲ្យ​ពួកគេ​លើកម្រាម​ដៃ​តាម​ចំនួន​នោះ ។ ដើម្បី​ជួយ​កុមារ​ឲ្យ​ស្រមៃ​ពី​ភាព​វ័យ​ក្មេង​របស់​មរមន សូម​បង្ហាញ​រូបភាព​របស់​បុគ្គល​ម្នាក់​ដែល​មាន​អាយុ ១០ ឆ្នាំ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​គុណសម្បត្តិ​ដែល​អាំម៉ារ៉ុន​បាន​ឃើញ​មរមន ពេល​លោក​នៅក្មេង ហើយ​ថ្លែង​ទីបន្ទាល់​ថា កុមារ​អាច​ក្លាយ​ដូចជា​មរមន​ដែរ ពេល​ពួកគេ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។

  • សូម​លេង​ល្បែង​កម្សាន្ត​មួយ​ដែល​កុមារ​ធ្វើ​តាម​សកម្មភាព​គ្រឹះ​ដែល​អ្នក​ធ្វើ ។ បន្ទាប់​មក សូម​បង្ហាញ​រូបភាព​​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ហើយ​និយាយ​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​ទ្រង់ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ៣៣–៣៥, ៤១–៤២ ) ។ សូម​ពិភាក្សា​អំពី​របៀប​ដែល​មរមន​បាន​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ—ឧទាហរណ៍ តាមរយៈ​ការបង្រៀន​ដំណឹងល្អ ការលើក​ទឹកចិត្ត​មនុស្ស​ឲ្យ​គោរព​តាម​ព្រះ និង​ការស្រឡាញ់​មនុស្ស​ដទៃ ។

មរមន ៣:៣, ៩

ព្រះវរបិតាសួគ៌​​បាន​ប្រទាន​ពរជ័យ​ជា​ច្រើន​ដល់​ខ្ញុំ ។

ការបង្រៀន​របស់​មរមន​​អាច​ជួយ​កុមារ​ឲ្យ​​ទទួល​ស្គាល់​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន មរមន ៣:៣ និង ៩ ឲ្យ​​កុមារស្តាប់ ហើយ​សូម​ពន្យល់​ថា ពួកសាសន៍​នីហ្វៃ​ពុំ​បាន​ទទួលស្គាល់​ថា ព្រះ​វរ​បិតា​សួគ៌​បាន​ប្រទាន​ពរ​ដល់​ពួកគេ​ទេ ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​បានប្រទាន​ដល់​ពួកគេ ។ សូម​បង្ហាញ​រូបភាព ឬ​វត្ថុ​នានា​ដើម្បី​ផ្ដល់​ជា​គំនិត​ដល់​ពួកគេ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​នា​ពេលសព្វថ្ងៃ​នេះ ដើម្បី​បង្ហាញ​ថា យើង​មាន​អំណរគុណ​ចំពោះ​ព្រះវរបិតាសួគ៌​សម្រាប់​ពរជ័យ​របស់​យើង ?

  • សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​បានប្រទាន​ដល់​ពួកគេ ហើយ​សូម​ឲ្យ​ពួកគេ​គូរ​រូបភាព​នៃ​ពរជ័យ​ទាំង​នោះ ។ សូម​​អញ្ជើញ​ពួកគេ​ឲ្យ​ព្យួរ​រូបភាព​របស់​ពួកគេ​នៅ​កន្លែង​ណា​ក៏​បាន​នៅ​ផ្ទះ​របស់​ពួកគេ ដែល​ពួកគេ​អាច​ឃើញ​រូបភាព​ទាំង​នោះ ហើយ​ចងចាំ​ថា ព្រះវរបិតា​សួគ៌​ប្រទាន​ពរ​ដល់​ពួកគេ​តាម​របៀប​ជាច្រើន ។ អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​ពរជ័យ​ដែល​កើត​មក​ពី​ព្រះវរបិតាសួគ៌ ពេល​ពួកគេ​ច្រៀង​​វគ្គ​ទី​មួយ​នៃ​​បទ « ខ្ញុំ​អរគុណ​ព្រះបិតា » ផងដែរ ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩ ) ។

មរមន ៣:១២

ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​​ស្រឡាញ់​មនុស្ស​គ្រប់គ្នា ។

តើ​អ្នក​អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀនឲ្យ​មាន​បំណង​ប្រាថ្នា​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​ដល់​អស់​អ្នក​ដែល​នៅជុំវិញ​ពួកគេ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារម្នាក់ៗ​គូរ​រូប​មនុស្ស​ម្នាក់​នៅលើ​ក្តារ​ខៀន ហើយ​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ​ដែល​ពួកគេ​បាន​គូរ​នោះ​មើលទៅ​ផ្សេង​ពី​មនុស្ស​ដទៃ​ទៀត ។ សូម​គូស​រូប​បេះដូងធំ​មួយ​នៅ​ជុំវិញ​រូបគំនូរ​ទាំងអស់ ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​ស្រឡាញ់​មនុស្ស​គ្រប់​រូប ។ សូម​អាន មរមន ៣:១២ ដោយ​គូស​បញ្ជាក់​អំពី​ពាក្យ « ស្រឡាញ់ » និង « បាន​ស្រឡាញ់ » ។ តើ​មរមន​បានធ្វើ​អ្វីខ្លះ​​ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់​របស់​លោក​ដល់​មនុស្ស​ដទៃ ?

  • សូម​ច្រៀង​ចម្រៀង​ជាមួយ​គ្នា​មួយ​បទ​អំពី​សេចក្ដីស្រឡាញ់​ដល់​មនុស្សដទៃ ដូចជា​បទ « ព្រះយេស៊ូវ​មាន​បន្ទូល​ស្រឡាញ់​មនុស្ស​គ្រប់​រូប » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៣៩ ) អំឡុងពេល​បង្ហាញ​រូបភាព​កុមារ​មក​ពី​ជុំវិញ​ពិភពលោក ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ចំពោះ​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ។ សូម​បំពេញ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ​ជាមួយ​នឹង​កុមារ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

មរមន ១:១–៣; ២:១, ២៣–២៤; ៣:១–៣, ១២, ១៧–២២

ខ្ញុំ​អាច​​សុចរិត​ដូចជា​មរមន ។

មរមន​នៅ​ក្មេង​ណាស់ ពេល​អាំម៉ារ៉ុន​បាន​ទទួល​ស្គាល់​ថា លោក​នឹង​ទទួលខុសត្រូវ​មើលថែ​ផ្ទាំង​ចំណារពិសិដ្ឋ​នោះ​បាន ។ តើ​គុណសម្បត្តិ​សុចរិត​ណា​ខ្លះ ដែល​អ្នក​ឃើញនៅក្នុង​កុមារ​ដែល​អ្នក​បង្រៀន ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​អានវគ្គ​ខគម្ពីរ​មួយ​ខាង​ក្រោម ហើយ​ជួយ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​អំពី​មរមន ៖ មរមន ១:១–៣; ២:១, ២៣–២៤ និង ៣:១–៣, ១២, ២០–២២ ។ បន្ទាប់​មក​ចែកចាយ​គុណសម្បត្តិ​សុចរិត​ដែល​​អ្នក​ឃើញ​នៅក្នុង​កុមារ​ដែល​អ្នក​បង្រៀន ។

  • សូម​បង្ហាញ​រូបភាព​មរមន ( សូម​មើល​រូបភាព​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ) ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ដោយសារ​មរមន​មាន​ការទទួលខុសត្រូវ និ​ង​គួរ​ឲ្យ​ទុកចិត្ត​បាន​ក្នុង​ការ​មើលថែ និង​ថែរក្សា​កំណត់ត្រា​នីហ្វៃ ទើប​យើង​មាន​ព្រះគម្ពីរ​មរមន​នា​សព្វថ្ងៃ​នេះ ។ សូម​និយាយ​ជាមួយ​កុមារ​អំ​ពី​អត្ថន័យ​នៃ​ពាក្យ​ការទទួលខុសត្រូវ និង​គួរ​ឲ្យ​ទុកចិត្ត​បាន ។ សូម​អញ្ជើញពួកគេ​ឲ្យ​ពិចារណា​ពីរបៀប​នានា​ដែល​ពួកគេ​អាច​មាន​ការទទួលខុសត្រូវ​កាន់តែ​ច្រើន ។

    មរមន​កាល​ពី​នៅក្មេង

    មរមន​អាយុ ១០ ឆ្នាំ ដោយ ស្កត អិម ស្នូ

មរមន ២:៨–១៥; ៥:១០–១១

សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ​ដឹកនាំ​ទៅ​រក​ការ​ប្រែ​ចិត្ត​ពិតប្រាកដ ។

មរមន​បាន​ឃើញ​ថា ពួកសាសន៍​នីហ្វៃ​ទុច្ចរិត​បាន​កើត​ទុក្ខ ប៉ុន្តែទុក្ខ​ព្រួយ​របស់​ពួកគេ​ពុំមែន​ជា​ទុក្ខព្រួយ​ដែល​បំផុសគំនិត​ពួកគេ​ឲ្យ​ប្រែចិត្ត​ទេ ( សូមមើល មរមន ២:១៣ ) ។ តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​យល់​ពី​ភាពខុសគ្នា​រវាង​សេចក្តីព្រួយខាង​​លោកិយ និង​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ​ដែល​ដឹកនាំ​ទៅរក​ការប្រែចិត្ត​​តាម​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​ពាក្យ​ទាំង​នេះ​នៅលើ​ក្តារខៀន ៖ សេចក្តីព្រួយ​ដែល​ដឹកនាំ​ទៅរក​ការប្រែចិត្ត និង សេចក្តីព្រួយ​ដែល​ពុំដឹកនាំ​ទៅរក​ការប្រែចិត្ត ។ សូម​អញ្ជើញ​កុមារឲ្យ​ឆ្លាស់​វេន​គ្នា​អាន​ខគម្ពីរ​ចេញ​ពី មរមន ២:៨, ១០–១៥ ។ សូមជួយ​ពួកគេ​សរសេរ​អ្វី​ដែលពួកគេ​រៀន​អំពី​សេចក្តីព្រួយ ​នៅ​ក្នុង​ពាក្យ​​ដែល​ត្រឹមត្រូវ​នៅលើ​ក្តារខៀន ។ តើ​យើង​អាច​ប្រាកដ​ថា សេចក្តីព្រួយ​ដែល​យើង​ទទួល​អារម្មណ៍​នោះ​ចំពោះ​អំពើ​បាប​របស់​យើង​ដឹកនាំ​យើង​ឲ្យ​ផ្លាស់ប្តូរ​ដោយ​របៀប​ណា ?

  • សូម​អញ្ជើញ​សមាជិកម្នាក់​នៃ​គណៈ​​ប៊ីស្សព ឬ​ឪពុក ឬ​ម្តាយ​​ម្នាក់​របស់​កុមារ​ណា​​ម្នាក់ ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​អំពី​របៀប​ដែល សេចក្តីព្រួយ​ដែល​គាប់​ព្រះទ័យ​ព្រះ អាច​ជួយ​យើង​ឲ្យ​ផ្លាស់ប្តូរ ដើម្បី​ក្លាយ​កាន់តែ​ដូច​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ហេតុអ្វី​វាសំខាន់​ដើម្បី​​ទទួលស្គាល់​ថា តើ​យើង​មាន​អារម្មណ៍​នៃ​សេចក្តីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ ឬ​សេចក្តីព្រួយខាង​លោកិយ ? សូម​អញ្ជើញ​កុមារ​ឲ្យ​ស្រាវជ្រាវ មរមន ២:១២ ដើម្បី​រកឃើញ​ហេតុផល​អំពី​មូលហេតុ​ដែល​ការប្រែចិត្ត​អាច​ធ្វើ​ឲ្យ « ចិត្ត​យើង…​អរ​រីករាយ » ( មរមន ២:១២ ) ។

មរមន ៣:១២

ខ្ញុំ​អាច​ទទួល​អារម្មណ៍នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​ចំពោះ​មនុស្ស​ដទៃ ។

ជារឿយៗ វា​ងាយស្រួល​ស្រឡាញ់​​អ្នក​ដែល​នៅ​ជុំវិញ​យើង និង​អ្នក​ដែល​ចូលចិត្ត​យើង ប៉ុន្តែ​មរមន​បាន​បង្ហាញ​ថា ដោយ​មាន​ជំនួយ​ពី​ព្រះវរបិតាសួគ៌ នោះ​យើង​អាច​ស្រឡាញ់​អស់​អ្នក​ដែល​ជឿ និង​ធ្វើអ្វីៗ​ផ្សេង​ពី​យើង​ផងដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​ម្នាក់​អាន មរមន ៣:១២ ហើយ​សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ​ប្រយោគ​មួយ​ដែល​សង្ខេប​ពី​អ្វី​ដែល​ពួកគេ​រៀន​ពី​មរមន​អំពី​ការស្រឡាញ់​មនុស្ស​ដទៃ ។ សូមអញ្ជើញ​កុមារ​ឲ្យ​​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ តើ​យើង​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​ដែល​ព្រះ​មាន​ដល់​មនុស្ស​ដទៃ​ដូចម្តេច ? ( សូមមើល មរ៉ូណៃ ៧:៤៨ ) ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់​របស់​យើង​ដល់​សិស្ស​នៅក្នុង​ថ្នាក់ និង​មនុស្ស​នៅក្នុង​គ្រួសារ​របស់​យើង ?

  • សូម​អញ្ជើញ​កុមារ​ធ្វើ​សកម្មភាព​នៅលើ​ទំព័រ​សកម្មភាព​នា​សប្ដាហ៍​នេះ ។ សូម​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​ដ៏​មាន​អត្ថន័យ​ដើម្បី​ឈោង​ទៅ​ជួយអស់​អ្នក​ណា​ដែល​អាច​មានភាព​ខុសប្លែក​ពី​យើង​ដោយ​សេចក្ដី​ស្រឡាញ់ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​ដាក់តាំង​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ នៅ​កន្លែង​ណា​មួយ​នៅផ្ទះ​របស់​ពួកគេ ដើម្បី​វា​ជា​ការរំឭក​ពួកគេ​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់មនុស្ស​ដទៃ ។ សូម​ផ្តល់​ឱកាស​​មួយឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​នៅក្នុង​ម៉ោង​បង្រៀន​ក្រោយ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​កែសម្រួល​សកម្មភាព​នានា​ឲ្យ​សមស្រប​តាម​អាយុ​របស់​កុមារ​ដែល​អ្នក​បង្រៀន ។ កុមារ​តូចៗ​ត្រូវការ​ការពន្យល់​លម្អិត ហើយ​រៀន​ពី​វិធីសាស្ដ្រ​បង្រៀន​សាមញ្ញៗ ។ កាល​ពួកគេ​កាន់តែ​ធំ​ទៅ នោះ​ពួកគេ​អាច​ចូល​រួម​ចំណែក​បាន​ច្រើន​ជាងមុន ហើយ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន​ប្រសើរជាង ។ សូម​ផ្ដល់​ឱកាស​ដល់​កុមារ​ទាំងអស់​ដែល​មាន​អាយុ​សមរម្យ​ឲ្យ​ចែកចាយ ថ្លែង​ទីបន្ទាល់ និង​ចូលរួម ហើយ​ផ្ដល់​ជំនួយ​តាម​សេចក្ដី​ត្រូវការ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ២៥–២៦ ) ។