« ថ្ងៃទី ៩–១៥ ខែ វិច្ឆិកា ។ អេធើរ ១–៥ ៖ ‹ ហែកវាំងនននៃការឥតជំនឿ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៩–១៥ ខែ វិច្ឆិកា ។ ម៉ូសាយ ១–៥ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ៩–១៥ ខែ វិច្ឆិកា
អេធើរ ១–៥
« ហែកវាំងនននៃការឥតជំនឿ »
គម្ពីរអេធើរ គឺជាកំណត់ត្រានៃពួកសាសន៍យ៉ារ៉េឌ ដែលបានមកដល់ដែនដីសន្យាអស់រយៈពេលជាច្រើនសតវត្សរ៍ពីមុនពួកសាសន៍នីហ្វៃ ។ ព្រះបានបំផុសគំនិតមរ៉ូណៃឲ្យដាក់បញ្ចូលកំណត់ត្រាអេធើរនៅក្នុងព្រះគម្ពីរមរមន ដោយសារវាជាប់ទាក់ទងនឹងជំនាន់របស់យើង ។ តើបងប្អូនមានអារម្មណ៍ថាវាទាក់ទងនឹងជីវិតបងប្អូនយ៉ាងដូចម្ដេច ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ខណៈដែលវាគឺជាការពិតថា របៀបរបស់ព្រះ គឺខ្ពស់ជាងរបៀបរបស់យើង ហើយយើងគួរតែចុះចូលទៅក្នុងព្រះឆន្ទៈរបស់ទ្រង់ជានិច្ច ទ្រង់ក៏លើកទឹកចិត្តយើងឲ្យគិត និងធ្វើសកម្មភាពដោយខ្លួនយើងផងដែរ ។ នោះជាមេរៀនមួយ ដែលយ៉ារេឌ និងបងប្រុសរបស់លោកបានរៀន ។ ឧទាហរណ៍ គំនិតអំពីការធ្វើដំណើរទៅកាន់ដែនដីថ្មី ដែលជា « ជម្រើសលើផែនដីឯទៀតនៅលើផែនដី » ហាក់ដូចជាចាប់ផ្ដើមមាននៅក្នុងគំនិតរបស់យ៉ារ៉េឌ ហើយព្រះអម្ចាស់ « មានព្រះហឫទ័យអាណិតអាសូរ » ហើយបានសន្យាចំពោះសំណើរដ៏ធំដែលថា « យើងនឹងធ្វើសម្រាប់អ្នក ដោយព្រោះអ្នកបានអំពាវនាវដល់យើងអស់ពេលដ៏យូរយ៉ាងនេះ » ( សូមមើល អេធើរ ១:៣៨–៤៣ ) ។ ហើយនៅពេលបងប្រុសរបស់យ៉ារេឌបានដឹងថាវាងងឹតខ្លាំងនៅខាងក្នុងភេត្រា ដែលនឹងនាំពួកគេទៅកាន់ដែនដីសន្យា នោះព្រះអម្ចាស់បានអញ្ជើញគាត់ឲ្យផ្ដល់ដំណោះស្រាយមួយ ដោយសួរសំណួរដែល យើងជាធម្មតាសួរ ទ្រង់នោះថា ៖ « តើអ្នកចង់ឲ្យយើងធ្វើអ្វី ? » (អេធើរ ២:២៣ ) ។ សារលិខិតនេះហាក់ដូចជាថា យើងមិនគួររំពឹងឲ្យព្រះបញ្ជាយើងនៅគ្រប់រឿងនោះទេ ។ យើងអាចចែកចាយជាមួយនឹងទ្រង់នូវគំនិត និងបញ្ញារបស់យើងផ្ទាល់ ហើយទ្រង់នឹងព្រះសណ្ដាប់ ហើយប្រទានការបញ្ជាក់របស់ទ្រង់ ឬការទូន្មានផ្សេងៗដល់យើង ។ ពេលខ្លះរឿងដែលញែកយើងពីពរជ័យនានាដែលយើងស្វែងរក គឺ « វាំងនននៃការឥតជំនឿ » ហើយបើយើងអាច « ហែកវាំងនននោះ » ( អេធើរ ៤:១៥ ) នោះយើងប្រហែលជាភ្ញាក់ផ្អើលចំពោះអ្វីដែលព្រះអម្ចាស់កំពុងមានព្រះឆន្ទៈចង់ធ្វើដើម្បីយើង ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
នៅពេលខ្ញុំទូលទៅកាន់ព្រះអម្ចាស់ ទ្រង់នឹងមានព្រះហឫទ័យអាណិតអាសូរចំពោះខ្ញុំ ។
អេធើរ ១:៣៣–៤៣ ប្រាប់អំពីតួនាទីបីយ៉ាងរបស់បងប្អូនយ៉ារេឌ ។ តើបងប្អូនរៀនអ្វីខ្លះមកពីការឆ្លើយតបរបស់ព្រះអម្ចាស់ដល់អ្នកអធិស្ឋាននីមួយៗទាំងនេះ ? ចូរគិតអំពីគ្រាមួយដែលបងប្អូនមានបទពិសោធន៍អំពីសេចក្តីអាណិតអាសូររបស់ព្រះអម្ចាស់ នៅពេលបងប្អូនទូលទៅទ្រង់នៅក្នុងការអធិស្ឋាន ។ បងប្អូនអាចនឹងចង់កត់ត្រាបទពិសោធន៍នេះ ហើយចែកចាយវាជាមួយនឹងនរណាម្នាក់ដែលអាចនឹងចាំបាច់ត្រូវស្ដាប់ឮទីបន្ទាល់របស់បងប្អូន ។
ខ្ញុំអាចទទួលវិវរណៈសម្រាប់ជីវិតខ្ញុំផ្ទាល់ ។
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « ខ្ញុំសូមអង្វរបងប្អូនឲ្យបង្កើនសមត្ថភាពខាងវិញ្ញាណរបស់បងប្អូនដើម្បីទទួលបានវិវរណៈ ។… សូមជ្រើសរើសធ្វើកិច្ចការខាងវិញ្ញាណដែលជាកិច្ចតម្រូវដើម្បីឲ្យបានរីករាយនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយស្ដាប់ឮសំឡេងរបស់ព្រះវិញ្ញាណកាន់តែច្បាស់ និងកាន់តែញឹកញាប់ » ( « Revelation for the Church, Revelation for Our Lives » Ensignឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ) ។
នៅពេលបងប្អូនសិក្សា អេធើរ ២; ៣:១–៦; និង ៤:៧–១៥ តើបងប្អូនរកឃើញសេចក្ដីពិតអ្វីខ្លះ ដែលជួយបងប្អូនឲ្យយល់អំពីរបៀបដើម្បីស្វែងរកវិវរណៈផ្ទាល់ខ្លួន ? បងប្អូនអាចគូសចំណាំពណ៌មួយទៅលើសំណួរ ឬកង្វល់ដែលបងប្រុសរបស់យ៉ារេឌមាន និងអ្វីដែលគាត់បានធ្វើ ហើយយកពណ៌មួយទៀតដើម្បីបងប្អូនគូសចំណាំអំពីរបៀបដែលព្រះអម្ចាស់បានជួយគាត់ និងបានប្រាប់ពីព្រះទ័យរបស់ទ្រង់ឲ្យគេដឹង ។ តើបងប្អូនមានចំណាប់អារម្មណ៍អ្វីខ្លះ អំពីរបៀបដែលបងប្រុសរបស់យ៉ារេឌបានប្រឹក្សាជាមួយព្រះអម្ចាស់ តើបងប្អូនរៀនអ្វីខ្លះមកពីរឿងនេះ អំពីរបៀបបង្កើនលំហូរនៃវិវរណៈនៅក្នុងជីវិតបងប្អូន ?
ព្រះអម្ចាស់នឹងរៀបចំខ្ញុំឆ្លងកាត់ « ទីជម្រៅដ៏ធំ » ។
ដើម្បីទៅដល់ដែនដីសន្យា ពួកសាសន៍យ៉ារេឌ បានជួបនឹងឧបសគ្គដ៏ធំមួយ ៖ ឆ្លងកាត់ « ទីជម្រៅដ៏ធំ » ( អេធើរ ២:២៥ ) ។ ឃ្លា « ទីជម្រៅដ៏ធំ » អាចជារបៀបដ៏ល្អមួយដើម្បីពិពណ៌នាអំពីអ្វីជាការសាកល្បង និងឧបសគ្គរបស់យើងដែលពេលខ្លះយើងមាន ។ ហើយពេលខ្លះ ដូចជាករណីរបស់ពួកសាសន៍យ៉ារេឌ ការឆ្លងកាត់ « ទីជម្រៅដ៏ធំ » ផ្ទាល់ខ្លួនរបស់យើង គឺជាវិធីតែមួយគត់ដើម្បីបំពេញតាមព្រះទ័យរបស់ព្រះចំពោះយើង ។ តើបងប្អូនមើលឃើញភាពស្រដៀងគ្នាអ្វីខ្លះចំពោះជីវិតរបស់បងប្អូននៅក្នុង អេធើរ ២:១៦–២៥ ? តើព្រះអម្ចាស់បានរៀបចំបងប្អូន សម្រាប់ឧបសគ្គរបស់បងប្អូនយ៉ាងដូចម្តេច ? តើទ្រង់អាចនឹងសុំឲ្យយើងធ្វើអ្វីខ្លះនៅពេលឥឡូវនេះ ដើម្បីត្រៀមខ្លួនសម្រាប់អ្វីដែលទ្រង់ត្រូវការបងប្អូនឲ្យធ្វើនៅពេលអនាគត ?
ខ្ញុំត្រូវបានបង្កើតឡើងតាមរូបរបស់ព្រះ ។
នៅលើភ្នំ សេឡិម បងប្រុសរបស់យ៉ារេឌ បានរៀនច្រើនអំពីព្រះ និងខ្លួនគាត់ ។ តើបងប្អូនរៀនអ្វីខ្លះមកពី អេធើរ ៣ អំពីលក្ខណៈខាងវិញ្ញាណ និងខាងរាងកាយរបស់ព្រះ ? តើសេចក្ដីពិតទាំងនេះជួយបងប្អូនយល់អំពីអត្តសញ្ញាណដ៏ទេវភាព និងសក្ដានុពលរបស់បងប្អូនយ៉ាងដូចម្ដេច ?
តើបងប្រុសយ៉ារេឌជាមនុស្សទីមួយដែលបានមើលឃើញព្រះអម្ចាស់ឬ ?
ព្រះបានបង្ហាញព្រះអង្គទ្រង់ដល់ពួកព្យាការីផ្សេងទៀត ពីមុនបងប្រុសរបស់យ៉ារេឌ ( ឧទាហរណ៍ សូមមើល ម៉ូសេ ៧:៤, ៥៩ ) ដូច្នេះហេតុអ្វីបានជាព្រះអម្ចាស់មានបន្ទូលទៅរកគាត់ថា « យើងមិនដែលបង្ហាញរូបយើងដល់មនុស្សដែលយើងបានបង្កើតឡើងទេ » ? ( អេធើរ ៣:១៥ ) ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានផ្ដល់នូវការពន្យល់ដែល អាចមាននេះថា « ព្រះគ្រីស្ទកំពុងមានបន្ទូលទៅកាន់បងប្រុសរបស់យ៉ារេឌថា « យើងមិនដែលបង្ហាញរូបយើងដល់មនុស្សដែលយើងបានបង្កើតឡើងទេ នៅក្នុងរបៀបនេះថា បើមិនដោយសារព្រះឆន្ទៈរបស់យើងទេ នោះគឺវានាំឲ្យកើតមានឡើងដោយសារតែតាមសេចក្ដីជំនឿនៃអ្នកមើលឃើញនោះប៉ុណ្ណោះ › » ( Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៣ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យដឹងថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
អេធើរ ១:៣៤–៣៧
តើយើងរៀនអ្វីខ្លះ មកពីខគម្ពីរទាំងនេះ អំពីការអធិស្ឋានសម្រាប់អ្នកដទៃ ? តើមានសេចក្ដីពិតអ្វីខ្លះទៀតអំពីការអធិស្ឋាន ដែលខគម្ពីរទាំងនេះបានបង្ហាញ ?
អេធើរ ២:១៦–៣:៦
តើគំរូរបស់បងប្រុសរបស់យ៉ារេឌបង្រៀនយើងអំពីរបៀបស្វែងរកចម្លើយចំពោះបញ្ហា និងចម្ងល់របស់យើងអ្វីខ្លះ ? ប្រហែលជាសមាជិកគ្រួសារអាចចែកចាយបទពិសោធន៍នៅពេលពួកគេព្យាយាម និងទទួលបានចម្លើយមកពីព្រះអម្ចាស់ ។
អេធើរ ៤:១១–១២
បន្ទាប់ពីការអានខគម្ពីរទាំងនេះ សមាជិកគ្រួសារអាចកត់ត្រានូវរឿងប្រចាំថ្ងៃមួយចំនួនដែលមានឥទ្ធិពលមកលើគ្រួសាររបស់បងប្អូន ( ដូចជាខ្សែភាពយន្ដ ចម្រៀង ល្បែងកំសាន្ត ឬមនុស្ស ) នៅលើក្រដាស ហើយដាក់វានៅក្នុងចានគោមមួយ ។ បន្ទាប់ពួកគេអាចផ្លាស់វេណគ្នារើសយកមួយ ហើយពិភាក្សាថាតើវា « បញ្ចុះបញ្ចូល [ ពួកគេ ] ឲ្យធ្វើល្អ » អ្វីខ្លះ ( អេធើរ ៤:១២ ) ។ តើគ្រួសាររបស់បងប្អូនត្រូវបានបំផុសគំនិតឲ្យធ្វើការផ្លាស់ប្ដូរអ្វីខ្លះ ?
អេធើរ ៥
បងប្អូនអាចលាក់វត្ថុមួយ ឬរបស់អ្វីមួយនៅក្នុងប្រអប់ ហើយអញ្ជើញសមាជិកគ្រួសារម្នាក់ឲ្យមើលនៅខាងក្នុងវា ហើយផ្ដល់តម្រុយដល់សមាជិកគ្រួសារផ្សេងទៀតដើម្បីជួយពួកគេស្មានមើលថាវាគឺជាអ្វី ។ នៅពេលបងប្អូនអាន អេធើរ ៥ ជាមួយគ្នា សូមពិភាក្សាអំពីមូលហេតុដែលវាសំខាន់ ដែលព្រះអម្ចាស់ប្រើសាក្សីនៅក្នុងកិច្ចការរបស់ទ្រង់ ។ តើយើងអាចចែកចាយសាក្សីរបស់យើងអំពីព្រះគម្ពីរមរមនជាមួយអ្នកដទៃយ៉ាងដូចម្ដេច ?
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង សៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។