« ថ្ងៃទី ២៣–២៩ ខែ វិច្ឆិកា ។ អេធើរ ១២–១៥ ៖ ‹ ដោយសារសេចក្ដីជំនឿ នោះការណ៍ទាំងអស់ត្រូវបានបំពេញ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៣–២៩ ខែ វិច្ឆិកា ។ អេធើរ ១២–១៥ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៣–២៩ ខែ វិច្ឆិកា
អេធើរ ១២–១៥
« ដោយសារសេចក្ដីជំនឿ នោះការណ៍ទាំងអស់ត្រូវបានបំពេញ »
ការកត់ត្រាចំណាប់អារម្មណ៍ អាចអញ្ជើញឲ្យមានវិវរណៈបន្ថែម ហើយពង្រឹងដល់ទីបន្ទាល់របស់បងប្អូន ។ វាក៏ជួយបងប្អូនឲ្យចងចាំចំណាប់អារម្មណ៍របស់បងប្អូន ហើយចែកចាយវានឹងអ្នកដទៃនៅក្នុងពេលអនាគត ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ការព្យាកររបស់អេធើរទៅកាន់ពួកសាសន៍យ៉ារ៉េឌគឺ « ធំ ហើយអស្ចារ្យ » ( អេធើរ ១២:៥ ) ។ លោក « បានប្រាប់ពួកគេនូវការណ៍ទាំងអស់ ចាប់តាំងពីដើមកំណើតរបស់មនុស្សមក » ( អេធើរ ១៣:២ ) ។ លោកបានព្យាករ « សម័យនៃព្រះគ្រីស្ទ » និងយេរូសាឡិមថ្មីនៅថ្ងៃចុងក្រោយ ( អេធើរ ១៣:៤ ) ។ ហើយលោកថ្លែងអំពី « សង្ឃឹមជាប្រាកដថានឹងបានពិភពលោកមួយដ៏ប្រសើរលើសលែងទៅទៀត មែនហើយ គឺកន្លែងមួយដែលនៅខាងស្ដាំព្រះហស្តនៃព្រះ » ( អេធើរ ១២:៤ ) ។ ប៉ុន្តែសាសន៍យ៉ារេឌបានបដិសេធពាក្យសម្ដីរបស់លោក ជាញឹកញាប់ប្រជាជនបានបដិសេធការព្យាករណ៍របស់ពួកអ្នកបម្រើរបស់ព្រះបច្ចុប្បន្ននេះដោយហេតុផលដូចគ្នា — « ពីព្រោះពួកគេពុំបានឃើញ » ( អេធើរ ១២:៥ ) ។ វាត្រូវការសេចក្ដីជំនឿដើម្បីជឿទៅលើការសន្យា ឬការព្រមានអំពីរឿងទាំងឡាយដែលយើងមើលពុំឃើញ វាក៏ដូចជាអេធើរត្រូវប្រើសេចក្ដីជំនឿដើម្បីព្យាករអំពី « ការណ៍ដ៏ធំ ហើយមហិមា » ទៅកាន់ប្រជាជនដែលពុំជឿដូច្នោះដែរ ។ មរ៉ូណៃត្រូវប្រើសេចក្តីជំនឿដើម្បីទុកចិត្តថា ព្រះអម្ចាស់អាចដកយក « ភាពទន់ខ្សោយខាងការសរសេរ » របស់គាត់ចេញ ហើយបង្វែរទៅជាភាពខ្លាំង ( សូមមើល អេធើរ ១២:១៣–២៧ ) ។ សេចក្ដីជំនឿនេះ ធ្វើឲ្យយើង « ស្ថិតស្ថេរនៅនឹងធឹង ហើយខ្ជាប់ខ្ជួន គឺនៅក្នុងកិច្ចការល្អដ៏បរិបូរជាដរាប ដែលនាំឲ្យសរសើរតម្កើងដល់ព្រះ » ( អេធើរ ១២:៤ ) ។ ហើយគឺសេចក្ដីជំនឿបែបនេះហើយដែល « ការណ៍ទាំងអស់ត្រូវបានបំពេញ » ( អេធើរ ១២:៣ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទអាចនាំឲ្យមានអព្ភូតហេតុដ៏អស្ចារ្យ ។
មនុស្សជាច្រើនសព្វថ្ងៃនេះ ក៏ដូចជាពួកសាសន៍យ៉ារេឌនៅក្នុងជំនាន់របស់អេធើរ ចង់មើលឃើញភស្ដុតាងពីមុនពួកគេនឹងជឿទៅលើព្រះ និងព្រះចេស្ដារបស់ទ្រង់ ។ ទោះជាយ៉ាងណាក៏ដោយ មរ៉ូណៃបានបង្រៀនថា « សេចក្ដីជំនឿគឺជាអ្វីដែលសង្ឃឹមចង់បាន ហើយមើលមិនឃើញ » ហើយដែលអ្នករាល់គ្នា « ពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន » ( អេធើរ ១២:៦ ) ។
សូមកត់ចំណាំរាល់ពេលដែលបងប្អូនរកឃើញពាក្យ « សេចក្ដីជំនឿ » នៅក្នុង អេធើរ ១២ ហើយកត់ត្រានូវអ្វីដែលបងប្អូនរៀនអំពីសេចក្ដីជំនឿ ។ សូមរកមើលចម្លើយចំពោះសំណួរទាំងឡាយដូចនេះ ៖ តើសេចក្តីជំនឿគឺជាអ្វី ? តើអ្វីខ្លះជាផលផ្លែនៃជីវិតដែលពោរពេញទៅដោយសេចក្ដីជំនឿ ? បងប្អូនអាចកត់ត្រាគំនិតរបស់បងប្អូនអំពីសាក្សីដែលបងប្អូនបានទទួល « ក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន » ផងដែរ ( អេធើរ ១២:៦ ) ។
សូមមើលផងដែរ ហេព្រើរ ១១; អាលម៉ា ៣២ ។
ព្រះយេស៊ូវគ្រីស្ទប្រទាន « សេចក្ដីសង្ឃឹមដ៏ប្រសើរលើសលែងទៅទៀត » ដល់យើង ។
បន្ថែមទៅលើគំនិតដ៏ល្អអំពីសេចក្ដីជំនឿ អេធើរ ១២ ក៏មានអ្វីជាច្រើននិយាយអំពីសេចក្ដីសង្ឃឹម— ប្រហែលជាបងប្អូនអាចកត់ចំណាំរាល់ពេលឃើញនូវពាក្យ « សង្ឃឹម » ។ តើសេចក្ដីសង្ឃឹមមានន័យយ៉ាងណាចំពោះបងប្អូន ? តើមូលហេតុអ្វីខ្លះដែលអេធើរត្រូវតែ « សង្ឃឹមជាប្រាកដថា នឹងបានពិភពលោកមួយដ៏ប្រសើរលើសលែងទៅទៀត » ? ( សូមមើល អេធើរ ១២:២–៥ ) ។ តើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបានផ្ដល់ « សេចក្ដីសង្ឃឹមដ៏ប្រសើរលើសលែងទៅទៀត » ដោយរបៀបណា ? ( អេធើរ ១២:៣២ ) ។
សូមចូលមើល ដឹងគុណ នៅលើគេហទំព័រ GiveThanks.ChurchofJesusChrist.org ដើម្បីស្តាប់ឮសារលិខិតមកពីប្រធានរ័សុលអិមណិលសុនអំពីរបៀបដើម្បីស្វែងរក សេចក្តីសុខសាន្ត និងការព្យាបាល— មិនថាកាលៈទេសៈរបស់បងប្អូនយ៉ាងណា ។
សូមមើលផងដែរ មរ៉ូណៃ ៧:៤០–៤១, ឌៀថើរ អេស្វ អុជដូហ្វ « The Infinite Power of Hope » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២១–២៤ ប្រកាសដំណឹងល្អទ្រង់ ទំព័រ ១១៧។
ព្រះយេស៊ូវគ្រីស្ទអាចធ្វើឲ្យភាពទន់ខ្សោយប្រែជាខ្លាំងបាន ។
នៅពេលយើងអានការសរសេរដ៏មានអានុភាពរបស់មរ៉ូណៃ វាងាយនឹងភ្លេចថា គាត់បារម្ភអំពី « ភាពទន់ខ្សោយខាងការសរសេរ » ហើយភ័យខ្លាចថា ប្រជាជននឹងចំអកចំពោះពាក្យរបស់គាត់ ( សូមមើល អេធើរ ១២:២៣–២៥ ) ។ ប៉ុន្ដែព្រះបានសន្យាថា ទ្រង់នឹង « ធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែ » សម្រាប់ពួករាបសារ ( ខទី ២៧ ) និងអំណាចខាងវិញ្ញាណនៅក្នុងការសរសេររបស់មរ៉ូណៃ កំពុងធ្វើជាភស្ដុតាងបញ្ចុះបញ្ចូលថា ព្រះអម្ចាស់បានបំពេញការសន្យានេះ ។
បន្ទាប់ពីអាន អេធើរ ១២:២៣–២៩ សូមពិចារណាអំពីគ្រាដែលព្រះបានជួយដល់បងប្អូនស្គាល់ភាពទន់ខ្សោយរបស់បងប្អូន ហើយធ្វើឲ្យបងប្អូនបានខ្លាំងវិញ ។ ប្រហែលនេះគឺជាពេលល្អមួយដើម្បីគិត អំពីភាពទន់ខ្សោយ ដែលបងប្អូនកំពុងជួបបញ្ហាឥឡូវនេះ ។ តើបងប្អូនមានអារម្មណ៍ថា បងប្អូនចាំបាច់ត្រូវធ្វើអ្វីខ្លះដើម្បីបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ ហើយបង្ហាញសេចក្ដីជំនឿទៅលើទ្រង់ដើម្បីទទួលការសន្យារបស់ទ្រង់ដើម្បី « ធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែ » ។? ( អេធើរ ១២:២៧ ) ។
នៅពេលបងប្អូនពិចារណាអំពីខគម្ពីរទាំងនេះ គំនិតនៅខាងក្រោមមកពី អែលឌើរ ណែល អេ. ម៉ាកស្វែល អាចនឹងជាជំនួយ ៖ « នៅពេលយើងអានក្នុងបទគម្ពីរអំពី ‹ ភាពទន់ខ្សោយ › របស់មនុស្ស ពាក្យនេះ រួមបញ្ចូលទាំង … ភាពទន់ខ្សោយមានជាប់ជាមួយនៅក្នុងស្ថានភាពមនុស្សលោកទូទៅ ដែលសាច់ឈាមអាចនឹងមានឥទ្ធិពលមិនឈប់ឈរមកលើវិញ្ញាណ » ( សូមមើល អេធើរ ១២:២៨–២៩ ) ។ ដូចគ្នានោះដែរ ភាពទន់ខ្សោយ រួមមានទាំងភាពទន់ខ្សោយជាក់លាក់ នីមួយៗរបស់យើង ដែលយើងរំពឹងយកឈ្នះលើវា ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៦:៣; យ៉ាកុប ៤:៧ ) » ( Lord, Increase Our Faith [ ឆ្នាំ ១៩៩៤ ] ទំព័រ ៨៤ ) ។
សូមមើលផងដែរ « Grace » Gospel Topics topics.ChurchofJesusChrist.org ។
ការបដិសេធពួកព្យាការីនាំមកនូវគ្រោះថ្នាក់ខាងវិញ្ញាណ ។
ការធ្វើជាស្ដេចនៃសាសន៍យ៉ារ៉េឌ តាមប្រវត្តិសាស្ត្រ វាជាតំណែងដ៏គ្រោះថ្នាក់មួយ ។ រឿងនេះក៏នៅតែពិតចំពោះ កូរីអានទុមើរ នៅពេលមនុស្សជាច្រើន « ដែលជាមនុស្សខ្លាំងពូកែ… ស្វែងររកបំផ្លាញទ្រង់ » ( អេធើរ ១៣:១៥–១៦ ) ។ នៅក្នុង អេធើរ ១៣:១៥–២២ សូមកត់សម្គាល់អំពីអ្វីដែលកូរីអានទុមើរបានធ្វើដើម្បីការពារខ្លួន និងអ្វីដែលព្យាការីអេធើរ បានប្រឹក្សាដល់គាត់ឲ្យធ្វើជំនួសវិញ ។ នៅពេលបងប្អូនអានគម្ពីរអេធើរតទៅទៀត សូមពិចារណាអំពីលទ្ធផលនៃការបដិសេធពួកព្យាការី ។ តើមានអ្វីកើតឡើងចំពោះមនុស្សនៅពេល « ព្រះវិញ្ញាណនៃព្រះអម្ចាស់ [ ឈប់ ] តស៊ូជាមួយនឹងពួកគេទៀត »? ( អេធើរ ១៥:១៩ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
អេធើរ ១២:៧–២២
នៅពេលបងប្អូនអានខគម្ពីរទាំងនេះជាមួយគ្នា បងប្អូនអាចរំឭកមើលឡើងវិញនូវគំរូដ៏បំផុសគំនិតមួយចំនួនអំពីសេចក្ដីជំនឿ ដែលបងប្អូនបានអាននៅក្នុងព្រះគម្ពីរមរមន ។ រឿងនេះអាចនាំឲ្យមានការពិភាក្សាមួយអំពីគំរូនៃសេចក្ដីជំនឿនៅក្នុងពង្សប្រវត្តិរបស់បងប្អូន ឬជីវិតបងប្អូនផ្ទាល់—សូមពិចារណាធ្វើការកត់ត្រាបទពិសោធន៍ទាំងនេះ បើសិនជាបងប្អូនពុំទាន់បានធ្វើនៅឡើយនោះ ។
អេធើរ ១២:២៧
ហេតុអ្វីព្រះអម្ចាស់ប្រទានភាពទន់ខ្សោយដល់យើង ? តើចំណែករបស់យើងក្នុងការធ្វើឲ្យ « អ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែ » យ៉ាងណា ? តើចំណែករបស់ព្រះអង្គសង្គ្រោះមានអ្វីខ្លះ ?
អេធើរ ១២:៤១
តើមានវិធីសប្បាយរីករាយមួយ ដែលបងប្អូនអាចបង្រៀនកូនចៅបងប្អូន « ស្វែងរក…ព្រះយេស៊ូវ » ឬទេ ? វិធីមួយគឺអាចធ្វើការលាក់រូបភាពព្រះយេស៊ូវ ហើយអញ្ជើញសមាជិកគ្រួសារបងប្អូន « ស្វែងរក » ហើយរកឃើញរូបភាពនោះ ។ តើពួកយើងស្វែងរក ព្រះយេស៊ូវដោយរបៀបណា ហើយតើយើងត្រូវបានប្រទានពរ នៅពេលយើងរកឃើញទ្រង់យ៉ាងដូចម្ដេច ?
អេធើរ ១៣:១៣–១៤; ១៥:១៩, ៣៣–៣៤
វាអាចជាការគួរឲ្យចាប់អារម្មណ៍សម្រាប់សមាជិកគ្រួសាររបស់បងប្អូនដើម្បីប្រៀបធៀបបទពិសោធន៍របស់អេធើរ ជាមួយនឹងបទពិសោធន៍របស់មរមន និងមរ៉ូណៃ ( សូមមើល មរមន ៦; ៨:១–១០ ) ។ តើវាដូចគ្នាយ៉ាងដូចម្ដេច ? តើផ្លូវរបស់ពួកសាសន៍នីហ្វៃទៅកាន់ការបំផ្លិចបំផ្លាញ ស្រដៀងគ្នាទៅនឹងផ្លូវរបស់ពួកសាសន៍យ៉ារ៉េឌយ៉ាងដូចម្ដេច ? ( ប្រៀបធៀប អេធើរ ១៥:១៩ ជាមួយ មរ៉ូណៃ ៨:២៨ ) ។ តើសេចក្ដីពិតអ្វីខ្លះដែលយើងរៀន ដែលអាចជួយយើងចៀសផុតពីអ្វីដែលបានកើតឡើងចំពោះពួកគេ ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។