« ថ្ងៃទី ២–៨ ខែ វិច្ឆិកា ។ មរមន ៧–៩ ៖ ‹ ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាហាក់បីដូចជាអ្នករាល់គ្នានៅទីនេះ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២–៨ ខែ វិច្ឆិកា ។ មរមន ៧–៩ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២–៨ ខែ វិច្ឆិកា
មរមន ៧–៩
« ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាហាក់បីដូចជាអ្នករាល់គ្នានៅទីនេះ »
សូមរំឭកពីអារម្មណ៍ដែលអ្នកបានកត់ត្រាទុកអំឡុងពេលការសិក្សារបស់អ្នកផ្ទាល់អំពី មរមន ៧–៩ នៅសប្ដាហ៍នេះ ។ តើវគ្គបទគម្ពីរអ្វីខ្លះនៅក្នុងជំពូកទាំងនេះដែលអ្នកមានអារម្មណ៍ថានឹងមានន័យច្រើនបំផុតដើម្បីរឭកឡើងវិញជាមួយនឹងសិស្សរបស់អ្នក ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ដើម្បីទុកឱកាសមួយឲ្យសិស្សចែកចាយអ្វីមួយមកពីការសិក្សារបស់ពួកគេផ្ទាល់ ឬជាគ្រួសារ អ្នកអាចលើកទឹកចិត្តពួកគេឲ្យមើលត្រួសៗក្នុង មរមន ៧–៩ ហើយចែកចាយប្រយោគមួយ ( ខគម្ពីរមួយ )ដែលពួកគេមានអំណរគុណដែលមរមន ឬមរ៉ូណៃបានជ្រើសដើម្បីដាក់បញ្ចូលទៅក្នុងផ្ទាំងចំណារទាំងនោះ ។
បង្រៀនគោលលទ្ធិ
ព្រះគម្ពីរមរមនមានតម្លៃដ៏អស្ចារ្យ ។
-
វិធីមួយដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីតម្លៃដ៏អស្ចារ្យនៃព្រះគម្ពីរមរមនគឺការពិភាក្សាគ្នាអំពីរបៀបដែលយើងកំណត់ពីតម្លៃនៃវត្ថុមួយ ។ តើការស្គាល់ពីតម្លៃនៃអ្វីមួយផ្លាស់ប្ដូររបៀបដែលយើងប្រាស់វាយ៉ាងដូចម្ដេច ? សិស្សអាចស្រាវជ្រាវ មរ៉ូណៃ ៨:១២–២២ ហើយចែកចាយអ្វីដែលមរ៉ូណៃបានថ្លែងអំពីតម្លៃនៃព្រះគម្ពីរមរមន ( « បញ្ជីនេះ » ) ។ ពួកគេក៏អាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដែលបានបង្ហាញពួកគេពីតម្លៃនៃព្រះគម្ពីរមរមនផងដែរ ។ តើយើងអាចបង្ហាញថាយើងឲ្យតម្លៃព្រះគម្ពីរមរមនតាមរបៀបណា ?
-
ដើម្បីជួយសិស្សឲ្យស្គាល់ពីរបៀបដែលព្រះគម្ពីរមរមន និងព្រះគម្ពីរប៊ីបគាំទ្រគ្នាទៅវិញទៅមក អ្នកអាចអញ្ជើញពួកគេឲ្យអាន មរមន ៧:៨–១០ ហើយសង្ខេបពីការពិពណ៌នារបស់មរមនអំពីកំណត់ត្រាពីជាពាក្យសម្ដីរបស់ពួកគេផ្ទាល់ ( « បញ្ជីដែលនឹងឲ្យដល់ពួកសាសន៍ដទៃ ពីពួកសាសន៍យូដា » សំដៅទៅលើព្រះគម្ពីរប៊ីប ) ។ សូមពិចារណាគូររង្វង់ពីរត្រួតលើគ្នានៅលើក្ដារខៀន ហើយសរសេរពាក្យក្នុងរង្វង់មួយថា ព្រះគម្ពីរប៊ីប និងពាក្យក្នុងរង្វង់មួយទៀតថា ព្រះគម្ពីរមរមន ។ សិស្សអាចសរសេរភាពស្រដៀងគ្នារវាងព្រះគម្ពីរទាំងពីរនេះនៅក្នុងផ្នែកដែលត្រួតគ្នា និងភាពខុសគ្នានៅផ្នែកផ្សេងទៀត ។ ( វីដេអូ « Bible and Book of Mormon » នៅគេហទំព័រ ChurchofJesusChrist.org ផ្តល់ការយល់ដឹងនេះ ) ។ ឬក៏ពិចារណាសរសេរសេចក្ដីពិតមួយចំនួននៃដំណឹងល្អនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យមើលនៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ហើយស្វែងរកខគម្ពីរនៅក្នុងព្រះគម្ពីរមរមន និងព្រះគម្ពីរប៊ីបដែលជួយពួកគេឲ្យយល់ដឹងពីសេចក្ដីពិតទាំងនោះ ។
យើងអាចមានភាពស្មោះត្រង់ ទោះជាពេលយើងនៅម្នាក់ឯងក្ដី ។
-
សិស្សមួយចំនួនក្នុងថ្នាក់ប្រហែលជាមានអារម្មណ៍ឯកោនៅក្នុងការខិតខំរបស់ពួកគេដើម្បីរស់នៅតាមដំណឹងល្អ ។ តើពួកគេអាចរៀនអ្វីខ្លះមកពីគំរូរបស់មរ៉ូណៃដែលអាចជួយពួកគេ ? សូមពិចារណាអញ្ជើញសិស្សឲ្យអាន មរមន ៨:១–១១ ហើយគិតពីសំណួរដែលពួកគេចង់សួរដល់មរ៉ូណៃដើម្បីរៀនអំពីរបៀបដែលលោកបានបន្តស្មោះត្រង់ ទោះជាលោកស្ថិតនៅក្នុងស្ថានភាពលំបាកក្ដី ។ តើអ្វីទៅដែលបំផុសគំនិតដល់ពួកគេអំពីគំរូរបស់លោក ? នៅពេលពួកគេចែកចាយគំនិតរបស់ពួកគេ សូមលើកទឹកចិត្តសិស្សឲ្យចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដែលពួកគេ ឬមនុស្សដទៃដែលពួកគេស្គាល់បានបន្តស្មោះត្រង់ ទោះជាពេលដែលពួកគេមានអាមរ្មណ៍ថាឯកោក្ដី ។ តើព្រះអម្ចាស់បានជួយពួកគេដោយរបៀបណា ?
ព្រះគម្ពីរមរមនត្រូវបានសរសេរឡើងសម្រាប់ជំនាន់របស់យើង ។
-
នៅពេលអ្នកហៀបនឹងបញ្ចប់ការសិក្សាអំពីព្រះគម្ពីរមរមននៅឆ្នាំនេះ ប្រហែលជាសិស្សអាចសញ្ជឹងគិតពីហេតុផលដែលពួកគេមានអារម្មណ៍ថាព្រះគម្ពីរនេះត្រូវបានសរសេរឡើងសម្រាប់ជំនាន់របស់យើង ។ អ្នកអាចចាប់ផ្ដើមការពិភាក្សានោះដោយអានសេចក្ដីថ្លែងការណ៍មកពីប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ បន្ទាប់មក សិស្សអាចអនុវត្តសំណួររបស់ប្រធានប៊ែនសឹនទៅនឹង មរមន ៨:២៦–៤១ ។ ហេតុអ្វីព្រះអម្ចាស់បានបំផុសគំនិតមរ៉ូណៃឲ្យដាក់បញ្ចូលពាក្យសម្ដីទាំងនេះនៅក្នុងបញ្ជីនេះ ? តើពាក្យសម្ដីទាំងនោះជួយយើងនៅក្នុងជំនាន់របស់យើងតាមរបៀបណា ?
-
ដូចដែលបានបង្រៀននៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ នោះ មរមន ៩:១–៣០ មាននូវសារលិខិតរបស់មរ៉ូណៃដែលឆ្លើយតបទៅនឹងការខ្វះជំនឿលើព្រះយេស៊ូវគ្រីស្ទនៅជំនាន់របស់យើង ។ ប្រហែលជាអ្នកអាចបំបែកសិស្សជាបីក្រុម ហើយអញ្ជើញក្រុមនីមួយៗឲ្យស្វែងរកការប្រឹក្សាដែលមានប្រយោជន៍ចំពោះពួកគេនៅក្នុងខគម្ពីរដូចតទៅនេះ ៖ ១–៦ ( លទ្ធផលនៃការពុំជឿលើព្រះគ្រីស្ទ ) ៧–២០ ( សារៈសំខាន់នៃការជឿលើព្រះនៃវិវរណៈ និងអព្ភូតហេតុ ) និង ២១–៣០ ( ការប្រឹក្សារបស់មរ៉ូណៃដល់យើង ) ។
-
ទោះជា មរមន ៩:១–៦ ត្រូវបានសរសេរចំពោះ« អ្នកទាំងឡាយ ដែលពុំជឿដល់ព្រះគ្រីស្ទ » ក្ដី ក៏មានប្រយោជន៍ចំពោះយើងទាំងអស់គ្នាដើម្បីនឹកស្រមៃចំពោះការឈរនៅចំពោះមុខព្រះនៅថ្ងៃមួយដើម្បីកាត់សេចក្ដីដែរ ។ សូមឲ្យសិស្សមើលខគម្ពីរទាំងនេះឡើងវិញ ដោយរកមើលពាក្យ ឬឃ្លាដែលពិពណ៌នាពីរបៀបដែលជនទុច្ចរិតនឹងទទួលអារម្មណ៍នៅថ្ងៃនោះ ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីចៀសវាងពីអារម្មណ៍ទាំងនេះ ? សិស្សប្រហែលជាអាចរកឃើញការយល់ដឹងដ៏មានប្រយោជន៍នៅក្នុងដំណើររឿងដែលប្រធាន ប៊យដ៍ ខេ ផាកកឺ បានប្រាប់នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។
-
មនុស្សជាច្រើននៅសព្វថ្ងៃនេះជឿថា អព្ភូតហេតុឈប់មានហើយ ។ តើអ្នកអាចប្រើការបង្រៀនរបស់មរ៉ូណៃដើម្បីជួយសិស្សរបស់អ្នកឲ្យជឿលើ « ព្រះនៃអព្ភូតហេតុ » តាមរបៀបណា ? អ្នកអាចចាប់ផ្ដើមដោយសុំឲ្យសិស្សមើលឡើងវិញនូវ មរមន ៩:៧–២៦ ហើយរកមើលអព្ភូតហេតុដែលមរ៉ូណៃបានជំរុញយើងឲ្យជឿ ។ តើយើងរៀនអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះអំពីព្រះ និងកិច្ចការរបស់ទ្រង់នៅជំនាន់របស់យើង ? តើយើងត្រូវធ្វើអ្វីខ្លះដើម្បីឲ្យព្រះអាចសម្ដែងអព្ភូតហេតុបាន ? ( សូមមើល មរមន ៩:២០–២១ ) ។ តើយើងធ្លាប់ឃើញអព្ភូតហេតុអ្វីខ្លះ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
តើសិស្សរបស់អ្នកធ្លាប់ងឿងឆ្ងល់ពីរបៀបដែលពួកគេអាចបង្កើនសេចក្ដីជំនឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែរឬទេ ? ប្រសិនបើពួកគេមាន សូមអញ្ជើញពួកគេឲ្យស្រាវជ្រាវ អេធើរ ១–៥ រកវិធីដើម្បីជួយឲ្យសេចក្ដីជំនឿរបស់ពួកគេរីកចម្រើន ។
ធនធានបន្ថែមទាំងឡាយ
ព្រះគម្ពីរមរមនត្រូវបានសរសេរឡើងសម្រាប់ជំនាន់របស់យើង ។
ប្រធានអ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានថ្លែងថា ៖
« ពួកសាសន៍នីហ្វៃពុំធ្លាប់មានព្រះគម្ពីរនេះឡើយ ពួកសាសន៍លេមិនពីជំនាន់បុរាណក៏គ្មានដែរ ។ វាគឺសម្រាប់យើង ។ …
« អ្នកសរសេរដ៏សំខាន់ម្នាក់ៗក្នុងព្រះគម្ពីរមរមនបានថ្លែងទីបន្ទាល់ថា លោកបានសរសេរសម្រាប់ជំនាន់នាពេលអនាគត [ សូមមើល នីហ្វៃទី ២ ២៥:២១, យ៉ាកុប ១:៣, មរមន ៧:១, ៨:៣៤–៣៥ ] ។ …
« បើសិនជាពួកលោកបានឃើញសម័យរបស់យើង និងបានជ្រើសរើសការណ៍ទាំងនោះដែលអាចមានតម្លៃអស្ចារ្យបំផុតដល់យើង តើនោះមិនមែនជារបៀបដែលយើងគួរតែសិក្សាព្រះគម្ពីរមរមនដែរឬទេអី ? យើងគួរតែសួរខ្លួនឯងឥតឈប់ឈរថា ‹ ហេតុអ្វីបានជាព្រះអម្ចាស់បំផុសគំនិតមរមន ( ឬមរ៉ូណៃ ឬអាលម៉ា ) ឲ្យបញ្ចូលការណ៍នោះក្នុងបញ្ជីរបស់លោក ? តើមេរៀនអ្វី ដែលខ្ញុំអាចរៀនចេញពីចំណុចនោះ ដើម្បីជួយខ្ញុំរស់នៅក្នុងសម័យកាលនេះ និងក្នុងស្ថានភាពនេះបាន ? › »( « The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៦ ) ។
យើងអាចគ្មានទោស ។
ប្រធាន ប៊យដ៏ ឃេ ផាកកឺ បានប្រាប់ពីការធ្វើដំណើររយៈពេលប្រាំមួយថ្ងៃ កាលពីលោកនៅក្មេងជាមួយនឹងកងទ័ពមួយក្រុមក្នុងរថភ្លើងមួយដ៏ក្ដៅហែង ដោយគ្មានពេលងូតទឹក ឬផ្លាស់សម្លៀកបំពាក់ឡើយ ។ នៅពេលរថភ្លើងមួយឈប់ ដោយមានការស្រេកឃ្លាន ក្រុមទាហាននេះបានទៅភោជនីយដ្ឋានមួយ ។
« វាចង្អៀតណាស់ ហើយដូច្នេះយើងបានចូលទៅក្នុងជួររង់ចាំដ៏វែង ដើម្បីរកកន្លែងអង្គុយ ។ ខ្ញុំគឺទីមួយ គឺបន្ទាប់ពីនារីដែលមានសំលៀកបំពាក់ស្អាតៗមួយចំនួន ។ ទោះបីជាមិនបាច់មើលមកក្រោយ ស្ដ្រីដែលនៅខាងមុខខ្ញុំនោះបានដឹងថា យើងនៅទីនោះ ។
« នាងបានបែរក្រោយ ហើយមើលមកយើង ។ បន្ទាប់មក នាងបានបែរហើយមើលមកខ្ញុំពីក្បាលដល់ចុងជើង ។ ពេលនោះខ្ញុំឈរនៅក្នុងឯកសណ្ឋានដែលបែកញើស កខ្វក់ គគ្រេច និងជ្រីវជ្រួញនោះ ។ នាងបាននិយាយដោយសំឡេងខ្ពើមរអើមថា ‹ ឱ ! បុរសអីក៏ឥតសណ្ដាប់ធ្នាប់ម្ល៉េះ ! › ភ្នែកទាំងឡាយបានក្រឡេកមកកាន់យើង ។
« ដោយគ្មានសង្ស័យ នាងបន់ឲ្យយើងកុំឈរនៅទីនោះ ហើយខ្ញុំក៏បានដើរចេញទៅ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំកខ្វក់ខ្លាំងណាស់ មិនស្រណុកឡើយ ហើយខ្មាស់គេថែមទៀត » ។
បន្ទាប់មក ប្រធានផាកកឺបានដកស្រង់ មរមន ៩:៤ ហើយបានប្រៀបធៀបបទពិសោធន៍របស់លោកទៅនឹងការពុំមានភាពស្អាតស្អំខាងវិញ្ញាណនៅក្នុងវត្តមានរបស់ព្រះ ។ ដោយថ្លែងទីបន្ទាល់ថា ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺជាវិធីតែមួយគត់ដែលលោកអាចមានភាពស្អាតស្អំខាងវិញ្ញាណ នោះលោកបានមានប្រសាសន៍ថា ៖
« តើបងប្អូនអាចនឹកស្រមៃឃើញដែរឬទេពីអារម្មណ៍ដែលខ្ញុំបានមាន នៅពេលខ្ញុំអាចមើលឃើញថា ប្រសិនបើខ្ញុំបានធ្វើតាមគ្រប់លក្ខខណ្ឌដែលព្រះដ៏ប្រោសលោះបានដាក់ឲ្យ នោះខ្ញុំពុំចាំបាច់ត្រូវស៊ូទ្រាំនឹងការឈឺចាប់នៃការពុំមានភាពស្អាតស្អំខាងវិញ្ញាណឡើយ ? សូមនឹកស្រមៃពីអារម្មណ៍លួងលោម ការមានសេរីភាព និងការលើកតម្កើងដែលកើតមានចំពោះបងប្អូន នៅពេលបងប្អូនមើលឃើញពីភាពិតនៃដង្វាយធួន និងតម្លៃអនុវត្តជាក់ស្ដែងរៀងរាល់ថ្ងៃនៃដង្វាយធួនចំពោះបងប្អូនម្នាក់ៗ » ( « Washed Clean » Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ៩–១០ ) ។