ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២៣–២៩ ខែ វិច្ឆិកា ។ អេធើរ ១២–១៥ ៖ « ដោយសារ​សេចក្ដី​ជំនឿ នោះការណ៍​ទាំងអស់​ត្រូវបាន​បំពេញ »


« ថ្ងៃ​ទី ២៣–២៩ ខែ វិច្ឆិកា ។ អេធើរ ១២–១៥ ៖ ‹ ដោយ​សារសេចក្ដី​ជំនឿ នោះការណ៍​ទាំងអស់​ត្រូវបាន​បំពេញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ​ ២០២០ )

« ថ្ងៃ​ទី ២៣–២៩ ខែ វិច្ឆិកា ។ អេធើរ ១២–១៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

អេធើរ​កំពុង​ចូល​ទៅ​ក្នុង​រូង​មួយ

អេធើរ​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​រូង​ថ្ម​មួយ ដោយ ហ្គារី អើណេស្ត ស្ម៊ីធ

ថ្ងៃ​ទី ២៣–២៩ ខែ វិច្ឆិកា

អេធើរ ១២–១៥

« ដោយសារ​សេចក្ដី​ជំនឿ នោះការណ៍​ទាំងអស់​ត្រូវបាន​បំពេញ »

គោលបំណង​នៃ​គម្រោង​មេរៀន​នេះ​គឺ​ពុំ​មែន​ដើម្បី​រៀប​រាប់​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ក្នុង​ថ្នាក់​រៀន​នោះ​ទេ ។ វាគឺជា​ការ​បំពេញ​បន្ថែម—ពុំ​មែន​ជំនួស​ទេ—ចំពោះ​វិវរណៈ​ផ្ទាល់​ខ្លួន ។ ចូរ​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​ការ​សិក្សា និង​ការ​រៀប​ចំ​ខ្លួន​ផ្ទាល់​របស់​អ្នក រួចហើយ​មើល​ឲ្យ​ឃើញ​ថាតើ​សកម្មភាព​នៅ​ក្នុង​គម្រោង​មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​រក​ឃើញ ហើយ​ចែកចាយ​ពី​គោលការណ៍​ដ៏​សំខាន់​នៅ​ក្នុង អេធើរ ១២–១៥ ដែរ​ឬទេ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ជួយ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​មក​ពីការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​របស់​ពួកគេ នោះ​អ្នក​អាច​សរសេរ​នៅ​លើ​ក្ដារ​ខៀន​នូវ​ឃ្លា​ដូចជា « ខ្ញុំ​បាន​រៀន​ថា… » « ខ្ញុំ​មាន​ទីបន្ទាល់​មួយ​អំពី… » និង « ខ្ញុំ​បាន​ដក​ពិសោធន៍… » សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​មួយមក​ពី អេធើរ ១២–១៥ ដែល​អាច​បំពេញ​សេចក្ដីថ្លែង​ការណ៍​មួយ​នៅ​លើ​ក្ដារ​ខៀន ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

អេធើរ ១២:២–២២

យើង​នឹងទទួល​បានសាក្សី​មួយ​អំពី​សេចក្ដីពិត នៅពេលយើង​អនុវត្ត​សេចក្ដីជំនឿ​លើព្រះយេស៊ូវគ្រីស្ទ ។

  • ដើម្បីជួយ​សិស្ស​ឲ្យ​ពិចារណា​ពី​អត្ថន័យ​នៃ​ការ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ អ្នក​អាច​សួរ​ពួកគេ​ថាតើ​រូបភាព ឬ​ពាក្យ​អ្វីខ្លះ​ផុស​ក្នុង​គំនិត​របស់​ពួកគេ នៅពេល​ពួកគេ​ស្ដាប់​ឮ​ពាក្យ​ថា អនុវត្ត ។ ( អ្នកអាច​ថែម​ទាំង​រក​មើល​ពាក្យ​នោះ​ក្នុង​វចនា​នុក្រម ) ។ តើ​ការ​ធ្វើ​លំហាត់​ប្រាណមាន​ឥទ្ធិពល​អ្វីខ្លះ​ទៅ​លើ​រូបកាយ​របស់​យើង ? តើ​យើង​អាច​អនុវត្ត​គោលការណ៍​នេះទៅ​នឹង​សេចក្ដី​ជំនឿ​តាម​របៀបណា ? តើ​យើង​អាច « អនុវត្ត​សេចក្ដីជំនឿ » លើ​ព្រះគ្រីស្ទ​តាម​របៀបណា ? សិស្ស​អាច​ស្រាវ​ជ្រាវ អេធើរ ១២:២–២២ ហើយ​ពិភាក្សា​ពី​របៀប​ដែល​មនុស្សបាន​អនុវត្ត​សេចក្ដី​ជំនឿ​ដែល​បាន​លើក​ឡើងនៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ។ តើ​យើងអាច​ធ្វើតាម​គំរូ​របស់​ពួកគេ​ដោយ​របៀប​ណា ? យោង​តាមខគម្ពីរ​ទាំង​នេះ តើ​លទ្ធផល​នៃ​ការ​អនុវត្ត​សេចក្ដី​ជំនឿ​លើព្រះយេស៊ូវគ្រីស្ទ​មាន​អ្វីខ្លះ ?

  • គំរូ​អំពី​សេចក្ដី​ជំនឿ​នៅក្នុង អេធើរ ១២:៧–២២ ផ្ដល់​ការ​រំឭក​ដ៏​ល្អ​មួយ​អំពី​រឿង​ដ៏​បំផុស​គំនិត​ដែល​អ្នក​បាន​សិក្សា​រួម​គ្នា​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ ប្រហែល​ជា​សិស្ស​អាច​ចែកចាយ​គំរូ​ផ្សេង​ទៀត​អំពី​សេចក្ដីជំនឿ និង​អ្វី​ដែល​ពួកគេ​រៀន​មកពី​គំរូ​ទាំងនោះ ( គំរូ​ផ្សេង​ទៀត​មាន​នៅ​ក្នុង ហេព្រើរ ១១ ) ។ ពួកគេ​ក៏​អាច​ចែកចាយ​គំរូ​ដ៏​ស្មោះត្រង់​មក​ពី​ប្រវត្តិ​គ្រួសារ​របស់​ពួកគេ ឬ​មក​ពី​ជីវិត​របស់​ពួកគេ​ផ្ទាល់​ផងដែរ ។ តើ​គំរូ​ទាំង​នេះបាន​ពង្រឹង​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតា​សួគ៌​តាម​របៀប​ណា ?

  • អេធើរ ១២ គឺ​ពោរពេញ​ដោយ​ការ​យល់ដឹង និង​សេចក្ដីពិត​អំពី​សេចក្ដីជំនឿ ។ សិស្ស​អាចស្វែងរក​ខគម្ពីរ​នានាដែល​បង្រៀន​ពួកគេ​អំពី​សេចក្ដីជំនឿ​នៅ ក្នុង​ជំពូកនេះ ។ បន្ទាប់​មក ពួកគេ​អាច​សរសេរ​នៅលើ​ក្ដារ​ខៀន​ពី​អ្វី​ដែល​ពួកគេ​បានរក​ឃើញ ។

អេធើរ ១២:១–៩, ២៨, ៣២

សេចក្ដីជំនឿ​ដឹកនាំទៅ​រក « សង្ឃឹម​ជា​ប្រាកដ​ថា នឹង​បាន​ពិភពលោក​មួយ​ដ៏​ប្រសើរ » ។

  • តើ​សិស្ស​ម្នាក់​នៅ​ក្នុង​ថ្នាក់​របស់​អ្នក​អាច​ពិពណ៌នា​ពី​ហេតុផល​ដែល​យុថ្កា​មួយ​មាន​សារៈសំខាន់​ចំពោះ​ទូក​មួយឬទេ ? អ្នក​អាច​បង្ហាញ​រូបភាព​ទូក​មួយ និង​យុថ្កា​មួយ ( ឬ​គូ​វា​នៅ​លើ​ក្ដារ​ខៀន ) ហើយ​ពិភាក្សា​ពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ទូក​មួយ​ដែល​គ្មាន​យុថ្កា ។ តើ​មាន​អ្វីកើត​ឡើង​ចំពោះ​យើង នៅពេល​យើង​គ្មាន​សេចក្ដី​សង្ឃឹម ? បន្ទាប់​មក សិស្ស​អាច​អាន អេធើរ ១២:៤ ហើយពិភាក្សា​អំពី​របៀប​ដែល​សេចក្ដី​សង្ឃឹម​ប្រៀប​បាន​នឹង « យុថ្កា​មួយ​ដល់​ព្រលឹង [ របស់​យើង ] » ។ ពួកគេ​ក៏​អាច​អាន អេធើរ ១២:១–៩, ២៨ និង៣២ ហើយ​ចែកចាយ​ការ​យល់ដឹង​ដែល​ពួកគេ​ទទួល​បាន​អំពី​សេចក្ដី​សង្ឃឹម​ផងដែរ ។ តើយើង​គួរ​សង្ឃឹម​សម្រាប់​អ្វីខ្លះ ? ( សូម​មើលអេធើរ ១២:៤, មរ៉ូណៃ ៧:៤១ សូម​មើល​ផង​ដែរ យ៉ូហាន ១៦:៣៣ ) ។

អេធើរ ១២:២៣–២៩

តាមរយៈ​ព្រះគុណ​របស់​ព្រះគ្រីស្ទ រឿង​ទន់​ខ្សោយ​អាច​ប្រែ​ទៅជា​ខ្លាំងបាន ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យស្គាល់​ពី​សេចក្ដី​ពិត​ដែល​មរ៉ូណៃ​បាន​រៀន​អំពី​ភាព​ទន់ខ្សោយ និង​កម្លាំង​នៅ​ក្នុង អេធើរ ១២ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​មនុស្ស​ដែល​អាច​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ដោយសារ​តែ​ភាព​ទន់​ខ្សោយ​របស់​ពួកគេ ។ បន្ទាប់មក សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ស្រាវ​ជ្រាវ​អេធើរ ១២:២៣–២៩​ ដើម្បី​ស្វែង​រក​សារលិខិត​ដែល​អាច​ជួយ​បុគ្គល​នោះ ។ ប្រសិនបើ​មរ៉ូណៃ​រស់នៅ​សព្វថ្ងៃ តើ​លោក​អាច​នឹង​និយាយ​អ្វីខ្លះ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​គាត់ ឬ​នាង ? សិស្ស​ក៏​អាច​ចែកចាយ​បទពិសោធន៍​មក​ពី​ជីវិត​របស់​ពួកគេ​ផ្ទាល់ នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​« ​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួក​គេ​វិញ » ( អេធើរ ១២:២៧ ) ។ តើ​ការ​ផ្លាស់ប្ដូរ​នេះ​ខុស​ពី​ការ​ខិតខំ​កែលម្អ​ខ្លួន​ដែល​បុគ្គល​ម្នាក់​អាច​ធ្វើ​ដោយ​គ្មាន​ការ​ពឹង​ផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ​តាម​របៀបណា ? សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​ស្ដីពី​ប្រធាន​បទ​នេះ សូម​មើល​សេចក្ដីថ្លែងការណ៍​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។

  • បទពិសោធន៍​របស់​មរ៉ូណៃ​គឺជា​បទពិសោធន៍​មួយ​នៅ​ក្នុង​បទគម្ពីរ​ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​បង្វែរ​ភាពទន់​ខ្សោយ​របស់​យើងក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​បំបែក​សិស្ស​ជា​ក្រុម ចាត់​ក្រុម​នីមួយៗ​ឲ្យ​រើស​បុគ្គល​ម្នាក់​នៅ​ក្នុង​បទគម្ពីរដែល​មាន​ភាព​ទន់ខ្សោយមួយ ហើយ​ពិភាក្សា​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ធ្វើឲ្យ​បុគ្គល​នោះ​ខ្លាំង​ពូកែ ។ ឧទាហរណ៍​មួយ​ចំនួន​ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ អ្នក​ក៏​អាច​ណែនាំឲ្យ​សិស្ស​រំឭក​និយមន័យ​អំពី​ព្រះគុណ​នៅ​ក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​ពិត​ចំពោះ​សេចក្ដីជំនឿទំព័រ ៧៧–៧៨ ) ។ តើ​គំរូ​នៅ​ក្នុង​បទគម្ពីរ​ដែល​ពួកគេ​បាន​សិក្សា​បង្ហាញ​ឲ្យ​ឃើញ​ពី​អនុភាព​នៃ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​តាម​របៀបណា ? តើ​យើងនាំ​យក​អនុភាព​នោះ​ចូល​មក​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្តេច ?

  • វា​គឺជា​រឿង​ធម្មតា​ដើម្បី​ប្រៀបធៀបភាព​ទន់ខ្សោយ​របស់​យើងទៅ​នឹង​ភាព​ខ្លាំង​របស់​មនុស្ស​ម្នាក់​ទៀត សូម្បី​តែ​មរ៉ូណៃ​ក៏​ធ្លាប់​មាន​អារម្មណ៍ថា លោក​ពុំ​អាច​ប្រៀប​បាន​នឹង​បងប្រុស​របស់​យ៉ារេឌ​ដែរ ( សូមមើល អេធើរ ១២:២៤ ) ។ ហេតុអ្វី​វា​មាន​គ្រោះថ្នាក់​ដើម្បីប្រៀបធៀប​ខ្លួន​ឯង​ទៅនឹង​មនុស្ស​ដទៃ ? យោង​តាម អេធើរ ១២:២៦–២៧ តើព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យយើង​មើល​ឃើញ​ភាព​ទន់ខ្សោយ​របស់​យើង​តាម​របៀបណា ? ( សូមមើល​ផង​ដែរ​នូវ​សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៅ​ក្នុង​« ធនធាន​បន្ថែម​ទាំងឡាយ » ) ។ តើ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​មើល​ឃើញ​ភាព​ទន់ខ្សោយ​របស់​មនុស្ស​ដទៃ​តាម​រៀបណា ?​( សូមមើល អេធើរ ១២:២៦ ) ។

អេធើរ ១៣–១៥

ការ​បដិសេធ​ពួក​ព្យាការី​នាំ​ទៅ​រក​គ្រោះថ្នាក់​ខាង​វិញ្ញាណ ។

  • ដោយផ្ដល់​ឲ្យ​នូវ​សេចក្ដីពិត​ដ៏​សំខាន់​នៅ​ក្នុង អេធើរ ១២ នោះ​អ្នក​អាច​នឹង​ពុំ​ជ្រើស​រើសចំណាយ​ពេល​ច្រើន​នៅ​ក្នុង​ថ្នាក់​អំពី ជំពូក ១៣–១៥ ឡើយ ។ ប៉ុន្តែ វា​ប្រហែល​អាច​ផ្តល់​ជា​អត្ថ​ប្រយោជន៍​ដើម្បី​ឲ្យ​សិស្ស​ម្នាក់​សង្ខេបខ្លីៗនូវ​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​ជំពូក​ទាំង​នេះ ។ ដើម្បី​ជួយ​សិស្ស​រក​ឃើញ​សារលិខិត​ដ៏​មាន​ន័យ​នៅ​ក្នុង​ដំណើរ​រឿង​នេះ អ្នក​អាចសុំ​ឲ្យ​ពួកគេ​បំពេញ​ឃ្លា​« យ៉ាងនោះ យើង​ឃើញ … » ជាមួយ​នឹង​មេរៀន​មួយ​ដែល​ពួកគេ​រៀន​មក​ពី​ការ​ធ្លាក់​របស់​ពួក​សាសន៍​យ៉ារេឌ ។ តើ​ការ​ធ្លាក់​របស់​ពួកគេ​ស្រដៀង​គ្នា​នឹង​ការ​ធ្លាក់​របស់​ពួក​សាសន៍​នីហ្វៃ​តាម​របៀប​ណា ? ( ឧទាហរណ៍ សូម​មើល អេធើរ ១៥:១៩ និង មរ៉ូណៃ ៨:២៨ ) ។ តើព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​រៀនអ្វីខ្លះ​ចេញ​ពី​ដំណើរ​រឿង​ទាំង​នេះ ហើយ​តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ចៀស​វាង​ពីជោគវាសនា​ដូចជា​ពួក​សាសន៍​យ៉ារេឌ ? សិស្ស​ក៏​អាច​រំឭក​ពី​របៀប​ដែល​ចុង​បញ្ចប់​នៃ​គម្ពីរ​អេធើរ​ទាក់​ទង​នឹង​ អោមណៃ ១:១៩–២២, ម៉ូសាយ ៨:៨ និង ម៉ូសាយ ២៨:១១–១៨​ផងដែរ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

នៅ​សប្ដាហ៍​ក្រោយ សិស្ស​នឹង​ចាប់ផ្ដើម​សិក្សា​គម្ពីរ​មរ៉ូណៃ ។ ពួកគេ​អាច​រក​ឃើញ​ថា​មាន​ការ​ចាប់អារម្មណ៍​ដើម្បី​ដឹង​ថា ដើមឡើយ​មរ៉ូណៃពុំ​មាន​ផែនការ​សរសេរ​អ្វី​ផ្សេង​ទៀត​បន្ទាប់​ពី​គម្ពីរ​អេធើរ​ឡើយ ប៉ុន្តែ​លោក​បន្ត​នៅ​មាន​ជីវិត​លើស​ពី​អ្វី​ដែល​លោក​បាន​រំពឹង​ទុក ។ សប្ដាហ៍​នេះ ពួកគេ​នឹង​ចាប់ផ្ដើម​អាន​សារលិខិត​ចុង​ក្រោយ​ដែល​មរ៉ូណៃ​បាន​ទទួល​ការ​បំផុស​គំនិត​ឲ្យ​សរសេរពីមុន​លោក​ទទួលមរណភាព ។

រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការ​រីកចម្រើន​ខាង​វិញ្ញាណ​តម្រូវ​ឲ្យ​មាន​ការ​មើល​ឃើញ​ពី​ភាព​ទន់ខ្សោយ​របស់​យើង ។

ប្រធាន ហិនរី ប៊ី អាវរិង ដោយ​មា​ន​ប្រសាសន៍​អំពី អេធើរ ១២:២៧ នោះ​លោក​បាន​បង្រៀន​ថា « មរ៉ូណៃ​បាន​ថ្លែង​ថា នៅពេល​លោក ‹ បាន​ឮ​នូវ​ពាក្យ​ទាំង​នេះ › នោះ​លោក ‹ ក៏​បានស្កប់​ចិត្ត › ( អេធើរ ១២:២៩ ) ។ វា​អាច​ជា​ការ​លួងលោម​ចិត្ត​ដល់​យើងទាំងអស់​គ្នា ។ អ្នកទាំងឡាយ​ដែល​ពុំ​មើល​ឃើញ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្លួននឹង​ពុំ​រីកចម្រើន​ទេ ។ ការ​ដឹង​ពី​ភាព​ទន់ខ្សោយ​របស់​បងប្អូនគឺ​ជា​ពរជ័យ​មួយ ​​វា​នឹង​ជួយ​បងប្អូន​បន្ដ​មានភាព​រាបសារ ហើយ​បន្ដ​ងាក​ទៅ​រក​ព្រះអង្គសង្គ្រោះ ។ ព្រះវិញ្ញាណ​ពុំ​គ្រាន់តែ​លួងលោម​ចិត្ត​បងប្អូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​ជា​ភ្នាក់ងារ​ដែល​ដង្វាយធួន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ធម្មជាតិ​ក្នុង​ខ្លួន​បងប្អូន​ដែរ ។ បន្ទាប់​មក​អ្វី​ដែល​ទន់​ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ » ( « My Peace I Leave with You » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៦ ) ។

ឧទាហរណ៍ ៖ មនុស្ស​ទន់​ខ្សោយ​ដែល​បាន​ធ្វើ​ឲ្យ​ខ្លាំង​ពូកែ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

បង្រៀន​ពី « ហេតុផល » ។ « ពេលខ្លះ​អ្នក​រៀន—ជាពិសេស​យុវវ័យ—ងឿង​ឆ្ងល់​អំពី​របៀប​ដែល​គោលការណ៍​ដំណឹងល្អ​ទាក់ទង​នឹង​ពួកគេ ឬ​ហេតុអ្វី​ក៏​ពួកគេ​គួរ​គោរព​តាម​បទបញ្ញត្តិ​ជាក់លាក់​នានា ។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រសិន​បើ​ពួកគេ​យល់​អំពី​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​សុភមង្គល​នៃ​កូនចៅ​របស់​ទ្រង់ នោះ​មូលហេតុ​នានា​ចំពោះ​គោលការណ៍​ដំណឹងល្អ​ និង​បទបញ្ញត្តិ​ទាំងឡាយ​នឹង​ប្រែក្លាយ​ទៅ​ជា​មាន​ភាព​កាន់​តែ​ច្បាស់​លាស់ ហើយ​ជំរុញ​ទឹកចិត្ត​ឲ្យ​មានការ​គោរពតាម​កាន់​តែ​ខ្លាំង​ឡើង » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ទំព័រ ២០ ) ។