« ថ្ងៃទី ៩–១៥ ខែ វិច្ឆិកា ។ អេធើរ ១–៥ ៖ ‹ ដោយកម្លាំងនៃព្រះអម្ចាស់ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៩–១៥ ខែ វិច្ឆិកា ។ អេធើរ ១–៥ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ៩–១៥ ខែ វិច្ឆិកា
អេធើរ ១–៥
« ហែកវាំងនននៃការឥតជំនឿនោះ »
តើអ្នកបានរៀនសេចក្ដីពិតអ្វីខ្លះអំឡុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អំពី អេធើរ ១–៥ ដែលអ្នកអាចចែកចាយនឹងសិស្សរបស់អ្នក ? តើអ្នកអាចផ្ដល់ឱកាសអ្វីខ្លះដល់ពួកគេដើម្បីចែកចាយអ្វីដែលពួកគេបានរៀន ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមពិចារណាពីវិធីដ៏មានការច្នៃប្រឌិតនេះដើម្បីអញ្ជើញឲ្យមានការចែកចាយ ៖ ហុចគ្រួសឲ្យសិស្ស ១៦ នាក់ ហើយអញ្ជើញពួកគេពីរបីនាក់ឲ្យចែកចាយសេចក្ដីពិតមួយដែលពួកគេចងចាំមកពីការសិក្សាផ្ទាល់ខ្លួន ឬជាគ្រួសារអំពី អេធើរ ១–៥ ។ តើពួកគេនឹងធ្វើអ្វីខ្លះ ដោយសារតែអ្វីដែលពួកគេបានរៀន ?
បង្រៀនគោលលទ្ធិ
នៅពេលយើងបន្តអំពាវនាវទៅព្រះអម្ចាស់ នោះទ្រង់នឹងបើកសម្ដែងព្រះទ័យរបស់ទ្រង់ ។
-
យើងគ្រប់គ្នាមានការលំបាកដើម្បីស្វែងរកចម្លើយមួយសម្រាប់បញ្ហា ឬសំណួរមួយ ។ តើបទពិសោធន៍របស់បងប្រុសយ៉ារេឌអាចជួយសិស្សរបស់អ្នកឲ្យរៀនពីរបៀបស្វែងរកជំនួយមកពីព្រះអម្ចាស់តាមរបៀបណា ? ប្រហែលជាអ្នកអាចគូរតារាងមួយនៅលើក្ដារខៀនដោយមានជួរឈរដែលមានចំណងជើងថា សំណួរនៃបងប្រុសរបស់យ៉ារេឌ សកម្មភាពនៃបងប្រុសរបស់យ៉ារេឌ និង ការឆ្លើយតបរបស់ព្រះអម្ចាស់ ។ បន្ទាប់មក អ្នកអាចបំបែកសិស្សជាបីក្រុម ហើយចាត់ជួរឈរមួយដល់ក្រុមនីមួយៗ ។ ក្រុមនីមួយៗអាចធ្វើការរួមគ្នាដោយមើលត្រួសៗពី អេធើរ ១:៣៣–៤៣ និង ២:១៦–៣:៦ ហើយសរសេរអ្វីដែលពួកគេរកឃើញនៅក្នុងជួរឈរដែលបានចាត់ឲ្យពួកគេ ។ បន្ទាប់ទៀត សិស្សអាចពិភាក្សាគ្នាពីសំណួរដូចតទៅនេះ ៖ តើយើងរៀនអ្វីខ្លះអំពីវិធីខុសៗគ្នាដែលព្រះអម្ចាស់អាចជ្រើសរើសដើម្បីជួយដល់យើង ? តើយើងរៀនអ្វីខ្លះអំពីតួនាទីរបស់យើងនៅក្នុងដំណើរការនៃការទទួលវិវរណៈ ? ប្រហែលជាសិស្សអាចចែកចាយគំរូផ្សេងទៀតមកពីបទគម្ពីរដែលបង្រៀនគោលការណ៍ស្រដៀងគ្នានេះ ។ សេចក្ដីថ្លែងការណ៍មកពី អែលឌើរ រីឆាដ ជី ស្កត នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ផ្ដល់ការយល់ដឹងបន្ថែមទៀតអំពីរបៀបដែលព្រះអម្ចាស់ឆ្លើយតបការអធិស្ឋាន ។
-
ការអធិស្ឋានរបស់បងប្រុសយ៉ារេឌនៅក្នុង អេធើរ ៣:១–៥ អាចបំផុសគំនិតសិស្សឲ្យវាយតម្លៃការអធិស្ឋានរបស់ពួកគេផ្ទាល់ ។ ប្រហែលជាសិស្សអាចនឹកស្រមៃថា ពួកគេបានផ្ដល់ការប្រឹក្សាដល់មនុស្សម្នាក់ដែលទើបរៀនពីរបៀបអធិស្ឋាន ។ តើការប្រឹក្សាអ្វីខ្លះដែលពួកគេនឹងផ្ដល់ឲ្យ ? បន្ទាប់មក ពួកគេអាចស្រាវជ្រាវ អេធើរ ៣:១–៥ ហើយសង្ខេបខគម្ពីរនីមួយៗជាមួយនឹងតម្រុយ ឬ គោលការណ៍មួយឬពីរអំពីរបៀបអធិស្ឋានដ៏មានប្រសិទ្ធភាព ។ សូមពិចារណាទុកពេលឲ្យសិស្សពីរបីនាទីដើម្បីគិតពីការអធិស្ឋានរបស់ពួកគេផ្ទាល់ និងរបៀបដែលពួកគេអាចធ្វើតាមគំរូរបស់បងប្រុសយ៉ារេឌដើម្បីធ្វើឲ្យការអធិស្ឋានរបស់ពួកគេកាន់តែមានអត្ថន័យ ។
-
បន្ទាប់ពីចែកចាយបទពិសោធន៍នៃការទទួលវិវរណៈរបស់បងប្រុសយ៉ារេឌនៅក្នុង អេធើរ ៣ មរ៉ូណៃបានផ្ដល់ការប្រឹក្សានៅក្នុង អេធើរ ៤ អំពីរបៀបដែលយើងអាចទទួលវិវរណៈមកពីព្រះអម្ចាស់ ។ ដើម្បីជួយសិស្សរៀនមកពីការប្រឹក្សានេះ អ្នកអាចដាក់បង្ហាញរូបភាពមួយអំពីព្រះយេស៊ូវគ្រីស្ទ ហើយអញ្ជើញសិស្សឲ្យស្រាវជ្រាវ អេធើរ ៤:៨–១០ រករឿងដែលរារាំងយើងមិនឲ្យទទួលវិវរណៈ ឬសេចក្ដីពិតមកពីព្រះអម្ចាស់ ។ នៅពេលសិស្សចែកចាយអ្វីដែលពួកគេរកឃើញ អ្នកអាចយកក្រណាត់ ឬក្រដាសគ្របរូបភាពព្រះគ្រីស្ទដោយយឺតៗ ។ តើយើងអាចចៀសវាងឧបសគ្គខាងវិញ្ញាណទាំងនេះនៅក្នុងជីវិតរបស់យើងតាមរបៀបណា ? បន្ទាប់មក សិស្សអាចស្រាវជ្រាវ អេធើរ ៤:៧, ១១–១៥ ហើយរកមើលរបៀបដែលយើងអាចមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេចក្ដីពិតមកព្រះអម្ចាស់ ។ នៅពេលសិស្សចែកចាយអ្វីដែលពួកគេរកឃើញ សូមយកក្រណាត់ ឬក្រដាសនោះចេញ ។ តើការ « អនុវត្តសេចក្ដីជំនឿជឿដល់យើង ព្រះអម្ចាស់ … គឺដូចដែលបងរបស់យ៉ារេឌបានធ្វើ »មានន័យដូចម្ដេច ? ( អេធើរ ៤:៧ សូមមើលផងដែរ អេធើរ ៣:១–៩ ) ។ តើការ « ហែកវាំងនននៃការឥតជំនឿ » នៅក្នុងជីវិតរបស់យើងមានន័យដូចម្ដេច ? ( អេធើរ ៤:១៥ ) ។ តើយើងអាចជួយមនុស្សដទៃទៀតឲ្យធ្វើការណ៍ដូចគ្នានេះយ៉ាងដូចម្តេច ? សិស្សក៏អាចរកមើលសេចក្ដីពិតអំពីវិវរណៈផ្ទាល់ខ្លួននៅក្នុងសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន« វិវរណៈសម្រាប់សាសនាចក្រ វិវរណៈសម្រាប់ជីវិតរបស់យើង » ( Ensign ឬ Liahona ខែឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៣–៩៦ ) ។
តាមរយៈការផ្ចាញ់ផ្ចាលរបស់ទ្រង់ នោះព្រះអម្ចាស់អញ្ជើញយើងឲ្យប្រែចិត្ត ហើយមករកទ្រង់ ។
-
សូម្បីតែព្យាការីដ៏អស្ចារ្យមួយរូបដូចជាបងប្រុសយ៉ារេឌក៏បានទទួលការផ្ចាញ់ផ្ចាលមកពីព្រះអម្ចាស់ដែរ ។ តាមពិត ផ្នែកមួយនៃអ្វីដែលធ្វើឲ្យលោកអស្ចារ្យគឺជារបៀបដែលលោកបានឆ្លើយតបនឹងការផ្ចាញ់ផ្ចាលនោះ ។ ដើម្បីជួយសិស្សរៀនមកពីគំរូរបស់បងប្រុសយ៉ារេឌ នោះអ្នកអាចអញ្ជើញពួកគេឲ្យអាន អេធើរ ២:១៤–១៥ រួមគ្នាជាគូ ។ បន្ទាប់មក សូមឲ្យពួកគេម្នាក់ធ្វើជាបងប្រុសយ៉ារេឌ ហើយម្នាក់ទៀតធ្វើជាមនុស្សម្នាក់ដែលទើបតែទទួលបានការផ្ចាញ់ផ្ចាលមកពីថ្នាក់ដឹកនាំក្នុងសាសនាចក្រ ឬឪពុកម្ដាយ ។ សូមឲ្យពួកគេពិភាក្សា ឬសម្ដែងនូវអ្វីដែលបងប្រុសយ៉ារេឌអាចថ្លែងអំពីបទពិសោធន៍របស់លោកផ្ទាល់ដើម្បីជួយដល់បុគ្គលនេះ ។ តើលោកអាចផ្ដល់ដំបូន្មានអ្វីខ្លះ ? តើយើងរៀនមេរៀនអ្វីខ្លះដែលវានឹងជួយយើងឲ្យខិតទៅជិតព្រះវរបិតាសួគ៌ ? អ្នកក៏អាចពិភាក្សាពីរបៀបដែលការផ្ចាញ់ផ្ចាលរបស់ព្រះអម្ចាស់ និងការឆ្លើយតបរបស់បងប្រុសយ៉ារេឌបានជួយរៀបចំខ្លួនលោកឲ្យទទួលបទពិសោធន៍ដែលលោកមាននៅក្នុង អេធើរ ៣:១–២០ ។ នេះគឺជាធនធានផ្សេងទៀតដែលអាចជួយ ៖ សារលិខិតរបស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « អញបន្ទោស ហើយផ្ចាញ់ផ្ចាល ដល់អស់អ្នកណាដែលអញស្រឡាញ់ » ( Ensign ឬLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៧–១០០ ) ឬវគ្គដែលមានចំណងជើងថា « ការដាក់វិន័យ » នៅក្នុងសារលិខិតរបស់អែលឌើរ លីន ជី រ៉ូប៊ីន « ចៅក្រមសុចរិត » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ៩៦–៩៧ ) ។
ពួកសាក្សីបីនាក់ថ្លែងទីបន្ទាល់ពីសេចក្តីពិតដ៏ពេញលេញនៃព្រះគម្ពីរមរមន ។
-
ការរៀនបន្ថែមទៀតពីការព្យាកររបស់មរ៉ូណៃអំពីពួកសាក្សីបីនាក់អាចជួយពង្រឹងទីបន្ទាល់របស់សិស្សអំពីព្រះគម្ពីរមរមន ។ ប្រហែលជាពាក់កណ្ដាលថ្នាក់អាចអាន អេធើរ ៥ ហើយពាក់កណ្ដាលទៀតអាន « ទីបន្ទាល់នៃពួកសាក្សីបីនាក់ » ( នៅខាងដើមនៃព្រះគម្ពីរមរមន ) ហើយចែកចាយជាមួយនឹងគ្នានូវអារម្មណ៍ដែលពួកគេមានអំពីព្រះរាជបំណងរបស់ព្រះអម្ចាស់នៅក្នុងការអនុញ្ញាតឲ្យពួកសាក្សីបីនាក់មើលឃើញទេវតាមួយអង្គ និងផ្ទាំងទាំងឡាយ ។ ពួកគេក៏អាចពិភាក្សាពីឧទាហរណ៍ផ្សេងទៀតដែលពួកសាក្សីជាច្រើននាក់បង្កើតសេចក្ដីពិតផងដែរ( ឧទាហរណ៍ សូមមើល ម៉ាថាយ ៣:១៣–១៧, ១៨:១៥–១៦, យ៉ូហាន ៥:៣១–៤៧, គ. និង ស. ១២៨:៣ ) ។ តើសាក្សីអ្វីខ្លះនៅក្នុងជីវិតរបស់យើងដែលបានបំផុសគំនិតយើងឲ្យជឿ ? តើ « ព្រះចេស្ដានៃព្រះ និងព្រះបន្ទូលរបស់ទ្រង់ »បាន « បង្ហាញ » ដល់យើងនៅក្នុងព្រះគម្ពីរមរមនតាមរបៀបណា ? ( អេធើរ ៥:៤ ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញសិស្សឲ្យនឹកស្រមៃថា ពួកអ្នកដឹកនាំនយោបាយរបស់ពួកគេកំពុងបន្តចាប់ខ្លួន ហើយកាប់សម្លាប់គ្នាទៅវិញទៅមក ។ នៅក្នុង អេធើរ ៦–១១ ពួកគេនឹងអានអំពីរបៀបដែលការណ៍នេះបានកើតឡើងដល់ពូជពង្សរបស់យ៉ារេឌ និងបងប្រុសរបសល់លោក ។ ពួកគេក៏នឹងរកឃើញការព្រមានមួយចំនួនដែលនឹងជួយពួកគេឲ្យចៀសវាងពីបញ្ហាដែលពួកសាសន៍យ៉ារេឌបានជួបប្រទះ ។
ធនធានបន្ថែមទាំងឡាយ
ការស្គាល់ចម្លើយចំពោះការអធិស្ឋាន ។
អែលឌើរ រីឆាដ ជី ស្កត បានបង្រៀនថា
« នៅពេលយើងពន្យល់ពីបញ្ហាមួយ និងដាក់ស្នើដំណោះស្រាយមួយ ពេលខ្លះទ្រង់ឆ្លើយយល់ព្រម ពេលខ្លះទៀតពុំយល់ព្រម ។ ជារឿយៗ ទ្រង់រក្សាទុកចម្លើយ ពុំដោយសារទ្រង់ពុំខ្វល់ខ្វាយនោះទេ ប៉ុន្តែដោយសារទ្រង់ស្រឡាញ់យើង—យ៉ាងល្អឥតខ្ចោះ ។ ទ្រង់ចង់ឲ្យយើងអនុវត្តសេចក្ដីពិតដែលទ្រង់បានប្រទានដល់យើង ។ ដើម្បីឲ្យយើងរីកចម្រើន យើងត្រូវទុកចិត្តលើសមត្ថភាពរបស់យើងនៅក្នុងការធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ។ យើងត្រូវតែធ្វើអ្វីដែលយើង មានអារម្មណ៍ ថាត្រឹមត្រូវ ។ ទ្រង់នឹងឆ្លើយតាមពេលកំណត់របស់ទ្រង់ ។ ទ្រង់នឹងមិនបំភ្លេចយើងឡើយ ។ …
« …ទ្រង់ចង់ឲ្យយើងធ្វើសកម្មភាពដើម្បីកើននូវបទពិសោធន៍ដែលចាំបាច់ ៖
« ពេលទ្រង់ឆ្លើយថា ត្រូវហើយ វាជាការផ្ដល់ទំនុកចិត្តដល់យើង ។
ពេលទ្រង់ឆ្លើយថា ទេ វាជាការការពារនូវកំហុស ។
ពេលទ្រង់ ពុំឆ្លើយតប វាជាការធ្វើឲ្យយើងរីកចម្រើនតាមរយៈសេចក្តីជំនឿលើទ្រង់ ការគោរពប្រតិបត្តិចំពោះព្រះបញ្ញត្តិរបស់ទ្រង់ និងឆន្ទៈដើម្បីធ្វើតាមសេចក្ដីពិត ។ យើងតម្រូវឲ្យធ្វើការទទួលខុសត្រូវ ដោយការអនុវត្តទៅលើការសម្រេចចិត្ត ដែលសមស្របទៅនឹងការបង្រៀនរបស់ទ្រង់ដោយគ្មានការបញ្ជាក់ជាមុន ។ យើងមិនអង្គុយដោយអសកម្ម ឬរអ៊ូរទាំ ពីព្រោះព្រះអម្ចាស់មិនបានមានបន្ទូលនោះឡើយ ។ យើងត្រូវធ្វើសកម្មភាព » ( « Learning to Recognize Answers to Prayer » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ៣១–៣២ ) ។