« ថ្ងៃទី ២៨ ខែ កញ្ញា–ថ្ងៃទី ១១ ខែ តុលា ។ នីហ្វៃទី៣ ១៧–១៩ ៖ ‹ មើលចុះ សេចក្តីអំណររបស់យើងបានពោរពេញ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៨ ខែ កញ្ញា–ថ្ងៃទី ១១ ខែ តុលា ។ នីហ្វៃទី៣ ១៧–១៩ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៨ ខែ កញ្ញា–ថ្ងៃទី ១១ ខែ តុលា
នីហ្វៃទី៣ ១៧–១៩
« មើលចុះ សេចក្តីអំណររបស់យើងបានពោរពេញ »
ការរៀបចំខ្លួនរបស់អ្នកដើម្បីបង្រៀនគួរចាប់ផ្ដើមជាមួយនឹងការសិក្សាព្រះគម្ពីររបស់អ្នកផ្ទាល់ ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចបន្ថែមបង្គ្រប់ដល់ការសិក្សារបស់អ្នក ហើយគម្រោងមេរៀននេះក៏អាចផ្ដល់គំនិតឲ្យអ្នកផងដែរដើម្បីជួយអ្នករៀបចំខ្លួន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
នៅក្នុង នីហ្វៃទី ៣ ១៧:១–៣ ព្រះអង្គសង្គ្រោះអញ្ជើញប្រជាជននោះឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ហើយ « ប្រុងប្រៀបចិត្តគំនិតរបស់ [ របស់ពួកគេ ] » ពីមុនត្រឡប់មកទទួលការបង្រៀនម្ដងទៀត ។ អ្នកអាចសួរសិស្សរបស់អ្នកពីរបៀបដែលពួកគេបានរៀបចំខ្លួនសម្រាប់ការពិភាក្សានៅថ្ងៃនេះ និងអ្វីដែលពួកគេបានសញ្ជឹងគិត ។
បង្រៀនគោលលទ្ធិ
នីហ្វៃទី ៣ ១៧, ១៨:២៤–២៥, ២៨–៣២
ព្រះអង្គសង្គ្រោះគឺជាគំរូដ៏ល្អឥតខ្ចោះអំពីការងារបម្រើរបស់យើង ។
-
យើងទាំងអស់គ្នាមានឱកាសដើម្បីធ្វើការងារបម្រើដល់មនុស្សដទៃ ហើយយើងទាំងអស់គ្នាអាចធ្វើកិច្ចការនេះឲ្យកាន់តែប្រសើរឡើង ។ វិធីមួយដើម្បីរៀននូវគំរូរបស់ព្រះអង្គសង្គ្រោះអំពីការងារបម្រើគឺគ្រាន់តែអាន នីហ្វៃទី ៣ ១៧ រួមគ្នា ហើយអញ្ជើញសិស្សឲ្យបញ្ចេញមតិនៅពេលណាដែលពួកគេរកអ្វីមួយដែលបង្រៀនពួកគេអំពីការងារបម្រើ ។ តើយើងរៀនអ្វីខ្លះពីបុគ្គលិកលក្ខណៈរបស់ព្រះអង្គសង្គ្រោះដែលបានធ្វើឲ្យទ្រង់ក្លាយជាគំរូមួយដ៏ល្អនៃការងារបម្រើ ? តើយើងរៀនសេចក្ដីពិតអ្វីខ្លះពីការងារបម្រើចេញមកពីគំរូរបស់ព្រះអង្គសង្គ្រោះ ? អ្នកក៏អាចរកមើលការយល់ដឹងបន្ថែមទៀតនៅក្នុង នីហ្វៃទី ៣ ១៨:២៤–២៥ និង ២៨–៣២ ផងដែរ ។ បន្ទាប់មកសិស្សអាចពិភាក្សាពីរឿងជាក់លាក់ដែលពួកគេមានការបំផុសគនិតឲ្យធ្វើ ដើម្បីធ្វើតាមគំរូនៃការងារបម្រើរបស់ព្រះអង្គសង្គ្រោះ ។
នីហ្វៃទី ៣ ១៧:១៣–២២, ១៨:១៥–២៥, ១៩:៦–៩, ១៥–៣៦
ព្រះអង្គសង្គ្រោះបានបង្រៀនយើងអំពីរបៀបអធិស្ឋាន ។
-
ដើម្បីជួយសិស្សឲ្យរៀនពីគំរូ និងការបង្រៀនជាច្រើនអំពីការអធិស្ឋាននៅក្នុង នីហ្វៃទី ៣ ១៧–១៩ អ្នកអាចសរសេរនៅលើក្ដារខៀនពាក្យថា តើនរណា ? ដោយរបៀបណា ? នៅពេលណា ? និង ហេតុអ្វី ? ហើយអញ្ជើញសិស្សឲ្យរកមើលចម្លើយចំពោះសំណួរទាំងនេះដែលវាទាក់ទងនឹងការអធិស្ឋាននៅក្នុងខគម្ពីរដូចតទៅនេះ ៖ នីហ្វៃទី ៣ ១៧:១៣–២២, ១៨:១៥–២៥ និង ១៩:៦–៩, ១៥–៣៦ ។ តើការយល់ដឹងអ្វីខ្លះផ្សេងទៀតដែលសិស្សទទួលបាននៅពេលពួកគេអានខគម្ពីរទាំងនេះ ? សេចក្ដីថ្លែងការណ៍របស់អែលឌើរ រីឆាដ ជី ស្កត នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចដាក់បញ្ចូលទៅក្នុងការពិភាក្សានេះ ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យចែកចាយពីអ្វីដែលពួកគេធ្វើដើម្បីឲ្យការអធិស្ឋានរបស់ពួកគេផ្ទាល់ និងជាគ្រួសារកាន់តែមានន័យ ( សូមមើល នីហ្វៃទី ៣ ១៨:១៨–២១ ) ។
-
គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ណែនាំពីសំណួរដើម្បីពិចារណាអំពីការអធិស្ឋាននៅពេលអានខគម្ពីរទាំងនេះ ។ អ្នកអាចសុំឲ្យសិស្សចែកចាយនូវការយល់ដឹងនានាដែលពួកគេមានអំពីសំណួរទាំងនេះ ។ ឬអ្នកអាចអញ្ជើញសិស្សបីបួននាក់ឲ្យរៀបចំខ្លួនមកថ្នាក់ដើម្បីពិភាក្សាពីអ្វីមួយដែលពួកគេបានរៀនអំពីការអធិស្ឋាននៅក្នុង នីហ្វៃទី ៣ ១៧–១៩ ។ តើពួកគេបានទទួលការបំផុសគំនិតឲ្យធ្វើអ្វីខ្លះដើម្បីឲ្យការអធិស្ឋានរបស់ពួកគេកាន់តែមានន័យ ?
-
ព្រះយេស៊ូវបានបង្រៀនពីហេតុផលដែលយើងគួរអធិស្ឋានជានិច្ច ( សូមមើល នីហ្វៃទី ៣ ១៨:១៥–១៨ ) ។ ឧបករណ៍សម្រាប់មេរៀនមួយអាចជួយសិស្សរបស់អ្នកយល់ពីអ្វីដែលទ្រង់បានបង្រៀន ។ ឧទាហរណ៍ អ្នកអាចយកទឹកចាក់បំពេញធុងមួយដើម្បីតំណាងឲ្យឥទ្ធិពលរបស់សាតាំង ។ សូមដាក់ក្រដាសជូតមាត់មួយ ( ដែលតំណាងឲ្យយើង ) ឲ្យជាប់ទៅនឹងបាតពែងខាងក្នុង ( ដែលតំណាងឲ្យការអធិស្ឋានជានិច្ច ) ។ សូមផ្កាប់ពែងនោះ ហើយជ្រមុជវាចូលទៅក្នុងធុងទឹកនោះ ។ ក្រដាសជូតមាត់នោះគួរតែនៅស្ងួតជាប់នឹងបាតពែងនោះ ទោះជាវានៅក្នុងទឹកក្ដី ។ តើឧបករណ៍សម្រាប់មេរៀននេះ និង នីហ្វៃទី ៣ ១៨:១៥–១៨ បង្រៀនយើងអ្វីខ្លះអំពីការអធិស្ឋាន ? ( សូមមើលផងដែរ គ. និង ស. ១០:៥ ) ។ តើ « ការអធិស្ឋានជានិច្ច » មានន័យដូចម្ដេច ? តើការអធិស្ឋានអាចជួយយើងតតាំងនឹងឥទ្ធិពលរបស់សាតាំងយ៉ាងដូចម្ដេច ? សូមពិចារណាទុកពេលឲ្យសិស្សសរសេរនូវអ្វីដែលពួកគេបានបំផុសឲ្យធ្វើដើម្បីកែលម្អការអធិស្ឋានរបស់ពួកគេ ។
យើងអាចមានភាពពេញលេញខាងវិញ្ញាណបាន នៅពេលដែលយើងទទួលទានសាក្រាម៉ង់ ។
-
ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះស្ដីពីសាក្រាម៉ង់នៅក្នុង នីហ្វៃទី ៣ ១៨ អ្នកអាចបំបែកសិស្សជាក្រុម ហើយចាត់ឲ្យក្រុមនីមួយៗនូវបទគម្ពីរដូចតទៅនេះដើម្បីអាន ហើយពិភាក្សា ៖ ម៉ាថាយ ២៦:២៦–២៨, នីហ្វៃទី ៣ ១៨:១–១២ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៥–៧៩, ២៧:១–៤ ។ បន្ទាប់ពីអានវគ្គបទគម្ពីរដែលបានចាត់ឲ្យពួកគេមក ក្រុមនីមួយៗអាចគិតពីសំណួរមួយ ឬពីរអំពីសាក្រាម៉ង់ដែលមានចម្លើយនៅក្នុងខគម្ពីរដែលពួកគេបានអាន ហើយសរសេរសំណួររបស់ពួកគេនៅលើក្ដារខៀន ។ បន្ទាប់មកសិស្សផ្សេងទៀតអាចស្រាវជ្រាវបទគម្ពីរទាំងនោះដើម្បីរកចម្លើយចំពោះសំណួរទាំងនោះ ។ សិស្សក៏អាចពិភាក្សាពីរបៀបដែលពួកគេអាចមានបទពិសោធន៍កាន់តែមានន័យមួយក្នុងការទទួលទានសាក្រាម៉ង់ ។
-
តើការ « ឆ្អែត » នៅពេលយើងទទួលទានសាក្រាម៉ង់មានន័យដូចម្ដេច ? ( សូមមើល នីហ្វៃទី ៣ ១៨:៤–៥, ៩, ២០:៩ ) ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាសំណួរនេះជាគូ នៅពេលពួកគេអាន នីហ្វៃទី ៣ ១៨:១–១២ រួមគ្នា ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យពិចារណាពីគ្រាចុងក្រោយដែលពួកគេបានទទួលអារម្មណ៍ថា « ឆ្អែត » ខាងវិញ្ញាណ នៅពេលទទួលទានសាក្រាម៉ង់ ។ ប្រហែលជាពួកគេអាចពិភាក្សាពីរឿងដែលអាចរារាំង ឬអូសទាញពួកគេចេញពីការ « ឆ្អែត »តាមរយៈសាក្រាម៉ង់ ហើយចែកចាយគំនិតអំពីរបៀបយកឈ្នះលើឧបសគ្គទាំងនោះ ។
ពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទស្វែងរកអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
-
សូមពិចារណាសុំឲ្យសិស្សគិតអំពីអ្វីមួយដែលពួកគេចង់បានយ៉ាងខ្លាំង ។ តើពួកគេនឹងព្រមធ្វើអ្វីខ្លះដើម្បីទទួលបានវត្ថុនោះ ? ការណ៍អាចដឹកនាំទៅរកការពិភាក្សាមួយអំពីអ្វីដែលពួកសិស្សទាំងដប់ពីរនាក់ « ចង់បានបំផុត » ដូចដែលបានរៀបរាប់នៅក្នុង នីហ្វៃទី ៣ ១៩:៩–១៥ និង ២០–២២ ។ ហេតុអ្វីការណ៍នេះអាចមានសារៈសំខាន់ចំពោះពួកគេ ? ហេតុអ្វីវាមានសារៈសំខាន់ចំពោះយើង ? ស្របតាមខគម្ពីរទាំងនេះ តើយើងអាចស្វែងរកភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធតាមរបៀបណា ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ព្រះអម្ចាស់បានមានបន្ទូលថា « ពាក្យពេចន៍របស់អេសាយជាពាក្យដ៏មហិមា » ( នីហ្វៃទី ៣ ២៣:១ ) ។ ដើម្បីលើកទឹកចិត្តសិស្សឲ្យអាន នីហ្វៃទី ៣ ២០–២៦ អ្នកអាចប្រាប់ពួកគេថា នៅក្នុងជំពូកទាំងនេះ ព្រះយេស៊ូវបានពន្យល់ពីពាក្យពេចន៍ « ដ៏មហិមា » មួយចំនួនរបស់អេសាយ ។ សូមអញ្ជើញសិស្សឲ្យពិចារណាពីហេតុផលដែលពាក្យពេចន៍ទាំងនេះរបស់អេសាយមានភាពមហិមា ។ សូមលើកទឹកចិត្តពួកគេឲ្យត្រៀមខ្លួននៅថ្ងៃអាទិត្យក្រោយដើម្បីចែកចាយអ្វីដែលពួកគេបានរៀន ។
ធនធានបន្ថែមទាំងឡាយ
តម្លៃនៃការអធិស្ឋាន ។
អែលឌើរ រីឆាដជី ស្កត បានថ្លែងទីបន្ទាល់អំពីតម្លៃនៃការអធិស្ឋាន ៖
« យើងអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ នៅក្នុងព្រះនាមដ៏ពិសិដ្ឋរបស់បុត្រាដ៏ជាទីស្រលាញ់របស់ទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ។ ការអធិស្ឋាននឹងមានប្រសិទ្ធភាពបំផុត នៅពេលយើងព្យាយាមមានភាពស្អាតស្អំ និងគោរពប្រតិបត្តិ ដោយមានអារម្មណ៍ស័ក្ដិសម ហើយមានឆន្ទៈធ្វើតាមអ្វីដែលទ្រង់សុំឲ្យធ្វើ ។ ការអធិស្ឋានប្រកបដោយភាពរាបសា និងដែលមានទំនុកចិត្ត នាំមកនូវការបង្ហាញផ្លូវ និង ភាពសុខសាន្ត ។
« សូមកុំបារម្ភពីការសម្ដែងនូវអារម្មណ៍ដ៏ល្ងីល្ងើរបស់អ្នក ។ ចូរគ្រាន់តែទូលទៅកាន់ព្រះវរបិតារបស់អ្នក ដែលពេញដោយក្ដីអាណិតអាសូរ និង ដ៏មានព្រះទ័យយោគយល់ទៅបានហើយ ។ អ្នកគឺជាបុត្រាបុត្រីដ៏មានតម្លៃ ដែលទ្រង់ស្រឡាញ់យ៉ាងក្រៃលែង ហើយសព្វព្រះទ័យចង់ជួយ ។ នៅពេលអ្នកអធិស្ឋាន សូមដឹងថា ព្រះវរបិតាសួគ៌គង់នៅជិតបង្កើយ ហើយទ្រង់កំពុងព្រះសណ្ដាប់អ្នក ។
« គន្លឹះដើម្បីកែលម្អការអធិស្ឋាន គឺត្រូវរៀនទូលសួរសំណួរត្រឹមត្រូវ ។ សូមពិចារណាលើការផ្លាស់ប្ដូរពីការទូលសូមអ្វីដែលអ្នកចង់បាន ទៅជាការស្វែងរកដោយស្មោះនូវអ្វីដែលទ្រង់សព្វព្រះទ័យឲ្យអ្នកមានវិញ ។ បន្ទាប់មក នៅពេលអ្នកដឹងអំពីព្រះឆន្ទៈទ្រង់ហើយ សូមអធិស្ឋានឲ្យទ្រង់ដឹកនាំអ្នក ឲ្យមានភាពរឹងមាំដើម្បីសម្រេចវាបាន ។
« ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថាស្ថិតនៅឆ្ងាយពីព្រះវរបិតាយើង វាអាចបណ្ដាលមកពីមូលហេតុជាច្រើន ។ ទោះជាមូលហេតុណាក៏ដោយ នៅពេលអ្នកបន្តទូលអង្វរសូមជំនួយ ទ្រង់នឹងដឹកនាំអ្នកទៅធ្វើកិច្ចការ ដែលនឹងធ្វើឲ្យអ្នកមានទំនុកចិត្តឡើងវិញថា ទ្រង់គង់នៅជិតបង្កើយ ។ សូមអធិស្ឋានទោះជាអ្នកគ្មានបំណងអធិស្ឋានក៏ដោយ ។ ពេលខ្លះ អ្នកអាចមានចិត្តមិនគោរពប្រតិបត្តិដូចកូនក្មេង ហើយមានអារម្មណ៍ថា មិនអាចខិតជិតព្រះវរបិតាដោយមានបញ្ហាមួយ ។ នោះគឺជាពេលដែលអ្នកចាំបាច់ត្រូវអធិស្ឋានបំផុត ។ សូមកុំមានអារម្មណ៍ថា អ្នកគ្មានភាពស័ក្ដិសមនឹងអធិស្ឋានឲ្យសោះ ។
« ខ្ញុំឆ្ងល់ថា បើយើងពិតជាអាចវាស់ជម្រៅអំណាចដ៏មហិមានៃការអធិស្ឋានបានទេ ទាល់តែពេលយើងជួបប្រទះនឹងបញ្ហាបន្ទាន់យ៉ាងខ្លាំង ហើយដឹងថា យើងគ្មានអំណាចអ្វីដើម្បីដោះស្រាយវានោះ ។ នៅពេលនោះ យើងនឹងត្រឡប់ទៅព្រះវរបិតានៅក្នុងការទទួលស្គាល់ដ៏រាបទាបនៃការពឹងពាក់ទាំងស្រុងរបស់យើងចំពោះទ្រង់ ។ វាអាចជួយក្នុងការស្វែងរកកន្លែងដាច់ដោយឡែកមួយដែលអារម្មណ៍របស់យើងអាចបញ្ចេញសំឡេងឮៗ ហើយយូរ ប្រសិនបើចាំបាច់ » ( « Using the Supernal Gift of Prayer » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៨ ) ។