« ថ្ងៃទី ២៨ ខែ កញ្ញា–ថ្ងៃទី ១១ ខែ តុលា ។ នីហ្វៃទី៣ ១៧–១៩ ៖ ‹ មើលចុះ សេចក្ដីអំណររបស់យើងបានពោរពេញ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៨ ខែ កញ្ញា–ថ្ងៃទី ១១ ខែ តុលា ។ នីហ្វៃទី ៣ ១៧–១៩ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៨ ខែ កញ្ញា–ថ្ងៃទី ១១ ខែ តុលា
នីហ្វៃទី ៣ ១៧–១៩
« មើលចុះ សេចក្ដីអំណររបស់យើងបានពោរពេញ »
ខណៈដែលជំពូកពីមុនៗនៅក្នុងនីហ្វៃទី ៣ ផ្ដោតសំខាន់ទៅលើព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ជំពូក ៧–៩ ពិពណ៌នាអំពីការងារបម្រើរបស់ទ្រង់ ហើយការបង្រៀននៅក្នុងចំណោមប្រជាជន ។ នៅពេលបងប្អូនអានជំពូកទាំងនេះ តើព្រះវិញ្ញាណបង្រៀនបងប្អូនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ព្រះយេស៊ូវគ្រីស្ទបានចំណាយពេលផ្ដល់ការងារបម្រើនៅក្នុងដែនដីបោនទីហ្វុល បង្រៀនដំណឹងល្អរបស់ទ្រង់ ប្រទានពរឲ្យមនុស្សមើលឃើញ និងពាល់ស្លាកស្នាមនៅលើរូបកាយរស់ឡើងវិញរបស់ទ្រង់ ហើយថ្លែងទីបន្ទាល់ថា ទ្រង់គឺជាព្រះអង្គសង្គ្រោះដែលបានសន្យា ។ ហើយឥឡូវដល់ពេលដែលទ្រង់ត្រូវចាកចេញទៅហើយ ។ ទ្រង់ចាំបាច់ត្រូវត្រឡប់ទៅរកព្រះបិតាទ្រង់វិញ ហើយទ្រង់បានដឹងថា ប្រជាជនត្រូវការពេលវេលាដើម្បីពិចារណាអំពីអ្វី ដែលទ្រង់បានបង្រៀនដល់ពួកគេ ។ ដូច្នេះទ្រង់សន្យាថានឹងត្រឡប់មកវិញនៅថ្ងៃស្អែក ទ្រង់បានបំបែកហ្វូងមនុស្សឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេ ។ ប៉ុន្តែគ្មាននរណាចេញទៅទេ ។ ពួកគេពុំនិយាយអ្វីដែលពួកគេទទួលអារម្មណ៍ដឹងទេ ប៉ុន្តែព្រះយេស៊ូវអាចញាណដឹង ៖ ពួកគេសង្ឃឹមថាទ្រង់នឹង « ទ្រាំនៅជាមួយនឹងគេបន្ដិចទៀត » ( នីហ្វៃទី ៣ ១៧:៥ ) ។ ទ្រង់មានរឿងសំខាន់ផ្សេងទៀតដើម្បីធ្វើ ប៉ុន្តែឱកាសដើម្បីបង្ហាញសេចក្ដីមេត្តាករុណា គឺពុំតែងតែមាននៅចំពេលល្អមួយនោះទេ ដូច្នេះព្រះយេស៊ូវបានបន្ដនៅជាមួយនឹងប្រជាជនយូរបន្ដិចទៀត ។ អ្វីដែលកើតឡើងបន្ទាប់គឺប្រហែលជាវាជាគំរូដ៏ទន់ភ្លន់បំផុតនៃការងារបម្រើដែលបានកត់ត្រានៅក្នុងព្រះគម្ពីរ ។ អ្នកទាំងឡាយដែលមានវត្តមានអាចត្រឹមតែថ្លែងថាវាអស្ចារ្យណាស់ប៉ុណ្ណោះ ( សូមមើល នីហ្វៃទី ៣ ១៧:១៦–១៧ ) ។ ព្រះយេស៊ូវផ្ទាល់ បានសង្ខេបពីអារម្មណ៍ខាងវិញ្ញាណដោយនូវព្រះបន្ទូលទាំងនេះ ៖ « មើលចុះ សេចក្ដីអំណររបស់យើងបានពោរពេញ » ( នីហ្វៃទី ៣ ១៧:២០ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះអង្គសង្គ្រោះគឺជាគំរូដ៏ល្អឥតខ្ចោះអំពីការងារបម្រើ ។
យើងដឹងថាមានមនុស្សប្រហែលជា ២៥០០ នាក់ ( សូមមើល នីហ្វៃទី ៣ ១៧:២៥ ) ដែលទទួលបទពិសោធន៍ការយាងមកជួបជាលើកទីមួយរបស់ព្រះគ្រីស្ទ ដូចបានកត់ត្រានៅក្នុង នីហ្វៃទី ៣ ១១:១១–១៨ ។ ប៉ុន្តែព្រះអង្គសង្គ្រោះបានរកឃើញផ្លូវមួយដើម្បីផ្ដល់ការងារបម្រើដល់ពួកគេម្ដងម្នាក់ៗ ។ តើអ្នករៀនអ្វីខ្លះអំពីការងារបម្រើមកពីគំរូរបស់ព្រះអង្គសង្គ្រោះនៅក្នុងជំពូកនេះ ? តើទ្រង់ផ្ដល់ការងារបម្រើចំពោះតម្រូវការអ្វីខ្លះ ? សូមពិចារណាអំពីរបៀបដែលគំរូរបស់ទ្រង់អាចជួយបងប្អូនបម្រើដល់អ្នកដទៃ ។
នីហ្វៃទី ៣ ១៧:១៣–២២; ១៨:១៥–២៥; ១៩:៦–៩, ១៥–៣៦
ព្រះអង្គសង្គ្រោះបានបង្រៀនយើងអំពីរបៀបអធិស្ឋាន ។
សូមនឹកស្រមៃថាតើបងប្អូននឹងមានអារម្មណ៍យ៉ាងណាដើម្បីស្ដាប់ឮព្រះអង្គសង្គ្រោះអធិស្ឋានសម្រាប់បងប្អូន ។ តើទ្រង់អាចនឹងមានបន្ទូលអ្វីខ្លះជំនួសឲ្យបងប្អូន ? ការបង្រៀន និងការអធិស្ឋានរបស់ទ្រង់នៅក្នុងជំពូកទាំងនេះ អាចនឹងផ្ដល់គំនិតមួយដល់បងប្អូន ។ នៅពេលបងប្អូនសិក្សា តើបងប្អូនរៀនអ្វីខ្លះមកពីគំរូរបស់ព្រះគ្រីស្ទដែលអាចធ្វើឲ្យការអធិស្ឋានផ្ទាល់របស់បងប្អូនកាន់តែមានអត្ថន័យ ? តើមានពរជ័យអ្វីខ្លះកើតមកពីការអធិស្ឋានដែលបងប្អូនធ្លាប់ឃើញក្នុងជីវិតបងប្អូន ?
ខ្ញុំអាចពោរពេញដោយព្រះវិញ្ញាណ នៅពេលខ្ញុំទទួលទានសាក្រាម៉ង់ ។
នៅពេលបងប្អូនអាន នីហ្វៃទី ៣ ១៨:១–១២ សូមពិចារណាអំពីរបៀបដែលការទទួលទានសាក្រាម៉ង់អាចជួយបងប្អូនបាន « ពោរពេញ » ខាងវិញ្ញាណ ( នីហ្វៃទី ៣ ១៨:៣–៥, ៩ សូមមើលផងដែរ នីហ្វៃទី ៣ ២០:១–៩ ) ។ ឧទាហរណ៍ បងប្អូនអាចធ្វើបញ្ជីសំណួរមួយដើម្បីបំផុសគំនិតផ្ទាល់ខ្លួន នៅពេលបងប្អូនទទួលទានសាក្រាម៉ង់ ដូចជា « តើខ្ញុំមានអារម្មណ៍យ៉ាងណាអំពីព្រះអង្គសង្គ្រោះ និងពលិកម្មរបស់ទ្រង់ចំពោះខ្ញុំ ? « តើពលិកម្មរបស់ទ្រង់ជះឥទ្ធិពលមកលើជីវិតប្រចាំថ្ងៃរបស់ខ្ញុំយ៉ាងដូចម្ដេច ? ឬ « តើខ្ញុំកំពុងធ្វើជាសិស្សល្អ ហើយតើខ្ញុំអាចកែលម្អអ្វីខ្លះ ? »
ពាក្យសម្ដីទាំងនេះមកពីប្រធាន ហិនរី ប៊ី អាវរិង អាចជួយបងប្អូនពិចារណាអំពីរបៀបមួយ ដែលពិធីសាក្រាម៉ង់ អាចជួយបងប្អូនបានពោរពេញខាងវិញ្ញាណថា ៖ « នៅពេលអ្នកពិនិត្យលើជីវិតរបស់អ្នក អំឡុងពិធីបរិសុទ្ធនៃសាក្រាម៉ង់ ខ្ញុំសង្ឃឹមថាគំនិតអ្នកមិនគ្រាន់តែផ្តោតទៅលើអ្វីៗដែលអ្នកបានធ្វើខុសនោះទេ ប៉ុន្តែក៏ផ្តោតនៅលើអ្វីៗដែលអ្នកបានធ្វើត្រូវដែរ—ជាពេលដែលអ្នកមានអារម្មណ៍ថា ព្រះវបិតាសួគ៌ និង ព្រះអង្គសង្គ្រោះសព្វព្រះទ័យជាមួយអ្នក ។ អ្នកអាចនឹងចំណាយពេលបន្តិចអំឡុងសាក្រាម៉ង់ដើម្បីសុំដល់ព្រះឲ្យជួយអ្នកមើលឃើញការណ៍ទាំងនេះ ។… នៅពេលខ្ញុំបានធ្វើដូច្នោះ ព្រះវិញ្ញាណបានធានាដល់ខ្ញុំថា កាលដែលខ្ញុំនៅឆ្ងាយពីភាពឥតខ្ចោះនៅឡើយ ថ្ងៃនេះខ្ញុំមានលក្ខណៈប្រសើរជាងថ្ងៃម្សិលមិញ ។ ហើយការណ៍នេះផ្តល់ដល់ខ្ញុំនូវទំនុកចិត្តថា ពីព្រោះតែព្រះអង្គសង្គ្រោះ ខ្ញុំអាចបានកាន់តែប្រសើរជាងនៅថ្ងៃស្អែក » ( « Always Remember Him » Ensign ខែ កុម្ភៈ ឆ្នាំ ២០១៨ ទំព័រ ៥ ) ។
ពួកសិស្សនៃព្រះយេស៊ូវគ្រីស្ទស្វែងរកអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
សូមគិតអំពីការអធិស្ឋានមួយដែលបងប្អូនបានធ្វើថ្មីៗនេះ ។ តើការអធិស្ឋានរបស់បងប្អូនបង្រៀនបងប្អូនអំពីបំណងប្រាថ្នាដ៏ជ្រាលជ្រៅបំផុតរបស់បងប្អូនអ្វីខ្លះ ? បន្ទាប់ពីការចំណាយពេលមួយថ្ងៃនៅក្នុងទីវត្តមាននៃព្រះអង្គសង្គ្រោះ ហ្វូងមនុស្ស « ពួកគេបានអធិស្ឋានសូមនូវអ្វីៗ ដែលគេចង់បានបំផុត » — អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ( នីហ្វៃទី ៣ ១៩:៩ ) ។ នៅពេលបងប្អូនអានវគ្គគម្ពីរទាំងនេះ សូមពិចារណាអំពីបំណងប្រាថ្នាផ្ទាល់ខ្លួនបងប្អូនចំពោះភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។ តើបងប្អូនរៀនអ្វីខ្លះអំពីការស្វែងរកភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
នីហ្វៃទី ៣ ១៧
នៅពេលបងប្អូនអានជំពូកនេះជាគ្រួសារ សូមពិចារណាធ្វើការផ្អាកពីមួយរយៈទៅមួយរយៈ ដើម្បីអញ្ជើញគ្រួសារបងប្អូនឲ្យនឹកស្រមៃអំពីបទពិសោធន៍ក្នុងព្រឹត្តិការណ៍ទាំងនេះពីដំបូង ។ ឧទាហរណ៍ បងប្អូនអាចសួរសំណួរដូចជា « តើការរងទុក្ខអ្វីខ្លះដែលបងប្អូននឹងនាំទៅរកព្រះអង្គសង្គ្រោះដើម្បីត្រូវបានព្យាបាលឲ្យជាសះស្បើយ ? » « តើបងប្អូនចង់ឲ្យទ្រង់អធិស្ឋានជំនួសបងប្អូនអ្វីខ្លះ ? » ឬ « តើមានមនុស្សជាទីស្រឡាញ់ណាខ្លះដែលបងប្អូនចង់ឲ្យទ្រង់ប្រទានពរ ? » ការអានជំពូកនេះក៏អាចបំផុសគំនិតបងប្អូនឲ្យអធិស្ឋានសម្រាប់សមាជិកគ្រួសារ ម្ដងម្នាក់ៗ ដូចជាព្រះយេស៊ូវបានធ្វើ ។
នីហ្វៃទី ៣ ១៨:១–១២
តើវាមានន័យយ៉ាងណាដើម្បីត្រូវបាន « ពោរពេញ » តាមរយៈការទទួលទានសាក្រាម៉ង់ និងរបៀបដែលយើងមានបទពិសោធន៍អំពីវា ? តើយើងរៀនអ្វីខ្លះមកពី ខទី ៥–៧ អំពីមូលហេតុដែលព្រះយេស៊ូវប្រទានពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ដល់យើង ?
នីហ្វៃទី ៣ ១៨:១៧–២១
តើយើងរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះ អំពីគោលបំណងនៃការអធិស្ឋាន ? តើយើងអាចកែលម្អអំណាចនៃការអធិស្ឋានខាងវិញ្ញាណរបស់យើង ទាំងជាបុគ្គលម្នាក់ៗ និងជាគ្រួសារយ៉ាងដូចម្ដេច ?
នីហ្វៃទី ៣ ១៨:២៥; ១៩:១–៣
តើគ្រួសាររបស់យើងជួបបទពិសោធន៍អ្វីខ្លះនៅក្នុងដំណឹងល្អ ដែលយើងប្រាថ្នាឲ្យមនុស្សគ្រប់រូបនៅជុំវិញពួកយើងអាចទទួលបពិសោធន៍ផងដែរនោះ ? តើយើងអាចធ្វើតាមគំរូរបស់មនុស្សនៅក្នុងខគម្ពីរទាំងនេះ ហើយ « ធ្វើការយ៉ាងខិតខំ » ( នីហ្វៃទី ១ ១៩:៣ ) ដើម្បីនាំអ្នកដទៃមករកព្រះគ្រីស្ទ ដើម្បីពួកគេអាច « ស្ទាប ហើយឃើញ » ( នីហ្វៃទី ៣ ១៨:២៥ ) អ្វីដែលយើងរកឃើញនៅក្នុងដំណឹងល្អដោយរបៀបណា ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។