« ថ្ងៃទី ១៩–២៥ ខែ តុលា ។ នីហ្វៃទី ៣ ២៧– នីហ្វៃទី ៤ ៖ ‹ ពិតជាគ្មានប្រជាជនណា ដែលរីករាយសប្បាយជាងប្រជាជននេះឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុម គ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៩–២៥ ខែ តុលា ។ នីហ្វៃទី ៣ ២៧–នីហ្វៃទី ៤ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៩–២៥ ខែ តុលា
នីហ្វៃទី ៣ ២៧–នីហ្វៃទី ៤
« ពិតជាគ្មានប្រជាជនណាដែលរីករាយសប្បាយជាងប្រជាជននេះឡើយ »
ព្រះអម្ចាស់បានត្រាស់បង្គាប់ពួកសិស្សរបស់ទ្រង់ ឲ្យសរសេររឿងដែលពួកគេមានបទពិសោធន៍ ( សូមមើល នីហ្វៃទី ៣ ២៧:២៣–២៤ ) ។ នៅពេលបងប្អូនសិក្សា សូមសរសេរបទពិសោធន៍ខាងវិញ្ញាណដែលបងប្អូនមាន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទគឺពុំគ្រាន់តែជាទស្សនវិជ្ជាដ៏ល្អដើម្បីពិចារណានោះទេ ។ វាមានច្រើនជាងនោះ–វាមានអត្ថន័យដើម្បីផ្លាស់ប្ដូរជីវិតរស់នៅរបស់យើង ។ គម្ពីរ នីហ្វៃទី ៤ ផ្ដល់នូវឧទាហរណ៍ដ៏ល្អមួយអំពីរឿងនេះ ដែលបង្ហាញអំពីរបៀបដែលដំណឹងល្អរបស់ព្រះអង្គសង្គ្រោះអាចផ្លាស់ប្រែមនុស្សទាំងស្រុងបាន ។ បន្ទាប់ពីការងារបម្រើដ៏ខ្លីរបស់ព្រះយេស៊ូវ នោះជម្លោះជាច្រើនសតវត្សរ៍រវាងពួកសាសន៍នីហ្វៃ និងសាសន៍លេមិន ត្រូវបានបញ្ចប់ ។ ជាតិសាសន៍ពីរដែលធ្លាប់បានដឹងថាបានបែកខ្ញែក ហើយមានអំនួត បានប្រែជាតែ « មួយ គឺជាកូនចៅនៃព្រះគ្រីស្ទ » ( នីហ្វៃទី ៤ ១:១៧ ) ហើយពួកគេចាប់ផ្ដើមមាន « របស់របរទាំងអស់រួមគ្នាទូទៅនៅក្នុងចំណោមពួកគេ » ( នីហ្វៃទី ៤ ១:៣ ) ។ « សេចក្ដីស្រឡាញ់នៃព្រះ ដែលស្ថិតនៅក្នុងចិត្តរបស់មនុស្ស… » និង « ពិតជាគ្មានប្រជាជនណាដែលរីករាយ សប្បាយជាងប្រជាជនដែលបានត្រូវបង្កើតដោយព្រះហស្តនៃព្រះឡើយ » ( នីហ្វៃទី ៤ ១:១៥–១៦ ) ។ នេះគឺជារបៀបដែលការបង្រៀនរបស់ព្រះអង្គសង្គ្រោះបានផ្លាស់ប្ដូរសាសន៍នីហ្វៃ និងសាសន៍លេមិន ។ តើការបង្រៀនទាំងនោះផ្លាស់ប្ដូរបងប្អូនដោយរបៀបណា ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានហៅនៅក្នុងព្រះនាមរបស់ទ្រង់ ។
នៅពេលសិស្សរបស់ព្រះអង្គសង្គ្រោះ បានចាប់ផ្ដើមស្ថាបនាសាសនាចក្ររបស់ទ្រង់នៅទូទាំងដែនដី នោះមានសំណួរមួយបានចោទសួរឡើង ដែលមនុស្សមួយចំនួនអាចមើលទៅថាវាជាចំនុចតូចមួយ តើគួរដាក់ឈ្មោះសាសនាចក្រយ៉ាងណា ? ( សូមមើល នីហ្វៃទី ៣ ២៧:១–៣ ) ។ តើបងប្អូនរៀនអ្វីខ្លះអំពីសារៈសំខាន់នៃឈ្មោះនេះមកពីចម្លើយរបស់ព្រះអង្គសង្គ្រោះ នៅក្នុង នីហ្វៃទី ៣ ២៧:៤–១២ ? នៅក្នុងឆ្នាំ ១៨៣៨ ព្រះអម្ចាស់បានបើកសម្ដែងឈ្មោះរបស់សាសនាចក្រទ្រង់នៅសព្វថ្ងៃនេះ ( សូមមើល គ. និង ស. ១១៥:៤ ) ។ ពិចារណាពាក្យនីមួយៗតាមឈ្មោះនោះ ។ តើពាក្យសម្ដីទាំងនេះជួយយើងឲ្យស្គាល់ថាខ្លួនយើងជានរណា តើយើងជឿទៅលើអ្វី ហើយតើយើងគួរធ្វើសកម្មភាពយ៉ាងដូចម្ដេច ?
សូមមើលផងដែរ រ័សុល អិម. ណិលសុន « ឈ្មោះត្រឹមត្រូវរបស់សាសនាចក្រ » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧–៩០; អិម រ័សុល បាឡឺដ « The Importance of a Name » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧៩–៨២ ។
នៅពេលខ្ញុំធ្វើឲ្យបំណងប្រាថ្នារបស់ខ្ញុំបានបរិសុទ្ធ ខ្ញុំប្រែក្លាយជាសិស្សកាន់តែស្មោះត្រង់
តើបងប្អូននឹងនិយាយអ្វីខ្លះ បើព្រះអង្គសង្គ្រោះបានសួរដល់បងប្អូន ដូចជាទ្រង់បានសួរដល់ពួកសិស្សទ្រង់ « តើអ្នករាល់គ្នាប្រាថ្នាអ្វីពីយើង ? » ( នីហ្វៃទី ៣ ២៨:១ ) ។ ចូរគិតអំពីរឿងនេះ នៅពេលបងប្អូនអានអំពីបទពិសោធន៍របស់ពួកសិស្សរបស់ព្រះអង្គ សង្គ្រោះនៅក្នុង នីហ្វៃទី ៣ ២៨:១–១១ ។ តើបងប្អូនរៀនអ្វីខ្លះអំពីបំណងប្រាថ្នាក្នុងដួងចិត្តរបស់ពួកសិស្ស ចេញមកពីចម្លើយរបស់ពួកគេចំពោះសំណួររបស់ទ្រង់ ។ ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា ៖ « ដើម្បីសម្រេចជោគវាសនាដ៏អស់កល្បរបស់យើង យើងនឹងមានបំណងប្រាថ្នា ហើយខិតខំដើម្បីឲ្យបានមានគុណសម្បត្តិសក្ដិសម ដើម្បីក្លាយជាតួអង្គអស់កល្បជានិច្ច ។… យើងនឹងប្រាថ្នាឲ្យប្រែក្លាយដូចជា [ ព្រះយេស៊ូវ ] » ( « Desire » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៤៤–៤៥ ) ។ តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យបំណងប្រាថ្នានៃដួងចិត្តរបស់បងប្អូនកាន់តែសុចរិត ? ( សម្រាប់ព័ត៌មានបន្ថែមអំពី « ការផ្លាស់ប្ដូរកើតមានចំពោះរូបកាយ » របស់ពួកសិស្សបីនាក់ សូមមើល នីហ្វៃទី ៣ ២៨:៣៧ និង « ការប្រែរូប » សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ scriptures.ChurchofJesusChrist.org ) ។
ការប្រែចិត្តជឿទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់នាំទៅរកសាមគ្គីភាព និងសុភមង្គល ។
តើបងប្អូនអាចស្រមៃមើលថាតើវានឹងទៅជាយ៉ាងណា ដែលរស់នៅក្នុងឆ្នាំបន្ទាប់ពីការយាងមករបស់ព្រះអង្គសង្គ្រោះ ? តើប្រជាជនបន្ដរក្សាបាននូវភាពសុខសាន្ដដ៏ទេវភាពនេះអស់រយៈពេលជាយូរ—អស់រយៈពេលជិត ២០០ ឆ្នាំដោយរបៀបណា ? នៅពេលបងប្អូនសិក្សា នីហ្វៃទី ៤ ១:១–១៨ សូមពិចារណាធ្វើការគូសចំណាំ ឬកត់សម្គាល់អំពីជម្រើសនានាដែលប្រជាជនបានធ្វើ ដើម្បីទទួលបានបទពិសោធន៍ជីវិតដ៏មានពរនេះ ។
សូមពិចារណាអំពីអ្វីដែលបងប្អូនអាចធ្វើ ដើម្បីជួយដល់គ្រួសារ វួដ ឬសហគមន៍របស់បងប្អូនឲ្យរស់នៅក្នុងសាមគ្គីភាព និងសុភមង្គលកាន់តែអស្ចារ្យ ដូចជាប្រជាជននៅក្នុង នីហ្វៃទី ៤ បានធ្វើ ។ តើការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទអ្វីខ្លះ ដែលបងប្អូនអាចរស់នៅតាមឲ្យកាន់តែពេញលេញ ដើម្បីសម្រេចគោលដៅនេះ ? តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីជួយអ្នកដទៃឲ្យយល់ ហើយរស់នៅតាមការបង្រៀនទាំងនេះ ?
សេចក្ដីទុច្ចរិតនាំទៅរកការបែកបាក់ និងសេចក្តីសោកសៅ ។
ជាអកុសល សង្គមស៊ីយ៉ូន ដែលបានពិពណ៌នានៅក្នុង នីហ្វៃទី ៤ ( សូមមើលផងដែរ ម៉ូសេ ៧:១៨ ) បានបែកបាក់នៅទីបំផុតនោះទេ ។ នៅពេលបងប្អូនអាន នីហ្វៃទី ៤ ១:១៩–៤៩ សូមស្វែងរកមើលអាកប្បកិរិយា និងឥរិយាបទដែលបណ្ដាលឲ្យសង្គមនេះធ្លាក់ចុះ ។ តើបងប្អូនមើលឃើញទីសម្គាល់អ្វីមួយអំពីអាកប្បកិរិយា ឬឥរិយាបទទាំងនេះមាននៅក្នុងខ្លួនអ្នកឬទេ ?
សូមមើលផងដែរ « Chapter 18: Beware of Pride» Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ២២៩–២៤០ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
នីហ្វៃទី៣ ២៧:១៣–២១
ខគម្ពីរទាំងនេះអាចជួយសមាជិកគ្រួសារឲ្យយល់កាន់តែប្រសើរអំពីអ្វីដែលព្រះអង្គសង្គ្រោះចង់មានន័យ នៅពេលទ្រង់សំដៅទៅលើ « ដំណឹងល្អរបស់យើង » ។ បន្ទាប់ពីការអាន និងការពិភាក្សាខគម្ពីរទាំងនេះ បងប្អូនអាចសុំឲ្យសមាជិកគ្រួសារម្នាក់ៗសង្ខេបថាដំណឹងល្អជាអ្វីក្នុងមួយប្រយោគ ។
នីហ្វៃទី ៣ ២៧:២៣–២៦
តើយើងកំពុងធ្វើអ្វីខ្លះក្នុងការកត់ត្រារឿងទាំងឡាយដែលយើង « បានឃើញ និងស្ដាប់ឮ » —ជាបុគ្គលម្នាក់ៗ ឬជាគ្រួសារ ? ហេតុអ្វីបានជាវាសំខាន់ដើម្បីរក្សាកំណត់ត្រានៃរឿងខាងវិញ្ញាណ ?
នីហ្វៃទី ៣ ២៧:៣០–៣១
ដើម្បីជួយសមាជិកគ្រួសារយល់អំពីអំណរដែលព្រះអង្គសង្គ្រោះបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ បងប្អូនអាចលេងល្បែងកំសាន្ដមួយ ដែលសមាជិកគ្រួសាររត់ពួន ហើយសមាជិកគ្រួសារម្នាក់ទៀតព្យាយាមដើររក ។ រឿងនេះអាចនាំទៅរកការសន្ទនាមួយអំពីមូលហេតុដែលវាសំខាន់ដើម្បីរកឲ្យឃើញសមាជិក គ្រួសារគ្រប់រូប ដើម្បី « កុំឲ្យពួកគេណាម្នាក់ត្រូវវង្វេងបាត់ » ឡើយ ។ តើយើងអាចជួយសមាជិកគ្រួសាររបស់យើងឲ្យបន្ដនៅរឹងមាំនៅក្នុងដំណឹងល្អ ឬត្រឡប់មកវិញ បើពួកគេបានចាកចេញទៅនោះ យ៉ាងដូចម្ដេច ?
នីហ្វៃទី ៣ ២៨:១៧–១៨, ៣៦–៤០
តើយើងអាចរៀនអ្វីខ្លះមកពីគំរូរបស់មរមន នៅពេលគាត់ពុំបានយល់អ្វីៗទាំងអស់អំពីការផ្លាស់ប្ដូរដែលបានកើតមានឡើងចំពោះពួកសិស្សសាសន៍នីហ្វៃទាំងបីរូប ។ តើយើងអាចធ្វើអ្វីខ្លះ នៅពេលយើងមិនយល់អ្វីៗគ្រប់យ៉ាងអំពីគោលការណ៍ដំណឹងល្អមួយ ? ប្រធាន ឌៀថើរ អេស្វ អុជដូហ្វបានបង្រៀន ៖ « ព្រះពិតជាខ្វាយខ្វល់ពីបងប្អូន ។ ទ្រង់នឹងព្រះសណ្ដាប់ ហើយឆ្លើយតបសំណួរទាំងឡាយបងប្អូន។ ចម្លើយចំពោះការអធិស្ឋាននឹងប្រទានឲ្យស្របតាមវេលារបស់ទ្រង់ និងតាមរបៀបរបស់ទ្រង់ ដូច្នេះបងប្អូនត្រូវរៀនស្ដាប់ព្រះសូរសៀងទ្រង់ » ( « Receiving a Testimony of Light and Truth » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២១ ) ។
នីហ្វៃទី ៤ ១:១៥
ដើម្បីកាត់បន្ថយការឈ្លោះទាស់ទែងនៅក្នុងគេហដ្ឋានរបស់បងប្អូន ប្រហែលជាសមាជិកគ្រួសារអាចដាក់គោលដៅមួយដើម្បីស្រឡាញ់គ្នាទៅវិញទៅមកឲ្យកាន់តែច្រើននៅសប្តាហ៍នេះ ។ បន្ទាប់ពីសប្ដាហ៍នេះកន្លងផុតទៅ សូមពិនិត្យមើលការរីកចម្រើនរួមគ្នា ហើយពិភាក្សាអំពីរបៀបដែលការបង្ហាញសេចក្ដីស្រឡាញ់កាន់តែខ្លាំង បានជះឥទ្ធិពលទៅលើគ្រួសាររបស់បងប្អូន ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។