« ថ្ងៃទី ១២–១៨ ខែ តុលា ។ នីហ្វៃទី ៣ ២០–២៦ ៖ ‹ អ្នករាល់គ្នាជាកូនចៅក្នុងសេចក្ដីសញ្ញា › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១២–១៨ ខែ តុលា ។ នីហ្វៃទី ៣ ២០–២៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១២–១៨ ខែ តុលា
នីហ្វៃទី ៣ ២០–២៦
« អ្នករាល់គ្នាជាកូនចៅក្នុងសេចក្ដីសញ្ញា »
ចូរឲ្យព្រះវិញ្ញាណដឹកនាំការសិក្សារបស់អ្នកនៅក្នុង នីហ្វៃទី ៣ ២០–២៦ ។ ទ្រង់នឹងជួយអ្នកឲ្យរកឃើញគោលការណ៍ដែលអាចមានន័យជាក់លាក់ចំពោះសិស្សរបស់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
បន្ទាប់ពីអានរួមគ្នានូវបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី ៣ ២៣:១ មក អ្នកអាចសួរសិស្សថាតើពួកគេបានស្រាវជ្រាវរកអ្វីខ្លះ នៅពេលពួកគេអានបទគម្ពីរនៅសប្ដាហ៍នេះ ។ តើពួកគេបានរកឃើញអ្វីខ្លះ ?
បង្រៀនគោលលទ្ធិ
នីហ្វៃទី ៣ ២០:២៥–៤១, ២១:៩–១១, ២២–២៩
នៅថ្ងៃចុងក្រោយ ព្រះនឹងធ្វើកិច្ចការដ៏ធំ ហើយអស្ចារ្យមួយ ។
-
ព្រះអង្គសង្គ្រោះបានមានបន្ទូលអំពី « កិច្ចការដ៏ធំ ហើយអស្ចារ្យ » ( នីហ្វៃទី ៣ ២១:៩ ) ដែលព្រះវរបិតារបស់ទ្រង់នឹងធ្វើនៅថ្ងៃចុងក្រោយ ។ ប្រហែលជាសិស្សអាចចែកចាយអ្វីដែលពួកគេបានរៀនអំពីកិច្ចការនោះ នៅពេលពួកគេបានសិក្សាជំពូកទាំងនេះនៅឯគេហដ្ឋាន ។ សំណួរដូចតទៅនេះអាចបំផុសឲ្យមានការពិភាក្សាមួយ ៖ តើព្រះអង្គ សង្គ្រោះបានមានបន្ទូលថាអ្វីខ្លះនឹងកើតឡើងនៅថ្ងៃអនាគត ? ( ជាពិសេសសូមមើល នីហ្វៃទី ៣ ២០:៣០–៣២, ៣៩–៤១, ២១:២២–២៩ ) ។ ហេតុអ្វីទ្រង់ហៅរឿងទាំងនេះថាជាកិច្ចការ « ដ៏ធំ » ហើយ « អស្ចារ្យ » ? តើយើងមើលឃើញភស្ដុតាងអ្វីខ្លះថាកិច្ចការនេះនឹងកើងឡើង ? តើយើងចូលរួមក្នុងកិច្ចការនេះតាមរបៀបណា ?
-
ដើម្បីជួយសិស្សមើលឃើញពីរបៀបដែលព្យាការីយ៉ូសែប ស្ម៊ីធបានជួយបំពេញកិច្ចការដ៏ធំ ហើយអស្ចារ្យរបស់ព្រះអម្ចាស់ នោះអ្នកអាចដាក់បង្ហាញរូបភាពរបស់ព្យាការី ហើយអញ្ជើញសិស្សឲ្យអាន នីហ្វៃទី ៣ ២១:៩–១១ ហើយរកមើលពាក្យ និងឃ្លាដែលរំឭកពួកគេពីជីវិត និងការងារបម្រើរបស់យ៉ូសែប ស្ម៊ីធ ។ ឧទាហរណ៍ តើព្រះអម្ចាស់បាន « ប្រទានដល់ [ លោក ] នូវអំណាចផង ដើម្បីឲ្យ [ លោក ] អាចនាំ [ ដំណឹងល្អ ] មកដល់ពួកសាសន៍ដទៃ » តាមរបៀបណា ? ( ខទី ១១ ) ។ ហេតុអ្វីជាការសំខាន់ដើម្បីដឹងថា ការងារបម្រើរបស់យ៉ូសែប ស្ម៊ីធត្រូវបានព្រះអង្គសង្គ្រោះមានបន្ទូលប្រាប់ទុកជាមុន ? ( សូមមើលផងដែរ នីហ្វៃទី ២ ៣ ) ។
-
អ្នកក៏អាចជួយសិស្សឲ្យមើលឃើញខ្លួនឯងក្នុងកិច្ចការដ៏ធំដែលប្រាប់ទុកជាមុននៅក្នុងជំពូកទាំងនេះផងដែរ ដោយអានរួមគ្នាក្នុង នីហ្វៃទី ៣ ២០:២៥–២៧ ។ ប្រសិនបើចាំបាច់ អ្នកអាចចង្អុលបង្ហាញថា នៅពេលយើងចុះសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់ យើងប្រែក្លាយជាគ្រាប់ពូជនៃអ័ប្រាហាំ ។ តើក្នុងនាមយើងជាពូជពង្សរបស់អ័ប្រាហាំអាចផ្ដល់ពរជ័យ « គ្រប់ទាំងពូជមនុស្សនៅផែនដី » តាមរបៀបណា ? ( ខទី ២៥ ) ។ សិស្សអាចពិចារណានូវសំណួរនេះ នៅពេលពួកគេអានសេចក្ដីថ្លែងការណ៍របស់ប្រធាន រ័សុល អិម ណិលសុននៅក្នុង « ធនធានបន្ថែមទាំងឡាយ »ហើយចែកចាយគំនិតរបស់ពួកគេ ។
ព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យយើងស្រាវជ្រាវបទគម្ពីរ ។
-
តើការធ្វើការរបស់ព្រះអង្គសង្គ្រោះជាមួយនឹងពួកសាសន៍នីហ្វៃបើកសម្ដែងអ្វីខ្លះពីព្រះទ័យដែលទ្រង់មានចំពោះបទគម្ពីរ ? ដើម្បីជួយសិស្សឲ្យរកឃើញ អ្នកអាចសុំឲ្យសិស្សពាក់កណ្ដាលថ្នាក់អាន នីហ្វៃទី ៣ ២៣ ហើយពាក់កណ្ដាលទៀតអាន នីហ្វៃទី ៣ ២៦:១–១២ បន្ទាប់មកពួកគេអាចចែកចាយជាមួយគ្នាពីអ្វីដែលពួកគេបានរកឃើញ ។ ពួកគេក៏អាចចែកចាយគំនិតដែលពួកគេមានអំពីរបៀបបង្ហាញព្រះអម្ចាស់ថា បទគម្ពីរមានសារៈសំខាន់ចំពោះយើង ។ ឧទាហរណ៍ តើមានអ្វីខុសគ្នាខ្លះរវាងការស្រាវជ្រាវបទគម្ពីរ និងការគ្រាន់តែអានបទគម្ពីរ ? ( សូមមើល នីហ្វៃទី ៣ ២៣:១ ) ។
ព្រះអម្ចាស់ប្រៀបបានដូចជាភ្លើងរបស់ជាងសំរង ។
-
ជំនួយផ្នែកចក្ខុអាចធ្វើឲ្យការពិភាក្សារបស់អ្នកអំពីនីហ្វៃទី ៣ ២៤:១–៦ កាន់តែប្រសើរឡើង ។ ឧទាហរណ៍ អ្នកអាចបង្ហាញកាក់ប្រាក់មួយ ឬសាប៊ូខ្លះៗកាលសិស្សអានខគម្ពីរទាំងនោះដើម្បីស្វែងរករបៀបដែលវត្ថុទាំងនេះទាក់ទងនឹងព្រះអង្គសង្គ្រោះ និងបេសកកម្មរបស់ទ្រង់ ។ អ្នកក៏អាចចែកចាយជាមួយសិស្សនូវការពន្យល់ពីការចម្រាញ់ប្រាក់ និងសាប៊ូនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ ឬអ្នកអាចបង្ហាញវីដេអូ « The Refiner’s Fire » ( ChurchofJesusChrist.org ) ។ តើព្រះអម្ចាស់ « ប្រៀបដូចជាភ្លើងរបស់ជាងសំរង ហើយដូចជាក្បុងរបស់ជាងប្រមោក » តាមរបៀបណា ? ( ខទី ២ ) ។ តើគំរូទាំងនេះបង្រៀនយើងអ្វីខ្លះអំពីរបៀបដែលព្រះអង្គសង្គ្រោះបន្សុទ្ធយើង ?
ព្រះមានសេចក្ដីមេត្តាករុណាដល់អស់អ្នកដែលត្រឡប់មកទ្រង់វិញ ។
-
អ្នកអាចចង្អុលបង្ហាញថា ការបង្រៀនអំពីដង្វាយមួយភាគក្នុងដប់នៅក្នុង នីហ្វៃទី ៣ ២៤:៨–១២ គឺជាចម្លើយចំពោះសំណួរនៅក្នុង ខទី ៧ ៖ « តើយើងនឹងវិលទៅ [ ព្រះអម្ចាស់ ] យ៉ាងដូចម្ដេច ? តើទំនាក់ទំនងរវាង « [ ការត្រឡប់ ] មក [ ព្រះអម្ចាស់ ] » និងការបង់ដង្វាយមួយភាគក្នុងដប់គឺជាអ្វី ? សិស្សអាចចែកចាយពីរបៀបដែលពួកគេបានទទួលពរជ័យដែលបានសរសេរនៅក្នុង ខទី ១០–១២ នៅពេលពួកគេបានបង់ដង្វាយមួយភាគក្នុងដប់ ។ តើសេចក្ដីពិតទាំងនេះអាចមានប្រយោជន៍ដល់មនុស្សម្នាក់ដែលកំពុងមានបញ្ហាក្នុងការបង់ដង្វាយមួយភាគក្នុងដប់តាមរបៀបណា ?
-
តើឥរិយាបថអ្វីខ្លះដែលបានរៀបរាប់នៅក្នុង នីហ្វៃទី ៣ ២៤:១៣–១៥ ជារឿយៗត្រូវបានរកឃើញនៅក្នុងពិភពលោកសព្វថ្ងៃនេះ ? សូមលើកទឹកចិត្តសិស្សឲ្យចែកចាយអ្វីដែលពួកគេនឹងនិយាយទៅកាន់មនុស្សម្នាក់ដែលមានអារម្មណ៍ថា ជីវិតនេះងាយ ឬប្រសើរជាងចំពោះអស់អ្នកដែលពុំបានគោរពបទបញ្ញត្តិ ។ ស្របតាម នីហ្វៃទី ៣ ២៤ តើព្រះអម្ចាស់ប្រទានពរអ្វីខ្លះដល់អ្នកទាំងឡាយដែលបម្រើទ្រង់ ? អ្នកក៏អាចលើកទឹកចិត្តពួកគេឲ្យស្វែងរកឧទាហរណ៍នៅក្នុង នីហ្វៃទី ៣ ២២ ផងដែរ ។ ( សូមមើលផងដែរ ម៉ូសាយ ២:៤១, អាលម៉ា ៤១:១០ ) ។
ដួងចិត្តរបស់យើងគួរត្រឡប់ទៅរកបុព្វការីជនរបស់យើងវិញ ។
-
ដើម្បីបង្ហាញពីទស្សនៈនៃការបង្វែរដួងចិត្តរបស់យើងទៅកាន់បុព្វការីជនរបស់យើង អ្នកអាចអញ្ជើញសិស្សម្នាក់ឲ្យបែរមុខចេញពីសិស្សផ្សេងទៀត ហើយពិពណ៌នាពីសិស្សនៅក្នុងថ្នាក់ដោយប្រើការចងចាំ ( កន្លែងដែលពួកគេកំពុងអង្គុយ អ្វីដែលពួកគេកំពុងពាក់ជាដើម ) ។ បន្ទាប់មក គាត់ ឬនាងអាចងាកទៅរកសិស្សក្នុងថ្នាក់វិញ ហើយសាកល្បងម្ដងទៀត ។ តើគំរូនេះបង្រៀនអ្វីខ្លះអំពីការបង្វែរដួងចិត្តរបស់យើងទៅបុព្វការីជនរបស់យើងតាមរយៈព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ? បន្ទាប់ពីអាន នីហ្វៃទី ២ ២៥:៥–៦ ប្រហែលជាសិស្សអាចចែកចាយពីរបៀបដែលដួងចិត្តរបស់ពួកគេបានបង្វែរទៅរកបុព្វការីជនរបស់ពួកគេ ។ អ្នកក៏អាចអញ្ជើញអ្នកផ្តល់ប្រឹក្សាខាងព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដឲ្យណែនាំឲ្យពួកគេស្គាល់ពីឧបករណ៍មួយចំនួនផ្នែកពង្សប្រវត្តិផងដែរ ។ តើកិច្ចការនេះទាក់ទងនឹងការប្រមូលផ្ដុំនៃសាសន៍អ៊ីស្រាអែលដែលបានរៀបរាប់ដោយប្រធាន រ័សុល អិម ណិលសុន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » យ៉ាងដូចម្ដេច ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
នៅក្នុង នីហ្វៃទី ៣ ២៧–នីហ្វៃទី ៤ យើងអានថាគ្មាន « ប្រជាជនណា ដែលរីករាយសប្បាយ [ បំផុត ] ជាងប្រជាជនដែលបានត្រូវបង្កើតដោយព្រះហស្តនៃព្រះឡើយ » ( នីហ្វៃទី ៤ ១:១៦ ) ។ សូមណែនាំប្រាប់សិស្សថា ការអានជំពូកទាំងនេះអាចជួយយើងរៀនពីរបៀបស្វែងរកសុភមង្គលសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសាររបស់យើង ។
ធនធានបន្ថែមទាំងឡាយ
អ្នកអាចជាផ្នែកនៃកិច្ចការមួយដ៏ធំ ។
ប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា
« នេះ គឺជា ថ្ងៃចុងក្រោយ ហើយព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ដើម្បីប្រមូលផ្ដុំវង្សអ៊ីស្រាអែល ។ ការប្រមូលផ្ដុំនោះគឺជាកិច្ចការដ៏សំខាន់បំផុតនៅលើផែនដីសព្វថ្ងៃនេះ ។ ពុំមានអ្វីផ្សេងទៀតអាចធំសម្បើមជាង មានសារៈសំខាន់ជាង និងមានឬទ្ធិជាងកិច្ចការនេះនោះទេ ។ ហើយបើបងប្អូនជ្រើសរើស បើបងប្អូនចង់ធ្វើ បងប្អូនអាចធ្វើជាចំណែកដ៏សំខាន់ក្នុងកិច្ចការនេះ ។ បងប្អូនអាចមានចំណែកដ៏ធំនៅក្នុងកិច្ចការដ៏ធំ ដ៏មហិមា ដ៏មហស្ចារ្យ !
« នៅពេលយើងនិយាយអំពី ការប្រមូលផ្ដុំ យើងនិយាយសាមញ្ញអំពីសេចក្ដីពិតជាមូលដ្ឋានគ្រឹះនេះ ៖ គ្រប់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌យើង នៅទាំងសងខាងនៃវាំងនន ស័ក្ដិសមនឹងស្ដាប់ឮសារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ …
« … សូមគិតពីវា ! ក្នុងចំណោមមនុស្សទាំងអស់ដែលធ្លាប់រស់នៅលើផែនដីនេះ ពួកយើង គឺជាមនុស្សដែលបានចូលរួមនៅក្នុងព្រឹត្តការណ៍នៃការប្រមូលផ្ដុំដ៏អស្ចារ្យចុងក្រោយនេះ ។ ឱនោះជារឿងរំភើបណាស់ ! …
« ការប្រមូលផ្ដុំនេះគួរតែមានអត្ថន័យ ទាំងស្រុង ចំពោះប្អូនៗ ។ នេះ គឺជា នេះគឺជាបេសកកម្មដែលប្អូនៗត្រូវបានបញ្ជូនមកផែនដី » ( « Hope of Israel » [ worldwide devotional for youth ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ២០១៨ ] broadcasts.ChurchofJesusChrist.org ) ។
ការបន្សុទ្ធ និងការធ្វើឲ្យបរិសុទ្ធ ។
ប្រាក់ត្រូវបានគេរកឃើញលាយជាមួយនឹងសារធាតុរ៉ែផ្សេងទៀតនៅក្នុងប្រាក់បញ្ញើរ៉ែ ។ នៅសម័យបុរាណ ជាងសំរងប្រាក់នឹងទាញយកប្រាក់ដោយដាក់រ៉ែនោះនៅក្នុងចង្រ្កានកម្ដៅដែលមានសីតុណ្ហភាពខ្លាំង ។ ការណ៍នេះនឹងធ្វើឲ្យស្នឹម ( ធាតុកខ្វក់ ឬអ្វីដែលពុំត្រូវការ ) អណ្តែតនៅលើផ្ទៃនៃរ៉ែដែលបានរំលាយនោះ ។ ជាងសំរងនឹងដួសយកស្នឹមចេញ ដោយទុកតែប្រាក់សុទ្ធ ដែលអាចដឹងដោយភាពភ្លឺខុសប្លែករបស់វា ។
ជាងប្រមោកគឺជាមនុស្សម្នាក់ដែលបោកក្រណាត់ឲ្យសស្អាត ។ ក្រណាត់នោះនឹងត្រូវបានពន្លិចចូលទៅក្នុងទឹកដែលមានលាយ « សាប៊ូរបស់ជាងប្រមោក » ដែលបានរៀបចំឡើងដើម្បីសម្អាតខ្លាញ់ និងធូលី ។ កាលក្រណាត់នោះទទឹកជោកអស់ហើយ ជាងប្រមោកនឹងយកជើងជាន់ឈ្លីវាដើម្បីជម្រះភាពកខ្វក់ ។ ( សូមមើល « Refiner’s Fire and Fuller’s Soap » New Era ខែ មិថុនា ឆ្នាំ ២០១៦ ទំព័រ ៦–៧ ) ។