« ថ្ងៃទី ៧–១៣ ខែ ធ្នូ ។ មរ៉ូណៃ ៧–៩ ៖ ‹ សូមឲ្យព្រះគ្រីស្ទលើកកូនឡើង › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៧–១៣ ខែ ធ្នូ ។ មរ៉ូណៃ ៧–៩ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ៧–១៣ ខែ ធ្នូ
មរ៉ូណៃ ៧–៩
« សូមឲ្យព្រះគ្រីស្ទលើកកូនឡើង »
គោលបំណងរបស់អ្នកគឺជួយមនុស្សឲ្យខិតមកជិតព្រះ ពុំមែនគ្រាន់តែបង្រៀនមេរៀនមួយប៉ុណ្ណោះទេ ។ សូមរៀបចំខ្លួនសម្រាប់សាលាថ្ងៃអាទិត្យដោយអាន មរ៉ូណៃ ៧–៩ ដោយគិតពីសិស្ស ហើយរកមើលគោលការណ៍ដែលនឹងជួយពួកគេ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញសិស្សម្នាក់ៗឲ្យមើល មរ៉ូណៃ ជំពូក ៧ ៨ ឬ ៩ ឡើងវិញ ហើយស្វែងរកសេចក្ដីពិតមួយដែលមានន័យចំពោះគាត់ ឬនាង ។ បន្ទាប់មក សិស្សអាចចែកចាយសេចក្ដីពិតដែលពួកគេបានរកឃើញ និងរបៀបដែលវាបានផ្ដល់ពរជ័យដល់ពួកគេ ។
បង្រៀនគោលលទ្ធិ
« អ្វីដែលមកពីព្រះ អញ្ជើញ ហើយញុះញង់ឲ្យធ្វើល្អឥតឈប់ឈរ » ។
-
ដើម្បីក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងត្រូវតែមានលទ្ធភាពដើម្បីវិនិច្ឆ័យរវាងរឿងល្អ និងរឿងអាក្រក់ ។ ប្រហែលជាការពិភាក្សាអំពីសេចក្ដីពិតនៅក្នុង មរ៉ូណៃ ៧:៣–១៩ អាចជួយសិស្សឲ្យចៀសវាងពីការវិនិច្ឆ័យ « ដោយខុសឆ្គង » ( មរ៉ូណៃ ៧:១៨ ) ។ ដើម្បីរៀបចំខ្លួនសម្រាប់ការពិភាក្សានេះ សិស្សពាក់កណ្ដាលថ្នាក់អាចស្រាវជ្រាវខគម្ពីរទាំងនេះសម្រាប់ការប្រឹក្សាដែលមរមនផ្ដល់ឲ្យអំពីរបៀបដើម្បីរកឃើញអ្វីដែលកើតចេញមកពីព្រះ ហើយពាក់កណ្ដាលថ្នាក់ទៀតអាចស្វែងរករបៀបដើម្បីស្គាល់អ្វីដែលកើតចេញពីអារក្ស ។ បន្ទាប់មក ពួកគេអាចពិភាក្សាពីអ្វីដែលពួកគេបានរកឃើញ ហើយចែកចាយពីគំរូនៃកិច្ចការដែលអញ្ជើញពួកគេឲ្យ « ធ្វើល្អ ហើយឲ្យស្រឡាញ់ព្រះ ហើយឲ្យបម្រើទ្រង់ » ( មរ៉ូណៃ ៧:១៣ ) ។ តើយើងអនុវត្តការប្រឹក្សារបស់មរមននៅក្នុងការសម្រេចចិត្តប្រចាំថ្ងៃរបស់យើងតាមរបៀបណា ? តើយើងអាចធ្វើការជ្រើសរើសសុចរិត ហើយនៅតែបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សដែលនៅជុំវិញខ្លួនយើង ដែលពុំបានរស់នៅតាមដំណឹងល្អរបៀបណា ?
-
មនុស្សជាច្រើនងឿងឆ្ងល់ថា « តើខ្ញុំដឹងថា ប្រសិនបើការបំផុសគំនិតមួយកើតចេញមកពីព្រះ ឬមកពីគំនិតរបស់ខ្ញុំផ្ទាល់តាមរបៀបណា ? » អ្នកអាចសរសេរសំណួរនេះនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យស្រាវជ្រាវ មរ៉ូណៃ ៧:១៣–១៦ រកគោលការណ៍ដែលអាចជួយឆ្លើយសំណួរនេះ ។ តើខគម្ពីរទាំងនេះអាចជួយយើងឲ្យស្គាល់ការបំផុសគំនិតមកពីព្រះតាមរបៀបណា ? វាអាចជួយដើម្បីពន្យល់ថា « ព្រះវិញ្ញាណនៃព្រះគ្រីស្ទ »ក៏ស្គាល់ថាជាពន្លឺនៃព្រះគ្រីស្ទដែរ ពេលខ្លះត្រូវបានសំដៅទៅលើមនសិការរបស់យើង ។ សេចក្ដីថ្លែងការណ៍ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ក៏អាចមានប្រយោជន៍ផងដែរ ។
ពួកអ្នកដើរតាមរបស់ព្រះយេស៊ូវគ្រីស្ទស្វែងរកសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស ។
-
ដើម្បីជួយសិស្សយល់កាន់តែប្រសើរពីភាពជាប់ទាក់ទងគ្នារវាងសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស អ្នកអាចបង្ហាញជើងក្រាន ( ឬរូបជើងក្រានមួយ ) ហើយសូមឲ្យសិស្សពិចារណាពីរបៀបដែលសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរសប្រៀបបាននឹងជើងទាំងបីនេះ ( សូមមើលសេចក្ដីថ្លែងការណ៍របស់ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។ បន្ទាប់មក អ្នកអាចអញ្ជើញពួកគេឲ្យជ្រើសឥរិយាបថមួយក្នុងចំណោមឥរិយាបថទាំងនេះ ហើយរកមើលអ្វីដែលមរមនបង្រៀនអំពីរឿងនេះនៅក្នុង មរ៉ូណៃ ៧:២១–៤៨ ។ សូមពិភាក្សាពីសំណួរដូចតទៅនេះ ៖ ហេតុអ្វីយើងចាំបាច់ត្រូវការសេចក្ដីជំនឿ និងសេចក្ដីសង្ឃឹមដើម្បីទទួលបានអំណោយទាននៃសេចក្ដីសប្បុរស ? តើឥរយាបថនីមួយៗទាំងនេះតភ្ជាប់យើងទៅនឹងព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ? ហេតុអ្វីឥរិយាបថទាំងនេះចាំបាច់សម្រាប់សិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ? តើនឹងមានអ្វីកើតឡើងប្រសិនបើយើងបាត់បង់សេចក្ដីជំនឿ ? សេចក្ដីសង្ឃឹម ? សេចក្ដីសប្បុរស ? សូមអញ្ជើញសិស្សឲ្យចំណាយពេលពីរបីនាទីសរសេរអារម្មណ៍ដែលពួកគេមាន ។
ការយល់ដឹងពីគោលលទ្ធិត្រឹមត្រូវអាចជួយយើងធ្វើការជ្រើសរើសត្រឹមត្រូវ ។
-
សិស្សរបស់អ្នកប្រហែលជាពុំចាំបាច់ពិភាក្សាពីហេតុផលដែលការជ្រមុជទឹកទារកគឺជារឿងខុសឆ្គងនោះទេ ប៉ុន្តែពាក្យសម្ដីរបស់មរមនអំពីប្រធានបទនេះអាចជួយពួកគេឲ្យមើលឃើញពីគ្រោះថ្នាក់នៃគោលលទ្ធិខុសឆ្គងជាទូទៅ ។ ដើម្បីបង្ហាញពីរបៀបដែលព្រះគម្ពីរមរមន « [ផ្ចាញ់ផ្ចាល ] គោលលទ្ធិក្លែងក្លាយ ( នីហ្វៃទី ២ ៣:១២ ) អ្នកអាចអញ្ជើញសិស្សឲ្យអាន មរ៉ូណៃ ៨:៤–២១ជាក្រុម ឬរៀងៗខ្លួន ។ ពួកគេពាក់កណ្ដាល់អាចរកមើលគោលលទ្ធិដែលមរមនបានទទួលអារម្មណ៍ថា ប្រជាជននោះពុំបានយល់ រួមទាំងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទផងដែរ( សូមមើលខទី ២០ ) និង ការទទួលខុសត្រូវ ( សូមមើលខទី ១០ ) ។ ពួកគេពាក់កណ្ដាលទៀតអាចរកមើលលទ្ធផលនៃកំហុសរបស់ប្រជាជននោះ ។ ក្រុមនីមួយៗអាចចែកចាយជាមួយនឹងសិស្សផ្សេងទៀតនូវអ្វីដែលពួកគេបានរកឃើញ ។ តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីសារៈសំខាន់នៃការរៀនសូត្រ និងការរស់នៅតាមគោលលទ្ធិត្រឹមត្រូវ ? តើយើងអាចស្វែងរកការពន្យល់ត្រឹមត្រូវអំពីគោលលទ្ធិរបស់ព្រះគ្រីស្ទនៅឯណា ? តើយើងអាចប្រាកដថា ការយល់ដឹងរបស់យើងអំពីគោលលទ្ធិនោះមានភាពត្រឹមត្រូវតាមរបៀបណា ?
-
ប្រហែលជាសិស្សរបស់អ្នកនឹងទទួលបានប្រយោជន៍មកពីការធ្វើតាមគំរូរបស់មរមននៃការជួយមនុស្សម្នាក់ឲ្យធ្វើការជ្រើសរើសកាន់តែប្រសើរដោយបង្រៀនពួកគេនូវគោលលទ្ធិត្រឹមត្រូវ ។ អ្នកអាចធ្វើកិច្ចការនេះដោយអញ្ជើញសិស្សឲ្យគិតពីមនុស្សម្នាក់នៅក្នុងបទគម្ពីរដែលបានធ្វើការជ្រើសរើសខុសឆ្គងមួយ ។ តើសេចក្ដីពិតខាងគោលលទ្ធិអ្វីទៅដែលនឹងជួយបុគ្គលនោះចៀសវាងពីការធ្វើការជ្រើសរើសខុសម្ដងទៀត ? សូមទុកពេលឲ្យសិស្សពីរបីនាទីដើម្បីស្វែងរកបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍មកពីសន្និសីទទូទៅថ្មីៗមួយដែលនឹងជួយបុគ្គលនោះឲ្យយល់ពីសេចក្ដីពិតខាងគោលលទ្ធិ ។ បន្ទាប់មក អ្នកអាចសូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ ។
យើងអាចមានសេចក្ដីសង្ឃឹមនៅក្នុងព្រះគ្រីស្ទ មិនថាយើងមានស្ថានភាពបែបណានោះទេ ។
-
សារលិខិតចុងក្រោយរបស់មរមនទៅកាន់កូនប្រុសរបស់លោកដែលបានកត់ត្រានៅក្នុងមរ៉ូណៃ ៩:២៥–២៦អាចជួយសិស្សរកឃើញសេចក្ដីសង្ឃឹមនៅក្នុងព្រះគ្រីស្ទ ទោះជាស្ថិតនៅក្នុងស្ថានភាពអស់សង្ឃឹមក្ដី ។ ប្រហែលជាអ្នកអាចចាប់ផ្ដើមដោយសូមឲ្យសិស្សចែកចាយពីហេតុផលដែលមរ៉ូណៃអាចទទួលបានអារម្មណ៍នៃការបាក់ទឹកចិត្ត ។ បន្ទាប់មក ពួកគេអាចអានខគម្ពីរទាំងនេះ ហើយសរសេរនៅលើក្ដារខៀននូវសេចក្ដីពិតដែលមរមនបានលើកទឹកចិត្តមរ៉ូណៃឲ្យផ្ដោតលើ ។ តើសេចក្ដីពិតដូចគ្នាទាំងនេះ« លើក [យើង] ឡើង »នៅក្នុងជំនាន់យើងតាមរបៀបណា ? សិស្សក៏អាចចែកចាយគំរូនៃ « សេចក្ដីមេត្តាករុណារបស់[ព្រះ] និងការអត់ធ្មត់ »ដែលពួកគេធ្លាប់បានឃើញផងដែរ ។ ឬពួកគេអាចចែកចាយគំនិតនានាដើម្បីជួយគ្នារក្សាព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់« នៅក្នុងគំនិតរបស់[យើង]ជារៀងរហូតតទៅ » ទោះជាពេលយើងជួបការបាក់ទឹកចិត្តក្ដី( ខទី ២៥ ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីលើកទឹកចិត្តសិស្សឲ្យអានមរ៉ូណៃ ១០អ្នកអាចណែនាំថា វាប្រហែលជាគ្រាដ៏ល្អមួយដើម្បីសញ្ជឹងគិតពីរបៀបដែលពួកគេបានដកពិសោធន៍នូវសាក្សីជាថ្មីអំពីសេចក្ដីពិតពេញលេញនៃព្រះគម្ពីរមរមន នៅពេលពួកគេបានសិក្សាវានៅឆ្នាំនេះ ។
ធនធានបន្ថែមទាំងឡាយ
តើវាកើតចេញមកពីព្រះវិញ្ញាណដែរឬទេ ?
ដើម្បីឆ្លើយសំណួរ« តើយើងស្គាល់ការបំផុសគំនិតនៃព្រះវិញ្ញាណតាមរបៀបណា ? » ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានដកស្រង់មរ៉ូណៃ ៧:១៣ ហើយបានមានប្រសាសន៍ថា « ខ្ញុំពុំគិតថា [វា]លំបាកពេកនោះទេ ។… តើវាបានបញ្ចុះបញ្ចូលមនុស្សម្នាក់ឲ្យធ្វើល្អ ឲ្យក្រោកឡើង ឈរឲ្យខ្ពស់ ធ្វើរឿងត្រឹមត្រូវ មានចិត្តល្អ មានសេចក្ដីសប្បុរសដែរទេ ? នោះហើយជាព្រះវិញ្ញាណនៃព្រះ » ( Teachings of Gordon B. Hinckley [ ឆ្នាំ១៩៩៧ ] ទំព័រ ២៦០–៦១ ) ។
សេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្ដីសប្បុរស
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានប្រៀបធៀបសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្ដីសប្បុរសទៅនឹងជើងក្រានមួយដែលមានជើងបី ដោយពន្យល់ថា គុណធម៌ទាំងបីនេះ« ធ្វើឲ្យជីវិតរបស់យើងនឹងនរ ទោះជាយើងអាចនឹងជួបនូវភាពលំបាក ឬពុំនឹងនរក្ដី ។ …
« សេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្ដីសប្បុរសបំពេញឲ្យគ្នាទៅវិញទៅមក ហើយកាលណាចំណុចណាមួយកើនឡើង នោះចំណុចផ្សេងទៀតក៏រីកចម្រើនផងដែរ ។ សេចក្ដីសង្ឃឹមកើតចេញពីសេចក្ដីជំនឿ ពីព្រោះបើគ្មានសេចក្ដីជំនឿទេ នោះក៏គ្មានសេចក្ដីសង្ឃឹមដែរ ។ តាមរបៀបដូចគ្នានេះដែរ សេចក្ដីជំនឿកើតចេញពីសេចក្ដីសង្ឃឹម ពីព្រោះសេចក្ដីជំនឿគឺជា‹ ចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម › ។
« សេចក្ដីសង្ឃឹមគឺសំខាន់សម្រាប់ទាំងសេចក្ដីជំនឿ និងសេចក្ដីសប្បុរស ។ នៅពេលការពុំគោរពប្រតិបត្តិ ការបាក់ទឹកចិត្ត និងការពន្យារពេលធ្វើឲ្យសេចក្ដីជំនឿរិចរិល នោះមានសេចក្ដីសង្ឃឹមនៅទីនោះដើម្បីពង្រឹងសេចក្ដីជំនឿរបស់យើង ។ នៅពេលភាពស្មុគស្មាញ និងការខ្វះភាពអំណត់បំពានលើសេចក្ដីសប្បុរស នោះសេចក្ដីសង្ឃឹមគាំទ្រដល់សេចក្ដីអង់អាចរបស់យើង ហើយជម្រុញយើងឲ្យមើលថែបងប្អូនប្រុសស្រីរបស់យើងដោយពុំចង់បានរង្វាន់ត្រឡប់មកវិញ ។ កាលណាយើងមានសេចក្ដីសង្ឃឹមភ្លឺថ្លា នោះយើងមានសេចក្ដីជំនឿកាន់តែរឹងមាំ ។ កាលណាយើងមានសេចក្ដីសង្ឃឹមកាន់តែរឹងមាំ នោះសេចក្ដីសប្បុរសរបស់យើងកាន់តែបរិសុទ្ធ » ( « The Infinite Power of Hope » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២១, ២៣–២៤ ) ។
« សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ »
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានណែនាំពីអត្ថន័យពីរដែលអាចទៅរួចនៃឃ្លា« សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។
« អត្ថន័យ …ទីមួយគឺជាសេចក្ដីមេត្តា សេចក្ដីស្រឡាញ់ដែលប្រកបដោយការអភ័យទោសមួយប្រភេទ ដែលសិស្សរបស់ព្រះគ្រីស្ទ គួរមានចំពោះគ្នាទៅវិញទៅមក ។ …
« [អត្ថន័យមួយទៀតគឺ]ជាសេចក្ដីស្រឡាញ់ដ៏ពិតគ្មានទីបញ្ចប់ ហើយដែលធួនរបស់ព្រះគ្រីស្ទសម្រាប់យើង ។ … វាគឺជាសេចក្ដីសប្បុរសនោះ—សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ទ្រង់សម្រាប់យើង—បើគ្មានវាទេ នោះយើងគ្មានអ្វីទាំងអស់ » ( Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ១៩៩៧ ] ទំព័រ ៣៣៦ ) ។