ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២១–២៧ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ ៖ « ព្រះ​អង្គ​នឹង​យាង​មក​ឯ​លោកិយ ដើម្បី​មក​ប្រោស​លោះ​រាស្ត្រ​របស់​ព្រះ​អង្គ »


« ថ្ងៃទី ២១–២៧ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ ៖ ‹ ព្រះ​អង្គ​នឹង​យាង​មក​ឯ​លោកិយ ដើម្បី​មក​ប្រោស​លោះ​រាស្ត្រ​របស់​ព្រះ​អង្គ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ​ ២០២០ )

« ថ្ងៃទី ២១–២៧ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

យ៉ូសែប ម៉ារា និង​ព្រះឱរស​យេស៊ូវ​ផ្ទុំ​ក្នុង​ស្នូក

នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះដោយ វ៉លធើរ រ៉េន

ថ្ងៃទី ២១–២៧ ខែ ធ្នូ

បុណ្យគ្រីស្ទម៉ាស់

« ព្រះ​អង្គ​នឹង​យាង​មក​ឯ​លោកិយ ដើម្បី​មក​ប្រោស​លោះ​រាស្ត្រ​របស់​ព្រះ​អង្គ »

នៅពេល​អ្នក​សិក្សា​ពី​ការ​ប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​សប្ដាហ៍​នេះ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ជួយ​សិស្ស​របស់​អ្នក​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ គំនិត​យោបល់​មួយ​ចំនួន​នៅក្នុង​គម្រោង​មេរៀ​ន​នេះ​អាច​ជួយ​បាន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចាប់​ដៃ​គូ ឬ​បង្កើត​ជា​ក្រុម​តូចៗ ហើយ​ចែកចាយ​ពី​របៀប​ដែល​ការរៀនសូត្រ​អំពី​ព្រះយេស៊ូវគ្រីស្ទ​មក​ពី​ព្រះគម្ពីរ​មរមន​នៅ​ឆ្នាំ​នេះ​បាន​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើទ្រង់ និង​ការ​បង្រៀន​របស់​ទ្រង់ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

នីហ្វៃទី ១ ១១:១៣–២៣, ហេលេមិន ១៤:១–១៣, នីហ្វៃទី ៣ ១:៤–២២

ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសូត​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។

  • តើ​​អ្នក អាច​ប្រើ​ព្រះគម្ពីរ​មរមន​ដើម្បី​បង្រៀន​សិស្ស​អំពី​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​នៃ​ការ​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​តាមរបៀបណា ? វិធី​មួយ​គឺ​បំបែក​សិស្ស​ជា​បី​ក្រុម ហើយ​ឲ្យ​ក្រុម​នីមួយៗ​នូវ​វគ្គ​បទគម្ពីរ​មួយ​ដូចតទៅ​នេះដើម្បី​អាន​រួម​គ្នា ៖ នីហ្វៃទី ១ ១១:១៣–២៣, ហេលេមិន ១៤:១–១៣ និង នីហ្វៃទី ៣ ១:៤–២២ ។ សូម​ក្រុម​ទាំង​នោះ​ពិភាក្សា​គ្នា​នូវ​អ្វី​ដែល​បទគម្ពីរ​ទាំង​នេះ​បង្រៀន​ពួកគេ​អំពី​ការ​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ។ បន្ទាប់មក ក្រុម​នីមួយៗ​អាចចែកចាយ​ជាមួយ​សិស្ស​ដទៃទៀត​អំពី​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា ។ ហេតុអ្វី​វា​មាន​តម្លៃ​ដើម្បីមាន​សាក្សី​របស់​ព្រះគម្ពីរ​មរមន​អំពី​ការ​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ?

  • ការ​ដឹង​អំពី​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ​គឺជា​រឿង​សំខាន់ ប៉ុន្តែ​ការ​ដឹង​ពី ហេតុផល ដែល​ទ្រង់​ប្រសូត​មក​គឺជា​រឿងកាន់តែសំខាន់ ។ តើ​យើង​អាច​ជួយ​សិស្ស​ឲ្យ​ពិចារណា​ពី​ព្រះចេស្ដា​ប្រោសលោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀបណា ? ប្រហែល​ជា​សិស្ស​អាច​អាចែកចាយ​ដំណើរ​រឿង​ និង​វគ្គ​មួយចំនួន​ដែល​ពួកគេ​បាន​សិក្សា​នៅ​សប្ដាហ៍​នេះ​( សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​ថាតើ​រឿង​ដែល​ពួកគេ​បាន​សិក្សា​ធ្វើ​ឲ្យ​ការ​ដឹងគុណ​របស់​ពួកគេ​ចំពោះ​ការ​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ និង​ចំពោះ​ព្រះចេស្ដា​ប្រោសលោះ​របស់​ទ្រង់​កាន់​តែ​ស៊ីជម្រៅ​តាម​របៀបណា ?

  • ដើម្បី​ចាប់ផ្ដើម​ការ​ពិភាក្សា​មួយ​អំពី​អំណោយ​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង​តាមរយៈ​ព្រះរាជ​បុត្រា​រ​បស់​ទ្រង់ នោះ​អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ពិភាក្សា​អំពី​អំណោយ​ពិសេសៗ​ដែល​ពួកគេ​បាន​ទទួល​នៅថ្ងៃ​បុណ្យគ្រីស្ទម៉ាស់ ។ តើ​យើង​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​អំណោយ​ដែល​យើង​ទទួល​បាន​តាមរបៀបណា ? បន្ទាប់មក សិស្សអាច​អាន​ពាក្យ​ដក​ស្រង់​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន ដែល​មាន​នៅ​ក្នុង​« ធនធាន​បន្ថែម​ទាំងឡាយ » ហើយ​ពិភាក្សា​ពី​អំណោយ​ទាំង​បួន​ដែល​ប្រធាន​ម៉នសុន​បាន​លើក​ឡើង ។ តើ​ព្រះអង្គ​សង្គ្រោះ​បាន​ដើរ​តួនាទី​អ្វីខ្លះ​នៅ​ក្នុង​អំណោយ​ទាំង​នេះ ? តើ​យើងអាច​បង្ហាញ​ការ​ដឹង​គុណ​របស់​យើង​ចំពោះ​ព្រះវរបិតា​សួគ៌​សម្រាប់​អំណោយ​ទាំង​នេះ​តាម​របៀបណា ?

  • ជាផ្នែក​នៃ​ការ​ពិភាក្សា​របស់អ្នក​អំពីថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​លេង ឬ​ច្រៀង​ទំនុក​តម្កើង​បុណ្យគ្រីស្ទម៉ាស់ ។ អ្នក​ក៏​អាចរុក​រក​ធនធាន​ផ្សេង​ទៀត​ដែល​មាន​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ផង​ដែរ ។

ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរ​មរមន, បុព្វកថា​អំពី​ព្រះគម្ពីរ​មរមន, នីហ្វៃទី ២ ២៥:២៣, ២៦, ៣៣:៤, ១០

ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

  • ខណៈដែល​ការ​សិក្សា​របស់​អ្នក​អំពី​ព្រះគម្ពីរមរមន​បាន​ឈាន​មក​ដល់​ទីបញ្ចប់ អ្នកគួរ​ផ្ដល់​ឱកាស​ដល់​សិស្ស​ដើម្បី​សញ្ជឹង​គិត​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​នៅឆ្នាំ​នេះ ។ ដើម្បី​ជួយ​ចាប់ផ្ដើម​ការ​ពិភាក្សា​មួយ អ្នក​អាច​អាន​រួម​គ្នា​នូវ នីហ្វៃទី ២ ២៥:២៣, ២៦ និង ៣៣:៤, ១០ រួម​ទាំងសេចក្ដី​ដកស្រង់​មក​ពី បុព្វកថា​ និង ទំព័រ​ចំណង​ជើង​របស់​ព្រះគម្ពីរ​មរមនផង​ដែរ ។ អ្នក​ក៏អាច​ចែកចាយ​ដំណើររឿង ឬ​វគ្គ​មួយ​ដែល​បាន​នាំ​អ្នក​ឲ្យ​ខិតជិត​ព្រះយេស៊ូវគ្រីស្ទ រួចហើយ​ទុក​ពេល​ឲ្យសិស្ស​ពីរ​បី​នាទី​ដើម្បីចែកចាយ​នូវ​ដំណើរ​រឿង​ ឬ​វគ្គ​របស់​ពួកគេ​ផ្ទាល់ ។ សូម​ធ្វើ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន ហើយ​អញ្ជើញ​សិស្ស​ឲ្យធ្វើ​ដូចគ្នា​ដែរ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​បំផុស​គំនិត​សិស្ស​ឲ្យ​ចាប់ផ្ដើម​អាន​គោលលទ្ធិ និង​សេចក្ដីសញ្ញា អ្នក​អាច​ចែកចាយ​ខគម្ពីរ​ពេញ​ចិត្ត​មួយ ឬ​បទពិសោធន៍​ដ៏​បំផុស​គំនិត​មួយ​ដែល​អ្នក​ធ្លាប់​មាន​ជាមួយ​នឹង​ការ​សិក្សា​គោលលទ្ធិ និង សេចក្តី​សញ្ញា ។

រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ធនធានអំពី​បុណ្យ​គ្រីស្ទម៉ាស់ ។

  • ម៉ាថាយ ១:១៨–២៥, លូកា ២

  • សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ២៨, ២៩, ៣០, ៣១៨១

  • ​រូបភាព​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។

  • « A Savior Is Born—Christmas Video » ( វីដេអូ ChurchofJesusChrist.org )

  • « Good Tidings of Great Joy: The Birth of Jesus Christ » ( វីដេអូ ChurchofJesusChrist.org )

  • Christmas.ComeUntoChrist.org

  • ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទី​មួយ​ChurchofJesusChrist.org/broadcasts/first–presidency–christmas–devotionals ) ។

អំណោយ​របស់​ព្រះអង្គ​សង្គ្រោះ ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ៖

« ខ្ញុំ​សញ្ជឹង​គិត​ពី​ភាព​ខុសគ្នា​នៃ​បុណ្យគ្រីស្ទម៉ាស់ ។ មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដ៏​មាន​ប្រជាប្រិយភាព​មួយ​អំពី​អំណោយ​ដែល​មាន​តម្លៃ​ហួសប្រមាណ​បាន​វេច​ខ្ចប់​យ៉ាង​ជំនាញ ហើយ​វាមាន​ចំណង​ជើង​ថា ‹ សម្រាប់​មនុស្ស​ដែល​មាន​អ្វីៗ​គ្រប់​យ៉ាង › ។ នៅ​ក្នុង​ការ​អាន​ព័ត៌មាន​មួយ​បែប​នេះ ខ្ញុំ​បាន​ឃើញអំណោយ​មួយ​ដែលមាន​ទំហំ ៣៧០ មីលីម៉ែត្រ​ការេ ដែល​បានវេច​ខ្ចប់​ដោយ​មាន​បូរ និង​បណ្ណ​ជូនពរ​ដ៏​ស្រស់​ស្អាត​ដែល​សរសេរ​ថា ‹ រីករាយ​បុណ្យគ្រីស្ទម៉ាស់ › ។ វត្ថុ​ផ្សេង​ទៀត​រួម​មាន ប្រដាប់​វាយ​កូនហ្គោល​ដែល​មាន​ដាំគ្រាប់​ពេជ្រ​សម្រាប់​អ្នក​លេង​កូនហ្គោល ការ​ធ្វើ​ដំណើរ​តាម​កប៉ាលនៃ​សមុទ្រ​ការ៉ាបៀន​ និងដំណើរ​ដ៏​អស្ចារ្យ​មួយ​ទៅ​កាន់​ជួរ​ភ្នំ​នៅប្រទេស​ស្វីស​សម្រាប់​ដំណើរ​ផ្សង​ព្រេង ។ វត្ថុ​ទាំង​នោះ​ទំនង​ជាស័ក្ដិសម​នឹង​ប្រធានបទ​របស់​គំនូរ​ជីវចល​អំពី​បុណ្យ​គ្រីស្ទម៉ាស់​មួយ​ដែល​បាន​បង្ហាញ​ពី​ពួក​ហោរា​បីនាក់​កំពុង​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម​ជាមួយ​នឹង​ប្រអប់​អំណោយ​ដាក់​នៅ​លើ​សត្វ​អូដ្ឋ​របស់​ពួកគេ ។ មាន​គេ​និយាយ​ថា ‹ ចាំ​មើល​ចុះ បាលថាហ្សា យើង​នឹង​ចាប់ផ្ដើម​ធ្វើអ្វីមួយ​ជាមួយ​នឹង​អំណោយ​ទាំង​នេះ​ដែល​វា​នឹង​ធ្វើ​ឲ្យ​​មានភាព​ចលាចល ! › …

« សូម​ឲ្យ​យើង​ទុក​បញ្ជី​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ដោយ​មាន​អំណោយដែល​មាន​នូវ​ការ​ពិពណ៌នា​ប្លែកៗ​មួយ​អន្លើរ​សិន ។ ចូរ​យើង​ងាក​ចេញពី​ការ​គិតថានឹងជូន​ផ្កា​សម្រាប់​ម្ដាយ ក្រវ៉ាត់​–ក​ពិសេស​សម្រាប់​ឪពុក តុក្កតា​ស្អាត រទេះ​ភ្លើង​ដែល​មាន​សំឡេង​រោទិ៍ កង់​ដែល​ទន្ទឹង​រង់​ចាំ​ជា​យូរ … ហើយ​ដឹកនាំ​គំនិត​របស់​យើង​ទៅ​រក​អំណោយទាំង​នោះ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ ដែល​វា​មាន​ភាព​ស្ថិតស្ថេត​រហូត ។ ខ្ញុំបាន​ជ្រើស​យក​អំណោយ​ចំនួន​បួន​ចេញ​ពី​បញ្ជី​មួយ​ដ៏​វែង ៖ …

« ទីមួយ អំណោយ​នៃ​កំណើត ។ វា​ត្រូវ​បាន​ប្រទាន​ឲ្យ​យើង​ម្នាក់ៗ ។ កំណើត​របស់​យើង​គឺជា​ឯកសិទ្ធិ​ដ៏​ទេវភាព​ដើម្បី​ចាក​ចេញ​ពី​ផ្ទះ​សួគ៌ា​រ​បស់​យើងមក​កាន់​រូបកាយ​ជា​សាច់ ហើយដើម្បី​បង្ហាញ​តាមរយៈ​ជីវិត​របស់​យើង​នូវ​ភាព​ស័ក្ដិសម និង​គុណ​សម្បត្តិ​របស់​យើង​ដើម្បី​ត្រឡប់​ទៅ​រក​ទ្រង់វិញ ទៅ​កាន់មនុស្ស​ដែល​យើង​ស្រឡាញ់បំផុត និង​ទៅ​កាន់​នគរ​មួយ​ដែល​មាន​ឈ្មោះ​ថា​សេឡេស្ទាល ។ … វា​គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ដើម្បី​បង្ហាញ​ការ​ដឹង​គុណ​របស់​យើង​តាមរយៈ​ទង្វើរ​នៅ​ក្នុង​ជីវិត​របស់​យើង ។ …

« ទីពីរ អំណោយ​នៃ​សេចក្ដី​សុខសាន្ត ។ នៅ​ក្នុង​ពិភព​លោក​ដ៏​ច្របូក​ច្របល់​ដែល​យើង​រស់​នៅ សំឡេង​រំខាន់​នៃ​ចរាចរ ការ​ផ្សាយ​ពាណិជ្ជកម្ម​ឮៗ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​តម្រូវការ​ជាច្រើន​សម្រាប់​ពេលវេលា​របស់​យើង—រឿង​ទាំងអស់​នេះ​គួប​ផ្សំ​នឹង​បញ្ហា​នៃ​ពិភពលោក—ធ្វើ​ឲ្យ​មាន​ការ​ឈឺក្បាល ការ​ឈឺចាប់ និងប្រើកម្លាំង​របស់​យើង​ទាំង​ស្រុង​ដើម្បី​តតាំង ។ …

« ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្តី​ឈឺ​ចាប់ ដល់​អស់​អ្នក​ដែល​មាន​ដួងចិត្ត​ខ្វាយខ្វល់ ហើយ​ប្រទាន​អំណោយទាន​នៃ​សេចក្តី​សុខសាន្ត ។ ‹ ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូចជា​លោកិយ​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ › ( យ៉ូហាន ១៤:២៧ ) ។ …

« ទីបី អំណោយ​នៃ​សេចក្ដីស្រឡាញ់ ។ មាន​អ្នក​ប្រាជ្ញា​ម្នាក់​ដែល​ទូល​នឹង​ព្រះយេស៊ូវ បាន​ចោទសួរ​ទ្រង់​ថា ‹ លោក​គ្រូ ក្នុង​បណ្តា​ក្រឹត្យវិន័យ តើ​បញ្ញត្តិណា​ដែល​យ៉ាង​សំខាន់​បំផុត ? ទ្រង់​បាន​តប​ភ្លាមៗ​ថា ‹ ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។

« ‹ នេះ​ជា​បញ្ញត្តិ​យ៉ាង​សំខាន់​ទី​១ ។

« ‹ ហើយ​បញ្ញត្តិ​ទី​ពីរ​ក៏​បែប​ដូច​គ្នា​គឺ​ថា ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ( ម៉ាថាយ ២២:៣៦–៣៩ ) ។ …

« ទីបួន អំណោយ​នៃ​ជីវិត—ជា​ជីវិត​អមតៈ ។ ផែនការ​របស់​ព្រះវរបិតា​សួគ៌​នៃ​យើងមាន​នូវ​ការ​បង្ហាញ​នៃ​សេចក្ដីស្រឡាញ់​ដ៏​ពិត​គ្មាន​ទីបញ្ចប់ ។ អ្វី​គ្រប់​យ៉ាង​ដែល​យើង​ស្រឡាញ់​បំផុត សូម្បី​តែ​ក្រុម​គ្រួសារ​របស់​យើង មិត្ត​ភក្ដិ​របស់​យើង អំណរ​របស់​យើង ចំណេះដឹង​របស់​យើង ទីបន្ទាល់​របស់​យើង នឹង​ឈប់​មាន ប្រសិន​បើ​ពុំ​ដោយសារ​ព្រះវរបិតា​របស់​យើង និង​ព្រះរាជ​បុត្រា​របស់​ទ្រង់ ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ នោះទេ ។ នៅ​ក្នុង​ចំណោម​គំនិត និង​ការ​សរសេរ​ដ៏​រីករាយ​បំផុត​នៅ​ក្នុង​ពិភពលោក​នេះគឺ​មាន​នូវ​សេចក្ដី​ថ្លែង​ការណ៍ដ៏​ទេវភាព​ពី​សេចក្ដី​ពិត​ថា ‹ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោកដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ › ( យ៉ូហាន ៣:១៦ ) » ( « Gifts » Ensign ខែ ឧសភា ឆ្នាំ ១៩៩៣ ទំព័រ ៥៩–៦២ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ការ​និយាយ​ពាក្យ​ថា « ខ្ញុំ​មិនដឹង​ទេ » វា​ពុំ​មែន​ជា​បញ្ហា​ឡើយ ។ ខណៈដែល​អ្នក​គួរ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ឆ្លើយ​សំណួរ​នានា​ដែល​សិស្ស​របស់​អ្នក​មាន​អំពី​ដំណឹងល្អ ព្រះអម្ចាស់​ពុំ​រំពឹង​ទុក​ឲ្យ​អ្នក​ចេះ​អ្វីៗ​គ្រប់​យ៉ាង​នោះ​ទេ ។ នៅពេល​អ្នកពុំ​ដឹង​ពី​របៀប​ឆ្លើយ​ចំពោះ​បញ្ហា​អ្វី​មួយ សូម​ពិចារណានូវការ​ឆ្លើយ​តប​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវ​ជ្រាវ​រួម​គ្នា​រក​ចម្លើយ​មួយ​នៅ​ក្នុង​បទគម្ពីរ ហើយ​ចែកចាយ​នូវ​អ្វីដែល​ពួកគេ​រក​ឃើញ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៤ ) ។