« ថ្ងៃទី ១៥–២១ ខែ មីនា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧-២៨ ៖ ‹ ត្បិតគ្រប់ការណ៍ទាំងអស់ ត្រូវធ្វើឡើងតាមរបៀបរៀបរយ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៥–២១ ខែ មីនា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧-២៨ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ថ្ងៃទី ១៥–២១ ខែ មីនា
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧-២៨
« ត្បិតគ្រប់ការណ៍ទាំងអស់ ត្រូវធ្វើឡើងតាមរបៀបរៀបរយ »
ទោះបីជាព្រឹត្តិការណ៍ដែលបានធ្វើឲ្យមានវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧-២៨បានកើតឡើងនៅក្នុងពេល និងទីកន្លែងខុសគ្នាក្ដី ក៏គោលការណ៍ដែលបានបង្រៀននៅក្នុងកណ្ឌទាំងនេះមានទំនាក់ទំនងនឹងសព្វថ្ងៃនេះដែរ ។ តើគោលការណ៍អ្វីខ្លះអាចផ្ដល់ពរជ័យដល់សិស្សរបស់អ្នកនៅក្នុងស្ថានភាពដែលពួកគេកំពុងជួបប្រទះ ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមទុកពេលឲ្យសិស្សពីរបីនាទីដើម្បីរំឭក គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧-២៨ ហើយស្វែងរកខគម្ពីរ ឬឃ្លាមួយដែលពួកគេគិតថាមានន័យ ។ ដើម្បីផ្ដល់ឱកាសឲ្យសិស្សគ្រប់គ្នាចែកចាយ អ្នកអាចបំបែកសិស្សជាដៃគូដើម្បីចែកចាយអ្វីដែលពួកគេបានរកឃើញ ។
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១–២
យើងគួរទទួលទានសាក្រាម៉ង់ដោយមានកែវភ្នែកទាំងស្រុងចំពោះសិរីល្អនៃព្រះ ។
-
ដើម្បីលើកទឹកចិត្តសិស្សឲ្យពិភាក្សាអំពី គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១–២ សូមពិចារណាសរសេរសំណួរមួយដូចនេះនៅលើក្ដារខៀន ៖ « តើព្រះអង្គសង្គ្រោះបានបង្រៀនយើងអ្វីខ្លះអំពីគោលបំណងនៃពិធីសាក្រាម៉ង់ ? សិស្សអាចរកមើលឃ្លានៅក្នុងខគម្ពីរទាំងនេះដែលជួយពួកគេឲ្យឆ្លើយសំណួរនោះ ។ ពួកគេប្រហែលជាយល់ព្រមចែកចាយពីចំណាប់អារម្មណ៍ដែលពួកគេបានទទួលអំពីរបៀបដើម្បីមាន បទពិសោធន៍មួយកាន់តែពិសិដ្ឋ នៅពេលទទួលទានសាក្រាម៉ង់ ។
សិស្សអាចរកឃើញការយល់ដឹងបន្ថែមទៀតដោយអានពីអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូល នៅពេលទ្រង់បានតាំងពិធីសាក្រាម៉ង់ឡើង ( សូមមើល លូកា ២២:១៩-២០, នីហ្វៃទី ៣ ១៨:១-១១ សូមមើលផងដែរវីដេអូ « The Last Supper » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ប្រសិនបើព្រះអង្គសង្គ្រោះមានវត្តមាននៅក្នុងការប្រជុំពិធីសាក្រាម៉ង់របស់យើង តើយើងអាចធ្វើអ្វីខ្លះដែលខុសប្លែក ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥–១៨
គ្រឿងសឹកនៃព្រះនឹងជួយការពារយើងពីអំពើអាក្រក់ ។
-
តើអ្នកអាចជួយសិស្សឲ្យយល់ពីរបៀបប្រើគ្រឿងសឹកនៃព្រះដើម្បីការពារនូវអំពើអាក្រក់ក្នុងជំនាន់របស់យើងតាមរបៀបណា ? សូមពិចារណាសុំឲ្យសិស្សម្នាក់គូររូបគ្រឿងសឹកដែលបានរៀបរាប់នៅក្នុង ខទី ១៥-១៨ នៅលើក្ដារខៀន ។ បន្ទាប់មកសិស្សអាចចែកចាយការយល់ដឹងនានាដែលពួកគេបានរកឃើញនៅក្នុងការសិក្សារបស់ពួកគេផ្ទាល់អំពីផ្នែកនីមួយៗនៃគ្រឿងសឹកនោះ ។ ឬសិស្សអាចអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥–១៨ ហើយសរសេរស្លាកឈ្មោះសម្រាប់ផ្នែកនីមួយៗនៃគ្រឿងសឹកនោះនៅលើក្ដារខៀន និងផ្នែកនៃរាងកាយដែលវាការពារ ។ តើការពាក់គ្រឿងសឹកនៃព្រះមានន័យដូចម្ដេច ? ប្រហែលជាសិស្សអាចនិយាយអំពីរបៀបដែលព្រះអម្ចាស់ការពារយើងពីអំពើអាក្រក់ នៅពេលយើងពាក់គ្រឿងសឹកនៃព្រះ ។
-
ប្រសិនបើអ្នកបង្រៀនយុវវ័យ អ្នកគួរភ្ជាប់ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥–១៨ ជាមួយនឹងបទដ្ឋាននៅក្នុង ដើម្បីកម្លាំងនៃយុវជន ។ ឧទាហរណ៍ សិស្សអាចអានខគម្ពីរទាំងនោះ ហើយពិភាក្សាពីហេតុផលដែលយើងចាំបាច់ត្រូវការគ្រឿងសឹកនៃព្រះ ។ បន្ទាប់មកពួកគេអាចធ្វើការជាគូ ហើយរំឭកពីបទដ្ឋានមួយនៅក្នុង ដើម្បីកម្លាំងនៃយុវជន ។ តើយើងរៀនអ្វីខ្លះមកពីប្រភពទាំងនេះអំពីការវាយប្រហាររបស់សាតាំងទាស់នឹងយើង ? តើគ្រឿងសឹកនៃព្រះអាចជួយការពារយើងពីការវាយប្រហារទាំងនេះតាមរបៀបណា ? តើយើងអាចពាក់គ្រឿងសឹករបស់ទ្រង់តាមរបៀបណា ?
ព្យាការីនៅរស់ទទួលវិវរណៈសម្រាប់សាសនាចក្ររបស់ព្រះអម្ចាស់ ។
-
ដើម្បីជួយសិស្សរៀនអំពីតួនាទីនៃព្យាការី អ្នកអាចរំឭកបទពិសោធន៍ដែលបានដឹកនាំយ៉ូសែប ស្ម៊ីធ ឲ្យអធិស្ឋាន ហើយទទួលបាន កណ្ឌ ២៨ ( សូមមើលក្បាលកណ្ឌ ) រួចហើយអ្នកអាចអាន ខទី ២-៣, ៦-៧, ១១-១៣ ។ តើសាតាំងព្យាយាមធ្វើឲ្យយើងដើរតាមបុគ្គលដែលព្រះអម្ចាស់ពុំបានចាត់តាំងតាមរបៀបណា ? អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ដែលបានពង្រឹងទីបន្ទាល់របស់ពួកគេថា ព្យាការីបានទទួលវិវរណៈសម្រាប់សាសនាចក្រនេះ ។
-
វិធីមួយសម្រាប់សិស្សដើម្បីរំឭក គោលលទ្ធិ និងសេចក្ដីសញ្ញា ២៨ គឺការនឹកស្រមៃថា ពួកគេស្គាល់មនុស្សម្នាក់ដែលទើបទទួលបានការហៅថ្មីមួយនៅក្នុងសាសនាចក្រ ។ តើយើងអាចចែកចាយមកពី គោលលទ្ធិ និងសេចក្ដីសញ្ញា ២៨:១–៦, ១៣–១៦ ដើម្បីជួយបុគ្គលនោះនៅក្នុងការហៅរបស់គាត់តាមរបៀបណា ? ពាក្យដកស្រង់នៅក្នុង « ធនធានបន្ថែមទាំងឡាយ »អាចបន្ថែមការយល់ដឹងចំពោះការពិភាក្សានោះ ។
ធនធានបន្ថែមទាំងឡាយ
សូមប្រឹក្សាអំពីវិវរណៈផ្ទាល់ខ្លួន ។
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ និងទីប្រឹក្សារបស់លោកនៅក្នុងគណៈប្រធានទីមួយបានបង្រៀនថា
« នៅពេលការនិមិត្ត សុបិន ភាសា ការព្យាករ ចំណាប់អារម្មណ៍ ឬអំណោយទាន ឬការបំផុសគំនិតដ៏វិសេសវិសាលណាមួយ នាំយកអ្វីមួយដែលបដិសេធចំពោះវិវរណៈដែលបានទទួលក្នុងសាសនាចក្រ ឬផ្ទុយទៅនឹងការសម្រេចចិត្តនៃពួកអ្នកមានសិទ្ធិអំណាចដែលបានបង្កើតឡើងក្នុងសាសនាចក្រ នោះពួកបរិសុទ្ធថ្ងៃចុងក្រោយអាចដឹងថា វាពុំមែនមកពីព្រះទេ មិនថាវាមើលទៅគួរឲ្យជឿដល់កម្រិតណានោះទេ ។ … នៅក្នុងការងារខាងលោកិយ ក៏ដូចជាខាងវិញ្ញាណដែរ ពួកបរិសុទ្ធអាចនឹងទទួលបានការដឹកនាំ និងវិវរណៈមកពីព្រះសម្រាប់ពួកគេ ប៉ុន្តែការណ៍នេះពុំមែនមានន័យថាពួកគេមានសិទ្ធិអំណាចដើម្បីដឹកនាំមនុស្សដទៃឡើយ ។…
« ប្រវត្តិសាស្ត្រសាសនាចក្រកត់ត្រានូវវិវណៈខុសឆ្គងជាច្រើនដែលបានធ្វើឡើងដោយពួកអ្នកបោកបញ្ឆោត និងពួកអ្នកជឿស៊ុបដែលជឿលើការបើកសម្ដែង រហូតដល់ពួកគេខិតខំដឹកនាំមនុស្សផ្សេងទៀតឲ្យទទួលយក ហើយនៅគ្រប់កាលៈទេសៈ ពួកគេបាននាំមកនូវការខកចិត្ត ភាពសោកសៅ និងគ្រោះមហន្តរាយ » ( Joseph F. Smith, Anthon H. Lund, Charles W. Penrose « A Warning Voice » Improvement Era, ខែកញ្ញា ឆ្នាំ១៩១៣ ទំព័រ ១១៤៨–៤៩ ) ។