« ថ្ងៃទី ៨–១៤ ខែ មីនា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ២៣-២៦ ៖ ‹ ចម្រើនកម្លាំងដល់សាសនាចក្រ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៨–១៤ ខែ មីនា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ២៣-២៦ »ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ថ្ងៃទី ៨–១៤ ខែ មីនា
គោលលទ្ធិ និង សេចក្តីសញ្ញា ២៣-២៦
« ចម្រើនកម្លាំងដល់សាសនាចក្រ »
ពីមុនអានគម្រោងមេរៀននេះ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៣-២៦ ហើយពិចារណាពីគោលការណ៍ដែលអ្នកមានអារម្មណ៍ថា វានឹងពង្រឹងដល់សិស្សរបស់អ្នក ។ បន្ទាប់មកសូមពិចារណាថាតើធនធានអ្វីខ្លះដែលនឹងជួយអ្នកបង្រៀន ដោយរួមបញ្ចូលនូវធនធានដែលបានណែនាំនៅក្នុងគម្រោងមេរៀននេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
តើយើងបានដកពិសោធន៍ពរជ័យអ្វីខ្លះ នៅពេលយើង « ចំណាយពេលវេលារបស់[យើង] ដើម្បីការសិក្សាព្រះគម្ពីរ » ? ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៦:១ ) ។ តើយើងមានអារម្មណ៍ពីព្រះវិញ្ញាណនៅក្នុងគេហដ្ឋានរបស់យើងតាមរបៀបណា ? ប្រហែលជាសិស្សអាចចែកចាយពីរបៀបដែលពួកគេបានយកឈ្នះឧបសគ្គ ឬការអូសទាញនានា ដើម្បីចំណាយពេលចំពោះការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាគ្រួសារ ។
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្តីសញ្ញា ២៣-២៦
យើងគ្រប់គ្នាអាចចម្រើនកម្លាំងដល់សាសនាចក្រ ។
-
អ្នកគួរស្វែងរកជាមួយនឹងសិស្សនូវអត្ថន័យនៃឃ្លា « ទូន្មានដល់សាសនាចក្រ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:៧ ) ។ ប្រហែលជាសិស្សម្នាក់អាចចែកចាយនិយមន័យនៃពាក្យ ទូន្មាន មកពីវចនានុក្រម ឬឧទាហរណ៍នៃការទូន្មានដែលពួកគេធ្លាប់ឃើញ ។ តើយើងមានឱកាសអ្វីខ្លះដើម្បីទូន្មានគ្នាទៅវិញទៅមក ? តើការណ៍នេះចម្រើនកម្លាំងដល់សាសនាចក្រតាមរបៀបណា ? តើយើងរៀនអ្វីខ្លះទៀតនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៣-២៦ ដែលអាចជួយយើងឲ្យចម្រើនកម្លាំងដល់សាសនាចក្រ ? អ្នកក៏អាចពិភាក្សាពីរបៀបដែលគោលការណ៍ទាំងនេះអនុវត្តចំពោះការចម្រើនកម្លាំងដល់គេហដ្ឋានរបស់យើងផងដែរ ។ ដើម្បីអនុវត្តគោលការណ៍នេះចំពោះការខិតខំនៃការងារបម្រើរបស់យើង អ្នកអាចរំឭកផ្នែកមួយនៃសារលិខិតរបស់ ស៊ិស្ទើរ ប៊ូនី អេច ខ័រឌុន « ការក្លាយជាអ្នកគង្វាលម្នាក់ » ( Ensign ឬLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៤-៧៦ ) ។
ព្រះអង្គសង្គ្រោះបានលើកយើង « ឡើងឲ្យរួចពីសេចក្ដីវេទនាទាំងឡាយរបស់[យើង] » ។
-
វិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤ត្រូវបានប្រទានឲ្យ « ដើម្បីចម្រើនកម្លាំង លើកទឹកចិត្ត និងបង្គាប់ » ដល់យ៉ូសែប ស្ម៊ីធ និង អូលីវើរ ក្នុងគ្រាដ៏លំបាកមួយ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤, ក្បាលកណ្ឌ សូមមើលផងដែរ ពួកបរិសុទ្ធ, ១:៩៤-៩៦ ) ។ អ្នកអាចអញ្ជើញសិស្សឲ្យស្រាវជ្រាវកណ្ឌនេះរកភស្ដុតាងថា ព្រះអម្ចាស់បានដឹងពីយ៉ូសែប និងស្ថានភាពរបស់លោក ។ តើព្រះអម្ចាស់បានលើកឡើងពីសេចក្ដីត្រូវការរបស់យ៉ូសែប យ៉ាងដូចម្ដេច ? តើទ្រង់ធ្វើរឿងដូចគ្នានេះចំពោះយើងនៅសព្វថ្ងៃនេះតាមរបៀបណា ? សូមពិចារណាសុំឲ្យសិស្សចែកចាយបទពិសោធន៍ នៅពេលដែលពួកគេមានអារម្មណ៍ថា ព្រះអម្ចាស់បានដឹងពីស្ថានភាពរបស់ពួកគេផ្ទាល់ ហើយបានលើកពួកគេឡើងនៅគ្រានៃទុក្ខវេទនារបស់ពួកគេ ។
អិមម៉ា ស្ម៊ីធ គឺជា « ស្រីរើសតាំង » ។
-
ដើម្បីជួយសិស្សឲ្យរកឃើញពីភាពទាក់ទងផ្ទាល់ខ្លួននៅក្នុងវិវរណៈរបស់ព្រះអម្ចាស់ដល់អិមម៉ា ស្ម៊ីធ សូមពិចារណាធ្វើសកម្មភាពនេះ ៖ សុំឲ្យសិស្សពាក់កណ្ដាលថ្នាក់ស្រាវជ្រាវ កណ្ឌ ២៥ រកអ្វីដែលព្រះអម្ចាស់សុំឲ្យអិមម៉ាធ្វើ ហើយសុំឲ្យសិស្សផ្សេងទៀតស្រាវជ្រាវរកអ្វីដែលទ្រង់បានសន្យាថាទ្រង់នឹងធ្វើ ។ សូមអញ្ជើញពួកគេឲ្យសរសេរអ្វីដែលពួកគេរកឃើញ ហើយចែកចាយវាជាមួយនឹងគ្នា ។ សិស្សពីរបីនាក់អាចចែកចាយគោលការណ៍ដែលមានន័យជាពិសេសចំពោះពួកគេ ។
-
តើពាក្យ និងឃ្លាអ្វីខ្លះនៅក្នុង កណ្ឌ ២៥ គាំទ្រដល់ការប្រកាសរបស់ព្រះអម្ចាស់ដល់អិមម៉ា ស្ម៊ីធថា « អ្នកជាស្ត្រីរើសតាំង » ? ( ខទី ៣ ) ។ សិស្សក៏អាចពិភាក្សាពីរបៀបដែលអិមម៉ាបានរស់នៅតាមគោលការណ៍នៅក្នុងវិវរណៈនេះផងដែរ ។ ធនធានជំនួយរួមមានវីដេអូ « An Elect Lady » ( ChurchofJesusChrist.org ) « Thou Art an Elect Lady » ( Revelations in Context ទំព័រ ៣៣–៣៩ ) និង « សំឡេងនៃការស្ដារឡើងវិញ » នៅក្នុង គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ ក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។
-
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១១-១២ តើព្រះអម្ចាស់មានព្រះទ័យយ៉ាងណាចំពោះតន្ត្រីពិសិដ្ឋ ? ប្រហែលជាសិស្សអាចពិភាក្សាពីរបៀបប្រើទំនុកតម្កើងដើម្បីយាងអញ្ជើញព្រះវិញ្ញាណចូលទៅក្នុងគេហដ្ឋានរបស់ពួកគេ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:៥, ១៤
យើងគួរខិតខំឲ្យមាន « វិញ្ញាណនៃភាពស្លូតបូត » ។
-
ព្រះអម្ចាស់បានប្រឹក្សាអិមម៉ាឲ្យ « បន្តនៅក្នុងវិញ្ញាណនៃភាពស្លូតបូត » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:១៤ សូមមើលផងដែរ ខទី ៥ ) ។ ដើម្បីរុករកពីអត្ថន័យនៃឃ្លានេះ អ្នកអាចសរសេរពាក្យថា ភាពស្លូតបូត នៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យសរសេរនៅក្បែរពាក្យនោះនូវអ្វីដែលពួកគេគិតឃើញពីវា ។ បន្ទាប់មក ពួកគេអាចស្រាវជ្រាវ កណ្ឌ ២៥ រកពាក្យ និងឃ្លាដែលពួកគេគិតថាមានទំនាក់ទំនងទៅនឹងភាពស្លូតបូត រួចហើយចែកចាយអ្វីដែលពួកគេរកឃើញ ។ សូមពិចារណាចែកចាយសេចក្ដីថ្លែងការណ៍របស់អែលឌើរ ដាវីឌ អេ បែដណា នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ ហេតុអ្វីការមានភាពស្លូតបូតគឺជារឿងដ៏សំខាន់ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១០, ១៣
យើងគួរខិតខំស្វែងរករបស់មកពីពិភពលោកដែលប្រសើរមួយ ។
-
ដើម្បីជួយសិស្សឲ្យអនុវត្តការប្រឹក្សារបស់ព្រះអម្ចាស់ឲ្យ « ទុកចោលរបស់ទាំងឡាយនៃពិភពលោកនេះ ហើយចូរស្វែងរករបស់ទាំងឡាយណាដែលគ្រាន់បើជាងនេះវិញ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១០ ) អ្នកអាចសុំឲ្យពួកគេសរសេរជាឧទាហរណ៍ពី « របស់ទាំងឡាយនៃពិភពលោកនេះ » និង ឧទាហរណ៍នៃ « របស់ទាំងឡាយណានៃ[ពិភពលោក]ដែលគ្រាន់បើជាងនេះវិញ » ។ តើយើងអាចចែកចាយពាក្យណែនាំអ្វីខ្លះនឹងគ្នាដើម្បីជួយយើងឲ្យផ្ដោតទៅលើរឿងអស់កល្បជានិច្ច ? តើការប្រឹក្សានៅក្នុង ខទី ១៣ ទាក់ទងនឹងគោលដៅនេះតាមរបៀបណា ?
ធនធានបន្ថែមទាំងឡាយ
ភាពស្លូតបូតគឺជាកម្លាំង ។
អែលឌើរ ដាវីឌ អេ បែដណា បានពន្យល់ថា « ជារឿយៗ គុណសម្បត្តិនៃភាពស្លូតបូតដូចព្រះគ្រីស្ទគឺត្រូវបានភាន់ច្រឡំនៅក្នុងពិភពលោកសម័យទំនើបរបស់យើងនេះ ។ ភាពស្លូតបូតគឺជាភាពរឹងប៉ឹង ពុំមែនទន់ខ្សោយទេ ជាសកម្ម ពុំមែនអកម្មទេ ជាភាពក្លាហាន ពុំមែនមុខខ្មូរនោះទេ ជាការដាក់បង្ខាំង ពុំមែនជ្រុលនិយមទេ ជាភាពរាបសា ពុំមែនលើកតម្លើងខ្លួនទេ ជាការមានសន្តានចិត្តល្អ ពុំមែនកាចសាហាវទេ ។ មនុស្សស្លូតបូតគឺពុំរហ័សខឹង ពុំចេះអួតអាង ឬពុំក្អេងក្អាង និងទទួលស្គាល់សមិទ្ធិផលរបស់អ្នកដទៃដោយពុំស្ទាក់ស្ទើរចិត្ត » ( « ចូរមានចិត្តស្លូតបូត ហើយសុភាពរាបសា » Ensign ឬ Liahona ខែឧសភា ឆ្នាំ ២០១៨ ទំព័រ ៣២ ) ។